គ្រាដែលព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនានោះ ជិតមកដល់ទីបញ្ចប់ហើយ
គ្រាដែលព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនានោះ ជិតមកដល់ទីបញ្ចប់ហើយ
មើលទៅទីណាក៏ដោយ ក៏ឃើញការរងទុក្ខវេទនាដែរ។ មនុស្សខ្លះបណ្ដាលឲ្យខ្លួនរងទុក្ខវេទនាដូច្នេះ។ គេទទួលជម្ងឺដែលឆ្លងមកតាមរយៈការរួមដំណេក ឬរងគ្រោះដោយព្រោះជក់បារី ឬក៏ប្រើថ្នាំញៀនឬស្រាតាមរបៀបផ្ដេសផ្ដាសនោះ។ ឬគេប្រហែលជាមានបញ្ហាសុខភាពដោយព្រោះហូបចុករបស់មិនសូវល្អ។ ក៏ប៉ុន្តែ ការរងទុក្ខភាគច្រើននោះមកពីកត្ដា និងព្រឹត្ដិការណ៍ផ្សេងៗដែលហួសពីអំណាចមនុស្សធម្មតា គឺសង្គ្រាម អំពើហិង្សារវាងជនជាតិផ្សេងពីគ្នា ភាពក្រខ្សត់ ការអត់បាយ និងជម្ងឺ។ ក៏មានអ្វីមួយទៀតដែលមនុស្សមិនអាចទប់ទល់បានឡើយ គឺជាការរងទុក្ខវេទនាដែលទាក់ទងនឹងការកាន់តែចាស់ទៅៗ និងសេចក្ដីស្លាប់។
ព្រះគម្ពីរធានារ៉ាប់រងថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) បើអ៊ីចឹងមែន ហេតុអ្វីបានជាព្រះមួយអង្គដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នោះ បានអនុញ្ញាតឲ្យមានការរងទុក្ខវេទនាបន្តជាច្រើនសតវត្ស? តើទ្រង់នឹងដោះស្រាយស្ថានការណ៍នេះនៅពេលណាទៅ? ដើម្បីឆ្លើយសំនួរបែបនេះ យើងត្រូវតែពិនិត្យមើលនូវគោលបំណងរបស់ព្រះចំពោះមនុស្សលោក។ ការធ្វើដូច្នេះនឹងជួយយើងយល់នូវហេតុដែលព្រះបានអនុញ្ញាតឲ្យមានការរងទុក្ខវេទនា និងអំពីអ្វីដែលទ្រង់នឹងធ្វើដើម្បីដោះស្រាយបញ្ហានោះវិញ។
ចិត្តសេរីជាអំណោយទាន
នៅពេលដែលព្រះបានបង្កើតមនុស្សម្នាក់ដំបូងនោះ ទ្រង់មិនបានបង្កើតតែរូបកាយដែលមានខួរក្បាលប៉ុណ្ណោះទេ។ បន្ថែមទៅទៀតនោះ ព្រះមិនបានបង្កើតឲ្យអ័ដាមនិងអេវ៉ាធ្វើជាមនុស្សយន្តដែលមិនចេះគិតនោះឡើយ។ ទ្រង់បានបណ្ដាលឲ្យគេមានចិត្តសេរី និងចិត្តសេរីនោះជាអំណោយមួយដ៏ល្អប្រសើរណាស់ ដ្បិត«ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ!»។ (លោកុប្បត្តិ ១:៣១) មែនហើយ! «ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍»។ (ចោទិយកថា ៣២:៤) យើងទាំងអស់គ្នាអបអរ នឹងអំណោយទានជាចិត្តសេរីនេះ ពីព្រោះយើងមិនចង់មានគេបង្ខំឲ្យយើងគិតឬធ្វើអ្វីៗទាំងអស់ដោយគ្មានការជ្រើសរើសនោះឡើយ។
ក៏ប៉ុន្តែ តើចិត្តសេរីជាអំណោយទានដ៏ល្អនេះ ត្រូវយកមកប្រើដោយគ្មានកំរិតឬ? ព្រះបន្ទូលរបស់ព្រះឲ្យចំលើយ ជាពាក្យណែនាំដែលបានត្រូវជូនចំពោះជនគ្រីស្ទានពីដើមថា៖ «គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ»។ (ពេត្រុសទី១ ២:១៦) ដើម្បីឲ្យមានប្រយោជន៍ទូទៅ ក៏ត្រូវតែមានកំរិតផងដែរ។ ហេតុនេះហើយបានជាចិត្តសេរីត្រូវមានកំរិតតាមច្បាប់។ បើមិនអ៊ីចឹងទេ នោះនឹងមានអំពើអនាធិបតេយ្យហើយ។
ច្បាប់របស់អ្នកណា?
តើច្បាប់របស់អ្នកណាគេ ដែលត្រូវសម្រេចអំពីកំរិតត្រឹមត្រូវនៃសេរីភាពនោះ? ចំលើយចំពោះសំនួរនេះទាក់ទងនឹងមូលហេតុដ៏បឋម ដែលព្រះបានអនុញ្ញាតឲ្យមានការរងទុក្ខវេទនា។ ដោយព្រោះព្រះបានបង្កើតមនុស្សលោក ទ្រង់ជ្រាបប្រសើរជាងគេអំពីច្បាប់ណាដែលគេត្រូវស្ដាប់តាម ប្រយោជន៍ឲ្យខ្លួនគេផង ព្រមទាំងចំពោះអ្នកដទៃផងដែរ។ ព្រះគម្ពីរចែងដូចតទៅនេះថា៖ «អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ»។—អេសាយ ៤៨:១៧
ចំណុចមួយនេះច្បាស់ជាសំខាន់គឺថា៖ មនុស្សមិនបានត្រូវបង្កើតមកដោយមិនចាំបាច់ពឹងពាក់លើព្រះឡើយ។ ការជោគជ័យនិងសុភមង្គលរបស់គេ គឺពឹងពាក់ទៅលើការស្ដាប់បង្គាប់តាមច្បាប់ដ៏សុចរិតរបស់ទ្រង់ នេះជារបៀបដែលទ្រង់បានបង្កើតគេមក។ ព្យាការីម្នាក់របស់ព្រះ ឈ្មោះយេរេមា បាននិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។—យេរេមា ១០:២៣
ព្រះបានឲ្យមនុស្សលោកនៅក្រោមច្បាប់ធម្មជាតិ ដូចជាច្បាប់ទាក់ទងនឹងទំនាញផែនដី។ ស្រដៀងគ្នាដែរ ទ្រង់បានឲ្យមនុស្សចុះចូលចំពោះច្បាប់សីលធម៌របស់ទ្រង់ ដែលបានរៀបចំឡើងដើម្បីឲ្យមានសង្គមមនុស្សដែលគ្មានការខ្វែងគំនិត។ ដោយមានមូលហេតុល្អនោះ ព្រះបន្ទូលរបស់ព្រះដាស់តឿនថា៖ «ចូរទីពឹង ដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។—សុភាសិត ៣:៥
បើដូច្នេះ មនុស្សលោកមិនអាចជោគជ័យក្នុងការគ្រប់គ្រងលើខ្លួនឯងបានឡើយ បើគ្មានការគ្រប់គ្រងពីព្រះនោះ។ ដោយខំជៀសវាងមិនចង់ពឹងពាក់ទៅលើទ្រង់ មនុស្សបានបង្កើតប្រព័ន្ធផ្សេងៗខាងសង្គមកិច្ច សេដ្ឋកិច្ច នយោបាយ និងសាសនា ដែលនឹងទាស់គ្នា ហើយ‹មនុស្សនឹងមានអំណាចលើមនុស្ស ឲ្យតែវេទនាទេ›។—សាស្ដា ៨:៩
តើបានខកខានដោយដូចម្ដេច?
ព្រះបានឲ្យមាតាបិតាដំបូងរបស់យើង គឺអ័ដាមនិងអេវ៉ា មានដើមកំណើតដ៏ល្អគ្រប់ល័ក្ខណ៍។ គេមានរូបរាងកាយនិងសតិអារម្មណ៍ដ៏ល្អគ្រប់ល័ក្ខណ៍ ក៏មានសួនមនោរម្យជាទីលំនៅផងដែរ។ បើគេបានចុះចូលចំពោះការគ្រប់គ្រងរបស់ព្រះ នោះគេត្រូវនៅល្អគ្រប់ល័ក្ខណ៍និងសប្បាយជានិច្ច។ ជាយថាហេតុ គេក៏ត្រូវក្លាយជាមាតាបិតានៃក្រុមគ្រួសារមនុស្សលោកទាំងមូល ដែលល្អគ្រប់ល័ក្ខណ៍មានចិត្តសប្បាយរីករាយរស់នៅលើផែនដីមនោរម្យ។ ព្រះទ្រង់បានមានបំណងព្រះហឫទ័យដូច្នេះចំពោះមនុស្សជាតិ។—លោកុប្បត្តិ ១:២៧-២៩; ២:១៥
ក៏ប៉ុន្តែ ជីដូនជីតាដំបូងរបស់យើងបានប្រើចិត្តសេរីរបស់គេតាមរបៀបដ៏ខុសឆ្គង។ គេបានគិតយ៉ាងមិនត្រឹមត្រូវថា គេអាចមានការជោគជ័យដោយមិនពឹងពាក់លើព្រះឡើយ។ ដោយចិត្តសេរីនោះ គេបានប្រព្រឹត្តល្មើសនឹងច្បាប់របស់ទ្រង់។ (លោកុប្បត្តិ ជំពូកទី៣) ដោយព្រោះគេបានបដិសេធការគ្រប់គ្រងរបស់ទ្រង់ នោះទ្រង់ក៏លែងមានកាតព្វកិច្ចរក្សាទុកឲ្យគេមានភាពល្អគ្រប់ល័ក្ខណ៍ទៀតឡើយ។ ‹គេបានបង្ខូចខ្លួនហើយ និងមិនបានរក្សាខ្លួនជាកូនរបស់ទ្រង់ទេ ក៏សៅហ្មងដោយខ្លួនគេផ្ទាល់›។—ចោទិយកថា ៣២:៥
ទំនុកដំកើង ៣៦:៩) ដូច្នេះហើយ ដោយព្រោះមនុស្សមួយគូដំបូងនោះបានផ្ដាច់ខ្លួនចេញពីព្រះយេហូវ៉ា គេក៏បានទៅជាឥតគ្រប់ល័ក្ខណ៍ និងនៅទីបំផុតនោះពួកគេក៏បានស្លាប់ទៅដែរ។ (លោកុប្បត្តិ ៣:១៩) សមស្របនឹងច្បាប់បន្តពូជតាមហ្សែននោះ កូនរបស់គេនឹងទទួលតែអ្វីដែលឪពុកម្ដាយធ្លាប់មានប៉ុណ្ណោះ។ តើនោះជាអ្វីទៅ? គឺភាពមិនគ្រប់ល័ក្ខណ៍និងសេចក្ដីស្លាប់។ ហេតុនោះហើយបានជាសាវ័កប៉ុលបានសរសេរថា៖ «បាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់[គឺអ័ដាម] ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។—រ៉ូម ៥:១២
តាំងពីពេលដែលគេមិនស្ដាប់បង្គាប់ព្រះនោះ អ័ដាមនិងអេវ៉ាបានចាប់ផ្ដើមអាប់ឱនទៅៗ ខាងរាងកាយនិងសតិអារម្មណ៍ផងដែរ។ ព្រះយេហូវ៉ាជាប្រភពនៃជីវិត។ (សំនួរដ៏សំខាន់បំផុតគឺ តើអ្នកណាមានសិទ្ធិគ្រប់គ្រង?
នៅពេលដែលអ័ដាមនិងអេវ៉ាបានបះបោរប្រឆាំងនឹងព្រះ គេក៏បានចោទប្រឆាំងនឹងអធិបតេយ្យរបស់ទ្រង់ ឬសិទ្ធិរបស់ទ្រង់ដើម្បីគ្រប់គ្រង។ ព្រះយេហូវ៉ាអាចបំផ្លាញគេចោលបាន ថែមទាំងអាចចាប់ផ្ដើមសារជាថ្មីដោយបង្កើតមនុស្សមួយគូទៀត តែការធ្វើដូច្នេះនឹងមិនដោះស្រាយនូវរឿងចំណោទដែលថា តើការគ្រប់គ្រងរបស់អ្នកណាគេ គឺត្រឹមត្រូវនិងមានប្រយោជន៍ល្អជាងសំរាប់មនុស្សលោកនោះ? ដោយមានពេលបង្កើតសង្គមមនុស្សតាមគំនិតរបស់ខ្លួនគេ មនុស្សអាចបង្ហាញហួសពីការសង្ស័យទៅទៀតថា ការគ្រប់គ្រងដោយមិនពឹងពាក់ព្រះនោះ អាចមានជោគជ័យឬក៏អត់។
តើប្រវត្ដិសាស្ត្រមនុស្សអស់រាប់ពាន់ឆ្នាំនេះបង្ហាញយ៉ាងណា? ក្នុងកំឡុងប៉ុន្មានសតវត្សមកនេះ មនុស្សបានសាកល្បងមើលនូវប្រព័ន្ធផ្សេងៗជាច្រើន ខាងសង្គមមនុស្ស ខាងសេដ្ឋកិច្ច នយោបាយ និងសាសនាផងដែរ។ យ៉ាងណាក្ដី អំពើអាក្រក់ជួជាតិនិងការរងទុក្ខវេទនាបានបន្តមានជានិច្ច។ តាមការពិត ‹ពួកអាក្រក់បានមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់ កាន់តែខ្លាំងឡើង› ជាពិសេសនៅសម័យយើងនេះ។—ធីម៉ូថេទី២ ៣:១៣
ក្នុងសតវត្សទី២០នោះ មានការសម្រេចជាអតិបរិមាខាងវិទ្យាសាស្ត្រនិងឧស្សាហកម្ម។ ក៏ប៉ុន្តែ ក្នុងមួយសតវត្សនោះក៏មានការរងទុក្ខខ្លាំងជាងគេក្នុងគ្រប់ប្រវត្ដិសាស្ត្រមនុស្សជាតិផងដែរ។ និងទោះជាមានការលូតលាស់ប៉ុណ្ណាក៏ដោយខាងផ្នែកវិជ្ជាពេទ្យ នោះច្បាប់របស់ព្រះនៅតែមានប្រសិទ្ធិភាព គឺថា៖ មនុស្សលោកដែលញែកខ្លួនចេញពីព្រះដែលជាប្រភពនៃជីវិត នោះនឹងចេះតែឈឺ ចាស់ទៅ និងស្លាប់។ គឺមានទីសំអាងច្បាស់លាស់ថា មនុស្សមិនអាច«ដំរង់ជំហានរបស់ខ្លួន»បានឡើយ!
ការបញ្ជាក់យ៉ាងច្បាស់នូវសិទ្ធិគ្រប់គ្រងរបស់ព្រះ
ការសាកលមើលដ៏លំបាកនេះ ដោយចង់ជៀសវាងមិនពឹងពាក់ទៅលើព្រះ នោះបានបង្ហាញមួយដងជាសម្រេចថា ការគ្រប់គ្រងដោយមនុស្សមិនពឹងពាក់ទ្រង់ មិនអាចបានជោគជ័យឡើយ។ មានតែការគ្រប់គ្រងរបស់ព្រះទេ ដែលអាចនាំឲ្យមានសុភមង្គល សាមគ្គីភាព សុខុមាលភាព និងជីវិត។ ម្យ៉ាងទៀត ព្រះគម្ពីរបរិសុទ្ធដ៏មិនចេះខុសដែលជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះបង្ហាញថា យើងកំពុងតែរស់នៅក្នុងថ្ងៃ«ជាន់ក្រោយបង្អស់» នៃគ្រាដែលមនុស្សគ្រប់គ្រងដោយមិនពឹងពាក់លើព្រះ។ (ធីម៉ូថេទី២ ៣:១-៥) គ្រាដែលព្រះយេហូវ៉ាត្រាប្រណីនឹងការគ្រប់គ្រងបែបនេះ ព្រមទាំងនឹងអំពើអាក្រក់និងការរងទុក្ខវេទនាដែរ នោះគឺជិតមកដល់ទីបញ្ចប់ហើយ។
បន្ដិចទៀតនេះ ព្រះទ្រង់នឹងធ្វើអន្តរាគមន៍ខាងរឿងរបស់មនុស្សលោក។ បទគម្ពីរប្រាប់យើងថា៖ «នៅគ្រានៃស្តេចទាំងនោះ[ជាការគ្រប់គ្រងរបស់មនុស្សនាបច្ចុប្បន្ននេះ] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង[នៅស្ថានសួគ៌] ដែលមិនត្រូវ[គេ]បំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ[គឺមនុស្សនឹងលែងគ្រប់គ្រងផែនដីទៀតហើយ]។ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ[ជាការគ្រប់គ្រងសព្វថ្ងៃនេះ] នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដានីយ៉ែល ២:៤៤
ការសឲ្យឃើញនូវសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ដោយសារព្រះរាជាណាចក្រទ្រង់នៅស្ថានសួគ៌ នោះជាផ្ទៃរឿងនៃព្រះគម្ពីរ។ ព្រះយេស៊ូបានលើកផ្ទៃរឿងនេះឯងជាការបង្រៀនដ៏ចំបងរបស់ទ្រង់។ ទ្រង់បានមានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:១៤
នៅពេលដែលការគ្រប់គ្រងរបស់ព្រះផ្លាស់ជំនួសការគ្រប់គ្រងរបស់មនុស្សវិញ តើអ្នកណាគេនឹងរួចរស់ជីវិត និងតើអ្នកណាអត់? នៅសុភាសិត ២:២១, ២២ យើងបានត្រូវធានារ៉ាប់រងថា៖ «មនុស្សទៀងត្រង់[ដែលគាំទ្រខាងការគ្រប់គ្រងរបស់ព្រះ]នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់។ តែមនុស្សអាក្រក់[ដែលមិនគាំទ្រនូវការគ្រប់គ្រងរបស់ព្រះទេ]នឹងត្រូវកាត់ឲ្យសូនចេញពីផែនដីវិញ»។ អ្នកតែងបទទំនុកដំកើង ដោយបានដឹកនាំដោយវិញ្ញាណពីព្រះ នោះបានច្រៀងថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។ ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:១០, ១១, ២៩
ពិភពលោកថ្មីដ៏អស្ចារ្យ
ក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ អ្នករួចរស់ជីវិតពីរបបលោកីយ៍នេះ នឹងត្រូវដឹកនាំឲ្យទទួលផែនដីដែលបានត្រូវបោសសំអាតហើយ ពីអំពើអាក្រក់ជួជាតិនិងការរងទុក្ខវេទនាដែរ។ ពាក្យណែនាំដែលមកពីព្រះ នឹងត្រូវឲ្យចំពោះមនុស្សជាតិ និងនៅទីបំផុតនោះ «គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។ (អេសាយ ១១:៩) ការបង្រៀនដ៏ល្អនោះដែលជួយពង្រឹងខ្លួនខាងសីលធម៌ នឹងនាំឲ្យមានសង្គមមនុស្សដែលពិតជាមានសន្ដិសុខនិងចុះសម្រង់គ្នា។ ដូច្នេះ នឹងលែងមានសង្គ្រាម ឃាតកម្ម អំពើហិង្សា ការចាប់រំលោភ ការលួចប្លន់ ឬបទឧក្រិដ្ឋណាទៀតហើយ។
មនុស្សលោកដែលនឹងរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ ដែលជាអ្នកចេះស្ដាប់បង្គាប់នោះ នឹងទទួលប្រយោជន៍ជាបរិបូរខាងរូបកាយផងដែរ។ ក៏នឹងមានការលុបឲ្យសូន្យបាត់ទៅ នូវស្ថានការណ៍ដ៏អាក្រក់ដែលជាលទ្ធផលពីការបះបោរប្រឆាំងទាស់នឹងការគ្រប់គ្រងរបស់ព្រះ។ ភាពឥតគ្រប់ល័ក្ខណ៍ ការឈឺចាប់ ជរាភាព និងសេចក្ដីស្លាប់ នឹងក្លាយជារបស់ពីមុន។ ព្រះគម្ពីររ៉ាប់រងថា៖ «ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា៖ ‹ខ្ញុំឈឺ› ទៀតឡើយ»។ បន្ថែមទៅទៀតនោះ បទគម្ពីរសន្យាថា៖ «គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន។ គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគក៏នឹងច្រៀងឡើង»។ (អេសាយ ៣៣:២៤; ៣៥:៥, ៦) ការរស់នៅជានិរន្តរ៍ដោយមានសុខភាពល្អជារៀងរាល់ថ្ងៃ នឹងពិតជានាំឲ្យរំភើបចិត្តមែនទែន!
ក្រោមការដឹកនាំដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់ព្រះ អ្នករស់នៅក្នុងពិភពលោកថ្មីនោះនឹងចំណាយកម្លាំងនិងបំនិន ដើម្បីស្ថាបនាឡើងនូវទីមនោរម្យពេញផែនដី។ នឹងលែងមានភាពក្រីក្រ ការអត់បាយ និងការខ្វះផ្ទះសម្បែងជារៀងរហូត ដ្បិតបទទំនាយរបស់អេសាយចែងថា៖ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ។ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ»។ (អេសាយ ៦៥:២១, ២២) យ៉ាងប្រាកដណាស់ «គ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ»។—មីកា ៤:៤
ផែនដីនឹងបង្កើតផលឡើងដែរ ក្រោមការថែរក្សាដោយព្រះ និងមនុស្សដែលស្ដាប់បង្គាប់ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ យើងមានបទគម្ពីរដែលធានាដូចតទៅនេះថា៖ «ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុឡាប។ . . . នៅទីរហោស្ថាននឹងមានក្បាលទឹកផុសចេញ ហើយនឹងមានផ្លូវទឹកហូរនៅសមុទ្រខ្សាច់ដែរ»។ (អេសាយ ៣៥:១, ៦) «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។—ទំនុកដំកើង ៧២:១៦
ចុះយ៉ាងណាវិញចំពោះមនុស្សរាប់កោដិសិបនាក់ដែលបានស្លាប់ទៅហើយ? ព្រះទ្រង់នឹងប្រោសឲ្យរស់ឡើងវិញនូវអស់អ្នកដែលទ្រង់នឹកចាំ ដ្បិត«ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៥) មែនហើយ មនុស្សស្លាប់នឹងត្រូវរស់ឡើងវិញ។ គេនឹងរៀននូវសេចក្ដីពិតដ៏អស្ចារ្យអំពីការគ្រប់គ្រងរបស់ព្រះ ក៏នឹងទទួលឱកាសរស់ជារៀងរហូតក្នុងទីមនោរម្យ។—យ៉ូហាន ៥:២៨, ២៩
តាមវិធីទាំងប៉ុន្មាននេះ ព្រះយេហូវ៉ានឹងធ្វើឲ្យប្រែប្រួលទាំងស្រុង នូវស្ថានការណ៍ដ៏អាក្រក់ជូរចត់ គឺការរងទុក្ខ ជម្ងឺឈឺថ្កាត់ និងសេចក្ដីស្លាប់ ដែលបានរុំជុំវិញមនុស្សលោករាប់ពាន់ឆ្នាំទៅហើយនេះ។ គ្មានជម្ងឺទៀតទេ! គ្មានអ្នកណាពិការ! ក៏គ្មានសេចក្ដីស្លាប់ដែរ! «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន [នឹង]កន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៣, ៤
តាមរបៀបនេះឯង ព្រះទ្រង់នឹងបញ្ចប់នូវការរងទុក្ខយ៉ាងឈឺចាប់ទាំងនេះ។ ទ្រង់នឹងបំផ្លាញចោលលោកីយ៍ដ៏ពុករលួយនេះ នឹងនាំចូលនូវរបបលោកីយ៍ថ្មីទាំងស្រុង ដែលត្រូវ«មានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣) ពិតជាដំណឹងល្អមែនហ្ន៎! យើងត្រូវការពិភពលោកថ្មីនោះជាបន្ទាន់ណាស់។ ហើយយើងនឹងមិនត្រូវចាំយូរប៉ុន្មានទេ ដើម្បីឲ្យបានពិភពលោកថ្មីនោះ។ ដោយឃើញទីសម្រេចនៃបទទំនាយនានាពីព្រះគម្ពីរ យើងដឹងថាពិភពលោកថ្មីនោះគឺជិតដល់ហើយ និងគ្រាដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនានោះ ជិតដល់ទីបញ្ចប់ដែរ។—ម៉ាថាយ ២៤:៣-១៤
[ប្រអប់នៅទំព័រ៧]
មនុស្សគ្រប់គ្រងដោយបរាជ័យ
ស្តីអំពីការគ្រប់គ្រងរបស់មនុស្សលោក អតីតអធិការបតីជនជាតិអាល្លឺម៉ង់ ឈ្មោះហេលមុទ ឈ្មីត បានមានប្រសាសន៍ថា៖ «មនុស្សលោកយើង . . . មិនដែលបានគ្រប់គ្រងលោកីយ៍យ៉ាងពេញលេញទេ និងភាគច្រើននោះជាបែបគ្រប់គ្រងដែលខូចអាក្រក់ណាស់។ . . . យើងមិនដែលគ្រប់គ្រងលោកីយ៍ឲ្យបានសន្ដិភាពទាំងមូលឡើយ»។ ឯកសាររបាយការណ៍ពីការអភិវឌ្ឍន៍មនុស្ស ឆ្នាំ១៩៩៩ បានកត់សម្គាល់ថា៖ «ប្រទេសទាំងឡាយរាយការណ៍អំពីការអាប់ឱនក្នុងគ្រឹះស្ថាននៃសង្គមគេ ដោយមានសង្គមមនុស្សដ៏អស្ថេរភាព មានឧក្រិដ្ឋកម្មច្រើនជាង និងអំពើហិង្សាក្នុងក្រុមគ្រួសាកើនកាន់តែច្រើនឡើងៗ។ . . . ការគំរាមកំហែងដល់ផែនដីទាំងមូលក៏កាន់តែចំរើនឡើង ហើយលឿនជាងអន្តរជាតិអាចជួយបានទៅទៀត និងហួសពីសមត្ថភាពនៃសាសន៍និមួយៗក្នុងការដោះស្រាយ»។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៥]
Third from top, mother and child: FAO photo/B. Imevbore; bottom, explosion: U.S. National Archives photo