លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមានជីវិតក្រោយពីស្លាប់ឬ?

តើមានជីវិតក្រោយពីស្លាប់ឬ?

តើ​មាន​ជីវិត​ក្រោយ​ពី​ស្លាប់​ឬ?

លោក​យ៉ូប​ដែល​ជា​ឰយុកោ​ប្រមាណ​៣.៥០០​ឆ្នាំ​កន្លង​ទៅ​នេះ បាន​សួរ​ថា៖ «បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ?»។ (យ៉ូប ១៤:១៤) សំនួរ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្សជាតិ​វង្វេង​វង្វាន់​អស់​ច្រើន​សហស្ស​វត្សរ៍​មក​ហើយ។ ជា​ច្រើន​សម័យ​មក​នេះ មនុស្ស​ពី​គ្រប់​សង្គម​បាន​គិត​អំពី​រឿង​នេះ ហើយ​បាន​បញ្ចេញ​នូវ​ជំនឿ​ផ្សេង​ៗ។

មនុស្ស​ភាគ​ច្រើន​ដែល​អាង​ថា​ជា​គ្រីស្ទ​សាសនា នោះ​ជឿ​ថា​មាន​ស្ថាន​សួគ៌​និង​ស្ថាន​នរក។ ចំណែក​ឯ​ពួក​អ្នក​កាន់​សាសនា​ហិណ្ឌូ​វិញ នោះ​ជឿ​លើ​ការ​ចាប់​ជាតិ។ លោក​អ៊ិមា មូអាវីយ៉ា ដែល​ជា​អ្នក​ជំនួយ​ការ​នៅ​ឯ​មណ្ឌល​សាសនា​អ៊ីស្លាម បាន​និយាយ​អំពី​ទស្សនៈ​របស់​ពួក​អ៊ីស្លាម ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ជឿ​ថា នឹង​មាន​ថ្ងៃ​ជំនុំ​ជំរះ​មួយ​ក្រោយ​ពី​ស្លាប់ ជា​ពេល​ដែល​អ្នក​នឹង​ទៅ​នៅ​ខាង​មុខ​ព្រះ​អាឡា ដែល​នឹង​ដូច​ជា​ការ​ដើរ​ចូល​ទៅ​មុខ​តុលាការ​អ៊ីចឹង»។ យោង​ទៅ​តាម​ជំនឿ​សាសនា​អ៊ីស្លាម នៅ​ពេល​នោះ​ព្រះ​អាឡា​នឹង​ប្រមាណ​មើល​ដំណើរ​ជីវិត​របស់​បុគ្គល​ម្នាក់​ៗ ហើយ​បញ្ជូន​មនុស្ស​ម្នាក់​ៗ​ទៅ​ឯ​ស្ថាន​បរមសុខ​ឬ​ស្ថាន​នរក។

នៅ​ប្រទេស​ស្រីលង្កា ពួក​អ្នក​កាន់​ពុទ្ធ​សាសនា​និង​ពួក​អ្នក​កាន់​សាសនា​កាតូលិក​ចំហ​ទ្វារ​និង​បង្អួច នៅ​ពេល​ដែល​មាន​អ្នក​ស្លាប់​ក្នុង​គ្រួសារ​របស់​ខ្លួន។ ពួក​គេ​អុជ​ចង្កៀង ហើយ​គេ​ដាក់​ក្ដារ​មឈូស​ឲ្យ​មាន​ជើង​របស់​បុគ្គល​ដែល​ស្លាប់​នោះ​ទល់​នឹង​ទ្វារ​ខាង​មុខ។ ពួក​គេ​ជឿ​ថា ដោយ​ធ្វើ​អ៊ីចឹង នេះ​នឹង​សម្រួល​ដំណើរ​ចេញ​នៃ​វិញ្ញាណ​របស់​បុគ្គល​ស្លាប់​នោះ។

យោង​ទៅ​តាម​លោក​រ៉ុណ្ណល បឺន ពី​សកល​វិទ្យាល័យ​នៅ​រដ្ឋ​អូស្ដ្រាលី​ខាង​លិច មាន​ប្រសាសន៍​ថា ពួក​ជន​ជាតិ​ដើម​នៅ​ប្រទេស​អូស្ដ្រាលី​ជឿ​ថា«មនុស្សជាតិ​មាន​វិញ្ញាណ​ដែល​មិន​អាច​សម្លាប់​បាន​ឡើយ»។ កុលសម្ព័ន្ធ​ខ្លះ​ៗ​នៅ​ទ្វីប​អាហ្វ្រិក​ជឿ​ថា ក្រោយ​ពី​ស្លាប់ មនុស្ស​ធម្មតា​ក្លាយ​ទៅ​ជា​ខ្មោច។ ចំណែក​ឯ​ពួក​បុគ្គល​ធំ​ដុំ នោះ​ក្លាយ​ទៅ​ជា​ដូន​តា​ខាង​វិញ្ញាណ ដែល​នឹង​មាន​គេ​គោរព និង​សុំ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​ដ៏​មើល​មិន​ឃើញ​របស់​សហគមន៍​នោះ។

នៅ​ប្រទេស​ខ្លះ ជំនឿ​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់ គឺ​លាយ​ឡំ​នឹង​ទំនៀម​ទម្លាប់​ក្នុង​តំបន់​ជា​មួយ​នឹង​ជំនឿ​របស់​អ្នក​ដែល​អាង​ថា​ជា​គ្រីស្ទ​សាសនា។ ជា​ឧទាហរណ៍ ក្នុង​ចំណោម​ពួក​កាតូលិក​និង​ពួក​ប្រូតេស្តង់​ជា​ច្រើន​នៅ​ប្រទេស​អាហ្វ្រិក​ខាង​លិច គេ​មាន​ទម្លាប់​គ្រប​កញ្ចក់​ពេល​មាន​អ្នក​ណា​ម្នាក់​ស្លាប់ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​មើល​ឃើញ​វិញ្ញាណ​របស់​មនុស្ស​ស្លាប់​នោះ។

ប្រាកដ​ហើយ ចម្លើយ​ចំពោះ​សំនួរ​ដែល​ថា៖ ‹តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​យើង​ស្លាប់?› គឺ​មាន​ភាព​ខុស​ៗ​គ្នា​មែន។ ក៏​ប៉ុន្តែ មតិ​មួយ​ដ៏​បឋម​នោះ​គឺ​ថា៖ មាន​អ្វី​មួយ​ដែល​អមតៈ​នៅ​ក្នុង​មនុស្ស ដែល​រស់​ជា​បន្ត​ក្រោយ​ពី​ស្លាប់​ទៅ។ មនុស្ស​ខ្លះ​ជឿ​ថា«អ្វី​មួយ»នោះ គឺ​ជា​វិញ្ញាណ​មួយ។ ជា​ឧទាហរណ៍ នៅ​ភូមិ​ភាគ​ខ្លះ​នៃ​ទ្វីប​អាហ្វ្រិក​និង​ទ្វីប​អាស៊ី និង​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក​ខាង​កោះ​ផលីនីស៊ី មីលាននីស៊ី និង​មីក្រូនីស៊ី នោះ​មនុស្ស​ជា​ច្រើន​ជឿ​ថា«វិញ្ញាណ»ដែល​អមតៈ​នោះ មិន​មែន​ព្រលឹង​មួយ​ទេ។ តាម​ការ​ពិត ភាសា​ខ្លះ​មិន​ទាំង​មាន​ពាក្យ«ព្រលឹង»ផង។

តើ​មាន​វិញ្ញាណ​មួយ​នៅ​ក្នុង​បុគ្គល​ម្នាក់​ដែល​មាន​ជីវិត​ឬ​ទេ? តើ​វិញ្ញាណ​នោះ​ពិត​ជា​ចាក​ចេញ​ពី​រូប​កាយ នៅ​ពេល​ស្លាប់​មែន​ឬ? បើ​អ៊ីចឹង​មែន តើ​មាន​អ្វី​កើត​ឡើង​ដល់​វិញ្ញាណ​នេះ? ហើយ​តើ​មនុស្ស​ស្លាប់​មាន​សេចក្ដី​សង្ឃឹម​អ្វី​ដែរ? យើង​មិន​គួរ​ធ្វើ​កន្តើយ​នឹង​សំនួរ​ទាំង​នេះ​ឡើយ។ ទោះ​ជា​អ្នក​មាន​វប្បធម៌​ឬ​សាសនា​ណា​ក៏​ដោយ សេចក្ដី​ស្លាប់​គឺ​ជា​ហេតុ​ការណ៍​ពិត ដែល​យើង​ត្រូវ​តែ​ប្រឈម​មុខ។ ដូច្នេះ​ហើយ​រឿង​នេះ​គឺ​ទាក់​ទង​នឹង​អ្នក​ផ្ទាល់​តែ​ម្ដង។ យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ពិនិត្យ​មើល​ប្រធាន​នេះ។