លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើពររបស់ព្រះយេហូវ៉ានឹងមករកអ្នកឬទេ?

តើពររបស់ព្រះយេហូវ៉ានឹងមករកអ្នកឬទេ?

តើ​ពរ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​រក​អ្នក​ឬ​ទេ?

«អស់​ទាំង​ពរ​ទាំង​នេះ​នឹង​បាន​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង គឺ​បើ​ឯង​នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង»។—ចោទិយកថា ២៨:២

១. តើ​ពរ​ឬ​ក៏​សេចក្ដី​បណ្ដាសា​ដែល​អ៊ីស្រាអែល​អាច​ទទួល​នោះ ស្រេច​ទៅ​លើ​អ្វី?

 នៅ​ពេល​ធ្វើ​ដំណើរ​៤០​ឆ្នាំ​ក្នុង​ទី​រហោ​ស្ថាន​ជិត​ចប់​ហើយ​នោះ ពួក​អ៊ីស្រាអែល​បាន​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។ ស្រុក​សន្យា​គឺ​ស្ថិត​នៅ​ខាង​មុខ​គេ។ ពេល​នោះ លោក​ម៉ូសេ​បាន​សរសេរ​សៀវភៅ​ចោទិយកថា ដែល​រៀប​រាប់​អំពី​ពរ​និង​សេចក្ដី​បណ្ដាសា​មួយ​ចំនួន។ បើ​សិន​ជា​ជន​ជាតិ​អ៊ីស្រាអែល«នឹង[បន្ត]ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»ដោយ​ប្រព្រឹត្ត​តាម នោះ​ពរ​នឹង«មក​រក»គេ។ ព្រះ​យេហូវ៉ា​បាន​ស្រឡាញ់​ពួក​គេ​ដូច​ជា«រាស្ត្រ​របស់​ផង​ទ្រង់​ពិត» និង​មាន​ព្រះ​ទ័យ​ចង់​សម្ដែង​មហិទ្ធិឫទ្ធិ​របស់​ទ្រង់​ដើម្បី​ជួយ​គេ។ ក៏​ប៉ុន្តែ បើ​សិន​ជា​គេ​មិន​បន្ត​ស្ដាប់​តាម​ទ្រង់​ទេ នោះ​សេចក្ដី​បណ្ដាសា​នឹង​មក​រក​គេ​ជា​មិន​ខាន។—ចោទិយកថា ៨:១០​-​១៤; ២៦:១៨; ២៨:២, ១៥

២. តើ​កិរិយា​ស័ព្ទ​ភាសា​ហេព្រើរ​នៃ​ពាក្យ«ស្ដាប់​តាម»និង«មក​រក»នៅ​ចោទិយកថា ២៨:២ សំដៅ​ទៅ​លើ​អ្វី​ខ្លះ?

កិរិយា​ស័ព្ទ​ជា​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ជា«ស្ដាប់​តាម»នៅ​ចោទិយកថា ២៨:២ សំដៅ​ទៅ​ការ​ប្រព្រឹត្ត​មួយ​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ឥត​ឈប់​ឈរ។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ស្ដាប់​ទ្រង់​ម្ដង​ម្កាល​ប៉ុណ្ណោះ​ទេ តែ​គេ​ត្រូវ​បន្ត​ស្ដាប់​តាម​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត។ មាន​តែ​តាម​វិធី​នេះ​ប៉ុណ្ណោះ ទើប​ពរ​ពី​ព្រះ​នឹង​មក​រក​គេ។ កិរិយា​ស័ព្ទ​ភាសា​ហេព្រើរ ដែល​ត្រូវ​បក​ប្រែ​ជា«មក​រក»ត្រូវ​គេ​សម្គាល់​ជា​ពាក្យ​ដែល​ទាក់​ទង​នឹង​ការ​ប្រមាញ់ ដែល​ច្រើន​តែ​មាន​អត្ថន័យ​ថា «ការ​ដេញ​ទាន់» ឬ​ក៏«ការ​មក​ដល់»។

៣. តើ​យើង​អាច​ធ្វើ​ដូច​យ៉ូស្វេ​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​បាន​ជា​នោះ​គឺ​សំខាន់?

លោក​យ៉ូស្វេ​ដែល​ជា​មេ​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល បាន​សម្រេច​ចិត្ត​ស្ដាប់​តាម​ព្រះ​យេហូវ៉ា និង​ជា​លទ្ធផល​បាន​ទទួល​ពរ​ជា​ច្រើន។ យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ថា៖ «ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិបត្ដិ​នៅ​ថ្ងៃ​នេះ​ចុះ! . . . តែ​ឯ​អញ​នឹង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ!»។ លុះ​គាត់​និយាយ​ចប់​ហើយ ប្រជាជន​តប​ឆ្លើយ​ថា៖ «សូម​ឲ្យ​គំនិត ដែល​នឹង​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា ដើម្បី​ទៅ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ដទៃ​នោះ បាន​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ»។ (យ៉ូស្វេ ២៤:១៥, ១៦) ដោយ​ព្រោះ​ចិត្ត​គំនិត​ដ៏​ប្រសើរ​របស់​យ៉ូស្វេ នោះ​គាត់​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​តូច​ពី​ជំនាន់​គាត់​ដែល​មាន​ឯកសិទ្ធិ​ចូល​ទៅ​ក្នុង​ស្រុក​សន្យា។ សព្វ​ថ្ងៃ​នេះ យើង​ទាំង​អស់​គ្នា​ជិត​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​មួយ​ដ៏​ល្អ​ជាង ជា​ផែនដី​មនោរម្យ​ដែល​ប្រកប​ទៅ​ដោយ​ពរ​ដ៏​ល្អ​ថ្លៃ​ថ្លា​ជាង​ពរ​នៅ​សម័យ​លោក​យ៉ូស្វេ​ទៅ​ទៀត សំរាប់​អស់​អ្នក​ដែល​ព្រះ​ពេញ​ព្រះ​ហឫទ័យ។ តើ​ពរ​បែប​នេះ​នឹង​មក​រក​អ្នក​ឬ​ទេ? បើ​សិន​ជា​អ្នក​បន្ត​ស្ដាប់​តាម​ព្រះ​យេហូវ៉ា នោះ​ពរ​នឹងមក​រក​អ្នក​មែន។ ដើម្បី​ជួយ​អ្នក​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​ក្នុង​ការ​នេះ សូម​ពិចារណា​នូវ​ប្រវត្ដិសាស្ត្រ​របស់​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​គំរូ​នានា​ទៀត​ផង។—រ៉ូម ១៥:៤

ពរ​ឬ​ក៏​បណ្ដាសា?

៤. តើ​ព្រះ​បាន​ប្រទាន​អ្វី​ដល់​សាឡូម៉ូន​ក្នុង​ការ​តប​នឹង​សេចក្ដី​អធិស្ឋាន​នោះ? ហើយ​តើ​យើង​គិត​យ៉ាង​ណា​អំពី​ពរ​បែប​នោះ?

ក្នុង​រជ្ជកាល​របស់​ស្តេច​សាឡូម៉ូន សាសន៍​អ៊ីស្រាអែល​បាន​ទទួល​ពរ​ដ៏​ប្រសើរ​អស្ចារ្យ​ពី​ព្រះ​យេហូវ៉ា។ ពួក​គេ​ធ្លាប់​មាន​សន្ដិសុខ​និង​របស់​ល្អ​ៗ​ជា​បរិបូរ​ទៀត។ (ពង្សាវតារ​ក្សត្រ​ទី​១ ៤:២៥) ភាព​ស្តុកស្តម្ភ​របស់​ស្តេច​សាឡូម៉ូន​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​នោះ ទោះ​ជា​ទ្រង់​មិន​បាន​សុំ​ឲ្យ​ព្រះ​ប្រទាន​ទ្រព្យ​សម្បត្ដិ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ ពេល​ទ្រង់​នៅ​ក្មេង​និង​គ្មាន​បទ​ពិសោធន៍ ទ្រង់​បាន​អធិស្ឋាន​ឲ្យ​បាន​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់ ហើយ​ព្រះ​យេហូវ៉ា​បាន​តប​ដោយ​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​និង​ការ​យល់​ដឹង។ នេះ​បាន​ជួយ​សាឡូម៉ូន​កាត់​ក្ដី​យ៉ាង​ត្រឹម​ត្រូវ​សំរាប់​ប្រជាជន ដោយ​ទ្រង់​ចេះ​វិនិច្ឆ័យ​ល្អ​និង​អាក្រក់។ ទោះ​ជា​ព្រះ​បាន​ប្រទាន​ទ្រង់​នូវ​ភោគ​ទ្រព្យ​យ៉ាង​សន្ធឹក​និង​សិរី​រុង​រឿង​ក៏​ដោយ ពេល​សាឡូម៉ូន​ជា​យុវបុរស ទ្រង់​បាន​ចាត់​ទុក​ទ្រព្យ​សម្បត្ដិ​ខាង​វិញ្ញាណ​ជា​អ្វី​ដែល​មាន​តម្លៃ​លើស​លប់។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:៩​-​១៣) មិន​ថា​យើង​មាន​ជីវភាព​ធូរ​ធារ​ខាង​ទ្រព្យ​សម្បត្ដិ​ឬ​ក៏​អត់​ក៏​ដោយ យើង​អាច​មាន​អំណរ​គុណ​ច្រើន​ណាស់​ហ្ន៎! ដែល​យើង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​និង​គឺ​ជា​អ្នក​មាន​ខាង​វិញ្ញាណ​នោះ។

៥. ពេល​ប្រជាជន​អ៊ីស្រាអែល​និង​យូដា​បាន​ឈប់​ស្ដាប់​តាម​ព្រះ​យេហូវ៉ា តើ​អ្វី​បាន​កើត​ឡើង?

សាសន៍​អ៊ីស្រាអែល​មិន​បាន​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​ពរ​ពី​ព្រះ​យេហូវ៉ា​ទេ។ ដោយ​ព្រោះ​គេ​មិន​បាន​បន្ត​ស្ដាប់​តាម​ទ្រង់ នោះ​សេចក្ដី​បណ្ដាសា​បាន​មក​រក​គេ។ លទ្ធផល គឺ​ការ​ឈ្លានពាន​ពី​សត្រូវ​របស់​គេ ហើយ​ប្រជាជន​នៃ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​និង​យូដា​ត្រូវ​គេ​ធ្វើ​និរទេស។ (ចោទិយកថា ២៨:៣៦; ពង្សាវតារ​ក្សត្រ​ទី​២ ១៧:២២, ២៣; របាក្សត្រ​ទី​២ ៣៦:១៧​-​២០) តើ​រាស្ត្រ​របស់​ព្រះ​បាន​រៀន​ពី​ទុក្ខ​វេទនា​នោះ​ថា ពរ​ពី​ព្រះ​មក​រក​តែ​អ្នក​ដែល​បន្ត​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ទេ​ឬ? អ្នក​សំណល់​នៃ​សាសន៍​យូដា​ដែល​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​នៅ​ឆ្នាំ​៥៣៧ ម.​ស.យ. បាន​មាន​ឱកាស​បង្ហាញ​ថា តើ​គេ‹មាន​សតិបញ្ញា›និង​នៅ​ពេល​នោះ​យល់​ដឹង​ថា​គេ​ត្រូវ​បន្ត​ស្ដាប់​តាម​ព្រះ​ឬ​ក៏​អត់​ទេ។—ទំនុកដំកើង ៩០:១២

៦. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ចាត់​ឲ្យ​លោក​ហាកាយ​និង​លោក​សាការី​ទៅ​ទាយ​ពី​រាស្ត្រ​ទ្រង់​ដូច្នេះ? (ខ) តើ​សារ​របស់​ព្រះ​តាម​រយៈ​លោក​ហាកាយ​បាន​បង្រៀន​គោល​ការណ៍​អ្វី?

សាសន៍​យូដា​ដែល​បាន​ត្រឡប់​ទៅ​ស្រុក​វិញ បាន​តម្កល់​អាសនៈ​មួយ​និង​ចាប់​ផ្ដើម​ជួស​ជុល​ព្រះ​វិហារ​នៅ​ទី​ក្រុង​យេរូសាឡិម។ ក៏​ប៉ុន្តែ ពេល​កើត​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង សេចក្ដី​ឧស្សាហ៍​របស់​គេ​បាន​ចាប់​ផ្ដើម​អន់​ថយ​ទៅ​ៗ និង​ការ​សាង​សង់​នោះ​បាន​ឈប់។ (អែសរ៉ា ៣:១​-​៣, ១០; ៤:១​-​៤, ២៣, ២៤) ពួក​គេ​ក៏​ចាប់​ផ្ដើម​ដាក់​អាទិភាព​លើ​ការ​ខិត​ខំ​ដើម្បី​ឲ្យ​ខ្លួន​គេ​មាន​ភាព​សុខ​សប្បាយ​ឡើង​វិញ។ ម្ល៉ោះ​ហើយ ព្រះ​បាន​ចាត់​ឲ្យ​ព្យាការី​ហាកាយ​និង​លោក​សាការី ទៅ​ជំរុញ​ឲ្យ​រាស្ត្រ​ទ្រង់​មាន​សេចក្ដី​ឧស្សាហ៍​សំរាប់​ការ​ថ្វាយ​បង្គំ​ពិត​សារ​ជា​ថ្មី។ តាម​រយៈ​ព្យាការី​ហាកាយ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ «កំពុង​ដែល​ព្រះ​វិហារ​នេះ​នៅ​ខូច​បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ​ភ្ជិត​ដូច្នេះ​ឬ? . . . ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ! ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី​តែ​មិន​ចេះ​ឆ្អែត . . . ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ក្នុង​ថង់​ធ្លុះ​ទេ»។ (ហាកាយ ១:៤​-​៦) ការ​លះបង់​ចោល​នូវ​អ្វី​ខាង​វិញ្ញាណ ដើម្បី​ដេញ​តាម​អត្ថប្រយោជន៍​ខាង​ទ្រព្យ​សម្បត្ដិ មិន​នាំ​មក​នូវ​ពរ​ពី​ព្រះ​យេហូវ៉ា​ឡើយ។—លូកា ១២:១៥​-​២១

៧. ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​សាសន៍​យូដា​ថា៖ «ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ!»?

ដោយ​ព្រោះ​សាសន៍​យូដា​បាន​ផុង​ខ្លួន​ក្នុង​កង្វល់​ជីវិត​ប្រចាំ​ថ្ងៃ នោះ​គេ​បាន​ភ្លេច​ថា ទឹក​ភ្លៀង​និង​ចំរូត​ធំ​ដែល​ជា​ពរ​ពី​ព្រះ​នឹង​មក​រក​គេ ប្រសិន​បើ​គេ​បន្ត​ស្ដាប់​តាម​ព្រះ​ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ។ (ហាកាយ ១:៩​-​១១) ម្ល៉ោះ​ហើយ ការ​ដាស់​តឿន​ដែល​ថា៖ «ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ!»គឺ​ជា​ការ​ដាស់​តឿន​ដ៏​សមរម្យ​មែន។ (ហាកាយ ១:៧) បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​គេ​ថា៖ ‹ឯង​គិត​ទៅ​មើល! ឯង​ត្រូវ​គិត​អំពី​ទំនាក់​ទំនង​រវាង​ការ​ដាំ​ដុះ​ឥត​កើត​ផល​របស់​ឯង និង​ភាព​ខូច​ខាត​ហិនហោច​នៃ​ព្រះ​វិហារ​របស់​អញ›។ នៅ​ទី​បំផុត ពាក្យ​ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ព្យាការី​របស់​ទ្រង់​ពោល​នោះ ច្បាស់​ជា​បាន​ជ្រាប​ចូល​ហើយ​ជំរុញ​ចិត្ត​របស់​អ្នក​ដែល​ស្ដាប់ ពីព្រោះ​ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ការ​ជួស​ជុល​ព្រះ​វិហារ​ម្ដង​ទៀត និង​បញ្ចប់​ការ​សាង​សង់​នោះ​នៅ​ឆ្នាំ​៥១៥​ម.​ស.យ.។

៨. នៅ​សម័យ​លោក​ម៉ាឡាគី តើ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដាស់​តឿន​សាសន៍​យូដា​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​ទ្រង់​បាន​ដាស់​តឿន​ដូច្នោះ?

លុះ​ដល់​សម័យ​ព្យាការី​ម៉ាឡាគី សាសន៍​យូដា​បាន​ចាប់​ផ្ដើម​មាន​ចិត្ត​រាយ​មាយ​ម្ដង​ទៀត​ចំពោះ​អ្វី​ខាង​វិញ្ញាណ រហូត​ដល់​គេ​ថ្វាយ​ដង្វាយ​ដែល​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ឡើយ។ (ម៉ាឡាគី ១:៦​-​៨) ហេតុ​នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​ដាស់​តឿន​គេ ឲ្យ​នាំ​មួយ​ភាគ​ក្នុង​ដប់​ពី​ផល​របស់​គេ មក​ដាក់​ក្នុង​ឃ្លាំង​របស់​ទ្រង់ និង​សាក​ល្បង​មើល ថា​តើ​ទ្រង់​នឹង​បើក​ទ្វារ​ស្ថាន​សួគ៌​និង​ប្រទាន​ពរ​ដល់​គេ ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ។ (ម៉ាឡាគី ៣:១០) បើ​សាសន៍​យូដា​គ្រាន់​តែ​ស្ដាប់​តាម​បន្ទូល​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ប្រទាន​អ្វី​ៗ​ដែល​គេ​ចង់​បាន​ជា​បរិបូរ។ តែ​ពិត​ជា​ការ​ខ្លៅ​ល្ងង់​មែន! ដែល​សាសន៍​យូដា​ខំ​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​ឲ្យ​បាន​អ្វី​ដែល​ទ្រង់​សន្យា​ថា ទ្រង់​នឹង​ប្រទាន​បើ​គេ​គ្រាន់​តែ​ស្ដាប់​តាម​ប៉ុណ្ណោះ។—របាក្សត្រ​ទី​២ ៣១:១០

៩. តើ​យើង​នឹង​ពិចារណា​ជីវិត​របស់​បុគ្គល​បី​នាក់​ណា​ក្នុង​ព្រះ​គម្ពីរ?

ក្រៅ​ពី​ប្រវត្ដិសាស្ត្រ​សាសន៍​អ៊ីស្រាអែល​នោះ ព្រះ​គម្ពីរ​ក៏​មាន​កំណត់​ហេតុ​អំពី​ជីវិត​បុគ្គល​ជា​ច្រើន ដែល​បាន​ទទួល​ពរ​ឬ​សេចក្ដី​បណ្ដាសា​ពី​ព្រះ ដោយ​ការ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ឬ​មិន​ស្ដាប់​តាម។ សូម​ឲ្យ​យើង​មើល​អ្វី​ដែល​យើង​អាច​រៀន​ពី​បុគ្គល​បី​នាក់​បែប​នេះ គឺ​ជា​លោក​បូអូស លោក​ណាបាល និង​នាង​ហាណា។ អំពី​រឿង​ទាំង​នោះ អ្នក​ប្រហែល​ជា​អាច​អាន​សៀវភៅ​នាង​រស់ ព្រម​ទាំង​សាំយូអែល​ទី​១ ១:១​-​២:២១ និង​សាំយូអែល​ទី​១ ២៥:២​-​៤២

លោក​បូអូស​បាន​ស្ដាប់​តាម​ព្រះ

១០. តើ​លោក​បូអូស​និង​ណាបាល​គឺ​ស្រដៀង​គ្នា​យ៉ាង​ណា?

១០ ទោះ​បី​ជា​លោក​បូអូស​និង​ណាបាល​មិន​រស់​នៅ​សម័យ​ដូច​គ្នា​ក៏​ដោយ ពួក​គេ​មាន​អ្វី​ដែល​ស្រដៀង​គ្នា។ ជា​ឧទាហរណ៍ បុរស​ទាំង​ពីរ​នាក់​នោះ​នៅ​ស្រុក​យូដា។ ពួក​គេ​ទាំង​ពីរ​ជា​អ្នក​មាន​ដែល​ជា​ម្ចាស់​ដី ថែម​ទាំង​មាន​ឱកាស​ដើម្បី​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​អ្នក​ដែល​ខ្វះ​ខាត។ ក៏​ប៉ុន្តែ ភាព​ស្រដៀង​គ្នា​របស់​គេ​មាន​តែ​ប៉ុន​ហ្នឹង​ទេ។

១១. តើ​ដូច​ម្ដេច​ដែល​លោក​បូអូស​បាន​បង្ហាញ​ថា​គាត់​បន្ត​ស្ដាប់​តាម​ព្រះ​យេហូវ៉ា?

១១ លោក​បូអូស​ធ្លាប់​នៅ​ក្នុង​គ្រា​ដែល​សាសន៍​អ៊ីស្រាអែល​មាន​ពួក​ចៅហ្វាយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ការ​គោរព ហើយ​អ្នក​ចំរូត​ដែល​ស៊ី​ឈ្នួល​គាត់​មាន​សេចក្ដី​គោរព​យ៉ាង​ខ្លាំង​ចំពោះ​លោក។ (នាង​រស់ ២:៤) លោក​បូអូស​បាន​ស្ដាប់​តាម​ច្បាប់​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​គួរ​ស្រូវ ឬ​ផ្លែ​ដែល​ជ្រុះ​ក្នុង​វាល​ស្រែ​របស់​គាត់​ត្រូវ​ទុក​សំរាប់​អ្នក​ក្រ​ទុគ៌ត​វិញ។ (លេវីវិន័យ ១៩:៩, ១០) តើ​លោក​បូអូស​ធ្វើ​អ្វី ពេល​គាត់​ឮ​អំពី​នាង​រស់​និង​ន៉ាអូមី និង​របៀប​ដែល​នាង​ខំ​ព្យាយាម​ចិញ្ចឹម​ផ្គត់​ផ្គង់​ម្ដាយ​ក្មេក​ដ៏​ចាស់​ជរា​នោះ? លោក​បូអូស​បាន​គិត​ដល់​នាង​រស់ ជា​ពិសេស​ដោយ​បញ្ជា​ឲ្យ​កម្មករ​របស់​គាត់ អនុញ្ញាត​ឲ្យ​នាង​រើស​ក្នុង​វាល​ស្រែ​របស់​គាត់។ លោក​បូអូស​បាន​បង្ហាញ​តាម​រយៈ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ថា គាត់​ជា​បុរស​ដែល​មាន​ភាព​ខាង​វិញ្ញាណ និង​ដែល​ស្ដាប់​តាម​ព្រះ​យេហូវ៉ា។ ដូច្នេះ គាត់​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​និង​ទទួល​ពរ​ពី​ទ្រង់។—លេវីវិន័យ ១៩:១៨; នាង​រស់ ២:៥​-​១៦

១២, ១៣. (ក) តើ​តាម​របៀប​ណា​ដែល​លោក​បូអូស​បាន​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ស្តី​ពី​ការ​លោះ​គេ​មក​វិញ? (ខ) តើ​ពរ​អ្វី​ពី​ព្រះ​បាន​មក​រក​លោក​បូអូស?

១២ របៀប​ដ៏​អស្ចារ្យ​បំផុត​ដែល​លោក​បូអូស​បង្ហាញ​ថា គាត់​បន្ត​ស្ដាប់​តាម​ព្រះ​យេហូវ៉ា គឺ​គាត់​បាន​ប្រព្រឹត្ត​ដោយ​មិន​មាន​គំនិត​សួន​តួ​តាម​ច្បាប់​របស់​ព្រះ ស្តី​ពី​ការ​លោះ​គេ​មក​វិញ។ លោក​បូអូស​បាន​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ធានា​ថា មរតក​នឹង​នៅ​តែ​មាន​ដដែល​ក្នុង​ក្រុម​គ្រួសារ​របស់​ញាតិ​សន្ដាន​គាត់​ឈ្មោះ​អេលីម៉ាលេច​ជា​ស្វាមី​របស់​ន៉ាអូមី​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។ តាម​រយៈ​ការ‹រៀប​ការ​ជា​មួយ​បង​ថ្លៃ›នោះ ស្រី​មេម៉ាយ​ម្នាក់​ត្រូវ​រៀប​ការ​ជា​មួយ​សាច់​ញាតិ​ជិត​បំផុត​របស់​ស្វាមី​គាត់​ដែល​បាន​ស្លាប់​ទៅ ដើម្បី​ឲ្យ​មាន​កូន​ប្រុស​មួយ​ដែល​អាច​គ្រង​ទុក​មរតក​នោះ។ (ចោទិយកថា ២៥:៥​-​១០; លេវីវិន័យ ២៥:៤៧​-​៤៩) នាង​រស់​សុខ​ចិត្ត​រៀប​ការ​ជំនួសន៉ាអូមី​ដែល​មាន​អាយុ​ច្រើន មិន​អាច​មាន​កូន​ត​ទៅ​ទៀត​ទេ។ ក្រោយ​សាច់​ញាតិ​ជិត​បំផុត​របស់​អេលីម៉ាលេច​មិន​ព្រម​រៀប​ការ​ទេ នោះ​លោក​បូអូស​បាន​យក​នាង​រស់​ជា​ភរិយា​ទៅ។ កូន​ប្រុស​ឈ្មោះ​អូបិឌ​របស់​គេ ត្រូវ​ចាត់​ទុក​ជា​កូន​របស់​ន៉ាអូមី​និង​ជា​អ្នក​ដែល​មាន​សិទ្ធិ​គ្រង​មរតក​របស់​អេលីម៉ាលេច។—នាង​រស់ ២:១៩, ២០; ៤:១, ៦, ៩, ១៣​-​១៦

១៣ លោក​បូអូស​បាន​ទទួល​ពរ​ជា​បរិបូរ ពីព្រោះ​គាត់​បាន​ស្ដាប់​តាម​ច្បាប់​របស់​ព្រះ។ តាម​រយៈ​កូន​ឈ្មោះ​អូបិឌ​របស់​លោក​បូអូស​និង​នាង​រស់ នោះ​ពួក​គាត់​មាន​ឯកសិទ្ធិ​ជា​ព្ធ​យុ​កោ​ព្ធ​យុ​កា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (នាង​រស់ ២:១២; ៤:១៣, ២១, ២២; ម៉ាថាយ ១:១, ៥, ៦) ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​មិន​សួន​តួ​របស់​លោក​បូអូស​នោះ យើង​រៀន​ដឹង​ថា ពរ​មក​រក​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​សំរាប់​អ្នក​ឯ​ទៀត និង​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ។

លោក​ណាបាល​មិន​បាន​ស្ដាប់​ទេ

១៤. តើ​លោក​ណាបាល​គឺ​ជា​មនុស្ស​បែប​ណា?

១៤ លោក​ណាបាល​គឺ​ផ្ទុយ​ពី​លោក​បូអូស ពីព្រោះ​គាត់​មិន​បាន​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ទេ។ គាត់​បាន​បំពាន​លើ​ច្បាប់​របស់​ព្រះ​ដែល​ថា៖ «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ»។ (លេវីវិន័យ ១៩:១៨) ណាបាល​មិន​មែន​ជា​បុរស​ដែល​មាន​ភាព​ខាង​វិញ្ញាណ​ឡើយ តែ​គាត់​ជា​មនុស្ស«កាច​អាក្រក់​ក្នុង​កិរិយា​ប្រព្រឹត្ត»។ សូម្បី​តែ​អ្នក​បំរើ​របស់​គាត់​បាន​ចាក់​ទុក​គាត់​ជា«មនុស្ស​កំណាច»។ គឺ​ជា​សម​គួរ​មែន​ដែល​ឈ្មោះ​របស់​គាត់ ណាបាល មាន​ន័យ​ថា«សេចក្ដី​ចំ​កួត»ឬ​ក៏«ចោល​ម្សៀត»។ (សាំយូអែល​ទី​១ ២៥:៣, ១៧, ២៥) ដូច្នេះ តើ​ណាបាល​នឹង​ប្រព្រឹត្ត​តប​យ៉ាង​ណា ពេល​គាត់​មាន​ឱកាស​បង្ហាញ​សេចក្ដី​សប្បុរស ចំពោះ​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ ជា​ពិសេស​ដាវីឌ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​នោះ?—សាំយូអែល​ទី​១ ១៦:១៣

១៥. តើ​ណាបាល​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ដាវីឌ? និង​តើ​អ័ប៊ីកែល​គឺ​ខុស​គ្នា​ពី​ស្វាមី​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៥ ពេល​ដាវីឌ​និង​ទ័ព​របស់​គាត់​បោះ​ជំរំ​នៅ​ជិត​ហ្វូង​សត្វ​របស់​ណាបាល ដាវីឌ​បាន​ការ​ពារ​ហ្វូង​នោះ​ពី​ក្រុម​ចោរ​ប្លន់​ដោយ​មិន​យក​ថ្លៃ​ទេ។ អ្នក​គង្វាល​ម្នាក់​របស់​ណាបាល​បាន​និយាយ​ថា៖ «គេ​ជា​កំផែង​ដល់​យើង​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ»។ ក៏​ប៉ុន្តែ ពេល​អ្នក​នាំ​សារ​របស់​ដាវីឌ​ទៅ​សុំ​អាហារ​បន្ដិច​បន្តួច ណាបាល​បាន«ស្តី​កិន​ដល់​គេ​វិញ» ទាំង​ដេញ​គេ​ទៅ​វិញ​ដោយ​ដៃ​ទទេ។ (សាំយូអែល​ទី​១ ២៥:២​-​១៦) ភរិយា​របស់​ណាបាល ឈ្មោះ​អ័ប៊ីកែល​បាន​ប្រញាប់​យក​អាហារ​ទៅ​ជូន​ដល់​ដាវីឌ។ ដោយ​សារ​ដាវីឌ​ក្ដៅ​ចិត្ត​ខ្លាំង​នៅ​ពេល​នោះ គាត់​រៀប​នឹង​ទៅ​សម្លាប់​ណាបាល​និង​អ្នក​បំរើ​របស់​ណាបាល​ចោល​តែ​ម្ដង។ អ្វី​ដែល​អ័ប៊ីកែល​បាន​ធ្វើ​បាន​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន និង​បង្ការ​ដាវីឌ​ពី​ការ​ធ្វើ​ទោស​ដល់​ឈាម។ ក៏​ប៉ុន្តែ ចិត្ត​កំណាញ់​និង​កំណាច​របស់​លោក​ណាបាល​បាន​ជ្រុល​ហួស​ប្រមាណ​ហើយ។ ប្រហែល​ដប់​ថ្ងៃ​ក្រោយ​មក «ព្រះ​យេហូវ៉ា​ទ្រង់​វាយ​ណាបាល​ឲ្យ​ស្លាប់​ទៅ»។—សាំយូអែល​ទី​១ ២៥:១៨​-​៣៨

១៦. តើ​តាម​របៀប​ណា​ដែល​យើង​អាច​យក​តម្រាប់​តាម​លោក​បូអូស និង​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ដូច​លោក​ណាបាល?

១៦ លោក​បូអូស​និង​ណាបាល​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ហ្ន៎! ចូរ​ឲ្យ​យើង​ត្រង​ត្រាប់​តាម​សេចក្ដី​សប្បុរស​និង​ចិត្ត​គំនិត​មិន​សួន​តួ​របស់​លោក​បូអូស ហើយ​ជៀស​វាង​នូវ​របៀប​ប្រព្រឹត្ត​ដ៏​កាច​សាហាវ​និង​គំនិត​អត្តទត្ថបុគ្គល​របស់​លោក​ណាបាល​វិញ។ (ហេព្រើរ ១៣:១៦) យើង​អាច​ធ្វើ​អ៊ីចឹង​ដោយ​អនុវត្ត​តាម​ដំបូន្មាន​របស់​សាវ័ក​ប៉ុល​ដែល​ថា៖ «កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»។ (កាឡាទី ៦:១០) សព្វ​ថ្ងៃ​នេះ «ចៀម​ឯ​ទៀត»របស់​ព្រះ​យេស៊ូ ជា​គ្រីស្ទាន​ដែល​នឹង​រស់​នៅ​លើ​ផែនដី មាន​ឯកសិទ្ធិ​ធ្វើ​ល្អ​ដល់​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា គឺ​ជា​អ្នក​សំណល់​នៃ​១៤៤.០០០​នាក់ ដែល​នឹង​ត្រូវ​ប្រទាន​ឲ្យ​មាន​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌។ (យ៉ូហាន ១០:១៦; កូរិនថូស​ទី​១ ១៥:៥០​-​៥៣; វិវរណៈ ១៤:១, ៤) ចំពោះ​ព្រះ​យេស៊ូ​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​បែប​នេះ គឺ​ដូច​ជា​ត្រូវ​ប្រព្រឹត្ត​មក​លើ​ទ្រង់​ផ្ទាល់ និង​ការ​ធ្វើ​ល្អ​យ៉ាង​នេះ មាន​លទ្ធផល​ជា​ពរ​បរិបូរ​ពី​ព្រះ​យេហូវ៉ា។—ម៉ាថាយ ២៥:៣៤​-​៤០; យ៉ូហាន​ទី​១ ៣:១៨

បញ្ហា​និង​ពរ​របស់​នាង​ហាណា

១៧. តើ​ហាណា​បាន​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី? ហើយ​តើ​គាត់​បង្ហាញ​អាកប្បកិរិយា​បែប​ណា?

១៧ ពរ​របស់​ព្រះ​យេហូវ៉ា​បាន​មក​រក​ស្ត្រី​ម្នាក់​ឈ្មោះ​ហាណា​ដែល​ជា​អ្នក​គោរព​ព្រះ។ គាត់​រស់​នៅ​ស្រុក​អេប្រាអិម​ផ្នែក​តំបន់​ភ្នំ​ជា​មួយ​ស្វាមី​របស់​គាត់ ឈ្មោះ​អែលកាណា។ អែលកាណា​មាន​ប្រពន្ធ​មួយ​ទៀត សម​ស្រប​តាម​ច្បាប់។ ហាណា​ជា​ស្រី​អារ​និង​នោះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​អាម៉ាស់​មុខ តែ​ដោយ​ឡែក​នាង​ពេនីណា​មាន​កូន​ជា​ច្រើន។ (សាំយូអែល​ទី​១ ១:១​-​៣; របាក្សត្រ​ទី​១ ៦:១៦, ៣៣, ៣៤) ពេនីណា​មិន​បាន​ខិត​ខំ​សម្រាល​ទុក្ខ​របស់​ហាណា​ទេ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រព្រឹត្ត​ប្រាស​ចាក​ពី​សេចក្ដី​ស្រឡាញ់ ដោយ​បញ្ឈឺ​ចិត្ត​របស់​ហាណា​រហូត​ដល់​ហាណា​យំ និង​លែង​ចង់​បរិភោគ​អ្វី​ទៀត​ឡើយ។ អាក្រក់​ជាង​នោះ​ទៅ​ទៀត នេះ​កើត​ឡើង«រាល់​តែ​ឆ្នាំ» ជា​រៀង​រាល់​ដង​ពេល​គ្រួសារ​របស់​គេ​ទៅ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ស៊ីឡូរ។ (សាំយូអែល​ទី​១ ១:៤​-​៨) ពេនីណា​គឺ​ជា​មនុស្ស​គ្មាន​ចិត្ត​មេត្ដា​ករុណា​ទេ ហើយ​នេះ​ជា​ការ​លំបាក​ខ្លាំង​យ៉ាង​ណាទៅ​ហ្ន៎! សំរាប់​ហាណា​នោះ។ តែ​ហាណា​មិន​ដែល​បន្ទោស​ព្រះ​យេហូវ៉ា ព្រម​ទាំង​មិន​បាន​សំងំ​នៅ​ផ្ទះ​ពេល​ប្ដី​របស់​គាត់​ទៅ​ស៊ីឡូរ​ទេ។ ដូច្នេះ នៅ​ទី​បំផុត​ពរ​ប្រាកដ​ជា​នឹង​មក​រក​គាត់។

១៨. តើ​ហាណា​បាន​ទុក​គំរូ​អ្វី?

១៨ ហាណា​គឺ​ជា​គំរូ​ដ៏​ប្រសើរ​មួយ​សំរាប់​រាស្ត្រ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​សំរាប់​អស់​អ្នក​ណា​ដែល​ឈឺ​ចិត្ត ដោយ​សារ​ពាក្យ​សំដី​មិន​សម​គួរ​របស់​អ្នក​ឯ​ទៀត។ ក្នុង​កាលៈទេសៈ​បែប​នេះ ការ​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ គឺ​មិន​ល្អ​ទេ។ (សុភាសិត ១៨:១) ហាណា​មិន​បាន​អនុញ្ញាត​ឲ្យ​ការ​លំបាក​នោះ​បំផ្លាញ​នូវ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គាត់​ឲ្យ​នៅ​កន្លែង​ណា​ដែល​មាន​ការ​បង្រៀន​ព្រះ​បន្ទូល និង​មនុស្ស​ជួប​ជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​ទេ។ ហេតុ​នេះ​ហើយ គាត់​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ។ ជំរៅ​នៃ​ភាព​ខាង​វិញ្ញាណ​របស់​គាត់ ត្រូវ​លាត​ត្រដាង​ក្នុង​សេចក្ដី​អធិស្ឋាន​ដ៏​ពីរោះ​របស់​គាត់​ដែល​ត្រូវ​កត់​ទុក​នៅ​សាំយូអែល​ទី​១ ២:១​-​១០ a

១៩. តើ​យើង​អាច​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​អ្វី​ខាង​វិញ្ញាណ​ទេ?

១៩ ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​នៅ​បច្ចុប្បន្នកាល​នេះ យើង​មិន​ថ្វាយ​បង្គំ​នៅ​រោង​ឧបោសថ​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​អាច​បង្ហាញ​នូវ​កតញ្ញូ​ធម៌​ចំពោះ​អ្វី​ខាង​វិញ្ញាណ ដូច​ហាណា​ដែរ។ ជា​ឧទាហរណ៍ យើង​អាច​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​ទ្រព្យ​សម្បត្ដិ​ខាង​វិញ្ញាណ​ដោយ​ទៅ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​គ្រីស្ទាន​ជា​ទៀង​ទាត់។ ចូរ​ឲ្យ​យើង​ប្រើ​ឱកាស​ទាំង​នោះ​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដ៏​បរិសុទ្ធ ដែល​បាន​ប្រទាន​នូវ‹ឯកសិទ្ធិ​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច ដោយ​សេចក្ដី​បរិសុទ្ធ និង​សេចក្ដី​សុចរិត›។—លូកា ១:៧៤, ៧៥; ហេព្រើរ ១០:២៤, ២៥

២០, ២១. តើ​ហាណា​បាន​ទទួល​ពរ​អ្វី​ដោយ​ព្រោះ​គាត់​មាន​ភក្ដី​ភាព​នឹង​ព្រះ?

២០ ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​នូវ​ភក្ដី​ភាព​របស់​ហាណា​មាន​ចំពោះ​ព្រះ ហើយ​ទ្រង់​ប្រទាន​រង្វាន់​យ៉ាង​ធំ​ដល់​គាត់។ នៅ​ឆ្នាំ​មួយ​ពេល​គ្រួសារ​គាត់​ធ្វើ​ដំណើរ​ទៅ​ស៊ីឡូរ ហាណា​បាន​អធិស្ឋាន​ទូល​ព្រះ​ទាំង​ស្រក់​ទឹក​ភ្នែក​ដោយ​សន្យា​ថា៖ «ឱ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​អើយ! បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ​នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ​យេហូវ៉ា​គ្រប់​១​ជីវិត»។ (សាំយូអែល​ទី​១ ១:៩​-​១១) ព្រះ​បាន​ស្ដាប់​សេចក្ដី​ទូល​អង្វរ​របស់​ហាណា និង​បាន​ប្រទាន​ពរ​ដល់​គាត់ ដោយ​ប្រទាន​ឲ្យ​កូន​ប្រុស​មួយ​ដែល​គាត់​ដាក់​ឈ្មោះ​ថា​សាំយូអែល។ ពេល​កូន​នោះ​ផ្ដាច់​ដោះ​ហើយ ហាណា​នាំ​កូន​នោះ​ទៅ​ដល់​ស៊ីឡូរ​ដើម្បី​បំរើ​នៅ​រោង​ឧបោសថ។—សាំយូអែល​ទី​១ ១:២០, ២៤​-​២៨

២១ ហាណា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​បាន​បំពេញ​តាម​សេចក្ដី​សន្យា​របស់​គាត់​ស្តី​ពី​សាំយូអែល។ ហើយ​សូម​គិត​អំពី​ពរ​ដែល​គាត់​និង​អែលកាណា​បាន​ទទួល ពីព្រោះ​ថា កូន​ប្រុស​ស្ងួន​ភ្ងា​របស់​គេ​បំរើ​នៅ​រោង​ឧបោសថ​របស់​ព្រះ​យេហូវ៉ា! មាតា​បិតា​គ្រីស្ទាន​ជា​ច្រើន​មាន​អំណរ​និង​ពរ​ស្រដៀង​គ្នា ពីព្រោះ​កូន​ប្រុស​កូន​ស្រី​របស់​គាត់​ជា​អ្នក​បំរើ​ពេញ​ពេល ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល ឬ​ក៏​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា​តាម​វិធី​ផ្សេង​ទៀត។

ចូរ​បន្ត​ស្ដាប់​តាម​ព្រះ​យេហូវ៉ា!

២២, ២៣. (ក) តើ​យើង​អាច​ជឿ​ជាក់​ទៅ​លើ​អ្វី បើ​សិន​ជា​យើង​បន្ត​ស្ដាប់​តាម​ព្រះ​សូរ​សៀង​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​អត្ថបទ​បន្ទាប់​នឹង​បញ្ជាក់​អ្វី?

២២ តើ​យើង​អាច​ជឿ​ជាក់​ថា យើង​នឹង​ទទួល​អ្វី បើ​សិន​ជា​យើង​បន្ត​ស្ដាប់​តាម​ព្រះ​យេហូវ៉ា? យើង​អាច​ជឿ​ជាក់​ថា យើង​នឹង​ជា​អ្នក​មាន​ខាង​វិញ្ញាណ បើ​សិន​ជា​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​អស់​ពី​ដួង​ចិត្ត​ចំពោះ​ទ្រង់ ហើយ​របៀប​ដែល​យើង​រស់​នៅ​បង្ហាញ​ថា យើង​បាន​ថ្វាយ​ខ្លួន​ដល់​ទ្រង់។ សូម្បី​តែ​ពេល​ធ្វើ​អ៊ីចឹង​តម្រូវ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ល្បង​ល​ខ្លាំង​បំផុត​ក្ដី ពរ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​រក​យើង​ជា​មិន​ខាន និង​ច្រើន​តែ​តាម​វិធី​អស្ចារ្យ​ជាង​យើង​បាន​នឹក​ស្មាន​នោះ​ទៅ​ទៀត។—ទំនុកដំកើង ៣៧:៤; ហេព្រើរ ៦:១០

២៣ រាស្ត្រ​របស់​ព្រះ​នឹង​ទទួល​ពរ​ជា​ច្រើន​ក្នុង​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ។ ដោយ​ព្រោះ​គេ​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»នឹង​ត្រូវ​សង្គ្រោះ​ឲ្យ​រួច​រស់​ផុត​ពី«សេចក្ដី​វេទនា​ជា​ខ្លាំង» ហើយ​អរ​សប្បាយ​នឹង​ជីវិត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ (វិវរណៈ ៧:៩​-​១៤; ពេត្រុស​ទី​២ ៣:១៣) ក្នុង​ពិភព​លោក​នោះ ព្រះ​យេហូវ៉ា​នឹង​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​សុចរិត​របស់​រាស្ត្រ​ទ្រង់។ (ទំនុកដំកើង ១៤៥:១៦) ក៏​ប៉ុន្តែ ដូច​ជា​អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​យើង សូម្បី​តែ​ឥឡូវ​នេះ អស់​អ្នក​ដែល​បន្ត​ស្ដាប់​តាម​ព្រះ​សូរ​សៀង​របស់​ព្រះ​យេហូវ៉ា ទទួល​នូវ‹របស់​ដ៏​ល្អ​នឹង​អំណោយ​ទាន​ពី​ស្ថាន​លើ›។—យ៉ាកុប ១:១៧

[កំណត់​សម្គាល់]

a សំដី​របស់​ហាណា​គឺ​ស្រដៀង​គ្នា​នឹង​សំដី​របស់​ស្រី​ព្រហ្មចារី​ម្នាក់​ឈ្មោះ​នាង​ម៉ារា ដែល​គាត់​ពោល​ភ្លាម​ៗ​ក្រោយ​គាត់​ដឹង​ថា គាត់​នឹង​ទៅ​ជា​ម្ដាយ​របស់​ព្រះ​មេស្ស៊ី។—លូកា ១:៤៦​-​៥៥

តើ​អ្នក​ចាំ​ទេ?

តើ​ប្រវត្ដិសាស្ត្រ​របស់​អ៊ីស្រាអែល​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ពរ​ពី​ព្រះ?

តើ​លោក​បូអូស​និង​លោក​ណាបាល​គឺ​ខុស​គ្នា​យ៉ាង​ណា?

តើ​យើង​អាច​ត្រាប់​តាម​ហាណា​ដូច​ម្ដេច?

ហេតុ​អ្វី​បាន​ជា​យើង​គួរ​បន្ត​ស្ដាប់​តាម​ព្រះ​សូរ​សៀង​របស់​ព្រះ​យេហូវ៉ា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៨]

ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន​ឲ្យ​មាន​ចិត្ត ដែល​ចេះ​ស្ដាប់​បង្គាប់​និង​ព្រះ​យេហូវ៉ា បាន​ប្រទាន​ប្រាជ្ញា​ដល់​ទ្រង់

[រូប​ភាព​នៅ​ទំព័រ​២០]

លោក​បូអូស​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ការ​គោរព​និង​សេចក្ដី​សប្បុរស