លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សិទ្ធិរបស់អ្នកក្នុងការជឿ

សិទ្ធិរបស់អ្នកក្នុងការជឿ

សិទ្ធិ​របស់​អ្នក​ក្នុង​ការ​ជឿ

អ្នក​ពិត​ជា​រាប់​ទុក​សិទ្ធិ​របស់​អ្នក​ក្នុង​ការ​ជឿ​អ្វី​ៗ​តាម​តែ​ចិត្ត គឺ​ជា​សិទ្ធិ​មួយ​ដែល​មាន​តម្លៃ​ណាស់។ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ក៏​មាន​គំនិត​អ៊ីចឹង​ដែរ។ ដោយ​ប្រើ​សិទ្ធិ​នោះ មនុស្ស​៦​ពាន់​លាន​នាក់​នៅ​លើ​ផែនដី​បាន​បង្កើត​មតិ​ជា​ច្រើន​រាប់​មិន​អស់ ដែល​គួរ​ឲ្យ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​មែន​ទែន។ ដូច​ជា​ភាព​ខុស​គ្នា​រវាង​ពណ៌ ទ្រង់​ទ្រាយ លក្ខណៈ រស​ជាតិ ក្លិន និង​សូរ​សម្លេង ដែល​យើង​មើល​ឃើញ​ជាក់​ស្តែង​ក្នុង​ធម្មជាតិ នោះ​មតិ​ផ្សេង​ៗ​បង្កើន​ឲ្យ​យើង​មាន​ចំណាប់​អារម្មណ៍ ចិត្ត​រំភើប និង​សុភមង្គល​ក្នុង​ជីវិត។ ភាព​ខុស​គ្នា​ទាំង​នេះ ពិត​ជា​ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​សោមនស្ស​មែន។—ទំនុកដំកើង ១០៤:២៤

ប៉ុន្តែ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដែរ។ ជំនឿ​ខ្លះ​មិន​គ្រាន់​តែ​មាន​ភាព​ខុស​ៗ​គ្នា​នោះ​ទេ តែ​ថែម​ទាំង​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។ តួយ៉ាង​ដូច​ជា នៅ​ដើម​សតវត្ស​ទី​២០ មនុស្ស​ខ្លះ​ធ្លាប់​ជឿ​ថា​សាសន៍​យូដា​និង​បុរស​មួយ​ក្រុម​ដែល​ជា​សមាគម​ឈ្មោះ​មេសុនសេរី​នោះ​មាន​បំណង«បំបាក់​បំបែក​អារ្យធម៌​គ្រីស្ទាន និង​បង្កើត​រដ្ឋបាល​ពិភព​លោក​មួយ​ឲ្យ​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​របស់​គេ»។ ប្រភព​មួយ​នៃ​ជំនឿ​នេះ​គឺ​ត្រូវ​ផ្សាយ​ដោយ​ខិត្តប័ណ្ណ​មួយ​ដែល​ប្រឆាំង​នឹង​សាសន៍​យូដា ដែល​មាន​ចំណង​ជើង​ថា បែប​បទ​របស់​ព្រឹទ្ធាចារ្យ​បញ្ញវ័ន្ត​របស់​ស៊ីយ៉ូន។ ខិត្តប័ណ្ណ​នោះ​បាន​អះអាង​ថា ផែន​ការ​របស់​គេ​បាន​រួម​បញ្ចូល​ការ​ដំឡើង​ពន្ធដារ​ខ្ពស់​ហួស​ប្រមាណ ការ​ផលិត​គ្រឿង​អាវុធ ការ​ជំរុញ​ឲ្យ​មាន​ក្រុម​ហ៊ុន​ផ្ដាច់​មុខ​ដើម្បី‹បំផ្លាញ​នូវ​ភាព​រីក​ចំរើន​របស់​សាសន៍​ដទៃ​ក្នុង​មួយ​រំពេច›ការ​ចោទ​ប្រកាន់​នោះ​ក៏​រួម​បញ្ចូល ការ​ប្រើ​ប្រព័ន្ធ​អប់រំ​ដើម្បី‹ធ្វើ​ឲ្យ​សាសន៍​ដទៃ​ទៅ​ជា​សត្វ​តិរច្ឆាន›ហើយ​រហូត​ដល់​សង់​ផ្លូវ​រត់​ភ្លើង​នៅ​ក្រោម​ដី ដើម្បី​ភ្ជាប់​រាជធានី​ផ្សេង​ៗ​ឲ្យ​ព្រឹទ្ធាចារ្យ​សាសន៍​យូដា​អាច‹រំលត់​ការ​ប្រឆាំង​របស់​អ្នក​ណា​ម្នាក់​ដោយ​សម្លាប់​អ្នក​នោះ​ចោល›។

ជាក់​ស្តែង​មែន នោះ​ជា​សេចក្ដី​ភូត​ភរ​ដែល​បាន​ត្រូវ​រៀបចំ ដើម្បី​អុជ​អាល​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​សាសន៍​យូដា។ លោក ម៉ាក ចូន្ស ដែល​ជា​បុគ្គលិក​នៅ​សារមន្ទីរ​ប្រទេស​អង់គ្លេស រៀប​រាប់​ថា៖ ‹នោះ​ជា​រឿង​ប្រឌិត​មួយ​ដ៏​មិន​សម​ហេតុ​សម​ផល​ទាល់​តែ​សោះ ដែល​បាន​សាយភាយ​ពី​ប្រទេស​រុស្ស៊ី​មក›ជា​ប្រភព​ដែល​បាន​បោះ​ពុម្ព​អត្ថបទ​កាសែត​នោះ ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩០៣។ អត្ថបទ​នោះ​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​កាសែត ថែម្ស អ​ហ្វ ឡុនដន នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​១៩២០។ ជាង​មួយ​ឆ្នាំ​ក្រោយ​មក កាសែត ថែម្ស នោះ​បាន​បញ្ជាក់​ថា ឯកសារ​នោះ​គឺ​ក្លែង​ក្លាយ​ទេ។ ក្នុង​ពេល​ចន្លោះ​នោះ គ្រោះ​ថ្នាក់​បាន​កើត​ឡើង​ហើយ។ លោក ចូន្ស ប្រាប់​បន្ថែម​ថា៖ ‹ការ​ភូត​ភរ​បែប​នេះ​គឺ​ពិបាក​ទប់​ទល់​ណាស់›។ ក្រោយ​ពេល​ដែល​មនុស្ស​ជឿ​តាម​នោះ ការ​ភូត​ភរ​បែប​នេះ​បង្កើត​ឲ្យ​មាន​មតិ​ដ៏​លំអៀង​យ៉ាង​ខ្លាំង ដែល​អាច​បំពុល​ចិត្ត​គំនិត និង​ញ៉ាំង​ឲ្យ​មាន​ជំនឿ​ដែល​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់ ហើយ​ច្រើន​តែ​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ជួជាតិ ដូច​ឃើញ​ជាក់​ស្តែង​នៅ​សតវត្ស​ទី​២០​កន្លង​ទៅ​នេះ។—សុភាសិត ៦:១៦​-​១៩

ការ​ប្រៀប​ធៀប​ជំនឿ​នឹង​សេចក្ដី​ពិត

ច្បាស់​មែន​ហើយ មិន​ចាំ​បាច់​មាន​ការ​ភូត​ភរ​ដោយ​ចេតនា ដើម្បី​ឲ្យ​មាន​ជំនឿ​ដ៏​ខុស​នោះ​ទេ។ ជួន​កាល យើង​អាន​ហើយ​យល់​ច្រឡំ​តែ​ម្ដង។ ធ្លាប់​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្លាប់ ដោយ​ធ្វើ​អ្វី​ដែល​គេ​បាន​នឹក​ស្មាន​ថា​ត្រឹម​ត្រូវ​នោះ។ ម្យ៉ាង​ទៀត ជួន​កាល​យើង​ជឿ​អ្វី​មួយ ព្រោះ​តែ​ចិត្ត​យើង​ចង់​ជឿ​ប៉ុណ្ណោះ។ សាស្ដ្រាចារ្យ​ម្នាក់​និយាយ​ថា សូម្បី​តែ​អ្នក​វិទ្យា​សាស្ត្រ«ក៏​ចូល​ចិត្ត​យ៉ាង​ខ្លាំង​នូវ​ទ្រឹស្តី​របស់​ខ្លួន​ផ្ទាល់​ដែរ»។ ជំនឿ​របស់​គេ​ធ្វើ​ឲ្យ​ខូច​ដល់​សមត្ថភាព​គិត​គូរ​របស់​គេ។ រួច​មក គេ​ខិត​ខំ​អស់​មួយ​ជីវិត​ដើម្បី​គាំទ្រ​ជំនឿ​របស់​គេ​លើ​ទ្រឹស្តី​ដ៏​ខុស​នោះ។—យេរេមា ១៧:៩

អ្វី​ដែល​ស្រដៀង​គ្នា​នឹង​នេះ​បាន​កើត​ឡើង​ចំពោះ​ជំនឿ​ខាង​សាសនា ដែល​ប្រកប​ដោយ​ភាព​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង។ (ធីម៉ូថេ​ទី​១ ៤:១; ធីម៉ូថេ​ទី​២ ៤:៣, ៤) បុរស​ម្នាក់​មាន​ជំនឿ​ខ្លាំង​ទៅ​លើ​ព្រះ។ បុរស​ម្នាក់​ទៀត​ប្រាប់​ថា​អ្នក​នោះ​កំពុង​តែ«បង្កើត​ជំនឿ​សាសនា​ពី​អ្វី​ដែល​មិន​សម​ហេតុ​សម​ផល​សោះ»។ មនុស្ស​ម្នាក់​ប្រកាន់​ថា យើង​មាន​ព្រលឹង​អមតៈ​ដែល​នៅ​រស់​ក្រោយ​ពី​យើង​ស្លាប់​ទៅ។ ម្នាក់​ទៀត​ជឿ​ថា ពេល​យើង​ស្លាប់​ទៅ​នោះ លែង​មាន​យើង​ទៀត​តែ​ម្ដង។ ច្បាស់​ហើយ ជំនឿ​បែប​នេះ​មិន​អាច​ពិត​ទាំង​អស់​ទេ។ ដូច្នេះ គឺ​ជា​ការ​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា ដែល​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា អ្វី​ដែល​យើង​ជឿ​គឺ​ពិត និង​មិន​គ្រាន់​តែ​ជា​អ្វី​ដែល​យើង​ជឿ​ដោយ​សារ​តែ​ចិត្ត​យើង​ចង់​ជឿ​ប៉ុណ្ណោះ​នោះ​ទេ មែន​ទេ? (សុភាសិត ១:៥) តើ​អ្នក​អាច​ធ្វើ​អ៊ីចឹង​យ៉ាង​ដូច​ម្ដេច? អត្ថបទ​ជា​បន្ទាប់​នឹង​ពិចារណា​នូវ​រឿង​នេះ។

[រូប​ភាព​នៅ​ទំព័រ​៣]

អត្ថបទ​ពី​ឆ្នាំ​១៩២១ បង្ហាញ​ថា «បែប​បទ​របស់​ព្រឹទ្ធាចារ្យ​បញ្ញវ័ន្ត​របស់​ស៊ីយ៉ូន គឺ​ក្លែង​បន្លំ​ទេ»