តើហេតុអ្វីបានជាអ្នកជឿដូចនោះ?
តើហេតុអ្វីបានជាអ្នកជឿដូចនោះ?
អត្ថន័យនៃពាក្យ ជឿ ត្រូវបកស្រាយថា«ធ្វើឲ្យចិត្តចុះចូលទាំងស្រុងដោយយល់ថាពិត យកចិត្តទុកដាក់ថាជាការមែន»។ ឯកសារការប្រកាសជាសកលនូវសិទ្ធិមនុស្ស របស់សហប្រជាជាតិនោះ ការពារ«សិទ្ធិសេរីភាពខាងគំនិត មនសិការ និងសាសនា»របស់មនុស្សគ្រប់រូប។ សិទ្ធិនេះរួមបញ្ចូលសេរីភាព«ប្ដូរសាសនាឬក៏ជំនឿ»បើសិនជាគេចង់ធ្វើដូច្នេះ។
ក៏ប៉ុន្តែហេតុអ្វីបានជាមនុស្សម្នាក់ចង់ប្ដូរសាសនាឬក៏ជំនឿរបស់គាត់? តាមធម្មតា មនុស្សបញ្ចេញទស្សនៈថា«ខ្ញុំពេញចិត្តនឹងជំនឿរបស់ខ្ញុំហើយ»។ សូម្បីតែការយល់ខុស មនុស្សជាច្រើនចាត់ទុកថា មិនមែនធ្វើទុក្ខទោសដល់អ្នកណាទេ។ បើសិនជាមនុស្សម្នាក់ជឿថា ផែនដីមានរាងសំប៉ែត ជំនឿនោះនឹងមិននាំឲ្យមានគ្រោះថ្នាក់មកដល់គាត់ ឬអ្នកឯទៀតឡើយ។ អ្នកខ្លះនិយាយថា៖ «យើងគួរទទួលស្គាល់ជំនឿរបស់អ្នកដទៃនឹងមិនត្រូវឈ្លោះគ្នាទេ»។ តើគំនិតបែបនោះតែងតែប្រកបទៅដោយប្រាជ្ញាទេ? បើសិនជាគ្រូពេទ្យម្នាក់ជឿថា គាត់អាចប៉ះពាល់សាកសពនៅបន្ទប់ពិសោធន៍សាកសព និងក្រោយមកចូលក្នុងបន្ទប់ភ្លាមៗដើម្បីពិនិត្យមើលអ្នកជម្ងឺនោះ តើគ្រូពេទ្យម្នាក់ទៀតនឹងទទួលស្គាល់ជំនឿរបស់គ្រូពេទ្យគ្នីគ្នារបស់គាត់ឬទេ?
ចំពោះសាសនាវិញ ជំនឿខុសបាននាំមកនូវទុក្ខទោសជាច្រើនក្នុងប្រវត្ដិសាស្ត្រ។ សូមគិតអំពីរឿងដ៏គួរឲ្យរន្ធត់ដែលបានកើតឡើងពេលអ្នកដឹកនាំសាសនាបាន«ជំរុញចិត្តពួកគ្រីស្ទានហ្សែឡុតនោះ ឲ្យធ្វើអំពើហិង្សាដោយគ្មានមេត្ដា»ក្នុងកំឡុងសង្គ្រាមសាសនានៅមជ្ឍិមសម័យ។ ឬក៏សព្វថ្ងៃនេះ សូមគិតអំពីកូនទាហានក្នុងសង្គ្រាមស៊ីវិលមួយនៅពេលថ្មីៗនេះ ពួកគេអះអាងថាខ្លួនជាគ្រីស្ទាន ដែល«យករូបនាងម៉ារាបិទជាប់ស្វ័យកាំភ្លើង ដូចជាទ័ពនៅមជ្ឈិមសម័យ ឆ្លាក់ឈ្មោះទេពសន្តផ្សេងៗលើដងដាវរបស់គេដែរ»។ ពួកហ្សែឡុតទាំងនេះបានជឿថា អ្វីដែលគេធ្វើគឺត្រឹមត្រូវទាំងអស់។ ក៏ប៉ុន្តែ គឺជាក់ស្តែងណាស់ដែលថា អ្នកទាំងនេះ និងការតយុទ្ធឯទៀតរវាងសាសនា មិនអាចត្រូវចាត់ទុកជាការត្រឹមត្រូវឡើយ។
ហេតុអ្វីបានជាមានការច្របូកច្របល់និងការប្រឆាំងគ្នាច្រើនម្ល៉េះ? ចម្លើយក្នុងព្រះគម្ពីរថា គឺដោយសារសាតាំង«នាំលោកីយទាំងមូលឲ្យវង្វេងចេញ»តែម្ដង។ (វិវរណៈ ១២:៩; កូរិនថូសទី២ ៤:៤; ១១:៣) ជារឿងដ៏គួរឲ្យសោកស្ដាយណាស់ដែលថា មនុស្សជាច្រើនដែលកាន់សាសនានឹង«ត្រូវវិនាស»ពីព្រោះគេនឹងត្រូវបញ្ឆោតដោយសាតាំង ដែលធ្វើ«ការអស្ចារ្យដ៏កំភូត ហើយដោយគ្រប់ទាំងសេចក្ដីឆបោក»ផង នេះជាអ្វីដែលសាវ័កប៉ុលបានព្រមានឲ្យដឹងទុកជាមុន។ ប៉ុលបាននិយាយថា អ្នកទាំងនោះនឹង«មិនព្រមស្រឡាញ់ដល់សេចក្ដីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ»និងហេតុនោះហើយត្រូវ«បណ្ដាលឲ្យគេជឿតាមសេចក្ដីភូតភរវិញ»។ (ថែស្សាឡូនីចទី២ ២:៩-១២) តើដោយដូចម្ដេចដែលអ្នកអាចបន្ថយលទ្ធភាពជឿតាមអ្វីដែលជាសេចក្ដីភូតភរនោះ? បើនិយាយឲ្យចំទៅ ហេតុអ្វីបានជាអ្នកមានជំនឿដូចនេះ?
តើអ្នកបានត្រូវអប់រំឲ្យជឿដូចនោះតាំងពីតូចមកឬ?
ប្រហែលជាអ្នកបានត្រូវអប់រំតាំងពីតូច ឲ្យកាន់តាមជំនឿរបស់គ្រួសារអ្នក។ នោះអាចជាអ្វីដ៏ល្អមែន។ ព្រះមានព្រះទ័យចង់ឲ្យមាតាបិតាបង្រៀនកូនៗរបស់គាត់។ (ចោទិយកថា ៦:៤-៩; ១១:១៨-២១) ជាឧទាហរណ៍ យុវបុរសឈ្មោះធីម៉ូថេ បានទទួលប្រយោជន៍ដោយស្ដាប់តាមម្ដាយនិងជីដូនរបស់គាត់។ (ធីម៉ូថេទី២ ១:៥; ៣:១៤, ១៥) បទគម្ពីរលើកទឹកចិត្តឲ្យយើងគោរពអ្វីដែលមាតាបិតាជឿ។ (សុភាសិត ១:៨; អេភេសូរ ៦:១) ប៉ុន្តែ តើអ្នកបង្កើតមានបំណងឲ្យយើងជឿអ្វីៗ តាមតែមាតាបិតារបស់យើងជឿទេ? ការកាន់តាមដោយមិនគិតនូវអ្វីដែលអ្នកជំនាន់មុនបានជឿនិងធ្វើនោះ តាមពិតអាចនាំមកនូវគ្រោះថ្នាក់។—ទំនុកដំកើង ៧៨:៨; អេម៉ុស ២:៤
ស្ត្រីម្នាក់សាសន៍សាម៉ារីដែលព្រះយេស៊ូគ្រីស្ទបានជួបនោះ បានត្រូវចិញ្ចឹមអប់រំឲ្យជឿទៅលើសាសនារបស់សាសន៍សាម៉ារី។ (យ៉ូហាន ៤:២០) ព្រះយេស៊ូបានគោរពសិទ្ធិសេរីភាពរបស់គាត់ឲ្យជ្រើសរើសនូវជំនឿតាមតែចិត្ត តែទ្រង់បានចង្អុលបញ្ជាក់ប្រាប់ថា៖ «អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ»។ តាមពិត មតិជាច្រើនក្នុងជំនឿរបស់គាត់គឺខុសតែម្ដង ហើយទ្រង់បានមានបន្ទូលប្រាប់គាត់ថា គាត់ត្រូវតែផ្លាស់ប្ដូរជំនឿរបស់គាត់ បើសិនជាគាត់ចង់ថ្វាយបង្គំព្រះឲ្យទ្រង់ពេញព្រះហឫទ័យ គឺថាថ្វាយបង្គំ«ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ»។ ជាជាងកាន់ខ្ជាប់តាមជំនឿដែលគាត់ប្រាកដជាពេញចិត្ត នោះក្រោយមក ស្ត្រីនោះនិងអ្នកឯទៀតដូចគាត់ នឹងត្រូវតែ«ចុះចូលជឿ»តាមអ្វីដែលព្រះយេស៊ូគ្រីស្ទបានបើកសម្ដែង។—យ៉ូហាន ៤:២១-២៤, ៣៩-៤១; កិច្ចការ ៦:៧
តើអ្នកបានទទួលការអប់រំឲ្យជឿដូចនោះទេ?
លោកគ្រូអ្នកគ្រូនិងអ្នកជំនាញជាច្រើនខាងវិជ្ជាផ្សេងៗ ក៏គួរនឹងទទួលការគោរពដ៏ខ្ពង់ខ្ពស់។ ក៏ប៉ុន្តែ ទូទាំងប្រវត្ដិសាស្ត្រ មានរឿងដូចតួយ៉ាងអំពីគ្រូបង្រៀនល្បីៗដែលបានបង្រៀនអ្វីដ៏ខុសស្រឡះ។ ជាក់ស្តែងដូចជាប្រវត្ដិវិទូលោកបឺត្រេន រឹសិល ប្រាប់អំពីសៀវភៅវិទ្យាសាស្ត្រ២ក្បាល ដែលត្រូវនិពន្ធដោយទស្សនវិទូលោកអារីស្តូតថា៖ «កម្រមានឃ្លាមួយក្នុងសៀវភៅទាំងពីរក្បាលនោះ ដែលអាចត្រូវយកជាការបានណាស់ បើសិនជាប្រៀបនឹងវិទ្យាសាស្ត្រសម័យថ្មីនេះ»។ សូម្បីតែអ្នកជំនាញសម័យថ្មីនេះក៏ខុសជាញឹកញាប់ដែរ។ នៅឆ្នាំ១៨៩៥ អ្នកវិទ្យាសាស្ត្រប្រទេសអង់គ្លេស ឈ្មោះលោកឧកញ៉ាកេលវិន បានអះអាងថា៖ «ម៉ាស៊ីនណាដែលធ្ងន់ជាងខ្យល់មិនអាចហោះហើរបានទេ»។ ដូច្នេះ មនុស្សដែលមានប្រាជ្ញាមិនជឿថាអ្វីមួយគឺពិត គ្រាន់តែដោយព្រោះអ្នកដែលនិយាយគឺជាគ្រូម្នាក់ដ៏ជំនាញនោះឡើយ។—ទំនុកដំកើង ១៤៦:៣
យើងត្រូវតែប្រុងប្រយ័ត្នដូចគ្នាចំពោះការអប់រំផ្នែកសាសនាផងដែរ។ សាវ័កប៉ុលបានទទួលការអប់រំល្អពីគ្រូសាសនារបស់គាត់ និងក៏«មានចិត្តឧស្សាហ៍ តាមសណ្ដាប់បុរាណរបស់ពួកឰយុកោ»។ ក៏ប៉ុន្តែ សេចក្ដីឧស្សាហ៍របស់គាត់ចំពោះជំនឿប្រពៃណីរបស់ជីដូនជីតាគាត់ បាននាំឲ្យគាត់មានបញ្ហាទៅវិញ។ នោះបាននាំឲ្យគាត់«ធ្វើទុក្ខបៀតបៀន ហើយបំផ្លាញដល់ពួកជំនុំនៃព្រះជាខ្លាំងណាស់»។ (កាឡាទី ១:១៣, ១៤; យ៉ូហាន ១៦:២, ៣) អាក្រក់ជាងនោះទៅទៀត អស់មួយរយៈ ប៉ុលបាន«ធាក់ជល់នឹងជន្លួញ»គឺថា មិនធ្វើតាមអានុភាពដែលគួរនាំឲ្យគាត់ជឿទៅលើព្រះយេស៊ូគ្រីស្ទនោះឡើយ។ ព្រះយេស៊ូត្រូវធ្វើអន្តរាគមន៍ដោយអង្គទ្រង់ផ្ទាល់ ដើម្បីជំរុញឲ្យប៉ុលកែប្រែជំនឿរបស់គាត់។—កិច្ចការ ៩:១-៦; ២៦:១៤
តើប្រព័ន្ធពត៌មានផ្សេងៗនាំឲ្យអ្នកជឿដូច្នោះឬ?
ប្រហែលជាប្រព័ន្ធពត៌មានបានមានឥទ្ធិពលខ្លាំងទៅលើអ្វីដែលអ្នកជឿ។ មនុស្សភាគច្រើនមានចិត្តសប្បាយដែលមានសេរីភាពក្នុងការបញ្ចេញមតិតាមរយៈប្រព័ន្ធពត៌មានផ្សេងៗ ដែលអាចផ្សាយពត៌មានដ៏មានប្រយោជន៍ជាច្រើន។ ក៏ប៉ុន្តែ ក៏មានឥទ្ធិពលដ៏អាក្រក់ជាញឹកញាប់បានផ្សាយផងដែរតាមប្រព័ន្ធពត៌មានផ្សេងៗ។ អ្វីដែលគេផ្សាយគឺជាពត៌មានលំអៀងដែលអាចបង្ខូចគំនិតរបស់អ្នក។
បន្ថែមទៅទៀត ដើម្បីទាក់ទាញឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ នោះប្រព័ន្ធពត៌មានផ្សាយជាសាធារណៈនូវអ្វីៗដែលមិនគួរគប្បីនិងប្លែកខុសពីប្រក្រតី។ អ្វីៗដែលពីរបីឆ្នាំមុនសាធារណជនមិនហ៊ាននិយាយឬបោះពុម្ពនោះ បានទៅជាការធម្មតានៅសព្វថ្ងៃអេសាយ ៥:២០; កូរិនថូសទី១ ៦:៩, ១០
នេះ។ បន្ដិចម្ដងៗ ខ្នាតតម្រាចំពោះការប្រព្រឹត្តដ៏សមគួរកំពុងតែត្រូវគេទិតៀននិងបំបាត់ចោលជាបណ្ដើរៗ។ គំនិតរបស់មនុស្សកំពុងតែក្លាយទៅជាអាក្រក់ឡើងៗជាបណ្ដើរៗ។ ពួកគេចាប់ផ្ដើមជឿថា«សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ»។—ការស្វែងរកមូលដ្ឋានដ៏ត្រឹមត្រូវសំរាប់ជំនឿ
ការស្ថាបនាជំនឿទៅលើគំនិតនិងទស្សនវិជ្ជារបស់មនុស្ស គឺមិនខុសពីការកសាងផ្ទះមួយនៅលើដីខ្សាច់នោះទេ។ (ម៉ាថាយ ៧:២៦; កូរិនថូសទី១ ១:១៩, ២០) ដូច្នេះ តើអ្នកអាចមានទំនុកចិត្តក្នុងការស្ថាបនាជំនឿរបស់អ្នកទៅលើមូលដ្ឋានអ្វី? ដោយព្រោះព្រះបានបង្កើតអ្នកមកទាំងមានសតិបញ្ញា ដើម្បីស្រាវជ្រាវពិភពលោកទាំងមូល និងសួរសំនួរអំពីរឿងខាងវិញ្ញាណ នោះទំនងជាទ្រង់នឹងផ្ដល់ឲ្យវិធីទទួលចម្លើយត្រឹមត្រូវ មែនទេ? (យ៉ូហានទី១ ៥:២០) ទ្រង់នឹងធ្វើពិតមែន! ក៏ប៉ុន្តែ តើយ៉ាងដូចម្ដេចដែលអ្នកអាចដឹងថា អ្វីនោះគឺពិតចំពោះការថ្វាយបង្គំ? យើងអាចឆ្លើយដោយមិនទើសទាល់ថា ព្រះបន្ទូលរបស់ព្រះ ព្រះគម្ពីរ គឺជាមូលដ្ឋានតែមួយគត់ដែលអាចជួយឲ្យអ្នកដឹងបាន។—យ៉ូហាន ១៧:១៧; ធីម៉ូថេទី២ ៣:១៦, ១៧
ប្រហែលជាអ្នកណាម្នាក់នឹងនិយាយថា៖ «ប៉ុន្តែ តើអ្នកដែលមានព្រះគម្ពីរ គឺជាអ្នកនោះឯងបណ្ដាលឲ្យមានការប្រឆាំងគ្នា និងការច្របូកច្របល់ច្រើនជាងគេក្នុងពិភពលោកនេះ មិនអ៊ីចឹងឬ?»។ គឺជាការពិតដែលអ្នកដឹកនាំសាសនាអះអាងថា ពួកគេតាមព្រះគម្ពីរ តែពួកគេបានបង្កើតនូវមតិជាច្រើននាំឲ្យវង្វេងនិងប្រឆាំងគ្នាទៀតផង។ នេះគឺដោយសារពួកគេមិនបានទុកព្រះគម្ពីរជាមូលដ្ឋាននៃជំនឿរបស់គេ។ សាវ័កពេត្រុសពណ៌នាពីអ្នកទាំងនោះជា«ហោរាក្លែងក្លាយ»និង«គ្រូក្លែងក្លាយ»ដែល«លួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ»។ ជាលទ្ធផលនៃការប្រព្រឹត្តរបស់គេ«នោះផ្លូវពិតនឹងត្រូវសេចក្ដីប្រមាថមើលងាយ ដោយព្រោះគេដែរ»។ (ពេត្រុសទី២ ២:១, ២) យ៉ាងណាក៏ដោយ សាវ័កពេត្រុសសរសេរថា៖ «យើងខ្ញុំមានពាក្យទំនាយដ៏ពិតជាង ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាម ដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹត»។—ពេត្រុសទី២ ១:១៩; ទំនុកដំកើង ១១៩:១០៥
ព្រះគម្ពីរលើកទឹកចិត្តយើងឲ្យប្រៀបធៀបជំនឿរបស់យើងទៅនឹងអ្វីដែលព្រះគម្ពីរបង្រៀន។ (យ៉ូហានទី១ ៤:១) មនុស្សរាប់លាននាក់ដែលអានទស្សនាវដ្ដីនេះ អាចបញ្ជាក់ថា ការធ្វើអ៊ីចឹងបន្ថែមនូវអត្ថន័យនិងស្ថេរភាពដល់ជីវិតរបស់គេ។ ដូច្នេះ ចូរធ្វើដូចជាអ្នកដែលមានចិត្តល្អនៅក្រុងបេរាដែលបាន«ពិចារណាមើលគម្ពីររាល់តែថ្ងៃ»មុនអ្នកសម្រេចចិត្តថាអ្នកនឹងជឿយ៉ាងណានោះ។ (កិច្ចការ ១៧:១១) ស្មរបន្ទាល់ព្រះយេហូវ៉ានឹងមានចិត្តសប្បាយ ដើម្បីជួយលោកអ្នកធ្វើអ៊ីចឹង។ ពិតមែន គឺជាការសម្រេចរបស់អ្នកចំពោះអ្វីដែលអ្នកនឹងជឿ។ ក៏ប៉ុន្តែ គឺជាការប្រកបទៅដោយប្រាជ្ញា ដែលអ្នកធ្វើយ៉ាងណាឲ្យប្រាកដក្នុងចិត្តថា ជំនឿរបស់អ្នកមិនមានមូលដ្ឋានទៅលើប្រាជ្ញានិងឆន្ទៈរបស់មនុស្ស តែមានមូលដ្ឋានទៅលើព្រះបន្ទូលរបស់ព្រះដែលជាសេចក្ដីពិតនោះវិញ។—ថែស្សាឡូនីចទី១ ២:១៣; ៥:២១
[រូបភាពនៅទំព័រ៦]
អ្នកអាចស្ថាបនាជំនឿរបស់អ្នកទៅលើព្រះគម្ពីរដោយមានទំនុកចិត្ត