ហេតុអ្វីបានជាមនុស្សយើងរងទុក្ខវេទនាដូច្នេះ?
ហេតុអ្វីបានជាមនុស្សយើងរងទុក្ខវេទនាដូច្នេះ?
ក្រោយពីរញ្ជួយដីដ៏ហិនហោចមួយនៅភូមិភាគអាស៊ីមីនើរ នោះកាសែតមួយដែលចែកចាយជាទូទៅបានដាក់ចំណងជើងនៅខាងមុខទំព័រថា៖ «ព្រះអើយ! ហេតុអ្វីបានជាអ៊ីចឹង?»។ មានរូបថតមួយជាប់នឹងអត្ថបទនោះ ដែលបង្ហាញពីបិតាម្នាក់ដ៏ក្រៀមក្រំចិត្តជាខ្លាំងកំពុងតែដើរដោយបីកូនស្រីគាត់ដែលបានរងរបួស ចេញពីផ្ទះរបស់ខ្លួនដែលរលំបាក់បែកខ្ទេចខ្ទីអស់។
សង្គ្រាម ទុរភិក្ស ជម្ងឺឆ្លងផ្សេងៗ និងមហន្តរាយធម្មជាតិ នោះធ្វើឲ្យមានការឈឺចាប់ជាខ្លាំង មានតំនក់ទឹកភ្នែកច្រើនឥតគណនា ទាំងបណ្ដាលឲ្យមនុស្សជាច្រើនឥតគណនាស្លាប់ទៅដែរ។ បន្ថែមទៅទៀតនោះក៏នៅមានការរងទុក្ខដោយមនុស្សដែលបានត្រូវអ្នកដទៃរំលោភ ការធ្វើបាបកូនក្មេង និងបទឧក្រិដ្ឋឯទៀតដែរ។ សូមគិតទៅមើលអំពីស្នាមរបួសដែលបន្សល់ទុកពីគ្រោះថ្នាក់ ព្រមទាំងគ្រោះថ្នាក់ដែលបានសម្លាប់គេផងដែរ។ ម្យ៉ាងទៀត មនុស្សរាប់រយកោដិនាក់យំទួញដោយរងទុក្ខនឹងជម្ងឺ ជរាភាព និងដោយមានអ្នកជាទីស្រឡាញ់បានស្លាប់ទៅ។
សតវត្សទី២០បាននាំឲ្យមានការរងទុក្ខវេទនាច្រើនជាងគេបង្អស់។ ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨ សង្គ្រាមលោកលើកទី១បានបណ្ដាលឲ្យទាហានជិតដប់លាននាក់ស្លាប់។ អ្នកប្រវត្ដិសាស្ត្រខ្លះៗនិយាយថា សង្គ្រាមនោះបានសម្លាប់ជនស៊ីវិលប្រហាក់ប្រហែលនឹងចំនួននោះដែរ។ រីឯសង្គ្រាមលោកលើកទី២វិញ មនុស្សប្រមាណ៥០លាននាក់បានស្លាប់ ជាពួកទាហាននិងអ្នកដែលមិនមែនជាទាហានផង នេះរួមបញ្ចូលរាប់លាននាក់ដែលមិនចេះតទល់ដើម្បីការពារខ្លួនឡើយ ដូចជាស្រីៗកូនក្មេងនិងបុរសដ៏ចាស់ជរាដែរ។ អស់មួយសតវត្សកន្លងទៅនេះ មនុស្សរាប់លាននាក់ទៀតក៏បានរងគ្រោះដោយការប្រល័យពូជសាសន៍ ការធ្វើបដិវត្តន៍ អំពើហិង្សារវាងជនជាតិផ្សេងពីគ្នា ការអត់បាយ និងភាពក្រខ្សត់។ សៀវភៅផែនទីពីប្រវត្ដិសាស្ត្រនៃសតវត្សទី២០ បានប៉ាន់ស្មានថា ជាង១៨០លាននាក់បានស្លាប់ទៅដោយព្រោះតែ«ភាពលំបាកលំបិនក្រៃលែង»ទាំងនោះ។
ជម្ងឺគ្រុនចាញ់អេស្ប៉ាញញ៉ុល នៅឆ្នាំ១៩១៨ និង១៩១៩បានសម្លាប់២០លាននាក់។ ក្នុងកំឡុងពេលពីរទសវត្សកន្លងទៅនេះ មនុស្សប្រមាណ១៩លាននាក់បានស្លាប់ដោយជម្ងឺអេដស៍ ហើយមានប្រមាណ៣៥លាននាក់ ដែលឥឡូវនេះមានវីរុសបណ្ដាលឲ្យមានជម្ងឺនោះដែរ។ កូនក្មេងរាប់លាននាក់ដែលឥតមានឪពុកម្ដាយ នោះបានត្រូវបន្សល់ទុកដោយព្រោះឪពុកម្ដាយបានស្លាប់ដោយសារជម្ងឺអេដស៍នោះ។ ក៏មានទារកជាច្រើនឥតគណនា ដែលកំពុងតែស្លាប់ដោយសារការឆ្លងជម្ងឺអេដស៍ កាលដែលនៅក្នុងផ្ទៃម្ដាយនៅឡើយ។
ក្មេងៗត្រូវរងទុក្ខដោយរបៀបផ្សេងៗទៀតដែរ។ ដោយស្រង់ពត៌មានចេញពីមូលនិធិសំរាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) នៅចុងឆ្នាំ១៩៩៥ នោះសៀវភៅម៉ានឆេស្ទើហ្កាឌានវីគ្លីនៅប្រទេសអង់គ្លេស បានចែងថា៖ «កូនក្មេងចំនួន២លាននាក់បានត្រូវស្លាប់ដោយសង្គ្រាមនានាក្នុងកំឡុងពេលមួយទសវត្សទៅនេះ ទាំងមាន៤លាន៥សែននាក់បានទៅជាពិការ ១២លាននាក់លែងមានផ្ទះសម្បែង និងជាង១លាននាក់ទៅជាកូនកំព្រា ឬក៏បានត្រូវបែកចេញពីឪពុកម្ដាយ ព្រមទាំងមាន១០លាននាក់ទៀតបានរងគ្រោះដោយជម្ងឺផ្លូវចិត្ត»។ បន្ថែមទៅលើចំនួនទាំងប៉ុន្មាននេះ ក៏មានការពន្លូតកូនប្រមាណ៤០ទៅ៥០លាននាក់ទូទាំងផែនដីជារៀងរាល់ឆ្នាំ!
ចុះយ៉ាងណាចំពោះពេលអនាគតរបស់យើងនោះ?
មនុស្សជាច្រើនគិតពីពេលអនាគតដោយអារម្មណ៍ភិតភ័យ។ អ្នកវិទ្យាសាស្ត្រមួយក្រុមបានមានប្រសាសន៍ថា៖ «អ្វីដែលមនុស្សលោកធ្វើ នេះ . . . អាចកែប្រែ
ជីវិតនៅលើផែនដីដល់ម្ល៉េះបានជានឹងមិនអាចទ្រទ្រង់ជីវិតបានទៀត តាមរបៀបដែលយើងធ្លាប់មានពីមុនហើយនោះ»។ គេបាននិយាយបន្ថែមទៀតថា៖ «សូម្បីតែពេលឥឡូវនេះក៏ដោយ ម្នាក់ក្នុងចំណោមប្រាំនាក់នោះក្រីក្រដ៏ម្ល៉េះ ទាំងមិនមានអាហារគ្រប់គ្រាន់បរិភោគ និងមានម្នាក់ក្នុងចំណោមដប់នាក់ដែលឥតទទួលជីវជាតិគ្រប់គ្រាន់ពីចំណីអាហារផងដែរ»។ អ្នកវិទ្យាសាស្ត្រទាំងនោះបានឆ្លៀតឱកាស«ព្រមានមនុស្សជាតិពីអ្វីដែលមាននៅខាងមុខ» គឺបាននិយាយថា៖ «យើងត្រូវកែប្រែជាច្រើន នូវរបៀបថែរក្សាផែនដី និងជីវិតដែលនៅមាននៅឡើយ បើយើងចង់ជៀសចេញពីរឿងដ៏អភ័ព្វទូទៅទាំងនេះ និងដើម្បីកុំឲ្យទីលំនៅរបស់យើងនៅលើផែនដីនេះខូចបង់រហូតដល់មិនអាចស្ដារជាថ្មីឡើងវិញបាន»។តើហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានការរងទុក្ខវេទនា និងអំពើអាក្រក់ជួជាតិច្រើនម្ល៉េះអ៊ីចឹង? តើទ្រង់មានព្រះហឫទ័យចង់ដោះស្រាយបញ្ហានេះតាមរបៀបណា? ហើយតើនៅពេលណាដែរ?
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Top, wheelchair: UN/DPI Photo 186410C by P.S. Sudhakaran; middle, starving children: WHO/OXFAM; bottom, emaciated man: FAO photo/B. Imevbore