តើអ្នក«ចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់»ទេ?
តើអ្នក«ចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់»ទេ?
«ចូរលមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ!»។—អេភេសូរ ៥:១០
១. ហេតុដូចម្ដេចដែលជីវិតសព្វថ្ងៃនេះគឺស្មុគស្មាញ? ហើយហេតុអ្វីបានជាដូច្នេះ?
«ឱព្រះយេហូវ៉ាអើយ! ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេរេមា ១០:២៣) ហេតុការណ៍ពិតនេះ ដែលយេរេមាបានទទួលស្គាល់ គឺកាន់តែមានអត្ថន័យច្រើនឡើងនៅសព្វថ្ងៃនេះ។ ហេតុអ្វី? ពីព្រោះដូចជាព្រះគម្ពីរបានទាយទុកជាមុនថា យើងកំពុងតែរស់នៅក្នុង«គ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ជារៀងរាល់ថ្ងៃ យើងប្រឈមមុខនឹងកាលៈទេសៈដ៏ស្មុគស្មាញជាច្រើន ដែលតម្រូវឲ្យយើងធ្វើការសម្រេចចិត្ត។ មិនថាការសម្រេចនោះគឺសំខាន់ ឬមិនសូវសំខាន់យ៉ាងណាក៏ដោយ ការសម្រេចទាំងនោះអាចមានឥទ្ធិពលខ្លាំងទៅលើសុខុមាលភាពរបស់យើងទាំងខាងរាងកាយ ខាងផ្លូវចិត្ត និងខាងវិញ្ញាណ។
២. តើការសម្រេចអ្វីខ្លះដែលអាចត្រូវចាត់ទុកជារឿងតូចតាច? តែតើគ្រីស្ទានដែលបានថ្វាយខ្លួនហើយ មានទស្សនៈយ៉ាងណាចំពោះការសម្រេចបែបនេះ?
២ ការសម្រេចជាច្រើនដែលយើងធ្វើក្នុងជីវិតប្រចាំថ្ងៃ អាចត្រូវចាត់ទុកជារឿងតូចតាច។ ជាឧទាហរណ៍ រាល់ថ្ងៃយើងត្រូវសម្រេចថា យើងនឹងស្លៀកពាក់អ្វី បរិភោគអ្វី ហើយយើងនឹងទៅជួបអ្នកណាខ្លះជាដើម។ យើងធ្វើការសម្រេចបែបនេះសឹងតែដោយស្វ័យប្រវត្តអ៊ីចឹង ព្រោះមិនចាំបាច់គិតច្រើនទេ។ ក៏ប៉ុន្តែ តើរឿងទាំងនេះពិតជាតូចតាចឬ? ចំពោះយើងជាគ្រីស្ទានដែលបានថ្វាយខ្លួនរួចហើយនោះ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការសម្រេចរបស់យើងចំពោះសំលៀកបំពាក់ អាការក្រៅរបស់យើង ការបរិភោគ និងចំពោះពាក្យសំដីហើយការប្រព្រឹត្តរបស់យើង ដើម្បីឲ្យនោះតែងតែសម្ដែងថា យើងជាអ្នកបំរើរបស់ព្រះយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុត។ យើងនឹកចាំពីពាក្យរបស់សាវ័កប៉ុលដែលថា៖ «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ!»។—កូរិនថូសទី១ ១០:៣១; កូល៉ុស ៤:៦; ធីម៉ូថេទី១ ២:៩, ១០
៣. តើការសម្រេចអ្វីខ្លះពិតជាគួរនឹងយកចិត្តទុកដាក់ជាខ្លាំង?
៣ ម្យ៉ាងទៀត មានការសម្រេចខ្លះដែលតម្រូវឲ្យយកចិត្តទុកដាក់ខ្លាំងជាងនោះទៅទៀត។ ជាឧទាហរណ៍ ការសម្រេចថាតើអ្នកនឹងរៀបការឬក៏នៅលីវ? នេះច្បាស់ជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់អ្នកជារៀងរហូត។ តាមការពិត ការជ្រើសរើសបុគ្គលម្នាក់ដែលសមគ្នាដើម្បីរៀបការជាគូជីវិត មិនមែនជារឿងតូចតាចនោះឡើយ។ a (សុភាសិត ១៨:២២) បន្ថែមទៅទៀត ការសម្រេចរបស់យើងចំពោះអ្នកដែលយើងជ្រើសរើសជាមិត្តភក្ដិហើយសេពគប់ជាមួយ ចំពោះការអប់រំ ចំពោះការងារធ្វើ សូម្បីតែចំពោះការកំសាន្ត ក៏មានឥទ្ធិពលខ្លាំងទៅលើភាពខាងវិញ្ញាណរបស់យើង ថែមទាំងសុខុមាលភាពរបស់យើងរហូតផងដែរ។—រ៉ូម ១៣:១៣, ១៤; អេភេសូរ ៥:៣, ៤
៤. (ក) តើយើងអាចទទួលប្រយោជន៍ពីសមត្ថភាពអ្វី? (ខ) តើយើងត្រូវពិចារណានូវសំនួរអ្វីខ្លះ?
៤ ដោយសារយើងត្រូវតែធ្វើការសម្រេចទាំងនេះ នោះយើងពិតជាអាចទទួលប្រយោជន៍ បើសិនជាយើងមានសមត្ថភាពវែកញែកល្អនិងអាក្រក់ ឬក៏វែកញែករវាងអ្វីដែលគ្រាន់តែមើលទៅដូចជាល្អ និងអ្វីដែលល្អពិតប្រាកដ។ ព្រះគម្ពីរព្រមានថា៖ «មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់វិញ»។ (សុភាសិត ១៤:១២) ដូច្នេះ យើងត្រូវសួរថា៖ តើយើងអាចបណ្ដុះឲ្យមានសមត្ថភាពវែកញែកល្អនិងអាក្រក់ យ៉ាងដូចម្ដេច? តើនៅកន្លែងណាដែលយើងអាចរកឃើញនូវការណែនាំដែលអាចជួយយើងធ្វើការសម្រេច? តើមនុស្សនៅអតីតកាលនិងនាពេលបច្ចុប្បន្ននេះបានធ្វើអ្វីក្នុងរឿងនេះ? ហើយតើបានមានលទ្ធផលអ្វី?
‹ទស្សនវិជ្ជានិងពាក្យបោកបញ្ឆោតដ៏ឥតខ្លឹមសារ›របស់លោកីយ៍នេះ
៥. តើគ្រីស្ទាននៅសម័យដើមបានរស់នៅក្នុងពិភពលោកបែបណា?
៥ គ្រីស្ទាននៅសតវត្សទីមួយបានរស់នៅក្នុងពិភពលោកមួយ ដែលកាន់តាមគោលការណ៍និងមតិរបស់សង្គមក្រិកនិងរ៉ូម៉ាំង។ នៅម្ខាង របៀបរស់នៅរបស់សាសន៍រ៉ូមបានធ្វើឲ្យមានភាពសុខស្រួល ដែលមនុស្សជាច្រើនចាត់ទុកជាអ្វីដ៏គួរឲ្យចង់បាន។ នៅម្ខាងទៀត មជ្ឈដ្ឋានសង្គមបានរំភើបចិត្ត មិនគ្រាន់តែដោយសារទស្សនវិជ្ជារបស់លោកប្លាតុងនិងលោកអារីស្តូតប៉ុណ្ណោះទេ តែដោយសារក្រុមសិស្សថ្មីៗដូចជាពួកអេពីគួនិងពួកស្តូអិក។ នៅពេលសាវ័កប៉ុលទៅដល់ទីក្រុងអាថែន ក្នុងកំឡុងទស្សនកិច្ចជាសាសនទូតលើកទី២របស់គាត់ នោះពួកទស្សនវិទូអេពីគួនិងស្តូអិកបានប្រឆាំងនឹងគាត់ ដោយនឹកស្មានថា ពួកគេល្អជាងប៉ុលហើយក៏ហៅគាត់ថា«អ្នកដែលនិយាយប៉ប៉ាច់»។—កិច្ចការ ១៧:១៨
៦. (ក) តើគ្រីស្ទានខ្លះនៅសម័យដើមបានត្រូវទាក់ទាញឲ្យធ្វើអ្វី? (ខ) តើប៉ុលបានព្រមានដូចម្ដេច?
៦ ដូច្នេះ គឺស្រួលយល់ពីមូលហេតុដែលគ្រីស្ទានខ្លះៗនៅសម័យដើម បានចាប់អារម្មណ៍ទៅលើរបៀបរស់នៅដ៏សំញែងហួសហេតុរបស់អ្នកដែលនៅជុំវិញខ្លួន។ (ធីម៉ូថេទី២ ៤:១០) អស់អ្នកដែលបានចូលក្នុងរបបនោះ មើលទៅដូចជាបានទទួលប្រយោជន៍ជាច្រើន ហើយការសម្រេចរបស់គេក៏មើលទៅដូចជាសមហេតុសមផលដែរ។ ពិភពលោកនោះហាក់ដូចជាអាចផ្ដល់នូវអ្វីដ៏វិសេស ដែលរបៀបរស់នៅរបស់គ្រីស្ទានមិនអាចផ្ដល់ឲ្យបាននោះឡើយ។ ក៏ប៉ុន្តែ សាវ័កប៉ុលបានព្រមានថា៖ «ចូរប្រុងប្រយ័ត្ន កុំអោយនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬ ប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមកនិងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រីស្តទេ»។ (កូឡូស ២:៨, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ហេតុអ្វីបានជាប៉ុលនិយាយដូច្នេះ?
៧. បើនិយាយឲ្យចំទៅ តើប្រាជ្ញានៃលោកីយ៍នេះគឺជាអ្វី?
៧ ប៉ុលបានព្រមានដូច្នេះ ពីព្រោះគាត់យល់ដឹងថាមានគ្រោះថ្នាក់ពិតប្រាកដ ដែលស្ថិតនៅក្នុងគំនិតរបស់អ្នកដែលត្រូវទាក់ទាញដោយលោកីយ៍។ ពាក្យថា‹ទស្សនវិជ្ជានិងពាក្យបោកបញ្ឆោតដ៏ឥតខ្លឹមសារ›ដែលប៉ុលបានប្រើនោះ មានអត្ថន័យជ្រៅ។ ពាក្យដែលបកប្រែថា«ទស្សនវិជ្ជា» មានន័យចំៗថា«ការស្រឡាញ់និងការតាមរកប្រាជ្ញា»។ ការធ្វើដូច្នេះប្រហែលជាមានប្រយោជន៍។ តាមពិត ក្នុងព្រះគម្ពីរជាពិសេសសៀវភៅសុភាសិត លើកទឹកចិត្តយើងឲ្យតាមរកចំណេះត្រឹមត្រូវនិងប្រាជ្ញា។ (សុភាសិត ១:១-៧; ៣:១៣-១៨) ក៏ប៉ុន្តែ ប៉ុលបានភ្ជាប់ពាក្យ«ទស្សនវិជ្ជា»ជាមួយគ្នានឹង«ពាក្យបោកបញ្ឆោតដ៏ឥតខ្លឹមសារ»។ បើនិយាយឲ្យចំទៅ ប៉ុលបានចាត់ទុកប្រាជ្ញានៃលោកីយ៍នេះជាអ្វីដ៏អសារឥតការនិងដែលបោកបញ្ឆោត ដូចជាប៉េងប៉ោងមួយដែលមើលទៅដូចជាអ្វីដ៏មាំនោះ ក៏ប៉ុន្តែនៅខាងក្នុងមានសុទ្ធតែខ្យល់។ គឺជាអ្វីដែលគ្មានប្រយោជន៍ ថែមទាំងអាចនាំទៅដល់គ្រោះថ្នាក់ បើសិនជាមនុស្សម្នាក់ខំវែកញែកល្អនិងអាក្រក់ ដោយប្រើ‹ទស្សនវិជ្ជានិងពាក្យបោកបញ្ឆោតដ៏ឥតខ្លឹមសារ›នៃលោកីយ៍នេះជាមូលដ្ឋាន។
អ្នកដែលនិយាយថា៖ ‹សេចក្ដីអាក្រក់ជាល្អ ហើយសេចក្ដីល្អជាអាក្រក់វិញ›
៨. (ក) តើមនុស្សពឹងទៅលើអ្នកណាដើម្បីឲ្យបានឱវាទ? (ខ) តើឱវាទបែបណាដែលគេទទួលនោះ?
៨ សព្វថ្ងៃនេះ មិនសូវខុសគ្នាពីសម័យនោះឡើយ។ ក្នុងគ្រប់វិស័យទាំងអស់ មានអ្នកជំនាញច្រើនរាប់មិនអស់ទេ។ មានអ្នកឲ្យឱវាទសំរាប់អាពាហ៍ពិពាហ៍និងក្រុមគ្រួសារ អ្នកកាសែត អ្នកដែលបានតាំងខ្លួនជាអ្នកចិត្តវិទ្យា ហោរាសាស្ត្រ មនុស្សភ្នែកទិព្វត្រចៀកទិព្វ និងអ្នកឯទៀតប្រុងប្រៀបឲ្យឱវាទ តែដោយគិតថ្លៃ។ ប៉ុន្តែ តើគេឲ្យឱវាទបែបណា? គេច្រើនតែបោះបង់ចោលនូវខ្នាតតម្រាសីលធម៌ក្នុងព្រះគម្ពីរ ដើម្បីជំនួសដោយអ្វីដែលគេហៅថា សីលធម៌ថ្មីវិញ។ តួយ៉ាងដូចជា អត្ថបទមួយក្នុងកាសែត គ្លូប អេន្ត មេល ដែលជាកាសែតធំមួយនៅប្រទេសកាណាដា នោះបានចែងអំពីការបដិសេធរបស់រដ្ឋាភិបាលមិនឲ្យមានការចុះឈ្មោះ«រៀបអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា»ថា៖ «នៅឆ្នាំ២០០០នេះ គឺជាអ្វីដ៏មិនសមហេតុសមផលទាល់តែសោះដែលមានមនុស្សមួយគូដែលស្រឡាញ់ស្មោះស្ម័គ្រនឹងគ្នា ហើយត្រូវគេមិនទទួលស្គាល់នូវឆន្ទៈរបស់ខ្លួន ពីព្រោះតែគេទាំងពីរនាក់មានភេទដូចគ្នា»។ សព្វថ្ងៃនេះ មនុស្សនិយមការត្រាប្រណីជាជាងការទិតៀន។ មនុស្សមានគំនិតថា គ្មានអ្វីជាក់លាក់ឡើយ និងថាឥឡូវនេះ គ្មានល្អឬអាក្រក់ពិតប្រាកដនោះទេ។—ទំនុកដំកើង ១០:៣, ៤
៩. តើមនុស្សដែលសង្គមចាត់ទុកថាគួរនឹងគោរពនោះ ច្រើនតែធ្វើអ្វី?
៩ អ្នកដទៃពឹងអ្នកដែលមានជោគជ័យក្នុងសង្គមឬខាងទ្រព្យសម្បត្ដិ គឺជាអ្នកមាននិងអ្នកល្បីឈ្មោះ អ្នកទាំងនេះជាអ្នកដែលទុកគំរូឲ្យគេ ពេលដែលគេធ្វើការសម្រេចចិត្តផ្សេងៗ។ ទោះជាអ្នកមាននិងអ្នកល្បីល្បាញត្រូវចាត់ទុកជាមនុស្សគួរឲ្យគោរពក្នុងសង្គមសព្វថ្ងៃនេះក៏ដោយ ពួកគេច្រើនតែធ្វើពុតជាអ្នកកាន់តាមគុណធម៌ ដូចជាភាពទៀងត្រង់និងទំនុកចិត្ត។ ក្នុងការតាមរកអំណាចនិងកំរៃ នោះពួកគេជាច្រើនគ្មានការទើសទាល់ក្នុងការធ្វើអ្វីដែលរំលងក្រិត្យក្រមនិងការបំពានទៅលើគោលការណ៍សីលធម៌ទេ។ ដើម្បីបាននូវការល្បីឈ្មោះនិងពេញនិយម នោះគេបោះបង់ចោលដោយឥតខ្វល់ខ្វាយនូវគោលការណ៍ និងខ្នាតតម្រាដែលបានត្រូវកំណត់រួចមកហើយ ថែមទាំងប្រកបដោយការប្រព្រឹត្តដ៏ខុសប្លែកពីអ្នកដទៃនិងដ៏ទ្រគោះបោះបោកទៀតផង។ ដោយសារអំពើទាំងនេះ នោះលទ្ធផលអាចឃើញគឺជាសង្គមមួយដែលត្រូវជំរុញដោយការរកទ្រព្យសម្បត្ដិ និងដែលបណ្ដោយតាមចិត្តរបស់ខ្លួន ដោយប្រើពាក្យស្លោកដែលថា៖ «អ្វីៗទាំងអស់គឺល្អ»។ គឺមិនគួរឲ្យឆ្ងល់ទេ ដែលមនុស្សភាន់ច្រឡំនិងវង្វេងវង្វាន់មិនដឹងថាអ្វីខុសអ្វីត្រូវនោះ។—លូកា ៦:៣៩
១០. តើដូចម្ដេចដែលពាក្យរបស់អេសាយ ស្តីអំពីការល្អនិងអាក្រក់ បានត្រូវសម្ដែងថាពិតនោះ?
១០ លទ្ធផលដែលធ្វើឲ្យខ្លោចផ្សា ដោយសារការសម្រេចមិនល្អដែលមានមូលដ្ឋានទៅលើការណែនាំខុស គឺជាក់ស្តែងនៅជុំវិញយើង ពោលជាការបែកបាក់គ្នារវាងគូស្វាមីភរិយានិងសមាជិកក្នុងក្រុមគ្រួសារ ការប្រើគ្រឿងញៀននិងគ្រឿងស្រវឹងច្រើនហួសហេតុ ក្រុមយុវជនពាលាអាវ៉ាសែដ៏ឃោរឃៅ ការរួមដំណេកមិនរើសមុខ និងជម្ងឺកាមរោគជាដើម។ បើគិតឲ្យបានប្រាកដប្រជាទៅ តើយើងអាចសង្ឃឹមថានឹងមានលទ្ធផលផ្សេងពីនេះទៀតទេ ពេលមនុស្សបោះបង់ចោលនូវខ្នាតតម្រានិងគោលការណ៍ទាំងអស់ ដែលទាក់ទងនឹងអ្វីដ៏ល្អនិងអាក្រក់នោះ? (រ៉ូម ១:២៨-៣២) នេះដូចជាអ្វីដែលព្យាការីអេសាយបានប្រកាសថា៖ «វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ វេទនាដល់ពួកអ្នកដែលរាប់ខ្លួនថា ជាមានប្រាជ្ញា ហើយស្មានថាខ្លួនគេមានគំនិតស្រួច»។—អេសាយ ៥:២០, ២១
១១. ហេតុអ្វីគឺមិនសមហេតុសមផលដែលមនុស្សម្នាក់ពឹងពាក់ទៅលើខ្លួនឯងក្នុងការសម្រេចថា អ្វីគឺល្អនិងអ្វីគឺអាក្រក់នោះ?
១១ ហេតុការណ៍ដែលថា ព្រះបានតម្រូវឲ្យសាសន៍យូដាពីបុរាណទទួលខុសត្រូវ ពេលគេបាន«រាប់ខ្លួនថា ជាមានប្រាជ្ញា»ក៏បញ្ជាក់ថាគឺសំខាន់ដែលយើងមិនពឹងពាក់ទៅលើខ្លួនឯង ក្នុងការវែកញែកល្អនិងអាក្រក់។ មនុស្សជាច្រើនសព្វថ្ងៃនេះយល់ស្របនឹងគំនិតដែលថា«ធ្វើតាមចិត្តរបស់ខ្លួន»ឬក៏«ធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវ»។ តើគំនិតបែបនេះសមហេតុផលទេ? យោងទៅតាមព្រះគម្ពីរ គឺមិនសមហេតុផលទេ ព្រោះព្រះគម្ពីរប្រាប់យ៉ាងត្រង់ថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន?»។ (យេរេមា ១៧:៩) តើអ្នកនឹងពឹងពាក់ទៅលើមនុស្សម្នាក់ដែលជាអ្នកបោកបញ្ឆោតនិងជាមនុស្សអាក្រក់ហួសល្បត់ ពេលអ្នកធ្វើការសម្រេចចិត្តទេ? ប្រាកដជាមិនធ្វើតាមទេ!។ តាមពិត អ្នកប្រហែលជានឹងធ្វើផ្ទុយពីអ្វីដែលមនុស្សម្នាក់បែបនោះប្រាប់ឲ្យអ្នកធ្វើ។ ហេតុនេះហើយបានជាព្រះគម្ពីររំឭកយើងថា៖ «អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ តែអ្នកណាដែលប្រព្រឹត្តដោយប្រាជ្ញាវិញ នោះនឹងបានប្រោសឲ្យរួច»។—សុភាសិត ៣:៥-៧; ២៨:២៦
ចូរឲ្យយើងរៀនអ្វីដែលពេញព្រះហឫទ័យព្រះ
១២. ហេតុអ្វីយើងត្រូវតែលមើលឲ្យបានស្គាល់«បំណងព្រះហឫទ័យនៃព្រះ»?
១២ ដោយព្រោះយើងមិនគួរពឹងទៅលើប្រាជ្ញារបស់លោកីយ៍នេះឬក៏របស់ខ្លួន ចំពោះរឿងល្អនិងអាក្រក់នោះ តើយើងគួរធ្វើយ៉ាងណាវិញ? សូមកត់សម្គាល់នូវឱវាទដ៏ច្បាស់លាស់នេះ ដែលសាវ័កប៉ុលបានជូនឲ្យដែលថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ (រ៉ូម ១២:២) ហេតុអ្វីយើងត្រូវតែលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ? ក្នុងព្រះគម្ពីរ ព្រះយេហូវ៉ាមានបន្ទូលប្រាប់យ៉ាងចំៗពីមូលហេតុមួយដ៏សំខាន់បំផុតថា៖ «ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ»។ (អេសាយ ៥៥:៩) ដូច្នេះ ជាជាងពឹងទៅលើអ្វីដែលហៅថាសុភវិនិច្ឆ័យឬក៏អារម្មណ៍របស់ខ្លួនផ្ទាល់ យើងត្រូវដាស់តឿនថា៖ «ចូរលមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ!»។—អេភេសូរ ៥:១០
១៣. តើដូចម្ដេចដែលបន្ទូលរបស់ព្រះយេស៊ូនៅយ៉ូហាន ១៧:៣ បញ្ជាក់នៅភាពចាំបាច់នៃការស្គាល់អ្វីដែលពេញព្រះហឫទ័យរបស់ព្រះ?
១៣ ព្រះយេស៊ូបានដាក់ទម្ងន់ទៅលើនោះ ពេលទ្រង់មានបន្ទូលថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣) ពាក្យដើមជាភាសាក្រិកដែលត្រូវបកប្រែថា«ស្គាល់» នោះមានន័យជ្រាលជ្រៅ។ យោងទៅតាម វចនានុក្រមរបស់លោកវ៉ែន ពាក្យនោះ«បញ្ជាក់អំពីទំនាក់ទំនងរវាងអ្នកដែលស្គាល់និងអ្វីដែលត្រូវស្គាល់នោះ។ ក្នុងន័យនេះ អ្វីដែលត្រូវស្គាល់នោះមានសារៈសំខាន់ចំពោះអ្នកដែលស្គាល់ ដូច្នេះហើយទើបមានទំនាក់ទំនងគ្នា»។ ការមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ រួមបញ្ចូលច្រើនជាងការស្គាល់មុខរបស់អ្នកនោះឬក៏ឈ្មោះគាត់ប៉ុណ្ណោះ។ នោះក៏រួមបញ្ចូលការស្គាល់ចំណូលចិត្តទាំងអ្វីដែលគេមិនពេញចិត្ត ទាំងគោលការណ៍និងខ្នាតតម្រារបស់អ្នកនោះ ហើយការគោរពតាមសេចក្ដីនោះ។—យ៉ូហានទី១ ២:៣; ៤:៨
ចូរឲ្យយើងអប់រំសមត្ថភាពវែកញែករបស់យើង
១៤. តើប៉ុលបានមានប្រសាសន៍យ៉ាងណា អំពីភាពខុសគ្នារវាងមនុស្សដែលជាកូនតូចខាងវិញ្ញាណនិងមនុស្សធំនោះ?
១៤ ដូច្នេះ តើដូចម្ដេចដែលយើងអាចមានសមត្ថភាពវែកញែកដឹងខុសត្រូវ? ពាក្យរបស់ប៉ុលទៅកាន់គ្រីស្ទានសាសន៍ហេព្រើរនៅសតវត្សទី១ អាចឆ្លើយសំនួរនោះបាន។ គាត់បានសរសេរថា៖ «អស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ[អប់រំសមត្ថភាពវែកញែក ព.ថ.] ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។ ក្នុងនេះ ប៉ុលបានប្រៀប«ទឹកដោះ»ដែលគាត់បានពណ៌នាក្នុងខមុនជាសេចក្ដី«បង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូល»ធៀបនឹង«អាហាររឹង»សំរាប់«មនុស្សធំ»ដែល«បានបង្ហាត់ឥន្ទ្រីយ[អប់រំសមត្ថភាពវែកញែក ព.ថ.] ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។—ហេព្រើរ ៥:១២-១៤
១៥. តើហេតុអ្វីការទទួលចំណេះអំពីព្រះតម្រូវឲ្យមានការខិតខំព្យាយាម?
១៥ ទី១ នេះមានន័យថាយើងត្រូវតែព្យាយាមទទួលចំណេះត្រឹមត្រូវអំពីខ្នាតតម្រារបស់ព្រះ ដែលមានក្នុងព្រះគម្ពីរ ជាបន្ទូលរបស់ទ្រង់។ យើងមិនមែនស្វែងរកនូវបញ្ជីច្បាប់អំពីអ្វីដែលយើងអាចធ្វើនិងមិនអាចធ្វើនោះទេ។ ព្រះគម្ពីរមិនមែនជាសៀវភៅមួយបែបនេះទេ។ ផ្ទុយទៅវិញ ប៉ុលបានពន្យល់ថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ (ធីម៉ូថេទី២ ៣:១៦, ១៧) ដើម្បីទទួលប្រយោជន៍ពីការបង្រៀន ការរំឭក និងការប្រដៅតំរង់ នោះយើងត្រូវតែប្រើនូវសតិនិងសមត្ថភាពគិតគូររបស់យើង។ នោះតម្រូវឲ្យមានការខំប្រឹង ក៏ប៉ុន្តែ លទ្ធផលក្រោយមកគឺជាការ«មានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។—សុភាសិត ២:៣-៦
១៦. តើការអប់រំសមត្ថភាពវែកញែករបស់ខ្លួនមានន័យអ្វី?
១៦ ក្រោយនោះ ដូចប៉ុលបានបញ្ជាក់ថា មនុស្សធំ«បង្ហាត់ឥន្ទ្រីយ[អប់រំសមត្ថភាពវែកញែក ព.ថ.] ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។ នេះគឺជាចំណុចសំខាន់នៃរឿងនេះ។ ពាក្យដែលថា«បង្ហាត់ឥន្ទ្រីយ[អប់រំសមត្ថភាពវែកញែក ព.ថ.]»មានន័យចំៗជាការ«ហាត់ពត់លត់ដំប្រសាទ (គឺដូចជាអ្នកហាត់កាយសម្ព័ន្ធ)»។ (ការបកប្រែ អ៊ីនធឺលីនីអឺ ព្រះរាជាណាចក្រ) អ្នកហាត់កាយសម្ព័ន្ធដែលមានការពិសោធន៍ច្រើនក្នុងការប្រើឧបករណ៍ផ្សេងៗ អាចធ្វើការបំលាស់ទីយ៉ាងរហ័សរហួនដែលមើលទៅដូចជាប្រឆាំងនឹងច្បាប់ធម្មជាតិដូចជាទំនាញផែនដីជាដើម។ គាត់អាចកាន់កាប់គ្រប់អវយវៈរបស់គាត់នៅគ្រប់ពេលវេលា និងគាត់ដឹងថាខ្លួនត្រូវធ្វើចលនាអ្វីហាក់ដូចជាដោយសុភាវគតិ ដើម្បីបញ្ចប់ការលេងរបស់គាត់ដោយជោគជ័យ។ ទាំងអស់នេះជាលទ្ធផលពីការហ្វឹកហាត់យ៉ាងម៉ឹងម៉ាត់និងម្ដងហើយម្ដងទៀតឥតឈប់ឈរ។
១៧. តើយើងគួរធ្វើដូចអ្នកហាត់កាយសម្ព័ន្ធយ៉ាងដូចម្ដេច?
១៧ បើនិយាយខាងវិញ្ញាណ យើងក៏ត្រូវតែហាត់ដូចជាអ្នកកាយសម្ព័ន្ធ បើសិនជាយើងចង់ប្រាកដថា ការសម្រេចនិងជំរើសរបស់យើងតែងតែមានមូលដ្ឋានត្រឹមត្រូវជានិច្ច។ យើងត្រូវតែកាន់កាប់ទៅលើប្រសាទនិងអវយវៈរបស់យើងគ្រប់ពេលវេលា។ (ម៉ាថាយ ៥:២៩, ៣០; កូល៉ុស ៣:៥-១០) ជាឧទាហរណ៍ តើអ្នកបង្ខំភ្នែករបស់អ្នក កុំឲ្យមើលអ្វីដ៏អសីលធម៌ ឬក៏បង្ខំត្រចៀករបស់អ្នកកុំឲ្យស្ដាប់ភ្លេង ឬពាក្យសំដីដ៏មិនល្អទេ? គឺជាការពិតដែលថា អ្វីដ៏មិនល្អហ៊ុមព័ទ្ធជុំវិញយើង។ ប៉ុន្តែ គឺស្រេចទៅលើខ្លួនយើងថា តើយើងនឹងឲ្យនោះចាក់ឫសក្នុងចិត្តគំនិតរបស់យើងឬក៏អត់។ យើងអាចធ្វើតម្រាប់តាមអ្នកតែងទំនុកដំកើងដែលថា៖ «ទូលបង្គំនឹងមិនតាំងរបស់អាក្រក់អ្វី នៅចំពោះភ្នែកទូលបង្គំឡើយ ទូលបង្គំខ្ពើមកិច្ចការរបស់ពួកអ្នកដែលមិនទៀង កិច្ចការទាំងនោះនឹងមិនជាប់នៅខ្លួនទូលបង្គំឡើយ . . . អ្នកណាដែលពោលកុហកក៏មិនធន់នៅចំពោះមុខទូលបង្គំដែរ»។—ទំនុកដំកើង ១០១:៣, ៧
អប់រំសមត្ថភាពវែកញែករបស់ខ្លួនដោយទម្លាប់ធ្វើ
១៨. តើពាក្យ«ធ្លាប់ខ្លួន»មានន័យអ្វីក្នុងការពន្យល់របស់ប៉ុលស្តីពីការអប់រំសមត្ថភាពវែកញែករបស់ខ្លួន?
១៨ កុំភ្លេចថា គឺតាមរយៈការ«ធ្លាប់ខ្លួន»ដែលយើងអាចអប់រំសមត្ថភាពវែកញែករបស់យើងឲ្យស្គាល់ល្អនិងអាក្រក់។ បើនិយាយឲ្យចំទៅ ជារៀងរាល់ដងដែលយើងត្រូវតែធ្វើការសម្រេច យើងគួររៀនប្រើសមត្ថភាពវែកញែករបស់យើង ដើម្បីយល់ដឹងថាតើគោលការណ៍ព្រះគម្ពីរណាខ្លះទាក់ទងនឹងការសម្រេចនោះ? ហើយថាតើអ្នកអាចអនុវត្តតាមគោលការណ៍នោះយ៉ាងដូចម្ដេច?។ ចូរបង្កើតឲ្យមានទម្លាប់ស្រាវជ្រាវក្នុងប្រកាសនវត្ថុព្រះគម្ពីរដែល«អ្នកបំរើស្មោះត្រង់ដែលមាន វិនិច្ឆ័យល្អ»ផ្ដល់ឲ្យនោះ។ (ម៉ាថាយ ២៤:៤៥, ព.ថ.) យើងក៏អាចរកជំនួយពីគ្រីស្ទានដែលមានភាពចាស់ទុំ។ យ៉ាងណាក៏ដោយ នៅទីបំផុត ការខិតខំរបស់យើងក្នុងការសិក្សាបន្ទូលរបស់ព្រះ ព្រមទាំងអធិស្ឋានទូលព្រះយេហូវ៉ាឲ្យបានព្រះវិញ្ញាណបរិសុទ្ធ នោះនឹងផ្ដល់ប្រយោជន៍ជាច្រើនដល់យើង។—អេភេសូរ ៣:១៤-១៩
១៩. តើយើងអាចទទួលប្រយោជន៍អ្វី បើសិនជាយើងអប់រំសមត្ថភាពវែកញែករបស់យើងឲ្យកាន់តែប្រសើរឡើងៗ?
១៩ ក្នុងកំឡុងពេលដែលយើងអប់រំសមត្ថភាពវែកញែករបស់ខ្លួន គោលបំណងរបស់យើងគឺដើម្បី«កុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ»។ (អេភេសូរ ៤:១៤) ផ្ទុយទៅវិញ ដោយមានមូលដ្ឋានទៅលើចំណេះនិងយោបល់របស់យើងអំពីអ្វីដែលពេញព្រះហឫទ័យព្រះនោះ យើងអាចធ្វើការសម្រេចដែលប្រកបទៅដោយប្រាជ្ញា ដែលមានប្រយោជន៍ដល់យើង ហើយស្អាងចិត្តអ្នកថ្វាយបង្គំគ្នីគ្នាឡើង និងលើសពីនោះទៅទៀត គឺផ្គាប់ព្រះទ័យរបស់ព្រះវរបិតារបស់យើងនៅស្ថានសួគ៌ មិនថាការសម្រេចនោះគឺធំឬតូចក៏ដោយ។ (សុភាសិត ២៧:១១) នេះគឺជាអ្វីដែលការពារយើងយ៉ាងណាទៅហ្ន៎! ក្នុងគ្រាលំបាកនេះ។
[កំណត់សម្គាល់]
a ក្នុងបញ្ជីមួយរបស់វេជ្ជបណ្ឌិតឈ្មោះធូម៉ាស ហូម និងលោករីឆឺត រេហ៍ មានបទពិសោធន៍៤០យ៉ាងដែលធ្វើឲ្យតានតឹងចិត្តបំផុតក្នុងជីវិត នោះរួមមានមរណភាពរបស់គូអាពាហ៍ពិពាហ៍គឺជាលេខ១ ការលែងលះគ្នាជាលេខ២ និងការរស់នៅបែកពីគ្នារវាងប្ដីប្រពន្ធគឺជាលេខ៣។ ការរៀបអាពាហ៍ពិពាហ៍គឺជាលេខ៧។
តើអ្នកអាចពន្យល់បានទេ?
• តើយើងត្រូវមានសមត្ថភាពអ្វីដើម្បីធ្វើការសម្រេចត្រឹមត្រូវ?
• ហេតុអ្វីបានជាការពឹងទៅលើគំរូរបស់អ្នកដែលមានមុខមាត់ធំដុំឬការពឹងទៅលើចិត្តរបស់យើងផ្ទាល់ក្នុងពេលធ្វើការសម្រេចនោះ មិនប្រកបទៅដោយប្រាជ្ញាទេ?
• ហេតុអ្វីបានជាយើងគួរដឹងច្បាស់អំពីអ្វីដែលពេញព្រះហឫទ័យរបស់ព្រះពេលយើងធ្វើការសម្រេច? ហើយតើយើងអាចធ្វើអ៊ីចឹងដោយដូចម្ដេច?
• តើការ‹អប់រំសមត្ថភាពវែកញែករបស់យើង›មានន័យយ៉ាងណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៩]
ការរកការណែនាំដោយពឹងទៅលើ អ្នកមាននិងអ្នកល្បីឈ្មោះ គឺអត់ប្រយោជន៍ទាំងស្រុង
[រូបភាពនៅទំព័រ១០]
ដូចជាអ្នកហាត់កាយសម្ព័ន្ធ យើងត្រូវតែកាន់កាប់ទៅលើគ្រប់ប្រសាទនិងអវយវៈរបស់យើង