លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការដឹងគុណនាំឲ្យយើងមានសុភមង្គល

ការដឹងគុណនាំឲ្យយើងមានសុភមង្គល

ការ​ដឹង​គុណ​នាំ​ឲ្យ​យើង​មាន​សុភមង្គល

កាសែត​កាលការី ហេរ៉ល នៅ​ប្រទេស​កាណាដា​រាយ​ការណ៍​ថា៖ «អារម្មណ៍​ដែល​នាំ​ឲ្យ​យើង​ដឹង​គុណ គឺ​ជា​អារម្មណ៍​បឋម​របស់​មនុស្សជាតិ»។ កាសែត​ហេរ៉ល បាន​ដក​ស្រង់​ពាក្យ​សំដី​របស់​សិស្ស​ខ្លះ​ៗ​អាយុ​ប្រាំ​បួន​ឆ្នាំ ដែល​រៀន​នៅ​សាលា​បឋម​សិក្សា ពេល​គ្រូ​របស់​គេ​បាន​សុំ​សិស្ស​សរសេរ​អំពី​អ្វី​ទាំង​អស់​ដែល​គេ​ដឹង​គុណ​នោះ។ ក្មេង​ប្រុស​ម្នាក់​ប្រាប់​ថា គាត់​ដឹង​គុណ​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់ ‹ពីព្រោះ​គេ​ចិញ្ចឹម​ថែ​រក្សា​គាត់›។ ក្មេង​ស្រី​ម្នាក់​ក៏​មាន​អំណរ​គុណ​ចំពោះ​ក្រុម​គ្រួសារ​របស់​នាង​ដែរ ដោយ​ប្រាប់​ថា៖ «មាតា​បិតា​ខ្ញុំ​ការ​ពារ​ខ្ញុំ​ឲ្យ​បាន​សុខ ឲ្យ​មាន​សុខភាព​ល្អ ថែ​រក្សា​ខ្ញុំ ស្រឡាញ់​ខ្ញុំ ចិញ្ចឹម​ខ្ញុំ ហើយ​បើ​សិន​ជា​គ្មាន​មាតា​បិតា​ខ្ញុំ​ទេ នោះ​ខ្ញុំ​អត់​មាន​ជីវិត​រស់​នៅ​លើ​ផែនដី​ឥឡូវ​នេះ​ទេ»។

ការ​មិន​ដឹង​គុណ​នាំ​ទៅ​ដល់​ការ​មិន​ពេញ​ចិត្ត​ជា​រៀង​រហូត។ យោង​ទៅ​តាម​លោក ជេម្ស ផាកឺ ជា​ទស្សនវិទូ​និង​សាសនវិទូ​ម្នាក់ គាត់​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ត្រូវ​បង្កើត​មក​ដើម្បី​ពឹង​ពាក់​ទៅ​លើ​ព្រះ​និង​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ»។ នេះ​រំឭក​យើង​ពី​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ​រាប់​សតវត្ស​មុន​ដែល​ថា៖ ‹ចូរ​ដឹង​គុណ!›។ (កូល៉ុស ៣:១៥) ការ​បង្ហាញ​អំណរ​គុណ​និង​កតញ្ញូ​ធម៌​ចេញ​ពី​ក្រអៅ​បេះ​ដូង​ចំពោះ​អ្នក​ឯ​ទៀត ក៏​ជួយ​ឲ្យ​មាន​ទំនាក់​ទំនង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ផង​ដែរ។

ម្យ៉ាង​ទៀត ដោយ​មាន​អំណរ​គុណ​និង​ដឹង​គុណ​គ្នា​ទៅ​វិញ​ទៅ​មក យើង​ក៏​បង្ហាញ​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ ហើយ​ទ្រង់​សង្កេត​ឃើញ​អំពើ​នេះ។ ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់»។ (របាក្សត្រ​ទី​២ ១៦:៩) ព្រះ​ទ្រង់​ធានា​ថា ទ្រង់​នឹក​ចាំ​និង​ស្រឡាញ់​មនុស្សជាតិ​ណា​ដែល​ស្រឡាញ់​ព្រះ​នាម​ទ្រង់។ (ហេព្រើរ ៦:១០) យើង​ពិត​មែន​មាន​ហេតុ​ល្អ​ឲ្យ​បង្ហាញ​ការ​ដឹង​គុណ ពីព្រោះ​ពេល​យើង​បង្ហាញ​គុណសម្បត្ដិ​នេះ​ជា​រៀង​រាល់​ថ្ងៃ នោះ​យើង​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​និង​បង្កើន​សុភមង្គល​របស់​យើង។ នេះ​គឺ​ដូច​ជា​សុភាសិត ១៥:១៣ បញ្ជាក់​ថា៖ «ចិត្ត​រីករាយ តែង​តែ​បណ្ដាល​ឲ្យ​មាន​ទឹក​មុខ​ផូរ​ផង់»។