លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកអាចរក្សាទស្សនៈដ៏ថ្លឹងថ្លែងអំពីរឿងលុយបានយ៉ាងណា?

តើអ្នកអាចរក្សាទស្សនៈដ៏ថ្លឹងថ្លែងអំពីរឿងលុយបានយ៉ាងណា?

តើ​អ្នក​អាច​រក្សា​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​អំពី​រឿង​លុយ​បាន​យ៉ាង​ណា?

ការ​ស្រឡាញ់​លុយ និង​សេចក្ដី​ប្រាថ្នា​ចង់​បាន​វត្ថុ​ទ្រព្យ​នានា មិន​មែន​ជា​អ្វី​ដ៏​ថ្មី​នោះ​ទេ។ ព្រះ​គម្ពីរ​ក៏​មិន​បាន​រៀប​រាប់​អំពី​សេចក្ដី​ទាំង​នេះ ហាក់​ដូច​ជា​អ្វី​ដ៏​ទាន់​សម័យ​នោះ​ទេ តែ​ជា​អ្វី​ដែល​ធ្លាប់​មាន​ជា​យូរ​យារ​ណាស់​មក​ហើយ។ តាម​ក្រិត្យ​វិន័យ​របស់​ព្រះ នោះ​ទ្រង់​បាន​បញ្ជា​ពួក​អ៊ីស្រាអែល​ថា៖ «កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ . . . ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ»។—និក្ខមនំ ២០:១៧

ការ​ស្រឡាញ់​លុយ​និង​វត្ថុ​ទ្រព្យ ជា​អ្វី​ដែល​ធម្មតា​នៅ​ជំនាន់​ព្រះ​យេស៊ូ​ដែរ។ សូម​ពិចារណា​មើល​សេចក្ដី​ចែង​ទុក​មួយ អំពី​ការ​ពិគ្រោះ​រវាង​ព្រះ​យេស៊ូ​និង​យុវបុរស​ម្នាក់​ដែល«មាន​សម្បត្ដិ​ទ្រព្យ​ច្រើន​ណាស់»។ «ព្រះ​យេស៊ូវ . . . មាន​បន្ទូល​ទៅ​គាត់​ថា៖ ‹អ្នក​នៅ​ខ្វះ​សេចក្ដី​១​ទៀត ដូច្នេះ ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រី​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្ដិ នៅ​លើ​ស្ថាន​សួគ៌​វិញ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ!›។ កាល​គាត់​បាន​ឮ​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្ដិ​ទ្រព្យ​ច្រើន​ណាស់»។—លូកា ១៨:១៨​-​២៣

ទស្សនៈ​ត្រឹម​ត្រូវ​អំពី​លុយ

បើ​សន្និដ្ឋាន​ថា ព្រះ​គម្ពីរ​ចាត់​ទុក​លុយ​ឬ​ការ​ប្រើ​លុយ ជា​អ្វី​ដ៏​អាក្រក់​នោះ គឺ​ខុស​ហើយ។ ព្រះ​គម្ពីរ​បង្ហាញ​ថា លុយ​អាច​ជួយ​ការ​ពារ​យើង​ឲ្យ​ទប់​ទល់​នឹង​ភាព​ក្រី​ក្រ និង​ស្ថានភាព​លំបាក​ដែល​ទាក់​ទង​នឹង​នោះ ទាំង​អាច​ឲ្យ​មនុស្ស​ទទួល​របស់​ដែល​ចាំ​បាច់​ទៀត​ផង។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា៖ «ប្រាជ្ញា​ជា​គ្រឿង​ការ​ពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការ​ពារ​ខ្លួន​ដែរ»។ និង​បាន​ចែង​ទៀត​ថា៖ «គេ​តែង​តែ​បរិភោគ ដើម្បី​លំហែ​កាយ រីឯ​ស្រា​រមែង​ធ្វើ​អោយ​ជីវិត​បាន​សប្បាយ ហើយ​ប្រាក់​ធ្វើ​បំណង​ទាំង​អស់​បាន​សំរេច»។—សាស្ដា ៧:១២; ១០:១៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ដែរ បើ​យើង​ប្រើ​លុយ​តាម​របៀប​ដ៏​សម​ត្រឹម​ត្រូវ​នោះ។ ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ប្រើ​ទ្រព្យ​សម្បត្ដិ​លោកីយ​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន»។ (លូកា ១៦:៩) នេះ​គឺ​រួម​បញ្ចូល​ការ​ធ្វើ​វិភាគទាន ដើម្បី​ជួយ​ចំរើន​ការ​ថ្វាយ​បង្គំ​ពិត​ចំពោះ​ព្រះ ដ្បិត​យើង​ប្រាកដ​ជា​គួរ​ចង់​បាន​ព្រះ​ជា​មិត្ត​សំឡាញ់​របស់​យើង។ សាឡូម៉ូន អង្គ​ទ្រង់​ផ្ទាល់​ក៏​បាន​ធ្វើ​តាម​គំរូ​របស់​ដាវីឌ​ដែល​ជា​បិតា​ទ្រង់ ដោយ​ធ្វើ​វិភាគទាន​លុយ​និង​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​អនេក ដើម្បី​សាង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា។ បទ​បញ្ជា​មួយ​ទៀត​ជូន​ចំពោះ​ពួក​គ្រីស្ទាន គឺ​តម្រូវ​ឲ្យ​ជួយ​អស់​អ្នក​ដែល​ខ្វះ​ខាត​ខាង​វត្ថុ​ទ្រព្យ។ សាវ័ក​ប៉ុល​បាន​និយាយ​ថា៖ «ខាង​សេចក្ដី​ខ្វះ​ខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់​ផ្គង់​ឲ្យ»ចុះ! គាត់​បាន​បន្ថែម​ទៀត​ថា៖ «ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​ចៅរ៉ៅ​ផង​ចុះ»។ (រ៉ូម ១២:១៣) ការ​ធ្វើ​ដូច្នេះ​ច្រើន​តែ​តម្រូវ​ឲ្យ​ចាយ​លុយ​ដែរ។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​ការ​ស្រឡាញ់​ប្រាក់​វិញ​នោះ?

‹ការ​ស្រឡាញ់​ប្រាក់›

ប៉ុល​បាន​ពិគ្រោះ​យ៉ាង​ហូរហែ​អំពី​ការ«ស្រឡាញ់​ប្រាក់» ឬ‹ការ​ស្រឡាញ់​លុយ› នៅ​ពេល​ដែល​គាត់​បាន​សរសេរ​ជូន​ចំពោះ​ប្អូន​ប្រុស​គ្រីស្ទាន​ម្នាក់ ឈ្មោះ​ធីម៉ូថេ។ យើង​អាច​រក​ឃើញ​ពាក្យ​ដាស់​តឿន​របស់​ប៉ុល​នៅ​សៀវភៅ​ធីម៉ូថេ​ទី​១ ៦:៦​-​១៩។ គាត់​បាន​មាន​ប្រសាសន៍​អំពី​ការ«ស្រឡាញ់​ប្រាក់» ជា​ផ្នែក​មួយ​នៃ​ការ​ពិគ្រោះ​ដ៏​ទូលំ​ទូលាយ​ជាង​របស់​គាត់ អំពី​វត្ថុ​ទ្រព្យ។ ពីព្រោះ​សង្គម​មនុស្ស​សព្វ​ថ្ងៃ​នេះ​លើក​ដំកើង​លុយ​ច្រើន​ពេក ដូច​នេះ យើង​គួរ​សិក្សា​ឲ្យ​បាន​ហ្មត់​ចត់​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​របស់​ប៉ុល ដែល​បាន​បណ្ដាល​មក​ដោយ​វិញ្ញាណ​របស់​ព្រះ។ ការ​ពិនិត្យ​មើល​បែប​នេះ ប្រាកដ​ជា​មាន​ប្រយោជន៍​មែន ដោយ​ព្រោះ​បាន​លាត​ត្រដាង​នូវ​គន្លឹះ​ដែល​អាច‹ចាប់​បាន​ជីវិត​ដ៏​រុង​រឿង›។

ប៉ុល​ព្រមាន​ថា៖ «ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង​លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។ (ធីម៉ូថេ​ទី​១ ៦:១០) ខ​នេះ​មិន​បាន​សេចក្ដី​ថា លុយ​ជា​អ្វី​ដ៏​អាក្រក់​សុទ្ធ​សាធ​នោះ​ទេ ក៏​គ្មាន​ខ​គម្ពីរ​ណា​ទៀតដែល​បញ្ជាក់​អ៊ីចឹង​ដែរ។ សាវ័ក​ប៉ុល​ក៏​មិន​ដែល​ថា លុយ​ជា​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន«សេចក្ដី​អាក្រក់» ឬ​ថា លុយ​ជា​អ្វី​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ទាំង​ឡាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ស្រឡាញ់​ប្រាក់​អាច​ធ្វើ​ជា​អ្វី​ដែល​បង្ក​ឲ្យ​មាន«សេចក្ដី​អាក្រក់»គ្រប់​បែប​យ៉ាង ថ្វី​បើ​មិន​មែន​ជា​ដើម​ហេតុ​តែ​ឯកឯង​នោះ​ក៏​ដោយ។

ចូរ​ប្រយ័ត្ន​នឹង​ចិត្ត​លោភ​លន់

ហេតុ​ការណ៍​ដែល​ថា លុយ​មិន​ត្រូវ​បាន​ចាត់​ទុក​ក្នុង​បទ​គម្ពីរ​ជា​របស់​អាក្រក់ តែ​ក៏​មិន​បង្អាក់​នឹង​ការ​ព្រមាន​ពី​ប៉ុល​ទេ។ ពួក​គ្រីស្ទាន​ដែល​ចាប់​ផ្ដើម​ស្រឡាញ់​ប្រាក់ នោះ​ងាយ​ប្រឈម​មុខ​នឹង​បញ្ហា​គ្រប់​បែប​យ៉ាង ដែល​មាន​ការ​រសាយ​ជំនឿ​ជា​បញ្ហា​មួយ​ដ៏​ធំ​ជាង​គេ។ ហេតុ​ការណ៍​ពិត​នេះ​បាន​ត្រូវ​បញ្ជាក់​ទៀត ដោយ​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​កូល៉ុស​គឺ​ថា៖ «ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា . . . ប៉ង​ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ»។ (កូល៉ុស ៣:៥) តើ​សេចក្ដី​លោភ​ចង់​បាន​របស់​គេ ឬ​ការ​លោភ​លន់ និង​ការ«ស្រឡាញ់​ប្រាក់» អាច​រាប់​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដោយ​ដូច​ម្ដេច? តើ​នេះ​មាន​ន័យ​ថា ការ​ចង់​បាន​ផ្ទះ​ធំ​ជាង ឡាន​ថ្មី​ជាង ឬ​ការងារ​ដែល​បាន​ប្រាក់​ខែ​ច្រើន​ជាង ជា​អ្វី​ដែល​ខុស​ឬ​ទេ? អត់​ទេ! របស់​ទាំង​នេះ​មិន​មែន​អាក្រក់​សុទ្ធ​សាធ​នោះ​ទេ។ សំនួរ​ដែល​គួរ​សួរ​គឺ​ថា តើ​អ្វី​ដែល​ជំរុញ​ចិត្ត​ឲ្យ​ចង់​បាន​របស់​ទាំង​នេះ? និង​តើ​អ្វី​ៗ​ទាំង​នេះ​ជា​របស់​ដែល​ពិត​ជា​ចាំ​បាច់​ឬ​ទេ?

គឺ​អាច​ប្រៀប​ធៀប​ភាព​ខុស​គ្នា​រវាង​ចិត្ត​ប្រាថ្នា​ធម្មតា និង​ចិត្ត​លោភ​លន់​ចង់​បាន ទៅ​នឹង​ភ្លើង​តិច​ៗ​ដើម្បី​ចំអិន​អាហារ និង​ភ្លើង​ដ៏​សន្ធោ​សន្ធៅ​ដែល​ឆេះ​ព្រៃ​អស់។ ចិត្ត​ប្រាថ្នា​ដ៏​ល្អ និង​សម​ត្រឹម​ត្រូវ អាច​មាន​ប្រយោជន៍​មែន។ ចិត្ត​ប្រាថ្នា​បែប​នេះ​ជំរុញ​យើង​ឲ្យ​ខំ​ធ្វើ​ការ​និង​បង្កើត​ផល​ដែរ។ សុភាសិត ១៦:២៦ ចែង​ថា៖ «ការ​ស្រេក​ឃ្លាន​របស់​អ្នក​ណា​ដែល​រក​ស៊ី នោះ​ខំ​ធ្វើ​សំរាប់​ខ្លួន​អ្នក​នោះ​ឯង ដ្បិត​មាត់​ខ្លួន​បង្ខំ​ឲ្យ​ធ្វើ​ទៅ»។ ប៉ុន្តែ ចិត្ត​លោភ​លន់​ចង់​បាន​នោះ មាន​គ្រោះ​ថ្នាក់ និង​បង្ខូច​បំផ្លាញ​ដែរ។ ចិត្ត​លោភ​លន់​ជា​ការ​ប្រាថ្នា​ដោយ​ឥត​ចេះ​ទប់​ចិត្ត។

ការ​ទប់​នូវ​ចិត្ត​ប្រាថ្នា​របស់​យើង ជា​អ្វី​ដែល​សំខាន់​បំផុត។ តើ​លុយ​ដែល​យើង​ប្រមូល​ទុក ឬ​វត្ថុ​ទ្រព្យ​ដែល​យើង​ចង់​បាន​នោះ បំរើ​តម្រូវ​ការ​របស់​យើង​ទេ? ឬ​ក៏ តើ​តម្រូវ​ការ​របស់​យើង​នឹង​នាំ​ឲ្យ​យើង​ទៅ​ជា​ខ្ញុំ​កញ្ជះ​របស់​លុយ​ទៅ​វិញ​ទេ? ហេតុ​នេះ​ហើយ​បាន​ជា​ប៉ុល​បាន​និយាយ​ថា ការ​ធ្វើ​ជា​មនុស្ស«លោភ គឺ​ជា​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ»។ (អេភេសូរ ៥:៥) ការ​លោភ​លន់​ចង់​បាន​អ្វី​មួយ តាម​ការ​ពិត​មាន​ន័យ​ថា យើង​ចុះ​ចូល​ចំពោះ​ចំណង់​នោះ គឺ​ថា​លើក​ចំណង់​នោះ​ជា​ម្ចាស់​លើ​យើង ឬ​ក៏​ព្រះ​របស់​យើង គឺ​ជា​អ្វី​ដែល​យើង​បំរើ​វិញ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទទូច​ដោយ​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ»។—និក្ខមនំ ២០:៣

បើ​យើង​មាន​ចិត្ត​លោភ​លន់ នោះ​បង្ហាញ​ថា យើង​មិន​ទុក​ចិត្ត​ចំពោះ​ព្រះ​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ដែល​ថា ទ្រង់​នឹង​ប្រទាន​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​នោះ​ទេ។ (ម៉ាថាយ ៦:៣៣) បើ​អ៊ីចឹង ការ​លោភ​លន់​ចង់​បាន​ជា​ការ​បែរ​ចេញ​ពី​ព្រះ​វិញ។ យ៉ាង​នេះ​ដែរ ការ​លោភ​លន់​ជា​ការ«ថ្វាយ​បង្គំ​រូប​ព្រះ»។ គឺ​គ្មាន​ការ​ងឿង​ឆ្ងល់​ទេ ពី​ហេតុ​ដែល​ប៉ុល​ព្រមាន​ឲ្យ​ប្រយ័ត្ន​នឹង​ការ​លោភ​លន់​ដូច​នេះ!

ព្រះ​យេស៊ូ​ក៏​បាន​ព្រមាន​យ៉ាង​ចំ​ៗ ឲ្យ​ប្រយ័ត្ន​នឹង​ចិត្ត​លោភ​លន់​ចង់​បាន។ ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​ប្រយ័ត្ន​កុំ​ចង់​បាន​អ្វី​ដែល​យើង​អត់​មាន​នោះ គឺ​ថា៖ «ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ»។ (លូកា ១២:១៥) យោង​ទៅ​តាម​ប្រយោគ​នេះ និង​រឿង​ប្រៀប​ប្រដូច​ដែល​ទ្រង់​បាន​រៀប​រាប់​ក្រោយ​មក​ទៀត​នោះ ចិត្ត​លោភ​លន់​ចង់​បាន​តែង​មាន​មូលដ្ឋាន​ទៅ​លើ​ជំនឿ​ល្ងី​ល្ងើ​ដែល​ថា អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត គឺ​ជា​ទ្រព្យ​សម្បត្ដិ​ស្តុកស្តម្ភ​ដែល​មនុស្ស​ម្នាក់​មាន​នោះ។ របស់​ស្តុកស្តម្ភ​នោះ​ប្រហែល​ជា​លុយ ឋានៈ អំណាច ឬ​របស់​ផ្សេង​ៗ​ទៀត​ដែល​ទាក់​ទង​អ្វី​ៗ​ទាំង​នេះ។ មនុស្ស​អាច​លោភ​លន់​ចង់​បាន​អ្វី​ៗ​ក៏​ដោយ​ដែល​អាច​ទទួល​បាន។ គឺ​មាន​គំនិត​គិត​ថា ការ​ទទួល​បាន​អ្វី​មួយ​នោះ នឹង​ឲ្យ​យើង​ស្កប់​ស្កល់​ចិត្ត។ ប៉ុន្តែ សម​ស្រប​ទៅ​តាម​ព្រះ​គម្ពីរ និង​បទ​ពិសោធន៍​របស់​មនុស្ស​បង្ហាញ​ថា គឺ​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទេ ដែល​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ពិត​របស់​យើង ដូច​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​វែក​ញែក​ជា​មួយ​នឹង​អ្នក​កាន់​តាម​ទ្រង់​ដែរ។—លូកា ១២:២២​-​៣១

សង្គម​មនុស្ស​សព្វ​ថ្ងៃ​នេះ ដែល​មាន​ទំនោរ​ចិត្ត​ចង់​តែ​រក​ស៊ី​នោះ គឺ​ពូកែ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​លោភ​លន់​ចង់​បាន​ណាស់។ មនុស្ស​ជា​ច្រើន​ជឿ​ថា អ្វី​ៗ​ក៏​ដោយ​ដែល​គេ​មាន​នោះ គឺ​មិន​គ្រប់​គ្រាន់​ទេ ដោយ​ព្រោះ​លោកីយ៍​ពិត​ជា​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ដែល​មិន​អាច​មើល​ឃើញ​ទេ។ គេ​ត្រូវ​ការ​របស់​ច្រើន​ជាង ទាំង​ធំ​ជាង និង​ល្អ​ជាង​ផង​ដែរ។ ថ្វី​បើ​យើង​មិន​អាច​សង្ឃឹម​នឹង​កែ​ប្រែ​លោកីយ៍​ដែល​នៅ​ជុំ​វិញ​យើង​នេះ​បាន​ទេ តើ​ដោយ​របៀប​ណា​ដែល​យើង​ផ្ទាល់​អាច​ទប់​ទល់​នឹង​ទំនោរ​ចិត្ត​បែប​នេះ?

ចិត្ត​ស្កប់​ស្កល់​ប្រឆាំង​នឹង​ចិត្ត​លោភ​លន់

ប៉ុល​បាន​បញ្ជាក់​អំពី​អ្វី​ដែល​អាច​ផ្លាស់​ជំនួស​ចិត្ត​លោភ​លន់ គឺ​ចិត្ត​ស្កប់​ស្កល់។ គាត់​មាន​ប្រសាសន៍​ថា៖ «តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ»។ (ធីម៉ូថេ​ទី​១ ៦:៨) ការ​ពិពណ៌នា​នេះ​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​នោះ គឺ«អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់» ប្រហែល​ជា​មើល​ទៅ​ដូច​ជា​សាមញ្ញ​ពេក ឬ​ក៏​ជា​ការ​ឆោត​ល្ងង់​ទៅ​វិញ។ មនុស្ស​ជា​ច្រើន​អង្គុយមើល​កំសាន្ត​នូវ​កម្ម​វិធី​ទូរទស្សន៍ ដែល​នាំ​ឲ្យ​ទស្សនិកជន​មើល​តារា​ភាពយន្ត​ដែល​មាន​ផ្ទះ​ធំ​ប្រណីត​ដ៏​ហ៊ឺហា។ ការ​ធ្វើ​ដូច្នេះ​មិន​នាំ​ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់​ឡើយ។

តែ​អ្នក​បំរើ​ព្រះ ប្រាកដ​ជា​មិន​ត្រូវ​រស់​នៅ​ដោយ​ធ្វើ​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​ទាល់​ក្រ​នោះ​ឡើយ។ (សុភាសិត ៣០:៨, ៩) ក៏​ប៉ុន្តែ ប៉ុល​បាន​រំឭក​ឲ្យ​យើង​ចាំ​ថា ភាព​ក្រី​ក្រ​ពិត​ជា​អ្វី​ទៅ: គឺ​ការ​ខ្វះ​ម្ហូបម្ហា ខ្វះ​សំលៀក​បំពាក់ និង​ខ្វះ​ទី​ជម្រក​ល្មម​នឹង​រស់​នៅ​នា​តំបន់​ខ្លួន។ ផ្ទុយ​ទៅ​វិញ បើ​យើង​មាន​របស់​ទាំង​នេះ យើង​ក៏​មាន​មូលហេតុ​ស្កប់​ស្កល់​ចិត្ត​ដែរ។

តើ​ប៉ុល​មាន​ចិត្ត​ស្មោះ​ពិត​ប្រាកដ​ឬ​ទេ ក្នុង​ការ​ពណ៌នា​អំពី​ចិត្ត​ស្កប់​ស្កល់​បែប​នេះ? តើ​ពិត​ជា​អាច​ធ្វើ​ទៅ​បាន​ទេ គ្រាន់​តែ​ឲ្យ​មនុស្ស​ស្កប់​ស្កល់​ចិត្ត​តែ​នឹង​របស់​ចាំ​បាច់​ប៉ុណ្ណោះ គឺ​ម្ហូប សំលៀក​បំពាក់ និង​ទី​ជម្រក​នោះ? ប៉ុល​គួរ​តែ​ដឹង​អំពី​រឿង​នេះ​ហើយ។ គាត់​បាន​ពិសោធ​ផ្ទាល់​ខ្លួន​នូវ​ភោគ​ទ្រព្យ និង​ឯកសិទ្ធិ​ផ្សេង​ៗ​ដែល​មក​ដោយ​ព្រោះ​មាន​ឋានៈ​ខ្ពស់​ក្នុង​សហគមន៍​សាសន៍​យូដា និង​ដោយ​មាន​សញ្ជាតិ​រ៉ូម​ផង​ដែរ។ (កិច្ច​ការ ២២:២៨; ២៣:៦; ភីលីព ៣:៥) ប៉ុល​ក៏​បាន​រង​ទុក្ខ​លំបាក​ណាស់ ពេល​ដែល​សម្រេច​ការ​ជា​សាសនទូត។ (កូរិនថូស​ទី​២ ១១:២៣​-​២៨) ដោយ​បាន​ឆ្លង​កាត់​ទាំង​អស់​នោះ គាត់​បាន​រៀន​អ្វី​ដែល​អាច​ជួយ​គាត់​រក្សា​ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់។ តើ​ជា​អ្វី​ទៅ?

«ខ្ញុំ​បាន​អប់រំ​ចិត្ត»

ប៉ុល​បាន​ពន្យល់​ក្នុង​សំបុត្រ​មួយ​របស់​គាត់​ថា៖ «ទោះ​បី​ទ័ល​ក្រ​ក្ដី មាន​បរិបូណ៌​ក្ដី ខ្ញុំ​ក៏​ចេះ​រស់​ដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈទេសៈ និង គ្រប់​ទី​កន្លែង គឺ​ថា ទោះ​បី​បរិភោគ​ឆ្អែត​ក្ដី អត់​ឃ្លាន​ក្ដី មាន​បរិបូណ៌​ក្ដី ឬ ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជា​និច្ច»។ (ភីលីព ៤:១២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) គឺ​មើល​ទៅ​ដូច​ជា​ប៉ុល​មាន​ទំនុក​ចិត្ត​ជា​ខ្លាំង ឬ​ប្រកប​ទៅ​ដោយ​សុទិដ្ឋិនិយម​ផង! យើង​ងាយ​គិត​ស្មានថា ជីវិត​របស់​គាត់​ស្រណុក​ស្រួល​ណាស់ នៅ​ពេល​ដែល​គាត់​បាន​សរសេរ​ពាក្យ​ទាំង​នោះ។ តែ​មិន​មែន​អ៊ីចឹង​ទេ។ គាត់​កំពុង​តែ​ជាប់​គុក​នៅ​ទី​ក្រុង​រ៉ូម!—ភីលីព ១:១២​-​១៤

ដោយ​ទទួល​ស្គាល់​ហេតុ​ការណ៍​ទាំង​នេះ យើង​ឃើញ​ថា សេចក្ដី​ទាំង​ប៉ុន្មាន​នោះ​បញ្ជាក់​យ៉ាង​ខ្លាំង​អំពី​ការ​ស្កប់​ស្កល់​ចិត្ត មិន​ត្រឹម​តែ​នឹង​វត្ថុ​ទ្រព្យ​ប៉ុណ្ណោះ តែ​ចំពោះ​កាលៈទេសៈ​ផង​ដែរ។ ការ​មាន​ភោគ​ទ្រព្យ​ច្រើន​ពេក ឬ​មាន​ការ​ពិបាក​ហួស​ហេតុ​នោះ អាច​ល្បង​មើល​នូវ​អាទិភាព​របស់​យើង​បាន។ ប៉ុល​បាន​និយាយ​អំពី​អ្វី​ៗ​ខាង​វិញ្ញាណ​ដែល​បាន​ជួយ​ឲ្យ​គាត់​ស្កប់​ស្កល់​ចិត្ត ទោះ​ជា​មាន​វត្ថុ​ទ្រព្យ​ប៉ុណ្ណា​ក៏​ដោយ​គឺ​ថា៖ «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ​សារ​ព្រះ[អង្គ]ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។ (ភីលីព ៤:១៣) ជា​ជាង​ពឹង​ពាក់​លើ​វត្ថុ​ទ្រព្យ​របស់​គាត់ មិន​ថា​ច្រើន​ឬ​តិច​ក្ដី ឬ​ក៏​កាលៈទេសៈ​របស់​គាត់ ថ្វី​បើ​ល្អ​ឬ​អាក្រក់​ក៏​ដោយ ប៉ុល​បាន​អាង​ព្រះ​ឲ្យ​បំពេញ​តម្រូវ​ការ​របស់​គាត់​វិញ។ ជា​លទ្ធផល​នោះ គឺ​មាន​ការ​ស្កប់​ស្កល់​ចិត្ត។

គំរូ​របស់​ប៉ុល​គឺ​សំខាន់​ណាស់​ចំពោះ​ធីម៉ូថេ។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​យុវបុរស​ម្នាក់​នេះ ឲ្យ​តាម​រក​របៀប​រស់​នៅ​ដែល​រក្សា​ទុក​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ និង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ ឲ្យ​សំខាន់​ជាង​ភោគ​ទ្រព្យ​ទៅ​ទៀត។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «តែ​ឱ​អ្នក​សំណប់​នៃ​ព្រះ​អើយ! ចូរ​ឲ្យ​អ្នក​រត់​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នោះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​សំឡូត​វិញ»។ (ធីម៉ូថេ​ទី​១ ៦:១១) ពាក្យ​ទាំង​នោះ​ប្រហែល​ជា​ត្រូវ​ជូន​ចំពោះ​ធីម៉ូថេ តែ​អាច​ទាក់​ទង​នរណា​ម្នាក់​ដែល​ចង់​លើក​កិត្ដិយស​ថ្វាយ​ព្រះ និង​ចង់​បាន​ជីវិត​ដែល​មាន​សុភមង្គល​ដ៏​ពិត​ដែរ។

ធីម៉ូថេ​ត្រូវ​ប្រយ័ត្ន​នឹង​ចិត្ត​លោភ​លន់ ដូច​ជន​គ្រីស្ទាន​ឯ​ទៀត​ដែរ។ ពេល​ដែល​ប៉ុល​បាន​សរសេរ​ជូន​ចំពោះ​ធីម៉ូថេ​នៅ​ទី​ក្រុង​អេភេសូរ តាម​មើល​ទៅ គឺ​មាន​អ្នក​ជឿ​គ្នី​គ្នា​ដែល​ជា​អ្នក​មាន​ក្នុង​ក្រុម​ជំនុំ​នោះ​ដែរ។ (ធីម៉ូថេ​ទី​១ ១:៣) ប៉ុល​បាន​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​មាន​ការ​រីក​ចំរើន ទាំង​នាំ​ឲ្យ​គេ​ស្គាល់​ដំណឹង​ល្អ​អំពី​ព្រះ​គ្រីស្ទ ហើយ​បាន​អ្នក​ជឿ​ថ្មី​ជា​ច្រើន​នាក់​ដែរ។ មនុស្ស​មួយ​ចំនួន​នោះ​ប្រាកដ​ជា​អ្នក​មាន ដូច​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ដែរ។

ដូច្នេះ​ហើយ អ្វី​ដែល​យើង​គួរ​សួរ ដែល​ជា​ពិសេស​ទាក់​ទង​ការ​បង្រៀន​នៅ​ឯ​ធីម៉ូថេ​ទី​១ ៦:៦​-​១០ គឺ​ថា បើ​អ្នក​មាន​ម្នាក់​ចង់​លើក​កិត្ដិយស​ថ្វាយ​ព្រះ តើ​គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា? ប៉ុល​មាន​ប្រសាសន៍​ថា គេ​ត្រូវ​ចាប់​ផ្ដើម​ដោយ​ពិនិត្យ​មើល​អាកប្បកិរិយា​របស់​គេ​សិន។ លុយ​ច្រើន​តែ​បង្កើត​ឲ្យ​មាន​អារម្មណ៍​ថា ខ្លួន​មិន​ពឹង​ពាក់​អ្នក​ឯ​ទៀត​ទេ។ ប៉ុល​និយាយ​ថា៖ «ចូរ​ហាមប្រាម ដល់​ពួក​អ្នក​មាន នៅ​លោកីយ​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្ដិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ»។ (ធីម៉ូថេ​ទី​១ ៦:១៧) អ្នក​មាន​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​គិត​ហួស​ពី​លុយ​របស់​គេ។ គេ​ត្រូវ​តែ​រក​ពឹង​ពាក់​ព្រះ​វិញ ដែល​ជា​ដើម​ហេតុ​នៃ​ទ្រព្យ​សម្បត្ដិ​ណា​មួយ​នោះ។

ក៏​ប៉ុន្តែ អាកប្បកិរិយា​គ្រាន់​តែ​ជា​រឿង​ពាក់​កណ្ដាល​ទេ ដើម្បី​ឲ្យ​បាន​ជោគ​ជ័យ។ មិន​យូរ​មិន​ឆាប់ ពួក​គ្រីស្ទាន​ដែល​ជា​អ្នក​មាន​នោះ ត្រូវ​តែ​រៀន​ប្រើ​ភោគ​ទ្រព្យ​របស់​គេ តាម​របៀប​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា។ ប៉ុល​ទូន្មាន​ថា៖ «ចូរ . . . ធ្វើ​គុណ នឹង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង»។—ធីម៉ូថេ​ទី​១ ៦:១៨

‹ជីវិត​ដ៏​រុង​រឿង›

គោល​ចំបង​នៃ​ឱវាទ​ពី​ប៉ុល​នោះ គឺ​ឲ្យ​យើង​រំឭក​ខ្លួន​អំពី​កំរិត​នៃ​តម្លៃ​របស់​វត្ថុ​ទ្រព្យ។ ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា៖ «ឯ​មនុស្ស​អ្នក​មាន​វិញ ទ្រព្យ​សម្បត្ដិ​របស់​គេ​ជា​ទី​ក្រុង​មាំ​មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ»។ (សុភាសិត ១៨:១១) មែន​ហើយ ភាព​សុខ​សាន្ត​ដែល​វត្ថុ​ទ្រព្យ​អាច​ផ្ដល់​ឲ្យ​នោះ នៅ​ទី​បំផុត​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ និង​ជា​គ្រឿង​បញ្ឆោត​ភ្នែក​ប៉ុណ្ណោះ​ទេ។ ការ​លើក​វត្ថុ​ទ្រព្យ​ជា​គោល​សំខាន់​នៃ​ជីវិត​យើង ជា​ជាង​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​វិញ នោះ​ជា​ការ​ដ៏​ខុស​ឆ្គង​មែន។

ដោយ​ព្រោះ​វត្ថុ​ទ្រព្យ​ជា​អ្វី​ដែល​មិន​ទៀង​ទាត់ នោះ​ជា​មូលដ្ឋាន​ដ៏​ខ្សោយ​ដែល​មិន​មាំ​ទេ សំរាប់​សេចក្ដី​សង្ឃឹម​របស់​យើង។ សេចក្ដី​សង្ឃឹម​ដ៏​ពិត ត្រូវ​តែ​មាន​ទី​ពំនាក់​ដ៏​មាំ​មួន ដែល​មាន​ន័យ និង​ស្ថិត​ស្ថេរ​ជា​ដរាប​វិញ។ សេចក្ដី​សង្ឃឹម​របស់​ពួក​គ្រីស្ទាន គឺ​ពឹង​ទៅ​លើ​អ្នក​បង្កើត​របស់​យើង គឺ​ព្រះ​យេហូវ៉ា និង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់​អំពី​ជីវិត​ជា​រៀង​រហូត។ លុយ​ប្រាកដ​ជា​មិន​អាច​ទិញ​ឲ្យ​មាន​សុភមង្គល​បាន​ឡើយ ក៏​រឹត​តែ​មិន​អាច​ទិញ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​ដែរ។ មាន​តែ​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​ទេ ដែល​អាច​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​បែប​នោះ។

ដូច្នេះ មិន​ថា​យើង​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក៏​ដោយ ចូរ​ឲ្យ​យើង​ស្វែង​រក​ផ្លូវ​ជីវិត​បែប​ណា​ដែល​នឹង​ឲ្យ​យើង​ទៅ​ជា​អ្នក«មាន​ខាង​ឯ​ព្រះ»។ (លូកា ១២:២១) គឺ​គ្មាន​អ្វី​សោះ ដែល​វិសេស​ជាង​ជំហរ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​អាទិទេព។ ការ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ​ដើម្បី​រក្សា​ជំហរ​បែប​នោះ នឹង​ជួយ​យើង‹ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​យើង​ចាប់​បាន​ជីវិត​ដ៏​រុង​រឿង›។—ធីម៉ូថេ​ទី​១ ៦:១៩

[រូប​ភាព​នៅ​ទំព័រ​៧]

ប៉ុល​បាន​អប់រំ​ចិត្ត​ឲ្យ​ចេះ​ស្កប់​ស្កល់

[រូប​ភាព​នៅ​ទំព័រ​៨]

យើង​អាច​មាន​សុភមង្គល​និង​ចិត្ត​ស្កប់​ស្កល់ ដោយ​សារ​អ្វី​ៗ​ដែល​យើង​មាន​ហើយ