លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យអ្នកដទៃឃើញជំនឿនរបស់អ្នក

ចូរឲ្យអ្នកដទៃឃើញជំនឿនរបស់អ្នក

ចូរ​ឲ្យ​អ្នក​ដទៃ​ឃើញ​ជំនឿន​របស់​អ្នក

«ចូរ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ ហើយ​កាន់​ខ្ជាប់​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង​ឡាយ បាន​ឃើញ​សេចក្ដី​ជំនឿន​របស់​អ្នក»។—ធីម៉ូថេ​ទី​១ ៤:១៥

១. តើ​ដូច​ម្ដេច​អ្នក​អាច​សម្គាល់​ថា​ផ្លែ​ឈើ​គឺ​ទុំ​ល្មម​ញ៉ាំ​បាន?

 សូម​នឹក​គិត​ក្នុង​ចិត្ត​អំពី​ផ្លែ​ឈើ​មួយ​ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ ដូច​ជា​ផ្លែ​ធូរេន ម្នាស់ ស្វាយ ឬ​ផ្លែ​ឈើ​ផ្សេង​ទៀត។ តើ​អ្នក​អាច​សម្គាល់​ថា​ពេល​ណា​ផ្លែ​នោះ​ទុំ​ល្មម​ញ៉ាំ​បាន​ទេ? ប្រាកដ​ជា​អាច​សម្គាល់​បាន​មែន។ តាម​រយៈ​ក្លិន ពណ៌ និង​សាច់​របស់​វា​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹក​មាត់​ចង់​ញ៉ាំ​ណាស់។ ពេល​អ្នក​ញ៉ាំ​ផ្លែ​ឈើ​នោះ​មួយ​ម៉ាត់ អ្នក​នឹង​បន្លឺ​សម្លេង​ឡើង​ថា«ឆ្ងាញ់​ណាស់​ហ្ន៎! ផ្អែម​ជាប់​មាត់​មែន!»។ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​រីករាយ​មែន​ទែន។

២. តើ​ដូច​ម្ដេច​ដែល​យើង​អាច​សម្គាល់​ភាព​ចាស់​ទុំ? ហើយ​តើ​នោះ​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ទំនាក់​ទំនង​រវាង​មនុស្ស​គ្នី​គ្នា?

ឧទាហរណ៍​ដ៏​ស្រួល​យល់​អំពី​អ្វី​ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​រីករាយ​នេះ ក៏​ទាក់​ទង​នឹង​ផ្នែក​ផ្សេង​ទៀត​ក្នុង​ជីវិត។ ហេតុ​មួយ​គឺ​ថា ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់​ក៏​សម្ដែង​តាម​វិធី​ផ្សេង​ដូច​ជា​ភាព​ទុំ​របស់​ផ្លែ​ឈើ​ដែរ។ យើង​សម្គាល់​ថា​មនុស្ស​ម្នាក់​មាន​ភាព​ចាស់​ទុំ ពេល​គាត់​សម្ដែង​នូវ​សមត្ថភាព​ចេះ​វែក​ញែក ការ​យល់​ធ្លុះ​ជ្រៅ និង​ប្រាជ្ញា​ជា​ដើម។ (យ៉ូប ៣២:៧​-​៩) នេះ​ប្រាកដ​ជា​អ្វី​ដ៏​ពេញ​ចិត្ត​មែន ពេល​យើង​សេព​គប់​និង​ធ្វើ​ការ​ជា​មួយ​មនុស្ស​ដែល​បង្ហាញ​គុណសម្បត្ដិ​បែប​នេះ​ក្នុង​អាកប្បកិរិយា​របស់​គេ។—សុភាសិត ១៣:២០

៣. តើ​របៀប​ដែល​ព្រះ​យេស៊ូ​បាន​ពណ៌នា ពី​មនុស្ស​នៅ​សម័យ​របស់​ទ្រង់​លើក​បញ្ជាក់​អ្វី​អំពី​ភាព​ចាស់​ទុំ?

ម្យ៉ាង​វិញ​ទៀត មនុស្ស​ម្នាក់​អាច​មាន​វ័យ​ធំ​ពេញ​រូប​ពេញ​រាង តែ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​គាត់​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា គាត់​គ្មាន​ភាព​ចាស់​ទុំ​ខាង​ចិត្ត​គំនិត​និង​ខាង​វិញ្ញាណ​ទេ។ តួយ៉ាង​ដូច​ជា ពេល​ព្រះ​យេស៊ូ​គ្រីស្ទ​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​តំណ​វៀច​វេរ​នៅ​សម័យ​របស់​ទ្រង់ ដោយ​បន្ទូល​ថា៖ «យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា គាត់​មាន​អារក្ស​ចូល ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល! នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន»។ ទោះ​ជា​មនុស្ស​ទាំង​នោះ​បាន​ពេញ​វ័យ​ខាង​រាង​កាយ​ក៏​ដោយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ទង្វើ​របស់​គេ​គឺ​មិន​ខុស​ពី«កូន​ក្មេង»ទេ គឺ​ថា​គ្មាន​ភាព​ចាស់​ទុំ​ទាល់​តែ​សោះ។ ហេតុ​នេះ​ហើយ ទ្រង់​បាន​មាន​បន្ទូល​បន្ថែម​ថា៖ «ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត»។—ម៉ាថាយ ១១:១៦​-​១៩

៤. តើ​តាម​របៀប​ណា​ខ្លះ​ដែល​ការ​ជឿន​ទៅ​មុខ​និង​ភាព​ចាស់​ទុំ​ត្រូវ​សម្ដែង​ឲ្យ​ឃើញ?

យោង​ទៅ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​នោះ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​គាត់​និង​ផល​ដែល​គាត់​បង្កើត យើង​អាច​សម្គាល់​ថា​តើ​មនុស្ស​ម្នាក់​មាន​ប្រាជ្ញា​ពិត​ប្រាកដ ដែល​ជា​មុខ​សញ្ញា​មួយ​នៃ​ភាព​ចាស់​ទុំ​ឬ​ក៏​អត់។ ចំពោះ​រឿង​នេះ សូម​កត់​សម្គាល់​នូវ​ដំបូន្មាន​របស់​សាវ័ក​ប៉ុល​ទៅ​កាន់​ធីម៉ូថេ។ ក្រោយ​ពី​ប៉ុល​បាន​រៀប​រាប់​នូវ​អ្វី​ដែល​ធីម៉ូថេ​គួរ​តាម​រក​នោះ ប៉ុល​បាន​និយាយ​ថា៖ «ចូរ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ ហើយ​កាន់​ខ្ជាប់​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង​ឡាយ បាន​ឃើញ​សេចក្ដី​ជំនឿន​របស់​អ្នក»។ (ធីម៉ូថេ​ទី​១ ៤:១៥) គឺ​ពិត​មែន​ដែល​ថា ជំនឿន​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​ទុំ​របស់​គ្រីស្ទាន​ម្នាក់ អាច​ត្រូវ«ឃើញ»ឬ​ក៏​ជា​អ្វី​ដ៏​ជាក់​ស្តែង។ ភាព​ចាស់​ទុំ​របស់​គ្រីស្ទាន គឺ​ដូច​ជា​ពន្លឺ​មួយ​ដ៏​ភ្លឺ​ចិញ្ចាច មិន​មែន​ជា​គុណសម្បត្ដិ​មួយ​ដែល​អាច​ត្រូវ​លាក់​ទុក​ក្នុង​ខ្លួន​មិន​ឲ្យ​មើល​ឃើញ​នោះ​ឡើយ។ (ម៉ាថាយ ៥:១៤​-​១៦) ហេតុ​នេះ​ហើយ យើង​នឹង​ពិចារណា​នូវ​របៀប​ពីរ​យ៉ាង​ដ៏​ចំបង ដែល​ការ​ជឿន​ទៅ​មុខ​និង​ភាព​ចាស់​ទុំ​អាច​ត្រូវ​សម្ដែង​មក (១) ការ​ចំរើន​នូវ​ចំណេះ យោបល់ និង​ប្រាជ្ញា​របស់​ខ្លួន (២) ការ​សម្ដែង​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

ការ​រួប​រួម​គ្នា​ខាង​ជំនឿ​និង​ចំណេះ

៥. តើ​ភាព​ចាស់​ទុំ​អាច​ត្រូវ​បក​ប្រែ​ជា​អ្វី?

វចនានុក្រម​ភាគ​ច្រើន​បក​ប្រែ​ពាក្យ​ភាព​ចាស់​ទុំ​ជា​ការ​លូត​លាស់​រហូត​ដល់​ពេញ​ខ្នាត ការ​ធំ​ធាត់​ពេញ​រូប​ពេញ​រាង និង​ភាព​ពេញ​លក្ខណៈ។ ដូច​ជា​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​នោះ ផ្លែ​ឈើ​មួយ​គឺ​ទុំ ពេល​ដែល​វា​ឈប់​លូត​លាស់​ខាង​សាច់ ពណ៌ និង​ក្លិន​ទៀត ហើយ​រស​ជាតិ​របស់​វា​មាន​គ្រប់​លក្ខណៈ​ដែល​ត្រូវ​ការ​នោះ។ ដូច្នេះ ភាព​ចាស់​ទុំ​គឺ​ជាប់​ទាក់​ទង​នឹង​ភាព​ល្អ​ប្រសើរ ភាព​ពេញ​លេញ និង​សូម្បី​តែ​ភាព​គ្រប់ល័ក្ខណ៍​ក៏​ដោយ។—អេសាយ ១៨:៥; ម៉ាថាយ ៥:៤៥​-​៤៨; យ៉ាកុប ១:៤

៦, ៧. (ក) តើ​អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មាន​ចំណាប់​អារម្មណ៍​ចង់​ឲ្យ​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ជឿន​ទៅ​ដល់​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ? (ខ) តើ​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​គឺ​ភ្ជាប់​ជា​មួយ​នឹង​អ្វី?

ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ចង់​ឲ្យ​អ្នក​ទាំង​អស់​ដែល​ថ្វាយ​បង្គំ​ទ្រង់​ជឿន​ទៅ​ដល់​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ។ ដើម្បី​សម្រេច​គោល​បំណង​នេះ ទ្រង់​បាន​រៀបចំ​ឲ្យ​មាន​សំ​វិធានការ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន។ សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ​ថា៖ «ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូប​កាយ​ព្រះ​គ្រីស្ទ​ឡើង ទាល់​តែ​យើង​រាល់​គ្នា​បាន​រួប​រួម ខាង​ឯ​សេចក្ដី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដូច​គ្នា​ទាំង​អស់ គឺ​ដល់​បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរ​ពេញ​ផង​ព្រះ​គ្រីស្ទ ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយ​កល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ»។—អេភេសូរ ៤:១១​-​១៤

ខ​ទាំង​នេះ​ពន្យល់​ថា មូលហេតុ​ដែល​ព្រះ​បាន​រៀបចំ​ឲ្យ​មាន​សំ​វិធាន​ជា​ច្រើន​ខាង​វិញ្ញាណ​ក្នុង​ក្រុម​ជំនុំ គឺ​ពីព្រោះ​ទាំង​អស់​គ្នា​គួរ ‹រួប​រួម ខាង​ជំនឿ​ហើយ​ចំណេះ​ត្រឹម​ត្រូវ› ទៅ​ជា«ពេញ​ជា​មនុស្ស» និង «ដល់​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរ​ពេញ​ផង​ព្រះ​គ្រីស្ទ»។ គឺ​តាមរយៈ​នោះ​តែ​ប៉ុណ្ណោះ​ដែល​យើង​អាច​ត្រូវ​ការ​ពារ​មិន​ឲ្យ​បោក ផាត់​ចុះ​ឡើង ដូច​ជា​កូន​តូច​ៗ​ខាង​វិញ្ញាណ ដោយ​គំនិត​និង​សេចក្ដី​បង្រៀន​មិន​ពិត។ ដូច្នេះ យើង​អាច​ឃើញ​ទំនាក់​ទំនង​ស្អិត​រ​មួ​ត​រវាង​ការ​ជឿន​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​ទុំ​គ្រីស្ទាន និង‹ការ​រួប​រួម​គ្នា​ខាង​ជំនឿ​និង​ចំណេះ​អំពី​ព្រះ​រាជបុត្រា​នៃ​ព្រះ›។ មាន​ចំណុច​ជា​ច្រើន​ក្នុង​ឱវាទ​របស់​ប៉ុល​ដែល​មាន​ប្រយោជន៍​ចំពោះ​យើង។

៨. តើ«ការ​រួប​រួម​គ្នា​ខាង​ជំនឿ​និង​ចំណេះ»តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ?

ទី​១ ពីព្រោះ​ត្រូវ​មាន«ការ​រួប​រួម»អ៊ីចឹង នោះ​គ្រីស្ទាន​ម្នាក់​ដែល​មាន​ភាព​ចាស់​ទុំ​ត្រូវ​តែ​មាន​សាមគ្គីភាព និង​ចុះ​សម្រុង​គ្នា​ជា​មួយ​អ្នក​ជឿ​គ្នី​គ្នា ខាង​ឯ​ជំនឿ​និង​ចំណេះ។ គាត់​មិន​ប្រកាន់​តាម ឬ​ទាម​ទារ​ឲ្យ​មាន​ការ​កាន់​តាម​នូវ​មតិ​របស់​គាត់ ព្រម​ទាំង​មិន​កាន់​តាម​យោបល់​របស់​គាត់​ផ្ទាល់ ស្តី​ពី​អ្វី​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ ផ្ទុយ​ទៅ​វិញ គាត់​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​សេចក្ដី​ពិត​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​មក​ក្នុង​ព្រះ​គម្ពីរ តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ និង‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ តាម​រយៈ​ការ​ទទួល​ទាន​នូវ​ម្ហូប​អាហារ​ខាង​វិញ្ញាណ​ដែល​ត្រូវ​ផ្ដល់«តាម​ត្រូវ​ពេល»តាម​រយៈ​ប្រកាសនវត្ថុ​គ្រីស្ទាន កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត នោះ​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​នឹង«រួប​រួម»ជា​មួយ​គ្រីស្ទាន​គ្នី​គ្នា​ក្នុង​ជំនឿ​និង​ចំណេះ។—ម៉ាថាយ ២៤:៤៥

៩. សូម​ពន្យល់​នូវ​អត្ថន័យ​របស់​ពាក្យ«ជំនឿ» ដូច​ប៉ុល​បាន​ប្រើ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​អ្នក​នៅ​ទី​ក្រុង​អេភេសូរ។

ទី​២ ពាក្យ«ជំនឿ»មិន​សំដៅ​ទៅ​លើ​អ្វី​ដែល​យើង​ម្នាក់​ៗ​ជឿ​ផ្ទាល់​នោះ​ឡើយ ក៏​ប៉ុន្តែ​ជា​អ្វី​ទាំង​អស់​ដែល​យើង​ជឿ គឺ​ជា«ទទឹង បណ្ដោយ ជំរៅ នឹង​កំពស់»នៃ​សេចក្ដី​ពិត។ (អេភេសូរ ៣:១៨; ៤:៥; កូល៉ុស ១:២៣; ២:៧) តាម​ពិត តើ​គ្រីស្ទាន​ម្នាក់​អាច​រួប​រួម​ជា​មួយ​អ្នក​ជឿ​គ្នី​គ្នា​យ៉ាង​ដូច​ម្ដេច បើ​សិន​ជា​គាត់​គ្រាន់​តែ​ជឿ​មួយ​ផ្នែក​នៃ«ជំនឿ»របស់​យើង? នេះ​មាន​ន័យ​ថា យើង​មិន​គួរ​ស្កប់​ចិត្ត​ដោយ​ដឹង​តែ​សេចក្ដី​បង្រៀន​បឋម​ក្នុង​ព្រះ​គម្ពីរ ឬ​ក៏​ដោយ​មាន​ការ​យល់​ដឹង​ដ៏​ស្រ​ពិច​ស្រពិល​ឬ​មិន​គ្រប់​សព្វ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដោយ​ឆ្លៀត​ប្រយោជន៍​ទាំង​អស់​ពី​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ផ្ដល់​មក​តាម​រយៈ​អង្គការ​របស់​ទ្រង់ ដើម្បី​រិះ​រក​ដោយ​ស្រាវ​ជ្រាវ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ យើង​ត្រូវ​តែ​ខិត​ខំ​យល់​ដឹង​អំពី​ព្រះ​ហឫទ័យ​និង​គោល​បំណង​របស់​ទ្រង់ ឲ្យ​ច្បាស់​លាស់​និង​ត្រឹម​ត្រូវ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​រួម​បញ្ចូល ការ​ឆ្លៀត​អាន​និង​សិក្សា​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ ការ​អធិស្ឋាន​ទូល​ព្រះ​ឲ្យ​បាន​ជំនួយ​និង​ការ​ណែនាំ ការ​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀង​ទាត់ និង​ការ​រួម​ចំណែក​ពេញ​លេញ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ពី​ព្រះ​រាជាណាចក្រ និង​កិច្ច​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។—សុភាសិត ២:១​-​៥

១០. តើ​ពាក្យ«ទាល់​តែ​យើង​រាល់​គ្នា»ដែល​មាន​ក្នុង​អេភេសូរ ៤:១៣ មាន​ន័យ​អ្វី?

១០ ទី​៣ ប៉ុល​បាន​ផ្ដើម​ការ​ពណ៌នា​អំពី​គោល​ដៅ​បី​ប្រការ​នោះ ដោយ​ប្រើ​ពាក្យ​ថា«ទាល់​តែ​យើង​រាល់​គ្នា​បាន​រួប​រួម»សៀវភៅ​ក្បួន​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ឃ្លា​ដែល​ថា«ទាល់​តែ​យើង​រាល់​គ្នា»មាន​ន័យ​ថា «មិន​មែន​យើង​ម្នាក់​ៗ​ដោយ​ឡែក​ទេ តែ​គឺ​យើង​ទាំង​អស់​ជា​មួយ​គ្នា​តែ​ម្ដង»។ បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​ម្នាក់​ៗ​ត្រូវ​ខិត​ខំ​តាម​រក​ភាព​ចាស់​ទុំ​គ្រីស្ទាន​ជា​មួយ​គ្នា​នឹង​ភាតរភាព​ទាំង​មូល​របស់​យើង។ ព្រះ​គម្ពីរ​របស់​អ្នក​បក​ប្រែ លើក​បញ្ជាក់​ថា៖ «ភាព​ពេញ​លក្ខណៈ​ខាង​វិញ្ញាណ​មិន​ត្រូវ​សម្រេច​ដោយ​មនុស្ស​ម្នាក់​ដោយ​ឡែក​ទេ ដូច​ជា​អវយវៈ​របស់​រាង​កាយ​មិន​អាច​ពេញ​សាច់​ពេញ​ឈាម​បាន​ទេ បើ​សិន​ជា​រាង​កាយ​ទាំង​មូល​មិន​បន្ត​លូត​លាស់​យ៉ាង​ល្អ​នោះ»។ ប៉ុល​បាន​រំឭក​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ​ថា ពួក​គេ«ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា» ត្រូវ​តែ​ព្យាយាម​យល់​អំពី​ជំនឿ​ទាំង​មូល​របស់​យើង។—អេភេសូរ ៣:១៨​ក

១១. (ក) តើ​ការ​ជឿន​ទៅ​មុខ​ខាង​វិញ្ញាណ​មិន​រួម​បញ្ចូល​អ្វី​ខ្លះ? (ខ) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជឿន​ទៅ​មុខ​ខាង​វិញ្ញាណ?

១១ តាម​រយៈ​សំដី​របស់​ប៉ុល យើង​អាច​យល់​ច្បាស់​ថា ការ​ជឿន​ទៅ​មុខ​ខាង​វិញ្ញាណ​មិន​មែន​ជា​ការ​ក្រេប​ជញ្ជក់​ចំណេះ និង​ការ​រៀន​សូត្រ​ច្រើន​ប៉ុណ្ណោះ​ទេ។ គ្រីស្ទាន​ដែល​មាន​ភាព​ចាស់​ទុំ​មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​កោត​ស្ងើច​នឹង​ជំរៅ​ចំណេះ​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​ចែង​ថា៖ «ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ​ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង»។ (សុភាសិត ៤:១៨) គឺ​ពិត​មែន​ហើយ គឺ​ជា«ផ្លូវ»ដែល«ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង»មិន​មែន​ជា​បុគ្គល​នោះ​ទេ។ យើង​នឹង​ជឿន​ទៅ​មុខ​ខាង​វិញ្ញាណ បើ​សិន​ជា​យើង​ខិត​ខំ​ដោយ​ឥត​ឈប់​ឈរ​ឲ្យ​រៀន​ទាន់​នឹង​ការ​យល់​ដឹង ដែល​កាន់​តែ​ច្បាស់​ឡើង​ៗ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ប្រទាន​ចំពោះ​រាស្ត្រ​ទ្រង់។ ក្នុង​រឿង​នេះ ការ​រៀន​ឲ្យ​ទាន់​គឺ​ជា​ការ​ជឿន​ទៅ​មុខ ហើយ​នោះ​គឺ​ជា​អ្វី​មួយ​ដែល​យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ទៅ​បាន។—ទំនុកដំកើង ៩៧:១១; ១១៩:១០៥

ចូរ​សម្ដែង​នូវ«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»

១២. ហេតុ​អ្វី​បាន​ជា​ការ​សម្ដែង​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ គឺ​សំខាន់​ចំពោះ​ការ​ជឿន​ខាង​វិញ្ញាណ?

១២ នៅ​ពេល​កំពុង​តែ«រួប​រួម​គ្នា​ខាង​ជំនឿ​និង​ចំណេះ»គឺ​សំខាន់​ដែល​យើង​សម្ដែង​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ក្នុង​គ្រប់​វិស័យ​នៃ​ជីវិត​របស់​យើង។ ហេតុ​អ្វី? ពីព្រោះ ដូច​យើង​បាន​រៀន​ហើយ​ថា ភាព​ចាស់​ទុំ​មិន​មែន​ជា​អ្វី​ដែល​អាច​ត្រូវ​លាក់​ក្នុង​ខ្លួន​ទេ តែ​ត្រូវ​សម្គាល់​ដោយ​គុណសម្បត្ដិ​ជាក់​ស្តែង​ដែល​អាច​ជួយ​ស្អាង​ចិត្ត និង​មាន​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។ ជាក់​ស្តែង​ហើយ ការ​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​មិន​ជា​ការ​ខិត​ខំ​ធ្វើ​ឫកពា​ថ្លៃ​ថ្នូរ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​យើង​លូត​លាស់​ខាង​វិញ្ញាណ ដោយ​តាម​ការ​ណែនាំ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ នោះ​ចិត្ត​គំនិត​និង​កិរិយា​របស់​យើង​នឹង​កែ​ប្រែ​តាម​របៀប​ដ៏​ប្រសើរ។ សាវ័ក​ប៉ុល​បាន​និយាយ​ថា៖ «ចូរ​ដើរ​ក្នុង​ព្រះ​វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម​ទេ»។—កាឡាទី ៥:១៦

១៣. តើ​ការ​កែ​ប្រែ​អ្វី​ជា​ទី​សម្គាល់​នៃ​ការ​ជឿន​ទៅ​មុខ?

១៣ ជា​បន្ត​បន្ទាប់ ប៉ុល​បាន​ពន្យល់​នូវ«កិច្ច​ការ​ខាង​សាច់​ឈាម»ជា​ច្រើន​ដែល«ប្រាកដ​ច្បាស់​ហើយ»។ មុន​ដែល​មនុស្ស​ម្នាក់​យល់​តម្លៃ​នៃ​ខ្នាត​តម្រា​របស់​ព្រះ ជីវិត​របស់​គាត់​គឺ​យក​លំនាំ​តាម​របៀប​រស់​នៅ​ក្នុង​លោកីយ៍​នេះ និង​ក៏​អាច​ពោរ​ពេញ​ទៅ​ដោយ​អ្វី​ខ្លះ​ដែល​ប៉ុល​បាន​រៀប​រាប់​ដូច​ជា៖ «សេចក្ដី​កំផិត សហាយស្មន់ ស្មោក​គ្រោក អាសអាភាស ថ្វាយ​បង្គំ​រូប​ព្រះ មន្តអាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់​ទែង​គ្នា បាក់​បែក បក្ស​ពួក ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល នឹង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ផង»។ (កាឡាទី ៥:១៩​-​២១) ក៏​ប៉ុន្តែ អ្នក​នោះ​លូត​លាស់​ខាង​វិញ្ញាណ ហើយ​ឈ្នះ​ជា​បណ្ដើរ​ៗ​នូវ«កិច្ច​ការ​ខាង​សាច់​ឈាម»ទាំង​នេះ​ដ៏​មិន​សម​គួរ នឹង​សម្ដែង«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»វិញ។ ការ​កែ​ប្រែ​ដ៏​ងាយ​មើល​ឃើញ​នេះ គឺ​ជា​ទី​សម្គាល់​ថា អ្នក​នោះ​កំពុង​តែ​ជឿន​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​ទុំ​ជា​គ្រីស្ទាន។—កាឡាទី ៥:២២

១៤. សូម​ពន្យល់​ឃ្លា​ពីរ​ដែល​ថា«កិច្ច​ការ​ខាង​សាច់​ឈាម»និង«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»។

១៤ យើង​គួរ​កត់​សម្គាល់​ឃ្លា​ពីរ ដែល​ថា«កិច្ច​ការ​ខាង​សាច់​ឈាម»និង«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»។ «កិច្ច​ការ»មក​ពី​ទង្វើ​របស់​មនុស្ស​និង​ជា​លទ្ធផល​នៃ​ការ​ប្រព្រឹត្ត​របស់​គាត់។ បើ​និយាយ​ឲ្យ​ចំ​ទៅ កិច្ចការ​ដែល​ប៉ុល​បាន​រៀប​រាប់​នោះ ថា​ជា​កិច្ច​ការ​ខាង​សាច់​ឈាម គឺ​ជា​លទ្ធផល​នៃ​ការ​សម្រេច​ធ្វើ​ដូច្នោះ ឬ​ក៏​ការ​ប្រព្រឹត្ត​ដែល​កើត​ចេញ​ពី​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​មនុស្ស។ (រ៉ូម ១:២៤, ២៨; ៧:២១​-​២៥) ក៏​ប៉ុន្តែ ពាក្យ​ដែល​ថា«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»ចង្អុល​បញ្ជាក់​ថា គុណសម្បត្ដិ​ដែល​ត្រូវ​រៀប​រាប់​នោះ មិន​មែន​ជា​លទ្ធផល​ពី​ការ​ខិត​ខំ​កែ​ខ្លួន ឬ​ក៏​ការ​ខិត​ខំ​ធ្វើ​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ល្អ​នោះ​ទេ តែ​គឺ​ជា​លទ្ធផល​ពី​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ទៅ​លើ​មនុស្ស​ម្នាក់។ ដូច​ជា​ដើម​ឈើ​មួយ​នឹង​បង្កើត​ផល​បើ​សិន​ជា​វា​ត្រូវ​ថែ​ទាំ​យ៉ាង​ល្អ នោះ​មនុស្ស​ម្នាក់​នឹង​សម្ដែង​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ពេល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​ជា​ច្រើន​ក្នុង​ជីវិត​របស់​គាត់។—ទំនុកដំកើង ១:១​-​៣

១៥. ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គុណសម្បត្ដិ​ទាំង​អស់​ក្នុង«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»?

១៥ ចំណុច​មួយ​ទៀត​ដើម្បី​ពិចារណា គឺ​ជា​របៀប​ដែល​ប៉ុល​បាន​ប្រើ​ពាក្យ«ផល​ផ្លែ»ដើម្បី​ក្រសោប​បញ្ចូល​គុណសម្បត្ដិ​ល្អ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​រៀប​រាប់​នោះ។ ព្រះ​វិញ្ញាណ​មិន​បង្កើត​ផល​ជា​ច្រើន ដើម្បី​ឲ្យ​យើង​ជ្រើស​មួយ​ណា​ដែល​យើង​ពេញ​ចិត្ត​ជាង​គេ​ទេ។ គុណសម្បត្ដិ​ទាំង​អស់​ដែល​ប៉ុល​បាន​ប្រាប់​នោះ ដូច​ជា​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត គឺ​សំខាន់​ដូច​គ្នា និង​គ្រប់​ទាំង​អស់​ជា​សមាសភាព​នៃ​បុគ្គលិក​លក្ខណៈ​គ្រីស្ទាន​ថ្មី។ (អេភេសូរ ៤:២៤; កូល៉ុស ៣:១០) ដូច្នេះ ទោះ​ជា​យើង​ឃើញ​ថា គុណសម្បត្ដិ​ណា​មួយ​លេច​ឡើង​ជាង​គេ​ក្នុង​ជីវិត​របស់​យើង ដោយ​សារ​លក្ខណៈ​សម្បត្ដិ​របស់​យើង​និង​ភាព​ទោរ​ទន់​ក៏​ដោយ គឺ​ជា​សំខាន់​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គុណសម្បត្ដិ​ទាំង​អស់​ដែល​ប៉ុល​បាន​ប្រាប់​នោះ។ ដោយ​ធ្វើ​ដូច្នេះ យើង​អាច​បង្ហាញ​បុគ្គលិក​លក្ខណៈ​ក្នុង​ជីវិត​របស់​យើង​ដូច​ជា​ព្រះ​គ្រីស្ទ។—ពេត្រុស​ទី​១ ២:១២, ២១

១៦. តើ​យើង​មាន​គោល​បំណង​អ្វី​ក្នុង​ការ​តាម​រក​ភាព​ចាស់​ទុំ​របស់​គ្រីស្ទាន? ហើយ​តើ​យើង​អាច​សម្រេច​បំណង​នោះ​យ៉ាង​ដូច​ម្ដេច?

១៦ មេ​រៀន​សំខាន់​ដែល​យើង​រៀន​ពី​ការ​ពន្យល់​របស់​ប៉ុល​គឺ​ថា ក្នុង​ការ​តាម​រក​ភាព​ចាស់​ទុំ​របស់​គ្រីស្ទាន បំណង​របស់​យើង​មិន​មែន​ជា​ការ​រៀន​និង​ទទួល​ចំណេះ​ជា​ច្រើន​ជាង​គេ ឬ​ក៏​ការ​បង្កើត​ឲ្យ​មាន​ឫកពា​ថ្លៃ​ថ្នូរ​ទេ។ បំណង​របស់​យើង​គឺ​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​យើង​ដោយ​គ្មាន​ការ​រា​រាំង​ទេ។ យើង​នឹង​ចាស់​ទុំ​ខាង​វិញ្ញាណ​ដល់​កំរិត​ណា​ដែល​ចិត្ត​គំនិត​និង​កិរិយា​របស់​យើង​ប្រព្រឹត្ត​តាម​ការ​ណែនាំ​ពី​ព្រះ​វិញ្ញាណ​របស់​ព្រះ។ តើ​យើង​អាច​សម្រេច​បំណង​នេះ​ដោយ​ដូច​ម្ដេច? យើង​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​គំនិត​របស់​យើង។ នេះ​រួម​បញ្ចូល​ការ​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀង​ទាត់។ យើង​ក៏​គួរ​សិក្សា​និង​រំពឹង​គិត​អំពី​ព្រះ​បន្ទូល​របស់​ព្រះ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​គោល​ការណ៍​ព្រះ​គម្ពីរ មាន​អានុភាព​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​និង​ការ​សម្រេច​ដែល​យើង​ធ្វើ។ ពេល​នោះ ការ​ជឿន​ទៅ​មុខ​របស់​យើង​នឹង​ពិត​ជា​ឃើញ​ជាក់​ស្តែង​មែន។

ជឿន​ទៅ​មុខ​ដើម្បី​ជា​សិរី​រុង​រឿង​ដល់​ព្រះ

១៧. តើ​ការ​ជឿន​ទៅ​មុខ​ជាប់​ទាក់​ទង​យ៉ាង​ណា នឹង​ការ​សរសើរ​ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌?

១៧ នៅ​ទី​បំផុត ការ​ជឿន​ទៅ​មុខ​មិន​មែន​នាំ​ឲ្យ​មាន​សេចក្ដី​សរសើរ​ចំពោះ​យើង​ទេ តែ​នាំ​សិរី​រុង​រឿង​និង​សេចក្ដី​សរសើរ​ទៅ​ដល់​ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​ទៅ​វិញ​ទេ ដែល​បាន​បើក​ផ្លូវ​ឲ្យ​យើង​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​នោះ។ ក្នុង​រាត្រី​មុន​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​ធ្វើ​គុត ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា៖ «ព្រះ​វរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន!»។ (យ៉ូហាន ១៥:៨) សិស្ស​ទាំង​នោះ​បាន​នាំ​សិរី​ល្អ​ទៅ​ដល់​ព្រះ​យេហូវ៉ា ដោយ​សារ​ការ​សម្ដែង​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ និង​ការ​បង្កើត​ផល​ព្រះ​រាជាណាចក្រ​ក្នុង​កិច្ច​បំរើ​ផ្សាយ។—កិច្ច​ការ ១១:៤, ១៨; ១៣:៤៨

១៨. (ក) តើ​អ្វី​ជា​ចំរូត​ដែល​គេ​ធ្វើ​ដោយ​ចិត្ត​សប្បាយ​កំពុង​តែ​កើត​ឡើង​សព្វ​ថ្ងៃ​នេះ? (ខ) តើ​នេះ​តម្រូវ​ឲ្យ​ព្យាយាម​ធ្វើ​អ្វី?

១៨ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទៅ​លើ​រាស្ត្រ​ទ្រង់ ពេល​គេ​ចូល​រួម​ក្នុង​ចំរូត​មួយ ដែល​មាន​ទូទាំង​ពិភព​លោក។ អស់​ជា​ច្រើន​ឆ្នាំ​ហើយ អ្នក​ថ្មី​ប្រមាណ​៣០០.០០០​នាក់​រៀង​រាល់​ឆ្នាំ ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា​និង​បង្ហាញ​ការ​ថ្វាយ​ខ្លួន​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​និង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​សប្បាយដែរ។ (សុភាសិត ២៧:១១) ក៏​ប៉ុន្តែ ដើម្បី​ឲ្យ​នេះ​ធ្វើ​ជា​អ្វី​ដែល​សរសើរ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​និង​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​រីករាយ​ដូច្នេះ អ្នក​ថ្មី​ទាំង​នេះ​ត្រូវ​តែ«ដើរ​ក្នុង​ទ្រង់​តាម​បែប​យ៉ាង​នោះ​ចុះ ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ»។ (កូល៉ុស ២:៦, ៧) រាស្ត្រ​របស់​ព្រះ​ត្រូវ​ព្យាយាម​ធ្វើ​អ្វី​ពីរ​យ៉ាង។ ទី​មួយ បើ​សិន​ជា​អ្នក​ទើប​តែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​អ្នក​នឹង​ស៊ូ​ព្យាយាម​ដើម្បី​ឲ្យ«មនុស្ស​ទាំង​ឡាយ ឃើញ​សេចក្ដី​ជំនឿន​របស់​អ្នក»ឬ​ទេ? ទី​ពីរ បើ​សិន​ជា​អ្នក​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អស់​មួយ​រយៈ​ហើយ តើ​អ្នក​នឹង​ព្យាយាម​បំពេញ​ភារកិច្ច​ថែ​រក្សា​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​អ្នក​ថ្មី​ទេ? ក្នុង​ករណី​ទាំង​ពីរ គឺ​ច្បាស់​ថា ការ​ជឿន​ទៅ​ដល់​ភាព​ចាស់​ទុំ​គឺ​ចាំ​បាច់។—ភីលីព ៣:១៦; ហេព្រើរ ៦:១

១៩. តើ​អ្នក​អាច​មាន​ឱកាស​អ្វី បើ​សិន​ជា​អ្នក​ឲ្យ​មនុស្ស​ឃើញ​ជំនឿន​របស់​អ្នក?

១៩ អ្នក​ដែល​ខំ​ប្រឹង​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ជំនឿន​របស់​ខ្លួន នឹង​ទទួល​ប្រយោជន៍​ជា​ច្រើន។ សូម​នឹក​ចាំ​ពី​ពាក្យ​របស់​ប៉ុល​ទៅ​កាន់​ធីម៉ូថេ ដែល​ជា​ទី​លើក​ទឹក​ចិត្ត​នោះ​ថា៖ «ចូរ​ប្រុង​ប្រយ័ត​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្ដី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង»។ (ធីម៉ូថេ​ទី​១ ៤:១៦) ដោយ​ការ​ព្យាយាម​ឲ្យ​មនុស្ស​ឃើញ​ជំនឿន​របស់​អ្នក នោះ​អ្នក​ក៏​អាច​មាន​ឱកាស​សរសើរ​ដល់​ព្រះ​នាម​របស់​ព្រះ​និង​ទទួល​ពរ​ពី​ទ្រង់។

តើ​អ្នក​ចាំ​ទេ?

តើ​តាម​របៀប​ណា​ដែល​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​អាច​ស​ឲ្យ​ឃើញ?

តើ​ចំណេះ​និង​ការ​យល់​ដឹង​បែប​ណា​ដែល​បង្ហាញ​នូវ​ភាព​ចាស់​ទុំ?

តើ​ដោយ​ដូច​ម្ដេច​ដែល​ការ​សម្ដែង​នូវ«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»ជា​ទី​សម្គាល់​នៃ​ភាព​ចាស់​ទុំ?

តើ​យើង​គួរ​ព្យាយាម​ធ្វើ​អ្វី​ពេល​យើង​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​ទុំ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៣]

ភាព​ពេញ​លក្ខណៈ ឬ​ក៏​ការ​ទុំ​ល្អ​អាច​ត្រូវ​មើល​ឃើញ​យ៉ាង​ច្បាស់

[រូប​ភាព​នៅ​ទំព័រ​១៥]

យើង​មាន​ជំនឿន​ខាង​វិញ្ញាណ ពេល​យើង​រៀន​ឲ្យ​ទាន់​នឹង​សេចក្ដី​ពិត​ដែល​ត្រូវ​លាត​ត្រដាង

[រូប​ភាព​នៅ​ទំព័រ​១៧]

សេចក្ដី​អធិស្ឋាន​ជួយ​យើង​បង្កើត«ផល​ផ្លែ​ខាង​វិញ្ញាណ»