លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទអាចកាន់កាប់ទៅលើចិត្តរបស់យើងយ៉ាងដូចម្ដេច?

តើសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទអាចកាន់កាប់ទៅលើចិត្តរបស់យើងយ៉ាងដូចម្ដេច?

តើ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​អាច​កាន់​កាប់​ទៅ​លើ​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

‹ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ កាន់​កាប់​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប​កាយ​តែ​១›។—កូល៉ុស ៣:១៥

១, ២. តើ‹សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ›កាន់​កាប់​ទៅ​លើ​ចិត្ត​របស់​គ្រីស្ទាន​ម្នាក់​ក្នុង​ន័យ​យ៉ាង​ណា?

 ពាក្យ​កាន់​កាប់​គឺ​ជា​ពាក្យ​មួយ​ដែល​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត ដោយ​ព្រោះ​នោះ​ធ្វើ​ឲ្យ​គេ​នឹក​គិត​អំពី​ការ​បង្ខិត​បង្ខំ​និង​ការ​បោក​ប្រាស់។ ហេតុ​នេះ​ហើយ មនុស្ស​ខ្លះ​ប្រហែល​ជា​ចាត់​ទុក ការ​ដាស់​តឿន​របស់​ប៉ុល​ជា​អ្វី​ដ៏​មិន​សម​ហេតុ​សម​ផល ពេល​គាត់​និយាយ​ចំពោះ​គ្រីស្ទាន​គ្នី​គ្នា​នៅ​ទី​ក្រុង​កូល៉ុស​ថា៖ ‹ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ កាន់​កាប់​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា›។ (កូល៉ុស ៣:១៥) យើង​ទាំង​អស់​គ្នា​មាន​សិទ្ធិ​សេរី​ភាព។ មែន​ទេ? ហេតុ​អ្វី​បាន​ជា​យើង​គួរ​អនុញ្ញាត​អ្វី​ណា​មួយ ឬ​ក៏​មនុស្ស​ណា​ម្នាក់​កាន់​កាប់​ទៅ​លើ​ចិត្ត​របស់​យើង​ដូច្នេះ?

ប៉ុល​មិន​ចង់​និយាយ​ថា បង​ប្អូន​នៅ​កូល៉ុស ត្រូវ​លះ​ចោល​សិទ្ធិ​សេរី​ភាព​របស់​គេ​នោះ​ទេ។ ពាក្យ​ជា​ភាសា​ក្រិក​ដែល​ត្រូវ​បក​ប្រែ​ជា‹កាន់​កាប់›នៅ​កូល៉ុស ៣:១៥ គឺ​ជាប់​ទាក់​ទង​នឹង​ពាក្យ​ដែល​មាន​ន័យ​ថា​អាជ្ញា​កណ្ដាល​ក្នុង​កីឡា ដែល​ជូន​រង្វាន់​គេ​ក្នុង​ការ​ប្រកួត​នៅ​សម័យ​នោះ។ អ្នក​ប្រកួត​មាន​សេរី​ភាព​មួយ​កំរិត​ដែល​ត្រូវ​កំណត់​ដោយ​វិន័យ​កីឡា​នោះ ក៏​ប៉ុន្តែ នៅ​ទី​បំផុត អាជ្ញា​កណ្ដាល​ជា​អ្នក​សម្រេច​ថា​អ្នក​ណា​ឈ្នះ​ការ​ប្រកួត​ដោយ​តាម​វិន័យ​នោះ។ ស្រដៀង​គ្នា​ដែរ យើង​មាន​សេរី​ភាព​ធ្វើ​ការ​សម្រេច​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ជីវិត​យើង តែ​ពេល​យើង​ធ្វើ​អ៊ីចឹង សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ គួរ​ធ្វើ​ជា«អាជ្ញា​កណ្ដាល»ឬ​ក៏​យោង​ទៅ​តាម​ការ​បក​ប្រែ​របស់​លោក អេដកឺ ចេរ កូដស្ពីឌ នេះ​ជា«ឥទ្ធិពល​ចំបង»ក្នុង​ចិត្ត​របស់​យើង​ជា​និច្ច។

៣. តើ‹សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ›គឺ​ជា​អ្វី​ទៅ?

តើ‹សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ›គឺ​ជា​អ្វី? នោះ​គឺ​ជា​ចិត្ត​ស្ងប់ អារម្មណ៍​ធូរ​ស្រាល​ដែល​យើង​ទទួល​ពេល​យើង​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ និង​រៀន​ដឹង​ថា ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រ​របស់​ទ្រង់​ស្រឡាញ់ ថែម​ទាំង​ពេញ​ព្រះ​ហឫទ័យ​នឹង​យើង។ ពេល​ព្រះ​យេស៊ូ​រៀប​នឹង​ចាក​ចេញ​ពី​ពួក​សិស្ស​របស់​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា . . . កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ»។ (យ៉ូហាន ១៤:២៧) សមាជិក​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​ស្មោះ​ត្រង់​នោះ បាន​មាន​សេចក្ដី​សុខ​សាន្ត​នេះ​អស់​២.០០០​ឆ្នាំ​មក​ហើយ និង​សព្វ​ថ្ងៃ​នេះ«ចៀម​ឯ​ទៀត»ដែល​ជា​ពួក​សហការី​របស់​គេ ក៏​មាន​សេចក្ដី​សុខ​សាន្ត​នោះ​ដែរ។ (យ៉ូហាន ១០:១៦) សេចក្ដី​សុខ​សាន្ត​នោះ​គួរ​ជា​ឥទ្ធិពល​មួយ​ដែល​កាន់​កាប់​ក្នុង​ចិត្ត​របស់​ពួក​គេ។ ពេល​យើង​កំពុង​តែ​ឆ្លង​កាត់​ការ​ល្បង​ធ្ងន់​ធ្ងរ សេចក្ដី​សុខ​សាន្ត​នោះ​អាច​បង្ការ​យើង​ពី​ការ​មាន​ចិត្ត​ភ័យ​តក់​ស្លុត ឬ​ក៏​ការ​ថប់​ព្រួយ​ខ្លាំង​ហួស​ហេតុ។ សូម​ឲ្យ​យើង​មើល​របៀប​ដែល​នេះ​អាច​ជួយ​បាន ពេល​ដែល​យើង​ប្រឈម​មុខ​ភាព​អយុត្ដិធម៌ ពេល​មាន​កង្វល់ និង​ពេល​យើង​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​តម្លៃ។

ពេល​យើង​ប្រឈម​នឹង​ភាព​អយុត្ដិធម៌

៤. (ក) តើ​ដូច​ម្ដេច​ដែល​ព្រះ​យេស៊ូ​បាន​ពិសោធន៍​ភាព​អយុត្ដិធម៌? (ខ) តើ​គ្រីស្ទាន​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា ពេល​ដែល​គេ​រង​គ្រោះ​ដោយ​ភាព​អយុត្ដិធម៌?

ស្តេច​សាឡូម៉ូន​សង្កេត​ឃើញ​ថា៖ «មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា»។ (សាស្ដា ៨:៩) ព្រះ​យេស៊ូ​បាន​ជ្រាប​ដឹង​ថា​បន្ទូល​ទាំង​នោះ​គឺ​ពិត​មែន។ នៅ​ពេល​ព្រះ​យេស៊ូ​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ទត​ឃើញ​ភាព​អយុត្ដិធម៌​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​មនុស្ស​បាន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​គ្នី​គ្នា។ ពេល​ទ្រង់​គង់​លើ​ផែនដី ទ្រង់​បាន​រង​ទ្រាំ​នឹង​ភាព​អយុត្ដិធម៌​ខ្លាំង​បំផុត​កាល​នៅ​ជា​បុរស​ដែល​គ្មាន​បាប ទ្រង់​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ប្រមាថ​ដល់​ព្រះ និង​ត្រូវ​កាត់​ទោស​ឲ្យ​ស្លាប់​ជា​ឧក្រិដ្ឋជន​ម្នាក់។ (ម៉ាថាយ ២៦:៦៣​-​៦៦; ម៉ាកុស ១៥:២៧) បច្ចុប្បន្ន​នេះ ភាព​អយុត្ដិធម៌​កំពុង​រាល​ដាល​ដដែល និង​គ្រីស្ទាន​ពិត​បាន​រង​ទុក្ខ​ច្រើន​ក្រៃ​លែង​ជា​អ្នក​ដែល«គ្រប់​ទាំង​សាសន៍​នឹង​ស្អប់»។ (ម៉ាថាយ ២៤:៩) ក៏​ប៉ុន្តែ ទោះ​ជា​គ្រីស្ទាន​ពិត​បាន​ពិសោធន៍​នូវ​អ្វី​ដ៏​គួរ​ឲ្យ​រន្ធត់​ក្នុង​ជំរំ​ប្រហារ​ជីវិត​របស់​ពួក​ណាត្ស៊ី​និង​ជំរំ​នៅ​ពន្ធនាគារ​របស់​ពួក​សូវៀត​យ៉ាង​ណា​ក្ដី ហើយ​ទោះ​បី​គេ​បាន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ពី​ហ្វូង​មនុស្ស​ដ៏​ឃោរ​ឃៅ ការ​ចោទ​ប្រកាន់​មិន​ពិត និង​ការ​មួល​បង្កាច់​ក៏​ដោយ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​បាន​ជួយ​គេ​ឈរ​មាំ​មួន។ ពួក​គេ​បាន​យក​តម្រាប់​តាម​ព្រះ​យេស៊ូ ដែល​ត្រូវ​ពណ៌នា​ថា៖ «កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក​កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ​ជំរះ​ដោយ​សុចរិត​វិញ»។—ពេត្រុស​ទី​១ ២:២៣

៥. តើ​យើង​គួរ​គិត​ពិចារណា​ពី​អ្វី ពេល​យើង​ឮ​អំពី​រឿង​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ?

បើ​សិន​ជា​យើង​គិត​អំពី​កំរិត​តូច​វិញ យើង​ប្រហែល​ជា​ជឿ​ថា មនុស្ស​ម្នាក់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​បាន​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ទៅ​លើ​គាត់។ ក្នុង​ករណី​នេះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ជា​ប៉ុល​ដែរ ពេល​គាត់​និយាយ​ថា៖ «តើ​អ្នក​ឯ​ណា​អាក់​អន់​ចិត្ត? ហើយ​ខ្ញុំ​មិន​ឈឺឆ្អាល​ផង»។ (កូរិនថូស​ទី​២ ១១:២៩) តើ​យើង​អាច​ធ្វើ​អ្វី​ទៅ? យើង​ត្រូវ​សួរ​ខ្លួន​យើង​ថា៖ ‹តើ​នោះ​ពិត​ជា​អយុត្ដិធម៌​ឬ?›។ ធម្មតា យើង​មិន​យល់​ដឹង​ពី​ហេតុ​ការណ៍​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នោះ​ឡើយ។ យើង​ប្រហែល​ជា​កំពុង​តែ​ក្ដៅ​ចិត្ត ក្រោយ​ពី​មនុស្ស​ម្នាក់​ដែល​អះអាង​ថា គេ​ដឹង​ពី​ហេតុ​ការណ៍​ពិត​ប្រាកដ​នោះ។ គឺ​សម​គួរ​មែន​ដែល​ព្រះ​គម្ពីរ​ចែង​ថា៖ «មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់»។ (សុភាសិត ១៤:១៥) ដូច្នេះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន។

៦. តើ​យើង​អាច​ប្រព្រឹត្ត​តប​យ៉ាង​ណា ពេល​ដែល​យើង​គិត​ថា​មាន​រឿង​អយុត្ដិធម៌​ក្នុង​ក្រុម​ជំនុំ?

ក៏​ប៉ុន្តែ ឧបមា​ថា យើង​បាន​រង​ទ្រាំ​នូវ​ភាព​អយុត្ដិធម៌។ តើ​មនុស្ស​ម្នាក់​ដែល​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​ក្នុង​ចិត្ត​របស់​គេ នឹង​ប្រព្រឹត្ត​តប​យ៉ាង​ណា? យើង​ប្រហែល​ជា​ត្រូវ​និយាយ​ជា​មួយ​អ្នក​ដែល​យើង​គិត​ថា​បាន​ធ្វើ​បាប​យើង។ ក្រោយ​នោះ តាម​រយៈ​សេចក្ដី​អធិស្ឋាន យើង​គួរ​ទុក​រឿង​នោះ​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​និង​ទុក​ចិត្ត​ថា ទ្រង់​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​យុត្ដិធម៌​វិញ ជា​ជាង​ដើរ​ប្រាប់​ដល់​អ្នក​ណា​ដែល​ចង់​ស្ដាប់។ (ទំនុកដំកើង ៩:១០; សុភាសិត ៣:៥) ដោយ​ធ្វើ​អ៊ីចឹង យើង​ទំនង​ជា​នឹង​សុខ​ចិត្ត​ដោះ​ស្រាយ​រឿង​នោះ​ក្នុង​ចិត្ត​របស់​យើង និង«នៅ​ស្ងៀម»វិញ។ (ទំនុកដំកើង ៤:៤) ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ប៉ុល​ដែល​ថា៖ «ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ! ដូច​ជា​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។—កូល៉ុស ៣:១៣

៧. តើ​យើង​គួរ​ចាំ​អ្វី​ស្តី​ពី​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​បង​ប្អូន​នោះ?

ក៏​ប៉ុន្តែ ទោះ​ជា​យើង​ធ្វើ​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ចាំ​ថា ថ្វី​បើ​អ្វី​ដែល​បាន​កើត​ឡើង​មិន​ស្រេច​នឹង​យើង​ក៏​ដោយ របៀប​ដែល​យើង​ប្រព្រឹត្ត​ពិត​ជា​ស្រេច​នឹង​យើង​មែន។ បើ​សិន​ជា​យើង​មាន​ប្រតិកម្ម​ដោយ​គ្មាន​តុល្យភាព​ចំពោះ​អ្វី​ដែល​យើង​ចាត់​ទុក​ជា​អយុត្ដិធម៌ ប្រតិកម្ម​របស់​យើង​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សេចក្ដី​សុខ​សាន្ត​របស់​យើង ច្រើន​ជាង​រឿង​អយុត្ដិធម៌​នោះ​ទៀត។ (សុភាសិត ១៨:១៤) យើង​ប្រហែល​ជា​អាច​រហូត​ដល់​ឈប់​រួប​រួម​ជា​មួយ​ក្រុម​ជំនុំ​ទាល់​តែ​យើង​គិត​ថា រឿង​នោះ​បាន​ត្រូវ​ដោះ​ស្រាយ​សម​ស្រប​តាម​យុត្ដិធម៌​វិញ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា ចំណែក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា«គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ»។ (ទំនុកដំកើង ១១៩:១៦៥) តាម​ពិត​ទៅ មនុស្ស​ទាំង​អស់​គ្នា​ពិសោធន៍​ភាព​អយុត្ដិធម៌​ម្ដង​ម្កាល។ ចូរ​កុំបី​ឲ្យ​រឿង​អភ័ព្វ​បែប​នេះ​មក​រំខាន​ដល់​អ្នក​ពី​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​កាន់​កាប់​លើ​ចិត្ត​របស់​អ្នក។

នៅ​ពេល​យើង​មាន​កង្វល់

៨. តើ​កង្វល់​អាច​កើត​ចេញ​ពី​អ្វី​ខ្លះ? ហើយ​តើ​កង្វល់​អាច​មាន​លទ្ធផល​អ្វី?

ការ​ខ្វល់​ខ្វាយ​ពិត​ជា​ផ្នែក​មួយ​នៃ​ជីវិត​ក្នុង«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»នេះ។ (ធីម៉ូថេ​ទី​២ ៣:១) ពិត​មែន ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប​កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ»។ (លូកា ១២:២២) ក៏​ប៉ុន្តែ កង្វល់​អាច​មក​ពី​រឿង​ផ្សេង​ក្រៅ​ពី​ការ​ខ្វល់​ខ្វាយ​អំពី​វត្ថុ​ទ្រព្យ។ លោក​ឡុត«មាន​ចិត្ត​ព្រួយ​លំបាក»ដោយ​ព្រោះ​អំពើ​ខូច​អាក្រក់​នៅ​ទី​ក្រុង​សូដុំម។ (ពេត្រុស​ទី​២ ២:៧) ប៉ុល​ក៏​បាន​ពិសោធន៍«សេចក្ដី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន»។ (កូរិនថូស​ទី​២ ១១:២៨) នៅ​វេលា​យប់​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត​នោះ ទ្រង់​បាន​កើត​ទុក្ខ​ខ្លាំង​ដល់​ម្ល៉េះ​ដែល«ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំ​ៗ​ស្រក់​ទៅ​ដី»។ (លូកា ២២:៤៤) ជាក់​ស្តែង​ហើយ មិន​មែន​កង្វល់​ទាំង​អស់​បង្ហាញ​ថា ខ្លួន​យើង​មាន​ជំនឿ​ខ្សោយ​នោះ​ទេ។ ក៏​ប៉ុន្តែ ទោះ​ជា​កង្វល់​កើត​មក​ពី​ហេតុ​ណា​ក៏​ដោយ បើ​សិន​ជា​យើង​មាន​កង្វល់​នោះ​យូរ​ៗ​ទៅ វា​អាច​បំផ្លាញ​នូវ​សេចក្ដី​សុខ​សាន្ត​របស់​យើង។ អ្នក​ខ្លះ​លិច​លង់​ខ្លួន​ក្នុង​កង្វល់​នេះ​រហូត​ដល់​គេ​គិត​ស្មានថា ខ្លួន​គេ​គ្មាន​សមត្ថភាព​បន្ត​បំពេញ​ភារកិច្ច​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​បាន​ទេ។ ព្រះ​គម្ពីរ​ចែង​ថា៖ «ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ»។ (សុភាសិត ១២:២៥) អ៊ីចឹង តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​វិញ បើ​សិន​ជា​យើង​កំពុង​តែ​ឈឺ​ចាប់​ដោយ​សារ​កង្វល់​នោះ?

៩. តើ​យើង​អាច​ចាត់​វិធានការ​អ្វី​ខ្លះ​ដើម្បី​ជួយ​សម្រាល​នូវ​កង្វល់​នោះ? តែ​តើ​អ្វី​ខ្លះ​នាំ​ឲ្យ​មាន​កង្វល់​ដែល​យើង​ដោះ​ស្រាយ​មិន​បាន?

ក្នុង​ករណី​ខ្លះ យើង​ប្រហែល​ជា​អាច​ចាត់​វិធានការ​សម​ហេតុ​ផល​ខ្លះ​ៗ​បាន។ បើ​សិន​ជា​បញ្ហា​សុខភាព​ជា​ដើម​ហេតុ​នៃ​កង្វល់​របស់​យើង នោះ​យើង​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា បើ​សិន​យើង​យក​ចិត្ត​ទុក​ដាក់​រឿង​នោះ ក៏​ប៉ុន្តែ នោះ​ជា​រឿង​ផ្ទាល់​ខ្លួន។ a (ម៉ាថាយ ៩:១២) បើ​សិន​ជា​យើង​មាន​ភារកិច្ច​ច្រើន​ពេក យើង​ប្រហែល​ជា​អាច​ផ្ទេរ​ភារកិច្ច​ខ្លះ​ដល់​អ្នក​ផ្សេង​ទៀត។ (និក្ខមនំ ១៨:១៣​-​២៣) ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អ្នក​ដែល​មាន​ភារកិច្ច​ដែល​គេ​ផ្ទេរ​មិន​បាន ដូច​ជា​មាតា​បិតា​អ៊ីចឹង? ចុះ​យ៉ាង​ណា​វិញ​ចំពោះ​គ្រីស្ទាន​ម្នាក់​ដែល​មាន​ស្វាមី​ឬ​ភរិយា​ដែល​ប្រឆាំង​គាត់? ចុះ​យ៉ាង​ណា​វិញ បើ​សិន​ជា​ក្រុម​គ្រួសារ​មួយ​កំពុង​តែ​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ខាង​លុយ​កាក់ ឬ​ក៏​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​សង្គ្រាម​នោះ? គឺ​ច្បាស់​ហើយ​ដែល​ថា ក្នុង​លោកីយ៍​នេះ យើង​មិន​អាច​បំបាត់​ចោល​នូវ​រឿង​ទាំង​អស់​ដែល​នាំ​ឲ្យ​មាន​កង្វល់​នោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ យើង​អាច​រក្សា​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​ក្នុង​ចិត្ត​របស់​យើង។ តើ​យើង​ធ្វើ​អ៊ីចឹង​យ៉ាង​ដូច​ម្ដេច?

១០. តើ​គ្រីស្ទាន​ម្នាក់​អាច​ខិត​ខំ​រំលែក​ទុក្ខ​របស់​ខ្លួន​តាម​របៀប​ពីរ​ណា?

១០ វិធី​មួយ​គឺ​ដោយ​ស្វែង​រក​ការ​សម្រាល​ទុក្ខ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ ស្តេច​ដាវីឌ​បាន​សរសេរ​ថា៖ «គ្រា​ដែល​ទូល​បង្គំ​មាន​គំនិត​សាន់វ័ណ្ឌ​ក្នុង​ចិត្ត​ជា​ច្រើន នោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីករាយ​ដល់​ព្រលឹង​ទូល​បង្គំ​វិញ»។ (ទំនុកដំកើង ៩៤:១៩) «សេចក្ដី​កំសាន្ត​ចិត្ត»របស់​ព្រះ​យេហូវ៉ា​អាច​រក​ឃើញ​ក្នុង​ព្រះ​គម្ពីរ។ ការ​អាន​ជា​ទៀង​ទាត់​នូវ​សៀវភៅ​នោះ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ នឹង​ជួយ​យើង​រក្សា​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​ក្នុង​ចិត្ត​របស់​យើង។ ព្រះ​គម្ពីរ​ចែង​ថា៖ «ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ»។ (ទំនុកដំកើង ៥៥:២២) ស្រដៀង​គ្នា​ដែរ ប៉ុល​បាន​សរសេរ​ថា៖ «កុំ​ឲ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង យ៉ាង​នោះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការ​ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។ (ភីលីព ៤:៦, ៧) បើ​សិន​ជា​យើង​អធិស្ឋាន​ជា​ទៀង​ទាត់​និង​អស់​ពី​ដួង​ចិត្ត នោះ​នឹង​ជួយ​យើង​រក្សា​សេចក្ដី​សុខ​សាន្ត​របស់​យើង។

១១. (ក) តើ​ដូច​ម្ដេច​ដែល​ព្រះ​យេស៊ូ​បាន​ជា​គំរូ​ដ៏​ល្អ​ក្នុង​រឿង​អធិស្ឋាន? (ខ) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សេចក្ដី​អធិស្ឋាន?

១១ ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​ប្រសើរ​ក្នុង​រឿង​នេះ។ នៅ​ពេល​មួយ ទ្រង់​បាន​អធិស្ឋាន​ទូល​ទៅ​ព្រះ​វរបិតា​របស់​ទ្រង់​អស់​ច្រើន​ម៉ោង​ក្នុង​មួយ​លើក​ៗ។ (ម៉ាថាយ ១៤:២៣; លូកា ៦:១២) សេចក្ដី​អធិស្ឋាន​បាន​ជួយ​ទ្រង់ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​ដ៏​អាក្រក់​បំផុត។ នៅ​វេលា​យប់​មុន​ព្រះ​យេស៊ូ​សោយ​ទិវង្គត ទុក្ខ​របស់​ទ្រង់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ តើ​ទ្រង់​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា? ទ្រង់​បាន​អធិស្ឋាន«ទទូច​រឹត​តែ​ខ្លាំង​ឡើង»។ (លូកា ២២:៤៤) ពិត​មែន​ហើយ ព្រះ​រាជបុត្រ​របស់​ព្រះ​គឺ​ជា​អ្នក​ឧស្សាហ៍​អធិស្ឋាន។ អ៊ីចឹង យើង​ដែល​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​គួរ​បង្កើត​ឲ្យ​មាន​ទម្លាប់​អធិស្ឋាន​ជាង​អម្បាលម៉ាន​ទៅ​ទៀត! ព្រះ​យេស៊ូ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​ត្រូវ​ឲ្យ«អធិស្ឋាន​ជា​និច្ច ឥត​រសាយ​ចិត្ត​ឡើយ»។ (លូកា ១៨:១) សេចក្ដី​អធិស្ឋាន​គឺ​ជា​វិធី​ទាក់​ទង​ដ៏​ពិត​ប្រាកដ​និង​ដ៏​សំខាន់​ជា​មួយ​នឹង​ព្រះ​មួយ​អង្គ ដែល​ស្គាល់​យើង​ច្បាស់​ជាង​យើង​ស្គាល់​ខ្លួន​យើង​ទៅ​ទៀត។ (ទំនុកដំកើង ១០៣:១៤) បើ​សិន​ជា​យើង​នឹង​រក្សា​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​ក្នុង​ចិត្ត​របស់​យើង នោះ​យើង​នឹង«អធិស្ឋាន​ឥត​ឈប់​ឈរ»។—ថែស្សាឡូនីច​ទី​១ ៥:១៧

ការ​ឈ្នះ​លើ​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព

១២. តើ​មាន​ហេតុ​ណា​ខ្លះ​ដែល​បង​ប្អូន​ខ្លះ​គិត​ថា​កិច្ច​បំរើ​របស់​គេ​គឺ​មិន​ល្អ​សព្វ​គ្រប់​ទេ?

១២ ព្រះ​យេហូវ៉ា​ចាត់​ទុក​មនុស្ស​ម្នាក់​ៗ​ដែល​បំរើ​ទ្រង់​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ណាស់។ (ហាកាយ ២:៧) យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​ពិបាក​ជឿ​ថា​នោះ​គឺ​ពិត​មែន។ អ្នក​ខ្លះ​ប្រហែល​ជា​បាក់​ទឹក​ចិត្ត​ដោយ​ព្រោះ​គេ​មាន​អាយុ​ច្រើន​ហើយ ដោយ​ព្រោះ​មាន​កាតព្វកិច្ច​កាន់​តែ​ច្រើន​ក្នុង​ក្រុម​គ្រួសារ ឬ​ក៏​ដោយ​សារ​គេ​មាន​សុខភាព​ខ្សោយ។ អ្នក​ឯ​ទៀត​ប្រហែល​ជា​គិត​ថា​គេ​ខ្វះ​ខាត​នូវ​សមត្ថភាព ពីព្រោះ​គេ​បាន​ពិសោធន៍​អ្វី​ដ៏​អាក្រក់​ៗ​ក្នុង​កុមារភាព។ អ្នក​ផ្សេង​វិញ​ទៀត ប្រហែល​ជា​កើត​ទុក្ខ​ដោយ​សារ​កំហុស​របស់​គេ​ពី​មុន​ៗ​មក ហើយ​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អាច​អត់​ឱន​ទោស​ចំពោះ​គេ​ទេ។ (ទំនុកដំកើង ៥១:៣) តើ​យើង​អាច​ឈ្នះ​លើ​អារម្មណ៍​បែប​នេះ​យ៉ាង​ណា​បាន?

១៣. តើ​បទ​គម្ពីរ​មាន​ការ​សម្រាល​ទុក្ខ​អ្វី​សំរាប់​អស់​អ្នក​ដែល​គិត​ថា​ខ្លួន​ខ្វះ​ខាត​សមត្ថភាព?

១៣ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​នឹង​ធានា​ឲ្យ​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។ យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​នោះ​ឡើង​វិញ ដោយ​រំពឹង​គិត​អំពី​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា តម្លៃ​របស់​យើង​មិន​ត្រូវ​កំណត់​ដោយ​ប្រៀប​ធៀប​អ្វី ដែល​យើង​អាច​ធ្វើ​ទៅ​នឹង​អ្វី​ដែល​អ្នក​ឯ​ទៀត​អាច​ធ្វើ​នោះ​ទេ។ (ម៉ាថាយ ២៥:១៤, ១៥; ម៉ាកុស ១២:៤១​-​៤៤) អ្វី​ដែល​ទ្រង់​បាន​ដាក់​ទម្ងន់​ទៅ​លើ​គឺ​ជា​ភាព​ស្មោះ​ត្រង់​វិញ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា៖ «អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​បាន​ត្រូវ​មនុស្ស«មើល​ងាយ» តែ​ទ្រង់​មិន​បាន​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​ទ្រង់​ឡើយ។ (អេសាយ ៥៣:៣; យ៉ូហាន ១០:១៧) ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ប្រាប់​ដល់​សិស្ស​ទ្រង់​ថា ព្រះ​ក៏​ស្រឡាញ់​ពួក​គេ​ដែរ។ (យ៉ូហាន ១៤:២១) ដើម្បី​លើក​បញ្ជាក់​ចំណុច​នេះ ព្រះ​យេស៊ូមាន​បន្ទូល​ថា៖ «តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន»។ (ម៉ាថាយ ១០:២៩​-​៣១) នេះ​ជា​ការ​ធានា​ដ៏​កក់​ក្ដៅ​ណាស់​ហ្ន៎! នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។

១៤. តើ​មាន​ការ​ធានា​អ្វី​ដែល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ចាត់​ទុក​យើង​ម្នាក់​ៗ​មាន​តម្លៃ?

១៤ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ថា៖ «គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៤) ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ទាញ​យើង​ឲ្យ​មក​កាន់​តាម​ព្រះ​យេស៊ូ នេះ​មាន​ន័យ​ថា​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​យើង​ទទួល​សេចក្ដី​សង្គ្រោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា៖ «ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ ឲ្យ​កូន​តូច​ណា​មួយ​នេះ ត្រូវ​វិនាស»ឡើយ។ (ម៉ាថាយ ១៨:១៤) ដូច្នេះ បើ​សិន​ជា​អ្នក​កំពុង​តែ​បំរើ​យ៉ាង​អស់​ពី​ចិត្ត អ្នក​អាច​មាន​អំណរ​ដោយ​សារ​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​អ្នក។ (កាឡាទី ៦:៤) បើ​សិន​ជា​អ្នក​កើត​ទុក្ខ​ដោយ​សារ​កំហុស​របស់​អ្នក​ពី​មុន​មក អ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ«ជា​បរិបូរ»។ (អេសាយ ៤៣:២៥; ៥៥:៧) បើ​សិន​ជា​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​ហេតុ​ណា​ផ្សេង​ទៀត​នោះ ចូរ​នឹក​ចាំ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប»។—ទំនុកដំកើង ៣៤:១៨

១៥. (ក) តើ​សាតាំង​ខិត​ខំ​បំផ្លាញ​សេចក្ដី​សុខ​សាន្ត​របស់​យើង​តាម​របៀប​ណា? (ខ) តើ​យើង​អាច​មាន​ទំនុក​ចិត្ត​អ្វី​ទៅ​លើ​ព្រះ​យេហូវ៉ា?

១៥ សាតាំង​មាន​ចំណង់​យ៉ាង​ខ្លាំង ដើម្បី​បំផ្លាញ​នូវ​សេចក្ដី​សុខ​សាន្ត​របស់​អ្នក។ វា​គឺ​ជា​អ្នក​ផ្ដើម​ធ្វើ​បាប​ដែល​ឆ្លង​មក​ដល់​យើង​ទាំង​អស់​គ្នា និង​ដែល​យើង​កំពុង​តែ​ខំ​ប្រឹង​ទប់​ទល់​ទាំង​លំបាក​នោះ។ (រ៉ូម ៧:២១​-​២៤) វា​ប្រាកដ​ជា​ចង់​ឲ្យ​អ្នក​គិត​ថា ភាព​ឥត​គ្រប់ល័ក្ខណ៍​របស់​អ្នក​ធ្វើ​ឲ្យ​កិច្ច​បំរើ​របស់​អ្នក​ជា​អ្វី​ដែល​មិន​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​ទេ។ កុំ​ឲ្យ​អារក្ស​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ! ចូរ​ប្រុង​ប្រយ័ត្ន​នឹង​កលល្បិច​របស់​វា និង​ឲ្យ​ការ​យល់​ដឹង​នោះ​ជួយ​អ្នក​តាំង​ចិត្ត​ស៊ូ​ទ្រាំ។ (កូរិនថូស​ទី​២ ២:១១; អេភេសូរ ៦:១១​-​១៣) ចូរ​ចាំ​ថា«ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង»។ (យ៉ូហាន​ទី​១ ៣:២០) ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ទត​ឃើញ​កំហុស​របស់​យើង​ទេ។ ទ្រង់​ក៏​ជ្រាប​ពី​បំណង​ចិត្ត​យើង​ដែរ។ ហេតុ​នេះ គឺ​ជា​ការ​សំរាល​ទុក្ខ ដោយ​គិត​ពី​ពាក្យ​របស់​អ្នក​តែង​ទំនុកដំកើង​ដែល​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយ ក៏​មិន​លះ​បង់​មរដក​ទ្រង់​ដែរ»។—ទំនុកដំកើង ៩៤:១៤

សាមគ្គីភាព​ក្នុង​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ

១៦. តើ​ក្នុង​ន័យ​អ្វី​ដែល​យើង​មិន​នៅ​តែ​ឯង​ទេ ពេល​យើង​ខិត​ខំ​ស៊ូ​ទ្រាំ​នោះ?

១៦ ប៉ុល​បាន​សរសេរ​ថា យើង​គួរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​កាន់​កាប់​ទៅ​លើ​ចិត្ត​របស់​យើង ពីព្រោះ​យើង​ត្រូវ‹ហៅ​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប​កាយ​តែ​១›។ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​ប៉ុល​បាន​សរសេរ​ទៅ​កាន់​នោះ ត្រូវ​ហៅ​ឲ្យ​មក​ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ​ដូច​ជា​អ្នក​សំណល់​ចាក់​ប្រេង​តាំង​សព្វ​ថ្ងៃ​នេះ។ ពួក​សហការី​របស់​គេ ដែល​ជា«ចៀម​ឯ​ទៀត»ក៏​មាន​សាមគ្គីភាព​ជា​មួយ​នឹង​គេ ជា«ហ្វូង​តែ​១»នៅ​ក្រោម«អ្នក​គង្វាល»តែ​មួយ ដែល​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។ (យ៉ូហាន ១០:១៦) ដោយ​ធ្វើ​ការ​ជា​មួយ​គ្នា រាប់​លាន​នាក់​ទូទាំង​ពិភព​លោក​ដែល​ជា«ហ្វូង»តែ​មួយ កំពុង​តែ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​កាន់​កាប់​ទៅ​លើ​ចិត្ត​របស់​គេ។ ដោយ​ព្រោះ​យើង​ដឹង​ថា យើង​មិន​នៅ​តែ​ឯង​ទេ នោះ​ជា​ជំនួយ​ដែល​ជួយ​យើង​ស៊ូ​ទ្រាំ។ ពេត្រុស​បាន​សរសេរ​ថា៖ «ចូរ​ត​ស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំ​មួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ»។—ពេត្រុស​ទី​១ ៥:៩

១៧. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ កាន់​កាប់​ទៅ​លើ​ចិត្ត​របស់​យើង?

១៧ ដូច្នេះ ចូរ​ឲ្យ​យើង​បន្ត​បណ្ដុះ​បណ្ដាល​សេចក្ដី​សុខ​សាន្ត ដែល​ជា​ផល​ផ្លែ​សំខាន់​មួយ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ (កាឡាទី ៥:២២, ២៣) អ្នក​ដែល​ព្រះ​យេហូវ៉ា​ទត​ឃើញ​ថា​ឥត​សៅហ្មង មិន​ស្មោក​គ្រោក និង​មាន​សេចក្ដី​សុខ​សាន្ត នឹង​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច​ក្រោយ​មក​នៅ​លើ​ផែនដី​មនោរម្យ ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សុចរិត។ (ពេត្រុស​ទី​២ ៣:១៣, ១៤) យើង​មាន​ហេតុ​ជា​ច្រើន​ដែល​គួរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​កាន់​កាប់​ទៅ​លើ​ចិត្ត​របស់​យើង។

[កំណត់​សម្គាល់]

a ក្នុង​ករណី​ខ្លះ កង្វល់​អាច​ត្រូវ​បង្កើត​ឬ​ក៏​បង្កើន​ដោយ​បញ្ហា​សុខភាព ដូច​ជា​ជម្ងឺ​ខាង​ផ្លូវ​ចិត្ត​ហៅ​ថា ការ​បាក់​ទឹក​ចិត្ត។

តើ​អ្នក​ចាំ​ទេ?

តើ​អ្វី​ជា​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ?

តើ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​អាច​កាន់​កាប់​ទៅ​លើ​ចិត្ត​យើង​យ៉ាង​ណា ពេល​យើង​ប្រឈម​នឹង​ភាព​អយុត្ដិធម៌?

តើ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ ជួយ​យើង ដោះ​ស្រាយ​កង្វល់​របស់​យើង​ដូច​ម្ដេច?

តើ​ដូច​ម្ដេច​ដែល​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​គ្រីស្ទ​ជួយ​សម្រាល​ទុក្ខ​យើង ពេល​យើង​គិត​ថា​ខ្លួន​គ្មាន​តម្លៃ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៥]

ព្រះ​យេស៊ូ​បាន​ពឹង​ពាក់​លើ ព្រះ​យេហូវ៉ា​ពី​មុខ​អ្នក​ដែល​ចោទ​ប្រកាន់​ទ្រង់

[រូប​ភាព​នៅ​ទំព័រ​១៦]

ដូច​ជា​បិតា​ម្នាក់​ដែល​ឱប​កូន​យ៉ាង​កក់​ក្ដៅ​នោះ ការ​សម្រាល​ទុក្ខ​របស់​ព្រះ​យេហូវ៉ា​អាច​រំលែក​ទុក្ខ​របស់​យើង​ដែរ