លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទទួលអំណរដែលមកពីការឲ្យ!

ចូរទទួលអំណរដែលមកពីការឲ្យ!

ចូរ​ទទួល​អំណរ​ដែល​មក​ពី​ការ​ឲ្យ!

«បើ​អោយ នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល»។—កិច្ច​ការ ២០:៣៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា នូវ​អំណរ​ដែល​បាន​មក​ពី​ការ​ប្រទាន​ឲ្យ​នោះ?

 អំណរ​និង​ប្រសិទ្ធិពរ​នានា​ដែល​បាន​មក​ពី​ការ​ស្គាល់​សេចក្ដី​ពិត ជា​អំណោយ​ដ៏​មាន​តម្លៃ​ណាស់​ពី​ព្រះ។ អស់​អ្នក​ណា​ដែល​ស្គាល់​ព្រះ​យេហូវ៉ា នោះ​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​មាន​អំណរ។ ប៉ុន្តែ ថ្វី​បើ​មាន​អំណរ​ដោយ​ព្រោះ​ទទួល​អំណោយ​ណា​មួយ នោះ​ក៏​មាន​អំណរ​ផង​ដែរ​ក្នុង​ការ​ឲ្យ​អំណោយ​ដល់​គេ​វិញ​នោះ។ ព្រះ​យេហូវ៉ា​ជា​អ្នក​ប្រទាន​នូវ‹គ្រប់​ទាំង​របស់​ដ៏​ល្អ និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់ល័ក្ខណ៍› ហើយ​ទ្រង់​ក៏​ជា«ព្រះ​មួយ​អង្គ ដែល​មាន​ព្រះ​ទ័យ​សប្បាយ»។ (យ៉ាកុប ១:១៧; ធីម៉ូថេ​ទី​១ ១:១១, ព.ថ.) ទ្រង់​ប្រទាន​ឲ្យ​ការ​បង្រៀន​ដ៏​មាន​ប្រយោជន៍ ចំពោះ​អស់​អ្នក​ដែល​សុខ​ចិត្ត​ស្ដាប់​តាម។ ទ្រង់​ថែម​ទាំង​ត្រេក​អរ​នឹង​ការ​ស្ដាប់​បង្គាប់​នៃ​អស់​អ្នក​ដែល​ទ្រង់​បង្រៀន​នោះ ក៏​ដូច​ជា​មាតា​បិតា​អរ​សប្បាយ​ផង​ដែរ កាល​ដែល​កូន​ៗ​ប្រព្រឹត្ត​តាម​ពាក្យ​ណែនាំ ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​គាត់។—សុភាសិត ២៧:១១

២. (ក) តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ណា​អំពី​ការ​ឲ្យ? (ខ) តើ​យើង​ទទួល​សុភមង្គល​បែប​ណា នៅ​ពេល​ដែល​យើង​បង្រៀន​អ្នក​ដទៃ​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ?

ស្រដៀង​គ្នា​ដែរ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​នៅ​ឡើយ ទ្រង់​មាន​ព្រះ​ទ័យ​សប្បាយ​រីករាយ ដោយ​ឃើញ​មនុស្ស​ប្រព្រឹត្ត​សម​ស្រប​ទៅ​តាម​ការ​បង្រៀន​របស់​ទ្រង់។ សាវ័ក​ប៉ុល​បាន​ដក​ស្រង់​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ចែង​ថា៖ «បើ​អោយ នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល»។ (កិច្ច​ការ ២០:៣៥, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) សុភមង្គល​ដែល​យើង​ទទួល ពេល​ដែល​យើង​បង្រៀន​អ្នក​ដទៃ​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ នោះ​មិន​គ្រាន់​តែ​ជា​ការ​ស្កប់​ចិត្ត ដោយ​ព្រោះ​គេ​យល់​ព្រម​នឹង​ជំនឿ​ខាង​សាសនា​របស់​យើង​ប៉ុណ្ណោះ​ទេ។ អ្វី​ដែល​សំខាន់​ជាង​នោះ គឺ​ការ​មាន​អំណរ​ដែល​មក​ពី​ការ​ដឹង​ថា យើង​កំពុង​តែ​ឲ្យ​អ្វី​មួយ​ដែល​មាន​តម្លៃ​មែន​ទែន ថែម​ទាំង​មាន​តម្លៃ​ជា​រៀង​ដរាប​ត​ទៅ។ ដោយ​ការ​ឲ្យ​ខាង​វិញ្ញាណ​នោះ យើង​អាច​ជួយ​មនុស្ស​ទទួល​ប្រយោជន៍​ផ្ទាល់​ខ្លួន នៅ​នា​បច្ចុប្បន្នកាល​នេះ និង​ជា​និច្ច​និរន្តរ៍​ទៅ​មុខ​ទៀត​ដែរ។—ធីម៉ូថេ​ទី​១ ៤:៨

ការ​ឲ្យ​តែង​នាំ​ឲ្យ​មាន​អំណរ

៣. (ក) តើ​សាវ័ក​ប៉ុល​និង​យ៉ូហាន​បាន​មាន​ប្រសាសន៍​យ៉ាង​ណា ថា​មាន​អំណរ​មក​ពី​ការ​ជួយ​អ្នក​ឯ​ទៀត​ខាង​វិញ្ញាណ​នោះ? (ខ) ហេតុ​ដូច​ម្ដេច​បាន​ជា​ការ​ប្រគល់​សេចក្ដី​ពិត​ខាង​ព្រះ​គម្ពីរ​ឲ្យ​កូន​យើង ជា​ការ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់?

មែន​ហើយ ដូច​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ត្រេក​អរ​ដោយ​ប្រទានអំណោយ​ខាង​វិញ្ញាណ នោះ​ពួក​គ្រីស្ទាន​ក៏​ធ្វើ​ដូច្នេះ​ដែរ។ សាវ័ក​ប៉ុល​បាន​មាន​អំណរ​ដោយ​ព្រោះ​ដឹង​ថា គាត់​បាន​ជួយ​អ្នក​ឯ​ទៀត​រៀន​នូវ​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ គាត់​បាន​សរសេរ​ចំពោះ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច​ថា៖ «តើ​សេចក្ដី​សង្ឃឹម សេចក្ដី​អំណរ នឹង​មកុដ ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​រីករាយ​ឡើង នោះ​ជា​អ្វី? បើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង ក្នុង​កាល​ដែល​ទ្រង់​យាង​មក​ប៉ុណ្ណោះ។ ដ្បិត​អ្នក​រាល់​គ្នា​ជា​សិរី​ល្អ ហើយ​ជា​សេចក្ដី​អំណរ​របស់​យើង​ខ្ញុំ​ពិត​មែន»។ (ថែស្សាឡូនីច​ទី​១ ២:១៩, ២០) តាម​បែប​បទ​ស្រដៀង​គ្នា​ដែរ សាវ័ក​យ៉ូហាន​បាន​សរសេរ​សំដៅ​ទៅ​លើ​កូន​ខាង​វិញ្ញាណ​របស់​គាត់​ថា៖ «គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្ដី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ​ឯង»។ (យ៉ូហាន​ទី​៣ ៤) សូម​គិត​ផង​ដែរ! អំពី​អំណរ​ដែល​មក​ពី​ការ​ជួយ​កូន​របស់​ខ្លួន​ទៅ​ជា​កូន​ខាង​វិញ្ញាណ​របស់​ផង​យើង។ ការ​ចិញ្ចឹម​អប់រំ​កូន​ទៅ​តាម«ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់» មុខ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​មាតា​បិតា​ហើយ។ (អេភេសូរ ៦:៤) ដោយ​ធ្វើ​ដូច្នេះ មាតា​បិតា​ទាំង​ឡាយ​បង្ហាញ​ថា គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រយោជន៍​ដ៏​អនន្ត​របស់​កូន​គាត់។ នៅ​ពេល​ដែល​កូន​ធ្វើ​តាម នោះ​មាតា​បិតា​មាន​អំណរ​និង​ស្កប់​ស្កល់​ចិត្ត​ជា​ខ្លាំង។

៤. តើ​មាន​បទ​ពិសោធន៍​អ្វី ដែល​បង្ហាញ​អំពី​អំណរ​ដែល​មក​ពី​ការ​ឲ្យ​ខាង​វិញ្ញាណ?

បង​ស្រី​ឌែល​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល និង​មាន​កូន​ប្រាំ​នាក់។ បង​ស្រី​នេះ​និយាយ​ថា៖ «ខ្ញុំ​យល់​ស្រប​ទាំង​ស្រុង​នឹង​ពាក្យ​របស់​សាវ័ក​យ៉ូហាន ដោយ​ព្រោះ​ខ្ញុំ​ត្រេក​អរ​មែន​ទែន​ដែល​កូន​បួន​នាក់​របស់​ខ្ញុំ​កំពុង​តែ‹ប្រព្រឹត្ត​តាម​សេចក្ដី​ពិត›។ ខ្ញុំ​ដឹង​ថា ពេល​ដែល​ក្រុម​គ្រួសារ​និមួយ​ៗ​សាមគ្គី​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត នោះ​លើក​កិត្ដិយស​និង​សិរី​លំអ​ថ្វាយ​ព្រះ​យេហូវ៉ា។ ដូច្នេះ​ហើយ ខ្ញុំ​ស្កប់​ចិត្ត​ជា​ខ្លាំង​ដោយ​ឃើញ​ប្រសិទ្ធិពរ​ពី​ទ្រង់ មក​លើ​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​កូន​ខ្ញុំ​ជឿ​តាម​សេចក្ដី​ពិត​នេះ។ សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ អំពី​ការ​រស់​នៅ​ជា​និរន្តរ៍​ក្នុង​ទី​មនោរម្យ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ នោះ​ជួយ​ខ្ញុំ​ប្រកប​ទៅ​ដោយ​សេចក្ដី​សង្ឃឹម និង​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​ទោះ​ជា​ប្រឈម​មុខ​នឹង​ការ​ពិបាក និង​ឧបសគ្គ​ផ្សេង​ៗ​ក៏​ដោយ»។ គួរ​ឲ្យ​សោក​ស្ដាយ​មែន ដែល​កូន​ស្រី​ម្នាក់​របស់​បង​ឌែល​បាន​ត្រូវ​ក្រុម​ជំនុំ​បណ្ដាច់​មិត្តភាព ដោយ​ព្រោះ​បាន​ធ្វើ​តាម​ផ្លូវ​ផ្ទុយ​ពី​គ្រីស្ទាន​នោះ។ យ៉ាង​ណា​ក្ដី បង​ឌែល​នៅ​តែ​ខំ​ប្រឹង​រក្សា​អាកប្បកិរិយា​ដ៏​ល្អ។ គាត់​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ កូន​ស្រី​របស់​ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ ដោយ​ចិត្ត​ស្មោះ​ស​និង​រាប​ទាប​ផង។ តែ​ខ្ញុំ​សូម​ថ្លែង​អំណរ​អរ​ព្រះ​គុណ​ចំពោះ​ព្រះ ដោយ​ព្រោះ​កូន​ភាគ​ច្រើន​របស់​ខ្ញុំ​នៅ​បន្ត​បំរើ​ទ្រង់​ដោយ​ចិត្ត​ស្មោះ​ត្រង់។ អំណរ​ដែល​ខ្ញុំ​មាន​នេះ គឺ​ជា​ប្រភព​កម្លាំង​ដល់​ខ្ញុំ»។—នេហេមា ៨:១០

ការ​បង្កើត​ឲ្យ​មាន​មិត្ត​សំឡាញ់​ដ៏​ស្ថិត​ស្ថេរ

៥. នៅ​ពេល​ដែល​យើង​ខំ​ប្រឹង​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នោះ តើ​យើង​ស្កប់​ចិត្ត​ដោយ​ជ្រាប​ដឹង​អ្វី?

ព្រះ​យេស៊ូ​បាន​នាំ​ផ្លូវ​ឲ្យ​អ្នក​កាន់​តាម​ទ្រង់​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស ថែម​ទាំង​បង្រៀន​គេ​អំពី​ព្រះ​យេហូវ៉ា​និង​តម្រូវ​ការ​នានា​របស់​ទ្រង់។ (ម៉ាថាយ ២៨:១៩, ២០) ដោយ​គ្មាន​អត្តទត្ថភាព​នោះ ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​បាន​ជួយ​មនុស្ស​រៀន​តាម​ផ្លូវ​នៃ​សេចក្ដី​ពិត។ ដូច្នេះ នៅ​ពេល​ដែល​យើង​ខំ​ប្រឹង​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស នោះ​យើង​ស្កប់​ចិត្ត​ដោយ​ដឹង​ថា យើង​កំពុង​តែ​ធ្វើ​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ ដូច​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ធ្វើ​ដែរ។ (កូរិនថូស​ទី​១ ១១:១) នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត និង​ជា​មួយ​បុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ នោះ​ជីវិត​របស់​យើង​ក៏​មាន​ខ្លឹម​សារ​ដ៏​ពិត​វិញ។ ការ​រាប់​ទុក​ជា«អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ» ពិត​ជា​ហេតុ​នាំ​ឲ្យ​ត្រេក​អរ​ណាស់​ហ្ន៎! (កូរិនថូស​ទី​១ ៣:៩) ហើយ​តើ​នេះ​ជា​ការ​គួរ​ឲ្យ​រំភើប​ចិត្ត​មែន​ឬ ដែល​ពួក​ទេវតា​រួម​ចំណែក​ក្នុង​សកម្មភាព​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ?—វិវរណៈ ១៤:៦, ៧

៦. នៅ​ពេល​ដែល​យើង​ចូល​រួម​ក្នុង​ការ​ឲ្យ​ខាង​វិញ្ញាណ តើ​អ្នក​ណា​នឹង​ទៅ​ជា​មិត្ត​សំឡាញ់​របស់​យើង?

តាម​ការ​ពិត ដោយ​រួម​ចំណែក​ក្នុង​កិច្ច​ការ​ឲ្យ​ខាង​វិញ្ញាណ​នេះ យើង​អាច​មាន​មិត្តភាព​ជា​មួយ​ព្រះ​ជា​និរន្តរ៍ ជា​ជាង​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​ទ្រង់​ប៉ុណ្ណោះ​ទេ។ ដោយ​ព្រោះ​លោក​អ័ប្រាហាំ​មាន​ជំនឿ​នោះ គាត់​បាន​ត្រូវ​ហៅ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា។ (យ៉ាកុប ២:២៣) កាល​ដែល​យើង​ខំ​ព្យាយាម​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ នោះ​យើង​អាច​ក្លាយ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​ដែរ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ទៅ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេស៊ូ​ផង​ដែរ។ ទ្រង់​បាន​មាន​បន្ទូល​ចំពោះ​សិស្ស​ទ្រង់​ថា៖ «ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពីព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ​វរបិតា​ខ្ញុំ​មក»។ (យ៉ូហាន ១៥:១៥) មនុស្ស​ជា​ច្រើន​ត្រេក​អរ​បើ​ខ្លួន​ត្រូវ​គេ​រាប់​ទុក​ជា​មិត្ត​នៃ​អ្នក​ធំ​ដែល​មាន​មុខ​មាត់ ឬ​ជា​អ្នក​រាជការ​ដែល​មាន​ឋានៈ​ខ្ពស់ ប៉ុន្តែ​យើង​អាច​រាប់​ទុក​ជា​មិត្ត​សំឡាញ់​នៃ​បុគ្គល​ពីរ​អង្គ​ដ៏​ធំ​ឧត្តម​បំផុត​ក្នុង​សកល​លោក​ទាំង​មូល!

៧. (ក) តើ​បង​ស្រី​ម្នាក់​បាន​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​មាន​មិត្ត​សំឡាញ់​ដ៏​ពិត​នោះ? (ខ) តើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​ស្រដៀង​នេះ​ទេ?

បន្ថែម​ទៅ​ទៀត​នោះ នៅ​ពេល​ដែល​យើង​ជួយ​ឲ្យ​មនុស្ស​ស្គាល់​ព្រះ គេ​ក៏​ក្លាយ​ជា​មិត្ត​របស់​យើង ទាំង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ដ៏​វិសេស​វិសាល​ដែរ។ បង​ស្រី​ចូន​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ធែលម៉ា។ ទោះ​ជា​ធែលម៉ា​បាន​ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​សារ​គាត់​សិក្សា​ព្រះ​គម្ពីរ​យ៉ាង​ណា​ក្ដី នោះ​គាត់​បាន​ពុះ​ពារ​ទៅ​មុខ និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មួយ​ឆ្នាំ​ក្រោយ​ពី​នោះ​មក។ បង​ចូន​បាន​សរសេរ​ថា៖ «ទំនាក់​ទំនង​របស់​យើង​មិន​បាន​ឈប់​ត្រឹម​ហ្នឹង​ទេ។ តែ​ការ​ទាក់​ទង​គ្នា​នោះ​បាន​ឈាន​ទៅ​ដល់​មិត្តភាព​ដ៏​ស្និទ្ធ​ស្នាល ដែល​យើង​មាន​ជាង​៣៥​ឆ្នាំ​ហើយ។ យើង​បាន​ចូល​រួម​កិច្ច​បំរើ​ផ្សាយ និង​បាន​ទៅ​ឯ​មហា​សន្និបាត​ជា​មួយ​គ្នា​ជា​ញឹក​ញយ។ ក្រោយ​មក ខ្ញុំ​បាន​រើ​ទៅ​ផ្ទះ​ថ្មី ដែល​មាន​ចម្ងាយ​៨០០​គីឡូ​ម៉ែត្រ​ពី​គាត់។ ប៉ុន្តែ​ធែលម៉ា​នៅ​តែ​ផ្ញើ​សំបុត្រ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ និង​ប្រាប់​ខ្ញុំ​ថា គាត់​តែង​តែ​នឹក​គិត​អំពី​ខ្ញុំ​ទាំង​មាន​ចិត្ត​សប្បាយ ហើយ​គាត់​អរគុណ​ខ្ញុំ​ដោយ​ព្រោះ​ខ្ញុំ​ធ្វើ​ជា​មិត្ត​សំឡាញ់ ជា​គំរូ និង​ដោយ​ព្រោះ​បាន​បង្រៀន​គាត់​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។ ការ​មាន​មិត្ត​ជិត​ស្និទ្ធ​ដ៏​ជា​ទី​ស្រឡាញ់​នោះ ជា​ប្រសិទ្ធិពរ​សំរាប់​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​ក្នុង​ការ​ជួយ​ឲ្យ​គាត់​រៀន​អំពី​ព្រះ​យេហូវ៉ា»។

៨. តើ​អាកប្បកិរិយា​ដ៏​ល្អ​ណា ដែល​អាច​ជួយ​យើង​ក្នុង​កិច្ច​បំរើ​ផ្សាយ​នេះ?

ការ​សង្ឃឹម​នឹង​រក​ជួប​នរណា​ម្នាក់​ដែល​ចង់​រៀន​នូវ​សេចក្ដី​ពិត នោះ​អាច​ជួយ​យើង​ស៊ូ​ទ្រាំ ទោះ​ជា​មនុស្ស​ភាគ​ច្រើន​ដែល​យើង​ជួប​នោះ បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​តិច ឬ​ក៏​អត់​ចាប់​អារម្មណ៍​សោះ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ។ ភាព​កន្តើយ​បែប​នេះ​អាច​ធ្វើ​ទុក្ខ​ដល់​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ​របស់​យើង។ ក៏​ប៉ុន្តែ អាកប្បកិរិយា​ដ៏​ល្អ​នឹង​ជួយ​យើង​វិញ។ បង​ប្រុស​ហ្វោស្តូ ដែល​មក​ពី​ប្រទេស​ហ្គាតេម៉ាឡា បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​បន្ទាល់​ចំពោះ​អ្នក​ដទៃ​នោះ ខ្ញុំ​ចេះ​តែ​គិត​ថា បើ​អ្នក​នោះ​អាច​ក្លាយ​ជា​បង​ប្អូន​ខាង​វិញ្ញាណ​វិញ នោះ​ពិត​ជា​អស្ចារ្យ​មែន​ទែន។ ខ្ញុំ​វែក​ញែក​ថា ជា​យថាហេតុ​ខ្ញុំ​នឹង​ជួប​យ៉ាង​ហោច​ណាស់​នូវ​មនុស្ស​ម្នាក់ ដែលនឹង​កាន់​យក​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ ដោយ​គិត​ដូច្នេះ ជំរុញ​ឲ្យ​ខ្ញុំ​បន្ត​ផ្សព្វ​ផ្សាយ ទាំង​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ពិត»។

ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​នៅ​ឯ​ស្ថាន​សួគ៌

៩. តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ណា អំពី​ទ្រព្យ​សម្បត្ដិ​នៅ​ឯ​ស្ថាន​សួគ៌? ហើយ​តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​នេះ​ដែរ?

ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស មិន​ថា​ជា​កូន​យើង​ឬ​ជា​អ្នក​ផ្សេង​ក៏​ដោយ នោះ​មិន​តែង​តែ​ងាយ​ស្រួល​ទេ។ គឺ​អាច​តម្រូវ​ឲ្យ​ចំណាយ​ពេល ត្រូវ​អត់​ធ្មត់ និង​ត្រូវ​ត​ស៊ូ​ផង។ ប៉ុន្តែ សូម​ចង​ចាំ​ថា មនុស្ស​ច្រើន​នាក់​សុខ​ចិត្ត​ប្រមូល​វត្ថុ​ទ្រព្យ​ឲ្យ​បាន​បរិបូរ ដែល​ធម្មតា​នោះ​ជា​របស់​ដែល​មិន​សូវ​នាំ​ឲ្យ​មាន​អំណរ​ទេ ទាំង​មិន​មាន​ជា​រៀង​រហូត​បាន​ឡើយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​អ្នក​ស្ដាប់​ទ្រង់​ថា គឺ​ប្រសើរ​ជាង​ឲ្យ​យើង​ខំ​រក​របស់​ខាង​វិញ្ញាណ​វិញ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំ​លុះ​ប្លន់​នោះ​ឡើយ។ ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន​សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំ​លុះ ឬ​ប្លន់​ផង»។ (ម៉ាថាយ ៦:១៩, ២០) ដោយ​ខំ​សម្រេច​គោល​ដៅ​ខាង​វិញ្ញាណ ដែល​រួម​បញ្ចូល​ការ​រួម​ចំណែក​ក្នុង​កិច្ច​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស នោះ​យើង​អាច​ស្កប់​ចិត្ត​ដោយ​ដឹង​ថា យើង​កំពុង​តែ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ឲ្យ​យើង​មិន​ខាន។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិល​គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់»នោះ​ទេ។—ហេព្រើរ ៦:១០

១០. (ក) ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​យេស៊ូ​មាន​ទ្រព្យ​សម្បត្ដិ​ខាង​វិញ្ញាណ? (ខ) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​បង្ហាញ​ការ​ប្រគល់​ឲ្យ​អង្គ​ទ្រង់​នោះ? ហើយ​តើ​មាន​ប្រយោជន៍​ដ៏​ធំ​ណា​សំរាប់​អ្នក​ឯ​ទៀត?

១០ បើ​យើង​ខំ​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស នោះ​យើង​ប្រមូល«ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន​សួគ៌» សម​ស្រប​ទៅ​តាម​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ។ ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​យើង​មាន​អំណរ​ដែល​មក​ពី​ការ​ទទួល។ បើ​យើង​ឲ្យ​ដោយ​គ្មាន​គំនិត​សួន​តួ នោះ​យើង​ទទួល​ប្រយោជន៍​វិញ។ ព្រះ​យេស៊ូ​ទ្រង់​ផ្ទាល់​បាន​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ អស់​រាប់​សិប​កោដិ​ឆ្នាំ។ សូម​គិត​ទៅ​មើល​អំពី​ទ្រព្យ​សម្បត្ដិ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រមូល​ទុក​នៅ​ឯ​ស្ថាន​សួគ៌! យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «[ព្រះ​យេស៊ូ]បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួច​ពី​លោកីយ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង»។ (កាឡាទី ១:៤) ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បាន​ថ្វាយ​ខ្លួន​ដោយ​គ្មាន​គំនិត​សួន​តួ​ក្នុង​កិច្ច​បំរើ​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​បាន​ប្រគល់​ព្រះ​ជន្ម​អង្គ​ទ្រង់​តែ​ម្ដង ទុក​ជា​តម្លៃ​លោះ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​អាច​មាន​ឱកាស​ប្រមូល​ទ្រព្យ​សម្បត្ដិ​នៅ​ឯ​ស្ថាន​សួគ៌​ដែរ។

១១. ហេតុ​អ្វី​បាន​ជា​អំណោយ​ខាង​វិញ្ញាណ គឺ​ប្រសើរ​ជាង​អំណោយ​ខាង​វត្ថុ​ទ្រព្យ?

១១ ដោយ​បង្រៀន​អំពី​ព្រះ យើង​អាច​ជួយ​គេ​ឃើញ​នូវ​របៀប​ដែល​គេ​ក៏​អាច​ប្រមូល​ទ្រព្យ​សម្បត្ដិ​ខាង​វិញ្ញាណ​ដែល​មិន​ចេះ​ខូច​បង់​ឡើយ។ តើ​មាន​អំណោយ​ណា​ដ៏​ប្រសើរ​ជាង​នេះ ដែល​អ្នក​អាច​ឲ្យ​បាន​នោះ​ទេ? បើ​សិន​ជា​អ្នក​ឲ្យ​ពួក​ម៉ាក​ម្នាក់​នូវ​នាឡិកា​មួយ​ដ៏​ថ្លៃ ឡាន​មួយ ឬ​ផ្ទះ​ថ្មី​មួយ​ក៏​បាន ពួក​ម៉ាក​នោះ​ប្រាកដ​ជា​នឹង​ដឹង​គុណ និង​សប្បាយ​មែន ហើយ​អ្នក​នឹង​មាន​អំណរ​ដែល​មក​ពី​ការ​ឲ្យ​នោះ​ណាស់។ ប៉ុន្តែ​តើ​របស់​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា ក្រោយ​ពី​រយៈ​ពេល​២០​ឆ្នាំ ឬ​២០០​ឆ្នាំ ឬ​ក៏​២.០០០​ឆ្នាំ​កន្លង​ផុត​ទៅ​នោះ? តែ​ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រគល់​ខ្លួន​ដើម្បី​ជួយ​មនុស្ស​ម្នាក់​បំរើ​ព្រះ​យេហូវ៉ា នោះ​គាត់​អាច​ទទួល​ប្រយោជន៍​ពី​អំណោយ​នោះ​ជា​រៀង​ដរាប​ត​ទៅ។

ការ​ស្វែង​រក​អស់​អ្នក​ដែល​ចង់​បាន​សេចក្ដី​ពិត

១២. តើ​បង​ប្អូន​ច្រើន​នាក់​បាន​ធ្វើ​ពលិកម្ម​យ៉ាង​ណា​ខ្លះ ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ខាង​វិញ្ញាណ?

១២ ដើម្បី​រួម​ចំណែក​នូវ​អំណរ​ដែល​មក​ពី​ការ​ឲ្យ​ខាង​វិញ្ញាណ​នោះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ទៅ​គ្រប់​ទិស​ទី​ពេញ​ផែនដី។ បង​ប្អូន​រាប់​ពាន់​នាក់​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​និង​ក្រុម​គ្រួសារ​គេ ដើម្បី​ធ្វើ​ជា​សាសនទូត​នៅ​ឯ​ប្រទេស​ផ្សេង ជា​កន្លែង​ដែល​គេ​ត្រូវ​ប្រែ​ប្រួល​ទៅ​តាម​ភាសា​និង​វប្បធម៌​ថ្មី​នោះ​ផង។ អ្នក​ឯ​ទៀត​បាន​រើ​ទៅ​នៅ​តំបន់​ណា​ក្នុង​ប្រទេស​របស់​ខ្លួន ជា​កន្លែង​ដែល​គេ​ត្រូវ​ការ​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ច្រើន​ជាង។ ក៏​មាន​អ្នក​ផ្សេងទៀត​ដែល​បាន​រៀន​ភាសា​បរទេស​ណា​មួយ ដែល​បើក​ឱកាស​ថ្មី​ដើម្បី​ផ្សព្វ​ផ្សាយ​នា​តំបន់​ផ្ទាល់​ខ្លួន ចំពោះ​ជន​បរទេស​ដែល​រស់​នៅ​ទី​នោះ​ដែរ។ ជា​ឧទាហរណ៍ គូ​ស្វាមីភរិយា​មួយ​គូ​នៅ​រដ្ឋ​ញូវ​ជើស៊ី ស.រ.អ​. បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ និង​បាន​រៀន​ភាសា​ចិន​ដែរ ក្រោយ​ពី​បាន​ចិញ្ចឹម​អប់រំ​កូន​ពីរ​នាក់ ដែល​ឥឡូវ​នេះ​បំរើ​នៅ​ឯ​មន្ទីរ​ចាត់​ការ​ពិភព​លោក​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ក្នុង​រយៈ​ពេល​បី​ឆ្នាំ គេ​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​មនុស្ស​៧៤​នាក់​ដែល​និយាយ​ភាសា​ចិន ដែល​បាន​ទៅ​រៀន​នៅ​ឯ​មហា​វិទ្យាល័យ​ក្បែរ​ៗ​នោះ។ ដើម្បី​ឲ្យ​បាន​អំណរ​ច្រើន​ជាង​ក្នុង​កិច្ច​ការ​នេះ​ខាង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស តើ​អ្នក​អាច​ពង្រីក​កិច្ច​បំរើ​ផ្សាយ​របស់​អ្នក​តាម​របៀប​ផ្សេង​ឬ​ទេ?

១៣. បើ​អ្នក​ចង់​ឲ្យ​កិច្ច​បំរើ​ផ្សាយ​របស់​អ្នក​បង្កើត​ផល​ច្រើន​ជាង​នោះ តើ​អ្នក​អាច​ធ្វើ​អ្វី?

១៣ អ្នក​ប្រហែល​ជា​ប្រាថ្នា​ចង់​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​មួយ​ដែរ តែ​មិន​ទាន់​បាន​ធ្វើ​ដូច្នេះ​ឡើយ។ នៅ​ប្រទេស​ខ្លះ ការ​រក​មនុស្ស​ដែល​ចាប់​អារម្មណ៍​នោះ គឺ​ពិបាក​ណាស់។ អ្នក​ប្រហែល​ជា​ជួប​មនុស្ស​ដែល​មិន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ព្រះ​គម្ពីរ​ទេ។ បើ​អ៊ីចឹង​មែន ប្រហែល​អ្នក​ទូល​ច្រើន​ជាង​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​អ្នក អំពី​ចិត្ត​ប្រាថ្នា​របស់​ខ្លួន​នោះ ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ទៅ​លើ​កិច្ច​ការ​នេះ និង​អាច​នាំ​អ្នក​ទៅ​ជួប​នរណា​ម្នាក់​ដែល​ប្រៀប​ដូច​ជា​ចៀម។ សូម​រក​យោបល់​ពី​ពួក​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក ដែល​មាន​ការ​ពិសោធន៍​ច្រើន​ជាង ឬ​ក៏​មាន​កិច្ច​បំរើ​ផ្សាយ​ដែល​បង្កើត​ផល​ច្រើន​ជាង​ផង។ ចូរ​ទទួល​ប្រយោជន៍​ពី​ការ​ហ្វឹកហ្វឺន និង​យោបល់​ដែល​គេ​ជូន​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន។ ចូរ​ទទួល​ប្រយោជន៍​ពី​ដំបូន្មាន​ដែល​មក​ពី​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​ភរិយា​របស់​គាត់។ ហើយ​សំខាន់​បំផុត កុំ​នឿយ​ណាយ​ឲ្យ​សោះ។ បុរស​ម្នាក់​ដ៏​មាន​ប្រាជ្ញា​នោះ បាន​សរសេរ​ថា៖ «នៅ​ពេល​ព្រឹក ចូរ​សាប​ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង»។ (សាស្ដា ១១:៦) ក្នុង​ចន្លោះ​ពេល​នោះ សូម​ចង​ចាំ​អំពី​មនុស្ស​ស្មោះ​ត្រង់​ដូច​ជា​លោក​ណូអេ និង​យេរេមា​ដែរ។ ថ្វី​បើ​មនុស្ស​តិច​ណាស់​បាន​ប្រព្រឹត្ត​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គាត់​ក៏​ដោយ នោះ​កិច្ច​បំរើ​ផ្សាយ​របស់​ពួក​គាត់​ក៏​បាន​ជោគ​ជ័យ​ដែរ។ សំខាន់​បំផុត​គឺ​ថា កិច្ច​បំរើ​របស់​គេ​បាន​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។

ការ​ធ្វើ​អ្វី​ៗ​ដ៏​ប្រសើរ​បំផុត​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន

១៤. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា អំពី​ពួក​អ្នក​ដែល​បាន​បំរើ​រហូត​ដល់​ចាស់​ក្នុង​កិច្ច​ការ​បំរើ​ទ្រង់​នោះ?

១៤ អ្នក​ប្រហែល​ជា​ជាប់​ក្នុង​កាលៈទេសៈ​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​អ្វី​ៗ ដែល​អ្នក​ចង់​ធ្វើ​ក្នុង​កិច្ច​បំរើ​ផ្សាយ​នោះ​ទេ។ ជា​ឧទាហរណ៍ ភាព​ចាស់​ជរា​អាច​ដាក់​កំរិត​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​សម្រេច​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា។ យ៉ាង​ណា​ក៏​ដោយ អ្នក​ប្រាជ្ញ​ម្នាក់​នោះ​បាន​សរសេរ​ថា៖ «ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្ដិសព្ទ»។ (សុភាសិត ១៦:៣១) ព្រះ​យេហូវ៉ា​រាប់​ទុក​ជីវិត​ដែល​ត្រូវ​បាន​ចំណាយ​ក្នុង​ការ​បំរើ​ទ្រង់ នោះ​ល្អ​ប្រសើរ​ណាស់​ហ្ន៎! បន្ថែម​ទៅ​ទៀត​នោះ មាន​បទ​គម្ពីរ​ចែង​ថា៖ «យើង[គឺ​ព្រះ​យេហូវ៉ា]នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែ​ប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែ​រក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ​និង​រំដោះ​អ្នក​រាល់​គ្នា»។ (អេសាយ ៤៦:៤, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ និង​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ទ្រង់​សន្យា​នឹង​ថែ​រក្សា​ហើយ​គាំទ្រ​អ្នក​បំរើ​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​ទ្រង់។

១៥. តើ​អ្នក​ជឿ​ថា​ព្រះ​យេហូវ៉ា​យោគ​យល់​នឹង​កាលៈទេសៈ​របស់​អ្នក​ទេ? ហើយ​ហេតុ​អ្វី?

១៥ អ្នក​ប្រហែល​ជា​កំពុង​តែ​ស៊ូ​ទ្រាំ​នឹង​ជម្ងឺ ឬ​ការ​ប្រឆាំង​ពី​គូ​ដែល​មិន​ជឿ​ដូច​អ្នក ឬ​ក៏​មាន​ភារកិច្ច​គ្រួសារ​ដ៏​ធ្ងន់​ធ្ងរ ឬ​មាន​បញ្ហា​ណា​ទៀត​ដ៏​ពិបាក​នោះ។ ព្រះ​យេហូវ៉ា​ទ្រង់​ទទួល​ស្គាល់​នូវ​កំរិត​និង​កាលៈទេសៈ​របស់​យើង ហើយ​ទ្រង់​ស្រឡាញ់​យើង​ដោយ​ព្រោះ​យើង​ខំ​ប្រឹង​បំរើ​ទ្រង់។ គឺ​ពិត​ជា​អ៊ីចឹង​មែន ទោះ​ជា​យើង​ធ្វើ​តិច​ជាង​អ្នក​ឯ​ទៀត​ក៏​ដោយ។ (កាឡាទី ៦:៤) ព្រះ​យេហូវ៉ា​ជ្រាប​ថា យើង​ជា​មនុស្ស​មិន​គ្រប់ល័ក្ខណ៍ និង​ទ្រង់​មាន​តុល្យភាព​អំពី​អ្វី​ៗ​ដែល​ទ្រង់​តម្រូវ​ពី​យើង​ដែរ។ (ទំនុកដំកើង ១៤៧:១១) ប្រសិន​បើ​យើង​ខំ​ធ្វើ​អ្វី​ៗ​ដ៏​ប្រសើរ​បំផុត​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន នោះ​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​មាន​តម្លៃ​ចំពោះ​ព្រះ ហើយ​ទ្រង់​នឹង​មិន​ភ្លេច​នូវ​ការ​ដែល​យើង​ប្រព្រឹត្ត​ដោយ​ជំនឿ​នោះ​ឡើយ។—លូកា ២១:១​-​៤

១៦. តើ​តាម​របៀប​ណា​ខ្លះ​ដែល​ក្រុម​ជំនុំ​ទាំង​មូល រួម​ចំណែក​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មនុស្ស​ម្នាក់​ទៅ​ជា​សិស្ស​នោះ?

១៦ សូម​ចង​ចាំ​ផង​ដែរ ថា​កិច្ច​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នេះ គឺ​ជា​កិច្ច​ការ​រួម​ជា​ក្រុម។ គ្មាន​នរណា​តែ​ម្នាក់​ឯង​ទេ ដែល​បង្កើត​ឲ្យ​មាន​សិស្ស​នោះ ដូច​ជា​ទឹក​ភ្លៀង​តែ​មួយ​ដំណក់​មិន​អាច​ស្រោច​ស្រព​ដំណាំ​ណា​មួយ​នោះ​ឡើយ។ ត្រូវ​មែន ស្មរបន្ទាល់​ម្នាក់​អាច​រក​ជួប​អ្នក​ចាប់​អារម្មណ៍​ម្នាក់ ព្រម​ទាំង​ដឹក​នាំ​ការ​សិក្សា​មួយ​ផង​ដែរ។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​ថ្មី​ម្នាក់​នោះ​មក​ឯ​សាល​ព្រះ​រាជាណាចក្រ​វិញ នោះ​ក្រុម​ជំនុំ​ទាំង​មូល​ក៏​ជួយ​គាត់​ទទួល​ស្គាល់​នូវ​សេចក្ដី​ពិត។ ភាព​កក់​ក្ដៅ​នៃ​ភាតរភាព​នេះ នឹង​បង្ហាញ​អំពី​ឥទ្ធិពល​ដែល​មក​ពី​វិញ្ញាណ​របស់​ព្រះ។ (កូរិនថូស​ទី​១ ១៤:២៤, ២៥) កូន​ក្មេង​និង​ក្មេង​ជំទង់​ឆ្លើយ​យ៉ាង​ក្បោះ​ក្បាយ ដែល​បង្ហាញ​ឲ្យ​អ្នក​ថ្មី​នោះ​ឃើញ​ថា ពួក​យុវវ័យ​របស់​យើង​គឺ​ខុស​ប្លែក​ពី​ពួក​យុវវ័យ​ក្នុង​លោកីយ៍។ អ្នក​ជម្ងឺ អ្នក​ខ្សោយ និង​អ្នក​ចាស់​ជរា​ក្នុង​ក្រុម​ជំនុំ នោះ​បង្រៀន​អ្នក​ថ្មី​ថា ការ​ស៊ូ​ទ្រាំ​រួម​បញ្ចូល​អ្វី​ផ្សេង​ៗ។ មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន ឬ​មាន​កំរិត​ប៉ុណ្ណា នោះ​យើង​រាល់​គ្នា​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​អ្នក​ថ្មី កាល​ដែល​ការ​ស្រឡាញ់​ចំពោះ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​កាន់​តែ​ចំរើន​ឡើង​ៗ និង​គេ​ជឿន​ទៅ​មុខ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ជា​រៀង​រាល់​ម៉ោង​ដែល​យើង​ចំណាយ​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង ជា​រៀង​រាល់​ដង​ដែល​យើង​ត្រឡប់​ទៅ​ជួប​គេ​វិញ និង​ការ​សន្ទនា​និមួយ​ៗ​ដែល​យើង​មាន​ជា​មួយ​អ្នក​ចាប់​អារម្មណ៍​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ នោះ​តែ​ឯង​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មិន​សូវ​សំខាន់​ប៉ុន្មាន​ទេ តែ​នេះ​ជា​ចំណែក​កិច្ច​ការ​ដ៏​ធំ​ធេង​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​សម្រេច។

១៧, ១៨. (ក) បន្ថែម​ទៅ​លើ​ការ​រួម​ធ្វើ​កិច្ច​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នោះ តើ​ដោយ​របៀប​ណា​ដែល​យើង​អាច​ទទួល​អំណរ​ដែល​មក​ពី​ការ​ឲ្យ​នោះ? (ខ) ដោយ​ទទួល​នូវ​អំណរ​ដែល​មក​ពី​ការ​ឲ្យ​នោះ តើ​យើង​ធ្វើ​តម្រាប់​តាម​អ្នក​ណា?

១៧ តាម​ការ​ពិត ក្រៅ​ពី​ការ​ចូល​រួម​នូវ​កិច្ច​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​ដ៏​សំខាន់​នេះ យើង​ជា​ពួក​គ្រីស្ទាន​ទទួល​អំណរ​ពី​ការ​ឲ្យ​តាម​របៀប​ផ្សេង​ៗ​ទៀត​ដែរ។ យើង​អាច​ទុក​លុយ​ខ្លះ​ជា​វិភាគទាន​ដើម្បី​គាំទ្រ​នូវ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នេះ និង​ដើម្បី​ជួយ​អ្នក​ដែល​ខ្វះ​ខាត​ដែរ។ (លូកា ១៦:៩; កូរិនថូស​ទី​១ ១៦:១, ២) យើង​អាច​ឆ្លៀត​រក​ឱកាស​បង្ហាញ​ការ​រួស​រាយ​ចំពោះ​អ្នក​ដទៃ។ (រ៉ូម ១២:១៣) យើង​អាច​ខំ«ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»។ (កាឡាទី ៦:១០) ហើយ​តាម​របៀប​ដ៏​សាមញ្ញ តែ​សំខាន់​នោះ យើង​អាច​ឲ្យ​ដល់​អ្នក​ដទៃ ដោយ​ផ្ញើ​សំបុត្រ ទូរស័ព្ទ​ទៅ​រក​គេ ឲ្យ​អំណោយ​មួយ ជួយ​គេ​អ្វី​ម្យ៉ាង ឬ​ដោយ​ពាក្យ​សំដី​ដ៏​លើក​ទឹក​ចិត្ត​ជា​ដើម។

១៨ ដោយ​ការ​ឲ្យ​នោះ យើង​បង្ហាញ​ថា យើង​ធ្វើ​តម្រាប់​តាម​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ យើង​ថែម​ទាំង​សម្ដែង​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន ដែល​ជា​សញ្ញា​សម្គាល់​ពួក​គ្រីស្ទាន​ពិត។ (យ៉ូហាន ១៣:៣៥) ដោយ​នឹក​ចាំ​របស់​ទាំង​នេះ នោះ​នឹង​ជួយ​យើង​ទទួល​នូវ​អំណរ​ដែល​មក​ពី​ការ​ឲ្យ។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​បាន​តាំង​គំរូ​អ្វី ក្នុង​ការ​ឲ្យ​ខាង​វិញ្ញាណ​នោះ?

តើ​យើង​អាច​បង្កើត​ឲ្យ​មាន​មិត្ត​សំឡាញ់​ដ៏​ស្ថិត​ស្ថេរ​នោះ តាម​របៀប​ណា?

តើ​យើង​អាច​ចាត់​វិធានការ​ណា​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​បំរើ​ផ្សាយ​របស់​យើង​បាន​ជោគ​ជ័យ​ច្រើន​ជាង​នោះ?

តើ​តាម​របៀប​ណា​ខ្លះ​ដែល​គ្រប់​គ្នា​ក្នុង​ក្រុម​ជំនុំ អាច​ទទួល​អំណរ​ដែល​មក​ពី​ការ​ឲ្យ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៤]

នៅ​ពេល​ដែល​កូន​ធ្វើ​តាម​ការ​បង្ហាត់​បង្រៀន​នោះ មាតា​បិតា​មាន​អំណរ​និង​ស្កប់​ស្កល់​ចិត្ត​ជា​ខ្លាំង

[រូប​ភាព​នៅ​ទំព័រ​១៥]

ក្នុង​កិច្ច​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន សិស្ស យើង​អាច​បង្កើត​ឲ្យ​មាន​មិត្ត​ជិត​ស្និទ្ធ

[រូប​ភាព​នៅ​ទំព័រ​១៦]

ព្រះ​យេហូវ៉ា​ជួយ​គាំទ្រ​យើង​នៅ​ពេល​ចាស់​ទៅ

[រូប​ភាព​នៅ​ទំព័រ​១៨]

តាម​របៀប​ដ៏​សាមញ្ញ តែ​សំខាន់​នោះ យើង​អាច​ទទួល​អំណរ​ដោយ​ការ​ឲ្យ