លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរស្វែងរកហើយដេញតាមសន្ដិភាព›

‹ចូរស្វែងរកហើយដេញតាមសន្ដិភាព›

‹ចូរ​ស្វែង​រក​ហើយ​ដេញ​តាម​សន្ដិភាព›

‹ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​ដោយ​សន្ដិភាព​ចុះ បើ​សិន​ជា​បាន›។—រ៉ូម ១២:១៨

១, ២. តើ​មាន​ហេតុ​ណា​ខ្លះ​ដែល​សន្ដិភាព​របស់​មនុស្ស គឺ​មិន​មាន​ភាព​អចិន្ត្រៃយ៍​នោះ?

 សូម​នឹក​គិត​អំពី​ផ្ទះ​មួយ​ដែល​មាន​គ្រឹះ​មិន​មាំ សសរ​ពុក​ផុយ និង​ពិដាន​ទ្រុឌ​ចុះ។ តើ​អ្នក​ចង់​ចូល​ទៅ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ? ប្រហែល​ជា​អត់​ទេ! សូម្បី​តែ​បើ​សិន​ជា​គេ​លាប​ថ្នាំ​ម្ដង​ទៀត ក៏​ផ្ទះ​នោះ​នៅ​តែ​មាន​ទ្រង់​ទ្រាយ​ខូច​ដដែល។ មិន​យូរ​មិន​ឆាប់ វា​នឹង​បាក់​ស្រុត​ជា​មិន​ខាន។

សន្ដិភាព​ដែល​មាន​ក្នុង​លោកីយ៍​នេះ​គឺ​មិន​ខុស​ពី​ផ្ទះ​នេះ​ប៉ុន្មាន​ទេ។ សន្ដិភាព​នោះ​ត្រូវ​កសាង​ពី​លើ​គ្រឹះ​មួយ​ដ៏​មិន​មាំ​ឡើយ ពោល​ជា សេចក្ដី​សន្យា​និង​យុទ្ធសាស្ត្រ​របស់​មនុស្សជាតិ​ដែល‹នឹង​ជួយ​យើង​មិន​បាន​ទេ›។ (ទំនុកដំកើង ១៤៦:៣) ប្រវត្ដិសាស្ត្រ​សុទ្ធ​តែ​ពោរ​ពេញ​ទៅ​ដោយ​ការ​ច្បាំង​គ្នា​រវាង​សាសន៍ ជន​ជាតិ និង​កុលសម្ព័ន្ធ​ផ្សេង​ៗ។ ធ្លាប់​មាន​រយៈ​ពេល​ខ្លី​ដែល​ប្រកប​ទៅ​ដោយ​សន្ដិភាព​មែន ក៏​ប៉ុន្តែ តើ​សន្ដិភាព​នោះ​គឺ​ជា​សន្ដិភាព​បែប​ណា​ទៅ? ប្រសិន​បើ​ប្រទេស​ពីរ​ប្រយុទ្ធ​គ្នា តែ​ក្រោយ​មក​ប្រកាស​ថា​មាន​សន្ដិភាព ដោយ​សារ​តែ​ប្រទេស​មួយ​បាន​បរាជ័យ ឬ​ក៏​ពីព្រោះ​ប្រទេស​ទាំង​ពីរ​គិត​ថា គេ​នឹង​មិន​ទទួល​ប្រយោជន៍​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា តើ​នេះ​ជា​សន្ដិភាព​ពិត​ប្រាកដ​ទេ? ការ​ស្អប់​គ្នា ការ​គ្មាន​ទំនុក​ចិត្ត​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ច្រណែន​ឈ្នានីស​ដែល​បាន​អុជ​អាល​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​នោះ នៅ​តែ​មាន​ក្នុង​ចិត្ត​គេ​ដដែល។ សន្ដិភាព​មាន​តែ​សំបក​ក្រៅ​ដែល​ជា‹ការ​បិទ​បាំង›នៃ​សេចក្ដី​ស្អប់ គឺ​មិន​មែន​ជា​សន្ដិភាព​ដែល​ថិតថេរ​ជា​រៀង​រហូត​នោះ​ទេ។—អេសេគាល ១៣:១០

៣. ហេតុ​ដូច​ម្ដេច​បាន​ជា​សន្ដិភាព​របស់​រាស្ត្រ​ព្រះ គឺ​ខុស​ប្លែក​ពី​សន្ដិភាព​ណា​ដែល​មនុស្ស​បង្កើត​មក?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សន្ដិភាព​ពិត​គឺ​មាន​មែន​ក្នុង​ពិភព​លោក​នេះ​ដែល​បែក​បាក់​គ្នា​ដោយ​សារ​សង្គ្រាម។ តើ​មាន​នៅ​កន្លែង​ណា? គឺ​មាន​ក្នុង​ចំណោម​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​គ្រីស្ទាន​ពិត​និង​ថែម​ទាំង​បាន​ស្ដាប់​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ ហើយ​ខិត​ខំ​ត្រង​ត្រាប់​តាម​របៀប​រស់​នៅ​របស់​ទ្រង់។ (កូរិនថូស​ទី​១ ១១:១; ពេត្រុស​ទី​១ ២:២១) សន្ដិភាព​រវាង​គ្រីស្ទាន​ពិត​ដែល​មាន​សាសន៍​ផ្សេង​ៗ ឋានៈ​សង្គម និង​ជន​ជាតិ​ខុស​គ្នា គឺ​ជា​សន្ដិភាព​ពិត ដោយ​សារ​នោះ​បាន​កើត​ចេញ​ពី​មេត្រី​ភាព​ដែល​គេ​មាន​ជា​មួយ​នឹង​ព្រះ និង​ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​ជំនឿ​របស់​គេ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ សន្ដិភាព​របស់​គេ​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ មិន​មែន​មក​ពី​មនុស្សជាតិ​ឡើយ។ (រ៉ូម ១៥:៣៣; អេភេសូរ ៦:២៣, ២៤) សន្ដិភាព​នោះ​បាន​មក​ពី​ការ​ចុះ​ចូល​ចំពោះ«ម្ចាស់​នៃ​មេត្រី​ភាព[សន្ដិភាព ព.ថ.]»ជា​ព្រះ​យេស៊ូ​គ្រីស្ទ និង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដែល​ជា‹ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ និង​សន្ដិភាព›។—អេសាយ ៩:៦; កូរិនថូស​ទី​២ ១៣:១១

៤. តើ​ដូច​ម្ដេច​ដែល​គ្រីស្ទាន​ម្នាក់«ដេញ​តាម»សន្ដិភាព?

សន្ដិភាព​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​មាន​ដោយ​ស្វ័យប្រវត្ដិ​នោះ​ទេ។ ម្ល៉ោះ​ហើយ ពេត្រុស​បាន​និយាយ​ថា គ្រីស្ទាន​ម្នាក់​ៗ​គួរ‹ស្វែង​រក​ហើយ​ដេញ​តាម​សន្ដិភាព›។ (ពេត្រុស​ទី​១ ៣:១១) តើ​យើង​អាច​ធ្វើ​នេះ​យ៉ាង​ដូច​ម្ដេច? បទ​ទំនាយ​ពី​បុរាណ​មួយ​ចង្អុល​ប្រាប់​ចម្លើយ​អំពី​នោះ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តាម​រយៈ​លោក​អេសាយ​ថា៖ ‹កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្ដិភាព​ជា​បរិបូរ›។ (អេសាយ ៥៤:១៣; ភីលីព ៤:៩) ពិត​មែន​ហើយ អ្នក​ដែល​ស្ដាប់​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេហូវ៉ា​គឺ​មាន​សន្ដិភាព​ពិត។ ម្យ៉ាង​ទៀត សន្ដិភាព ព្រម​ទាំង«សេចក្ដី​ស្រឡាញ់ អំណរ​អរ . . . អត់​ធ្មត់ សុភាព សប្បុរស ​ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត» គឺ​ជា​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ (កាឡាទី ៥:២២, ២៣) មនុស្ស​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ គ្មាន​អំណរ មិន​អត់​ធ្មត់ មិន​សប្បុរស អាក្រក់ មិន​ស្មោះ​ត្រង់ កាច​សាហាវ ឬ​មិន​ចេះ​ទប់​ចិត្ត​ខ្លួន មិន​អាច​មាន​សន្ដិភាព​នោះ​ឡើយ។

‹នៅ​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​ដោយ​សន្ដិភាព›

៥, ៦. (ក) តើ​ពាក្យ​សន្ដិភាព​សំដៅ​ទៅ​លើ​អ្វី​ក្នុង​ព្រះ​គម្ពីរ? (ខ) តើ​ពួក​គ្រីស្ទាន​ខិត​ខំ​ប្រព្រឹត្ត​ដោយ​សន្ដិភាព​ចំពោះ​អ្នក​ណា​ខ្លះ?

ពាក្យ​សន្ដិភាព​បាន​ត្រូវ​បក​ស្រាយ​ជា«ភាព​ឬ​ដំណើរ​ស្ងប់​ស្ងៀម»។ និយមន័យ​បែប​នេះ​គឺ​ទូលំ​ទូលាយ​រួម​បញ្ចូល​ស្ថានការណ៍​ជា​ច្រើន ដែល​គ្មាន​ការ​ទាស់​ទែង​គ្នា។ អ៊ីចឹង សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​នៅ​ក្នុង​ស្ថានភាព​នេះ​ដែរ! ក៏​ប៉ុន្តែ ដើម្បី​ឲ្យ​មាន​សន្ដិភាព​ពិត យើង​ត្រូវ​ការ​ច្រើន​ជាង​ការ​ប្រព្រឹត្ត​ដោយ​សន្ដិវិធី។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ​ថា៖ «អ្នក​ណា​កសាង​សន្ដិភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មាន​ឈ្មោះ​ជា​បុត្រ​របស់​ព្រះ​ជា​ម្ចាស់!»។ (ម៉ាថាយ ៥:៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ពេល​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ដែល​ក្រោយ​មក​នឹង​មាន​សេចក្ដី​សង្ឃឹម​ទៅ​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ​និង​ទទួល​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌។ (យ៉ូហាន ១:១២; រ៉ូម ៨:១៤​-​១៧) នៅ​ទី​បំផុត មនុស្ស​ទាំង​អស់​ដ៏​ស្មោះ​ត្រង់​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​នឹង​អរ​សប្បាយ​ក្នុង«សេរី​ភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​វិញ»។ (រ៉ូម ៨:២១) មាន​តែ​មនុស្ស​ដែល​ស្រឡាញ់​សន្ដិភាព​ទេ ដែល​អាច​មាន​សេចក្ដី​សង្ឃឹម​បែប​នេះ។ ពាក្យ​សន្ដិភាព​តាម​អត្ថន័យ​ក្នុង​ព្រះ​គម្ពីរ​សំដៅ​ទៅ​លើ​ការ​ធ្វើ​សកម្មភាព​ដើម្បី​បណ្ដាល​ឲ្យ​មាន​សន្ដិភាព និង​ជួន​កាល​បង្កើត​ឲ្យ​មាន​សន្ដិភាព​នៅ​កន្លែង​មួយ​ដែល​មិន​ធ្លាប់​មាន។

ដោយ​គិត​អំពី​ចំណុច​នេះ សូម​ពិចារណា​នូវ​ឱវាទ​ដែល​សាវ័ក​ប៉ុល​បាន​ជូន​ចំពោះ​អ្នក​នៅ​ទី​ក្រុង​រ៉ូម​ថា៖ ‹ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​ដោយ​សន្ដិភាព​ចុះ បើ​សិន​ជា​បាន›។ (រ៉ូម ១២:១៨) ប៉ុល​មិន​ចង់​ណែនាំ​ប្រាប់​អ្នក​ទាំង​នោះ​ឲ្យ​មាន​ចិត្ត​ស្ងប់​ស្ងៀម​ប៉ុណ្ណោះ​ទេ ទោះ​ជា​នោះ​គឺ​ជា​អ្វី​ដ៏​ល្អ​ក៏​ដោយ។ គាត់​បាន​លើក​ទឹក​ចិត្ត​គេ​ឲ្យ​បង្កើត​សន្ដិភាព​វិញ។ តើ​ជា​មួយ​អ្នក​ណា​ទៅ? ជា​មួយ​នឹង«មនុស្ស​ទាំង​អស់» រួម​ទាំង​សមាជិក​ក្នុង​ក្រុម​គ្រួសារ គ្រីស្ទាន​ឯ​ទៀត សូម្បី​តែ​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​ពី​គេ​ក៏​ដោយ។ គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​នៅ​ទី​ក្រុង​រ៉ូម​ថា ‹ចំណែក​ពួក​គេ› ត្រូវ​បង្កើត​សន្ដិភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។ គាត់​មិន​ចង់​ឲ្យ​គេ​លះ​ចោល​ជំនឿ​របស់​គេ​ដើម្បី​ទុក​ឲ្យ​មាន​សន្ដិភាព​នោះ​ទេ។ ជា​ជាង​រំខាន​អ្នក​ឯ​ទៀត​ដោយ​មិន​ចាំ​បាច់​នោះ ពួក​គេ​គួរ​ទាក់​ទង​មនុស្ស​ដោយ​មាន​បំណង​ប្រកប​ទៅ​ដោយ​សន្ដិភាព​វិញ។ ពួក​គ្រីស្ទាន​ត្រូវ​ធ្វើ​អ៊ីចឹង មិន​ថា​គេ​កំពុង​តែ​ទាក់​ទង​មនុស្ស​ក្នុង​ក្រុម​ជំនុំ​ឬ​ខាង​ក្រៅ​ក៏​ដោយ។ (កាឡាទី ៦:១០) សម​ស្រប​នឹង​ចំណុច​នេះ ប៉ុល​បាន​សរសេរ​ថា៖ «ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំង​ឡាយ​ដែរ»។—ថែស្សាឡូនីច​ទី​១ ៥:១៥

៧, ៨. តើ​តាម​របៀប​ណា​និង​ដោយ​ហេតុ​ដូច​ម្ដេច​ដែល​ពួក​គ្រីស្ទាន បង្កើត​ឲ្យ​មាន​សន្ដិភាព​នឹង​អ្នក​ដែល​មាន​ជំនឿ​ផ្សេង?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រព្រឹត្ត​ដោយ​សន្ដិភាព ចំពោះ​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​ពី​យើង និង​ប្រហែល​ជា​ចំពោះ​អ្នក​ដែល​ប្រឆាំង​យើង​ទៀត​ផង? វិធី​មួយ​គឺ យើង​ត្រូវ​ជៀស​វាង​ពី​ការ​វាយ​ឫក។ ជា​ឧទាហរណ៍ គឺ​មិន​មែន​ជា​ការ​បង្កើត​ឲ្យ​មាន​សន្ដិភាព​ទេ បើ​សិន​ជា​យើង​និយាយ​អាក្រក់​អំពី​អ្នក​ណា​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ពី​ការ​កាត់​ទោស​ដល់​អង្គការ​ឬ​ក៏​ក្រុម​មនុស្ស​ផ្សេង​ៗ តែ​ចំពោះ​យើង​គ្មាន​សិទ្ធិ​និយាយ​អំពី​មនុស្ស​ម្នាក់ ដូច​ជា​អ្នក​នោះ​បាន​ត្រូវ​កាត់​ទោស​ទៅ​ហើយ​ទេ។ យើង​ពិត​ជា​មិន​វិនិច្ឆ័យ​ទោស​អ្នក​ដទៃ​ឡើយ សូម្បី​តែ​ចំពោះ​អ្នក​ដែល​ប្រឆាំង​យើង​ក៏​ដោយ។ ក្រោយ​ពី​ប៉ុល​បាន​ប្រាប់​ទីតុស​ឲ្យ​ជូន​ឱវាទ​ដល់​ពួក​គ្រីស្ទាន​នៅ​កោះ​ក្រេត អំពី​ការ​ប្រព្រឹត្ត​របស់​គេ​ចំពោះ​រដ្ឋាភិបាល​មនុស្ស នោះ​ប៉ុល​បាន​ប្រាប់​គាត់​ឲ្យ​រំឭក​ដល់​គេ​ឲ្យ​ចង​ចាំ​ថា គេ«មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត​បូត ទាំង​សំដែង​សេចក្ដី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង»។—ទីតុស ៣:១, ២

វិធី​ដ៏​ល្អ​មួយ​ចំពោះ​ការ​នាំ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​ពិត នោះ​គឺ​ការ​បង្កើត​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​ជឿ​ដូច​យើង។ ពិត​ហើយ យើង​មិន​បណ្ដុះ​បណ្ដាល​មិត្តភាព​ដែល«បង្ខូច​កិរិយា​ល្អ»ទេ។ (កូរិនថូស​ទី​១ ១៥:៣៣) យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​បង្ហាញ​សុភាវធម៌ ហើយ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំង​អស់​តាម​របៀប​មួយ ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ​និង​សប្បុរសធម៌។ ពេត្រុស​បាន​សរសេរ​ថា៖ «ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ​ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ»។—ពេត្រុស​ទី​១ ២:១២

បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​កិច្ច​បំរើ

៩, ១០. តើ​សាវ័ក​ប៉ុល​បាន​ទុក​គំរូ​អ្វី​អំពី​ការ​បង្កើត​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​អ្នក​មិន​ជឿ?

គ្រីស្ទាន​ទាំង​ឡាយ​នៅ​សតវត្ស​ទី​មួយ ត្រូវ​គេ​ស្គាល់​ទូទៅ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ក្លាហាន។ ពួក​គេ​មិន​បាន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​សារ​របស់​គេ​ឡើយ ហើយ​ពេល​គេ​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង ពួក​គេ​បាន​តាំង​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ​ជា​ជាង​មនុស្ស។ (កិច្ច​ការ ៤:២៩; ៥:២៩) យ៉ាង​ណា​ក៏​ដោយ គេ​បាន​យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​សេចក្ដី​ក្លាហាន​និង​ភាព​ទ្រ​គោះ​បោះ​បោក។ សូម​កត់​សម្គាល់​នូវ​វិធី​របស់​ប៉ុល​ពេល​គាត់​គាំទ្រ​ជំនឿ​របស់​គាត់ ពី​មុខ​ស្តេច​ហេរ៉ូឌ​អ័គ្រីប៉ា​ទី​ពីរ។ ហេរ៉ូឌ​អ័គ្រីប៉ា​មាន​សម្ព័ន្ធ​ស្នេហា​ជា​មួយ​ប្អូន​ស្រី​របស់​ទ្រង់ ឈ្មោះ​បេរេនីស។ ក៏​ប៉ុន្តែ ប៉ុលមិន​ចាប់​ផ្ដើម​ស្តី​ប្រដៅ​ស្តេច​អ័គ្រីប៉ា​អំពី​គោល​ការណ៍​សីលធម៌​ទេ។ ផ្ទុយ​ទៅ​វិញ ប៉ុល​លើក​បញ្ជាក់​នូវ​ចំណុច​ដែល​គាត់​ទាំង​ស្តេច​អ័គ្រីប៉ា​យល់​ស្រប​ទាំង​ពីរ​នាក់ ទាំង​សរសើរ​អ័គ្រីប៉ា​ដោយ​សារ​ទ្រង់​ជា​អ្នក​ជំនាញ​ខាង​ប្រពៃណី​ទំនៀម​ទំលាប់​សាសន៍​យូដា និង​ជា​អ្នក​ដែល​មាន​ជំនឿ​ទៅ​លើ​ពួក​ព្យាការី។—កិច្ច​ការ ២៦:២, ៣, ២៧

១០ តើ​ប៉ុល​កំពុង​តែ​និយាយ​បញ្ជោរ​ស្តេច​នោះ​ដោយ​មិន​ស្មោះ ដោយ​ព្រោះ​ទ្រង់​អាច​ឲ្យ​ប៉ុល​មាន​សេរី​ភាព​ទេ? មិន​មែន​ទេ! ប៉ុល​បាន​ធ្វើ​តាម​ឱវាទ​របស់​ខ្លួន​និង​បាន​និយាយ​ពិត​ត្រង់។ អ្វី​ៗ​ដែល​ប៉ុល​ប្រាប់​ហេរ៉ូឌ​អ័គ្រីប៉ា​គឺ​សុទ្ធ​តែ​ពិត​ទាំង​អស់។ (អេភេសូរ ៤:១៥) ក៏​ប៉ុន្តែ ប៉ុល​គឺ​ជា​អ្នក​បង្កើត​សន្ដិភាព​និង​គាត់​ដឹង​ពី​របៀប«ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់»។ (កូរិនថូស​ទី​១ ៩:២២) បំណង​របស់​គាត់​គឺ​ដើម្បី​ការ​ពារ​សិទ្ធិ​របស់​គាត់​ខាង​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេស៊ូ។ ពីព្រោះ​ប៉ុល​ជា​គ្រូ​ម្នាក់​ដ៏​ចំណាន នោះ​គាត់​បាន​ចាប់​ផ្ដើម​ដោយ​និយាយ​អំពី​អ្វី ដែល​គាត់​និង​អ័គ្រីប៉ា​អាច​ឯកភាព​គ្នា។ ដូច្នេះ ប៉ុល​បាន​ជួយ​ស្តេច​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​នេះ​មាន​ទស្សនៈ​ល្អ​ចំពោះ​សាសនា​គ្រីស្ទាន​វិញ។—កិច្ច​ការ ២៦:២៨​-​៣១

១១. តើ​យើង​អាច​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​សហគមន៍​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១១ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជា​អ្នក​បង្កើត​សន្ដិភាព​ក្នុង​សហគមន៍​របស់​យើង? ដូច​ប៉ុល យើង​គួរ​ជៀស​វាង​ពី​ការ​ឈ្លោះ​គ្នា។ ជួន​កាល​យើង​ត្រូវ​តែ«ផ្សាយ​ព្រះ​បន្ទូល . . . ដោយ​ឥត​ភ័យ​ខ្លាច»ពិត​មែន ដោយ​បញ្ជាក់​ពី​ភាព​ពិត​នៃ​ជំនឿ​របស់​យើង។ (ភីលីព ១:១៤) ក៏​ប៉ុន្តែ ក្នុង​ករណី​ភាគ​ច្រើន គោល​បំណង​របស់​យើង​ជា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (ម៉ាថាយ ២៤:១៤) បើ​សិន​ជា​មនុស្ស​ម្នាក់​យល់​ដឹង​សេចក្ដី​ពិត​អំពី​គោល​បំណង​របស់​ព្រះ នោះ​គាត់​អាច​ចាប់​ផ្ដើម​លះ​ចោល​លទ្ធិ​សាសនា​មិន​ពិត និង​សំអាត​ខ្លួន​ឲ្យ​ស្អាត​ពី​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក។ ហេតុ​នេះ​ហើយ គឺ​ជា​ការ​ល្អ​បើ​យើង​លើក​យក​អ្វី​ដែល​នឹង​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់​របស់​យើង ដោយ​ចាប់​ផ្ដើម​និយាយ​អំពី​អ្វី​ដែល​យើង​និង​គេ​ឯកភាព​គ្នា។ គឺ​ជា​អ្វី​ដែល​ខាត​បង់​ប្រយោជន៍​ទៅ​វិញ បើ​សិន​ជា​យើង​ធ្វើ​ទុក្ខ​ដល់​មនុស្ស​ម្នាក់ ដែល​ប្រហែល​ជា​នឹង​ស្ដាប់​សារ​របស់​យើង បើ​សិន​ជា​យើង​បាន​និយាយ​ឲ្យ​ស្រួលបួល​នឹង​គេ​នោះ។—កូរិនថូស​ទី​២ ៦:៣

ការ​បង្កើត​សន្ដិភាព​ក្នុង​ក្រុម​គ្រួសារ

១២. តើ​យើង​អាច​ធ្វើ​ជា​អ្នក​បង្កើត​សន្ដិភាព​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្ដេច?

១២ ប៉ុល​បាន​និយាយ​ថា អ្នក​ដែល​រៀប​ការ«នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម»។ (កូរិនថូស​ទី​១ ៧:២៨) គេ​ត្រូវ​ប្រឈម​មុខ​ការ​ពិបាក​ផ្សេង​ៗ។ អ្វី​មួយ​ទៀត​នោះ​គឺ ម្ដង​ម្កាល​គូ​ស្វាមីភរិយា​នឹង​មាន​ការ​ខ្វែង​គំនិត​គ្នា។ តើ​ការ​ខ្វែង​គំនិត​នេះ​ត្រូវ​ដោះ​ស្រាយ​តាម​របៀប​ណា? ដោយ​សន្ដិវិធី។ អ្នក​បង្កើត​ឲ្យ​មាន​សន្ដិភាព​នឹង​ខិត​ខំ​បញ្ឈប់​ការ​ទាស់​ទែង​នេះ​មិន​ឲ្យ​ទៅ​ជា​រឿង​ធំ​ជាង​ទេ។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ? ទី​មួយ ដោយ​ទប់​អណ្ដាត។ ពេល​អណ្ដាត​របស់​យើង​ត្រូវ​ប្រើ​ដើម្បី​ពោល​ពាក្យ​សំដី​ដែល​ចំអក​បញ្ឈឺ​ចិត្ត​ឬ​បន្ថោក​បន្ទាប​នោះ វា​អាច​ធ្វើ​ជា​អវយវៈ​មួយ​ដែល​ពិត​ជា«របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់»។ (យ៉ាកុប ៣:៨) អ្នក​បង្កើត​សន្ដិភាព​ប្រើ​អណ្ដាត​របស់​គេ ដើម្បី​ស្អាង​ចិត្ត​អ្នក​ដទៃ​ឡើង មិន​មែន​ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​ទេ។—សុភាសិត ១២:១៨

១៣, ១៤. តើ​យើង​អាច​រក្សា​សន្ដិភាព​បាន​យ៉ាង​ណា ពេល​យើង​ភ្លាត់​និយាយ​បែប​មិន​សម​គួរ ឬ​ក៏​ពេល​មាន​ការ​ប៉ះ​ទង្គិច​នឹង​អារម្មណ៍​យ៉ាង​ខ្លាំង​នោះ?

១៣ ដោយ​សារ​យើង​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ ម្ដង​ម្កាល​យើង​ពោល​ពាក្យ​សំដី​ដែល​ធ្វើ​ឲ្យ​យើង​ស្ដាយ​ក្រោយ។ ពេល​ដែល​នេះ​កើត​ឡើង ចូរ​ធ្វើ​ការ​ផ្សះ​ផ្សា​ភ្លាម ដើម្បី​កសាង​សន្ដិភាព។ (សុភាសិត ១៩:១១; កូល៉ុស ៣:១៣) សូម​ជៀស​ពី​ការ​វក់​នឹង«ដេញ​ដោល​ពី​ន័យ​ពាក្យ»និង«សេចក្ដី​ជំលោះ​ឥត​ប្រយោជន៍»។ (ធីម៉ូថេ​ទី​១ ៦:៤, ៥) ផ្ទុយ​ទៅ​វិញ ចូរ​ខំ​យល់​ពី​អារម្មណ៍​របស់​គូ​អ្នក។ បើ​សិន​ជា​គាត់​ប្រើ​ពាក្យ​សំដី​គំរោះ​គំរើយ​ដាក់​អ្នក កុំ​ឲ្យ​អ្នក​តប​ដោយ​ធ្វើ​អ៊ីចឹង​ទៅ​វិញ​នោះ​ឡើយ។ ចូរ​ចាំ​ថា«ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ»។—សុភាសិត ១៥:១

១៤ ជួន​កាល អ្នក​អាច​ធ្វើ​តាម​ឱវាទ​ក្នុង​សុភាសិត ១៧:១៤ ដែល​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​ថា៖ «ចូរ​ដក​ខ្លួន​ថយ មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង!»។ ចូរ​ដក​ខ្លួន​ចេញ​ពី​ទំនាស់​នោះ​និង​គិត​សិន។ ក្រោយ​មក ពេល​អ្នក​ទាំង​ពីរ​ត្រជាក់​ចិត្ត​វិញ អ្នក​ប្រហែល​ជា​អាច​និយាយ​អំពី​បញ្ហា​នោះ​ដោយ​មេត្រី​ភាព។ ក្នុង​ករណី​ខ្លះ គឺ​ជា​ការ​ល្អ​បើ​សិន​ជា​អ្នក​សូម​ជំនួយ​ពី​គ្រីស្ទាន​ម្នាក់​ដែល​មាន​ភាព​ចាស់​ទុំ។ បុរស​បែប​នេះ​ដែល​មាន​បទ​ពិសោធន៍​និង​ចេះ​យល់​ទុក្ខ​ធុរៈ​របស់​អ្នក អាច​ជា​ជំនួយ​មួយ​ដែល​សម្រាល​ទុក្ខ ពេល​ដែល​សន្ដិភាព​ក្នុង​អាពាហ៍ពិពាហ៍​ត្រូវ​គំរាម​កំហែង។—អេសាយ ៣២:១, ២

អ្នក​កសាង​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ

១៥. យោង​ទៅ​តាម​យ៉ាកុប តើ​គ្រីស្ទាន​ខ្លះ​បាន​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​បែប​ណា? ហើយ​ហេតុ​អ្វី​បាន​ជា​នោះ​គឺ«របស់​ផង​លោកីយ៍» និង«ខាង​សាច់​ឈាម» ហើយ«ខាង​អារក្ស»ផង​ដូច្នេះ?

១៥ គួរ​ឲ្យ​សោក​ស្ដាយ​មែន ដែល​គ្រីស្ទាន​ខ្លះ​នៅ​សតវត្ស​ទី​មួយ​បាន​បង្ហាញ​ចិត្ត​គំនិត​ច្រណែន​ឈ្នានីស និង​ការ​ចង​គំនុំ ដែល​ផ្ទុយ​ពី​សន្ដិភាព​តែ​ម្ដង។ លោក​យ៉ាកុប​បាន​និយាយ​ថា៖ «ប្រាជ្ញា​យ៉ាង​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​របស់​ផង​លោកីយ​នេះ ហើយ​ក៏​ខាង​សាច់​ឈាម នឹងខាង​អារក្ស​វិញ​ទេ​តើ ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន នឹង​សេចក្ដី​គំនុំ នោះ​ក៏​មាន​វឹកវរ នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែរ»។ (យ៉ាកុប ៣:១៤​-​១៦) មនុស្ស​ខ្លះ​ជឿ​ថា ពាក្យ​ជា​ភាសា​ក្រិក​ដែល​ត្រូវ​បក​ប្រែ​ថា«គំនុំ»សំដៅ​ទៅ​លើ​មហិច្ឆតា​និង​ការ​ប្រកួត​ប្រជែង​គ្នា។ ម្ល៉ោះ​ហើយ យ៉ាកុប​មាន​ហេតុ​ល្អ​ពេល​គាត់​ហៅ​នោះ​ជា«របស់​ផង​លោកីយ​នេះ ហើយ​ក៏​ខាង​សាច់​ឈាម នឹង​ខាង​អារក្ស​វិញ»។ ទូទាំង​ប្រវត្ដិសាស្ត្រ​មនុស្ស អ្នក​គ្រប់​គ្រង​ពិភព​លោក​បាន​ប្រព្រឹត្ត​ដោយ​មហិច្ឆតា ដូច​ជា​សត្វ​ដែល​ប្រខាំ​គ្នា។ មហិច្ឆតា​ពិត​ជា​អ្វី«របស់​ផង​លោកីយ៍​នេះ»និង«ខាង​សាច់​ឈាម»មែន។ វា​គឺ«ខាង​អារក្ស»ដែរ។ លក្ខណៈ​ដ៏​អាក្រក់​នេះ​បាន​លេច​មុខ​ជា​លើក​ដំបូង​ក្នុង​ទេវតា​មួយ​រូប​ដែល​ស្រេក​ឃ្លាន​ចង់​បាន​អំណាច ហើយ​បាន​ប្រឆាំង​ព្រះ​យេហូវ៉ា និង​បាន​ទៅ​ជា​សាតាំង អ្នក​គ្រប់​គ្រង​ពួក​ព្រាយ​បិសាច។

១៦. តើ​គ្រីស្ទាន​ខ្លះ​នៅ​សតវត្ស​ទី​មួយ​បាន​បង្ហាញ​ចិត្ត​គំនិត​ដូច​ជា​សាតាំង​យ៉ាង​ដូច​ម្ដេច?

១៦ យ៉ាកុប​បាន​ជំរុញ​ចិត្ត​គ្រីស្ទាន​ឲ្យ​ទប់​ទល់​កុំ​ឲ្យ​កើត​មាន​ចិត្ត​គំនិត​មហិច្ឆតា ពីព្រោះ​នោះ​ប្រឆាំង​នឹង​សន្ដិភាព។ គាត់​បាន​សរសេរ​ថា៖ «សេចក្ដី​ទាស់​ទែង នឹង​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្ដី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទេ​ឬ​អី?»។ (យ៉ាកុប ៤:១) ក្នុង​ខ​នេះ«សេចក្ដី​សំរើប»អាច​សំដៅ​ទៅ​លើ​ចំណង់​ចង់​បាន​វត្ថុ​ទ្រព្យ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បាន​អំណាច ឋានៈ​គ្រប់​គ្រង ឬ​ឥទ្ធិពល។ ដូច​សាតាំង បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ ទំនង​ជា​ចង់​ទៅ​ជា​អ្នក​ដែល​មាន​មុខ​មាត់​ធំ ជា​ជាង​ទៅ​ជា«អ្នក​ណា​ដែល​តូច​ជាង​គេ»ដូច​ជា​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​អ្នក​កាន់​តាម​ទ្រង់។ (លូកា ៩:៤៨) ចិត្ត​គំនិត​បែប​នេះ​អាច​បំផ្លាញ​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ។

១៧. តើ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​អាច​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

១៧ សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​ទប់​ទល់​នឹង​ទំនោរ​ចិត្ត​ចង់​បាន​វត្ថុ​ទ្រព្យ ចិត្ត​ច្រណែន​ឈ្នានីស ឬ​មហិច្ឆតា។ ប្រសិន​បើ​យើង​ពិត​ជា​អ្នក​បង្កើត​ឲ្យ​មាន​សន្ដិភាព​មែន នោះ​យើង​នឹង​មិន​តូច​ចិត្ត បើ​សិន​ជា​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ប៉ិន​ប្រសប់​ជាង​យើង​ក្នុង​កិច្ច​ការ​ណា​មួយ ហើយ​យើង​ក៏​នឹង​មិន​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​លែង​គោរព​គេ ដោយ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​គេ​ទៀត។ បើ​សិន​ជា​យើង​មាន​សមត្ថភាព​ច្រើន​ក្នុង​ការ​មួយ យើង​នឹង​មិន​ប្រើ​នោះ​ដើម្បី​បង្អួត​ខ្លួន​ទេ ដោយ​ខំ​បង្ហើប​ថា ក្រុម​ជំនុំ​នឹង​រីក​ចំរើន​ឡើង​ដោយ​សារ​តែ​ជំនាញ​របស់​យើង។ ចិត្ត​គំនិត​បែប​នេះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​បែក​បាក់​គ្នា មិន​មែន​សន្ដិភាព​ទេ។ អ្នក​ដែល​កសាង​សន្ដិភាព​មិន​សំញែង​ពី​សមត្ថភាព​របស់​គេ តែ​ប្រើ​នោះ​ដោយ​ចិត្ត​រាប​ទាប​ដើម្បី​បំរើ​បង​ប្អូន​របស់​គេ និង​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា​វិញ។ ពួក​គេ​ទទួល​ស្គាល់​ថា នៅ​ទី​បំផុត គឺ​ជា​សេចក្ដី​ស្រឡាញ់ ដែល​បញ្ជាក់​ពី​គ្រីស្ទាន​ពិត មិន​មែន​សមត្ថភាព​ទេ។—យ៉ូហាន ១៣:៣៥; កូរិនថូស​ទី​១ ១៣:១​-​៣

‹សន្ដិភាព​គ្រប់​គ្រង​លើ​អ្នក›

១៨. តើ​អ្នក​ចាស់​ទុំ​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​ចំណោម​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១៨ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នាំ​មុខ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​សន្ដិភាព។ ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​រាស្ត្រ​របស់​ទ្រង់​ថា៖ «អញ​នឹង​យក​សេចក្ដី​សុខ[សន្ដិភាព ព.ថ.] ធ្វើ​ជា​រដ្ឋបាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់​គ្រង​លើ​ឯង​ផង»។ (អេសាយ ៦០:១៧) សម​ស្រប​តាម​ទំនាយ​នេះ អស់​អ្នក​ដែល​ជា​អ្នក​គង្វាល​គ្រីស្ទាន ខំ​ប្រឹង​ដើម្បី​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​ចំណោម​ពួក​គេ​និង​ហ្វូង​ចៀម។ ពួក​អ្នក​ចាស់​ទុំ​អាច​កសាង​សន្ដិភាព​ក្នុង​ចំណោម​ពួក​គេ​ដោយ​បង្ហាញ«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»ដែល​ប្រកប​ទៅ​ដោយ​សន្ដិភាព​និង​ភាព​សម​ហេតុ​សម​ផល។ (យ៉ាកុប ៣:១៧) ដោយ​សារ​អ្នក​ចាស់​ទុំ​ក្រុម​ជំនុំ​មាន​ប្រវត្ដិ​និង​បទ​ពិសោធន៍​ខុស​ៗ​គ្នា នោះ​ជួន​កាល​គេ​នឹង​មាន​ទស្សនៈ​ខុស​ពី​គ្នា​ដែរ។ តើ​នេះ​មាន​ន័យ​ថា​គេ​គ្មាន​សន្ដិភាព​ទេ​ឬ? មិន​មែន​ទេ! បើ​សិន​ជា​កាលៈទេសៈ​នោះ​ត្រូវ​ដោះ​ស្រាយ​ត្រឹម​ត្រូវ។ អ្នក​ដែល​កសាង​សន្ដិភាព​ប្រាប់​ពី​យោបល់​ខ្លួន​ដោយ​ចិត្ត​រាប​ទាប និង​បង្ហាញ​ការ​គោរព​ដោយ​ស្ដាប់​យោបល់​អ្នក​ឯ​ទៀត។ ជា​ជាង​ទាម​ទារ​ឲ្យ​គេ​ធ្វើ​តាម​គំនិត​ខ្លួន នោះ​អ្នក​កសាង​សន្ដិភាព​នឹង​ពិចារណា​នូវ​ទស្សនៈ​របស់​បង​ប្រុស​របស់​គាត់​ដោយ​អធិស្ឋាន។ បើ​សិន​ជា​គ្មាន​ការ​បំពាន​លើ​គោល​ការណ៍​ព្រះ​គម្ពីរ​ទេ នោះ​បើក​ផ្លូវ​ឲ្យ​បង​ប្រុស​ៗ​មាន​មតិ​ផ្សេង​ៗ​គ្នា។ ពេល​អ្នក​ដទៃ​មិន​យល់​ស្រប​នឹង​មតិ​គាត់ នោះ​អ្នក​បង្កើត​សន្ដិភាព​នឹង​អនុលោម​តាម​ការសម្រេច​នៃ​ចំនួន​ភាគ​ច្រើន។ ដោយ​ធ្វើ​អ៊ីចឹង គាត់​នឹង​បង្ហាញ​ថា​គាត់​គឺ​សម​ហេតុ​សម​ផល។ (ធីម៉ូថេ​ទី​១ ៣:២, ៣) អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍​យល់​ដឹង​ថា ការ​រក្សា​សន្ដិភាព​គឺ​សំខាន់​ជាង​ការ​ធ្វើ​តាម​មតិ​ខ្លួន។

១៩. តើ​អ្នក​ចាស់​ទុំ​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

១៩ អ្នក​ចាស់​ទុំ​កសាង​សន្ដិភាព​ជា​មួយ​សមាជិក​ដោយ​ជួយ​គេ និង​ដោយ​មិន​ទិតៀន​ការ​ខំ​ប្រឹង​របស់​គេ​ទេ។ ជួន​កាល អ្នក​ខ្លះ​នឹង​ត្រូវ​ការ​នូវ​ការ​កែ​តម្រង់​ពិត​មែន។ (កាឡាទី ៦:១) ក៏​ប៉ុន្តែ កិច្ច​ការ​ចំបង​របស់​អ្នក​ចាស់​ទុំ​គ្រីស្ទាន មិន​មែន​ជា​ការ​កែ​តម្រង់​ទេ។ គាត់​សរសើរ​បង​ប្អូន​ជា​ញឹក​ញយ។ អ្នក​ចាស់​ទុំ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ខិត​ខំ​យល់​ដឹង​អំពី​សេចក្ដី​ល្អ​ក្នុង​ចិត្ត​អ្នក​ឯ​ទៀត។ ពួក​អ្នក​ចាស់​ទុំ​ដឹង​គុណ​ចំពោះ​កិច្ច​ការ​នឿយ​ហត់​របស់​គ្រីស្ទាន​គ្នី​គ្នា និង​ពួក​គេ​មាន​ជំនឿ​ស៊ប់​ថា អ្នក​ជឿ​ឯ​ទៀត​កំពុង​តែ​ធ្វើ​អស់​ពី​សមត្ថភាព។—កូរិនថូស​ទី​២ ២:៣, ៤

២០. តើ​ក្រុម​ជំនុំ​បាន​ប្រយោជន៍​អ្វី​បើ​សិន​ជា​សមាជិក​ទាំង​អស់​គឺ​ជា​អ្នក​កសាង​សន្ដិភាព?

២០ ដូច្នេះ ក្នុង​ក្រុម​គ្រួសារ ក្នុង​ក្រុម​ជំនុំ និង​ក្នុង​ការ​ទាក់​ទង​រាប់​រក​អ្នក​ដែល​មាន​ជំនឿ​ផ្សេង យើង​ក៏​ខិត​ខំ​កសាង​និង​បង្កើត​ឲ្យ​មាន​សន្ដិភាព។ បើ​សិន​ជា​យើង​បណ្ដុះ​ឲ្យ​មាន​សន្ដិភាព នោះ​យើង​នឹង​បង្កើន​នូវ​សុភមង្គល​ក្នុង​ក្រុម​ជំនុំ។ ដំណាល​គ្នា​នឹង​នេះ យើង​ក៏​នឹង​ទទួល​ការ​ការ​ពារ​ហើយ​ធ្វើ​ឲ្យ​កម្លាំង​យើង​ចំរើន​ឡើង​បាន ដូច​ជា​យើង​នឹង​ឃើញ​ក្នុង​អត្ថបទ​ជា​បន្ត​បន្ទាប់។

តើ​អ្នក​ចាំ​ទេ?

តើ​ការ​បង្កើត​ឲ្យ​មាន​សន្ដិភាព​រួម​បញ្ចូល​អ្វី​ខ្លះ?

តើ​យើង​អាច​កសាង​សន្ដិភាព​ក្នុង​ការ​ទាក់​ទង​រាប់​រក​អ្នក​ដែល​មិន​មែន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

តើ​មាន​វិធី​ណា​ខ្លះ​ដែល​សន្ដិភាព​អាច​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ក្នុង​ក្រុម​គ្រួសារ?

តើ​អ្នក​ចាស់​ទុំ​អាច​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៩]

ពួក​អ្នក​ដែល​បង្កើត​សន្ដិភាព​មិន​ចេះ​វាយ​ឫក​ទេ

[រូប​ភាព​នៅ​ទំព័រ​១០]

គ្រីស្ទាន​ទាំង​ឡាយ​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​កិច្ច​បំរើ ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ក្រុម​ជំនុំ​ទៀត​ផង