លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរសរសើរព្រះយេហូវ៉ាចំពោះការប្រព្រឹត្តដ៏អស្ចារ្យរបស់ទ្រង់!

ចូរសរសើរព្រះយេហូវ៉ាចំពោះការប្រព្រឹត្តដ៏អស្ចារ្យរបស់ទ្រង់!

ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ទ្រង់!

«ព្រលឹង​ខ្ញុំ​លើក​ដំកើង[ព្រះ​យេហូវ៉ា] . . . ពីព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ»។—លូកា ១:៤៦​-​៤៩

១. តើ​យើង​គួរ​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា​ចំពោះ​ការ​អស្ចារ្យ​អ្វី​ខ្លះ?

 ព្រះ​យេហូវ៉ា​គឺ​គួរ​នឹង​សរសើរ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ទ្រង់។ ពេល​លោក​ម៉ូសេ​ដែល​ជា​ព្យាការី​បាន​រៀប​រាប់​ឡើង​វិញ​អំពី​ការ​រំដោះ​នៃ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីព្ទ គាត់​បាន​ប្រកាស​ថា៖ «ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ដ៏[អស្ចារ្យ] ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ទាំង​អស់​ហើយ»។ (ចោទិយកថា ១១:១​-​៧) គឺ​ស្រដៀង​គ្នា​ដែរ ពេល​ទេវតា​នាម​កាព្រីយ៉ែល​បាន​ប្រកាស​ថា នាង​ម៉ារា​ដែល​ជា​ស្រី​ព្រហ្មចារី​នោះ​នឹង​មាន​គភ៌​ប្រសូត​បាន​ព្រះ​យេស៊ូ ម៉ារា​បាន​មាន​ប្រសាសន៍​ថា៖ «ព្រលឹង​ខ្ញុំ​លើក​ដំកើង[ព្រះ​យេហូវ៉ា] . . . ពីព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ»។ (លូកា ១:៤៦​-​៤៩) ដោយ​ព្រោះ​យើង​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​យើង​ក៏​សរសើរ​ដំកើង​ទ្រង់​ចំពោះ​ការ​ប្រសើរ​អស្ចារ្យ ដូច​ជា​ការ​រំដោះ​អ៊ីស្រាអែល​ចេញ​ពី​សេវកភាព​នៅ​ស្រុក​អេស៊ីព្ទ និង​កំណើត​របស់​ព្រះ​រាជបុត្រា​ដ៏​ស្ងួន​ភ្ងា​របស់​ទ្រង់​តាម​រយៈ​អព្ភូតហេតុ​នោះ។

២. (ក) តើ«គំនិត​សំរេច»របស់​ព្រះ​ដែល​ទ្រង់​បាន«តាំង​ពី​អស់​កល្ប​រៀង​មក»រួម​បញ្ចូល​អ្វី​ខ្លះ​សំរាប់​មនុស្ស​ដែល​ស្ដាប់​បង្គាប់? (ខ) តើ​យ៉ូហាន​បាន​ឃើញ​អ្វី ពេល​ដែល​គាត់​នៅ​កោះ​ប៉ាត់ម៉ុស​នោះ?

ការ​ប្រព្រឹត្ត​ភាគ​ច្រើន​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​នោះ គឺ​ពាក់​ព័ន្ធ​នឹង«គំនិត​សំរេច»របស់​ទ្រង់​ដែល​ទ្រង់​បាន​គ្រោង«តាំង​ពី​អស់​កល្ប​រៀង​មក» គឺ​ជា​គោល​បំណង​ចំពោះ​ការ​ប្រទាន​ពរ​តាម​រយៈ​ព្រះ​មេស្ស៊ី​និង​ការ​គ្រប់​គ្រង​របស់​ព្រះ​មេស្ស៊ី​ក្នុង​ព្រះ​រាជាណាចក្រ ទៅ​ដល់​មនុស្សជាតិ​ដែល​ស្ដាប់​បង្គាប់។ (អេភេសូរ ៣:៨​-​១៣) គោល​បំណង​នោះ​កំពុង​តែ​សម្រេច​ជា​បណ្ដើរ​ៗ ពេល​សាវ័ក​យ៉ូហាន​មាន​ចក្ខុនិមិត្ត​មួយ​ដែល​អនុញ្ញាត​ឲ្យ​គាត់​មើល​ទៅ​ខាង​ក្នុង​នៃ​ទ្វារ​មួយ​ដែល​បើក​ចំហ​នៅ​ស្ថាន​សួគ៌។ គាត់​បាន​ឮ​សម្លេង​មួយ​ដែល​មាន​សូរ​ដូច​ជា​ត្រែ​ថា៖ «ចូរ​ឡើង​មក​ឯ​ណេះ អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ ដែល​ត្រូវ​មក​ខាង​ក្រោយ​ទៀត»។ (វិវរណៈ ៤:១) ក្រោយ​យ៉ូហាន​ត្រូវ​បណ្ដេញ​បំបរ​ចេញ​ដោយ​រដ្ឋាភិបាល​រ៉ូម​ទៅ​ដល់​កោះ​ប៉ាត់ម៉ុស«ដោយ​ព្រោះ​ព្រះ​បន្ទូល នឹង​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ» នោះ​គាត់​បាន​ទទួល​នូវ«សេចក្ដី ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បើក​ឲ្យ​ឃើញ»។ អ្វី​ដែល​សាវ័ក​យ៉ូហាន​បាន​ឃើញ​និង​ឮ​នោះ ក៏​បើក​ឲ្យ​ដឹង​ជា​ច្រើន​អំពី​គោល​បំណង​ដ៏​អស់​កល្ប​របស់​ព្រះ និង​ហេតុ​នោះ​ហើយ វា​ជា​ប្រភព​មួយ​នៃ​សេចក្ដី​លើក​ទឹក​ចិត្ត​និង​ការ​បំភ្លឺ​ឲ្យ​ចេះ​ដឹង​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល​ចំពោះ​អស់​អ្នក​ដែល​ជា​គ្រីស្ទាន​ពិត។—វិវរណៈ ១:១, ៩, ១០

៣. ក្នុង​ចក្ខុនិមិត្ត​របស់​យ៉ូហាន តើ​ពួក​ចាស់​ទុំ​២៤​នាក់​តំណាង​អ្នក​ណា?

នៅ​ខាង​ក្នុង​នៃ​ទ្វារ​ចំហ​នោះ​នៅ​ស្ថាន​សួគ៌ យ៉ូហាន​បាន​ឃើញ​ពួក​ចាស់​ទុំ​២៤​នាក់​គង់​លើ​បល្ល័ង្ក​ទាំង​ពាក់​មកុដ​ដូច​ជា​ស្តេច។ ពួក​គេ​បាន​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះ​ទាំង​ពោល​ថា៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ! ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិតិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាននៅ​ផង»។ (វិវរណៈ ៤:១១) អ្នក​ចាស់​ទុំ​ទាំង​នោះ​តំណាង​អ្នក​ចាក់​ប្រេង​តាំង​ទាំង​អស់ ក្រោយ​ពេល​ព្រះ​ដំកើង​គេ​ឲ្យ​ទទួល​ឋានៈ​ដែល​ទ្រង់​បាន​សន្យា​ផ្ដល់​ចំពោះ​គេ។ អ្នក​ចាស់​ទុំ​ទាំង​នោះ​ត្រូវ​ជំរុញ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដែល​ទាក់​ទង​នឹង​ការ​បង្កើត។ យើង​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពេល​យើង​ពិចារណា​នូវ​ភស្តុ​តាង​ដែល​បញ្ជាក់​នូវ«ព្រះ​ចេស្ដា​ដ៏​នៅ​អស់​កល្ប​ជា​និច្ច នឹង​និស្ស័យ​ជា​ព្រះ»របស់​ព្រះ​យេហូវ៉ា។ (រ៉ូម ១:២០) ពេល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា នោះ​យើង​ក៏​នឹង​មាន​ហេតុ​កាន់​តែ​ច្រើន ដើម្បី​សរសើរ​ដំកើង​ទ្រង់​ចំពោះ​ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់។

ចូរ​ប្រកាស​អំពី​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​សរសើរ​របស់​ព្រះ​យេហូវ៉ា!

៤, ៥. សូម​ជូន​ឧទាហរណ៍​ខ្លះ​ៗ​ពី​របៀប​ដែល​ដាវីឌ​បាន​សរសើរ​ព្រះ​យេហូវ៉ា។

ដាវីឌ​ដែល​ជា​អ្នក​សរសេរ​ទំនុកដំកើង ក៏​បាន​សរសើរ​ដំកើង​ដល់​ព្រះ​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ទ្រង់។ ជា​ឧទាហរណ៍ ដាវីឌ​បាន​ច្រៀង​ថា៖ «ចូរ​ច្រៀង​ទំនុក​សរសើរ​ដល់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ចុះ! ចូរ​ថ្លែង​ប្រាប់​ពី​ការ​នៃ​ទ្រង់ នៅ​ក្នុង​ចំណោម​បណ្ដា​ជន​ផង។ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ទ្រង់​មេត្ដា​ប្រោស​ទូល​បង្គំ សូម​ទ្រង់​ទត​មើល​សេចក្ដី​ទុក្ខ​លំបាក​របស់​ទូល​បង្គំ​ផង ជា​ការ​ដែល​ទូល​បង្គំ​ទ្រាំ​រង​នេះ ដោយ​សារ​ពួក​អ្នក​ដែល​ស្អប់​ទូល​បង្គំ គឺ​ទ្រង់​ហើយ ដែល​លើក​ទូល​បង្គំ​ឡើង ឲ្យ​រួច​ពី​ទ្វារ​នៃ​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​សំដែង​ចេញ​អស់​ទាំង​សេចក្ដី​សរសើរ​នៃ​ទ្រង់ នៅ​គ្រប់​ទាំង​ទ្វារ​នៃ​កូន​ស្រី​ស៊ីយ៉ូន»។ (ទំនុកដំកើង ៩:១១, ១៣, ១៤) ក្រោយ​ដាវីឌ​បាន​ប្រទាន​ឲ្យ​គម្រោង​សំរាប់​ព្រះ​វិហារ ទៅ​ដល់​រាជបុត្រា​ទ្រង់ នោះ​ទ្រង់​បាន​សរសើរ​និង​ជូន​ពរ​ព្រះ​ដោយ​ពោល​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ភាព​ដ៏​ធំ​នឹង​ព្រះ​ចេស្ដា សិរី​ល្អ ជ័យ​ជំនះ នឹង​តេជានុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ . . . ឱ​ព្រះ​យេហូវ៉ា​អើយ! រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់ . . . ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ! យើង​ខ្ញុំ​អរ​ព្រះ​គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ ព្រះ​នាម​ទ្រង់​ដ៏​មាន​សិរី​ល្អ»។—របាក្សត្រ​ទី​១ ២៩:១០​-​១៣

បទ​គម្ពីរ​តែង​តែ​អញ្ជើញ​ទាំង​ជំរុញ​យើង​ឲ្យ​សរសើរ​ព្រះ ដូច​ជា​ដាវីឌ​បាន​ធ្វើ​ដូច្នោះ។ សៀវភៅ​ទំនុកដំកើង មាន​ពំនោល​ជា​ច្រើន​ដែល​ជា​ការ​សរសើរ​ដំកើង​ដល់​ព្រះ ហើយ​ដាវីឌ​ជា​អ្នក​សរសេរ​ប្រមាណ​ពាក់​កណ្ដាល​នៃ​ចំនួន​ចំរៀង​ទាំង​អស់​នោះ។ ដាវីឌ​បាន​អរ​ព្រះ​គុណ​និង​សរសើរ​ព្រះ​ជា​និច្ច។ (ទំនុកដំកើង ៦៩:៣០) ម្យ៉ាង​ទៀត តាំង​ពី​សម័យ​បូរាណ សេចក្ដី​ដែល​ដាវីឌ​នឹង​អ្នក​ឯ​ទៀត​បាន​ត្រូវ​បណ្ដាល​ឲ្យ​សរសេរ​នោះ ក៏​បាន​ត្រូវ​ប្រើ​ដើម្បី​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា​ដែរ។

៦. តើ​ទំនុកដំកើង​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​គេ​សរសេរ​នោះ​មាន​ប្រយោជន៍​អ្វី​ចំពោះ​យើង?

ទំនុកដំកើង​ទាំង​នោះ​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​ហ្ន៎! ចំពោះ​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ពេល​យើង​ចង់​អរ​ព្រះ​គុណ​ដល់​ទ្រង់​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​ប្រយោជន៍​យើង នោះ​ប្រហែល​ជា​យើង​ផ្ចង់​អារម្មណ៍​ទៅ​លើ​ពាក្យ​ពេចន៍​ដែល​មាន​ក្នុង​ទំនុកដំកើង។ ជា​ឧទាហរណ៍ ពេល​ដែល​យើង​ភ្ញាក់​ពី​ដំណេក​ជា​រៀង​រាល់​ថ្ងៃ នោះ​ចិត្ត​យើង​ប្រហែល​ជា​នឹង​ជំរុញ​ឲ្យ​យើង​ចេញ​វាចា​ដូច​ត​ទៅ​នេះ​ថា៖ «នេះ​ជា​ការ​ល្អ​ហើយ! គឺ​ដែល​នឹង​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ​នាម​នៃ​ទ្រង់ ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សំដែង​ពី​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្ដី​ស្មោះ​ត្រង់​របស់​ទ្រង់​រាល់​តែ​យប់ . . . ដ្បិត ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​បាន​ឲ្យ​ទូល​បង្គំ​មាន​សេចក្ដី​អំណរ ដោយ​កិច្ច​ការ​របស់​ទ្រង់ ទូល​បង្គំ​នឹង​បន្លឺ​ឡើង ដោយ​អំណរ ចំពោះ​ការ​នៃ​ព្រះ​ហស្ត​ទ្រង់»។ (ទំនុកដំកើង ៩២:១​-​៤) ពេល​យើង​ឈ្នះ​លើ​ឧបសគ្គ​ណា​មួយ​ដែល​បាន​រា​រាំង​នូវ​ការ​លូត​លាស់​របស់​យើង​ខាង​វិញ្ញាណ នោះ​ប្រហែល​ជា​យើង​មាន​ចំណង់​ចង់​សម្ដែង​ពី​អំណរ​និង​កតញ្ញូ​ធម៌​របស់​យើង​តាម​រយៈ​សេចក្ដី​អធិស្ឋាន ដូច​ជា​អ្នក​សរសេរ​ទំនុកដំកើង​អ៊ីចឹង ពេល​គាត់​បាន​ច្រៀង​ថា៖ «មក​ចុះ! យើង​នឹង​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា ចូរ​យើង​ឡើង​សំឡេង​ដោយ​អំណរ ដល់​ថ្ម​ដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង ចូរ​យើង​ចូល​ទៅ​ចំពោះ​ទ្រង់ ដោយ​អរ​ព្រះ​គុណ ចូរ​យើង​ឡើង​សំឡេង​ថ្វាយ​ទ្រង់ ដោយ​ទំនុកដំកើង​ចុះ!»។—ទំនុកដំកើង ៩៥:១, ២

៧. (ក) តើ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​អំពី​ចំរៀង​ជា​ច្រើន​ដែល​គ្រីស្ទាន​ច្រៀង​នោះ? (ខ) ហេតុ​អ្វី​បាន​ជា​ល្អ​បើ​សិន​ជា​យើង​មក​ប្រជុំ​មុន​ម៉ោង​និង​នៅ​រហូត​ដល់​ចប់​នោះ?

ជា​រឿយ​ៗ យើង​បន្លឺ​សម្លេង​ឡើង​ដោយ​ច្រៀង​សរសើរ​ដល់​ព្រះ​យេហូវ៉ា​នៅ​ឯ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត។ គឺ​គួរ​ឲ្យ​កត់​សម្គាល់​មែន​ថា គំនិត​ជា​ច្រើន​ទាំង​នេះ គឺ​មាន​មូលដ្ឋាន​ទៅ​លើ​បទ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​មក​ក្នុង​សៀវភៅ​ទំនុកដំកើង។ យើង​គឺ​សប្បាយ​យ៉ាង​ណា​ទៅ​ហ្ន៎! ដែល​សម័យ​យើង​នេះ​មាន​ចំរៀង​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់​ក្ដៅ​បាន​ត្រូវ​សន្សំ​ទុក​ឲ្យ​យើង​ដើម្បី​ច្រៀង​សរសើរ​ដល់​ព្រះ​យេហូវ៉ា។ ហេតុ​មួយ​ដែល​គួរ​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​យើង​មក​ឯ​កិច្ច​ប្រជុំ​មុន​ម៉ោង​និង​នៅ​រហូត​ដល់​ប្រជុំ​ចប់ គឺ​ដើម្បី​ច្រៀង​សរសើរ​ដល់​ព្រះ។ នោះ​យើង​អាច​ចូល​រួម​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ច្រៀង​ចំរៀង​និង​រួម​អធិស្ឋាន​ជា​មួយ​នឹង​អ្នក​ដែល​ថ្វាយ​បង្គំ​ជា​មួយ​យើង​ផង​ដែរ។

«ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា . . . ចុះ!»

៨. តើ​អ្វី​ជា​ខ្លឹម​សារ​នៃ​ពាក្យ«ហាលេលូយ៉ា»? ហើយ​តើ​នោះ​ច្រើន​តែ​ត្រូវ​បក​ប្រែ​យ៉ាង​ដូច​ម្ដេច?

ការ​សរសើរ​ព្រះ​យេហូវ៉ា​គឺ​ជា​ខ្លឹម​សារ​នៃ​ពាក្យ«ហាលេលូយ៉ា» ដែល​ជា​ការ​សរសេរ​ប្រកប​សូរ​សម្លេង​នៃ​ពាក្យ​មួយ​ជា​ភាសា​ហេព្រើរ ដែល​ច្រើន​តែ​ត្រូវ​បក​ប្រែ​ថា«ចូរ​សរសើរ​ដល់​យ៉ា»។ ជា​ឧទាហរណ៍ នៅ​ទំនុកដំកើង ១៣៥:១​-​៣ យើង​អាច​អាន​នូវ​ការ​អញ្ជើញ​មួយ​ដោយ​សំឡេង​ដ៏​រំពង​និង​កក់​ក្ដៅ​ថា៖ «ចូរ​សរសើរ! ដល់​ព្រះ​យេហូវ៉ា ចូរ​សរសើរ! ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា ឱ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​អើយ! ចូរ​សរសើរ​ទ្រង់​ចុះ! ពួក​អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា គឺ​ក្នុង​ទី​ព្រះ​លាន​នៃ​ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ចូរ​សរសើរ! ដល់​ព្រះ​យេហូវ៉ា ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់! ដ្បិត​នោះ​ពីរោះ​ហើយ»។

៩. តើ​អ្វី​ដែល​ជំរុញ​ឲ្យ​យើង​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា?

ពេល​ដែល​យើង​គិត​ពិចារណា​អំពី​ការ​ប្រព្រឹត្ត​ដ៏​ប្រសើរ​អស្ចារ្យ​របស់​ព្រះ​ក្នុង​ការ​បង្កើត ព្រម​ទាំង​អ្វី​ៗ​ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​ប្រយោជន៍​ដល់​យើង នោះ​ការ​អបអរ​ជំរុញ​ឲ្យ​ចិត្ត​យើង​ចង់​សរសើរ​ទ្រង់​ផង​ដែរ។ ពេល​យើង​គិត​ពិចារណា​អំពី​អព្ភូតហេតុ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ដើម្បី​រាស្ត្រ​ទ្រង់​ពី​សម័យ​មុន​ៗ នោះ​ចិត្ត​របស់​យើង​ក៏​ជំរុញ​ឲ្យ​យើង​សរសើរ​ដំកើង​ទ្រង់​ផង​ដែរ។ ពេល​យើង​រំពឹង​គិត អំពី​សេចក្ដី​សន្យា​ទាំង​ឡាយ​ចំពោះ​អ្វី​ដ៏​អស្ចារ្យ​ដែល​ទ្រង់​នឹង​ប្រព្រឹត្ត​នា​ពេល​អនាគត យើង​ខំ​ស្វែង​រក​វិធី​ដែល​យើង​អាច​សម្ដែង​នូវ​សេចក្ដី​សរសើរ​និង​កតញ្ញូ​ធម៌។

១០, ១១. តើ​ហេតុ​អ្វី​បាន​ជា​ហេតុ​ការណ៍​ដែល​ថា យើង​មាន​ជីវិត​រស់​នៅ គឺ​ជា​ហេតុ​មួយ​ដែល​យើង​គួរ​សរសើរ​ដល់​ព្រះ?

១០ ហេតុ​ការណ៍​ដែល​ថា យើង​មាន​ជីវិត​រស់​នៅ គឺ​ជា​ហេតុ​មួយ​ដែល​យើង​គួរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា។ ដាវីឌ​បាន​ច្រៀង​ថា៖ «ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់[ព្រះ​យេហូវ៉ា] ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ។ ឯ​ស្នា​ដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល​បង្គំ​ក៏​ដឹង​ច្បាស់​ហើយ»។ (ទំនុកដំកើង ១៣៩:១៤) គឺ​ត្រឹម​ត្រូវ​ហើយ​ដែល​ថា យើង‹ត្រូវ​បង្កើត​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ› ទាំង​មាន​វិញ្ញាណ​៥​យ៉ាង​ដែល​ប្រៀប​ដូច​ជា​អំណោយ​វិសេស​វិសាល​គឺ​ជា​ចក្ខុ​វិញ្ញាណ សោតវិញ្ញាណ ថែម​ទាំង​សមត្ថភាព​គិត​គូរ។ ហេតុ​នេះ​ហើយ យើង​គួរ​រស់​នៅ​តាម​របៀប​មួយ​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សរសើរ​ទៅ​ដល់​អ្នក​បង្កើត​របស់​យើង មែន​ទេ? សាវ័ក​ប៉ុល​បាន​និយាយ​ដូច្នេះ ពេល​គាត់​សរសេរ​ថា៖ «ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ​ចុះ!»។—កូរិនថូស​ទី​១ ១០:៣១

១១ យើង​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ចំរើន​សិរី​ល្អ​ដល់​ព្រះ​យេហូវ៉ា បើ​សិន​ជា​យើង​ស្រឡាញ់​ទ្រង់​ពិត។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ប​ញ្ញ​តទី​១​គឺ៖ «ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង នោះ​ហើយ​ជា​បញ្ញត្ត​ទី​១»។ (ម៉ាកុស ១២:៣០; ចោទិយកថា ៦:៥) យើង​ប្រាកដ​ជា​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​សរសើរ​ទ្រង់​ជា​អ្នក​បង្កើត​របស់​យើង និង​ជា​អ្នក​ដែល​ប្រទាន«គ្រប់​ទាំង​របស់​ដ៏​ល្អ . . . នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍»។ (យ៉ាកុប ១:១៧; អេសាយ ៥១:១៣; កិច្ច​ការ ១៧:២៨) គឺ​ជា​សម​ហេតុ​សម​ផល​ដែល​យើង​ធ្វើ​អ៊ីចឹង ពីព្រោះ​ញាណ​សតិ សមត្ថភាព​ថ្វាយ​បង្គំ និង​សមត្ថភាព​យល់​ដឹង​អ្វី​ខាង​វិញ្ញាណ ថែម​ទាំង​កម្លាំង​ខាង​រាង​កាយ​របស់​យើង អស់​ទាំង​គុណសម្បត្ដិ និង​សមត្ថភាព​ដែល​យើង​មាន​សុទ្ធ​តែ​មក​ពី​ព្រះ​យេហូវ៉ា​ទាំង​អស់។ ដោយ​ព្រោះ​ទ្រង់​គឺ​ជា​អ្នក​បង្កើត​យើង នោះ​ទ្រង់​គឺ​គួរ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សរសើរ​ពី​យើង។

១២. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា និង​បន្ទូល​ដែល​មាន​ក្នុង​ទំនុកដំកើង ៤០:៥?

១២ ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា នោះ​ជា​ហេតុ​ដ៏​ល្អ​ដែល​នាំ​ឲ្យ​យើង​សរសើរ​ដល់​ទ្រង់! ដាវីឌ​បាន​ច្រៀង​ថា៖ «ឱ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល​បង្គំ​អើយ! ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នោះ​មាន​ច្រើន​ណាស់ ព្រម​ទាំង​គំនិត​ដែល​ទ្រង់​នឹក​ដល់​យើង​ខ្ញុំ​ផង គ្មាន​អ្នក​ណា​អាច​នឹង​រៀប​រាប់​ដោយ​លំដាប់ ពី​ការ​ទាំង​នោះ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ បើ​ទូល​បង្គំ​នឹង​ចង់​និទាន​ប្រាប់ នោះ​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន»។ (ទំនុកដំកើង ៤០:៥) ដាវីឌ​មិន​អាច​រៀប​រាប់​គ្រប់​ទាំង​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​បាន​ទេ ហើយ​យើង​ក៏​មិន​អាច​ធ្វើ​ដូច្នេះ​ដែរ។ ក៏​ប៉ុន្តែ ចូរ​ឲ្យ​យើង​សរសើរ​ដល់​ព្រះ ពេល​យើង​ត្រូវ​រំឭក​អំពី​ការ​អស្ចារ្យ​របស់​ទ្រង់។

ការ​ប្រព្រឹត្ត​ដែល​ជាប់​ទាក់​ទង​នឹង​គោល​បំណង​ដ៏​អស់​កល្ប​របស់​ទ្រង់

១៣. តើ​ដោយ​ដូច​ម្ដេច​ដែល​សេចក្ដី​សង្ឃឹម​របស់​យើង​គឺ​ជាប់​ជំពាក់​នឹង​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ព្រះ?

១៣ សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​អនាគត គឺ​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​ហើយ​គួរ​ឲ្យ​សរសើរ​របស់​ព្រះ​យេហូវ៉ា​ថែម​ទាំង​គោល​បំណង​ដ៏​អស់​កល្ប​របស់​ទ្រង់។ ក្រោយ​ពី​ការ​បះ​បោរ​ក្នុង​សួន​ច្បារ​អេដែន នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ទំនាយ​លើក​ដំបូង ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​សង្ឃឹម​នោះ។ ព្រះ​បាន​មាន​បន្ទូល​កាត់​ទោស​ពស់​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។ (លោកុប្បត្តិ ៣:១៥) សេចក្ដី​សង្ឃឹម​ទៅ​លើ​ពូជ​សន្យា​របស់​ស្ត្រី​នោះ បាន​ស្ថិត​ក្នុង​ចិត្ត​របស់​មនុស្សជាតិ​ដ៏​ស្មោះ​ត្រង់​ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ការ​អស្ចារ្យ​មួយ ជា​ការ​សង្គ្រោះ​លោក​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​រួច​ជីវិត​ពី​ទឹក​ជំនន់​ដែល​បាន​លិច​ផែនដី​ទាំង​មូល​ព្រម​ទាំង​កំទេច​ចោល​លោកីយ៍​ដ៏​អាក្រក់​នោះ។ (ពេត្រុស​ទី​២ ២:៥) សេចក្ដី​សន្យា​តាម​រយៈ​ទំនាយ​ដែល​លោក​អ័ប្រាហាំ​និង​ដាវីឌ​បាន​ទទួល ក៏​បាន​ផ្ដល់​នូវ​ការ​យល់​ធ្លុះ​ដ៏​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​សម្រេច​តាម​រយៈ​ពូជ​នោះ។—លោកុប្បត្តិ ២២:១៥​-​១៨; សាំយូអែល​ទី​២ ៧:១២

១៤. តើ​អ្វី​ជា​ការ​សម្ដែង​តាម​របៀប​ដ៏​ឧត្តម​បំផុត​ថា ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​ប្រព្រឹត្ត​ការ​ដ៏​អស្ចារ្យ​ដើម្បី​ប្រយោជន៍​មនុស្សជាតិ?

១៤ ព្រះ​យេហូវ៉ា​បាន​សម្ដែង​តាម​របៀប​ដ៏​ឧត្តម​បំផុត​ថា​ទ្រង់​គឺ​ជា​អ្នក​ដែល​ប្រព្រឹត្ត​ការ​ដ៏​អស្ចារ្យ​ដើម្បី​ប្រយោជន៍​មនុស្សជាតិ ពេល​ទ្រង់​បាន​ប្រទាន​ពូជ​សន្យា ដែល​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ទ្រង់ ថ្វាយ​ជា​តម្លៃ​លោះ​មនុស្សជាតិ។ (យ៉ូហាន ៣:១៦; កិច្ច​ការ ២:២៩​-​៣៦) តម្លៃ​លោះ​នោះ​បាន​ផ្ដល់​នូវ​មូលដ្ឋាន​សំរាប់​ការ​ផ្សះ​ផ្សា​នូវ​ទំនាក់​ទំនង​រវាង​មនុស្សជាតិ​នឹង​ព្រះ។ (ម៉ាថាយ ២០:២៨; រ៉ូម ៥:១១) ព្រះ​យេហូវ៉ា​បាន​ប្រមូល​អ្នក​ដំបូង​ដែល​បាន​ត្រូវ​ផ្សះ​ផ្សា​នឹង​ទ្រង់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ដែល​បាន​ត្រូវ​ស្ថាបនា​នៅ​ឆ្នាំ​៣៣ ស.យ.។ អ្នក​ទាំង​នោះ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​កន្លែង​ជា​ច្រើន​ដោយ​មាន​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ទាំង​បង្ហាញ​ថា​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​និង​ការ​ប្រោស​ឲ្យ​ទ្រង់​រស់​ឡើង​វិញ​នោះ បាន​បើក​ផ្លូវ​ឲ្យ​មនុស្សជាតិ​ដែល​ស្ដាប់​បង្គាប់​ទទួល​នូវ​ពរ​ជា​រៀង​រហូត​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​ស្ថាន​សួគ៌​របស់​ព្រះ។

១៥. តើ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​តាម​របៀប​ដ៏​ប្រសើរ​ណា​នៅ​សម័យ​យើង​នេះ?

១៥ នៅ​សម័យ​យើង​នេះ ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​តាម​របៀប​ដ៏​ប្រសើរ​មែន ដើម្បី​ប្រមូល​អ្នក​ចាក់​ប្រេង​តាំង​ឲ្យ​គ្រប់​ចំនួន។ សេចក្ដី​ហិន​វិនាស​ដែល​ប្រៀប​ដូច​ជា​ខ្យល់​ដែល​នឹង​បក់​មក បាន​ត្រូវ​ទប់ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​និង​បោះ​ត្រា​អ្នក​ដែល​បង្គ្រប់​ចំនួន​១៤៤.០០០​នាក់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ស្ថាន​សួគ៌។ (វិវរណៈ ៧:១​-​៤; ២០:៦) ព្រះ​បាន​ចាត់​វិធានការ​រំដោះ​អ្នក​ចាក់​ប្រេង​តាំង​ពី​សេវកភាព​ខាង​វិញ្ញាណ​ក្នុង«បាប៊ីឡូន​ដ៏​ជា​ធំ»ដែល​ជា​ចក្រភព​នៃ​សាសនា​មិន​ពិត។ (វិវរណៈ ១៧:១​-​៥) ដោយ​ព្រោះ​អ្នក​សំណល់​ចាក់​ប្រេង​តាំង​បាន​ត្រូវ​រំដោះ​នៅ​ឆ្នាំ​១៩១៩ ថែម​ទាំង​ត្រូវ​ព្រះ​ការ​ពារ​តាំង​តែ​ពី​ពេល​នោះ​មក​ម្ល៉េះ នោះ​គេ​បាន​មាន​ឱកាស​ធ្វើ​អ្វី? គេ​បាន​មាន​ឱកាស​ធ្វើ​បន្ទាល់​ផ្សព្វ​ផ្សាយ​ជា​លើក​ចុង​ក្រោយ មុន​ព្រះ​យេហូវ៉ា​នាំ​មក​នូវ​ទី​បញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​របស់​សាតាំង ក្នុង​គ្រា«សេចក្ដី​វេទនា​ជា​ខ្លាំង»ដែល​ជិត​ដល់​ហើយ​នោះ។—ម៉ាថាយ ២៤:២១; ដានីយ៉ែល ១២:៣; វិវរណៈ ៧:១៤

១៦. សព្វ​ថ្ងៃ​នេះ តើ​អ្វី​កំពុង​តែ​កើត​ឡើង​ដោយ​សារ​ការ​ផ្សព្វ​ផ្សាយ​ទូទាំង​ពិភព​លោក​អំពី​ព្រះ​រាជាណាចក្រ?

១៦ ស្មរបន្ទាល់​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា បាន​ត្រួស​ត្រាយ​យ៉ាង​ខ្នះ​ខ្នែង​នូវ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​ទូទាំង​ពិភព​លោក។ ឥឡូវ ជា​លទ្ធផល «ចៀម​ឯ​ទៀត»កាន់​តែ​ច្រើន​កំពុង​តែ​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ (យ៉ូហាន ១០:១៦) យើង​អរ​សប្បាយ​ដែល​នៅ​តែ​មាន​ឱកាស​ឲ្យ​មនុស្ស​រាប​សា​រួប​រួម​ជា​មួយ​នឹង​យើង​ហើយ​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា។ អ្នក​ដែល​ប្រព្រឹត្ត​តប​នឹង​ការ​ពោល​ថា៖ «អញ្ជើញ​មក» ក៏​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ឲ្យ​រួច​រស់​ជីវិត​ផុត​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង ទាំង​មាន​សេចក្ដី​សង្ឃឹម​សរសើរ​ព្រះ​យេហូវ៉ា​ជា​និច្ច​ជា​កាល។—វិវរណៈ ២២:១៧

រាប់​លាន​នាក់​កំពុង​តែ​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត

១៧. (ក) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​សម្រេច​ការ​ដ៏​អស្ចារ្យ​តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង? (ខ) តើ​ដូច​ម្ដេច​ដែល​សាការី ៨:២៣ កំពុង​តែ​ត្រូវ​សម្រេច?

១៧ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រព្រឹត្ត​ការ​ដ៏​អស្ចារ្យ​និង​គួរ​ឲ្យ​សរសើរ​តាម​រយៈ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង។ (ម៉ាកុស ១៣:១០) នៅ​ឆ្នាំ​ថ្មី​ៗ​នេះ ទ្រង់​បាន​ឲ្យ«ទ្វារ​បើក​ចំហ​យ៉ាង​ធំ​សំរាប់ . . . បំពេញ​កិច្ច​ការ»។ (កូរិនថូស​ទី​១ ១៦:៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) នេះ​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​តំបន់​ដ៏​ធំ​ទូលាយ​ដែល​ធ្លាប់​មាន​អ្នក​ដែល​ប្រឆាំង​នឹង​សេចក្ដី​ពិត​ឃាត់​ឃាំង។ មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ស្ថិត​ក្នុង​សេចក្ដី​ងងឹត​ខាង​វិញ្ញាណ​កំពុង​តែ​ប្រព្រឹត្ត​តប​នឹង​ការ​អញ្ជើញ​ឲ្យ​មក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ពួក​គេ​កំពុង​តែ​សម្រេច​ទំនាយ​ដែល​ថា៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា‹នៅ​គ្រា​នោះ​មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេង​ៗ​នឹង​ចាប់​តោង ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយពាក្យ​ថា«យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»›»។ (សាការី ៨:២៣) អ្នក​ដែល​មនុស្ស​១០​នាក់​នោះ​កំពុង​តែ​និយាយ​ទៅ​កាន់ គឺ​ជា​សាសន៍​យូដា​ខាង​វិញ្ញាណ ដែល​ជា​អ្នក​សំណល់​ចាក់​ប្រេង​តាំង។ ដោយ​ព្រោះ​លេខ​១០​អាច​តំណាង​អ្វី​មួយ​នៅ​លើ​ផែនដី​ដែល​គ្រប់​លក្ខណៈ នោះ«មនុស្ស​១០​នាក់»នេះ​តំណាង«មនុស្ស​១​ហ្វូង​យ៉ាង​ធំ» ដែល​ត្រូវ​នាំ​មក​ឲ្យ​រួម​ជា​មួយ«អ៊ីស្រាអែល​នៃ​ព្រះ»ឲ្យ​ទៅ​ជា«ហ្វូង​តែ​១»។ (វិវរណៈ ៧:៩, ១០; កាឡាទី ៦:១៦) គឺ​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​ណា​ទៅ​ហ្ន៎! ពេល​ដែល​យើង​ឃើញ​មនុស្ស​ជា​ច្រើន​កំពុង​តែ​រួប​រួម​គ្នា​បំពេញ​កិច្ច​បំរើ​ដ៏​បរិសុទ្ធ​ដោយ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។

១៨, ១៩. តើ​មាន​ភស្តុ​តាង​អ្វី​ដែល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រទាន​ពរ​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ?

១៨ យើង​មាន​ចិត្ត​អរ​ជា​ខ្លាំង​ដោយ​ព្រោះ​មាន​រាប់​ម៉ឺន​រាប់​សែន​នាក់​កំពុង​តែ​ក្រសោប​យក​សេចក្ដី​ពិត​នៅ​ប្រទេស​ខ្លះ​ដែល​ធ្លាប់​ប្រកាន់​យក​សាសនា​មិន​ពិត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​មើល​ទៅ​ដូច​ជា​មនុស្ស​នឹង​មិន​ព្រម​ទទួល​សេចក្ដី​ពិត​សោះ។ សូម​អញ្ជើញ​មើល​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​កត់​សម្គាល់​ប្រទេស​ណា​ខ្លះ​ដែល​កំពុង​តែ​រាយ​ការណ៍​ថា មាន​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​រវាង​១០០.០០០​រហូត​ដល់​ជិត​១.០០០.០០០​នាក់។ នេះ​គឺ​ជា​ភស្តុ​តាង​ដ៏​ជាក់​លាក់​ដែល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រទាន​ពរ​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ។—សុភាសិត ១០:២២

១៩ ដោយ​ព្រោះ​យើង​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​អរ​ព្រះ​គុណ​ដល់​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ដោយ​សារ​យើង​មាន​គោល​បំណង​ពិត​មួយ​ក្នុង​ជីវិត និង​ដោយ​សារ​យើង​មាន​កិច្ច​បំរើ​ដែល​នាំ​ឲ្យ​យើង​ពេញ​ចិត្ត ហើយ​ដោយ​សារ​យើង​មាន​សេចក្ដី​សង្ឃឹម​មួយ​ចំពោះ​អនាគត​ដ៏​ភ្លឺ​ស្វាង។ យើង​កំពុង​តែ​ទន្ទឹង​ចាំ​ទាំង​មាន​ចិត្ត​រំភើប​ចំពោះ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ ហើយ​យើង​ក៏​បាន​តាំង​ចិត្ត‹រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ព្រម​ទាំង​រង់​ចាំ​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ›។ (យូដាស ២០, ២១) យើង​មាន​អំណរ​ខ្លាំង​ណាស់​ហ្ន៎! ដោយ​ឃើញ​ថា មនុស្ស​១​ហ្វូង​ធំ​ដែល​កំពុង​តែ​ដំកើង​សរសើរ​ព្រះ​នោះ ឥឡូវ​មាន​គ្នា​ប្រមាណ​៦.០០០.០០០​នាក់។ អ្នក​ចាក់​ប្រេង​តាំង​រួម​ទាំង​ចៀម​ឯ​ទៀត​ដែល​ជា​គូកន​របស់​គេ​បាន​ត្រូវ​រៀបចំ​ជា​ប្រមាណ​៩១.០០០​ក្រុម​ជំនុំ​នៅ​ក្នុង​២៣៥​ប្រទេស ទំនង​ជា​ដោយ​សារ​ការ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។ យើង​ទាំង​អស់​គ្នា​បាន​ទទួល​នៅ​ម្ហូប​អាហារ​ខាង​វិញ្ញាណ​ដ៏​បរិបូរ ដោយ​សារ​ការ​ខិត​ខំ​មិន​ចេះ​នឿយ​ហត់​របស់‹អ្នក​បំរើ​ស្មោះ​ត្រង់​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥)។ អង្គការ​មួយ​ដែល​ត្រូវ​ដឹក​នាំ​ដោយ​ព្រះ​ព្រម​ទាំង​កំពុង​តែ​រីក​ចំរើន​នោះ ហើយ​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ កំពុង​តែ​ចាត់​ចែង​សកម្មភាព​ព្រះ​រាជាណាចក្រ​តាម​រយៈ​ការិយាល័យ​សាខា​ជាង​១១០​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ យើង​មាន​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​បាន​ជំរុញ​ចិត្ត​រាស្ត្រ​របស់​ទ្រង់​ឲ្យ‹ថ្វាយ​កិត្ដិនាម​ដល់​ទ្រង់ ដោយ​ទ្រព្យ​សម្បត្ដិ​របស់​គេ›។ (សុភាសិត ៣:៩, ១០) ជា​លទ្ធផល កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ដែល​ត្រូវ​ធ្វើ​ឡើង​ទូទាំង​ពិភព​លោក នោះ​កំពុង​តែ​បន្ត​ទៅ​មុខ ដោយ​កសាង​កន្លែង​ធ្វើ​ការ​បោះពុម្ព ទី​ស្នាក់​ការ​សាខា​បេតអែល​និង​ទី​ស្នាក់​ការ​របស់​ពួក​សាសនទូត សាល​ព្រះ​រាជាណាចក្រ​និង​សាល​សន្និបាត​ដែល​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​នោះ។

២០. ពេល​យើង​គិត​អំពី​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​និង​គួរ​ឲ្យ​សរសើរ​របស់​ព្រះ​យេហូវ៉ា តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​យើង?

២០ យើង​គ្មាន​សមត្ថភាព​នោះ​ទេ​ក្នុង​ការ​រៀប​រាប់​អំពី​អស់​ទាំង​កិច្ច​ការ​ដ៏​អស្ចារ្យ​និង​គួរ​ឲ្យ​សរសើរ​ដែល​ព្រះ​វរបិតា​របស់​យើង​បាន​ប្រព្រឹត្ត។ ក៏​ប៉ុន្តែ បើ​សិន​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​ត្រឹម​ត្រូវ​នោះ តើ​គេ​ពិត​ជា​អាច​ទប់​អារម្មណ៍​មិន​រួម​ជា​មួយ​បណ្ដា​មនុស្ស​ដែល​ជា​អ្នក​សរសើរ​ព្រះ​យេហូវ៉ា​បាន​ទេ? ពិត​ជា​ទប់​អារម្មណ៍​មិន​បាន​សោះ! ម្ល៉ោះ​ហើយ ចូរ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ ស្រែក​ដោយ​អរ​ថា៖ «ចូរ​សរសើរ! ដល់​ព្រះ​យេហូវ៉ា ចូរ​សរសើរ! ដល់​ព្រះ​យេហូវ៉ា​ពី​លើ​ស្ថាន​សួគ៌ ចូរ​សរសើរ! ដល់​ទ្រង់​នៅ​អស់​ទាំង​ទី​ដ៏​ខ្ពស់ អស់​ទាំង​ទេវតា​នៃ​ទ្រង់​អើយ! . . . ចូរ​សរសើរ​ដល់​ទ្រង់​ចុះ! ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ ទាំង​ចាស់​ទាំង​ក្មេង​អើយ! ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ចុះ! ដ្បិត​មាន​តែ​ព្រះ​នាម​ទ្រង់​១​ដែល​ខ្ពស់​ប្រសើរ សិរី​ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី នឹង​ផ្ទៃ​មេឃ​ទៅ​ទៀត»។ (ទំនុកដំកើង ១៤៨:១, ២, ១២, ១៣) អ៊ីចឹង​ហើយ ចាប់​ពី​ពេល​ឥឡូវ​នេះ ហើយ​ត​ទៅ​ពេល​អស់​កល្ប​ទៅ​មុខ​ទៀត ចូរ​ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ទ្រង់!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​ខ្លះ​ជា​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​សរសើរ​របស់​ព្រះ​យេហូវ៉ា?

ហេតុ​អ្វី​បាន​ជា​ចិត្ត​របស់​អ្នក​ត្រូវ​ជំរុញ​ឲ្យ​សរសើរ​ដល់​ព្រះ​យេហូវ៉ា?

តើ​ដូច​ម្ដេច​ដែល​សេចក្ដី​សង្ឃឹម​របស់​យើង​គឺ​ជាប់​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ព្រះ?

តើ​ដូច​ម្ដេច​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រព្រឹត្ត​ការ​ដ៏​គួរ​ឲ្យ​សរសើរ​ចំពោះ​កិច្ច​ផ្សព្វ​ផ្សាយ​ពី​ព្រះ​រាជាណាចក្រ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៩]

តើ​អ្នក​ចូល​រួម​ច្រៀង​ចំរៀង​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត​ឬ​ទេ?