លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យមានជំនឿដូចជំនឿរបស់អ័ប្រាហាំ

ចូរឲ្យមានជំនឿដូចជំនឿរបស់អ័ប្រាហាំ

ចូរ​ឲ្យ​មាន​ជំនឿ​ដូច​ជំនឿ​របស់​អ័ប្រាហាំ

«ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ជា​ពូជ​លោក​អ័ប្រាហាំ​ហើយ»។—កាឡាទី ៣:៧

១. តើ​តាម​របៀប​ណា​ដែល​អាប់រ៉ាម​បាន​ស៊ូ​ទ្រាំ​នឹង​ការ​សាក​ល្បង​ថ្មី​នៅ​ស្រុក​កាណាន?

 លោក​អាប់រ៉ាម​បាន​លះ​ចោល​ជីវភាព​មួយ​ដ៏​សុខ​ស្រួល​នៅ​ទី​ក្រុង​អ៊ើរ ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ការ​ពិបាក​ដែល​គាត់​បាន​ពិសោធន៍ ក្នុង​កំឡុង​ប៉ុន្មាន​ឆ្នាំ​បន្ត​បន្ទាប់​ពី​នោះ គ្រាន់​តែ​ជា​ដើម​ចម​នៃ​ការ​សាក​ល្បង​នូវ​ជំនឿ ដែល​គាត់​បាន​ប្រឈម​មុខ​នៅ​ស្រុក​អេស៊ីព្ទ​តែ​ប៉ុណ្ណោះ។ កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​ចែង​ថា៖ «នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់»។ អាប់រ៉ាម​អាច​ក្រៀម​ក្រំ​ក្នុង​ចិត្ត​មែន ដោយ​សារ​កាលៈទេសៈ​របស់​ខ្លួន! ផ្ទុយ​ទៅ​វិញ គាត់​បាន​ចាត់​វិធានការ​ដែល​មាន​ប្រយោជន៍ ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ខាង​រាង​កាយ​របស់​គ្រួសារ​គាត់។ «អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អំណត់​នៅ​ស្រុក​កាណាន​បាន​ខ្លាំង​ណាស់»។ អ្នក​ស្រុក​អេស៊ីព្ទ​ច្បាស់​ជា​នឹង​ចាប់​អារម្មណ៍ ទៅ​លើ​ក្រុម​គ្រួសារ​ដ៏​ធំ​របស់​អាប់រ៉ាម​ហើយ។ តើ​ព្រះ​យេហូវ៉ា​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ដោយ​ការ​ពារ​អាប់រ៉ាម​ពី​គ្រោះ​ថ្នាក់​ឬ​ទេ?—លោកុប្បត្តិ ១២:១០; និក្ខមនំ ១៦:២, ៣

២, ៣. (ក) ហេតុ​អ្វី​បាន​ជា​អាប់រ៉ាម​មិន​ឲ្យ​គេ​ដឹង​ថា ភរិយា​គាត់​ជា​អ្នក​ណា? (ខ) តើ​អាប់រ៉ាម​បាន​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​ភរិយា​របស់​គាត់​ក្នុង​កាលៈទេសៈ​នេះ?

លោកុប្បត្តិ ១២:១១​-​១៣ ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​ចែង​ថា៖ «ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ ជា​ភរិយា​ថា៖ ‹មើល៍! បង​ដឹង​ច្បាស់​ថា​អូន​មាន​រូប​ស្អាត​ណាស់។ ហេតុ​នេះ​ពេល​ជន​ជាតិ​អេស៊ីប​ឃើញ​អូន គេ​មុខ​ជា​ពោល​ថា៖ «នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់!» គេ​នឹង​សម្លាប់​បង​ជា​មិន​ខាន ហើយ​ទុក​ជីវិត​អូន​អោយ​នៅ​រស់។ ដូច្នេះ សូម​អូន​និយាយ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​អោយ​គេ​រាប់​រក​បង​ដោយ​មេត្រី ព្រោះ​តែ​អូន ហើយ​បង​នឹង​បាន​រួច​ជីវិត ក៏​ដោយ​សារ​តែ​អូន​ដែរ›»។ ទោះ​ជា​សារ៉ាយ​មាន​អាយុ​ជាង​៦៥​ឆ្នាំ​ហើយ​ក៏​ដោយ គាត់​នៅ​តែ​មាន​រូប​ឆោម​ស្អាត​ដដែល។ នោះ​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​របស់​អាប់រ៉ាម។ a (លោកុប្បត្តិ ១២:៤, ៥; ១៧:១៧) អ្វី​ដ៏​សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​ថា រឿង​ដែល​ជាប់​ទាក់​ទង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ក៏​ត្រូវ​ប្រថុយ​ដែរ ដ្បិត​ទ្រង់​បាន​មាន​បន្ទូល​ថា តាម​រយៈ​ពូជ​របស់​អាប់រ៉ាម គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​ទទួល​ពរ។ (លោកុប្បត្តិ ១២:២, ៣, ៧) គឺ​សំខាន់​ណាស់​ដែល​អាប់រ៉ាម​បន្ត​រស់ ដោយ​សារ​គាត់​មិន​ទាន់​មាន​កូន​ចៅ​នៅ​ឡើយ​នោះ។

អាប់រ៉ាម​បាន​និយាយ​ជា​មួយ​ភរិយា​របស់​គាត់​អំពី​ផែន​ការ​មួយ ដែល​គេ​បាន​ឯកភាព​ពី​មុន​មក​គឺ​ថា សារ៉ាយ​នឹង​និយាយ​ថា គាត់​ជា​ប្អូន​ស្រី​របស់​អាប់រ៉ាម។ សូម​កត់​សម្គាល់​ថា ថ្វី​ដ្បិត​គាត់​មាន​អំណាច​ជា​មេ​គ្រួសារ​ក៏​ដោយ គាត់​មិន​បាន​ប្រើ​ឋានៈ​របស់​គាត់​ដើម្បី​ត្រួត​ត្រា​យ៉ាង​សាហាវ​ទេ ប៉ុន្តែ​គាត់​បាន​សូម​ឲ្យ​ភរិយា​របស់​គាត់​ជួយ និង​គាំទ្រ​គាត់​វិញ។ (លោកុប្បត្តិ ១២:១១​-​១៣; ២០:១៣) ក្នុង​រឿង​នេះ អាប់រ៉ាម​ជា​គំរូ​ដ៏​ល្អ​សំរាប់​ស្វាមី​ទាំង​ឡាយ​ចំពោះ​ការ​ប្រើ​អំណាច​ជា​មេ​គ្រួសារ។ និង​ដោយ​សារ​សារ៉ាយ​បាន​ចុះ​ចូល នោះ​គាត់​ជា​គំរូ​ដ៏​ល្អ​សំរាប់​ភរិយា​ទាំង​ឡាយ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។—អេភេសូរ ៥:២៣​-​២៨; កូល៉ុស ៤:៦

៤. សព្វ​ថ្ងៃ​នេះ តើ​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា ពេល​មាន​រឿង​ពាក់​ព័ន្ធ​នឹង​ជីវិត​ស្លាប់​រស់​របស់​បង​ប្អូន​យើង?

សារ៉ាយ​អាច​និយាយ​ថា​គាត់​ជា​ប្អូន​ស្រី​របស់​អាប់រ៉ាម ដោយ​សារ​ពួក​គេ​ពិត​ជា​បង​ប្អូន​ឪពុក​ជា​មួយ​គ្នា។ (លោកុប្បត្តិ ២០:១២) ម្យ៉ាង​ទៀត អាប់រ៉ាម​មិន​ចាំ​បាច់​វិភាគ​ពត៌មាន​ដល់​អ្នក​ណា ដែល​គ្មាន​សិទ្ធិ​ទទួល​នោះ​ឡើយ។ (ម៉ាថាយ ៧:៦) នៅ​សម័យ​យើង​នេះ អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ធ្វើ​តាម​បង្គាប់​ក្នុង​ព្រះ​គម្ពីរ ដែល​ឲ្យ​និយាយ​ពិត​ត្រង់។ (ហេព្រើរ ១៣:១៨) ជា​ឧទាហរណ៍ ពួក​គេ​នឹង​មិន​និយាយ​ភូត​ភរ​នៅ​ក្នុង​តុលាការ​ទេ ពេល​គេ​បាន​សន្យា​ថា នឹង​និយាយ​ការ​ពិត​នោះ។ ក៏​ប៉ុន្តែ ពេល​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ខាង​រូប​កាយ​ឬ​ក៏​ខាង​វិញ្ញាណ​របស់​បង​ប្អូន​យើង ដូច​ជា​ក្នុង​គ្រា​ដែល​មាន​ការ​បៀត​បៀន​ឬ​ក៏​ចលាចល​ស៊ីវិល នោះ​ពួក​គេ​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ​ដែល​ថា ឲ្យ​យើង​ធ្វើ​ដូច​ជា៖ «អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប»។—ម៉ាថាយ ១០:១៦; សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ជា​ភាសា​អង់គ្លេស ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ ទំព័រ​១៨ វគ្គ​១៩

៥. ហេតុ​អ្វី​បាន​ជា​សារ៉ាយ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​អាប់រ៉ាម?

តើ​សារ៉ាយ​បាន​តប​យ៉ាង​ណា នឹង​សំណូម​ពរ​របស់​អាប់រ៉ាម? សាវ័ក​ពេត្រុស​បាន​ពណ៌នា​ពី​ស្ត្រី​បែប​នេះ ជា​អ្នក​ដែល«សង្ឃឹម​ដល់​ព្រះ»។ ហេតុ​នោះ​ហើយ​បាន​ជា​សារ៉ាយ​អាច​យល់​ពី​រឿង​ខាង​វិញ្ញាណ ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នោះ។ ម្យ៉ាង​ទៀត គាត់​ស្រឡាញ់​និង​គោរព​ស្វាមី​របស់​គាត់​ណាស់។ ដូច្នេះ សារ៉ាយ​បាន​ជ្រើស​រើស«ចុះ​ចូល​ចំពោះ​ប្ដី»ហើយ​លាក់​ការ​ពិត កុំ​ឲ្យ​គេ​ដឹង​ថា​គាត់​មាន​ស្វាមី​ហើយ។ (ពេត្រុស​ទី​១ ៣:៥) ពិត​មែន​ហើយ ការ​ធ្វើ​អ៊ីចឹង​បាន​បើក​ឲ្យ​គាត់​អាច​មាន​គ្រោះ​ថ្នាក់​ផង​ដែរ។ «កាល​អាប់រ៉ាម​បាន​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ថា ប្រពន្ធ​គាត់​មាន​រូប​ស្រស់​ល្អ​មែន ចំណែក​ពួក​នាម៉ឺន​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​គេ​សរសើរ​ពី​នាង​នៅ​ចំពោះ​ទ្រង់ រួច​នាំ​ទៅ​នៅ​ឯ​ព្រះ​រាជដំណាក់​ទៅ»។—លោកុប្បត្តិ ១២:១៤, ១៥

សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា

៦, ៧. តើ​អាប់រ៉ាម​និង​សារ៉ាយ​បាន​ស្ថិត​ក្នុង​កាលៈទេសៈ​អ្វី​ដែល​នាំ​ឲ្យ​ឈឺ​ចាប់? ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​សារ៉ាយ​យ៉ាង​ដូច​ម្ដេច?

នោះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អាប់រ៉ាម​និង​សារ៉ាយ​ឈឺ​ចាប់​ណាស់​ហ្ន៎! មើល​ទៅ​មុខ​ជា​សារ៉ាយ​នឹង​ត្រូវ​គេ​បង្ខូច​ហើយ។ លើស​ពី​នេះ​ទៅ​ទៀត ដោយ​ព្រោះ​ស្តេច​ផារ៉ោន​មិន​ដឹង​ថា សារ៉ាយ​មាន​ស្វាមី​ហើយ នោះ​ទ្រង់​បាន​ប្រទាន​អំណោយ​ជា​ច្រើន​ក្រៃ​លែង​ដល់​អាប់រ៉ាម រហូត​ដល់«គាត់​បាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​លា​ឈ្មោល លា​ញី ហើយ​នឹង​អូដ្ឋ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ផង»។ b (លោកុប្បត្តិ ១២:១៦) អាប់រ៉ាម​ច្បាស់​ជា​ស្អប់​អំណោយ​ទាំង​នោះ​ខ្លាំង​ណាស់​ហើយ​មើល​ទៅ! ថ្វី​បើ​កាលៈទេសៈ​នោះ​មើល​ទៅ​ដូច​ជា​អស់​សង្ឃឹម​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បាន​បោះ​បង់​ចោល​អាប់រ៉ាម​ឡើយ។

«តែ​ព្រះ​យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ផារ៉ោន នឹង​អស់​ពួក​ព្រះ​រាជដំណាក់​កើត​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ដោយ​ព្រោះ​សារ៉ាយ​ជា​ប្រពន្ធ​របស់​អាប់រ៉ាម»។ (លោកុប្បត្តិ ១២:១៧) តាម​វិធី​មួយ​ដែល​មិន​បាន​រៀប​រាប់​ក្នុង​ខ​គម្ពីរ​នោះ ដើម​ហេតុ​ពិត​ប្រាកដ ដែល​ធ្វើ​ឲ្យ​មាន«សេចក្ដី​វេទនា»ទាំង​នេះ បាន​ត្រូវ​បើក​សម្ដែង​ឲ្យ​ផារ៉ោន​ជ្រាប​ដឹង។ ទ្រង់​បាន​ប្រព្រឹត្ត​តប​ភ្លាម​ៗ៖ «រួច​ផារ៉ោន​ទ្រង់​ហៅ​អាប់រ៉ាម​មក​សួរ​ថា៖ តើ​ឯង​បាន​ធ្វើ​អ្វី​ដល់​អញ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ប្រាប់​អញ​ដោយ​ត្រង់​ថា​នាង​ជា​ប្រពន្ធ​ឯង ម្ដេច​ក៏​ឯង​ថា​ជា​ប្អូន​វិញ ដើម្បី​បើក​ឱកាស​ឲ្យ​អញ​បាន​យក​នាង​មក​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ នេះ​នែ​ប្រពន្ធ​ឯង​ហើយ ចូរ​យក​នាង​ទៅ​វិញ​ឥឡូវ ហើយ​ចេញ​ទៅ​ចុះ ផារ៉ោន​ក៏​បង្គាប់​ដល់​ពួក​ទ្រង់​ពី​ដំណើរ​គាត់ ហើយ​គេ​បញ្ជូន​គាត់ ព្រម​ទាំង​ប្រពន្ធ នឹង​របស់​ទ្រព្យ​គាត់​ទាំង​អស់​ឲ្យ​ចេញ​ទៅ»។—លោកុប្បត្តិ ១២:១៨​-​២០; ទំនុកដំកើង ១០៥:១៤, ១៥

៨. តើ​ព្រះ​យេហូវ៉ា​សន្យា​ការ​ពារ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ពី​អ្វី​ទៅ?

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មិន​ធានា​ថា យើង​នឹង​ត្រូវ​ការ​ពារ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ឧក្រិដ្ឋកម្ម ទុរភិក្ស ឬ​ក៏​មហន្តរាយ​ធម្មជាតិ​ឡើយ។ តែ​ព្រះ​យេហូវ៉ា​សន្យា​ថា ទ្រង់​នឹង​ការ​ពារ​យើង​ពី​អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ភាព​ខាង​វិញ្ញាណ​របស់​យើង។ (ទំនុកដំកើង ៩១:១​-​៤) ទ្រង់​ច្រើន​តែ​ធ្វើ​អ៊ីចឹង ដោយ​ប្រទាន​ឲ្យ​ការ​ព្រមាន​តាម​ត្រូវ​ពេល តាម​រយៈ​បន្ទូល​របស់​ទ្រង់ និង«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»។ (ម៉ាថាយ ២៤:៤៥) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​លទ្ធភាព​ស្លាប់​ដោយ​សារ​ការ​បៀត​បៀន? ទោះ​ជា​បុគ្គល​ខ្លះ​ៗ​នឹង​ស្លាប់​ក៏​ដោយ ព្រះ​នឹង​មិន​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ទាំង​មូល​ត្រូវ​បំផ្លាញ​ចោល​នោះ​ឡើយ។ (ទំនុកដំកើង ១១៦:១៥) ហើយ​បើ​សិន​ជា​អ្នក​ខ្លះ​ដែល​ស្មោះ​ត្រង់​ត្រូវ​លេប​បំបាត់​ដោយ​សេចក្ដី​ស្លាប់ នោះ​យើង​អាច​ជឿ​ជាក់​ថា គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ៥:២៨, ២៩

ការ​ធ្វើ​ពលិកម្ម​ដើម្បី​ឲ្យ​មាន​សន្ដិភាព

៩. តើ​អ្វី​បញ្ជាក់​ថា​អាប់រ៉ាម​បាន​ផ្លាស់​ទី​លំនៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពេល​គាត់​នៅ​ស្រុក​កាណាន​នោះ?

ក្រោយ​ពី​ទុរភិក្ស​នៅ​ស្រុក​កាណាន​បាន​កន្លង​ផុត​ទៅ«នោះ​អាប់រ៉ាម​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ឯ​ស្រុកត្បូង[ណេកិប ដែល​ជា​តំបន់​ស្ងួត​សោះ​កក្រោះ​ខាង​ត្បូង​ជួរ​ភ្នំ​ស្រុក​យូដា] ព្រម​ទាំង​ប្រពន្ធ​នឹង​ទ្រព្យ​សម្បត្ដិ​ទាំង​អស់ ហើយ​ឡុត​ដែរ អាប់រ៉ាម​គាត់​មាន​ហ្វូង​សត្វ ហើយ​ប្រាក់​មាស​ជា​ច្រើន​ណាស់»។ (លោកុប្បត្តិ ១៣:១, ២) អ្នក​ដែល​រស់​នៅ​តំបន់​នោះ នឹង​ចាត់​ទុក​គាត់​ជា​បុរស​ដែល​មាន​អំណាច​និង​ឥទ្ធិពល​ខ្លាំង គឺ​ជា​អ្នក​ធំ។ (លោកុប្បត្តិ ២៣:៦) អាប់រ៉ាម​មិន​ចង់​តាំង​លំនៅ​និង​ជ្រៀត​ជ្រែក​ចូល​ក្នុង​រឿង​នយោបាយ​របស់​សាសន៍​កាណាន​ឡើយ។ ផ្ទុយ​ទៅ​វិញ «គាត់​ដើរ​ដំណើរ​ពី​ស្រុកត្បូង រហូត​ទៅ​ដល់​បេត​-​អែល ត្រង់​កន្លែង​ដែល​គាត់​បាន​ដំឡើង​ត្រសាល​កាល​ពី​ដើម គឺ​នៅ​កណ្ដាល​បេត​-​អែល​នឹង​អៃយ»។ ដូច​គាត់​តែង​តែ​ធ្វើ​ពី​មុន​នោះ អាប់រ៉ាម​បាន​ទុក​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​អាទិភាព​ក្នុង​ជីវិត មិន​ថា​គាត់​ទៅ​កន្លែង​ណា​ក៏​ដោយ។—លោកុប្បត្តិ ១៣:៣, ៤

១០. តើ​បញ្ហា​អ្វី​បាន​កើត​ឡើង​រវាង​អ្នក​គង្វាល​សត្វ​របស់​អាប់រ៉ាម​និង​របស់​ឡុត? ហើយ​តើ​ហេតុ​អ្វី​សំខាន់​ដែល​ជំទាស់​នោះ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​លឿន?

១០ «ឯ​ឡុត​ដែល​ទៅ​ជា​មួយ​នឹង​អាប់រ៉ាម គាត់​ក៏​មាន​ហ្វូង​ចៀម ហ្វូងគោ នឹង​ត្រសាល​ជា​ច្រើន​ដែរ តែ​ស្រុក​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា​បាន​ទេ ពីព្រោះ​គេ​មាន​ទ្រព្យ​សម្បត្ដិ​សន្ធឹក​ណាស់ ដល់​ម្ល៉េះ​បាន​ជា​គេ​នៅ​ជា​មួយ​គ្នា​ពុំ​បាន មួយ​ទៀត ពួក​គង្វាល​របស់​អាប់រ៉ាម នឹង​ពួក​គង្វាល​របស់​ឡុត​ក៏​ចេះ​តែ​ប្រឈ្លោះ​គ្នា នៅ​វេលា​នោះ​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត​បាន​នៅ​ស្រុក​នោះ»។ (លោកុប្បត្តិ ១៣:៥​-​៧) ទឹក​ដី​នោះ​គ្មាន​ទឹក​ឬ​វាល​ស្មៅ​គ្រប់​គ្រាន់​សំរាប់​ហ្វូង​សត្វ​របស់​អាប់រ៉ាម​និង​របស់​ឡុត​ទេ។ ជា​លទ្ធផល ការ​តាន​តឹង​ចិត្ត​និង​ការ​តូច​ចិត្ត​បាន​ដុះ​ដាល​រវាង​អ្នក​គង្វាល​សត្វ។ ការ​ទាស់​ទែង​គ្នា​បែប​នេះ គឺ​មិន​សម​សំរាប់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ពិត​ទេ។ បើ​សិន​ជា​ការ​ឈ្លោះ​គ្នា​នោះ​បន្ត​ទៅ​មុខ​ទៀត ប្រហែល​ជា​នឹង​មាន​ការ​ផ្ដាច់​ទំនាក់​ទំនង​គ្នា​តែ​ម្ដង។ ដូច្នេះ តើ​អាប់រ៉ាម​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​របៀប​ណា? គាត់​បាន​បី​បាច់​ថែ​រក្សា​ឡុត​ដូច​ជា​កូន​ប្រុស​របស់​ខ្លួន ក្រោយ​ពី​ឪពុក​របស់​ឡុត​បាន​ស្លាប់​ទៅ។ ដោយ​សារ​អាប់រ៉ាម​គឺ​ចាស់​ជាង​ឡុត គាត់​មាន​សិទ្ធិ​យក​ដី​ល្អ​បំផុត​សំរាប់​ខ្លួន​គាត់ មែន​ទេ?

១១, ១២. ដោយ​ចិត្ត​សទ្ធា តើ​អាប់រ៉ាម​បាន​ស្នើ​ឲ្យ​ឡុត​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​ជំរើស​របស់​ឡុត​មិន​ប្រកប​ទៅ​ដោយ​ប្រាជ្ញា?

១១ ក៏​ប៉ុន្តែ «អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា សូម​កុំ​ឲ្យ​ឯង​ហើយ​នឹង​អញ ឬ​ពួក​គង្វាល​របស់​ឯង​នឹង​ពួក​គង្វាល​របស់​អញ មាន​រឿង​ទាស់​ទែង​គ្នា​ឡើយ ដ្បិត​យើង​ជា​បង​ប្អូន​នឹង​គ្នា ស្រុក​ទាំង​មូល​នេះ តើ​មិន​មែន​នៅ​មុខ​ឯង​ទេ​ឬ​អី? ដូច្នេះ សូម​ឲ្យ​ឯង​ញែក​បែក​ចេញ​ពី​អញ​ទៅ បើ​ឯង​រើស​យក​ខាង​ឆ្វេង នោះ​អញ​នឹង​ទៅ​ខាង​ស្ដាំ ឬ​បើ​ឯង​រើស​យក​ខាង​ស្ដាំ នោះ​អញ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។ នៅ​ជិត​បេត​-​អែល មាន​កន្លែង​មួយ​ដែល​បាន​ហៅ​ជា«ទី​ដ៏​ល្អ​បំផុត​សំរាប់​មើល​ទេសភាព​ស្រុក​ប៉ាឡេស្ទីន»។ ប្រហែល​ជា​ពី​កន្លែង​នោះ ដែល«ឡុត​ក៏​ងើប​ភ្នែក​មើល​ទៅ ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ថា​ជា​ស្រុក​មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង មុន​ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​សូដុំម នឹង​កូម៉ូរ៉ា គឺ​ដូច​ជា​សួន​ច្បារ​ផង​ព្រះ​យេហូវ៉ា ហើយ​ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ​ផង»។—លោកុប្បត្តិ ១៣:៨​-​១០

១២ ទោះ​បី​ព្រះ​គម្ពីរ​រាប់​ទុក​ឡុត​ជា«អ្នក​សុចរិត»ក៏​ដោយ គាត់​មិន​បាន​ព្រម​ឲ្យ​អាប់រ៉ាម​ជ្រើស​មុន​ក្នុង​រឿង​នេះ​ទេ ហើយ​ក៏​មើល​ទៅ​ដូច​ជា​គាត់​មិន​បាន​សូម​យោបល់​របស់​អាប់រ៉ាម​ទៀត​ផង។ (ពេត្រុស​ទី​២ ២:៧) «ដូច្នេះ ឡុត​ក៏​រើស​យក​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ជា​របស់​ផង​ខ្លួន រួច​ចេញ​ដំណើរ​ដើរ​ទៅ​ខាង​កើត គេ​បាន​ឃ្លាត​ចេញ​ពី​គ្នា​ដូច្នោះ​ឯង ឯ​អាប់រ៉ាម​គាត់​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​កាណាន​វិញ តែ​ឡុត​គាត់​ស្នាក់​នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុកវាល​នោះ ហើយ​ក៏​ផ្លាស់​ត្រសាល​គាត់​ទៅ​ត្រឹម​សូដុំម»។ (លោកុប្បត្តិ ១៣:១១, ១២) ទី​ក្រុង​សូដុំម​ប្រកប​ទៅ​ដោយ​ភាព​រីក​ចំរើន ហើយ​ក៏​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ខាង​ទ្រព្យ​សម្បត្ដិ។ (អេសេគាល ១៦:៤៩, ៥០) ថ្វី​បើ​ជំរើស​របស់​ឡុត​មើល​ទៅ​ដូច​ជា​ល្អ​ផ្នែក​ទ្រព្យ​សម្បត្ដិ​ក៏​ដោយ​នោះ​គឺ​ជា​ជំរើស​មិន​ល្អ​ផ្នែក​វិញ្ញាណ​វិញ។ ហេតុ​អ្វី? ពីព្រោះ​លោកុប្បត្តិ ១៣:១៣ ចែង​ថា៖ «ពួក​ក្រុង​សូដុំម គេ​ជា​មនុស្ស​អាក្រក់ ធ្វើ​បាប​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​សន្ធឹក»។ ការ​សម្រេច​ចិត្ត​របស់​ឡុត​ឲ្យ​រើ​ទៅ​នៅ​ក្រុង​នោះ ជា​យថាហេតុ នឹង​នាំ​ឲ្យ​គ្រួសារ​របស់​គាត់​វេទនា​ជា​ខ្លាំង។

១៣. តើ​ដូច​ម្ដេច​ដែល​គំរូ​របស់​អាប់រ៉ាម​អាច​ជួយ​គ្រីស្ទាន​ដែល​មាន​ទំនាស់​អំពី​រឿង​លុយ?

១៣ ក៏​ប៉ុន្តែ អាប់រ៉ាម​បាន​បង្ហាញ​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះយេហូវ៉ា​ដែល​ថា នៅ​ទី​បំផុត ដី​នោះ​នឹង​ជា​កម្មសិទ្ធិ​របស់​ពូជ​គាត់ ដូច្នេះ​គាត់​មិន​ចាំ​បាច់​ឈ្លោះ​អំពី​ដី​មួយ​ផ្នែក​តូច​នោះ​ឡើយ។ ដោយ​ចិត្ត​សទ្ធា គាត់​បាន​ធ្វើ​តាម​គោល​ការណ៍​ក្នុង​កូរិនថូស​ទី​១ ១០:២៤៖ «កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ»។ នេះ​គឺ​ជា​ទី​រំឭក​ដ៏​ល្អ​មួយ​សំរាប់​អ្នក​ណា​ដែល​ប្រហែល​ជា​មាន​ជំទាស់​ជា​មួយ​នឹង​អ្នក​ជឿ​គ្នី​គ្នា​អំពី​រឿង​លុយ។ ជា​ជាង​ធ្វើ​តាម​ឱវាទ​នៅ​ម៉ាថាយ ១៨:១៥​-​១៧ អ្នក​ខ្លះ​បាន​អូស​ទាញ​បង​ប្អូន​ទៅ​ឯ​តុលាការ។ (កូរិនថូស​ទី​១ ៦:១, ៧) គំរូ​របស់​អាប់រ៉ាម​បង្ហាញ​ថា គឺ​ល្អ​ជាង​ដែល​ខ្លួន​ខាត​ខាង​លុយ​និង​ទ្រព្យ ជា​ជាង​នាំ​ឲ្យ​មាន​ការ​តិះ​ដៀល​មក​ដល់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ឬ​ក៏​បំផ្លាញ​សន្ដិភាព​ក្រុម​ជំនុំ​គ្រីស្ទាន។—យ៉ាកុប ៣:១៨

១៤. តើ​អាប់រ៉ាម​ត្រូវ​ទទួល​ពរ​អ្វី​ដោយ​សារ​ចិត្ត​សទ្ធា​របស់​គាត់?

១៤ អាប់រ៉ាម​នឹង​ទទួល​ពរ​ដោយ​សារ​ចិត្ត​សទ្ធា​របស់​គាត់។ ព្រះ​បាន​បន្ទូល​ប្រកាស​ថា៖ «អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​ចំរើន​ឡើង​ដូច​ជា​ធូលី​ដី បាន​ជា​បើ​អ្នក​ណា​អាច​នឹង​រាប់​ធូលី​ដី​បាន នោះ​នឹង​រាប់​ពូជ​ឯង​បាន​ដែរ»។ ការ​ប្រកាស​នេះ​ប្រាកដ​ជា​បាន​លើក​ទឹក​ចិត្ត​អាប់រ៉ាម​ណាស់​ហ្ន៎! ព្រោះ​គាត់​មិន​ទាន់​មាន​កូន​ចៅ​នៅ​ឡើយ​ទេ។ បន្ទាប់​មក ព្រះ​បាន​បង្គាប់៖ «ចូរ​ឯង​ក្រោក​ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្ដោយ​នឹង​ទទឹង​ចុះ ដ្បិត​អញ​នឹង​ឲ្យ​ដល់​ឯង​ហើយ»។ (លោកុប្បត្តិ ១៣:១៦, ១៧) អាប់រ៉ាម​មិន​អាច​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​មួយ​ដ៏​សុខ​ស្រួល​ឡើយ។ គាត់​ត្រូវ​នៅ​ដោយ​ឡែក​ពី​សាសន៍​កាណាន​វិញ។ គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ត្រូវ​តែ​ទុក​ខ្លួន​ដោយ​ឡែក​ពី​លោកីយ៍​ផង​ដែរ។ ពួក​គេ​មិន​ចាត់​ទុក​ខ្លួន​ល្អ​ជាង​អ្នក​ឯ​ទៀត​ទេ ក៏​ប៉ុន្តែ​គេ​មិន​សេព​គប់​ជិត​ស្និទ្ធ​ជា​មួយ​នឹង​អ្នក ដែល​អាច​អូស​ទាញ​គេ​ឲ្យ​ប្រព្រឹត្ត​អ្វី​ខុស​នឹង​បទ​គម្ពីរ​ឡើយ។—ពេត្រុស​ទី​១ ៤:៣, ៤

១៥. (ក) តើ​ការ​ធ្វើ​ដំណើរ​របស់​អាប់រ៉ាម​ប្រហែល​ជា​មាន​ន័យ​អ្វី? (ខ) តើ​អាប់រ៉ាម​បាន​ទុក​គំរូ​អ្វី​សំរាប់​ក្រុម​គ្រួសារ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ?

១៥ នៅ​សម័យ​ព្រះ​គម្ពីរ មុន​ដែល​មនុស្ស​ម្នាក់​យក​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន នោះ​គាត់​មាន​សិទ្ធិ​ពិនិត្យ​មើល​ដី​នោះ​មុន​សិន។ ការ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប្រហែល​ជា​បាន​ជួយ​រំឭក​អាប់រ៉ាម​ថា នៅ​ថ្ងៃ​មួយ​ដី​នោះ​នឹង​ទៅ​ជា​របស់​ផង​កូន​ចៅ​គាត់។ ដោយ​ស្ដាប់​បង្គាប់«អាប់រ៉ាម​ក៏​រើ​ត្រសាល​ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន​វិញ ហើយ​គាត់​ស្អាង​អាសនា​១​ថ្វាយ​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ»។ (លោកុប្បត្តិ ១៣:១៨) ម្ដង​ទៀត អាប់រ៉ាម​បាន​បង្ហាញ​ថា ការ​ថ្វាយ​បង្គំ​មាន​អាទិភាព​បំផុត​ចំពោះ​គាត់។ តើ​ការ​សិក្សា​ជា​ក្រុម​គ្រួសារ ការ​អធិស្ឋាន និង​ការ​ចូល​រួម​កិច្ច​ប្រជុំ ជា​អាទិភាព​ក្នុង​គ្រួសារ​របស់​អ្នក​ឬ​ទេ?

សត្រូវ​សំរុក​ចូល

១៦. (ក) តើ​ហេតុ​អ្វី​ពាក្យ​ដំបូង​នៃ​លោកុប្បត្តិ ១៤:១ គឺ​គួរ​ឲ្យ​ខ្លាច? (ខ) ហេតុ​អ្វី​ស្តេច​បួន​អង្គ​ពី​ទិស​ខាង​កើត​នោះ​បាន​សំរុក​ចូល​វាយ​ប្រហារ​អ៊ីចឹង?

១៦ «នៅ​ជំនាន់​អាំរ៉ាផែល​ជា​ស្តេច​ស្រុក​ស៊ីណើរ អើយ៉ុក​ជា​ស្តេច​ស្រុក​អេឡាសារ កេដូឡោមើរ​ជា​ស្តេច​ស្រុក​អេឡាំ c នឹង​ធីដាល​ជា​ស្តេច​កូយីម នោះ​គេ​លើក​គ្នា​ទៅ​ច្បាំង»។ ក្នុង​ភាសា​ហេព្រើរ ជា​ភាសា​ដើម​នោះ ពាក្យ​ដំបូង​ដែល​ថា(«នៅ​ជំនាន់») បង្កប់​អត្ថន័យ​មួយ​ដ៏​គួរ​ឲ្យ​ខ្លាច ទាំង​ចង្អុល​បញ្ជាក់​នូវ«រយៈ​ពេល​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ទុក្ខ​លំបាក តែ​ចប់​ដោយ​ពរ​វិញ»។ (លោកុប្បត្តិ ១៤:១, ២) សេចក្ដី​ទុក្ខ​លំបាក​នេះ​បាន​ចាប់​ផ្ដើម​ពេល​ស្តេច​បួន​អង្គ និង​ទាហាន​របស់​ទ្រង់​បាន​សំរុក​ចូល​វាយ​ប្រហារ​យ៉ាង​ខ្លាំង​នូវ​ស្រុក​កាណាន។ តើ​អ្វី​ជា​គោល​បំណង​របស់​គេ? ដើម្បី​បង្ក្រាប​ការ​បះ​បោរ​ប្រឆាំង​ពី​ទី​ក្រុង​ទាំង​៥ ដែល​មាន​ទី​ក្រុង​សូដុំម កូម៉ូរ៉ា អាត់ម៉ា​សេបោម និង​បេឡា។ ដោយ​បំផ្លាញ​យ៉ាង​ស្រួល​នូវ​ក្រុម​អ្នក​ត​ស៊ូ ពួក​គេ​ក៏«មូល​គ្នា​នៅ​វាល​ច្រក​ស៊ីឌីម គឺ​ជា​សមុទ្រ​អំបិល»។ ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់​នៅ​ជិត​នោះ។—លោកុប្បត្តិ ១៤:៣​-​៧

១៧. ហេតុ​អ្វី​បាន​ជា​ការ​ចាប់​យក​ឡុត​ជា​ឈ្លើយ​បាន​សាក​ល្បង​នូវ​ជំនឿ​របស់​អាប់រ៉ាម?

១៧ ស្តេច​ស្រុក​កាណាន​បាន​ប្រយុទ្ធ​ត​ទល់​យ៉ាង​ខ្លាំង​ដើម្បី​ទប់​ទល់​អ្នក​ឈ្លានពាន​នោះ តែ​បាន​ចាញ់​យ៉ាង​គួរ​ឲ្យ​អាម៉ាស់​មុខ។ «រួច​ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្ដិ​នៃ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​ទាំង​អស់ ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​ចេញ​បាត់​ទៅ ក៏​ចាប់​ឡុត ជា​ក្មួយ​អាប់រ៉ាម ដែល​នៅ​ក្រុង​សូដុំម នឹង​ទ្រព្យ​សម្បត្ដិ​របស់​គាត់ នាំ​ទៅ​ជា​មួយ​ដែរ»។ ដំណឹង​ពី​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​នោះ​បាន​ឮ​មក​ដល់​អាប់រ៉ាម៖ «មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែសកុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម កាល​អាប់រ៉ាម​បាន​ឮ​ថា គេ​ចាប់​ក្មួយ​ខ្លួន​ទៅ​ជា​ឈ្លើយ»។ (លោកុប្បត្តិ ១៤:៨​-​១៤) នេះ​ជា​អ្វី​ដែល​សាក​ល្បង​ជំនឿ​គាត់​យ៉ាង​ណា​ទៅ​ហ្ន៎! តើ​អាប់រ៉ាម​នឹង​ចង​គំនុំ​ចំពោះ​ក្មួយ​របស់​គាត់ ដោយ​ព្រោះ​គាត់​យក​ដី​ល្អ​បំផុត​ឬ? សូម​ចាំ​ដែរ​ថា អ្នក​ឈ្លានពាន​ទាំង​នេះ​មក​ពី​ស្រុក​កំណើត​របស់​អាប់រ៉ាម​ដែរ គឺ​ជា​ស្រុក​ស៊ីណើរ។ ការ​ត​យុទ្ធ​នឹង​គេ​មាន​ន័យ​ថា អស់​មួយ​ជីវិត​គាត់​មិន​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​ដែល​ជា​មាតុ​ភូមិ​របស់​គាត់​ឡើយ។ ម្យ៉ាង​ទៀត តើ​អាប់រ៉ាម​អាច​ធ្វើ​អ្វី ដើម្បី​ត​ទល់​នឹង​កង​ទ័ព​មួយ​ដែល​សូម្បី​តែ​ទាហាន​ទាំង​អស់​នៅ​ស្រុក​កាណាន​មិន​អាច​ឈ្នះ​ផង​នោះ?

១៨, ១៩. (ក) តើ​ដូច​ម្ដេច​ដែល​អាប់រ៉ាម​អាច​សង្គ្រោះ​ឡុត​បាន? (ខ) តើ​អ្នក​ណា​ទទួល​កិត្ដិយស​ចំពោះ​ជ័យ​ជំនះ​នេះ?

១៨ ម្ដង​នេះ​ទៀត អាប់រ៉ាម​បាន​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ «នោះ​គាត់​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់ លើក​គ្នា​ចេញ​ទៅ​ដេញ​តាម​គេ​រហូត​ដល់​ដាន់។ គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស រួច​នាំ​អស់​ទាំង​ទ្រព្យ​សម្បត្ដិ​វិល​មក​វិញ ព្រម​ទាំង​ឡុត​ជា​ក្មួយ​នឹង​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ដែរ ទាំង​ពួក​ស្ត្រី​នឹង​មនុស្ស​ទាំង​អស់​ផង។ (លោកុប្បត្តិ ១៤:១៤​-​១៦) ដោយ​បង្ហាញ​ជំនឿ​មុត​មាំ​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​អាប់រ៉ាម​បាន​នាំ​ទាហាន​ដែល​មាន​មួយ​ចំនួន​តូច​របស់​គាត់​ទៅ​វាយ​ហើយ​បាន​ឈ្នះ និង​សង្គ្រោះ​ឡុត​និង​គ្រួសារ​របស់​គាត់។ ក្រោយ​នោះ អាប់រ៉ាម​បាន​ជួប​ម៉ិលគីស្សាដែក ដែល​ជា​ស្តេច​សង្ឃ​ទី​ក្រុង​សាឡិម។ «ម៉ិលគីស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម ក៏​នាំ​យក​នំ​ប៉័ង នឹង​ស្រា​ទំពាំង​បាយ​ជូរ​មក​ពីព្រោះ​ទ្រង់​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​ប្រទាន​ពរ​ដល់​គាត់​ថា សូម​ឲ្យ​អាប់រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌​នឹង​ផែនដី ហើយ​សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​ឯង​រួច​គាត់​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ទ្រង់»។—លោកុប្បត្តិ ១៤:១៨​-​២០

១៩ ពិត​មែន​ហើយ ជ័យ​ជំនះ​នោះ​គឺ​មាន​ដោយ​សារ​ព្រះ​យេហូវ៉ា។ ដោយ​សារ​ជំនឿ​របស់​អាប់រ៉ាម គាត់​បាន​ពិសោធន៍​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​មិន​ចូល​រួម​សង្គ្រាម​ពិត​ប្រាកដ​ទេ តែ​គេ​ប្រឈម​មុខ​ការ​សាក​ល្បង​និង​ការ​ពិបាក​ជា​ច្រើន។ អត្ថបទ​ជា​បន្ត​បន្ទាប់​របស់​យើង នឹង​បង្ហាញ​របៀប​ដែល​គំរូ​របស់​អាប់រ៉ាម​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​នោះ ដោយ​ជោគ​ជ័យ។

[កំណត់​សម្គាល់]

a យោង​ទៅ​តាម​សៀវភៅ ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ (បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា) «ផែបផាយរ៉ុស​មួយ​ពី​បុរាណ​ចែង​អំពី​ស្តេច​ផារ៉ោន​មួយ​អង្គ ដែល​បាន​បញ្ជា​ឲ្យ​បុរស​ប្រដាប់​អាវុធ​ចាប់​ស្ត្រី​ស្រស់​ស្អាត​ម្នាក់ និង​សម្លាប់​ប្ដី​របស់​គាត់​ចោល»។ ហេតុ​នេះ​ហើយ ការ​ភិត​ភ័យ​របស់​អាប់រ៉ាម​គឺ​សម មិន​ហួស​ហេតុ​ទេ។

b នាង​ហាការ ដែល​ក្រោយ​មក​បាន​ទៅ​ជា​ភរិយា​ចុង​របស់​អាប់រ៉ាម ប្រហែល​ជា​នៅ​ក្នុង​ចំណោម​បាវ​ស្រី​ដែល​បាន​ត្រូវ​ជូន​ចំពោះ​អាប់រ៉ាម​ពេល​នោះ។—លោកុប្បត្តិ ១៦:១

c អ្នក​ទិតៀន​ធ្លាប់​អះអាង​ថា ទី​ក្រុង​អេឡាំ​មិន​ដែល​មាន​ឥទ្ធិពល​នៅ​ប្រទេស​ស្រុក​ស៊ីណើរ​ឡើយ ហើយ​ថា​កំណត់​ហេតុ​អំពី​ការ​វាយ​ប្រហារ​ដោយ​ស្តេច​កេដូឡោមើរ គឺ​ជា​រឿង​ប្រឌិត​ប៉ុណ្ណោះ។ ដើម្បី​មើល​ភស្តុ​តាង​ពី​បុរាណ​វត្ថុ​វិទ្យា​ដែល​គាំទ្រ​កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ សូម​មើល ទស្សនាវដ្ដី​ប៉ម​យាម ជា​ភាសា​អង់គ្លេស ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៨៩ ទំព័រ​៤​-​៧

តើ​អ្នក​បាន​កត់​សម្គាល់​ទេ?

តើ​ដូច​ម្ដេច​ដែល​ទុរភិក្ស​នៅ​ស្រុក​កាណាន បាន​ធ្វើ​ជា​ទី​ល្បង​ល​ជំនឿ​អាប់រ៉ាម?

តើ​តាម​របៀប​ណា​ដែល​អាប់រ៉ាម​និង​សារ៉ាយ គឺ​ជា​គំរូ​ល្អ​សំរាប់​គូ​ស្វាមីភរិយា​សព្វ​ថ្ងៃ​នេះ?

តើ​យើង​អាច​រៀន​គោល​ការណ៍​អ្វី​ខ្លះ ពី​របៀប​ដែល​អាប់រ៉ាម​បាន​ដោះ​ស្រាយ​បញ្ហា​រវាង​អ្នក​បំរើ​របស់​គាត់​និង​អ្នក​បំរើ​របស់​ឡុត​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៦]

អាប់រ៉ាម​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ក្នុង​ការ​សង្គ្រោះ​ឡុត​ជា​ក្មួយ​របស់​គាត់