លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការឈានទៅមុខឲ្យបានជ័យជំនះផ្ដាច់ព្រាត់!

ការឈានទៅមុខឲ្យបានជ័យជំនះផ្ដាច់ព្រាត់!

ការ​ឈាន​ទៅ​មុខ​ឲ្យ​បាន​ជ័យ​ជំនះ​ផ្ដាច់​ព្រាត់!

«ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ស​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យ​ជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ»។—វិវរណៈ ៦:២

១. តាម​រយៈ​ចក្ខុនិមិត្ត​នោះ តើ​យ៉ូហាន​បាន​ឃើញ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ នៅ​ពេល​អនាគត?

 ដោយ​បាន​បណ្ដាល​មក​ពី​ព្រះ នោះ​សាវ័ក​យ៉ូហាន​អាច​ឃើញ​ប្រមាណ​១.៨០០​ឆ្នាំ​ទៅ​មុខ និង​រៀប​រាប់​អំពី​ការ​ចាប់​ផ្ដើម​សោយ​រាជ្យ​នៃ​ព្រះ​គ្រីស្ទ​ជា​ស្តេច។ យ៉ូហាន​ត្រូវ​ការ​ជំនឿ​ដើម្បី​ជឿ​ទៅ​លើ​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត។ សព្វ​ថ្ងៃ​នេះ យើង​មាន​ទី​សំអាង​យ៉ាង​ច្បាស់​ថា ការ​ទាយ​អំពី​ការ​ឡើង​សោយ​រាជ្យ​នេះ បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤។ ដោយ​ភ្នែក​ចិត្ត​ដែល​ជឿ នោះ​យើង​ឃើញ​ព្រះ​យេស៊ូ​គ្រីស្ទ​កំពុង​តែ«ចេញ​ទៅ​ទាំង​មាន​ជ័យ​ជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ»ទៀត​ផង។

២. តើ​អារក្ស​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​កំណើត​នៃ​ព្រះ​រាជាណាចក្រ? ហើយ​តើ​នេះ​ជា​ទី​សំអាង​អំពី​អ្វី?

ក្រោយ​ពី​កំណើត​នៃ​ព្រះ​រាជាណាចក្រ នោះ​សាតាំង​បាន​ត្រូវ​បោះទម្លាក់​ចេញ​ពី​ស្ថាន​សួគ៌ ដែល​បាន​បណ្ដាល​ឲ្យ​វា​ខំ​ប្រឹង​ត​យុទ្ធ​ខ្លាំង​ឡើង​ៗ​ទាំង​មាន​កំហឹង​កាន់​តែ​ខ្លាំង​ឡើង​ទៀត​ផង។ ប៉ុន្តែ​នេះ​មិន​ពង្រីក​លទ្ធភាព​ឲ្យ​មាន​ជ័យ​ជំនះ​បាន​ឡើយ។ (វិវរណៈ ១២:៧​-​១២) កំហឹង​របស់​វា​បាន​បណ្ដាល​ឲ្យ​ស្ថានភាព​ក្នុង​ពិភព​លោក​នេះ ទៅ​ជា​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ឡើង។ មើល​ទៅ​ដូច​ជា​សង្គម​មនុស្ស​កំពុង​តែ​បាក់​បែក​ខ្ទេច​ខ្ទី​ទៅ។ ចំពោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​វិញ នេះ​ជា​ទី​សំអាង​យ៉ាង​ច្បាស់​ថា ស្តេច​របស់​គេ កំពុង​តែ​ខិត​ទៅ​មុខ«ឲ្យ​បាន​ឈ្នះ​ត​ទៅ»។

សង្គម​ពិភព​លោក​ថ្មី​ដែល​កំពុង​តែ​កើត​មាន​ឡើង

៣, ៤. (ក) តាំង​ពី​កំណើត​នៃ​ព្រះ​រាជាណាចក្រ​មក តើ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​រៀបចំ​ណា​ខ្លះ ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន? ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ធ្វើ​អ៊ីចឹង? (ខ) ដូច​បាន​ទាយ​ទុក​មក​នៅ​អេសាយ តើ​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​មាន​ផល​ប្រយោជន៍​យ៉ាង​ណា?

ក្រោយ​ពី​ព្រះ​រាជាណាចក្រ​បាន​មាន​កំណើត​មក នោះ​គឺ​ដល់​គ្រា​ដើម្បី​នាំ​ក្រុម​ជំនុំ​គ្រីស្ទាន​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ ដែល​ឥឡូវ​នេះ​មាន​ភារកិច្ច​ច្រើន​ជាង​ខាង​ព្រះ​រាជាណាចក្រ ឲ្យ​បាន​ស្រប​តាម​លំនាំ​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ។ ដូច្នេះ​ហើយ ទស្សនាវដ្ដី​ប៉ម​យាម ពី​ថ្ងៃ​ទី​១ និង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៣៨ បាន​ធ្វើ​វិភាគ​នូវ​របៀប​ដែល​អង្គការ​គ្រីស្ទាន​គួរ​មាន​ដំណើរ​ការ​យ៉ាង​ណា។ ក្រោយ​មក ទស្សនាវដ្ដី​ប៉ម​យាម ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៧១ បាន​សម្គាល់​កាន់​តែ​ច្បាស់​ឡើង​នូវ​គណៈ​អភិបាល​នា​សម័យ​ទំនើប​នេះ ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា៖ «របៀប​ដែល​គណៈ​អភិបាល​គឺ​ផ្សេង​ពី​សាជីវកម្ម​តាម​ច្បាប់»។ នៅ​ឆ្នាំ​១៩៧២ ក្រុម​អ្នក​ចាស់​ទុំ​បាន​ត្រូវ​តែង​តាំង​ឡើង ដើម្បី​ផ្ដល់​ជំនួយ​និង​ការ​ដឹក​នាំ​សំរាប់​ក្រុម​ជំនុំ​តាម​តំបន់។

ការ​ស្ដារ​ឡើង​វិញ​នូវ​របៀប​មើល​ខុស​ត្រូវ​ដ៏​ត្រឹម​ត្រូវ បាន​ពង្រឹង​ក្រុម​ជំនុំ​គ្រីស្ទាន​នោះ​យ៉ាង​ខ្លាំង។ អ្វី​ទៀត​ដែល​បាន​ជួយ​ធ្វើ​ដូច្នេះ គឺ​សំ​វិធានការ​ដែល​គណៈ​អភិបាល​បាន​រៀបចំ ដើម្បី​បង្ហាត់​បង្រៀន​ពួក​អ្នក​ចាស់​ទុំ​ស្តី​អំពី​ភារកិច្ច​របស់​គេ ដែល​រួម​បញ្ចូល​ការ​អប់រំ​ពួក​អ្នក​ចាស់​ទុំ​អំពី​រឿង​ខាង​ការ​វិនិច្ឆ័យ។ ការ​រីក​ចំរើន​ជា​បណ្ដើរ​ៗ ដែល​ទាក់​ទង​នឹង​របៀប​រៀបចំ​ខាង​អង្គការ​របស់​ព្រះ​លើ​ផែនដី​នេះ និងលទ្ធផល​ដ៏​ល្អ​នោះ បាន​ត្រូវ​ទាយ​ប្រាប់​ជា​មុន​នៅ​អេសាយ ៦០:១៧ ដែល​ថា៖ «អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋបាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់​គ្រង​លើ​ឯង​ផង»។ ការ​ផ្លាស់​ប្ដូរ​ដ៏​វិជ្ជមាន​ទាំង​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រសិទ្ធិពរ​ពី​ព្រះ និង​ជា​ទី​សំអាង​ថា ព្រះ​ទ្រង់​យល់​ព្រម​នឹង​អស់​អ្នក​ដែល​បាន​គាំទ្រ​យ៉ាង​ខ្នះ​ខ្នែង​ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។

៥. (ក) តើ​សាតាំង​មាន​ប្រតិកម្ម​យ៉ាង​ណា នឹង​ប្រសិទ្ធិពរ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​ទ្រង់​នោះ? (ខ) សម​ស្រប​នឹង​ភីលីព ១:៧ តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ណា​ដើម្បី​ជំទាស់​នឹង​កំហឹង​របស់​សាតាំង?

សាតាំង​បាន​កត់​សម្គាល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ណែនាំ ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​រាស្ត្រ​ទ្រង់ ក្រោយ​ពី​កំណើត​នៃ​ព្រះ​រាជាណាចក្រ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៣១​ក្រុម​គ្រីស្ទាន​តូច​នេះ​បាន​បង្ហាញ​ជា​សាធារណៈ​ថា គេ​មិន​គ្រាន់​តែ​ជា​សិស្ស​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ ស្រប​ទៅ​តាម​អេសាយ ៤៣:១០ នោះ​ពួក​គេ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា! មិន​ថា​ដោយ​ចៃដន្យ​ឬ​ក៏​អត់ នោះ​អារក្ស​បាន​នាំ​ឲ្យ​មាន​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ទូទាំង​ផែនដី ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ឡើយ។ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ដែល​គេ​និយម​ទទួល​ស្គាល់​ជា​ប្រទេស​មាន​សេរី​ភាព​ខាង​សាសនា ដូច​ជា​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា និង​ប្រទេស​អាល្លឺម៉ង់ នោះ​ម្ដង​ហើយ​ម្ដង​ទៀត ស្មរបន្ទាល់​បាន​ត្រូវ​បង្ខំ​ឲ្យ​ត​យុទ្ធ​ខាង​ច្បាប់ ដើម្បី​រក្សា​ទុក​នូវ​សេរី​ភាព​របស់​គេ​ខាង​ការ​ថ្វាយ​បង្គំ។ មក​ដល់​ឆ្នាំ​១៩៨៨ នោះ​តុលាការ​កំពូល​នៅ​សហរដ្ឋ​អាមេរិក បាន​សើរើ​៧១​ករណី​ឡើង​វិញ ដែល​ទាក់​ទង​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​គេ​បាន​ឈ្នះ​ពីរ​ភាគ​បី​នៃ​ករណី​ទាំង​នោះ។ សព្វ​ថ្ងៃ​នេះ ទូទាំង​ពិភព​លោក គឺ​មាន​ការ​ត​យុទ្ធ​ខាង​ច្បាប់ ដើម្បី«ការ​ពារ​ហើយ​ស្ថាបនា​ដំណឹង​ល្អ​តាម​ច្បាប់»ដូច​នៅ​ក្នុង​សតវត្ស​ទី​មួយ​ដែរ។—ភីលីព ១:៧, ព.ថ.

៦. តើ​បម្រាម​និង​ល័ក្ខខ័ណ្ឌ​ផ្សេង​ៗ​បង្ការ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ពី​ការ​មាន​ដំណើរ​ទៅ​មុខ​ឬ​ទេ? សូម​ពន្យល់​ជា​ឧទាហរណ៍។

ក្នុង​កំឡុង​ទសវត្ស​ពី​ឆ្នាំ​១៩៣០ ក្នុង​ពេល​ដែល​នាំ​មុខ​សង្គ្រាម​លោក​លើក​ទី​២ នោះ​រដ្ឋាភិបាល​ដែល​ប្រើ​អំណាច​ផ្ដាច់​ការ បាន​ដាក់​បម្រាម​ឬ​ល័ក្ខខ័ណ្ឌ​ផ្សេង​ៗ​លើ​កិច្ច​ការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អាល្លឺម៉ង់ ប្រទេស​អេស្ប៉ាញ និង​ប្រទេស​ជប៉ុន។ នេះ​គឺ​គ្រាន់​តែ​ប្រាប់​ឈ្មោះ​បី​ប្រទេស​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០០០ គ្រាន់​តែ​បី​ប្រទេស​នេះ​ប៉ុណ្ណោះ មាន​អ្នក​ផ្សាយ​យ៉ាង​សកម្ម​អំពី​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ជិត​៥០០.០០០​នាក់។ ចំនួន​នេះ​គឺ​សឹង​តែ​ច្រើន​ជាង​ដប់​ដង ចំនួន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពេញ​ពិភព​លោក​ក្នុង​ឆ្នាំ​១៩៣៦! យ៉ាង​ច្បាស់​ណាស់ បម្រាម​និង​ល័ក្ខខ័ណ្ឌ​ផ្សេង​ៗ​មិន​អាច​បង្ការ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ពី​ការ​មាន​ដំណើរ​ទៅ​មុខ​ក្រោម​ការ​ដឹក​នាំ​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​មេ​ដឹក​នាំ​ដ៏​មាន​ជ័យ​ជំនះ​នោះ​ឡើយ។

៧. តើ​មាន​ព្រឹត្ដិការណ៍​អ្វី​ដ៏​អស្ចារ្យ នៅ​ឆ្នាំ​១៩៥៨? ហើយ​តើ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ដ៏​អស្ចារ្យ តាំង​ពី​ពេល​នោះ​មក?

មាន​ការ​សម្ដែង​នូវ​ដំណើរ​ទៅ​មុខ​មែន នៅ​ឆ្នាំ​១៩៥៨ នៅ​ទី​ក្រុង​ញូវយ៉ក ពេល​ដែល​មាន​មហា​សន្និបាត​ដ៏​ធំ​បំផុត ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្លាប់​មាន គឺ​មហា​សន្និបាត​អន្តរជាតិ ដែល​មាន​ចំណង​ជើង​ថា៖ ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​មាន​២៥៣.៩២២​នាក់ ជា​ចំនួន​អ្នក​ចូល​រួម​ច្រើន​បំផុត។ មក​ដល់​ឆ្នាំ​១៩៧០​នោះ កិច្ច​ការ​របស់​គេ​មាន​សេរី​ភាព​ហើយ នៅ​ប្រទេស​ទាំង​បី​នោះ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​នេះ លើក​លែង​តែ​ប្រទេស​ដែល​ពេល​នោះ​បាន​ហៅ​ថា ប្រទេស​អាល្លឺម៉ង់​ខាង​កើត។ ប៉ុន្តែ​ស្មរបន្ទាល់​គឺ​នៅ​ក្រោម​បម្រាម​ក្នុង​សហ​ព័ន្ធ​សូវៀត និង​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​ដែល​មាន​ក្នុង​កតិកាសញ្ញា​ក្រុង​វ៉ាសូវី។ សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​អតីត​ប្រទេស​សង្គម​និយម​ទាំង​នេះ គឺ​មាន​ស្មរបន្ទាល់​ដ៏​សកម្ម​ជាង​ប្រាំ​សែន​នាក់។

៨. តើ​អ្វី​ជា​លទ្ធផល​នៃ​ពរ​ពី​ព្រះ​យេហូវ៉ា​លើ​រាស្ត្រ​ទ្រង់? ហើយ​តើ​ទស្សនាវដ្ដី​ប៉ម​យាម នៅ​ឆ្នាំ​១៩៥០ បាន​ចែង​យ៉ាង​ណា​អំពី​រឿង​នេះ?

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ទទួល​ពរ​ជា​ការ​រីក​ចំរើន​នេះ ពីព្រោះ​គេ​បាន​បន្ត«ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន»។ (ម៉ាថាយ ៦:៣៣) ទំនាយ​របស់​អេសាយ​បាន​ត្រូវ​សម្រេច​មែន​ទែន​ទៅ​ហើយ ដែល​ថា៖ «អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច នឹង​ត្រឡប់​ទៅ​ជា​សាសន៍​១​យ៉ាង​ពូកែ។ អញ​នេះ​គឺ​ព្រះ​យេហូវ៉ា អញ​នឹង​បញ្ជឿន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់»។ (អេសាយ ៦០:២២) ហើយ​ទី​បញ្ចប់​មិន​ទាន់​មក​ដល់​ទេ។ គ្រាន់​តែ​ក្នុង​កំឡុង​មួយ​ទសវត្ស​កន្លង​ទៅ​នេះ ចំនួន​អ្នក​គាំទ្រ​យ៉ាង​សកម្ម​នូវ​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ នោះ​បាន​កើន​បន្ថែម​ជាង​១.៧៥០.០០០​នាក់​ថែម​ទៀត។ ពួក​នេះ​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​នឹង​ក្រុម​មួយ ដែល​ទស្សនាវដ្ដី​ប៉ម​យាម នៅ​ឆ្នាំ​១៩៥០ បាន​ធ្វើ​ការ​សង្កេត​នេះ​ថា៖ «ឥឡូវ ព្រះ​កំពុង​តែ​បង្កើត​សង្គម​ពិភព​លោក​ថ្មី។ . . . ពួក​គេ​ជា​ស្នូល​ដែល​នឹង​ឆ្លង​កាត់​អើម៉ាគេដូន . . . ជា​អ្នក​ដំបូង​បង្អស់​នៅ​ឯ‹ផែនដី​ថ្មី› . . . ដែល​បាន​រៀបចំ​តាម​ព្រះ​ធិបតេយ្យ ទាំង​ដឹង​អំពី​ទម្រង់​ការ​ខាង​អង្គការ»។ អត្ថបទ​នេះ​បាន​បញ្ចប់​ដោយ​ថា៖ «ដូច្នេះ ចូរ​យើង​រាល់​គ្នា​បន្ត​ទៅ​មុខ​បន្ដិច​ម្ដង​ៗ ជា​សង្គម​នៃ​ពិភព​លោក​ថ្មី!»។

៩. តើ​របស់​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​រៀន​ដឹង​ជា​ច្រើន​ឆ្នាំ​មក​នេះ បាន​នាំ​ឲ្យ​មាន​ប្រយោជន៍​ណា​ខ្លះ?

តាម​ដំណើរ​ទៅ​មុខ​នេះ សង្គម​នៃ​ពិភព​លោក​ថ្មី​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង បាន​ទទួល​ចំណេះ​ចេះ​ដឹង ដែល​ស​ឲ្យ​ឃើញ​ថា​មាន​តម្លៃ​ណាស់​សព្វ​ថ្ងៃ​នេះ ហើយ​ប្រហែល​ជា​នឹង​មាន​តម្លៃ​ទៀត​ក្នុង​កំឡុង​ពេល​ក្រោយ​ពី​អើម៉ាគេដូន ក្នុង​កិច្ច​ការ​ស្ដារ​ឡើង​វិញ។ ជា​ឧទាហរណ៍ ស្មរបន្ទាល់​បាន​រៀន​ចេះ​ចាត់​ចែង​មហា​សន្និបាត​ដ៏​ធំ​ៗ ក៏​ចេះ​ផ្ដល់​ជំនួយ​យ៉ាង​ឆាប់​រហ័ស​ពេល​មាន​គ្រា​អាសន្ន និង​ចេះ​សាង​សង់​អាគារ​យ៉ាង​លឿន​ដែរ។ សកម្មភាព​ទាំង​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​សរសើរ និង​គោរព​ដល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

ការ​កែ​តម្រូវ​នូវ​ការ​យល់​ខុស

១០, ១១. សូម​ពន្យល់​ដោយ​ឧទាហរណ៍​នូវ​របៀប​ដែល​ការ​យល់​ខុស​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​ត្រូវ​កែ​តម្រូវ​វិញ។

១០ ក៏​ប៉ុន្តែ គឺ​នៅ​មាន​មនុស្ស​ដែល​ចោទ​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឥត​ទាន់​សម័យ​នឹង​សង្គម​មនុស្ស​លោក​ទេ។ នេះ​ច្រើន​តែ​ដោយ​ព្រោះ​ជំហរ​របស់​ស្មរបន្ទាល់ ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ស្តី​អំពី​រឿង​ដូច​ជា​ការ​បញ្ចូល​ឈាម អព្យាក្រឹតភាព ការ​ជក់​បារី និង​សីលធម៌។ ក៏​ប៉ុន្តែ មនុស្ស​កំពុង​តែ​សារភាព​កាន់​តែ​ច្រើន​ឡើង​ថា ទស្សនៈ​របស់​ស្មរបន្ទាល់​គឺ​សម​នឹង​យក​មក​ពិនិត្យ​មើល​មែន។ ជា​ឧទាហរណ៍ គ្រូ​ពេទ្យ​ម្នាក់​នៅ​ប្រទេស​ប៉ូឡូញ បាន​ទូរស័ព្ទ​ទៅ​រក​ការិយាល័យ​ដែល​ចាត់​ចែង​ការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​និង​សហការី​របស់​គាត់​នៅ​ឯ​មន្ទីរ​ពេទ្យ បាន​ពិគ្រោះ​អំពី​ការ​បញ្ចូល​ឈាម​អស់​រយៈ​ពេល​បី​បួន​ម៉ោង​ហើយ។ ការ​ពិគ្រោះ​នេះ​បាន​បណ្ដាល​មក​ដោយ​អត្ថបទ​មួយ ដែល​នៅ​ថ្ងៃ​នោះ​ឯង​មាន​ក្នុង​កាសែត​ប្រចាំ​ថ្ងៃ​ឈ្មោះ ចាន់នីក ហ្សាហុដនី។ គ្រូ​ពេទ្យ​នេះ​បាន​សារភាព​ថា៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ស្ដាយ​មែន​ដែល​វិស័យ​ខាង​ពេទ្យ​បាន​ប្រើ​ឈាម​ហួស​ហេតុ​ពេក។ គឺ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ការ​ធ្វើ​បែប​នេះ ហើយ​ខ្ញុំ​មាន​ចិត្ត​សប្បាយ​ដែល​មាន​អ្នក​ណា​ម្នាក់​បាន​លើក​ប្រធាន​នេះ​ឡើង។ ខ្ញុំ​សូម​ពត៌មាន​ថែម​ទៀត»។

១១ ក្នុង​កំឡុង​សន្និសីទ​ដែល​មាន​នៅ​ឆ្នាំ​មុន​នេះ នោះ​អាជ្ញាធរ​ខាង​ពេទ្យ​ពី​ប្រទេស​កាណាដា ទ្វីប​អឺរ៉ុប ប្រទេស​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក បាន​ពិគ្រោះ​ពត៌មាន​ដែល​ត្រូវ​ជួយ​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល​អ្នកជម្ងឺ​ដោយ​ឥត​ប្រើ​ឈាម។ នៅ​ឯ​ប្រជុំ​នោះ​នៅ​ប្រទេស​ស្វីស គេ​បាន​ចង្អុល​ប្រាប់​ថា ផ្ទុយ​នឹង​មតិ​ទូទៅ នោះ​អា​ត្រា​នៃ​អ្នក​ជម្ងឺ​ដែល​បាន​ត្រូវ​គេ​ចាក់​បញ្ចូល​ឈាម​ហើយ​នៅ​តែ​ស្លាប់ គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នក​ជម្ងឺ​ដែល​ឥត​បាន​ទទួល​ឈាម​ទៅ​វិញ។ ជា​ធម្មតា អ្នក​ជម្ងឺ​ដែល​ជា​ស្មរបន្ទាល់ អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​លឿន​ជាង​អស់​អ្នក​ដែល​បាន​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ឈាម ហើយ​ជា​លទ្ធផល​នោះ ក៏​បន្ថយ​នូវ​តម្លៃ​នៃ​ការ​ព្យាបាល​ដែរ។

១២. សូម​ឲ្យ​ឧទាហរណ៍​មួយ​ពី​អ្នក​ធំ​ដុំ​សរសើរ​ជំហរ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ស្តី​អំពី​អព្យាក្រឹតភាព​ខាង​នយោបាយ។

១២ គេ​បាន​និយាយ​យ៉ាង​ល្អ​ៗ​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ចំពោះ​ជំហរ​ជា​អព្យាក្រឹត​របស់​គេ នៅ​ពី​មុន​និង​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ កាល​ដែល​ពួក​គេ​បាន​ទទួល​ការ​វាយ​ប្រហារ​យ៉ាង​សាហាវ​ពី​របប​ណាត្ស៊ី។ កាសែត​វីដេអូ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កាន់​ជំហរ​មាំ​មួន​នឹង​ការ​ប្រយុទ្ធ​ពី​របប​ណាត្ស៊ី ដែល​ត្រូវ​បាន​ផលិត​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​បាន​បញ្ចាំង​លើក​ដំបូង​នៅ​ឯ​ជំរំ​ឃុំ​ឃាំង​ឈ្មោះ​រ៉ាវិនប្រុក នៅ​ប្រទេស​អាល្លឺម៉ង់ នា​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ បាន​នាំ​ឲ្យ​គេ​បញ្ជាក់​ទស្សនៈ​ដ៏​ល្អ​ជា​ច្រើន។ នៅ​ឯ​ការ​បញ្ចាំង​ជា​លើក​ដំបូង​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ជំរំ​ឃុំ​ឃាំង​ដ៏​ល្បី​មួយ ឈ្មោះ ប៊ែហ្កិន​-​ប៊ែលសិន នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​១៩៩៨ នោះ​លោក​បណ្ឌិត​ឈ្មោះ ហ្វូល្វហ្កាង​ហ្ស៊ីល ដែល​ជា​នាយក​នៃ​មណ្ឌល​ការ​អប់រំ​ខាង​នយោបាយ​នៅ​ខេត្ត​ឡូវើ​សាក្សូនី បាន​សារភាព​ថា៖ «ហេតុ​ការណ៍​មួយ​ដ៏​គួរ​ឲ្យ​អាម៉ាស់​មុខ​ក្នុង​ប្រវត្ដិសាស្ត្រ គឺ​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​បដិសេធ​ចោល​សង្គម​និយម​ជាតិ ដោយ​មាន​ការ​ប្ដេជ្ញា​ជាង​សាសនា​គ្រីស្ទាន​ឯ​ទៀត។ . . . ទោះ​ជា​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ អំពី​ការ​បង្រៀន​និង​ចិត្ត​ខ្នះ​ខ្នែង​កាន់​សាសនា​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​ភាព​មុត​មាំ​របស់​គេ​ក្នុង​កំឡុង​របប​ណាត្ស៊ី តម្រូវ​ឲ្យ​គេ​ទទួល​ការ​គោរព»។

១៣, ១៤. (ក) តើ​មាន​វិនិច្ឆ័យ​កិច្ច​អ្វី​ប្រយោជន៍​ឲ្យ​ពួក​គ្រីស្ទាន​សម័យ​ដើម​នោះ? និង​តើ​មក​ពី​ប្រភព​ណា​ដែល​គេ​មិន​គិត​ស្មានជា​មុន​បាន​ទេ​នោះ? (ខ) សូម​ឲ្យ​ឧទាហរណ៍​ខ្លះ​ៗ ពី​សំដី​ដ៏​ល្អ​ៗ ដែល​គាំទ្រ​ខាង​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ។

១៣ នៅ​ពេល​ដែល​អ្នក​ដ៏​ធំ​ដុំ ឬ​សេចក្ដី​សម្រេច​ពី​តុលាការ ចេញ​មុខ​គាំទ្រ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខាង​រឿង​ដែល​អាច​ឲ្យ​មាន​វាទប្បដិវាទ នេះ​អាច​បំបាត់​នូវ​បុរេនិច្ឆ័យ និង​ធ្វើ​ឲ្យ​គេ​មាន​ទស្សនៈ​អំពី​ពួក​ស្មរបន្ទាល់​តាម​សភាព​ដ៏​វិជ្ជមាន​ជាង។ នេះ​ច្រើន​តែ​បើក​ផ្លូវ​ឲ្យ​គេ​និយាយ​ជា​មួយ​មនុស្ស ដែល​ពី​មុន​មិន​សុខ​ចិត្ត​ស្ដាប់​ឡើយ។ ដូច្នេះ​សេចក្ដី​សម្រេច​បែប​នេះ​គឺ​ស្វាគមន៍​ជា​និច្ច ហើយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពិត​ជា​អបអរ​នឹង​សេចក្ដី​សម្រេច​អ៊ីចឹង​មែន។ នេះ​រំឭក​យើង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សតវត្ស​ទី​មួយ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ នៅ​ពេល​ដែល​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា ចង់​កំទេច​ចោល​ពួក​គ្រីស្ទាន​ដោយ​សារ​ការ​ផ្សព្វ​ផ្សាយ​ដ៏​ខ្នះ​ខ្នែង​របស់​គេ នោះ​លោក​កាម៉ាលាល«ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​មនុស្ស​ទាំង​អស់​រាប់​អាន» បាន​ព្រមាន​ដោយ​និយាយ​ថា៖ «ពួក​សាសន៍​អ៊ីស្រាអែល​អើយ! ចូរ​ប្រយ័ត​ខ្លួន ពី​ដំណើរ​មនុស្ស​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​គិត​ធ្វើ​អ្វី​ដល់​គេ។ . . . ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន តែ​បើ​កើត​មក​ពី​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នក​រាល់​គ្នា​ជាប់​ទោស​ជា​ពួក​អ្នក​ត​យុទ្ធ​នឹង​ព្រះ​ដែរ»។—កិច្ច​ការ ៥:៣៣​-​៣៩

១៤ ដូច​លោក​កាម៉ាលាល​ដែរ នោះ​នៅ​ពេល​ថ្មី​ៗ​នេះ ពួក​អ្នក​ធំ​ដុំ​បាន​គាំទ្រ​សេរី​ភាព​ខាង​សាសនា​សំរាប់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ អតីត​ប្រធាន​នៃ​បណ្ឌិត​សភា​អន្តរជាតិ​សំរាប់​សេរី​ភាព​និង​ជំនឿ​ខាង​សាសនា បាន​វែក​ញែក​ថា៖ «គេ​មិន​គួរ​បិទ​សិទ្ធិ​ខាង​សាសនា​នៃ​សាសនា​មួយ ដោយ​ព្រោះ​តែ​សង្គម​បាន​ចាត់​ទុក​ជំនឿ​ស៊ប់​នៃ​សាសនា​នោះ ជា​អ្វី​ដែល​មិន​គួរ​យល់​ព្រម ឬ​ក៏​មិន​ធម្មតា​នោះ​ទេ»។ ហើយ​សាស្ដ្រាចារ្យ​ម្នាក់​ខាង​ការ​សិក្សា​វិទ្យា​សាស្ត្រ​ខាង​សាសនា នៅ​ឯ​មហា​វិទ្យាល័យ​នៅ​ទី​ក្រុង​ឡែពត្សិក បាន​សួរ​សំនួរ​ដ៏​សំខាន់​មួយ ស្តី​អំពី​គណៈ​កម្មការ​រដ្ឋ​អាល្លឺម៉ង់ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ស៊ើប​អង្កេត​និកាយ​សាសនា ដោយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រាន់​តែ​ពិនិត្យ​ពិច័យ​សាសនា​ដែល​មាន​ចំនួន​ភាគ​តិច​ទៅ​វិញ តែ​មិន​ពិនិត្យ​ពិច័យ​សាសនា​ដ៏​ធំ​ៗ​ទាំង​ពីរ​គឺ[សាសនា​កាតូលិក​និង​សាសនា​លូហ្សឺរ៉ុង?»។ ចំពោះ​ចម្លើយ​នេះ​យើង​មិន​ចាំ​បាច់​ទៅ​រក​នៅ​ឆ្ងាយ ជាង​ពាក្យ​នៃ​អតីត​អ្នក​រាជការ​ជាតិ​អាល្លឺម៉ង់ ដែល​បាន​សរសេរ​ថា៖ «គ្មាន​ការ​សង្ស័យ​ទេ ថា​អ្នក​ប្រកាន់​ហួស​ហេតុ​ខាង​សាសនា​នោះ ជា​អ្នក​បញ្ជា​ដោយ​សំងាត់ ឲ្យ​គណៈ​កម្មការ​រដ្ឋ​យក​ដំណើរ​យ៉ាង​ណា​ខាង​នយោបាយ​វិញ»។

តើ​យើង​រក​ជំនួយ​ពី​អ្នក​ណា?

១៥, ១៦. (ក) ហេតុ​ដូច​ម្ដេច​បាន​ជា​អ្វី​ដែល​លោក​កាម៉ាលាល​បាន​ធ្វើ​នោះ មាន​ប្រសិទ្ធិភាព​តែ​បន្ដិច​បន្តួច​ដូច្នេះ? (ខ) តើ​ដោយ​ដូច​ម្ដេច​ដែល​បុគ្គល​ធំ​ដុំ​បី​នាក់​ទៀត​នោះ មាន​កំរិត​ក្នុង​អ្វី​ដែល​គេ​អាច​ធ្វើ​ដើម្បី​គាំទ្រ​ព្រះ​យេស៊ូ?

១៥ អ្វី​ដែល​លោក​កាម៉ាលាល​បាន​និយាយ​ដូច្នេះ គ្រាន់​តែ​ដៅ​បញ្ជាក់ហេតុ​ការណ៍​ពិត​ដែល​ថា កិច្ចការ​ដែល​ព្រះ​គាំទ្រ​នោះ គឺ​មិន​អាច​ទទួល​បរាជ័យ​បាន​ឡើយ។ ពួក​គ្រីស្ទាន​សម័យ​ដើម​ប្រាកដ​ជា​បាន​ទទួល​ប្រយោជន៍ ពី​ពាក្យ​សំដី​របស់​លោក​ជូន​ចំពោះ​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា ប៉ុន្តែ ពួក​គេ​មិន​បាន​ភ្លេច​ថា ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា អ្នក​កាន់​តាម​ទ្រង់​នឹង​ត្រូវ​គេ​បៀត​បៀន នោះ​ពិត​ដែរ។ អ្វី​ដែល​លោក​កាម៉ាលាល​បាន​ធ្វើ​នោះ បាន​បញ្ឈប់​គម្រោង​ការ​របស់​ពួក​មេ​ដឹក​នាំ​សាសនា ដែល​ចង់​កំទេច​គេ​ចោល តែ​នេះ​មិន​បាន​បំបាត់​ចោល​ការ​បៀត​បៀន​ទាំង​ស្រុង​នោះ​ទេ ដ្បិត​យើង​ដឹង​ថា៖ «ពួក​ក្រុម​ជំនុំ​ក៏​យល់​ព្រម​តាម​គំនិត​លោក រួច​កាល​បាន​ហៅ​ពួក​សាវក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាមឃាត់​មិន​ឲ្យ​និយាយ​ពី​ព្រះ​នាម​ព្រះ​យេស៊ូវ​ទៀត រួច​លែង​ឲ្យ​ទៅ»។—កិច្ច​ការ ៥:៤០

១៦ នៅ​ពេល​ដែល​គេ​កាត់​ក្ដី​ព្រះ​យេស៊ូ នោះ​លោក​ប៉ុនទាស​ពីឡាត់ មិន​អាច​រក​កំហុស​ឃើញ​ទេ ហើយ​បាន​ខំ​រក​វិធី​ដោះ​លែង​ព្រះ​យេស៊ូ​ចេញ​ទៅ។ ប៉ុន្តែ លោក​ឥត​បាន​ជោគ​ជ័យ​ទេ។ (យ៉ូហាន ១៨:៣៨, ៣៩; ១៩:៤, ៦, ១២​-​១៦) សូម្បី​តែ​សមាជិក​ពីរ​នាក់​ពី​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា ឈ្មោះ​នីកូដេម​និង​យ៉ូសែប​ពី​ស្រុក​អើរីម៉ាថេ ដែល​បាន​គាំទ្រ​ខាង​ព្រះ​យេស៊ូ​ដែរ គឺ​មាន​កំរិត​ខាង​អ្វី​ដែល​គេ​អាច​ធ្វើ ដើម្បី​បង្ការ​តុលាការ​នេះ​ពី​ការ​ប្រឆាំង​ព្រះ​យេស៊ូ​ដែរ។ (លូកា ២៣:៥០​-​៥២; យ៉ូហាន ៧:៤៥​-​៥២; ១៩:៣៨​-​៤០) កាល​ដែល​មនុស្ស​គាំទ្រ​ខាង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​មាន​បំណង​អ្វី​ក៏​ដោយ នោះ​ការ​ធូរ​ស្បើយ​ណា​ដែល​គេ​នាំ​ឲ្យ​មាន គឺ​មាន​កំរិត។ មនុស្ស​ក្នុង​លោកីយ៍​នេះ​នឹង​បន្ត​មាន​ចិត្ត​ស្អប់​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ ដូច​គេ​បាន​ស្អប់​ទ្រង់​ដែរ។ មាន​តែ​ព្រះ​យេហូវ៉ា​ទេ ដែល​អាច​ផ្ដល់​ឲ្យ​មាន​ការ​ធូរ​ស្បើយ​យ៉ាង​ពេញ​លេញ​នោះ។—កិច្ច​ការ ២:២៤

១៧. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​ដ៏​សម​ហេតុ​ផល​ណា? ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​អាក់​អន់​ចិត្ត​ក្នុង​ការ​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នោះ?

១៧ ដោយ​មាន​ទស្សនៈ​ដ៏​សម​ហេតុ​ផល ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដឹង​ថា​នឹង​មាន​ការ​បៀត​បៀន​ត​ទៅ​មុខ​ទៀត។ នៅ​ពេល​ដែល​របប​សាតាំង​បាន​ទទួល​បរាជ័យ​ផ្ដាច់​ព្រាត់ នោះ​ទើប​នឹង​លែង​មាន​ការ​ប្រឆាំង​ទៀត​ហើយ។ ក៏​ប៉ុន្តែ ការ​បៀត​បៀន​នេះ ទោះ​ជា​មិន​មែន​គាប់​ចិត្ត​ក៏​ដោយ ក៏​មិន​ដែល​បណ្ដាល​ឲ្យ​ស្មរបន្ទាល់​ឈប់​បំពេញ​នូវ​មុខ​ងារ​របស់​គេ ដែល​ជា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ។ គ្មាន​ហេតុ​ឲ្យ​គេ​ឈប់​បាន​ឡើយ ដ្បិត​ពួក​គេ​មាន​ព្រះ​គាំទ្រ។ ពួក​គេ​បែរ​ទៅ​រក​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​មេ​ដឹក​នាំ​ដ៏​ក្លាហាន​របស់​គេ ទុក​ជា​គំរូ​ដ៏​ត្រឹម​ត្រូវ​វិញ។—កិច្ច​ការ ៥:១៧​-​២១, ២៧​-​៣២

១៨. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​នៅ​មាន​ការ​ពិបាក​អ្វី​នៅ​ពេល​ខាង​មុខ? ប៉ុន្តែ តើ​ពួក​គេ​ជឿ​ស៊ប់​យ៉ាង​ណា​អំពី​លទ្ធផល​នោះ?

១៨ តាំង​ពី​ដើម​រៀង​មក នោះ​សាសនា​ពិត​បាន​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង។ បន្ដិច​ទៀត កុក​ដែល​ជា​សាតាំង​ក្នុង​សភាព​ដ៏​ថោក​ទាប​របស់​វា តាំង​ពី​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌​ចេញ នោះ​នឹង​ប្រឆាំង​វាយលុក​ពេញ​ទី​នឹង​សាសនា​ពិត។ ក៏​ប៉ុន្តែ សាសនា​ពិត​នឹង​នៅ​គង់​វង្ស។ (អេសេគាល ៣៨:១៤​-​១៦) រួច​មក ក្រោម​ការ​ដឹក​នាំ​របស់​សាតាំង នោះ«អស់​ទាំង​ស្តេច នៅ​ផែនដី​ទាំង​មូល» «នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពីព្រោះ​ទ្រង់​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច»។ (វិវរណៈ ១៦:១៤; ១៧:១៤) ត្រូវ​ហើយ ស្តេច​របស់​យើង​កំពុង​តែ​យាង​ទៅ​មុខ ដើម្បី​ទទួល​ជ័យ​ជំនះ​ផ្ដាច់​ព្រាត់ ហើយ​មិន​យូរ​ប៉ុន្មាន​ទៀត​នឹង«បាន​ឈ្នះ​ត​ទៅ»។ ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ជា​មួយ​ទ្រង់​ពិត​ជា​ឯកសិទ្ធិ​ដ៏​ល្អ​មែន ដោយ​ដឹង​ថា មិន​យូរ​ប៉ុន្មាន​ទៀត គ្មាន​អ្នក​ណា​នឹង​និយាយ​ប្រឆាំង​នឹង​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទៀត​ឡើយ ពេល​ដែល​គេ​និយាយ​ថា៖ «ព្រះ​កាន់​ខាង​យើង!»។—រ៉ូម ៨:៣១; ភីលីព ១:២៧, ២៨

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ក្រុម​ជំនុំ​គ្រីស្ទាន តាំង​ពី​កំណើត​នៃ​ព្រះ​រាជាណាចក្រ?

តើ​សាតាំង​បាន​ធ្វើ​អ្វី​ដើម្បី​ខំ​ប្រឹង​បញ្ឈប់​ព្រះ​គ្រីស្ទ​ពី​ការ​ឈ្នះ​ត​ទៅ ហើយ​មាន​លទ្ធផល​យ៉ាង​ណា?

តើ​យើង​គួរ​មាន​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​យ៉ាង​ណា អំពី​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ពី​ពួក​ដែល​មិន​មែន​ជា​ស្មរបន្ទាល់​នោះ?

បន្ដិច​ទៀត​នេះ តើ​សាតាំង​នឹង​ធ្វើ​អ្វី? ហើយ​តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៦]

មហា​សន្និបាត​នានា​ជា​ការ​សម្ដែង​នូវ​ដំណើរ​ទៅ​មុខ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា

[រូប​ភាព​នៅ​ទំព័រ​១៨]

អព្យាក្រឹតភាព​របស់​ពួក​ស្មរបន្ទាល់​ក្នុង​កំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ គឺ​នៅ​តែ​នាំ​ឲ្យ​មាន​ការ​សរសើរ​ថ្វាយ​ព្រះ​យេហូវ៉ា