លុយឬក៏ជីវិត មួយណាសំខាន់ជាង?
លុយឬក៏ជីវិត មួយណាសំខាន់ជាង?
អ្នកប្រហែលជាធ្លាប់ឮអំពីចោរប្លន់ភ្ជង់កាំភ្លើងចំពីមុខជនរងគ្រោះនោះ ស្រែកគំហកទាមទារថា៖ «ឲ្យលុយឬចង់ស្លាប់!»។ សព្វថ្ងៃនេះ មានការគំរាមកំហែងបែបដូចគ្នាដែរ គឺជាការពិបាកមួយដែលនៅពីមុខយើងរាល់គ្នា និងធ្វើឲ្យខ្វែងគំនិតជាពិសេសអស់អ្នកដែលរស់នៅក្នុងប្រទេសដែលមានទ្រព្យសម្បូរហូរហៀរ។ ប៉ុន្តែ ម្ដងនេះមិនមែនជាចោរប្លន់ទេដែលទាមទារនោះ។ ផ្ទុយទៅវិញ ការគំរាមកំហែងនេះមានមកដោយសារសង្គមមនុស្សឲ្យតំលៃកាន់តែច្រើនឡើងៗថា លុយនិងវត្ថុទ្រព្យជាអ្វីដ៏មានសារៈសំខាន់បំផុត។
ការឲ្យតំលៃបែបនេះ បានបង្កើតឲ្យមានរឿងរ៉ាវនិងកង្វល់ថ្មីៗទៀត។ តើមនុស្សគួររកលុយនិងវត្ថុទ្រព្យទោះជាយ៉ាងណាក៏ដោយឬ? តើយើងអាចស្កប់ចិត្តទេ បើយើងមានតែបន្ដិចនោះ? តើមនុស្សពិតជាស៊ូស្លាប់ដើម្បីបាន«ជីវិតដ៏រុងរឿង» ដោយសារតែវត្ថុនិយមមែនឬ? តើលុយគឺជាលិខិតមួយបើកឲ្យមានជីវិតដ៏មានសុភមង្គលបានទេ?
ចិត្តដែលប្រាថ្នាចង់បានលុយយ៉ាងហួសហេតុ
ក្នុងចំណោមសេចក្ដីប្រាថ្នានិងចិត្តចង់បានរបស់ផ្សេងៗ មិនថាល្អឬយ៉ាងណាក៏ដោយ គឺមានការស្រឡាញ់ប្រាក់ជាអ្វីដ៏ចំបងបង្អស់។ មិនដូចជាកាមតណ្ហា ឬការស្រេកឃ្លានចង់បរិភោគអាហារ នោះចិត្តចង់បានលុយគឺមានជានិច្ចមិនចេះឈប់ឈរឡើយ។ តាមមើលទៅ ភាពចាស់ជរាក៏មិនអាចជួយចំអែតសេចក្ដីប្រាថ្នានេះដែរ។ ក្នុងករណីជាច្រើន ការកាន់តែចាស់នោះកាន់តែមានចំណាប់អារម្មណ៍ខ្លាំងជាងចំពោះរឿងលុយ ឬការខ្វល់ខ្វាយអំពីលុយ និងអ្វីដែលលុយអាចទិញបាន។
គឺទំនងជាមានចិត្តលោភលន់កាន់តែច្រើនឡើងៗ។ ក្នុងភាពយន្តដ៏ពេញនិយមមួយ មានតារាភាពយន្តម្នាក់បាននិយាយថា៖ «ការលោភលន់តែងសម្រេចការ។ ចិត្តលោភលន់មានប្រយោជន៍មែន»។ ថ្វីបើមនុស្សជាច្រើនបាននិយាយសំដៅទៅលើទសវត្សនៃឆ្នាំ១៩៨០ ជាគ្រានិយមការលោភលន់ក៏ដោយ អ្វីដែលបានកើតឡើងពីមុននិងនៅក្រោយពីគ្រានោះ បង្ហាញថាទស្សនៈរបស់មនុស្សអំពីលុយ គឺមិនសូវបានផ្លាស់ប្រែប៉ុន្មានទេ ក្នុងពេលកន្លងទៅនេះ។
អ្វីដែលប្រហែលជាថ្មី គឺថាមានមនុស្សជាច្រើនណាស់ រកឱកាសដើម្បីបំពេញចិត្តភ្លាមៗ នូវសេចក្ដីប្រាថ្នាចង់បានវត្ថុទ្រព្យនោះ។ គឺមើលទៅដូចជាលោកីយ៍ភាគច្រើន ចំណាយពេលជាច្រើន និងកម្លាំងយ៉ាងច្រើនក្នុងការបង្កើត និងការទទួលរបស់របរផ្សេងៗមានកាន់តែច្រើនឡើងៗ។ អ្នកប្រហែលជាយល់ស្របថា មនុស្សជក់ស្លុងចង់បានវត្ថុទ្រព្យនិងចង់ចាយលុយ ថែមទាំងពូកែចាយទៀតផងក្នុងជីវភាពរស់នៅនាសម័យទំនើបយើងនេះ។
ប៉ុន្តែជាលទ្ធផលនោះ តើមនុស្សមានចិត្តសប្បាយជាងមុនទេ? ដោយឆ្លើយសំនួរនោះ ៣.០០០ឆ្នាំទៅហើយនេះ ស្តេចសាឡូម៉ូនដ៏មានប្រាជ្ញានិងជាអ្នកមានស្តុកស្តម្ភ បានសរសេរថា៖ «អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ។ នេះក៏ជាការឥតប្រយោជន៍ទទេ»។ (សាស្ដា ៥:១០) គួរឲ្យចាប់អារម្មណ៍ណាស់ សូម្បីតែការសិក្សាខាងសង្គមមនុស្សពេលទំនើបៗនេះ ក៏មានសេចក្ដីសន្និដ្ឋានស្រដៀងគ្នានឹងនេះដែរ។
លុយនិងសុភមង្គល
ការស្រាវជ្រាវមួយស្តីអំពីមារយាទរបស់មនុស្សដែលធ្វើឲ្យភ្ញាក់ផ្អើលនោះគឺថា ការប្រមូលលុយនិងវត្ថុទ្រព្យមិនតែងតែនាំឲ្យស្កប់ចិត្ត និងមានសុភមង្គលចំរើនឡើងដំណាលគ្នានោះទេ។ អ្នកធ្វើការអង្កេតជាច្រើននាក់ទទួលស្គាល់ថា នៅពេលដែលមនុស្សម្នាក់ក្លាយជាអ្នកមានដល់កំរិតហើយ ការមានអារម្មណ៍ស្ងប់ចិត្តនិងសុភមង្គល គឺមិនទាក់ទងនឹងវត្ថុទ្រព្យទាំងប៉ុន្មានដែលគាត់មាននោះឡើយ។
ហេតុនោះហើយបានជាការស្វែងរកវត្ថុទ្រព្យនិងលុយហួសហេតុពេក
នោះ នាំឲ្យមនុស្សជាច្រើនឆ្ងល់ថា៖ ‹យើងហាក់ដូចជាសប្បាយចិត្តនឹងអ្វីថ្មីនិមួយៗដែលយើងទិញ តែម្ដេចក៏នៅទីបំផុតនោះ សេចក្ដីសប្បាយទាំងនេះ មិនធ្វើឲ្យស្កប់ចិត្តទាំងស្រុងទាល់តែសោះ?›។យ៉ូណាថាន់ ហ្វ្រីឌម៉ាន់ ដែលជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា៖ មនុស្សដែលមានសុភមង្គល គាត់កត់សម្គាល់ថា៖ «ដល់ពេលដែលមានលុយចំណូលមួយចំនួនតិចហើយនោះ ទោះជាមានលុយមួយចំនួនធំក៏ដោយ នោះមិនសូវទាក់ទងក្នុងការនាំឲ្យមានសុភមង្គលនោះទេ។ គឺមិនសូវមានការទាក់ទងគ្នាទេរវាងប្រាក់ចំណូលនិងសុភមង្គល បើនិយាយអំពីមនុស្សដែលមិនមែនជាអ្នកក្រីក្រនោះ»។ មនុស្សជាច្រើនបានទទួលស្គាល់ថា អ្វីដែលពិតជានាំឲ្យខ្លួនមានសុភមង្គលនោះ គឺឲ្យយើងមានទ្រព្យខាងវិញ្ញាណ មានគោលការណ៍សីលធម៌ខ្ពង់ខ្ពស់ និងសម្រេចការដ៏មានគោលដៅ។ ទំនាក់ទំនងជាមួយនឹងអ្នកដទៃក៏សំខាន់ដែរ ព្រមទាំងការជៀសចេញពីការទាស់ទែងគ្នា ឬលក្ខខណ្ឌណាដែលអាចបង្អាក់មិនឲ្យយើងពេញចិត្តនឹងអ្វីដែលជារបស់ផងយើងនោះ។
មនុស្សជាច្រើនឃើញថា ដើមហេតុនៃវិបត្ដិភាគច្រើនក្នុងសង្គមមនុស្ស គឺជាទំនោរចិត្តចង់ប្រើភាពចំរើនខាងវត្ថុទ្រព្យ ដើម្បីដោះស្រាយអ្វីដែលជាការពិបាកខាងផ្លូវចិត្ត។ អ្នកខ្លះដែលរៀបរាប់អំពីសង្គមមនុស្ស ក៏និយាយអំពីបរិយាកាសទូទៅជាចិត្តប្រកបទៅដោយទុទ្ទិដ្ឋិនិយមនិងភាពមិនចេះស្កប់ស្កល់ចិត្ត។ គេថែមទាំងកត់សម្គាល់ថា ពួកអ្នកនៅក្នុងសង្គមអ្នកមាននោះ មានទំនោរចិត្តកំពុងតែចំរើនឡើង និងចង់ជួបអ្នកព្យាបាល ឬក៏ចង់រកយល់អត្ថន័យនៃជីវិត ហើយចង់បានសេចក្ដីសុខខាងចិត្ត ដោយជួបគ្រូអាចារ្យ ឬចូលរួមនិកាយជាមួយសាសនានិងក្រុមផ្សេងៗដែលអះអាងថា ចេះព្យាបាលគេបាន។ នេះគឺសឲ្យឃើញថា វត្ថុទ្រព្យមិនអាចធ្វើឲ្យជីវិតមានន័យដ៏ពិតប្រាកដបានទេ។
ឥទ្ធិពលនិងការខ្វះឥទ្ធិពល របស់លុយ
លុយប្រាកដជាមានឥទ្ធិពលមែន។ ដោយមានលុយ គេអាចទិញផ្ទះស្អាតៗ អាចទិញសំលៀកបំពាក់ដ៏ទាន់សម័យ និងគ្រឿងសង្ហារឹមទំនើបៗបានដែរ។ លុយក៏អាចធ្វើឲ្យគេមានកិត្ដិយស មានការសរសើរ និងមានការគោរពថែមទាំងអាចមានមិត្តបណ្ដោះអាសន្នខ្លះៗ ដែលសុខចិត្តកាន់ជើងខ្លួន។ ប៉ុន្តែ ឥទ្ធិពលរបស់លុយ គឺបានត្រឹមតែប៉ុណ្ណឹងទេ។ តែអ្វីៗដែលយើងត្រូវការនៅមានច្រើនជាងនេះទៅទៀត គឺជាសេចក្ដីស្រឡាញ់ពីមិត្តជិតស្និទ្ធម្នាក់ សេចក្ដីសុខក្នុងចិត្ត និងការជួយរំលែកទុក្ខពេលជិតស្លាប់ នោះមិនអាចទិញដោយលុយបានទេ។ រីឯអស់អ្នកដែលចាត់ទុកទំនាក់ទំនងជាមួយនឹងព្រះអាទិទេពជាអ្វីដ៏ពិសេស នោះមិនអាចយកលុយមកទិញបានទេ ដើម្បីឲ្យទ្រង់ផ្គាប់ព្រះហឫទ័យនឹងគេនោះ។
ស្តេចសាឡូម៉ូនដែលធ្លាប់មានរបស់ដ៏ល្អទាំងប៉ុន្មានដែលលុយអាចទិញបាននៅសម័យទ្រង់នោះ បានទទួលស្គាល់ថា ការទុកចិត្តទៅលើវត្ថុទ្រព្យ មិនអាចឲ្យមានសុភមង្គលជាដរាបនោះឡើយ។ (សាស្ដា ៥:១២-១៥) យើងអាចបាត់បង់លុយបើធនាគារលែងដំណើរការ ឬដោយប្រាក់បានចុះថ្លៃ។ អចលនវត្ថុអាចត្រូវខូចបង់បានដោយសារព្យុះសង្ឃរា។ ចំពោះប័ណ្ណធានារ៉ាប់រងនោះ អាចជួយសងបង្គ្រប់ខ្លះៗ នូវអ្វីដែលបានត្រូវខាតបង់នោះ តែមិនអាចជួយបង្គ្រប់នូវការខូចខាតខាងផ្លូវចិត្តបានឡើយ។ ប្រាក់និងប័ណ្ណភាគហ៊ុនក៏អាចទៅជាគ្មានតម្លៃភ្លាមៗ បើសេដ្ឋកិច្ចធ្លាក់ចុះមួយរំពេចនោះ។ សូម្បីតែការងារដែលបានប្រាក់ខែច្រើន ក៏អាចបាត់ទៅនៅថ្ងៃស្អែកបានដែរ។
បើដូច្នេះ តើដោយដូចម្ដេចដែលយើងអាចរក្សាទស្សនៈដ៏ថ្លឹងថ្លែងអំពីរឿងលុយ? តើលុយនិងវត្ថុទ្រព្យគួរមានមុខនាទីអ្វីក្នុងជីវិតរបស់យើង? សូមមើលរឿងនេះជាបន្ត ដើម្បីដឹងអំពីរបៀបដែលលោកអ្នកអាចទទួលបានអ្វីដែលពិតជាមានតម្លៃ គឺជា«ជីវិតដ៏រុងរឿង»។
[រូបភាពនៅទំព័រ៤]
វត្ថុទ្រព្យមិននាំឲ្យមានសុភមង្គលជាដរាបនោះឡើយ