លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកមានវិញ្ញាណអមតៈទេ?

តើអ្នកមានវិញ្ញាណអមតៈទេ?

តើ​អ្នក​មាន​វិញ្ញាណ​អមតៈ​ទេ?

សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត»។ (ធីម៉ូថេ​ទី​២ ៣:១៦) ត្រូវ​ហើយ ព្រះ​គម្ពីរ​ជា​សៀវភៅ​នៃ​សេចក្ដី​ពិត ដែល​មក​ពី​ព្រះ​ពិត គឺ​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ៨៣:១៨

ព្រះ​យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​អ្វី​ដែល​កើត​ឡើង​ដល់​យើង ពេល​ដែល​យើង​ស្លាប់​ទៅ ពីព្រោះ​ទ្រង់​ជា​អ្នក​បង្កើត​របស់​សព្វសារពើ​ទាំង​អស់ ដែល​រួម​បញ្ចូល​មនុស្សជាតិ​ផង​ដែរ។ (ហេព្រើរ ៣:៤; វិវរណៈ ៤:១១) ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​តែង​នោះ ទ្រង់​បាន​ប្រទាន​ឲ្យ​ចម្លើយ​ដ៏​ពិត​និង​ដែល​គាប់​ចិត្ត​ចំពោះ​សំនួរ​នានា ស្តី​អំពី​ជីវិត​ក្រោយ​ពី​ស្លាប់។

តើ​អ្វី​ទៅ​ជា​វិញ្ញាណ?

នៅ​ក្នុង​ព្រះ​គម្ពីរ​ពាក្យ​ដែល​បាន​បក​ប្រែ​ជា«វិញ្ញាណ» មាន​ន័យ​ចំ​ៗ​ជា«ដង្ហើម»។ ក៏​ប៉ុន្តែ នេះ​មិន​ត្រឹម​តែ​ទាក់​ទង​នឹង​ការ​ដក​ដង្ហើម​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ យ៉ាកុប​ដែល​ជា​អ្នក​រួម​សរសេរ​ព្រះ​គម្ពីរ ចែង​ថា៖ «រូប​កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ស្លាប់»។ (យ៉ាកុប ២:២៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ដូច្នោះ​ហើយ វិញ្ញាណ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​រូប​កាយ​មាន​ចលនា​រស់​រវើក​បាន។

កម្លាំង​នេះ​ដែល​ធ្វើ​ឲ្យ​រស់​រវើក មិន​គ្រាន់​តែ​ជា​ដង្ហើម​ឬ​ខ្យល់ ដែល​ធ្វើ​ដំណើរ​ក្នុង​សួត​ប៉ុណ្ណោះ​ទេ។ ហេតុ​អ្វី​បាន​ជា​មិន​មែន​អ៊ីចឹង? ពីព្រោះ​ក្រោយ​ពី​ការ​ដក​ដង្ហើម​ឈប់​ទៅ នោះ​ជីវិត​នៅ​តែ​មាន​ក្នុង​កោសិកា​អស់​មួយ​រយៈ​ពេល​ខ្លី គឺ«អស់​ពីរ​បី​នាទី» យោង​ទៅ​តាម​សព្វវចនាធិប្បាយ​សៀវភៅ​ពិភព​លោក។ ដោយ​មូលហេតុ​នេះ ការ​ខំ​ប្រឹង​ដើម្បី​ជួយ​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​អាច​បាន​ជោគ​ជ័យ។ ប៉ុន្តែ ក្រោយ​ពី​ជីវិត​បាន​រលត់​សូន្យ​ពី​កោសិកា​ក្នុង​រូប​កាយ នោះ​ការ​ខំ​ប្រឹង​ដើម្បី​ស្ដារ​ជីវិត​មក​វិញ គឺ​ឥត​មាន​ប្រយោជន៍​ទេ។ ដង្ហើម​ទាំង​អស់​ក្នុង​ពិភព​លោក​នេះ ក៏​មិន​អាច​ស្ដារ​ឡើង​វិញ​នូវ​កោសិកា​មួយ​វិញ​បាន​ដែរ។ អ៊ីចឹង​ហើយ វិញ្ញាណ​ជា​កម្លាំង​ជីវិត​ដែល​មើល​មិន​ឃើញ ដែល​រក្សា​កោសិកា​និង​បុគ្គល​នោះ​ឲ្យ​នៅ​រស់។ កម្លាំង​ជីវិត​នេះ​គឺ​បាន​ទ្រ​ទ្រង់​ដោយ​ការ​ដក​ដង្ហើម។—យ៉ូប ៣៤:១៤, ១៥

តើ​វិញ្ញាណ​នេះ​មាន​សកម្មភាព​តែ​នៅ​ក្នុង​មនុស្សជាតិ​ទេ​ឬ? ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​រក​ឃើញ​សេចក្ដី​សន្និដ្ឋាន​ត្រឹម​ត្រូវ​ស្តី​អំពី​រឿង​នេះ។ ស្តេច​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​ទទួល​ស្គាល់​ថា មនុស្ស​និង​សត្វ«មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់» ហើយ​ទ្រង់​បាន​មាន​បន្ទូល​សួរ​ថា៖ «តើ​មាន​អ្នក​ណា​ដឹង​បាន​ថា វិញ្ញាណ​នៃ​មនុស្ស​ឡើង​ទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្នុង​ដី​វិញ​ឬ​ទេ?»។ (សាស្ដា ៣:១៩​-​២១) ដូច្នេះ ព្រះ​គម្ពីរ​ចែង​ថា ទាំង​មនុស្ស​ទាំង​សត្វ​ក៏​មាន​វិញ្ញាណ។ តើ​យ៉ាង​ដូច​ម្ដេច​បាន​ទៅ?

វិញ្ញាណ​ឬ​ក៏​កម្លាំង​ជីវិត អាច​ប្រៀប​ប្រដូច​ទៅ​នឹង​ចរន្ត​អគ្គីសនី​ដែល​ធ្វើ​ដំណើរ​ក្នុង​ម៉ាស៊ីន​មួយ​ឬ​គ្រឿង​អគ្គីសនី​មួយ។ អគ្គីសនី​ដែល​មើល​មិន​ឃើញ​នេះ អាច​យក​មក​ប្រើ​ដើម្បី​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ ស្រេច​ទៅ​លើ​គ្រឿង​ប្រដាប់​ប្រដា​ដែល​អាច​ធ្វើ​ឲ្យ​ដើរ​បាន។ ជា​ឧទាហរណ៍ ចង្ក្រាន​មួយ​ធ្វើ​ឡើង​ដើម្បី​បង្កើត​កំដៅ។ កុំព្យូទ័រ​មាន​ដំណើរ​ការ​ដើម្បី​ធ្វើ​ឲ្យ​ទទួល​បាន​ពត៌មាន​និង​ធ្វើ​លេខ​នព្វន្ត ហើយ​ទូរទស្សន៍​ដើម្បី​បង្កើត​រូប​និង​សម្លេង។ ក៏​ប៉ុន្តែ ចរន្ត​ដែល​រត់​ដោយ​អគ្គីសនី​មិន​ដែល​ក្លាយ​ទៅ​ជា​មាន​ទ្រង់​ទ្រាយ​នៃ​គ្រឿង​ប្រដាប់​ប្រដា ដែល​អគ្គីសនី​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​នោះ​ទេ។ ចរន្ត​អគ្គីសនី​នៅ​តែ​ជា​កម្លាំង​ដដែល។ ស្រដៀង​គ្នា​ដែរ កម្លាំង​ជីវិត​មិន​អាច​ក្លាយ​ទៅ​ជា​មាន​ទ្រង់​ទ្រាយ​ណា​មួយ នៃ​សត្តនិករ​ដែល​កម្លាំង​នោះ​ធ្វើ​ឲ្យ​កំរើក​ឡើង​នោះ​ទេ។ កម្លាំង​ជីវិត​ឥត​មាន​បុគ្គលិក​លក្ខណៈ និង​ឥត​មាន​សមត្ថភាព​គិត​គូរ​នោះ​ឡើយ។ ទាំង​មនុស្ស​និង​សត្វ«មាន​វិញ្ញាណ​ដូច​នឹង​គ្នា»។ (សាស្ដា ៣:១៩, ព.ថ.) ដូច្នេះ​ហើយ នៅ​ពេល​បុគ្គល​ម្នាក់​ស្លាប់​ទៅ វិញ្ញាណ​របស់​គាត់​មិន​ចាក​ចេញ​ទៅ​វិស័យ​មួយ​ទៀត ដូច​ជា​សត្តនិករ​វិញ្ញាណ​ទេ។

បើ​អ៊ីចឹង តើ​ស្ថានភាព​នៃ​មនុស្ស​ស្លាប់​ជា​អ្វី? ហើយ​តើ​អ្វី​ដែល​កើត​ឡើង​ដល់​វិញ្ញាណ ពេល​ដែល​មនុស្ស​ម្នាក់​ស្លាប់​ទៅ?

«ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»

នៅ​ពេល​បុរស​ដំបូង​គឺ​អ័ដាម ឥត​បាន​ស្ដាប់​បង្គាប់​បញ្ជា​របស់​ព្រះ​ដោយ​ចេតនា នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពីព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។ (លោកុប្បត្តិ ៣:១៩) តើ​អ័ដាម​បាន​នៅ​ឯ​ណា មុន​នឹង​ព្រះ​យេហូវ៉ា​បាន​បង្កើត​គាត់​ពី​ធូលី​ដី​នោះ? គាត់​ឥត​បាន​នៅ​កន្លែង​ណា​ទេ! គឺ​គ្មាន​គាត់​តែ​ម្ដង។ ដូច្នេះ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា អ័ដាម​នឹង«ត្រឡប់​ទៅ​ជា​ដី​វិញ» នោះ​ទ្រង់​ចង់​មាន​ន័យ​ថា អ័ដាម​នឹង​ត្រូវ​ស្លាប់​ហើយ​ក្លាយ​ទៅ​ជា​ធាតុ​ដី​វិញ។ អ័ដាម​នឹង​មិន​ផ្លាស់​ទៅ​ជា​វិស័យ​ខាង​វិញ្ញាណ​ណា​ឡើយ។ ពេល​ស្លាប់​ទៅ ម្ដង​នេះ​គាត់​នឹង​ទៅ​ជា​ឥត​មាន​ជីវិត ឥត​មាន​វត្តមាន​ទៀត។ ទណ្ឌកម្ម​របស់​គាត់​គឺ​ជា​សេចក្ដី​ស្លាប់ ការ​ឥត​មាន​ជីវិត មិន​មែន​ជា​ការ​ផ្លាស់​ទៅ​វិស័យ​ណា​មួយ​ទៀត​នោះ​ទេ។—រ៉ូម ៦:២៣

ចុះ​យ៉ាង​ណា​វិញ ចំពោះ​អ្នក​ឯ​ទៀត​ដែល​បាន​ស្លាប់​ទៅ​នោះ? ស្ថានភាព​នៃ​មនុស្ស​ស្លាប់ បាន​ត្រូវ​បញ្ជាក់​នៅ​សាស្ដា ៩:៥, ១០ ដែល​អាន​ថា៖ «មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ . . . គ្មាន​ទង្វើ គ្មាន​គម្រោង គ្មាន​តំរិះ​ឬ​ចំណេះ​ដឹង នៅ​ក្នុង​ផ្នូរ»។ (សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ម៉ូហ្វាត) ដូច្នេះ សេចក្ដី​ស្លាប់​គឺ​ជា​ភាព​គ្មាន​ជីវិត។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា ពេល​ដែល​មនុស្ស​ម្នាក់​ស្លាប់ «វិញ្ញាណ​របស់​គាត់​ចេញ​ទៅ គាត់​ក៏​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គាត់​ក៏​សូន្យ​បាត់​ដែរ»។—ទំនុកដំកើង ១៤៦:៤, ព.ថ

យ៉ាង​ច្បាស់​ណាស់ ពួក​អ្នក​ស្លាប់​គ្មាន​ជីវិត។ ពួក​គេ​ឥត​ដឹង​អ្វី​សោះ​ឡើយ។ ពួក​គេ​មិន​អាច​ឃើញ​អ្នក ឮ​អ្នក ឬ​មិន​អាច​និយាយ​រក​អ្នក​បាន​ឡើយ។ ពួក​គេ​មិន​អាច​ជួយ​អ្នក ហើយ​ក៏​មិន​អាច​ធ្វើ​ទុក្ខ​ទោស​ដល់​អ្នក​ដែរ។ យ៉ាង​ប្រាកដ​ណាស់ អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ស្លាប់​ទេ។ ប៉ុន្តែ តើ​យ៉ាង​ដូច​ម្ដេច​ដែល​វិញ្ញាណ«ចេញ​ទៅ»ពី​បុគ្គល​ម្នាក់​ពេល​គាត់​ស្លាប់​ទៅ​នោះ?

វិញ្ញាណ«ត្រឡប់​ទៅ​ឯ​ព្រះ»

ព្រះ​គម្ពីរ​ចែង​ថា ពេល​បុគ្គល​ម្នាក់​ស្លាប់​ទៅ នោះ«វិញ្ញាណ​ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ»។ (សាស្ដា ១២:៧) ​តើនេះ​មាន​ន័យ​ថា វិញ្ញាណ​មែន​ទែន​មួយ​រូប​ធ្វើ​ដំណើរ​ឆ្លង​កាត់​លំហ​អវកាស ហើយ​ចូល​ទៅ​មុខ​ព្រះ​មែន​ឬ? មិន​មែន​អ៊ីចឹង​ទេ! របៀប​ដែល​ព្រះ​គម្ពីរ​ប្រើ​ពាក្យ«ត្រឡប់» មិន​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ពិត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ឡើយ។ ជា​ឧទាហរណ៍ ពួក​អ៊ីស្រាអែល​ដែល​ឥត​មាន​ចិត្ត​ស្មោះ​ត្រង់ បាន​ត្រូវ​ប្រាប់​ថា៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ទ្រង់​បង្គាប់​ថា ‹ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ! នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ›»។ (ម៉ាឡាគី ៣:៧) ការ«ត្រឡប់»របស់​ពួក​អ៊ីស្រាអែល​ទៅ​ឯ​ព្រះ​យេហូវ៉ា មាន​ន័យ​ថា​ការ​បែរ​ចេញ​ពី​ដំណើរ​ខុស និង​ធ្វើ​តាម​ផ្លូវ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​វិញ។ ហើយ​ការ«ត្រឡប់»របស់​ព្រះ​យេហូវ៉ា​ទៅ​សាសន៍​អ៊ីស្រាអែល នេះ​មាន​ន័យ​ថា ទ្រង់​បាន​មាន​ស្មារតី​ដ៏​អនុគ្រោះ​ចំពោះ​រាស្ត្រ​ទ្រង់​វិញ។ ក្នុង​ករណី​ទាំង​ពីរ​នេះ ការ«ត្រឡប់»ទាក់​ទង​នឹង​អាកប្បកិរិយា មិន​មែន​ជា​ការ​ផ្លាស់​ទី​កន្លែង​មែន​ទែន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​នោះ​ទេ។

ស្រដៀង​គ្នា​ដែរ ពេល​ស្លាប់​ទៅ ក៏​ឥត​មាន​ការ​ផ្លាស់​កន្លែង​ពី​ផែនដី​ទៅ​វិស័យ​ខាង​ស្ថាន​សួគ៌ នៅ​ពេល​ដែល​វិញ្ញាណ«ត្រឡប់»ទៅ​ឯ​ព្រះ​នោះ​ដែរ។ កាល​ណា​កម្លាំង​ជីវិត​នោះ​បាត់​សូន្យ​ពី​បុគ្គល​ម្នាក់ នោះ​មាន​តែ​ព្រះ​ទេ​ដែល​មាន​សមត្ថភាព​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​កម្លាំង​ជីវិត​ដល់​បុគ្គល​នោះ​វិញ។ ដូច្នេះ​ហើយ វិញ្ញាណ«ត្រឡប់​ទៅ​ឯ​ព្រះ» ក្នុង​ន័យ​ថា សេចក្ដី​សង្ឃឹម​ដើម្បី​រស់​ម្ដង​ទៀត​នៅ​អនាគត​សំរាប់​បុគ្គល​នោះ គឺ​ពឹង​ពាក់​ទាំង​ស្រុង​ទៅ​លើ​ព្រះ។

ជា​ឧទាហរណ៍ សូម​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ លូកា​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​មួយ រៀប​រាប់​ថា៖ «ព្រះ​យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ‹ឱ​ព្រះ​វរបិតា​អើយ! ទូល​បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះ​ហស្ត​ទ្រង់​វិញ›។ កាល​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​ផុត​ដង្ហើម​ទៅ»។ (លូកា ២៣:៤៦) កាល​ដែល​វិញ្ញាណ​របស់​ព្រះ​យេស៊ូ​ចាក​ចេញ​ពី​ទ្រង់​ទៅ នោះ​ទ្រង់​មិន​បាន​ធ្វើ​ដំណើរ​មែន​ទែន​ទៅ​ស្ថាន​សួគ៌​នោះ​ទេ។ ព្រះ​យេស៊ូ​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​រហូត​ដល់​ថ្ងៃ​ទី​បី​ឯ​ណោះ។ ហើយ​គឺ​មាន​៤០​ថ្ងៃ​ទៀត​មុន​នឹង​ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​នោះ។ (កិច្ច​ការ ១:៣, ៩) ក៏​ប៉ុន្តែ ពេល​ទ្រង់​សោយ​ទិវង្គត​ទៅ ដោយ​ប្រាកដ​ក្នុង​អង្គ​ទ្រង់​នោះ ព្រះ​យេស៊ូ​បាន​ប្រគល់​នូវ​វិញ្ញាណ​របស់​ទ្រង់ ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ​វរបិតា ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​នឹង​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា ដើម្បី​ស្ដារ​ឲ្យ​ទ្រង់​មាន​ជីវិត​ឡើង​វិញ។

ត្រូវ​ហើយ មាន​តែ​ព្រះ​ទេ​ដែល​អាច​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​មាន​ជីវិត​ឡើង​វិញ។ (ទំនុកដំកើង ១០៤:៣០) នេះ​បាន​បើក​នូវ​សេចក្ដី​សង្ឃឹម​យ៉ាង​សម្បើម​យ៉ាង​ណា​ទៅ​ហ្ន៎!

សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ

ព្រះ​គម្ពីរ​ចែង​ថា៖ «មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់[ព្រះ​យេស៊ូ] ហើយ​នឹង​ចេញ​មក»។ (យ៉ូហាន ៥:២៨, ២៩) ត្រូវ​ហើយ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​សន្យា​ថា អស់​អ្នក​ណា​ដែល​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ​យេហូវ៉ា នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ប្រាកដ​ហើយ ក្នុង​ចំណោម​ពួក​អ្នក​នោះ នឹង​មាន​អស់​អ្នក​ដែល​បាន​ស្វះ​ស្វែង​រក​ដំណើរ​ដ៏​សុចរិត​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត​បាន​ស្លាប់ ដោយ​ឥត​បាន​បង្ហាញ​ថា​តើ​ពួក​គេ​នឹង​អនុលោម​តាម​ខ្នាត​តម្រា​របស់​ព្រះ​ឬ​ក៏​អត់។ ពួក​គេ​ប្រហែល​ជា​ឥត​ដឹង​អំពី​សេចក្ដី​តម្រូវ​របស់​ព្រះ​យេហូវ៉ា ឬ​ឥត​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​កែ​ប្រែ​អ្វី​ដែល​ត្រូវ​ការ​ចាំ​បាច់​នោះ។ ពួក​បុគ្គល​បែប​នេះ​ក៏​នៅ​ក្នុង​សេចក្ដី​ចង​ចាំ​របស់​ព្រះ​ដែរ ហើយ​ទ្រង់​នឹង​ប្រោស​គេ​ឲ្យ​រស់​ឡើង​វិញ ដ្បិត​ព្រះ​គម្ពីរ​ចែង​ថា៖ «គឺ​ថា ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។—កិច្ច​ការ ២៤:១៥

សព្វ​ថ្ងៃ​នេះ ផែនដី​គឺ​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​ស្អប់​និង​ការ​ប្រយុទ្ធ​គ្នា អំពើ​ឃោរឃៅ​និង​ការ​បង្ហូរ​ឈាម ការ​ធ្វើ​ឲ្យ​ខូច​ដល់​បរិស្ថាន​និង​ការ​មាន​ជម្ងឺ​ផ្សេង​ៗ​ផង​ដែរ។ បើ​មនុស្ស​ស្លាប់​នឹង​មាន​ជីវិត​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​បែប​នេះ នោះ​ការ​មាន​សុភមង្គល​ណា​មួយ​ច្បាស់​ជា​មិន​មាន​យូរ​ទេ។ ក៏​ប៉ុន្តែ ព្រះ​អាទិទេព​បាន​សន្យា​ថា មិន​យូរ​ប៉ុន្មាន​ទៀត ទ្រង់​នឹង​នាំ​សង្គម​លោកីយ៍​បច្ចុប្បន្ន​នេះ ដែល​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អារក្ស​សាតាំង ឲ្យ​មក​ដល់​ទី​បញ្ចប់។ (សុភាសិត ២:២១, ២២; ដានីយ៉ែល ២:៤៤; យ៉ូហាន​ទី​១ ៥:១៩) នៅ​ពេល​នោះ សង្គម​មនុស្ស​ដ៏​សុចរិត ដែល​ជា«ផែនដី​ថ្មី» នឹង​ជា​ហេតុ​ការណ៍​ពិត​ដ៏​អស្ចារ្យ​មែន។—ពេត្រុស​ទី​២ ៣:១៣

នៅ​ពេល​នោះ «ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា៖ ‹ខ្ញុំ​ឈឺ› ទៀត​ឡើយ»។ (អេសាយ ៣៣:២៤) សូម្បី​តែ​ការ​រង​ទុក្ខ​ដោយ​ព្រោះ​មាន​សេចក្ដី​ស្លាប់ នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ដែរ ដ្បិត​ព្រះ«នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ (វិវរណៈ ២១:៤) នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មែន​ហ្ន៎! ចំពោះ​អស់​អ្នក​ដែល«នៅ​ក្នុង​ផ្នូរ»។

នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បោស​សំអាត​អំពើ​អាក្រក់​ជួជាតិ​ចេញ​ពី​ផែនដី​នេះ នោះ​ទ្រង់​នឹង​មិន​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​នឹង​ពួក​មនុស្ស​អាក្រក់​ឡើយ។ (ទំនុកដំកើង ៣៧:១០, ១១; ១៤៥:២០) តាម​ការ​ពិត «មនុស្ស​១​ហ្វូង​យ៉ាង​ធំ . . . ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»នឹង​រួច​រស់​ជីវិត​ពី«គ្រា​វេទនា​យ៉ាង​ធំ» ដែល​នឹង​កំទេច​ចោល​លោកីយ៍​ដ៏​អាក្រក់​នេះ។ (វិវរណៈ ៧:៩​-​១៤) ដូច្នេះ​ហើយ​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​នឹង​មាន​វត្តមាន ដើម្បី​ស្វាគមន៍​ពួក​មនុស្ស​ស្លាប់​មក​វិញ។

តើ​លោក​អ្នក​ចង់​ឃើញ​ជា​ខ្លាំង​នូវ​បុគ្គល​ស្ងួន​ភ្ងា​របស់​អ្នក​ម្ដង​ទៀត​ឬ​ទេ? តើ​អ្នក​ចង់​រស់​នៅ​ជា​រៀង​រហូត​នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី​ឬ​ទេ? បើ​អ៊ីចឹង អ្នក​ត្រូវ​តែ​ក្រេប​យក​ចំណេះ​ត្រឹម​ត្រូវ​អំពី​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ (យ៉ូហាន ១៧:៣) ព្រះ​យេហូវ៉ា​មាន​បំណង​ព្រះ​ហឫទ័យ«ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។—ធីម៉ូថេ​ទី​១ ២:៣, ៤

[រូប​ភាព​នៅ​ទំព័រ​៤]

«ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»

[រូប​ភាព​នៅ​ទំព័រ​៥]

វិញ្ញាណ អាច​ប្រៀប​ប្រដូច​ទៅ​នឹង ចរន្ត​អគ្គីសនី

[រូប​ភាព​នៅ​ទំព័រ​៧]

ដំណើរ​រស់​ឡើង​វិញ​នឹង​នាំ​ឲ្យ​មាន​អំណរ​ជា​ស្ថាពរ