លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលអ្នកអាចធ្វើការសម្រេចចិត្តដ៏ល្អ

របៀបដែលអ្នកអាចធ្វើការសម្រេចចិត្តដ៏ល្អ

របៀប​ដែល​អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ

ចិត្ត​សេរី​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ។ បើ​សិន​ជា​គ្មាន​ចិត្ត​សេរី​នោះ​ទេ យើង​គឺ​មិន​ខុស​ពី​មនុស្ស​យន្ត ដែល​គ្មាន​សមត្ថភាព​កាន់​កាប់​ទៅ​លើ​សកម្មភាព​របស់​ខ្លួន​ឡើយ។ ក៏​ប៉ុន្តែ ដោយ​ព្រោះ​យើង​មាន​ចិត្ត​សេរី យើង​ក៏​មាន​បញ្ហា​ខ្លះ​ៗ​ដែរ។ ដោយ​សារ​យើង​មាន​ចិត្ត​សេរី នោះ​យើង​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​ក្នុង​ជីវិត​យើង។

ការ​សម្រេច​ចិត្ត​ខ្លះ​គឺ​ជា​រឿង​តូច​តាច​ពិត​មែន។ ក៏​ប៉ុន្តែ ការ​សម្រេច​ចិត្ត​ឯ​ទៀត ដូច​ជា​ថា​តើ​យើង​នឹង​ប្រកប​អាជីព​អ្វី ឬ​ក៏​ថា​តើ​យើង​នឹង​រៀប​ការ​ឬ​ក៏​អត់ អាច​មាន​ផល​ប៉ះ​ពាល់​រហូត​ដល់​អនាគត​របស់​យើង​ដែរ។ ហើយ​ក៏​មាន​ការ​សម្រេច​ចិត្ត​ផ្សេង​ទៀត​ដែល​ប៉ះ​ពាល់​ដល់​អ្នក​ឯ​ទៀត។ ការ​សម្រេច​ចិត្ត​ខ្លះ​របស់​មាតា​បិតា​អាច​មាន​អានុភាព​ខ្លាំង​ទៅ​លើ​កូន​របស់​ខ្លួន​ដែរ។ ម្យ៉ាង​ទៀត ព្រះ​និង​វិនិច្ឆ័យ​យើង​ចំពោះ​ការ​សម្រេច​ចិត្ត​ខ្លះ​ដែល​យើង​ធ្វើ។—រ៉ូម ១៤:១២

ជំនួយ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់

ប្រវត្ដិសាស្ត្រ​មនុស្ស​បង្ហាញ​ថា មនុស្ស​មិន​សូវ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​សម្រេច​ចិត្ត​មួយ​មុន​គេ​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​មនុស្សជាតិ​បាន​ធ្វើ​នោះ បាន​នាំ​ទៅ​ដល់​អន្តរាយ។ អេវ៉ា​បាន​សម្រេច​ចិត្ត​បរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​បាន​ហាម​ឃាត់​យ៉ាង​ដាច់​ខាត។ ការ​សម្រេច​ចិត្ត​របស់​នាង​ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​សួន​តួ​បាន​នាំ​ឲ្យ​ស្វាមី​របស់​នាង​ចូល​រួម​ជា​មួយ​នាង និង​មិន​ស្ដាប់​បង្គាប់​ព្រះ ហើយ​ជា​លទ្ធផល​នោះ មនុស្សជាតិ​បាន​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ក្នុង​ករណី​ជា​ច្រើន មនុស្ស​នៅ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​សួន​តួ​ដដែល ជា​ជាង​ទៅ​លើ​គោល​ការណ៍​ត្រឹម​ត្រូវ​វិញ។ (លោកុប្បត្តិ ៣:៦​-​១៩; យេរេមា ១៧:៩) ហើយ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​សំខាន់​ៗ នោះ​យើង​ច្រើន​តែ​យល់​ដឹង​ថា​ចំណេះ​យើង​មាន​កំរិត។

ម្ល៉ោះ​ហើយ​បាន​ជា យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​មនុស្ស​ជា​ច្រើន​ស្វែង​រក​ជំនួយ ពេល​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ដោយ​ពឹង​ពាក់​ប្រភព​ផ្សេង​ៗ​ដ៏​ខ្ពង់​ខ្ពស់​ជាង​មនុស្ស។ ព្រះ​គម្ពីរ​មាន​កំណត់​ហេតុ​អំពី​ពេល​មួយ​ដែល​ស្តេច​នេប៊ូក្នេសា ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ពេល​ទ្រង់​ជាប់​ធ្វើ​យុទ្ធនាការ។ ទោះ​ជា​ទ្រង់​គឺ​ជា​ស្តេច​ក៏​ដោយ ទ្រង់​នៅ​តែ​គិត​ថា​ទ្រង់​ត្រូវ‹ប្រើ​របៀន​មន្តអាគម› ដើម្បី​សុំ​ឱវាទ​បុគ្គល​វិញ្ញាណ។ ដូច្នេះ កំណត់​ហេតុ​ចែង​ថា៖ «ក៏​អង្រួន​ព្រួញ សួរ​ដល់​រូប​ព្រះ ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម»។ (អេសេគាល ២១:២១) សព្វ​ថ្ងៃ​នេះ គឺ​ស្រដៀង​គ្នា​ដែរ មនុស្ស​ជា​ច្រើន​សុំ​ឱវាទ​ពី​គ្រូ​ទាយ ហោរា និង​តាម​វិធី​ផ្សេង​ទៀត​ដោយ​ខំ​ទាក់​ទង​នឹង​បុគ្គល​វិញ្ញាណ។ គួរ​ឲ្យ​សោក​ស្ដាយ​មែន! ដែល​ប្រភព​ទាំង​នេះ ចេះ​តែ​បោក​បញ្ឆោត​និង​នាំ​ឲ្យ​វង្វេង។—លេវីវិន័យ ១៩:៣១

មាន​បុគ្គល​មួយ​អង្គ​ដែល​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង និង​ដែល​ជួយ​មនុស្ស​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា​ទូទាំង​ប្រវត្ដិសាស្ត្រ។ បុគ្គល​នោះ​គឺ​ជា​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ នៅ​សម័យ​បុរាណ ព្រះ​បាន​ប្រទាន​យូរីម​និង​ធូមីម​ចំពោះ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​ទ្រង់។ យូរីម​និង​ធូមីម​ទំនង​ជា​ឆ្នោត​ពិសិដ្ឋ​ដែល​គេ​ត្រូវ​ផ្សង​ចាប់ ពេល​ជាតិ​គេ​ប្រឈម​មុខ​នឹង​កាលៈទេសៈ​សំខាន់​ៗ។ តាម​រយៈ​យូរីម​និង​ធូមីម ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​យ៉ាង​ចំ​ៗ​ចំពោះ​សំនួរ​ផ្សេង​ៗ ដែល​ជួយ​អ្នក​ចាស់​ទុំ​អ៊ីស្រាអែល​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​សម្រេច​របស់​គេ គឺ​សម​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ឬ​ក៏​អត់។—និក្ខមនំ ២៨:៣០; លេវីវិន័យ ៨:៨; ជន​គណនា ២៧:២១

សូម​ពិចារណា​ឧទាហរណ៍​មួយ​ទៀត ពេល​គេឌាន​ត្រូវ​ហៅ​ឲ្យ​មក​ដឹក​នាំ​ទ័ព​អ៊ីស្រាអែល​ឲ្យ​ទៅ​ប្រយុទ្ធ​នឹង​សាសន៍​ម៉ាឌាន នោះ​គាត់​ត្រូវ​សម្រេចចិត្ត​ថា​តើ​គាត់​ចង់​ទទួល​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​នេះ​ឬ​ក៏​អត់។ គេឌាន​ចង់​មាន​ការ​ធានា​ថា ព្រះ​យេហូវ៉ា​នឹង​គាំទ្រ​គាត់ ដូច្នេះ​គាត់​សូម​សញ្ញា​មួយ​ដោយ​អព្ភូតហេតុ។ គាត់​អធិស្ឋាន​ឲ្យ​រោម​ចៀម​មួយ​ដែល​បាន​ទុក​ចោល​អស់​មួយ​យប់ ត្រូវ​ទទឹក​ដោយ​ទឹក​សន្សើម តែ​ដី​នៅ​ខាង​ក្រោម​វា​ត្រូវ​ស្ងួត​វិញ។ យប់​បន្ទាប់​មក គាត់​បាន​អធិស្ឋាន​សុំ​ឲ្យ​រោម​ចៀម​ស្ងួត តែ​ដី​នៅ​ជុំ​វិញ​វា​ត្រូវ​ទទឹក​វិញ។ ដោយ​សេចក្ដី​សប្បុរស ព្រះ​យេហូវ៉ា​បាន​ប្រទាន​សញ្ញា​ដែល​គេឌាន​បាន​សុំ​នោះ។ ជា​លទ្ធផល គេឌាន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ ហើយ​ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ គាត់​ក៏​ទទួល​បាន​ជ័យ​ជំនះ​ទាំង​ស្រុង​ពី​សត្រូវ​របស់​អ៊ីស្រាអែល។—ពួក​ចៅហ្វាយ ៦:៣៣​-​៤០; ៧:២១, ២២

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សព្វ​ថ្ងៃ​នេះ?

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​នៅ​តែ​ប្រទាន​ឲ្យ​ជំនួយ​ចំពោះ​អ្នក​បំរើ​របស់​ទ្រង់ ពេល​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់។ តើ​ទ្រង់​ធ្វើ​អ៊ីចឹង​យ៉ាង​ដូច​ម្ដេច? តើ​យើង​គួរ​ធ្វើ​ដូច​គេឌាន​នឹង​សុំ​សញ្ញា​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ណែនាំ​យើង ដូច​ជា​ការ​សាក​ល្បង​ដោយ​ប្រើ​រោម​ចៀម​នោះ​អ៊ីចឹង​ទេ? គូ​ស្វាមីភរិយា​មួយ​គូ​បាន​ឆ្ងល់​ថា តើ​គេ​គួរ​ផ្លាស់​ទៅ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ខ្លាំង​ជាង​សំរាប់​អ្នក​ផ្សាយ​ឬ​ក៏​អត់។ ដើម្បី​ជួយ​គេ​សម្រេច​ចិត្ត គេ​រៀបចំ​ឲ្យ​មាន​ការ​សាក​ល្បង​មួយ។ ពួក​គេ​ខំ​លក់​ផ្ទះ​របស់​គេ​ក្នុង​តម្លៃ​កំណត់​មួយ។ បើ​សិន​មាន​ការ​ទិញ​ផ្ទះ​នោះ​មុន​ថ្ងៃ​កំណត់​របស់​គេ ដោយ​ទិញ​ក្នុង​តម្លៃ​ដែល​គេ​បាន​កំណត់​ទុក​ជា​មុន ឬ​ក៏​ថ្លៃ​ជាង​នោះ​ទៅ​ទៀត នោះ​គេ​នឹង​ចាត់​ទុក​នោះ​ជា​សញ្ញា​មួយ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គេ​ផ្លាស់​ទី​លំនៅ។ បើ​សិន​ជា​គ្មាន​អ្នក​ណា​ទិញ​ផ្ទះ​នោះ គេ​នឹង​សន្និដ្ឋាន​ថា ព្រះ​មិន​ចង់​ឲ្យ​គេ​រើ​ទៅ​កន្លែង​ផ្សេង​ទេ។

គ្មាន​អ្នក​ណា​ទិញ​ផ្ទះ​នោះ​ទេ។ តើ​នេះ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​គូ​នេះ​ទៅ​បំរើ​នៅ​កន្លែង ដែល​មាន​សេចក្ដី​ត្រូវ​ការ​ខ្លាំង​ជាង​ទេ​ឬ? បើ​សិន​ជា​យើង​ខំ​រៀប​រាប់​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ ឬ​ក៏​មិន​ធ្វើ​សំរាប់​អ្នក​បំរើ​ទ្រង់ នោះ​ជា​ការ​សន្មត​ដោយ​គ្មាន​មូលដ្ឋាន​ហើយ។ យើង​មិន​អាច​និយាយ​ថា សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មិន​ដែល​ធ្វើ​អន្តរាគមន៍​ដើម្បី​បង្ហាញ​អ្នក​បំរើ​របស់​ទ្រង់ នូវ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ឡើយ។ (អេសាយ ៥៩:១) ក៏​ប៉ុន្តែ យើង​គ្មាន​សិទ្ធិ​តម្រូវ​ឲ្យ​មាន​អន្តរាគមន៍​បែប​នេះ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​យើង ដោយ​ទុក​ឲ្យ​ព្រះ​សម្រេច​ការ​ទាំង​អស់​ឲ្យ​យើង​នោះ​ទេ។ សូម្បី​តែ​ជីវិត​របស់​គេឌាន​ស្ទើរ​តែ​ទាំង​មូល​ក្ដី គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​គ្មាន​សញ្ញា​ដែល​ជា​អព្ភូតហេតុ​ពី​ព្រះ​យេហូវ៉ា​រហូត​នោះ​ទេ!

យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ប្រាប់​ថា យើង​អាច​ទទួល​ការ​ណែនាំ​ពី​ព្រះ​បាន។ ព្រះ​គម្ពីរ​ទាយ​អំពី​សម័យ​យើង​នេះ​ដោយ​ថា៖ «កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។ (អេសាយ ៣០:២១) ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ គឺ​សម​គួរ​ដែល​យើង​ខំ​ដឹង​ឲ្យ​ប្រាកដ​ថា ការ​សម្រេច​ចិត្ត​របស់​យើង​គឺ​សម​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ និង​សម្ដែង​នូវ​ប្រាជ្ញា​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់។ តើ​យើង​អាច​ធ្វើ​អ៊ីចឹង​តាម​របៀប​ណា? ដោយ​មើល​ព្រះ​បន្ទូល​របស់​ទ្រង់​នឹង​អនុញ្ញាត​ឲ្យ​ព្រះ​គម្ពីរ​ធ្វើ​ជា‹ចង្កៀង​ដល់​ជើង​យើង ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​យើង​ផង›។ (ទំនុកដំកើង ១១៩:១០៥; សុភាសិត ២:១​-​៦) ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​បង្កើត​ឲ្យ​មាន​ទម្លាប់​ក្រេប​ជញ្ជក់​ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​គម្ពីរ។ (កូល៉ុស ១:៩, ១០) ហើយ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត យើង​ត្រូវ​តែ​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់​នូវ​គោល​ការណ៍​ព្រះ​គម្ពីរ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​រឿង​នោះ។ ការ​ស្រាវ​ជ្រាវ​បែប​នេះ​ជួយ​យើង​មាន​សមត្ថភាព‹ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ​ជាង›។—ភីលីព ១:៩, ១០

យើង​ក៏​គួរ​ទូល​ប្រាប់​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិស្ឋាន ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា ទ្រង់​នឹង​សណ្ដាប់​យើង។ គឺ​ជា​អ្វី​ដែល​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​មែន ពេល​យើង​ទូល​ព្រះ​របស់​យើង​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ពន្យល់​អំពី​ការ​សម្រេច​ចិត្ត​ដែល​យើង​ត្រូវ​តែ​ធ្វើ និង​អំពី​ផ្លូវ​ជ្រើស​រើស​ផ្សេង​ៗ​ដែល​យើង​កំពុង​តែ​គិត​ថ្លឹង​ថ្លែង។ ពេល​នោះ​យើង​អាច​សុំ​ការ​ណែនាំ​ដោយ​ទំនុក​ចិត្ត ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។ ជា​ញឹក​ញយ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​រំឭក​យើង​ពី​គោល​ការណ៍​ព្រះ​គម្ពីរ​ដែល​ទាក់​ទង​នឹង​យើង ឬ​ក៏​ដែល​អាច​ជួយ​យើង​យល់​ខ​គម្ពីរ​មួយ​ច្បាស់​ជាង ដែល​ទាក់​ទង​នឹង​កាលៈទេសៈ​របស់​យើង។—យ៉ាកុប ១:៥, ៦

ព្រះ​យេហូវ៉ា​ក៏​ផ្ដល់​ឲ្យ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែល​យើង​អាច​ពិគ្រោះ​ជា​មួយ​អំពី​ការ​សម្រេច​ចិត្ត​របស់​យើង។ (អេភេសូរ ៤:១១, ១២) ក៏​ប៉ុន្តែ ពេល​យើង​សុំ​ឱវាទ​ពី​អ្នក​ឯ​ទៀត យើង​មិន​គួរ​ធ្វើ​ដូច​មនុស្ស​ដែល​សួរ​មនុស្ស​ជា​ច្រើន​ទាល់​តែ​មនុស្ស​ម្នាក់​ប្រាប់​ពី​ឱវាទ​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​ទេ។ រួច​មក ទើប​ធ្វើ​តាម​ឱវាទ​នោះ។ យើង​គួរ​នឹក​ចាំ​ពី​គំរូ​របស់​រេហូបោម​ដែល​ទុក​ជា​ការ​ព្រមាន។ ពេល​គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ គាត់​បាន​ទទួល​ឱវាទ​ដ៏​ល្អ​ប្រសើរ​ពី​អ្នក​ចាស់​ទុំ ដែល​បាន​បំរើ​ជា​មួយ​បិតា​គាត់។ ក៏​ប៉ុន្តែ ជា​ជាង​តាម​ឱវាទ​ពួក​គេ នោះ​គាត់​បាន​និយាយ​ជា​មួយ​យុវបុរស​ផ្សេង​ៗ​ដែល​មាន​អាយុ​ស្របាល​ៗ​នឹង​គាត់។ ដោយ​ធ្វើ​តាម​ឱវាទ​គេ គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ និង​ជា​លទ្ធផល​បាន​បាត់​បង់​នូវ​មួយ​ភាគ​ធំ​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។—ពង្សាវតារ​ក្សត្រ​ទី​១ ១២:១​-​១៧

ពេល​អ្នក​សុំ​ឱវាទ គួរ​សុំ​ពី​អ្នក​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ជីវិត និង​មាន​ចំណេះ​ច្រើន​អំពី​បទ​គម្ពីរ​និង​សេចក្ដី​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ។ (សុភាសិត ១:៥; ១១:១៤; ១៣:២០) ពេល​អ្នក​អាច​ធ្វើ​ទៅ​បាន ចូរ​ឆ្លៀត​ពេល​ដើម្បី​រំពឹង​គិត​អំពី​គោល​ការណ៍​ដែល​ពាក់​ព័ន្ធ និង​ពត៌មាន​ទាំង​អស់​ដែល​អ្នក​បាន​ប្រមូល​មក។ ពេល​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​បំភ្លឺ​ឲ្យ​អ្នក​យល់​ដឹង អ្នក​ទំនង​ជា​នឹង​យល់​ដឹង​ថា​ការ​សម្រេច​ចិត្ត​មួយ​ណា​គឺ​ត្រឹម​ត្រូវ។—ភីលីព ៤:៦, ៧

ការ​សម្រេច​ចិត្ត​ដែល​យើង​ធ្វើ

ការ​សម្រេច​ចិត្ត​ខ្លះ​គឺ​ស្រួល​ធ្វើ។ ពេល​ពួក​សាវ័ក​ត្រូវ​បញ្ជា​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ នោះ​គេ​ដឹង​ថា​គេ​ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេស៊ូ​ត​ទៅ​ទៀត និង​គេ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​អំពី​ការ​សម្រេច​របស់​គេ​ថា គេ​នឹង​ស្ដាប់​បង្គាប់​ព្រះ​ជា​ជាង​មនុស្ស។ (កិច្ច​ការ ៥:២៨, ២៩) ការ​សម្រេច​ចិត្ត​ផ្សេង​ទៀត​ប្រហែល​ជា​តម្រូវ​ឲ្យ​គិត​ជ្រៅ​ជ្រះ​ជាង ពីព្រោះ​ព្រះ​គម្ពីរ​មិន​ចែង​យ៉ាង​ចំ​ៗ​អំពី​រឿង​ដូច​គ្នា​នោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ គោល​ការណ៍​ព្រះ​គម្ពីរ​ច្រើន​តែ​ឆ្លុះ​បញ្ចាំង​នូវ​ការ​សម្រេច​ចិត្ត​ណា​ដែល​ល្អ​បំផុត។ ជា​ឧទាហរណ៍ ទោះ​ជា​ការ​កំសាន្ត​ប្រភេទ​ផ្សេង​ៗ​ដែល​មាន​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​នៅ​សម័យ​ព្រះ​យេស៊ូ​ក៏​ដោយ នៅ​តែ​មាន​គោល​ការណ៍​ក្បោះ​ក្បាយ​ក្នុង​ព្រះ​គម្ពីរ​ស្តី​ពី​អ្វី​ដែល​ពេញ​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​និង​អ្វី​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ទ្រង់។ ដូច្នេះ គ្រីស្ទាន​ណា​ដែល​ចូល​រួម​ទស្សនា​ការ​កំសាន្ត​ណា​ដែល​លើក​ដំកើង​អំពើ​ឃោរឃៅ អំពើ​អសីលធម៌ ឬ​ការ​បះ​បោរ​ប្រឆាំង បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​ទេ។—ទំនុកដំកើង ៩៧:១០; យ៉ូហាន ៣:១៩​-​២១; កាឡាទី ៥:១៩​-​២៣; អេភេសូរ ៥:៣​-​៥

ជួន​កាល ការ​សម្រេច​ចិត្ត​ពីរ​ប្រហែល​ជា​ត្រឹម​ត្រូវ​ដូច​គ្នា។ ការ​បំរើ​នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ខ្លាំង​ជាង គឺ​ជា​ឯកសិទ្ធិ​ដ៏​ប្រសើរ​មួយ​និង​អាច​នាំ​មក​នូវ​ពរ​ជា​ច្រើន។ ក៏​ប៉ុន្តែ បើ​សិន​ជា​មនុស្ស​ម្នាក់​សម្រេច​ចិត្ត​ថា គេ​មិន​ចង់​ធ្វើ​អ៊ីចឹង​ដោយ​ហេតុ​ណា​មួយ គាត់​នៅ​តែ​អាច​បំរើ​យ៉ាង​ប្រសើរ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្លួន។ ម្ដង​ម្កាល យើង​ប្រហែល​ជា​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ឲ្យ​យើង​មាន​ឱកាស បង្ហាញ​ជំរៅ​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ឬ​ក៏​បង្ហាញ​ថា​អ្វី​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ ដូច្នេះ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ប្រើ​ចិត្ត​សេរី​របស់​យើង​ដើម្បី​បង្ហាញ​ពី​សន្ដាន​ចិត្ត​របស់​យើង។

ជា​ញឹក​ញយ ការ​សម្រេច​ចិត្ត​របស់​យើង​មាន​ឥទ្ធិពល​មក​លើ​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​បាន​អរ​សប្បាយ ដោយ​សារ​គេ​មិន​នៅ​ក្រោម​បំរាម​មួយ​ចំនួន​នៃ​ក្រិត្យ​វិន័យ​ត​ទៅ​ទៀត​ទេ។ ដូច្នេះ នេះ​មាន​ន័យ​ថា គេ​អាច​សម្រេច​ចិត្ត​ទទួល​ទាន​អ្វី​ដែល​ក្រិត្យ​វិន័យ​ធ្លាប់​រាប់​ទុក​ជា​មិន​ស្អាត​ឬ​ក៏​បដិសេធ​ចោល។ ក៏​ប៉ុន្តែ គេ​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​គិត​ដល់​មនសិការ​អ្នក​ឯ​ទៀត ពេល​គេ​សម្រេច​ចិត្ត​ថា​តើ​គេ​នឹង​ប្រើ​សេរី​ភាព​របស់​គេ​ឬ​ក៏​អត់។ ពាក្យ​របស់​ប៉ុល​អាច​ត្រូវ​អនុវត្ត​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដែល​យើង​ធ្វើ​ដែរ : «កុំ​ឲ្យ​ធ្វើ​ជា​ទី​បង្អាក់​ចិត្ត»។ (កូរិនថូស​ទី​១ ១០:៣២) សេចក្ដី​ប៉ង​ប្រាថ្នា​ដើម្បី​មិន​បង្អាក់​ចិត្ត​អ្នក​ឯ​ទៀត អាច​ជួយ​យើង​វិនិច្ឆ័យ​ថា​តើ​យើង​គួរ​សម្រេច​ចិត្ត​យ៉ាង​ណា​ក្នុង​ករណី​ជា​ច្រើន។ យ៉ាង​ណា​មិញ សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​គឺ​ជា​ប​ញ្ញ​តិ​ធំ​បំផុត។—ម៉ាថាយ ២២:៣៦, ៣៩

លទ្ធផល​ពី​ការ​សម្រេច​ចិត្ត​របស់​យើង

ការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឡើង​ដោយ​មនសិការ​ជ្រះ​ថ្លា និង​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​គោល​ការណ៍​ព្រះ​គម្ពីរ គឺ​នឹង​តែង​តែ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​នៅ​ទី​បំផុត។ នៅ​ដំបូង ការ​សម្រេច​ចិត្ត​នោះ​ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​ធ្វើ​ពលិកម្ម​ផ្ទាល់​ខ្លួន​ដែរ។ ពេល​ពួក​សាវ័ក​បាន​ប្រាប់​ដល់​តុលាការ​ជាន់​ខ្ពស់​អំពី​ការ​សម្រេច​ចិត្ត​របស់​គេ​ចំពោះ​ការ​បន្ត​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេស៊ូ ពួក​គេ​ត្រូវ​វាយ​នឹង​រំពាត់​មុន​ដែល​គេ​ត្រូវ​លែង​ឲ្យ​ទៅ។ (កិច្ច​ការ ៥:៤០) ពេល​បុរស​សាសន៍​ហេព្រើរ​បី​នាក់ ឈ្មោះ​សាដ្រាក់ មែសាក់ និង​អ័បេឌ​-​នេកោ​បាន​សម្រេច​ចិត្ត​មិន​លុត​ជង្គង់​ក្រាប​ថ្វាយ​បង្គំ​រូប​មាស​របស់​ស្តេច​នេប៊ូក្នេសា​នោះ គេ​បាន​ប្រថុយ​ជីវិត​ខ្លួន។ ពួក​គេ​ដឹង​ទុក​ជា​មុន​ថា ការ​សម្រេច​ចិត្ត​របស់​គេ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​គោល​ការណ៍ អាច​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់។ ប៉ុន្តែ គេ​ក៏​បាន​ដឹង​ថា ការ​សម្រេច​ចិត្ត​របស់​គេ​នឹង​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ ថែម​ទាំង​ទទួល​ពរ​ពី​ទ្រង់​ដែរ។—ដានីយ៉ែល ៣:១៦​-​១៩

បើ​សិន​ជា​យើង​ប្រទះ​ការ​ពិបាក​ក្រោយ​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ហ្មត់​ចត់ គ្មាន​ហេតុ​ដែល​យើង​គួរ​គិត​ថា​យើង​បាន​សម្រេច​ចិត្ត​ខុស​ទេ។ «ពេល​វេលា​នឹង​ឱកាស»អាច​ប៉ះ​ពាល់​យ៉ាង​អាក្រក់​សូម្បី​តែ​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​ធ្វើ​ដោយ​បំណង​ល្អ​បំផុត​ក៏​ដោយ។ (សាស្ដា ៩:១១) ម្ល៉ោះ​ហើយ ជួន​កាល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មាន​ការ​ពិបាក ដើម្បី​ល​មើល​ជំរៅ​នៃ​ភក្ដី​ភាព​របស់​យើង។ យ៉ាកុប​ត្រូវ​វ៉ៃ​ចំបាប់​នឹង​ទេវតា​មួយ​រូប​អស់​មួយ​យប់​មុន​ដែល​គាត់​ទទួល​ពរ។ (លោកុប្បត្តិ ៣២:២៤​-​២៦) យើង​ក៏​ត្រូវ​ពុះ​ពារ​នឹង​ការ​ពិបាក​ផ្សេង​ៗ សូម្បី​តែ​ពេល​យើង​កំពុង​តែ​ធ្វើ​អ្វី​ដ៏​ត្រឹម​ត្រូវ​ក៏​ដោយ។ យ៉ាង​ណា​ក៏​ដោយ ពេល​ការ​សម្រេច​ចិត្ត​របស់​យើង​គឺ​សម​ស្រប​ទៅ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ យើង​អាច​ជឿ​ជាក់​ថា ទ្រង់​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ​ហើយ​នៅ​ទី​បំផុត​ប្រទាន​ពរ​ចំពោះ​យើង​ផង​ដែរ។—កូរិនថូស​ទី​២ ៤:៧

ដូច្នេះ ពេល​អ្នក​ធ្វើ​ការ​សម្រេច​សំខាន់​ៗ កុំ​ពឹង​ពាក់​ទៅ​លើ​ប្រាជ្ញា​របស់​ខ្លួន។ ចូរ​ស្វែង​រក​គោល​ការណ៍​ព្រះ​គម្ពីរ​ដែល​ទាក់​ទង​នឹង​រឿង​នោះ។ ទូល​ព្រះ​យេហូវ៉ា​អំពី​រឿង​នោះ។ បើ​សិន​ជា​មាន​លទ្ធភាព សុំ​ឱវាទ​ពី​គ្រីស្ទាន​ចាស់​ទុំ។ ក្រោយ​នោះ ចូរ​តាំង​ចិត្ត​ក្លាហាន​ចុះ។ ប្រើ​ចិត្ត​សេរី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ដោយ​ចេះ​ទទួល​ខុស​ត្រូវ។ ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​និង​បង្ហាញ​ព្រះ​យេហូវ៉ា ដែល​ចិត្ត​របស់​អ្នក​គឺ​ស្មោះ​ត្រង់​នឹង​ទ្រង់។