លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការសិក្សាព្រះគម្ពីរមានប្រយោជន៍សំរាប់លោកអ្នកទេ?

តើការសិក្សាព្រះគម្ពីរមានប្រយោជន៍សំរាប់លោកអ្នកទេ?

តើ​ការ​សិក្សា​ព្រះ​គម្ពីរ​មាន​ប្រយោជន៍​សំរាប់​លោក​អ្នក​ទេ?

«កុំ​អាន! បើ​បព្វជិត​គ្មាន​វត្តមាន​ទេ»។ មាន​ការ​ព្រមាន​នេះ​នៅ​ទំព័រ​មុខ​ព្រះ​គម្ពីរ​ខ្លះ​របស់​អ្នក​កាន់​សាសនា​កាតូលិក។ លោក​ស្រី​ខេ មើឌី ពី​ស្ថាប័ន​ព្រះ​គម្ពីរ​ខាង​ពួក​កាតូលិក នៅ​ទី​ក្រុង​ឡូសានចេលីស មាន​ប្រសាសន៍​ថា៖ «ពី​ដំបូង​នោះ គេ​បាន​បិទ​បាំង​កុំ​ឲ្យ​យើង​ជា​អ្នក​កាន់​សាសនា​កាតូលិក​មើល​ព្រះ​គម្ពីរ។ តែ​ស្ថានការណ៍​នេះ​កំពុង​តែ​ប្រែ​ប្រួល​វិញ»។ គាត់​កត់​សម្គាល់​ថា នៅ​ពេល​ដែល​ពួក​កាតូលិក​ទទួល​ស្គាល់​ថា បទ​គម្ពីរ​បរិសុទ្ធ​អាច​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​ជីវិត​គេ នោះ«គេ​នឹង​បណ្ដុះ​បណ្ដាល​ឲ្យ​ខ្លួន​ចេះ​ឃ្លាន​និង​ស្រេក​ចង់​បាន​ព្រះ​គម្ពីរ»។

ស្តី​អំពី​ការ​ប្រែ​ប្រួល​នេះ ទស្សនាវដ្ដី​សាសនា​កាតូលិក ស.រ.អ​. ស្រង់​ពាក្យ​របស់​អ្នក​ចាត់​ចែង​ម្នាក់ ខាង​ការ​អប់រំ​ផ្នែក​សាសនា ដែល​បាន​និយាយ​ថា ពួក​កាតូលិក​ដែល​ចូល​រួម​កម្ម​វិធី​សិក្សា​ព្រះ​គម្ពីរ នោះ​មាន​អារម្មណ៍​ថា «ខ្លួន​ដែល​ជា​អ្នក​កាន់​សាសនា​កាតូលិក បាន​ខក​ខាន​ទទួល​ប្រយោជន៍​ហើយ ព្រោះ​ថា ព្រះ​គម្ពីរ​ជ្រៅ​ជ្រះ​ពេក។ គេ​ក៏​ចង់​ទទួល​របស់​វិសេស​វិសាល​ខ្លះ​នោះ ដែល​ជា​អ្វី​ដែល​គេ​គិត​ថា ខ្លួន​បាន​ខាន​ទទួល​ហើយ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តើ​និស្សិត​ព្រះ​គម្ពីរ​អាច​ស្វែង​រក​ភាព«ជ្រៅ​ជ្រះ»ណា​ខ្លះ? សូម​ពិចារណា​មើល: តើ​លោក​អ្នក​ចង់​ចេះ​ប្រឈម​ដោះ​ស្រាយ​នឹង​កង្វល់​នានា ដែល​ជា​អ្វី​ដ៏​ធម្មតា​ក្នុង​ជីវិត​យើង​ឬ​ទេ? តើ​ដោយ​របៀប​ណា​ដែល​អ្នក​អាច​រក្សា​ឲ្យ​មាន​សន្ដិសុខ​ក្នុង​ក្រុម​គ្រួសារ? ហេតុ​អ្វី​បាន​ជា​មនុស្ស​ច្រើន​ម្ល៉េះ មាន​មារយាទ​ដ៏​ទ្រ​គោះ និង​ប្រឆាំង​ទាស់​នឹង​សង្គម​មនុស្ស​ដូច្នេះ? តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ពួក​យុវវ័យ​សព្វ​ថ្ងៃ​នេះ ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​នឹង​គ្នា​ដូច្នេះ? គឺ​អាច​រក​ឃើញ​ចំ​លើយ​ដ៏​ទុក​ចិត្ត​បាន ចំពោះ​សំនួរ​ទាំង​នេះ និង​សំនួរ​ឯ​ទៀត​ដែល​ធ្វើ​ឲ្យ​ងឿង​ឆ្ងល់ ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ។ ចំ​លើយ​នោះ​ប្រាកដ​ជា​នឹង​ធ្វើ​ជា«របស់​ដ៏​វិសេស​វិសាល» មិន​គ្រាន់​តែ​ចំពោះ​ពួក​កាតូលិក ឬ​ពួក​ប្រូតេស្តង់​ប៉ុណ្ណោះ​ឡើយ តែ​ចំពោះ​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ ព្រហ្មញ្ញ​សាសនា សាសនា​អ៊ីស្លាម និង​ស៊ីនតូ ព្រម​ទាំង​ចំពោះ​ពួក​អ្នក​ដែល​បដិសេធ​ថា​គ្មាន​ព្រះ​ទេ និង​ពួក​អ្នក​ដែល​គិត​ថា គ្មាន​ព្រះ​អង្គ​ណា​មួយ​ដែល​យើង​អាច​ស្គាល់​នោះ​ឡើយ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​មាន​ប្រសាសន៍​ថា៖ ‹ព្រះ​បន្ទូល​នៃ​ព្រះ​ជា​ចង្កៀង​ដល់​ជើង​គាត់ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​គាត់​ផង›។ ព្រះ​គម្ពីរ​ក៏​មាន​ប្រសិទ្ធិភាព​ដូច្នេះ​សំរាប់​លោក​អ្នក​ផង​ដែរ។—ទំនុកដំកើង ១១៩:១០៥