លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីត្រូវការខាងវិញ្ញាណរបស់គាត់ បានត្រូវបំពេញហើយ

សេចក្ដីត្រូវការខាងវិញ្ញាណរបស់គាត់ បានត្រូវបំពេញហើយ

របាយការណ៍​ពី​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ

សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​គាត់ បាន​ត្រូវ​បំពេញ​ហើយ

កោះ​គីប្រុស​ជា​កោះ​មួយ​នៅ​សមុទ្រ​មេឌីទែរ៉ានេ​ប៉ែក​ឦសាន។ នៅ​សម័យ​ព្រះ​គម្ពីរ កោះ​គីប្រុស​ល្បី​ថា​សំបូរ​ស្ពាន់​និង​ឈើ​ដ៏​មាន​តំលៃ។ ប៉ុល​និង​បាណាបាស​បាន​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៅ​ទី​នោះ ក្នុង​កំឡុង​ពេល​បេសកកម្ម​ទី​មួយ​របស់​ពួក​គេ។ (កិច្ច​ការ ១៣:៤​-​១២) សព្វ​ថ្ងៃ​នេះ ដំណឹង​ល្អ​នៅ​តែ​មាន​អានុភាព​ល្អ​ទៅ​លើ​ជីវិត​នៃ​ជន​ជាតិ​គីប្រុស​ជា​ច្រើន​នាក់។ គឺ​ប្រាកដ​ជា​អ៊ីចឹង​ស្តី​អំពី​បង​លូ​កោះ ជា​បុរស​ម្នាក់​ដែល​មាន​អាយុ​៤០​ឆ្នាំ​ជាង។ គាត់​រៀប​រាប់​ថា:

«ខ្ញុំ​បាន​កើត​មក​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​កូន​ប្រាំ​ពីរ​នាក់ នៅ​កន្លែង​ចិញ្ចឹម​សត្វ​គោ។ តាំង​ពី​តូច​មក ខ្ញុំ​ចូល​ចិត្ត​អាន​ណាស់។ សៀវភៅ​ដែល​ខ្ញុំ​ស្រឡាញ់​ជាង​គេ គឺ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​តូច​ល្មម​មួយ​ក្បាល​ដែល​អាច​ដាក់​ក្នុង​ហោប៉ៅ។ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​ដប់​ឆ្នាំ ខ្ញុំ​នឹង​ពួក​ម៉ាក​ខ្លះ​ៗ​បាន​ចាប់​ផ្ដើម​ក្រុម​សិក្សា​ព្រះ​គម្ពីរ​មួយ។ ក៏​ប៉ុន្តែ មិន​មាន​ក្រុម​សិក្សា​នោះ​យូរ​ប៉ុន្មាន​ទេ ដោយ​ព្រោះ​អ្នក​វ័យ​ចាស់​ខ្លះ​ៗ​ក្នុង​ភូមិ​នោះ បាន​ហៅ​យើង​ជា​អ្នក​ក្បត់​ជំនឿ។

«ក្រោយ​មក​ទៀត ពេល​ដែល​ខ្ញុំ​បាន​ចូល​សាលា​រៀន​នៅ​សហរដ្ឋ​អាមេរិក ខ្ញុំ​បាន​ជួប​មនុស្ស​ពី​សាសនា​ផ្សេង​ៗ​ជា​ច្រើន។ ការ​ជួប​មនុស្ស​បែប​នោះ បាន​បង្កើត​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា​សារ​ជា​ថ្មី ចំពោះ​របស់​ខាង​វិញ្ញាណ។ ខ្ញុំ​បាន​ចំណាយ​ច្រើន​ថ្ងៃ​នៅ​ឯ​បណ្ណាល័យ​សកល​វិទ្យាល័យ ក្នុង​ការ​សិក្សា​អំពី​សាសនា​ផ្សេង​ៗ​ជា​ច្រើន។ ខ្ញុំ​ថែម​ទាំង​បាន​ទៅ​លេង​វិហារ​ខ្លះ​ៗ ប៉ុន្តែ​ទោះ​ជា​ខំ​ប៉ុណ្ណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​ស្កប់​ស្កល់​ចិត្ត​ខាង​វិញ្ញាណ​ដែរ។

«ក្រោយ​ពី​បាន​រៀន​ចប់​ហើយ ខ្ញុំ​បាន​ត្រឡប់​ទៅ​កោះ​គីប្រុស​វិញ និង​បាន​យល់​ព្រម​ធ្វើ​ការ​ជា​នាយក​នៅ​មន្ទីរ​ពិសោធន៍​ផ្នែក​ពេទ្យ។ បុរស​ដ៏​ចំណាស់​ម្នាក់​ឈ្មោះ​អាន្តូនីស ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ បាន​មក​លេង​ខ្ញុំ​នៅ​កន្លែង​ធ្វើ​ការ​នោះ។ ប៉ុន្តែ ពួក​ខាង​សាសនា​ក្រិក​អូធូដុក្ស​បាន​សង្កេត​ឃើញ​ថា​គាត់​មក​លេង​នឹង​ខ្ញុំ។

«មិន​យូរ​ប៉ុន្មាន​ក្រោយ​មក សាសនវិទូ​ម្នាក់​បាន​មក​ជួប​ខ្ញុំ និង​បាន​លើក​ទឹក​ចិត្ត​កុំ​ឲ្យ​ខ្ញុំ​និយាយ​ជា​មួយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទៀត​ឡើយ។ ដោយ​ព្រោះ​គេ​បាន​បង្រៀន​ខ្ញុំ​តាំង​ពី​តូច​មក ថា​សាសនា​ក្រិក​អូធូដុក្ស​មាន​សេចក្ដី​ពិត​ហើយ ខ្ញុំ​ក៏​បាន​យល់​ព្រម​ឈប់​ជួប​ជា​មួយ​បង​អាន្តូនីស និង​បាន​ចាប់​ផ្ដើម​ពិគ្រោះ​រឿង​ព្រះ​គម្ពីរ​ជា​មួយ​សាសនវិទូ​ម្នាក់​នោះ​វិញ។ ខ្ញុំ​ថែម​ទាំង​បាន​ទៅ​លេង​នៅ​កន្លែង​ដែល​ពួក​អ្នក​បួស​រស់​នៅ​ជា​ច្រើន​កន្លែង​ដែរ។ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រិច​ទិស​ខាង​ជើង និង​ទៅ​លេង​ភ្នំ​អេថូស ដែល​គេ​ចាត់​ទុក​ជា​ភ្នំ​ដ៏​បរិសុទ្ធ​បំផុត​ខាង​គ្រីស្ទាន​អូធូដុក្ស​នោះ។ យ៉ាង​ណា​ក្ដី នៅ​តែ​គ្មាន​ចំ​លើយ​ឆ្លើយ​សំនួរ​របស់​ខ្ញុំ​ខាង​ព្រះ​គម្ពីរ​ទេ។

«ពេល​នោះ ខ្ញុំ​បាន​អធិស្ឋាន​សូម​ព្រះ​ជួយ​ខ្ញុំ​ស្វែង​រក​នូវ​សេចក្ដី​ពិត។ មិន​យូរ​ប៉ុន្មាន​ក្រោយ​នោះ​មក បង​អាន្តូនីស​បាន​មក​លេង​ខ្ញុំ​ម្ដង​ទៀត​នៅ​ឯ​កន្លែង​ធ្វើ​ការ និង​ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​បាន​សម្រេច​តាម​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​មែន។ ដូច្នេះ ខ្ញុំ​បាន​ឈប់​ជួប​សាសនវិទូ​នោះ និង​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​បង​អាន្តូនីស​វិញ។ ខ្ញុំ​បាន​បន្ត​លូត​លាស់ និង​នៅ​ខែ​តុលា ឆ្នាំ​១៩៩៧ ខ្ញុំ​បាន​បង្ហាញ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក។

«ពី​ដំបូង​នោះ ភរិយា​និង​កូន​ស្រី​បង​ពីរ​នាក់ ម្នាក់​អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១០​ឆ្នាំ បាន​ប្រឆាំង​នឹង​ខ្ញុំ។ ប៉ុន្តែ ដោយ​ព្រោះ​ចរិយា​ល្អ​របស់​ខ្ញុំ​នោះ ភរិយា​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ។ នាង​បាន​មាន​ចិត្ត​ស្ញប់​ស្ញែង​ណាស់ ដោយ​សារ​ចិត្ត​សប្បុរស​របស់​ពួក​ស្មរបន្ទាល់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​គេ​បង្ហាញ​ចំពោះ​នាង។ នាង​បាន​ស្ញប់​ស្ញែង​ជា​ខ្លាំង​ដោយ​របៀប​ដែល​គេ​ប្រើ​ព្រះ​គម្ពីរ។ ជា​លទ្ធផល ភរិយា​និង​កូន​ស្រី​បង​ពីរ​នាក់ បាន​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែរ។ សូម​គិត​ទៅ​មើល ថា​ខ្ញុំ​ត្រេក​អរ​យ៉ាង​ណា​ទៅ! ពេល​ដែល​បី​នាក់​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​នៅ​ឯ​មហា​សន្និបាត​តាម​តំបន់​នៅ​ឆ្នាំ​១៩៩៩ ដែល​មាន​ប្រធាន​ថា៖ «ពាក្យ​ទំនាយ​របស់​ព្រះ»។

«មែន​ហើយ ការ​ស្វែង​រក​សេចក្ដី​ពិត​បាន​ត្រូវ​បំពេញ​ហើយ។ ឥឡូវ​នេះ ក្រុម​គ្រួសារ​ទាំង​មូល​របស់​យើង ដែល​រួម​បញ្ចូល​ភរិយា​និង​កូន​បួន​នាក់​របស់​ខ្ញុំ ក៏​មាន​ឯកភាព​នឹង​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា»។