លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរធ្វើជាអ្នកច្រូតដោយមានចិត្តអំណរ!

ចូរធ្វើជាអ្នកច្រូតដោយមានចិត្តអំណរ!

ចូរ​ធ្វើ​ជា​អ្នក​ច្រូត​ដោយ​មាន​ចិត្ត​អំណរ!

«ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ។ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់»។—ម៉ាថាយ ៩:៣៧, ៣៨

១. តើ​អ្វី​ដែល​ជួយ​យើង​ព្យាយាម​បន្ត​ធ្វើ​ការ តាម​ព្រះ​ហឫទ័យ​របស់​ព្រះ?

 កាល​ណា​យើង​នឹក​ទៅ​ដល់​ថ្ងៃ​ដែល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក​នោះ យើង​ដែល​ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា មិន​ថា​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បី​បួន​ឆ្នាំ ឬ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ នេះ​មើល​ទៅ​ហាក់​ដូច​ជា​ទើប​តែ​បាន​កើត​ឡើង​ពី​ម្សិលមិញ​អ៊ីចឹង។ ការ​សរសើរ​ព្រះ​យេហូវ៉ា បាន​ក្លាយ​ទៅ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​ដែល​យើង​បាន​ឧទ្ទិស​ថ្វាយ​នោះ។ កាល​ដែល​យើង​បាន​ឆ្លៀត​យក​ពេល​វេលា​ដើម្បី​ជួយ​ប្រាប់​អ្នក​ដទៃ​ឲ្យ​ដឹង និង​ប្រហែល​ជា​ឲ្យ​គេ​ទទួល​នូវ​សារ​ខាង​ព្រះ​រាជាណាចក្រ នោះ​កិច្ច​បំរើ​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​អំណរ ជា​អ្វី​ដ៏​ចំបង​និង​សំខាន់​សំរាប់​យើង។ (អេភេសូរ ៥:១៥, ១៦) មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​ឃើញ​ថា ពេល​វេលា​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស កាល​ណា​យើង​រវល់«ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ»។ (កូរិនថូស​ទី​១ ១៥:៥៨) ទោះ​ជា​យើង​ជួប​ប្រទះ​បញ្ហា​នានា​ក៏​ដោយ អំណរ​របស់​យើង​ក្នុង​ការ​ធ្វើ​ការ​របស់​ព្រះ​យេហូវ៉ា តែង​ជំរុញ​យើង​ឲ្យ​ព្យាយាម​បន្ត​ទៅ​មុខ។—នេហេមា ៨:១០

២. តើ​អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​ក្នុង​កិច្ចការ​ដែល​ប្រៀប​ប្រដូច​ទៅ​នឹង​ចំរូត​នោះ?

ជា​ពួក​គ្រីស្ទាន យើង​កំពុង​តែ​ជាប់​រវល់​នឹង​កិច្ចការ​ដែល​ប្រៀប​ប្រដូច​ទៅ​នឹង​ការ​ច្រូត។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ប្រៀប​ប្រដូច​ការ​ប្រមូល​មនុស្ស​ឲ្យ​ទទួល​ជីវិត​ជា​រៀង​រហូត ទៅ​នឹង​ចំរូត​មួយ។ (យ៉ូហាន ៤:៣៥​-​៣៨) ដោយ​ព្រោះ​យើង​កំពុង​តែ​ចូល​រួម​នឹង​សកម្មភាព​ច្រូត​នេះ គឺ​ជា​ការ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត បើ​យើង​ពិនិត្យ​មើល​នូវ​អំណរ​នៃ​ពួក​អ្នក​ច្រូត​ដែល​ជា​ពួក​គ្រីស្ទាន​ពី​ដើម។ យើង​នឹង​ពិនិត្យ​មើល​កត្ដា​បី​យ៉ាង ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​នៅ​ក្នុង​ការ​ច្រូត​សព្វ​ថ្ងៃ​នេះ។ កត្ដា​ទាំង​នេះ​គឺ (១) សារ​នៃ​សេចក្ដី​សង្ឃឹម​របស់​យើង (២) ជោគ​ជ័យ​នៃ​ការ​ស្វែង​រក​របស់​យើង និង(៣) អាកប្បកិរិយា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​នាម​ជា​អ្នក​ច្រូត។

បាន​ត្រូវ​បញ្ជូន​ឲ្យ​ធ្វើ​ជា​អ្នក​ច្រូត

៣. តើ​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ពី​ដើម​មាន​អំណរ​ដោយ​សារ​អ្វី?

ជីវិត​របស់​ពួក​អ្នក​ច្រូត​ពី​ដើម ជា​ពិសេស​ពួក​សាវ័ក​១១​នាក់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេស៊ូ បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​មួយ​នោះ​ជា​ឆ្នាំ​៣៣​ស.យ. ជា​ពេល​ដែល​ពួក​គេ​បាន​ទៅ​ឯ​ភ្នំ​មួយ​នៅ​ស្រុក​កាលីឡេ ដើម្បី​ទៅ​ជួប​ព្រះ​គ្រីស្ទ​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ! (ម៉ាថាយ ២៨:១៦) «ពួក​បង​ប្អូន​ជាង​៥០០​នាក់»ប្រហែល​ជា​មាន​វត្តមាន​នៅ​គ្រា​នោះ​ដែរ។ (កូរិនថូស​ទី​១ ១៥:៦) មុខ​ងារ​នោះ​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​គេ បាន​រំឭក​ពួក​គេ​ជា​និច្ច។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:១៩, ២០) ទោះ​ជា​មាន​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ក៏​ដោយ ពួក​គេ​បាន​មាន​អំណរ​ច្រើន​ក្នុង​កិច្ច​ការ​ច្រូត​នេះ កាល​ដែល​ពួក​គេ​បាន​ឃើញ​ក្រុម​ជំនុំ​របស់​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ បាន​ស្ថាបនា​ឡើង​នៅ​កន្លែង​ជា​ច្រើន។ ក្រោយ​មក ‹ដំណឹង​ល្អ​នេះ​បាន​ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ›។—កូល៉ុស ១:២៣; កិច្ច​ការ ១:៨; ១៦:៥

៤. តើ​មាន​ស្ថានភាព​បែប​ណា ពេល​ដែល​សិស្ស​របស់​ព្រះ​គ្រីស្ទ​បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​នោះ?

ក្នុង​កំឡុង​ពេល​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​នៅ​ស្រុក​កាលីឡេ​តាំង​ពី​មុន​នោះ ទ្រង់​បាន​ហៅ​ប្រជុំ​ពួក​សាវ័ក​១២​នាក់ ហើយ​បាន​បញ្ជូន​គេ​ឲ្យ​ទៅ​ប្រកាស ជា​ពិសេស​អំពី​នេះ​ថា៖ «នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ!»។ (ម៉ាថាយ ១០:១​-​៧) សូម្បី​តែ​អង្គ​ទ្រង់​ក៏​បាន«យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ[នៅ​ស្រុក​កាលីឡេ] ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺ​រោគា​នឹង​ជរា​ពិការ ក្នុង​ពួក​បណ្ដា​ជន​ឲ្យ​បាន​ជា»។ ព្រះ​យេស៊ូ​បាន​មាន​ព្រះ​ទ័យ​ក្ដួល​អាណិត​ដល់​បណ្ដា​ជន«ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ (ម៉ាថាយ ៩:៣៥, ៣៦) ដោយ​មាន​អារម្មណ៍​ជំរុញ​ជា​ខ្លាំង​នោះ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា៖ «ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ។ ដូច្នេះ ចូល​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់»។ (ម៉ាថាយ ៩:៣៧, ៣៨) តាម​ការ​ស្ទង់​ប៉ាន់​មើល​របស់​ព្រះ​យេស៊ូ​អំពី​តម្រូវ​ការ​រក​ពួក​អ្នក​ច្រូត គឺ​មាន​ដូច​គ្នា​នៅ​ស្រុក​យូដា កាល​ដែល​កិច្ច​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី​មាន​តែ​ប្រាំ​មួយ​ខែ​ទៀត​ប៉ុណ្ណោះ។ (លូកា ១០:២) នៅ​គ្រា​ទាំង​ពីរ​នេះ ទ្រង់​បាន​បញ្ជូន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ធ្វើ​ជា​អ្នក​ច្រូត។—ម៉ាថាយ ១០:៥; លូកា ១០:៣

សារ​នៃ​សេចក្ដី​សង្ឃឹម​របស់​យើង

៥. តើ​សារ​ប្រភេទ​ណា ដែល​យើង​ផ្សាយ​ប្រកាស​នោះ?

ជា​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ យើង​តប​ឆ្លើយ​ដោយ​អរ​សប្បាយ​នឹង​ការ​អំពាវនាវ​រក​ពួក​អ្នក​ច្រូត។ កត្ដា​មួយ​ដែល​ជួយ​បង្កើន​អំណរ​ជា​ខ្លាំង​ដល់​យើង គឺ​ថា​យើង​ផ្ដល់​ឲ្យ​សារ​នៃ​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ដែល​តូច​ចិត្ត​និង​ធ្លាក់​ទឹក​ចិត្ត។ ដូច​សិស្ស​របស់​ព្រះ​យេស៊ូ​នៅ​សតវត្ស​ទី​មួយ​ដែរ នោះ​យើង​មាន​ឯកសិទ្ធិ​ដ៏​ល្អ​មែន​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​នេះ ដែល​ជា​សារ​ដ៏​ពិត​ប្រាកដ​ខាង​សេចក្ដី​សង្ឃឹម ជូន​អស់​អ្នក​ដែល«ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម​ដែល​ឥត​អ្នក​គង្វាល»។

៦. តើ​ពួក​សាវ័ក​បាន​ជាប់​រវល់​នឹង​សកម្មភាព​អ្វី​នៅ​សតវត្ស​ទី​មួយ?

មក​ដល់​ពាក់​កណ្ដាល​សតវត្ស​ទី​មួយ នោះ​សាវ័ក​ប៉ុល​បាន​ជាប់​រវល់​នឹង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ការ​ច្រូត​របស់​គាត់​បាន​មាន​ប្រសិទ្ធិភាព​យ៉ាង​ប្រាកដ ដ្បិត​ពេល​សរសេរ​ជូន​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស​នៅ​ឆ្នាំ​៥៥ ស.យ. នោះ​គាត់​បាន​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ! ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង»។ (កូរិនថូស​ទី​១ ១៥:១) ពួក​សាវ័ក​និង​ពួក​គ្រីស្ទាន​ពី​ដើម គឺ​ជា​ពួក​អ្នក​ច្រូត​ដែល​ឧស្សាហ៍​ណាស់។ ទោះ​ជា​ព្រះ​គម្ពីរ​ឥត​ចែង​ប្រាប់​អំពី​សាវ័ក​ប៉ុន្មាន​នាក់ ដែល​បាន​រួច​រស់​ជីវិត​ពី​ព្រឹត្ដិការណ៍​ដ៏​សំខាន់ ដែល​បាន​មក​ដល់​ទី​បញ្ចប់​នៅ​ឯ​សេចក្ដី​ហិន​វិនាស​នៃ​ទី​ក្រុង​យេរូសាឡិម​នា​ឆ្នាំ​៧០ ស.យ.ក៏​ដោយ។ ប៉ុន្តែ យើង​ដឹង​ថា សាវ័ក​យ៉ូហាន​នៅ​តែ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ប្រមាណ​២៥​ឆ្នាំ​ក្រោយ​នោះ​ទៀត។—វិវរណៈ ១:៩

៧, ៨. តើ​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រកាស​បន្ទាន់​ជាង​មុន នូវ​សារ​នៃ​សេចក្ដី​សង្ឃឹម​អ្វី?

រួច​មក គឺ​មាន​ការ​ជិះ​ជាន់​ជា​ច្រើន​សតវត្ស​ដោយ​គណៈ​បព្វជិត​ខាង​ពិភព​គ្រីស្ទ​សាសនា គឺ«មនុស្ស​ដែល​ជា​តួ​បាប»ដ៏​ជា​អ្នក​ក្បត់​ជំនឿ។ (ថែស្សាឡូនីច​ទី​២ ២:៣) ប៉ុន្តែ មក​ជិត​ចុង​បញ្ចប់​នៃ​សតវត្ស​ទី​១៩ អស់​អ្នក​ដែល​ស្វែង​រក​លំនាំ​តាម​សាសនា​គ្រីស្ទាន​ពី​ដើម បាន​យក​សារ​នៃ​សេចក្ដី​សង្ឃឹម​នោះ ដោយ​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ។ តាម​ការ​ពិត តាំង​ពី​ឯកសារ​ដំបូង (នៅ​ខែ​កក្កដា ឆ្នាំ​១៨៧៩) ចំណង​ជើង​នៃ​ទស្សនាវដ្ដី​នេះ​បាន​រួម​បញ្ចូល​ពាក្យ​ដូច​ត​ទៅ​នេះ គឺ«ការ​ប្រកាស​អំពី​វត្តមាន​របស់​ព្រះ​គ្រីស្ទ» «ការ​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ» ឬ«ការ​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា»។

ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​នៅ​ស្ថាន​សួគ៌ បាន​ស្ថាបនា​ក្រោមការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​នៅ​ឆ្នាំ​១៩១៤ ហើយ​ឥឡូវ​នេះ​យើង​កំពុង​តែ​ប្រកាស​សារ​នៃ​សេចក្ដី​សង្ឃឹម​នេះ ដោយ​ដឹង​អំពី​ភាព​ជា​បន្ទាន់​ជាង​មុន​ៗ​ទៅ​ទៀត។ ហេតុ​អ្វី? ពីព្រោះ​ក្នុង​ចំណោម​ពរ​នានា​ដែល​មក​ពី​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ​នោះ គឺ​នឹង​នាំ​មក​ដល់​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ។ (ដានីយ៉ែល ២:៤៤) តើ​អាច​មាន​សារ​ល្អ​ប្រសើរ​ជាង​នេះ​ឬ​ទេ? និង​តើ​អាច​មាន​កិច្ច​ការ​ណា​ទៀត​ដែល​នាំ​ឲ្យ​មាន​អំណរ​ច្រើន​ជាង ការ​ចូល​រួម​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ មុន​នឹង«សេចក្ដី​វេទនា​ជា​ខ្លាំង»ផ្ទុះ​ឡើង​នោះ?—ម៉ាថាយ ២៤:២១; ម៉ាកុស ១៣:១០

ការ​ស្វែង​រក​ដ៏​ជោគ​ជ័យ

៩. តើ​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​សិស្ស​ទ្រង់​ធ្វើ​អ្វី? ហើយ​តើ​មនុស្ស​មាន​ទឹក​ចិត្ត​យ៉ាង​ណា​នឹង​សារ​អំពី​ព្រះ​រាជាណាចក្រ​នោះ?

កត្ដា​មួយ​ទៀត​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​ជា​ពួក​អ្នក​ច្រូត គឺ​ការ​ស្វែង​រក​ដោយ​ជោគ​ជ័យ​នូវ​អស់​អ្នក​ដែល​ក្លាយ​ទៅ​ជា​សិស្ស ហើយ​ចូល​រួម​ជា​មួយ​យើង​ក្នុង​កិច្ច​ការ​ច្រូត​នេះ។ នៅ​ឯ​ឆ្នាំ​៣១​-​៣២​ស.យ. ព្រះ​យេស៊ូ​បាន​បង្គាប់​សិស្ស​ទ្រង់​ថា៖ «នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ»។ (ម៉ាថាយ ១០:១១) មិន​មែន​មនុស្ស​ទាំង​អស់​ដែល​សម​ទទួល​ទេ នេះ​អាច​ឃើញ​បាន​ដោយ​ប្រតិកម្ម​របស់​គេ​ចំពោះ​សារ​ខាង​ព្រះ​រាជាណាចក្រ។ យ៉ាង​ណា​ក៏​ដោយ សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​នូវ​ដំណឹង​ល្អ​នេះ នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​គេ​ជួប​មនុស្ស។

១០. តើ​ដោយ​ដូច​ម្ដេច​ដែល​ប៉ុល​បាន​ស្វែង​រក​ពួក​អ្នក​ដែល​សម​ទទួល?

១០ ក្រោយ​ពី​ការ​សោយ​ទិវង្គត​និង​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ នោះ​ការ​ស្វែង​រក​ពួក​អ្នក​ដែល​សម​ទទួល បាន​បន្ត​យ៉ាង​អង់អាច។ ប៉ុល​បាន​ពន្យល់​វែក​ញែក​ជា​មួយ​ពួក​ជាតិ​យូដា​នៅ​ឯ​សាលា​ប្រជុំ​គេ និង​ជា​មួយ​មនុស្ស​នៅ​ឯ​ផ្សារ​ក្នុង​ទី​ក្រុង​អាថែន។ នៅ​ពេល​ដែល​គាត់​បាន​ធ្វើ​បន្ទាល់​នៅ​ឯ​ភ្នំ​អើរីយ៉ូស នៅ​ទី​ក្រុង​នោះ​ក្នុង​ប្រទេស​ក្រិក គឺ«មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ឌេវនីស ជា​ចៅ​ក្រម​នៅ​ភ្នំ​អើរីយ៉ូស នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស ហើយ​នឹង​អ្នក​ខ្លះ​ទៀត​ដែរ»។ នៅ​កន្លែង​ណា​ក៏​ដោយ ដែល​ប៉ុល​បាន​ទៅ នោះ​គាត់​បាន​តាំង​គំរូ​ដ៏​ល្អ​ក្នុង​ការ​ផ្សព្វ​ផ្សាយ«នៅ​កណ្ដាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង»។—កិច្ច​ការ ១៧:១៧, ៣៤; ២០:២០

១១. ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ តើ​គេ​ធ្វើ​កិច្ច​បំរើ​តាម​វិធី​ណា​ខ្លះ?

១១ ក្នុង​កំឡុង​ទសវត្ស​នា​ដំណាច់​សតវត្ស​ទី​១៩ នោះ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ចូល​រួម​យ៉ាង​ក្លាហាន ដើម្បី​ស្វែង​រក​អស់​អ្នក​ដែល​សម​ទទួល​នោះ។ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន នៅ​ខែ​កក្កដា​និង​ខែ​សីហា ឆ្នាំ​១៨៨១​មាន​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា៖ «បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដើម្បី​ផ្សព្វ​ផ្សាយ» ហើយ​បាន​ចែង​ថា៖ «ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ . . . កំពុង​តែ​កើត​មាន​ឡើង​ដល់‹ពួក​អ្នក​រាប​សា› គឺ​អស់​អ្នក​ដែល​សុខ​ចិត្ត​ស្ដាប់ ដើម្បី​ស្ថាបនា​ពី​ចំណោម​គេ​នូវ​គណៈ​ជា​រូប​កាយ​ព្រះ​គ្រីស្ទ ជា​ពួក​អ្នក​គ្រង​មរតក»។ ពួក​អ្នក​ច្រូត​របស់​ព្រះ​ទាំង​នេះ បាន​ជួប​ជា​ញឹក​ញយ​នូវ​មនុស្ស​ដែល​ចេញ​ពី​វិហារ​ក្រោយ​ពី​កម្ម​វិធី​សាសនា​ចប់ ហើយ​បាន​ឲ្យ​គេ​ខិត្តប័ណ្ណ​ដែល​មាន​សារ​ពី​បទ​គម្ពីរ និង​បាន​ត្រូវ​រៀបចំ​ដើម្បី​បង្កើត​ឲ្យ​អ្នក​សម​ទទួល​មាន​ចំណាប់​អារម្មណ៍។ ក្រោយ​ពី​បាន​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​នូវ​ប្រសិទ្ធិភាព​នៃ​វិធី​ធ្វើ​បន្ទាល់​នេះ នោះ​ទស្សនាវដ្ដី​ប៉ម​យាម នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩០៣ បាន​ដាស់​តឿន​ពួក​អ្នក​ច្រូត​ឲ្យ​ចែក​ចាយ​ខិត្តប័ណ្ណ​នានា «ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ថ្ងៃ​អាទិត្យ​ពេល​ព្រឹក»។

១២. តើ​យើង​បាន​បង្កើន​ប្រសិទ្ធិភាព​នៃ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង យ៉ាង​ដូច​ម្ដេច? សូម​ពន្យល់។

១២ នៅ​ឆ្នាំ​ថ្មី​ៗ​នេះ យើង​បាន​ពង្រីក​កិច្ច​បំរើ​ផ្សាយ​របស់​យើង ដោយ​ទៅ​ជួប​មនុស្ស​នៅ​ឯ​កន្លែង​ផ្សេង​ទៀត ក្រៅ​ពី​ផ្ទះ​របស់​គេ។ នេះ​ធ្លាប់​មាន​ប្រសិទ្ធិភាព​ណាស់ នៅ​ក្នុង​ប្រទេស​នានា​ដែល​ស្ថានភាព​ខាង​សេដ្ឋកិច្ច និង​ការ​និយម​ដើរ​កំសាន្ត​បាន​បណ្ដាល​ឲ្យ​គេ​ចេញ​ពី​ផ្ទះ​របស់​គេ ក្នុង​ពេល​វេលា​ដែល​យើង​ទៅ​ជួប​គេ​ជា​ធម្មតា​នោះ។ ស្មរបន្ទាល់​ម្នាក់​នៅ​ប្រទេស​អង់គ្លេស​និង​ដៃ​គូ​របស់​គាត់ បាន​សង្កេត​ឃើញ​ថា ភ្ញៀវ​ចាក​ចេញ​ជា​ទៀង​ទាត់​តាម​ឡាន​ក្រុង ក្រោយ​ពី​បាន​កំសាន្ត​កាយ​ពេញ​មួយ​ថ្ងៃ​នៅ​ឯ​ឆ្នេរ​សមុទ្រ។ ពួក​គេ​ប្រមូល​ផ្ដុំ​នូវ​ចិត្ត​ក្លាហាន​ឡើង​ឡាន​ក្រុង​នានា និង​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!ជូន​អ្នក​ធ្វើ​ដំណើរ។ ពួក​គេ​បាន​ចែក​ចាយ​ទស្សនាវដ្ដី​អស់​២២៩​ក្បាល​ក្នុង​មួយ​ខែ។ ពួក​គេ​រាយ​ការណ៍​ប្រាប់​ថា៖ «យើង​ឥត​មាន​ចិត្ត​ខ្លាច​អំពី​ការ​ធ្វើ​បន្ទាល់​នៅ​មាត់​សមុទ្រ តំបន់​ខាង​ជំនួញ ឬ​ការ​ពិបាក​ឯ​ទៀត​ដែល​យើង​អាច​ជួប​ប្រទះ​នោះ​ទេ ពីព្រោះ​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​តែង​តែ​គង់​នៅ​ជា​មួយ​យើង»។ ពួក​គេ​បាន​ចែក​ចាយ​ទស្សនាវដ្ដី​តាម​ផ្លូវ បាន​ចាប់​ផ្ដើម​បង្រៀន​សិស្ស​ព្រះ​គម្ពីរ ហើយ​គេ​ទាំង​ពីរ​នាក់​បាន​រួម​ចំណែក​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ។

១៣. សព្វ​ថ្ងៃ​នេះ​នៅ​កន្លែង​ខ្លះ​ៗ តើ​ត្រូវ​ការ​កែ​សម្រួល​អ្វី​ស្តី​អំពី​កិច្ច​បំរើ​យើង?

១៣ កាល​ដែល​យើង​បន្ត​ស្វែង​រក​អ្នក​សម​ទទួល នោះ​ប្រហែល​ជា​ត្រូវ​មាន​ការ​ពិនិត្យ​មើល​យ៉ាង​ប្រយ័ត្ន​ប្រយែង​ខាង​ផ្នែក​ខ្លះ​ៗ​នៃ​កិច្ច​បំរើ​ផ្សាយ​របស់​យើង។ ទោះ​ជា​ស្មរបន្ទាល់​ជា​ច្រើន​ធ្លាប់​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នៅ​ថ្ងៃ​អាទិត្យ​ពេល​ព្រឹក។ តែ​នៅ​កន្លែង​ខ្លះ ពួក​គេ​ឃើញ​ថា ការ​ទៅ​ជួប​មនុស្ស​នៅ​ឯ​ផ្ទះ​ពេល​ព្រឹក​ដូច្នេះ មាន​ប្រសិទ្ធិភាព​តិច​ជាង ពីព្រោះ​ម្ចាស់​ផ្ទះ​ប្រហែល​ជា​កំពុង​តែ​គេង។ ដោយ​កែ​សម្រួល​កាល​វិភាគ​របស់​ពួក​គេ នោះ​ស្មរបន្ទាល់​ជា​ច្រើន​ឥឡូវ​កំពុង​ស្វែង​រក​ជួប​មនុស្ស​ពេល​ថ្ងៃ​បន្ដិច ប្រហែល​ជា​បន្ទាប់​ពី​កិច្ច​ប្រជុំ​គ្រីស្ទាន។ ហើយ​ការ​ស្វែង​រក​បែប​នេះ ប្រាកដ​ជា​មាន​ផល​ផ្លែ​មែន។ ឆ្នាំ​មុន​នេះ ចំនួន​អ្នក​ផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ បាន​កើន​២,៣​ភាគ​រយ​ទូទាំង​ពិភព​លោក។ កិច្ច​ការ​ស្វែង​រក​នេះ​លើក​កិត្ដិយស​ឲ្យ​ចៅហ្វាយ​នៃ​ចំរូត និង​នាំ​ឲ្យ​យើង​មាន​ចិត្ត​ត្រេក​អរ​ដែរ។

រក្សា​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​កិច្ច​ការ​ចំរូត

១៤. តើ​យើង​គួរ​មាន​អាកប្បកិរិយា​យ៉ាង​ណា ពេល​យើង​ផ្សព្វ​ផ្សាយ​សារ​របស់​យើង? ហើយ​ហេតុ​អ្វី?

១៤ មូលហេតុ​មួយ​ទៀត​ចំពោះ​អំណរ​យើង ទាក់​ទង​នឹង​អាកប្បកិរិយា​ដែល​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត ដែល​យើង​សម្ដែង​ពេល​ធ្វើ​កិច្ច​ការ​ចំរូត។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរ​អ្នក​ផ្ទះ​នោះ​ដែរ បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ!»។ (ម៉ាថាយ ១០:១២, ១៣) ពាក្យ​គំនាប់​ជា​ភាសា​ហេព្រើរ និង​ពាក្យ​ដែល​ស្មើ​គ្នា​នោះ​ជា​ភាសា​ក្រិក ទាំង​ពីរ​បង្ហាញ​ឲ្យ​ឃើញ​គំនិត​ដែល​ថា៖ ‹សូម​ឲ្យ​អ្នក​បាន​សុខ!›។ អាកប្បកិរិយា​នេះ​ជួយ​នាំ​ផ្លូវ​យើង​ពេល​ទៅ​ជួប​មនុស្ស ពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ យើង​សង្ឃឹម​ថា គេ​នឹង​ប្រព្រឹត្ត​តប​យ៉ាង​ល្អ​នឹង​សារ​ខាង​ព្រះ​រាជាណាចក្រ​នេះ។ ចំពោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តប​យ៉ាង​ល្អ នោះ​គឺ​មាន​សេចក្ដី​សង្ឃឹម​ដើម្បី​ផ្សះ​ផ្សា​នឹង​ព្រះ កាល​ដែល​គេ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​គេ​ហើយ​ត្រឡប់​មក​វិញ និង​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​នោះ។ ជា​លទ្ធផល សន្ដិភាព​ជា​មួយ​នឹង​ព្រះ​នាំ​ឲ្យ​មាន​ជីវិត​ជា​រៀង​រហូត។—យ៉ូហាន ១៧:៣; កិច្ច​ការ ៣:១៩; ១៣:៣៨, ៤៨; កូរិនថូស​ទី​២ ៥:១៨​-​២០

១៥. តើ​យើង​អាច​រក្សា​អាកប្បកិរិយា​ដ៏​សុខ​សាន្ត​យ៉ាង​ណា ពេល​ជួប​ប្រទះ​នឹង​ការ​តប​ឆ្លើយ​ដ៏​មិន​ល្អ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង?

១៥ តើ​យើង​អាច​រក្សា​សេចក្ដី​សុខ​សាន្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច ពេល​ដែល​យើង​ជួប​នឹង​ការ​តប​ឆ្លើយ​ដ៏​មិន​ល្អ​នោះ? ព្រះ​យេស៊ូ​បាន​បង្គាប់​ថា៖ «តែ​បើ[អ្នក​ផ្ទះ]មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខ​សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ»។ (ម៉ាថាយ ១០:១៣) កំណត់​ហេតុ​របស់​លូកា​អំពី​ការ​បញ្ជូន​សិស្ស​៧០​នាក់ នោះ​រួម​បញ្ចូល​នូវ​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ ដែល​ថា៖ «បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្ដី​សុខ​សាន្ត នោះ​សេចក្ដី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ។ បើ​គ្មាន​ទេ នោះ​សេចក្ដី​សុខ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ»។ (លូកា ១០:៦) នៅ​ពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជូន​មនុស្ស យើង​ធ្វើ​អ៊ីចឹង​ដោយ​ទឹក​ចិត្ត​ដ៏​ល្អ​និង​តាម​សន្ដិវិធី។ ការ​តប​ឆ្លើយ​ដែល​មិន​អើពើ ដែល​ត្អូញត្អែរ ឬ​ការ​និយាយ​ដ៏​មិន​ល្អ​ដោយ​ម្ចាស់​ផ្ទះ គ្រាន់​តែ​នាំ​ឲ្យ​សារ​ដ៏​សុខ​សាន្ត​របស់​យើង‹ត្រឡប់​មក​យើង›វិញ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​តប​ឆ្លើយ​បែប​នេះ មិន​បង្ខូច​នូវ​សេចក្ដី​សុខ​សាន្ត​របស់​យើង ដែល​ជា​ផល​ផ្លែ​នៃ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ឡើយ។—កាឡាទី ៥:២២, ២៣

គោល​ដៅ​ដ៏​ល្អ​ចំពោះ​ពួក​អ្នក​ច្រូត

១៦, ១៧. (ក) តើ​យើង​មាន​គោល​ដៅ​អ្វី ពេល​ត្រឡប់​ទៅ​ជួប​គេ​វិញ? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​អស់​អ្នក​ដែល​មាន​សំនួរ​អំពី​ព្រះ​គម្ពីរ?

១៦ ជា​ពួក​អ្នក​ច្រូត យើង​ត្រេក​អរ​ដោយ​រួម​ចំណែក​ក្នុង​ការ​ប្រមូល​មនុស្ស​ឲ្យ​បាន​ជីវិត​ជា​រៀង​រហូត។ ហើយ​យើង​មាន​អំណរ​មែន ពេល​ដែល​បុគ្គល​ម្នាក់​តប​ឆ្លើយ​យ៉ាង​ល្អ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​របស់​យើង ដោយ​ចង់​រៀន​ថែម​ទៀត​ដែល​បង្ហាញ​ថា«ចូល​ចិត្ត​នឹង​សេចក្ដី​សុខ​សាន្ត»! ប្រហែល​ជា​គាត់​មាន​សំនួរ​ជា​ច្រើន​អំពី​ព្រះ​គម្ពីរ ហើយ​យើង​មាន​ការ​ពិបាក​នឹង​ឆ្លើយ​សំនួរ​ទាំង​អស់​នោះ ក្នុង​កំឡុង​ពេល​ដែល​ជួប​គ្នា​តែ​ម្ដង​នោះ។ ដោយ​ព្រោះ​ការ​នៅ​យូរ​ពេក​ក្នុង​កាល​ដែល​ជួប​លើក​ដំបូង ប្រហែល​ជា​មិន​សូវ​សមរម្យ​ទេ តើ​អាច​សម្រេច​ការ​នេះ​បាន​យ៉ាង​ណា? យើង​អាច​មាន​គោល​ដៅ តាម​យោបល់​ដែល​បាន​ត្រូវ​ជូន​មក​ប្រមាណ​៦០​ឆ្នាំ​កន្លង​ទៅ​នេះ។

១៧ «ស្មរបន្ទាល់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា គួរ​តែ​ត្រៀម​ខ្លួន​ដឹក​នាំ​ការ​សិក្សា​ដែល​ជា​គំរូ​ក្នុង​ព្រះ​គម្ពីរ»។ មាន​សេចក្ដី​ថ្លែង​នេះ​នៅ​ក្នុង​កូន​សៀវភៅ​ផ្នែក​ទី​បី​នៃ​សៀវភៅ​បង្ហាត់​បង្រៀន​ដែល​មាន​ជា​លំដាប់ គឺ​ការ​សិក្សា​ដែល​ជា​គំរូ បាន​ត្រូវ​បោះ​ពុម្ព​ពី​ឆ្នាំ​១៩៣៧​ទៅ​ឆ្នាំ​១៩៤១។ កូន​សៀវភៅ​នោះ​ចែង​ទៀត​ថា៖ «គ្រប់​អ្នក​ផ្សព្វ​ផ្សាយ​សារ[ព្រះ​រាជាណាចក្រ] គួរ​យក​ចិត្ត​ទុក​ដាក់​ជួយ​តាម​គ្រប់​វិធី​ដែល​អាច​ធ្វើ​ទៅ​បាន ចំពោះ​មនុស្ស​ដែល​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ព្រះ ទាំង​មាន​ចំណាប់​អារម្មណ៍​នឹង​សារ​ខាង​ព្រះ​រាជាណាចក្រ។ គួរ​ត្រឡប់​ទៅ​ជួប​មនុស្ស​ទាំង​នេះ ដោយ​ឆ្លើយ​សំនួរ​ផ្សេង​ៗ . . . ហើយ​រួច​មក​ចាប់​ផ្ដើម​ការ​សិក្សា​ដែល​ជា​គំរូ . . . ឲ្យ​បាន​ភ្លាម បើ​អាច​ធ្វើ​ទៅ​បាន»។ ត្រូវ​ហើយ ពេល​ដែល​យើង​ត្រឡប់​ទៅ​ជួប​គេ​វិញ យើង​មាន​គោល​ដៅ​ចង់​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ និង​ដឹក​នាំ​ការ​សិក្សា​នោះ​ជា​ទៀង​ទាត់។ a អាកប្បកិរិយា​ដ៏​រាក់​ទាក់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​ចាប់​អារម្មណ៍ នោះ​ជំរុញ​យើង​ឲ្យ​រៀបចំ​បាន​ល្អ និង​នាំ​មុខ​ការ​សិក្សា​យ៉ាង​ណា​ដែល​មាន​ប្រសិទ្ធិភាព​ជាង។

១៨. តើ​តាម​របៀប​ណា ដែល​យើង​អាច​ជួយ​អ្នក​ថ្មី​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ?

១៨ ដោយ​មាន​ជំនួយ​ពី​សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច និង​សៀវភៅ​ស្តើង តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? នោះ​យើង​អាច​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ដោយ​មាន​ប្រសិទ្ធិភាព។ ដូច្នេះ យើង​អាច​រួម​ចំណែក​ក្នុង​ការ​ជួយ​អ្នក​ចាប់​អារម្មណ៍​ថ្មី ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​ដែរ។ កាល​ដែល​យើង​ខំ​យក​តម្រាប់​តាម​អ្នក​បង្រៀន​ដ៏​ឧត្តម គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ប្រហែល​ជា​សិស្ស​ព្រះ​គម្ពីរ​បែប​នេះ ក៏​នឹង​រៀន​ពី​ការ​ប្រព្រឹត្ត​ដ៏​សុភាព ដែល​នាំ​ឲ្យ​មាន​អំណរ ហើយ​ដ៏​ស្មោះ​ស​របស់​យើង ថែម​ទាំង​អំពី​ការ​គោរព​របស់​យើង​ចំពោះ​ខ្នាត​តម្រា​និង​គោល​ការណ៍​ណែនាំ​របស់​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​យើង​ជួយ​បុគ្គល​ថ្មី​ៗ ដោយ​ឆ្លើយ​សំនួរ​របស់​គេ សូម​ឲ្យ​យើង​ជួយ​គេ​ឲ្យ​ចេះ​ឆ្លើយ​សំនួរ​ដែល​អ្នក​ផ្សេង​សួរ​គេ​ផង​ដែរ។ (ធីម៉ូថេ​ទី​២ ២:១, ២; ពេត្រុស​ទី​១ ២:២១) ជា​ពួក​អ្នក​ធ្វើ​កិច្ចការ​ដែល​ប្រៀប​ប្រដូច​នឹង​ចំរូត​មួយ យើង​ប្រាកដ​ជា​មាន​អំណរ ដែល​មាន​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ជា​មធ្យម​៤.៧៦៦.៦៣១​នាក់​ទូទាំង​ពិភព​លោក ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​កន្លង​ទៅ​នេះ។ ជា​ពិសេស​យើង​មាន​ចិត្ត​អរ​សប្បាយ បើ​យើង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ច្រូត ដែល​រួម​ចំណែក​នឹង​សកម្មភាព​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​នោះ​ដែរ។

ចូរ​បន្ត​អរ​សប្បាយ​ក្នុង​ចំរូត​នេះ​ចុះ!

១៩. ហេតុ​អ្វី​បាន​ជា​មាន​មូលហេតុ​ល្អ​ៗ ក្នុង​ការ​មាន​អំណរ​ចំពោះ​ចំរូត​នៅ​កំឡុង​ពេល​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ និង​គ្រា​បន្ដិច​ក្រោយ​នោះ​មក?

១៩ ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ និង​នៅ​គ្រា​បន្ដិច​ក្រោយ​នោះ​មក គឺ​មាន​មូលហេតុ​ដ៏​ល្អ​ឲ្យ​មាន​អំណរ​ក្នុង​ចំរូត​នេះ។ នៅ​ពេល​នោះ​មនុស្ស​ជា​ច្រើន​បាន​ប្រព្រឹត្ត​តប​យ៉ាង​ល្អ​នឹង​ដំណឹង​ល្អ។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​ស.យ. នោះ​មាន​អំណរ​យ៉ាង​ខ្លាំង ពីព្រោះ​មាន​ប្រមាណ​៣.០០០​នាក់​បាន​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​ពេត្រុស គឺ​បាន​ទទួល​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​សាសន៍​របស់​ព្រះ គឺ​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ។ ប្រាកដ​ហើយ ចំនួន​នោះ​បាន​បន្ត​រីក​ចំរើន​ឡើង ហើយ​មាន​អំណរ​ឡើង​ដែរ កាល​ដែល​ព្រះ​យេហូវ៉ា​បាន«បន្ថែម​នូវ​អស់​អ្នក ដែល​កំពុង​តែ​បាន​សង្គ្រោះ​រាល់​តែ​ថ្ងៃ ទៅ​ក្នុង​ពួក​ជំនុំ​ថែម​ទៀត»។—កិច្ច​ការ ២:៣៧​-​៤១, ៤៦, ៤៧; កាឡាទី ៦:១៦; ពេត្រុស​ទី​១ ២:៩

២០. តើ​អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ការ​ច្រូត​របស់​យើង?

២០ នៅ​ពេល​នោះ ទំនាយ​របស់​អេសាយ​ត្រូវ​បាន​ស​ឲ្យ​ឃើញ​ពិត​មែន ដែល​ថា៖ «[ព្រះ​យេហូវ៉ា]ទ្រង់​បាន​ប្រោស​ឲ្យ​បណ្ដា​ជន​ចំរើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីករាយ​ជា​ច្រើន​ឡើង​ដែរ។ គេ​មាន​សេចក្ដី​អំណរ​នៅ​ចំពោះ​ទ្រង់ ដូច​ជា​សេចក្ដី​អំណរ​ក្នុង​រដូវ​ចំរូត ហើយ​ដូច​ជា​សេចក្ដី​អំណរ​នៃ​មនុស្ស​ដែល​កំពុង​តែ​ចែក​របឹប​គ្នា»។ (អេសាយ ៩:៣) ទោះ​ជា​យើង​ឃើញ​នូវ‹សាសន៍​ដែល​មាន​មនុស្ស​ជា​ច្រើន›នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង បាន​ត្រូវ​បំពេញ​សឹង​តែ​អស់​នៅ​ពេល​ឥឡូវ​នេះ​ហើយ​ក៏​ដោយ នោះយើង​មាន​អំណរ​យ៉ាង​ច្រើន កាល​ដែល​យើង​សង្កេត​ឃើញ​ចំនួន​នៃ​ពួក​អ្នក​ច្រូត​ឯ​ទៀត រីក​ចំរើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។—ទំនុកដំកើង ៤:៧; សាការី ៨:២៣; យ៉ូហាន ១០:១៦

២១. តើ​យើង​នឹង​ពិគ្រោះ​រឿង​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់​នេះ?

២១ យើង​ប្រាកដ​ជា​មាន​មូលហេតុ​ដ៏​ល្អ​មែន ឲ្យ​យើង​មាន​ចិត្ត​អរ​សប្បាយ​ក្នុង​កិច្ច​ការ​ច្រូត​នេះ។ សារ​នៃ​សេចក្ដី​សង្ឃឹម ការ​ស្វែង​រក​ពួក​អ្នក​ដែល​សម​ទទួល និង​អាកប្បកិរិយា​ដែល​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត ជា​កត្ដា​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​ដោយ​ធ្វើ​ជា​អ្នក​ច្រូត។ ក៏​ប៉ុន្តែ នេះ​ក៏​ជំរុញ​ឲ្យ​មាន​ការ​តប​ឆ្លើយ​ដ៏​មិន​ល្អ​ពី​មនុស្ស​ជា​ច្រើន​ដែរ។ សាវ័ក​យ៉ូហាន​បាន​ពិសោធ​រឿង​នេះ។ គាត់​បាន​ជាប់​គុក​នៅ​ឯ​កោះ​ប៉ាត់ម៉ុស«ដោយ​ព្រោះ​ព្រះ​បន្ទូល នឹង​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ»។ (វិវរណៈ ១:៩) បើ​អ៊ីចឹង តើ​យើង​អាច​រក្សា​ឲ្យ​មាន​អំណរ​យ៉ាង​ដូច​ម្ដេច ពេល​ដែល​យើង​ជួប​ប្រទះ​នូវ​ការ​បៀត​បៀន​និង​ការ​ប្រឆាំង​នោះ? តើ​អ្វី​ដែល​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​អាកប្បកិរិយា​ដ៏​រឹង​រូស​ពី​មនុស្ស​ជា​ច្រើន ដែល​យើង​កំពុង​តែ​ផ្សព្វ​ផ្សាយ​ឲ្យ​នោះ? អត្ថបទ​ជា​បន្ទាប់​របស់​យើង​នឹង​ផ្ដល់​នូវ​ជំនួយ​ពី​ព្រះ​គម្ពីរ ក្នុង​ការ​ឆ្លើយ​សំនួរ​ទាំង​នេះ។

[កំណត់​សម្គាល់]

a គេ​បាន​រៀបចំ​ការ​សិក្សា​ជា​ដំបូង​នោះ នៅ​ឯ​កន្លែង​ដែល​អាច​ប្រមូល​ផ្ដុំ​ក្រុម​មនុស្ស​ចាប់​អារម្មណ៍។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ទៀត មាន​ការ​សិក្សា​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ៗ និង​ក្រុម​គ្រួសារ​នានា។—សូម​មើល​សៀវភៅ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ ទំព័រ​ទី​៥៧៤ ដែល​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​កិច្ចការ​ដែល​ប្រៀប​ប្រដូច​នឹង​ការ​ច្រូត​នោះ ជា​អ្វី​ទៅ?

តើ​យើង​ប្រកាស​ប្រាប់​នូវ​សារ​ប្រភេទ​ណា?

ហេតុ​អ្វី​បាន​ជា​ការ​ស្វែង​រក​សិស្ស​បាន​ជោគ​ជ័យ?

តើ​តាម​របៀប​ណា​ដែល​យើង​រក្សា​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​កិច្ច​ការ​ចំរូត​នេះ?

ហេតុ​អ្វី​បាន​ជា​យើង​បន្ត​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​ក្នុង​កិច្ច​ការ​ចំរូត​នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២០]

ការ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សតវត្ស​ទី​១​និង​សតវត្ស​ទី​២០

[រូប​ភាព​នៅ​ទំព័រ​២១]

ដូច​ប៉ុល អ្នក​ច្រូត​បច្ចុប្បន្ន​នេះ​ខំ​ប្រឹង​ជួប​មនុស្ស​នៅ​គ្រប់​ទី​កន្លែង

[រូប​ភាព​នៅ​ទំព័រ​២១]

ចូរ​ប្រកាស​ដំណឹង​ល្អ ដោយ​មាន​ទឹក​ចិត្ត សប្បាយ​រីករាយ