លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?»

«បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?»

«បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?»

«ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្ដេច? បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?»។—រ៉ូម ៨:៣១

១. តើ​អ្នក​ណា​ខ្លះ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ជា​មួយ​សាសន៍​អ៊ីស្រាអែល? ហើយ​តើ​អ្វី​បាន​នាំ​ឲ្យ​គេ​ធ្វើ​ដូច្នោះ?

 នៅ​ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​ឈាន​ទៅ​រក​សេរី​ភាព​ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេស៊ីប ក្រោយ​ពី​បាន​ចំណាយ​ពេល​២១៥​ឆ្នាំ​នៅ​ទី​នោះ អស់​ជា​ច្រើន​ឆ្នាំ​ធ្វើ​ជា​ទាសករ នោះ​មាន«មនុស្ស​សន្ធឹក​គ្រប់​បែប​ឡើង​ទៅ​ជា​មួយ​ដែរ»។ (និក្ខមនំ ១២:៣៨) មនុស្ស​ទាំង​នោះ​ដែល​មិន​មែន​ជា​សាសន៍​អ៊ីស្រាអែល​ទេ បាន​ពិសោធ​មើល​សេចក្ដី​វេទនា​ដប់​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង ដែល​បាន​ធ្វើ​ឲ្យ​ខ្ទេច​ខ្ទី​ដល់​ស្រុក​អេស៊ីប និង​បាន​ធ្វើ​ឲ្យ​ព្រះ​មិន​ពិត​របស់​គេ​ទៅ​ជា​អ្វី​ដែល​គួរ​នឹង​សើច​ចំអក។ ទន្ទឹម​នឹង​នោះ ជា​ពិសេស​ក្នុង​កំឡុង​ពេល​ដែល​មាន​សេចក្ដី​វេទនា​ទី​៤​នោះ មនុស្ស​ទាំង​នោះ​បាន​ឃើញ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ការ​ពារ​រាស្ត្រ​របស់​ទ្រង់។ (និក្ខមនំ ៨:២៣, ២៤) ទោះ​បី​សាសន៍​ផ្សេង​នោះ​មិន​សូវ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ ពួក​គេ​បាន​ដឹង​ប្រាកដ​ថា៖ ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីប​គ្មាន​សមត្ថភាព​ការ​ពារ​ជន​ជាតិ​អេស៊ីប​នោះ​ឡើយ។ រីឯ​ព្រះ​យេហូវ៉ា​វិញ ទ្រង់​បាន​បង្ហាញ​មហិទ្ធិឫទ្ធិ​របស់​ទ្រង់​ដើម្បី​ការ​ពារ​ពួក​អ៊ីស្រាអែល។

២. ហេតុ​អ្វី​បាន​ជា​រ៉ាហាប​បាន​គាំទ្រ​ចារ​បុរស​សាសន៍​អ៊ីស្រាអែល​នោះ? ហើយ​ហេតុ​អ្វី​បាន​ជា​នាង​មិន​បាន​ខក​បំណង​ដោយ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា?

សែសិប​ឆ្នាំ​ក្រោយ​មក តែ​បន្ដិច​មុន​នឹង​ពួក​អ៊ីស្រាអែល​បាន​ចូល​ទៅ​ក្នុង​ស្រុក​សន្យា នោះ​លោក​យ៉ូស្វេ ដែល​ជា​អ្នក​ស្នង​ការ​ដឹក​នាំ​បន្ទាប់​ពី​ម៉ូសេ បាន​ចាត់​ឲ្យ​ចារ​បុរស​ពីរ​នាក់​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​សិន។ នៅ​ទី​នោះ​គេ​បាន​ជួប​ស្ត្រី​ម្នាក់​ឈ្មោះ​រ៉ាហាប ដែល​ជា​អ្នក​ស្នាក់​នៅ​ទី​ក្រុង​យេរីខូរ។ អាស្រ័យ​នឹង​អ្វី​ដែល​នាង​បាន​ឮ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ដើម្បី​ការ​ពារ​ពួក​អ៊ីស្រាអែល អស់​៤០​ឆ្នាំ​តាំង​ពី​គេ​បាន​ចេញ​ពី​ស្រុក​អេស៊ីប​មក នោះ​រ៉ាហាប​ដឹង​ថា ខ្លួន​ត្រូវ​តែ​គាំទ្រ​ខាង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា បើ​សិន​ជា​ចង់​ទទួល​ពរ​ពី​ទ្រង់។ ដោយ​ព្រោះ​រ៉ាហាប​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា​នោះ នាង​និង​ក្រុម​គ្រួសារ​របស់​នាង​បាន​រួច​រស់​ជីវិត​ផុត​ពី​ស្លាប់ ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​ចូល​វាយ​យក​ទី​ក្រុង​នោះ។ របៀប​ដែល​គេ​បាន​ត្រូវ​សង្គ្រោះ​ដោយ​អព្ភូតហេតុ​នោះ ក៏​ជា​ភស្តុ​តាង​ជាក់​ច្បាស់​ណាស់​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​គេ។ ដូច្នេះ នាង​រ៉ាហាប​មិន​បាន​ខក​បំណង​ដោយ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ទេ។—យ៉ូស្វេ ២:១, ៩​-​១៣; ៦:១៥​-​១៧, ២៥

៣. (ក) តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​អ្វី​នៅ​ជិត​ទី​ក្រុង​យេរីខូរ​ដែល​បាន​ត្រូវ​សាង​សង់​ឡើង​វិញ​នោះ? ហើយ​តើ​បព្វជិត​សាសនា​យូដា​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា? (ខ) តើ​ពួក​ជនជាតិ​យូដា​ខ្លះ​ៗ និង​បន្ទាប់​មក មនុស្ស​ជា​ច្រើន​នាក់​ដែល​មិន​មែន​ជា​ជនជាតិ​យូដា​នោះ បាន​កត់​សម្គាល់​អ្វី?

ដប់​ប្រាំ​សតវត្ស​ក្រោយ​មក ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ប្រោស​អ្នក​សុំ​ទាន​ម្នាក់​ដែល​ងងឹត​ភ្នែក​ឲ្យ​មើល​ឃើញ​វិញ នៅ​ជិត​ទី​ក្រុង​យេរីខូរ​ដែល​បាន​ត្រូវ​សាង​សង់​ឡើង​វិញ​នោះ។ (ម៉ាកុស ១០:៤៦​-​៥២; លូកា ១៨:៣៥​-​៤៣) ដោយ​អង្វរ​ព្រះ​យេស៊ូ​សុំ​ឲ្យ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​គាត់​នោះ បុរស​នេះ​បាន​បង្ហាញ​ថា​គាត់​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូ​មាន​ព្រះ​គាំទ្រ​ទ្រង់។ ម្យ៉ាង​វិញ​ទៀត បើ​និយាយ​ជា​ទូទៅ​នោះ អ្នក​ដឹក​នាំ​សាសន៍​យូដា​និង​អ្នក​ដែល​កាន់​តាម​ពួក​គេ បាន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​នូវ​អព្ភូតហេតុ​ដែល​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត ជា​សក្ខី​ភាព​ដែល​បញ្ជាក់​ថា ទ្រង់​កំពុង​តែ​បំពេញ​កិច្ចការ​ដែល​ព្រះ​ចាត់​ឲ្យ​ធ្វើ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​រក​រឿង​នឹង​ទ្រង់។ (ម៉ាកុស ២:១៥, ១៦; ៣:១​-​៦; លូកា ៧:៣១​-​៣៥) សូម្បី​តែ​ពេល​គេ​ត្រូវ​ប្រឈម​នឹង​ហេតុ​ការណ៍​ដែល​ថា ព្រះ​យេស៊ូ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ បន្ទាប់​ពី​គេ​បាន​ធ្វើ​គុត​ទ្រង់ នោះ​គេ​នៅ​តែ​មិន​ព្រម​សារភាព​ថា ជា​ការ​ដែល​ព្រះ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​នាំ​មុខ​បៀត​បៀន​អ្នក​ដែល​ដើរ​តាម​ព្រះ​យេស៊ូ ទាំង​ខិត​ខំ​បង្អាក់​កិច្ច​ការ​របស់​គេ ក្នុង​ការ«ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​អម្ចាស់​យេស៊ូវ»។ យ៉ាង​ណា​ក៏​ដោយ សាសន៍​យូដា​ខ្លះ​ៗ និង​បន្ទាប់​មក មនុស្ស​ច្រើន​នាក់​ដែល​មិន​មែន​ជា​សាសន៍​យូដា​ទេ បាន​កត់​សម្គាល់​នូវ​ព្រឹត្ដិការណ៍​ទាំង​នោះ ហើយ​បាន​ប្រមាណ​មើល​ការ​នោះ​យ៉ាង​ត្រឹម​ត្រូវ។ គេ​បាន​យល់​ច្បាស់​ថា ព្រះ​បាន​បដិសេធ​ចោល​អ្នក​ដឹក​នាំ​សាសនា​យូដា​ដែល​ប្រកាន់​ថា​ខ្លួន​សុចរិត​នោះ និង​ទ្រង់​កំពុង​តែ​គាំទ្រ​ខាង​អ្នក​ដើរ​តាម​ព្រះ​យេស៊ូ​គ្រីស្ទ​ដ៏​រាប​ទាប។—កិច្ច​ការ ១១:១៩​-​២១

សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ដែល​មាន​ព្រះ​គាំទ្រ​គេ​នោះ?

៤, ៥. (ក) តើ​មនុស្ស​ខ្លះ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​ជ្រើស​រើស​សាសនា​មួយ? (ខ) ពេល​សម្គាល់​សាសនា​ពិត តើ​សំនួរ​ណា​គឺ​មាន​ជា​ចំបង?

នៅ​ពេល​ដែល​គេ​បាន​សម្ភាសន៍​បព្វជិត​ម្នាក់​តាម​ទូរទស្សន៍ គាត់​បាន​និយាយ​អំពី​សាសនា​ពិត​ថា៖ «ខ្ញុំ​នឹង​អះអាង​ថា សាសនា​មួយ​គឺ​ជា​សេចក្ដី​ពិត បើ​សិន​ជា​សាសនា​នោះ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៅ​ជា​បុគ្គល​ដ៏​ល្អ​ជាង ដោយ​សារ​គេ​គោរព​តាម​សាសនា​នោះ»។ ពិត​ហើយ សាសនា​ពិត​ច្បាស់​ជា​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​បុគ្គល​ដ៏​ល្អ​ជាង​មែន​ហើយ។ ក៏​ប៉ុន្តែ តើ​ហេតុ​ការណ៍​ដែល​ថា សាសនា​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ជា​មនុស្ស​ដ៏​ល្អ​ជាង ពិត​ជា​បញ្ជាក់​ថា​សាសនា​នោះ​ឯង​មាន​ព្រះ​គាំទ្រ​ឬ​ទេ? តាម​យោបល់​របស់​លោក​គូស្នឺ​នោះ តើ​នេះ​ជា​លក្ខណៈ​វិនិច្ឆ័យ​តែ​មួយ​គត់​ដែល​បញ្ជាក់​ថា សាសនា​មួយ​គឺ​ជា​សាសនា​ពិត​ឬ?

មនុស្ស​ទាំង​អស់​ចូល​ចិត្ត​ធ្វើ​ការ​សម្រេច​ផ្ទាល់​ខ្លួន រួម​ទាំង​ការ​សម្រេច​ថា ខ្លួន​នឹង​កាន់​តាម​សាសនា​មួយ​ណា។ ក៏​ប៉ុន្តែ ដោយ​មាន​សេរី​ភាព​ធ្វើ​ការ​ជ្រើស​រើស​នោះ មិន​មាន​ន័យ​ថា មនុស្ស​ម្នាក់​នឹង​ធ្វើ​ការ​សម្រេច​ត្រឹម​ត្រូវ​ទេ។ ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​ជ្រើស​រើស​សាសនា ដោយ​មើល​ផ្អែក​ទៅ​លើ​ចំនួន​សមាជិក ភាព​ស្តុកស្តម្ភ ភាព​អ​ធឹ​ក​អធម​នៃ​ពិធី​របស់​គេ ឬ​ក៏​ទំនាក់​ទំនង​នឹង​ក្រុម​គ្រួសារ។ កត្ដា​ទាំង​នេះ​មិន​អាច​បញ្ជាក់​ថា សាសនា​មួយ​គឺ​ពិត​ឬ​ក៏​មិន​ពិត​បាន​ទេ។ សំនួរ​ដ៏​ចំបង​គឺ​ថា៖ តើ​សាសនា​មួយ​ណា​ដែល​ជំរុញ​ឲ្យ​អ្នក​កាន់​តាម​នោះ ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ និង​ថែម​ទាំង​ផ្ដល់​ភស្តុ​តាង​មាំ​មួន​ដែល​បង្ហាញ​ការ​គាំទ្រ​ពី​ព្រះ ដើម្បី​ឲ្យ​សមាជិក​នៃ​សាសនា​នោះ​អាច​និយាយ​ដោយ​ជំនឿ​ស៊ប់​ថា៖ «ព្រះ​កាន់​ខាង​យើង?»។

៦. តើ​ពាក្យ​បន្ទូល​ណា​ខ្លះ​របស់​ព្រះ​យេស៊ូ ដែល​ឆ្លុះ​បញ្ចាំង​ទៅ​លើ​រឿង​សាសនា​ពិត​និង​សាសនា​មិន​ពិត?

ព្រះ​យេស៊ូ​បាន​តាំង​ខ្នាត​តម្រា​សំរាប់​ការ​វិនិច្ឆ័យ​សម្គាល់​សាសនា​ពិត ផ្សេង​ពី​សាសនា​មិន​ពិត ពេល​ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក ដែល​ឆ្មក់​ស៊ី​វិញ។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត»។ (ម៉ាថាយ ៧:១៥, ១៦; ម៉ាឡាគី ៣:១៨) សូម​ឲ្យ​យើង​សើរើ​ឡើង​វិញ​នូវ«ផល» ឬ​សញ្ញា​ដែល​សម្គាល់​សាសនា​ពិត យោង​ទៅ​តាម​បន្ទូល​របស់​ព្រះ ដើម្បី​ឲ្យ​យើង​អាច​ដឹង​ជាក់​ច្បាស់​ថា អ្នក​ណា​ដែល​មាន​ព្រះ​គាំទ្រ​គេ​សព្វ​ថ្ងៃ​នេះ។

ទី​សម្គាល់​នៃ​អស់​អ្នក​ដែល​មាន​ព្រះ​គាំទ្រ​គេ​នោះ

៧. តើ​ការ​បង្រៀន​តែ​អ្វី​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ មាន​ន័យ​យ៉ាង​ណា?

សេចក្ដី​បង្រៀន​របស់​គេ​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ។ បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្ដី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ»។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​ដែរ»។ (យ៉ូហាន ៧:១៦, ១៧; ៨:៤៧) ដោយ​សម​ហេតុ​សម​ផល អស់​អ្នក​ដែល​ព្រះ​គាំទ្រ​នោះ បង្រៀន​តែ​អ្វី​ដែល​ព្រះ​បាន​សម្ដែង​មក​ក្នុង​ព្រះ​គម្ពីរ​ទេ ហើយ​ពួក​គេ​បដិសេធ​នូវ​សេចក្ដី​បង្រៀន​ដែល​ផ្អែក​ទៅ​លើ​ប្រាជ្ញា​ឬ​ទំនៀម​ទំលាប់​របស់​មនុស្ស។—អេសាយ ២៩:១៣; ម៉ាថាយ ១៥:៣​-​៩; កូល៉ុស ២:៨

៨. ហេតុ​អ្វី​បាន​ជា​ការ​ប្រើ​ព្រះ​នាម​របស់​ព្រះ​ក្នុង​ការ​ថ្វាយ​បង្គំ​គឺ​សំខាន់​ម្ល៉េះ?

ពួក​គេ​ប្រើ​និង​ផ្សព្វ​ផ្សាយ​ព្រះ​នាម​របស់​ព្រះ គឺ​ព្រះ​យេហូវ៉ា។ លោក​អេសាយ​បាន​ទាយ​ថា៖ «នៅ​គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ពោល​ថា ‹ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា! ចូរ​អំពាវនាវ​ដល់​ព្រះ​នាម​ទ្រង់។ ចូរ​សរសើរ​ពី​កិច្ច​ការ ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចុះ! នៅ​កណ្ដាល​ប្រជាជន​ទាំង​ឡាយ។ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ​នាម​ទ្រង់​ខ្ពស់​វិសេស។ ចូរ​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា ពីព្រោះ​ទ្រង់​បាន​ធ្វើ​ការ​ដ៏​ប្រសើរ។ ត្រូវ​ឲ្យ​មនុស្ស​ដឹង​ដំណឹង​នេះ​នៅ​ពេញ​លើ​ផែនដី​ផង›»។ (អេសាយ ១២:៤, ៥) ព្រះ​យេស៊ូ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​ថា៖ «ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ! សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»។ (ម៉ាថាយ ៦:៩) ម្ល៉ោះ​ហើយ មិន​ថា​សាសន៍​យូដា​ឬ​សាសន៍​ផ្សេង​ក្ដី គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​បំរើ​ជា«រាស្ត្រ​១​ពួក . . . ទុក​សំរាប់​ព្រះ​នាម[ព្រះ]»។ (កិច្ច​ការ ១៥:១៤) ព្រះ​ច្បាស់​ជា​ពេញ​ព្រះ​ហឫទ័យ​នឹង​គាំទ្រ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត​រួម​ជា​មួយ«រាស្ត្រ​១​ពួក . . . ទុក​សំរាប់​ព្រះ​នាម​ទ្រង់»។

៩. (ក) ហេតុ​ដូច​ម្ដេច​បាន​ជា​អំណរ​ជា​បុគ្គលិក​លក្ខណៈ​ដែល​សម្គាល់​សមាជិក​សាសនា​ពិត? (ខ) តើ​អេសាយ​បាន​ប្រៀប​ធៀប​សាសនា​ពិត និង​សាសនា​មិន​ពិត​យ៉ាង​ណា?

ពួក​គេ​បង្ហាញ​បុគ្គលិក​លក្ខណៈ​ដែល​ប្រកប​ទៅ​ដោយ​អំណរ​ដូច​ជា​ព្រះ។ ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​និពន្ធ«ដំណឹង​ល្អ» នោះ​ទ្រង់​គឺ​ជា«ព្រះ​ដ៏​មាន​ព្រះ​ទ័យ​សប្បាយ»។ (ធីម៉ូថេ​ទី​១ ១:១១, ព.ថ.) ដូច្នេះ តើ​អ្នក​ថ្វាយ​បង្គំ​ទ្រង់​អាច​ប្រកប​ទៅ​ដោយ​អពមង្គល ឬ​មាន​ទស្សនៈ​ទុទិដ្ឋិនិយម​ជា​រៀង​រហូត​ទេ? ថ្វី​ដ្បិត​មាន​បញ្ហា​ក្នុង​ពិភព​លោក ឬ​បញ្ហា​ផ្ទាល់​ខ្លួន​ផង​ដែរ​ក្ដី គ្រីស្ទាន​ពិត​រក្សា​ឲ្យ​មាន​ចិត្ត​អំណរ ពីព្រោះ​ពួក​គេ​ទទួល​ទាន​ជា​ទៀង​ទាត់​នូវ​អាហារ​ខាង​វិញ្ញាណ​ដ៏​សំបូរ​ហូរ​ហៀរ។ អេសាយ​បាន​ប្រៀប​ធៀប​អ្នក​ដែល​កាន់​សាសនា​ពិត​នឹង​អ្នក​ដែល​កាន់​តាម​សាសនា​មិន​ពិត ដោយ​ថា៖ «ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ‹មើល! ពួក​អ្នក​បំរើ​អញ​នឹង​បាន​ស៊ី តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន។ មើល! ពួក​អ្នក​បំរើ​អញ​នឹង​បាន​ផឹក តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្រេក។ មើល! ពួក​អ្នក​បំរើ​អញ​នឹង​អរ​សប្បាយ តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស។ មើល! ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ​យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ​គ្រា​វិញ›»។—អេសាយ ៦៥:១៣, ១៤

១០. តើ​ដោយ​ដូច​ម្ដេច​ដែល​អ្នក​កាន់​សាសនា​ពិត​អាច​ជៀស​វាង​ពី​ការ​រៀន​ដោយ​គ្រាន់​តែ​សាក​ល្បង​សិន?

១០ ពួក​គេ​ប្រព្រឹត្ត​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​គោល​ការណ៍​ព្រះ​គម្ពីរ។ អ្នក​សរសេរ​សុភាសិត​បាន​ទូន្មាន​ថា៖ «ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ (សុភាសិត ៣:៥, ៦) ព្រះ​តែង​គាំទ្រ​អ្នក​ដែល​ពឹង​ទ្រង់​ដើម្បី​ឲ្យ​បាន​ការ​ណែនាំ ជា​ជាង​ពឹង​ទៅ​លើ​ទ្រឹស្តី​មិន​ស្រប​គ្នា​របស់​មនុស្ស ដែល​មិន​អើពើ​នឹង​ប្រាជ្ញា​របស់​ព្រះ។ ដោយ​មនុស្ស​ម្នាក់​សុខ​ចិត្ត​ប្រកប​ជីវិត​ទៅ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ប៉ុណ្ណា នោះ​គាត់​អាច​ជៀស​វាង​ពី​ការ​រៀន​ដោយ​គ្រាន់​តែ​សាក​ល្បង​សិន​ប៉ុណ្ណឹង​ដែរ។—ទំនុកដំកើង ១១៩:៣៣; កូរិនថូស​ទី​១ ១:១៩​-​២១

១១. (ក) ហេតុ​អ្វី​បាន​ជា​សមាជិក​នៃ​សាសនា​ពិត មិន​អាច​បែក​ខ្ញែក​ជា​ក្រុម​បព្វជិត​និង​ក្រុម​មនុស្ស​ធម្មតា​បាន​ទេ? (ខ) តើ​អ្នក​ដែល​នាំ​មុខ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ ត្រូវ​ធ្វើ​ជា​គំរូ​បែប​ណា?

១១ ពួក​គេ​មាន​របៀប​រៀបចំ​ទៅ​តាម​បែប​បទ​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ។ ព្រះ​យេស៊ូ​បាន​ដាក់​គោល​ការណ៍​ថា៖ «ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្ដា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់។ ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌។ ហើយ​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ជា​សាស្ដា​ឡើយ ដ្បិត​មាន​សាស្ដា​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​គ្រីស្ទ។ តែ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ»។ (ម៉ាថាយ ២៣:៨​-​១១) ក្រុម​ជំនុំ​មួយ​ដែល​មាន​សមាសភាព​សុទ្ធ​តែ​ជា​បង​ប្អូន មិន​អាច​មាន​ក្រុម​បព្វជិត​ដ៏​អួត​ខ្លួន ដែល​លើក​កិត្ដិយស​ចំពោះ​ខ្លួន​ឯង ដោយដាក់​ឋានន្តរ​ដែល​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​អស្ចារ្យ និង​ដំកើង​ខ្លួន​លើ​មនុស្ស​ធម្មតា​នោះ​ទេ។ (យ៉ូប ៣២:២១, ២២) អ្នក​ដែល​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ បាន​ត្រូវ​ប្រាប់​ឲ្យ​ធ្វើ​អ៊ីចឹង«ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់​ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ»។ (ពេត្រុស​ទី​១ ៥:២, ៣) អ្នក​គង្វាល​ដែល​ជា​គ្រីស្ទាន​ពិត​នោះ ជៀស​វាង​ពី​ការ​ខំ​ព្យាយាម​ធ្វើ​ជា​ម្ចាស់​លើ​ជំនឿ​របស់​អ្នក​ឯ​ទៀត។ ដោយ​សារ​ពួក​គាត់​ជា​អ្នក​ធ្វើ​ការ​គ្នី​គ្នា​ក្នុង​កិច្ច​បំរើ​របស់​ព្រះ នោះ​គេ​គ្រាន់​តែ​ខិត​ខំ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ប៉ុណ្ណោះ។—កូរិនថូស​ទី​២ ១:២៤

១២. តើ​ព្រះ​តម្រូវ​ឲ្យ​អ្នក​ដែល​ចង់​ឲ្យ​ទ្រង់​គាំទ្រ​នោះ រក្សា​ជំហរ​អ្វី​ចំពោះ​រដ្ឋាភិបាល​មនុស្ស?

១២ ពួក​គេ​ចុះ​ចូល​ចំពោះ​រដ្ឋាភិបាល​មនុស្ស តែ​នៅ​អព្យាក្រឹត។ អ្នក​ណា​ម្នាក់​ដែល​មិន«ចុះ​ចូល​នឹង​រាជការ» នោះ​មិន​អាច​សង្ឃឹម​ថា​ខ្លួន​នឹង​មាន​ព្រះ​គាំទ្រ​ឡើយ។ ហេតុ​អ្វី? ពីព្រោះ«ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច បាន​ជា​អ្នក​ណា​ដែល​តាំង​ខ្លួន​ទាស់​នឹង​អំណាច​នោះ ក៏​ទាស់​ទទឹង​នឹង​បញ្ញត្ត​នៃ​ព្រះ​ដែរ»។ (រ៉ូម ១៣:១, ២) ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ទទួល​ស្គាល់​ថា អាច​មាន​ការ​ទង្គិច​ចិត្ត​គ្នា​ដែរ ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ»។ (ម៉ាកុស ១២:១៧) អស់​អ្នក​ដែល​ចង់​បាន​ព្រះ​គាំទ្រ​នោះ ត្រូវ​តែ«ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន» ទន្ទឹម​នឹង​ស្ដាប់​តាម​ច្បាប់​រដ្ឋ​ដែល​ស្រប​គ្នា​នឹង​ភារកិច្ច​ដ៏​ធ្ងន់​ជាង​របស់​គេ​ចំពោះ​ព្រះ។ (ម៉ាថាយ ៦:៣៣; កិច្ច​ការ ៥:២៩) ព្រះ​យេស៊ូ​បាន​បញ្ជាក់​អំពី​អព្យាក្រឹតភាព ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​អំពី​សិស្ស​ទ្រង់​ថា៖ «គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។ ក្រោយ​នោះ​ទៀត ទ្រង់​បាន​មាន​បន្ទូល​ថែម​ទៀត​ថា៖ «នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ»។—យ៉ូហាន ១៧:១៦; ១៨:៣៦

១៣. តើ​សេចក្ដី​ស្រឡាញ់​មាន​តួ​នាទី​អ្វី ក្នុង​ការ​សម្គាល់​រាស្ត្រ​របស់​ព្រះ?

១៣ ពួក​គេ​មិន​លំអៀង​ក្នុង​ការ«ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់»។ (កាឡាទី ៦:១០) សេចក្ដី​ស្រឡាញ់​ប្រភេទ​គ្រីស្ទាន មិន​ចេះ​លំអៀង​ទេ ព្រម​ទាំង​ក្រសោប​បញ្ចូល​មនុស្ស​ទាំង​អស់ មិន​ថា​គេ​មាន​ពណ៌​សម្បុរ​ណា ស្ថានភាព​ណា​ខាង​សេដ្ឋកិច្ច​ឬ​ការ​អប់រំ ជាតិ​ណា ឬ​ភាសា​ណា​ក៏​ដោយ។ ការ​ធ្វើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស​ចំពោះ​អ្នក​ជឿ​ជា​ដើម ក៏​ជួយ​បញ្ជាក់​នូវ​អស់​អ្នក​ណា​ដែល​ព្រះ​គាំទ្រ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។—យ៉ូហាន ១៣:៣៥; កិច្ច​ការ ១០:៣៤, ៣៥

១៤. តើ​មនុស្ស​ទូទៅ​ពេញ​ចិត្ត​នឹង​អ្នក​ដែល​ព្រះ​គាំទ្រ​នោះ​ទេ? សូម​ពន្យល់។

១៤ ពួក​គេ​សុខ​ចិត្ត​រង​ទ្រាំ​នូវ​ការ​បៀត​បៀន ដោយ​សារ​គេ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ ព្រះ​យេស៊ូ​បាន​ព្រមាន​សិស្ស​របស់​ទ្រង់​ទុក​ជា​មុន​ថា៖ «បើ​គេ​បាន​បៀត​បៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​គេ​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ូហាន ១៥:២០; ម៉ាថាយ ៥:១១, ១២; ធីម៉ូថេ​ទី​២ ៣:១២) អស់​អ្នក​ដែល​ព្រះ​គាំទ្រ​នោះ មិន​សូវ​ពេញ​និយម​ទេ ដូច​លោក​ណូអេ ដែល​បាន​កាត់​ទោស​លោកីយ៍​ដោយ​សារ​ជំនឿ​របស់​គាត់។ (ហេព្រើរ ១១:៧) សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ដែល​ចង់​មាន​ការ​គាំទ្រ​ពី​ព្រះ នោះ​មិន​ហ៊ាន​បង្អន់​កម្លាំង​នៃ​បន្ទូល​របស់​ព្រះ ឬ​ក៏​បោះ​បង់​ចោល​គោល​ការណ៍​របស់​ទ្រង់ ដើម្បី​ជៀស​ចេញ​ពី​ការ​បៀត​បៀន​នោះ​ទេ។ ដរាប​ណា​ដែល​គេ​បំរើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់ នោះ​គេ​ដឹង​ថា មនុស្ស​នឹង‹ឆ្ងល់ ហើយ​ប្រមាថ›ដល់​គេ។—ពេត្រុស​ទី​១ ២:១២; ៣:១៦; ៤:៤

ដល់​ពេល​ពិចារណា​នូវ​ហេតុ​ការណ៍​ពិត

១៥, ១៦. (ក) តើ​សំនួរ​អ្វី​ខ្លះ​ដែល​នឹង​ជួយ​យើង​ឲ្យ​សម្គាល់​ក្រុម​សាសនា ដែល​ព្រះ​គាំទ្រ​នោះ? (ខ) តើ​មនុស្ស​រាប់​លាន​នាក់​បាន​សន្និដ្ឋាន​យ៉ាង​ណា? ហើយ​ហេតុ​អ្វី?

១៥ សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​សាសនា​ណា​ដែល​ត្រូវ​គេ​សម្គាល់​ជា​ក្រុម​មួយ​ដែល​ប្រព្រឹត្ត​តាម​យ៉ាង​ហ្មត់​ចត់​ទៅ​តាម​បន្ទូល​របស់​ព្រះ សូម្បី​តែ​សេចក្ដី​បង្រៀន​នោះ​គឺ​ខុស​គ្នា​ពី​ជំនឿ​របស់​មនុស្ស​ភាគ​ច្រើន​ក៏​ដោយ? តើ​អ្នក​ណា​គេ​ដែល​ដាក់​ទម្ងន់​ទៅ​លើ​សារៈ​សំខាន់​នៃ​ព្រះ​នាម​ផ្ទាល់​របស់​ព្រះ រហូត​ដល់​ប្រើ​ព្រះ​នាម​នោះ​ដើម្បី​សម្គាល់​ខ្លួន​គេ? តើ​អ្នក​ណា​ដែល​ចង្អុល​បញ្ជាក់​ចំពោះ​សង្ឃឹម​ទៅ​លើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​សំរាប់​បញ្ហា​របស់​មនុស្សជាតិ? តើ​អ្នក​ណា​គេ​គាំទ្រ​ខ្នាត​តម្រា​ក្នុង​ព្រះ​គម្ពីរ​ស្តី​ពី​ការ​ប្រព្រឹត្ត ទោះ​បី​គេ​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​មិន​ទាន់​សម័យ​ក៏​ដោយ? តើ​សាសនា​មួយ​ណា​ដែល​ត្រូវ​គេ​សម្គាល់​ជា​ក្រុម​ដែល​គ្មាន​បព្វជិត​ដែល​ទទួល​ប្រាក់​ខែ ហើយ​សមាជិក​គ្រប់​ៗ​រូប​ជា​អ្នក​ផ្សព្វ​ផ្សាយ? តើ​អ្នក​ណា​គេ​ដែល​ទទួល​សេចក្ដី​សរសើរ​ជា​ពលរដ្ឋ​ដែល​គោរព​ច្បាប់ ទោះ​ជា​គេ​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ​ក៏​ដោយ? តើ​អ្នក​ណា​គេ​ចំណាយ​ទាំង​លុយ​និង​ពេល​វេលា​ដោយ​សេចក្ដី​ស្រឡាញ់ ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់? ហើយ តើ​សាសនា​មួយ​ណា​ដែល​ត្រូវ​គេ​មើល​ងាយ ចំអក និង​បៀត​បៀន ទោះ​ជា​គេ​មាន​លក្ខណៈ​ល្អ​ៗ​ទាំង​នេះ​ក៏​ដោយ?

១៦ មនុស្ស​រាប់​លាន​នាក់​ក្នុង​ពិភព​លោក​នេះ បាន​ពិចារណា​នូវ​ហេតុ​ការណ៍​ពិត​ទាំង​ប៉ុន្មាន ហើយ​បាន​ជឿ​យ៉ាង​ស៊ប់​ថា មាន​តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ដែល​កាន់​សាសនា​ពិត​នោះ។ ពួក​គេ​បាន​សន្និដ្ឋាន​បែប​នេះ ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បង្រៀន និង​មារយាទ​របស់​ផង​គេ​ដែរ ព្រម​ទាំង​លើ​មូលដ្ឋាន​នៃ​ផល​ប្រយោជន៍ ដែល​សាសនា​របស់​គេ​បាន​ផ្ដល់​មក។ (អេសាយ ៤៨:១៧) មនុស្ស​រាប់​លាន​នាក់​និយាយ​ដូច​អ្វី​ដែល​បាន​ទាយ​ទុក​មក​នៅ​សាការី ៨:២៣ ដែល​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។

១៧. ហេតុ​អ្វី​បាន​ជា​ការ​និយាយ​ថា ខ្លួន​គេ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សាសនា​ពិត​នោះ មិន​មែន​ជា​ការ​បំពាន​សិទ្ធិ​អ្នក​ដទៃ​ទេ?

១៧ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បំពាន​សិទ្ធិ​គេ​ឬ​ទេ ដោយ​លើក​បញ្ជាក់​ថា មាន​តែ​ពួក​គេ​ប៉ុណ្ណោះ​ដែល​ព្រះ​គាំទ្រ​នោះ? តាម​ការ​ពិត គឺ​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ ពី​ពេល​ដែល​ពួក​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីប បាន​អះអាង​ថា​មាន​ការ​គាំទ្រ​ពី​ព្រះ ទោះ​ជា​ពួក​អេស៊ីប​បាន​ជឿ​យ៉ាង​ណា​ក៏​ដោយ ហើយ​ពេល​ដែល​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ផង​ដែរ​ក៏​បាន​អះអាង​ថា​ព្រះ​គាំទ្រ​គេ មិន​មែន​ពួក​អ្នក​កាន់​សាសនា​យូដា​ទេ។ ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​នោះ ជា​ភស្តុ​តាង​គ្រប់​គ្រាន់​ហើយ។ នៅ​ក្នុង​២៣៥​ប្រទេស នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​កិច្ចការ​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​នឹង​ធ្វើ​នៅ​គ្រា​ចុង​បញ្ចប់ ដោយ​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:១៤

១៨, ១៩. (ក) ហេតុ​អ្វី​បាន​ជា​គ្មាន​មូលហេតុ​ឲ្យ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឈប់​ធ្វើ​ការ​ផ្សព្វ​ផ្សាយ ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ? (ខ) តើ​ទំនុកដំកើង ៤១:១១ គាំទ្រ​ហេតុ​ការណ៍​នេះ​យ៉ាង​ណា ដែល​ថា​ពួក​ស្មរបន្ទាល់​មាន​ព្រះ​គាំទ្រ​គេ​នោះ?

១៨ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នឹង​បន្ត​សម្រេច​កិច្ច​ការ​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ការ​បៀត​បៀន ឬ​ការ​ប្រឆាំង​បង្អាក់​សកម្មភាព​របស់​គេ​ឡើយ។ កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​សម្រេច ក៏​និង​បាន​សម្រេច​ជា​ពុំ​ខាន។ ការ​ប៉ុន​ប៉ង​ទាំង​ប៉ុន្មាន​ក្នុង​កំឡុង​មួយ​សតវត្ស​កន្លង​ទៅ​នេះ ដើម្បី​បង្អាក់​ពួក​ស្មរបន្ទាល់​ពី​ការ​សម្រេច​កិច្ច​ការ​របស់​ព្រះ នោះ​បាន​ទទួល​បរាជ័យ​ទាំង​ស្រុង ដ្បិត​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា៖ «ឯ​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់​ទាំង​អណ្ដាត​ណា​ដែល​កំរើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្ដី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ។ នេះ​ហើយ​ជា​សេចក្ដី ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ជា​មរដក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពី​អញ»។—អេសាយ ៥៤:១៧

១៩ ហេតុ​ការណ៍​ដែល​បញ្ជាក់​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​កម្លាំង​ខ្លាំង​ជាង និង​មាន​សកម្មភាព​ច្រើន​ជាង​ពេល​មុន​ៗ ថ្វី​បើ​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ទូទាំង​ពិភព​លោក​ក៏​ដោយ ជា​ភស្តុ​តាង​ថា​ព្រះ​យេហូវ៉ា​ពេញ​ព្រះ​ទ័យ​នឹង​អ្វី​ដែល​គេ​កំពុង​តែ​ធ្វើ។ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​ថា៖ «យ៉ាង​នោះ ទូល​បង្គំ​នឹង​ដឹង​ថា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ទូល​បង្គំ​ពិត ដោយ​ពួក​សត្រូវ​មិន​មាន​ជ័យ​ជំនះ​ឈ្នះ​ទូល​បង្គំ​ឡើយ»។ (ទំនុកដំកើង ៤១:១១; ៥៦:៩, ១១) ពួក​សត្រូវ​របស់​ព្រះ​នឹង​មិន​អាច​ស្រែក​ដោយ​ជ័យ​ជំនះ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ ដ្បិត​មេ​ដឹក​នាំ​របស់​រាស្ត្រ​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ គឺ​កំពុង​តែ​ឈាន​ទៅ​មុខ​ឲ្យ​បាន​ជ័យ​ជំនះ​ផ្ដាច់​ព្រាត់!

តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ?

តើ​មាន​គំរូ​ណា​ខ្លះ​ពី​បុរាណ អំពី​មនុស្ស​ដែល​មាន​ព្រះ​គាំទ្រ​នោះ?

តើ​មាន​ទី​សម្គាល់​ណា​ខ្លះ​ដែល​សម្គាល់​សាសនា​ពិត​នោះ?

ហេតុ​អ្វី​បាន​ជា​អ្នក​ផ្ទាល់​ជឿ​យ៉ាង​ស៊ប់​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ព្រះ​គាំទ្រ​គេ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១១]

អស់​អ្នក​ដែល​ប្រាថ្នា​ចង់​ឲ្យ​ព្រះ​គាំទ្រ​គេ​នោះ ត្រូវ​តែ​រក្សា​ឲ្យ​ការ​បង្រៀន​របស់​គេ​មាន​មូលដ្ឋាន​ទាំង​ស្រុង ទៅ​លើ​ព្រះ​បន្ទូល​របស់​ទ្រង់

[រូប​ភាព​នៅ​ទំព័រ​១៣]

ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន បំរើ​ជា​គំរូ​ចំពោះ​ហ្វូង​ចៀម