លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កត្ដាសំខាន់បំផុតដែលនាំឲ្យពិភពលោកមានសុភមង្គល

កត្ដាសំខាន់បំផុតដែលនាំឲ្យពិភពលោកមានសុភមង្គល

កត្ដា​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​ពិភព​លោក​មាន​សុភមង្គល

ទស្សនាវដ្ដី​ថែម្ស​បាន​ចែង​ថា​៖ ​«​បុគ្គល​ម្នាក់​គត់​ដែល​មាន​អំណាច​ខ្លាំង​ជាង​គេ មិន​គ្រាន់​តែ​ក្នុង​កំឡុង​ពីរ​សហស្សវត្ស​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក្នុង​ប្រវត្ដិ​សាស្ត្រ​ទាំង​មូល​របស់​មនុស្សជាតិ គឺ​ព្រះ​យេស៊ូ​ពី​ភូមិ​ណាសារ៉ែត​»។ ពេល​ដែល​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​នៅ​ឡើយ មនុស្ស​រាប់​ពាន់​នាក់​ដែល​មាន​ចិត្ត​ស្មោះ​ស​នោះ បាន​ទទួល​ស្គាល់​នូវ​ភាព​ឧត្តុង្គ​ឧត្តម​របស់​ទ្រង់ ព្រម​ទាំង​សម្គាល់​ការ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​របស់​ទ្រង់​ចំពោះ​អ្នក​ដទៃ​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ ថា​គេ​ចង់​លើក​ទ្រង់​ជា​ស្តេច។ (​យ៉ូហាន ៦:១០, ១៤, ១៥​) ប៉ុន្តែ​ដូច​បាន​បញ្ជាក់​ក្នុង​អត្ថបទ​មុន​នេះ ព្រះ​យេស៊ូ​មិន​បាន​យល់​ព្រម​ចូល​រួម​ខាង​នយោបាយ​ឡើយ។

ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ​មាន​មូលដ្ឋាន​យ៉ាង​ហោច​ណាស់​លើ​កត្ដា​បី​យ៉ាង​គឺ​៖ ទស្សនៈ​របស់​ព្រះ​វរបិតា​ទ្រង់​អំពី​មតិ​របស់​មនុស្ស​ដែល​សម្ដែង​ថា គេ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ខ្លួន​ឯង ដែល​រួម​បញ្ចូល​ការ​គ្រប់​គ្រង​ដោយ​មនុស្ស​លោក។ កត្ដា​មួយ​ទៀត​គឺ ព្រះ​យេស៊ូ​ជ្រាប​ថា​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ដែល​មើល​មិន​ឃើញ កំពុង​តែ​ប្រឆាំង​ទាស់​នឹង​ការ​ខំ​គ្រប់​គ្រង​ដ៏​ល្អ​ណា​ក៏​ដោយ​របស់​មនុស្ស។ មួយ​ទៀត​គឺ​ជា​គោល​បំណង​របស់​ព្រះ​ដើម្បី​ស្ថាបនា​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌ ដើម្បី​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។ នៅ​ពេល​ដែល​យើង​ពិចារណា​មើល​ចំណុច​ទាំង​បី​នេះ​ឲ្យ​បាន​ល្អិត​ល្អន់​ជាង នោះ​យើង​នឹង​ឃើញ​មូលហេតុ​ដែល​ការ​ព្យាយាម​របស់​មនុស្ស ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ពិភព​លោក​អាច​ប្រសើរ​ជាង​នេះ បាន​បរាជ័យ។ យើង​ថែម​ទាំង​នឹង​សម្គាល់​នូវ​របៀប​ទទួល​បាន​ជោគ​ជ័យ​ផង​ដែរ។

តើ​មនុស្ស​លោក​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ទេ?

នៅ​ពេល​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​លោក ទ្រង់​បាន​បើក​ឲ្យ​គេ​មាន​អំណាច​លើ​សត្វ​ទាំង​ឡាយ។ (​លោកុប្បត្តិ ១:២៦​) ប៉ុន្តែ​ដោយ​ឡែក មនុស្សជាតិ​ទាំង​ឡាយ​នៅ​ក្រោម​អធិបតេយ្យ​របស់​ព្រះ​វិញ។ បុរស​និង​ស្ត្រី​ដំបូង​នោះ​ត្រូវ​តែ​បង្ហាញ​នូវ​ការ​ចុះ​ចូល​របស់​ខ្លួន​ចំពោះ​ព្រះ ដោយ​ស្ដាប់​តាម​បង្គាប់​ដែល​ឲ្យ​គេ​ជៀស​វាង​មិន​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​តែ​មួយ​គត់ គឺ​«​ដើម​ដឹង​ខុស​ត្រូវ​»។ (​លោកុប្បត្តិ ២:១៧​) គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ អ័ដាម​និង​អេវ៉ា​បាន​បំពាន​លើ​ចិត្ត​សេរី​របស់​ខ្លួន ដោយ​មិន​ស្ដាប់​បង្គាប់​ព្រះ​ទេ។ ការ​បេះ​ផ្លែ​ឈើ​នោះ​មិន​មែន​ជា​ការ​លួច​ប៉ុណ្ណោះ​ទេ។ អំពើ​នោះ​ជា​ការ​បះ​បោរ​ប្រឆាំង​នឹង​អធិបតេយ្យ​របស់​ព្រះ​វិញ។ មាន​ហេតុ​មួយ​ដែល​ត្រូវ​សម្គាល់​ក្នុង​ព្រះ​គម្ពីរ​យេរូសាឡិម​ថ្មី អំពី​លោកុប្បត្តិ ២:១៧ ដែល​ថា អ័ដាម​និង​អេវ៉ា​បាន​អាង​លើ​«​ភាព​ម្ចាស់​ការ​ទាំង​ស្រុង​ខាង​សីលធម៌ ដោយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ថា ខ្លួន​មាន​ឋានៈ​ជា​បុគ្គល​ដែល​ត្រូវ​បាន​បង្កើត​មក . . . អំពើ​បាប​ដំបូង​បង្អស់​នោះ​ជា​ការ​ជំទាស់​នឹង​អធិបតេយ្យ​របស់​ព្រះ​»។

ដោយ​ព្រោះ​ការ​នេះ​ទាក់​ទង​រឿង​ចំណោទ​សំខាន់​ៗ​ដែរ ព្រះ​បាន​អនុញ្ញាត​ឲ្យ​អ័ដាម​និង​អេវ៉ា ព្រម​ទាំង​កូន​ចៅ​របស់​គេ ជ្រើស​រើស​ផ្លូវ​ជីវិត​របស់​ខ្លួន និង​គេ​បាន​ស្ថាបនា​ខ្នាត​តម្រា​របស់​ខ្លួន​ផ្ទាល់ អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​ទំនុក​ដំកើង ១៤៧:១៩, ២០; រ៉ូម ២:១៤​) បើ​និយាយ​ជា​រួម​ទៅ ការ​សាក​រស់​នៅ​តាម​មតិ​របស់​មនុស្ស​ដែល​ថា គេ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ខ្លួន​ឯង គឺ​បាន​ចាប់​ផ្ដើម​នៅ​ពេល​នោះ​ឯង។ តើ​ការ​រស់​នៅ​បែប​នោះ​បាន​ជោគ​ជ័យ​ឬ​ទេ? ដោយ​ពិនិត្យ​មើល​ប្រវត្ដិសាស្ត្រ​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ យើង​អាច​និយាយ​ថា​៖ ឥត​បាន​ការ​ទេ! សាស្ដា ៨:៩ ចែង​ថា​៖ ​«​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា​»។ កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ ស្តី​អំពី​មនុស្ស​ដែល​គ្រប់​គ្រង​ខ្លួន​គេ នោះ​បញ្ជាក់​ពី​ភាព​ពិត​ប្រាកដ​នៃ​យេរេមា ១០:២៣ ដែល​ចែង​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ​»។ ប្រវត្ដិសាស្ត្រ​មនុស្ស​បាន​បញ្ជាក់​ថា មនុស្ស​គ្មាន​សមត្ថភាព​គ្រប់​គ្រង​ដោយ​ជោគ​ជ័យ ដោយ​មិន​ពឹង​ពាក់​លើ​អ្នក​បង្កើត​របស់​គេ​ឡើយ។

ព្រះ​យេស៊ូ​បាន​យល់​ស្រប​គំនិត​នេះ​ដែរ។ ទ្រង់​បាន​ចាត់​ទុក​ភាព​ម្ចាស់​ការ​ដោយ​គ្មាន​ពឹង​ព្រះ ជា​ទី​ស្អប់​ខ្ពើម​បំផុត។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ . . . ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ​ហឫទ័យ[​ព្រះ​]ជា​ដរាប​»។ (​យ៉ូហាន ៤:៣៤; ៨:២៨, ២៩​) ហេតុ​ដូច្នេះ​ហើយ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ព្រះ នោះ​ព្រះ​យេស៊ូ​មិន​ដែល​គិត​សោះ អំពី​ការ​ទទួល​អំណាច​ជា​ស្តេច​លើ​មនុស្ស​លោក​នោះ។ ក៏​ប៉ុន្តែ នេះ​មិន​បាន​សេចក្ដី​ថា ទ្រង់​ទើស​ទាស់​នឹង​ការ​ជួយ​មនុស្ស​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​មនុស្ស​រក​សុភមង្គល​នៅ​សម័យ​នោះ​ផង និង​នៅ​ពេល​អនាគត​ផង​ដែរ។ ទ្រង់​ក៏​បាន​ថ្វាយ​ព្រះ​ជន្ម​ទ្រង់​ប្រយោជន៍​ឲ្យ​មនុស្ស​លោក។ (​ម៉ាថាយ ៥:៣​-​១១; ៧:២៤​-​២៧; យ៉ូហាន ៣:១៦​) តែ​ព្រះ​យេស៊ូ​ជ្រាប​ថា ​«​មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់​»​ រួម​ទាំង​កំណត់​ពេល​របស់​ព្រះ​ដើម្បី​បង្ហាញ​អធិបតេយ្យ​របស់​ទ្រង់​លើ​មនុស្សជាតិ។ (​សាស្ដា ៣:១; ម៉ាថាយ ២៤:១៤, ២១, ២២, ៣៦​-​៣៩​) ប៉ុន្តែ សូម​នឹក​ចាំ​ថា នៅ​ស្រុក​អេដែន​នោះ មាតា​បិតា​ដំបូង​របស់​យើង​បាន​ចុះ​ចូល​តាម​ឆន្ទៈ​នៃ​សត្តនិករ​វិញ្ញាណ​កំណាច​មួយ​រូប​ដ៏​មើល​មិន​ឃើញ ដែល​បាន​និយាយ​តាម​រយៈ​សត្វ​ពស់​មួយ។ ចំណុច​នេះ​នាំ​ឲ្យ​យើង​គិត​អំពី​មូលហេតុ​ទី​ពីរ​ដែល​ព្រះ​យេស៊ូ​មិន​បាន​ចូល​រួម​ក្នុង​រឿង​នយោបាយ។

អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ​ដែល​មនុស្ស​មិន​ស្គាល់

ព្រះ​គម្ពីរ​ប្រាប់​យើង​ថា សាតាំង​បាន​សុំ​ប្រគល់​«​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​»​ ថ្វាយ​ព្រះ​យេស៊ូ ដូរ​នឹង​ការ​ថ្វាយ​បង្គំ​ដល់​វា​វិញ។ (​ម៉ាថាយ ៤:៨​-​១០​) ជា​ខ្លឹម​សារ​នោះ សាតាំង​បាន​សុំ​ប្រគល់​អំណាច​គ្រប់​គ្រង​ទៅ​ឲ្យ​ព្រះ​យេស៊ូ ប៉ុន្តែ​ត្រូវ​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ​របស់​វា​វិញ។ ព្រះ​យេស៊ូ​មិន​បាន​ចុះ​ចាញ់​នឹង​ការ​ល្បួង​នោះ​ទេ។ ក៏​ប៉ុន្តែ តើ​ការ​អញ្ជើញ​នោះ​ពិត​ជា​ការ​ល្បួង​មែន​ឬ? តើ​សាតាំង​ពិត​ជា​អាច​ស្នើ​ផ្ដល់​នូវ​អ្វី​ៗ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​បែប​នេះ​បាន​ទេ? គឺ​ពិត​ជា​អាច​មែន! ដោយ​ព្រោះ​ព្រះ​យេស៊ូ​ទ្រង់​ផ្ទាល់​បាន​ហៅ​អារក្ស​ជា​«​ចៅហ្វាយ​របស់​លោកីយ​នេះ​»​ និង​សាវ័ក​ប៉ុល​បាន​ពិពណ៌នា​អំពី​វា​ជា​«​ព្រះ​របស់លោកីយ​នេះ​»។—យ៉ូហាន ១៤:៣០; កូរិនថូស​ទី​២ ៤:៤; អេភេសូរ ៦:១២

ព្រះ​យេស៊ូ​ប្រាកដ​ជា​ជ្រាប​ថា អារក្ស​មិន​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ប្រយោជន៍​ឲ្យ​មនុស្សជាតិ​ទេ។ ព្រះ​យេស៊ូ​បាន​ពិពណ៌នា​អំពី​វា ជា​«​ឃាតករ​»​ផង ក៏​ជា​«​មេ​កុហក​ផង និង​មេ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​មិន​ពិត​ផង​ដែរ​»។ (​យ៉ូហាន ៨:៤៤, ព្រះ​គម្ពីរ​អាមភ្លីហ្វែដ​) យ៉ាង​ច្បាស់​ណាស់ លោកីយ៍​ដែល​«​ស្ថិត​នៅ​ក្រោម​អំណាច​»​នៃ​វិញ្ញាណ​កំណាច​មួយ​រូប​បែប​នោះ មិន​អាច​មាន​សុភមង្គល​ពិត​បាន​ឡើយ។ (​យ៉ូហាន​ទី​១ ៥:១៩, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) ប៉ុន្តែ​អារក្ស​នឹង​មិន​មាន​អំណាច​នេះ​ជា​ដរាប​ទេ។ ឥឡូវ​នេះ​ព្រះ​យេស៊ូ​ជា​សត្តនិករ​វិញ្ញាណ​ដ៏​មាន​ព្រះ​ចេស្ដា​ខ្លាំង​ក្លា ហើយ​ទ្រង់​នឹង​ដក​សាតាំង​ចោល​ឆាប់​ៗ​ខាង​មុខ​នេះ និង​បំបាត់​ចោល​ឥទ្ធិពល​របស់​វា​ចេញ​ទាំង​ស្រុង។—ហេព្រើរ ២:១៤; វិវរណៈ ២០:១​-​៣

សាតាំង​ដឹង​ស្រាប់​ហើយ​ថា សម័យ​ដែល​វា​ធ្វើ​ជា​ចៅហ្វាយ​របស់​លោកីយ៍​នេះ គឺ​ជិត​ផុត​កំណត់​ហើយ។ ហេតុ​នោះ​ហើយ​បាន​ជា​វា​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​បង្ខូច​មនុស្ស​លោក​ឲ្យ​ទៅ​ជា​អាក្រក់​ហួស​និស្ស័យ​នឹង​កែ​ប្រែ​ឡើង​វិញ ដូច​ជា​វា​ធ្លាប់​បាន​ធ្វើ​មុន​នឹង​ទឹក​ជំនន់​នៅ​ជំនាន់​លោក​ណូអេ​ដែរ។ (​លោកុប្បត្តិ ៦:១​-​៥; យូដាស ៦​) វិវរណៈ ១២:១២ ចែង​ថា​៖ ​«​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ​»។ បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ និង​ព្រឹត្ដិការណ៍​នានា​ទូទាំង​ពិភព​លោក​បង្ហាញ​ថា យើង​កំពុង​តែ​រស់​ជិត​ដល់​ទី​បញ្ចប់​នៃ‹ពេល​វេលា​ខ្លី›នោះ។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ការ​ស្រាក​ស្រាន្ត​ពី​នោះ​កាន់​តែ​កៀក​ណាស់​ហើយ។

រដ្ឋាភិបាល​មួយ​ដែល​អាច​នាំ​មក​នូវ​សុភមង្គល

មូលហេតុ​ទី​បី​ដែល​ព្រះ​យេស៊ូ​បាន​ជៀស​ចេញ​ពី​រឿង​នយោបាយ​នោះ គឺ​ដោយ​ព្រោះ​ទ្រង់​ជ្រាប​ថា នៅ​ពេល​កំណត់​នា​អនាគត ព្រះ​នឹង​ស្ថាបនា​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌ ដើម្បី​គ្រប់​គ្រង​ទៅ​លើ​ផែនដី។ ព្រះ​គម្ពីរ​ហៅ​រដ្ឋាភិបាល​នោះ ជា​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ក៏​ជា​ផ្ទៃ​រឿង​នៃ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​ដែរ។ (​លូកា ៤:៤៣; វិវរណៈ ១១:១៥​) ព្រះ​យេស៊ូ​បាន​បង្រៀន​ឲ្យ​សិស្ស​ទ្រង់​អធិស្ឋាន​សុំ​ព្រះ​រាជាណាចក្រ​នោះ​មក​ដល់ ព្រោះ​មាន​តែ​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​នោះ​ទេ ដែល‹ព្រះ​ហឫទ័យ​ទ្រង់​អាច​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ›។ (​ម៉ាថាយ ៦:៩, ១០​) លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​៖ ‹ប្រសិន​បើ​ព្រះ​រាជាណាចក្រ​នោះ​នឹង​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល តើ​រដ្ឋាភិបាល​នានា​របស់​មនុស្ស​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ?›។

មាន​ចំ​លើយ​នៅ​ក្នុង​សៀវភៅ​ដានីយ៉ែល ២:៤៤​ដែល​ចែង​ថា ​«​រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ[​ដែល​គ្រប់​គ្រង​នៅ​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍​នា​បច្ចុប្បន្នកាល​នេះ​] ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ។ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ[​របស់​មនុស្ស​]វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ត្រូវ​«​បំបាក់​បំបែក​»​ការ​គ្រប់​គ្រង​នានា​របស់​មនុស្ស​ដូច្នេះ? ពីព្រោះ​ការ​គ្រប់​គ្រង​ទាំង​ឡាយ​នោះ​បង្ក​ឲ្យ​មាន​ចិត្ត​គំនិត​បដិសេធ​ព្រះ ទាំង​ប្រកាន់​ថា​យើង​មាន​សិទ្ធិ​សម្រេច​ចិត្ត​ខ្លួន​ឯង នេះ​ជា​ចិត្ត​គំនិត​ដែល​សាតាំង​បាន​លើក​ឡើង​នៅ​ឯ​សួន​ច្បារ​អេដែន​ពី​បុរាណ។ អស់​អ្នក​ដែល​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​បែប​នោះ គឺ​នាំ​ឲ្យ​មនុស្ស​លោក​បង់​ប្រយោជន៍ ព្រម​ទាំង​រើស​ផ្លូវ​ជំទាស់​នឹង​ព្រះ​អាទិទេព។ (​ទំនុក​ដំកើង ២:៦​-​១២; វិវរណៈ ១៦:១៤, ១៦​) ហេតុ​នោះ​ហើយ​បាន​ជា​យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​យើង​គាំទ្រ​នូវ​ការ​គ្រប់​គ្រង​ដោយ​ព្រះ ឬ​ក៏​ចង់​ប្រឆាំង​នឹង​ទ្រង់?›។

តើ​អ្នក​នឹង​ជ្រើស​រើស​អធិបតេយ្យ​របស់​អ្នក​ណា?

ដើម្បី​ជួយ​មនុស្ស​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​គ្រប់​គ្រង​តាម​ចំណេះ​ត្រឹម​ត្រូវ ព្រះ​យេស៊ូ​បាន​បញ្ជា​ឲ្យ​សិស្ស​ទ្រង់​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ . . . ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍​»​ មុន​នឹង​ទី​បញ្ចប់​នៃ​របប​បច្ចុប្បន្ន​នេះ​មក​ដល់។ (​ម៉ាថាយ ២៤:១៤​) តើ​អ្នក​ណា​សព្វ​ថ្ងៃ​នេះ​ត្រូវ​គេ​ស្គាល់​ទូទាំង​ផែនដី ដោយ​ព្រោះ​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ? គឺ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ តាម​ការ​ពិត ជា​យូរ​យារ​មក​ហើយ ឯកសារ​នេះ​មាន​ពាក្យ ​«​ប្រកាស​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​យេហូវ៉ា​»​ នៅ​លើ​ក្រប​ទស្សនាវដ្ដី។ សព្វ​ថ្ងៃ​នេះ​ស្មរ​បន្ទាល់​ប្រមាណ​ប្រាំ​មួយ​លាន​នាក់ នៅ​ជាង​២៣០​ប្រទេស កំពុង​តែ​ជួយ​មនុស្ស​ឲ្យ​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​រាជាណាចក្រ​នោះ។ a

ពរ​ដែល​រាស្ត្រ នៃ​ព្រះ​រាជាណាចក្រ​អាច​ទទួល

ព្រះ​យេស៊ូ​តែង​តែ​បាន​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ទ្រង់​ប្រឹង​ប្រែង​ពង្រីក​នូវ​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​សំរាប់​ការ​ពិបាក​ក្នុង​លោកីយ៍នេះ ជា​ជាង​ខំ​រក​ផ្លូវ​ដោះ​ស្រាយ​ដោយ​អង្គ​ទ្រង់​ផ្ទាល់ ឬ​ខំ​ទ្រ​ទ្រង់​និង​ខំ​ធ្វើ​ឲ្យ​របប​លោកីយ៍​មួយ​បាន​ប្រសើរ​ជាង​តាម​រយៈ​ប្រព័ន្ធ​នយោបាយ​នោះ។ ដោយ​ព្រោះ​ទ្រង់​ស្មោះ​ត្រង់​ដូច្នោះ ទ្រង់​បាន​ទទួល​រង្វាន់​នូវ​រាជបល្ល័ង្ក​ដ៏​រុង​រឿង​នៅ​ស្ថាន​សួគ៌ ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នោះ។ នេះ​ប្រាកដ​ជា​រង្វាន់​ដ៏​អស្ចារ្យ​មែន ដោយ​ព្រោះ​ទ្រង់​ចុះ​ចូល​ចំពោះ​ព្រះ!—ដានីយ៉ែល ៧:១៣, ១៤

មនុស្ស​រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ​ដែល​ធ្វើ​តម្រាប់​តាម​ព្រះ​យេស៊ូ ដោយ​ចាត់​ទុក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ដ៏​សំខាន់​បំផុត ព្រម​ទាំង​ចុះ​ចូល​ចំពោះ​ព្រះ​ហឫទ័យ​របស់​ព្រះ​ផង នឹង​ទទួល​រង្វាន់​ដ៏​ល្អ​អស្ចារ្យ​ដែរ គឺ​ជា​ឯកសិទ្ធិ​ធ្វើ​ជា​អនុ​រាស្ត្រ​នៅ​លើ​ផែនដី នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (​ម៉ាថាយ ៦:៣៣​) ក្រោម​ការ​គ្រប់​គ្រង​នោះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ភាព​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ឡើង​វិញ ទាំង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​និច្ច​និរន្តរ៍។ (​វិវរណៈ ២១:៣, ៤​) យ៉ូហាន​ទី​១ ២:១៧ ចែង​ថា​៖ ​«​លោកីយ​នេះ នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ​»។ ពិត​ជា​សប្បាយ​ណាស់​ហ្ន៎! យើង​រស់​នៅ​ទី​នោះ​ជា​រៀង​រហូត ដោយ​សាតាំង​និង​គ្នី​គ្នា​វា​ត្រូវ​កំចាត់​ចេញ ថែម​ទាំង​ផែនដី​កែ​ប្រែ​ទៅ​ជា​ទី​មនោរម្យ​លែង​មាន​ជាតិ​និយម ប្រព័ន្ធ​ពាណិជ្ជកម្ម​ដ៏​ថោក​ទាប និង​សាសនា​ក្លែង​ក្លាយ​ដែរ។—ទំនុក​ដំកើង ៣៧:២៩; ៧២:១៦

មែន​ហើយ ព្រះ​រាជាណាចក្រ​របស់​ព្រះ​ពិត​ជា​កត្ដា​សំខាន់​បំផុត ដែល​នាំ​ឲ្យ​ពិភព​លោក​មាន​សុភមង្គល ហើយ​សារ​ដែល​ប្រកាស​ប្រាប់​ពី​ព្រះ​រាជាណាចក្រ​នោះ ក៏​សម​នឹង​ពណ៌នា​ជា​ដំណឹង​ល្អ​មែន។ បើ​លោក​អ្នក​មិន​ទាន់​ទទួល​ដំណឹង​ល្អ​នេះ​នៅ​ឡើយ​ទេ សូម​ទទួល​ស្ដាប់​ដោយ​ចិត្ត​រីក​រាយ នៅ​ពេល​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ទៅ​លេង​ផ្ទះ​របស់​អ្នក​លើក​ក្រោយ។

[​កំណត់​សម្គាល់​]

a កាល​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ផ្សាយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ គេ​មិន​ចូល​រួម​ខាង​រឿង​នយោបាយ ឬ​បណ្ដុះ​ឲ្យ​មាន​ការ​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោកីយ៍​សោះ​ឡើយ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ណា​ដែល​ដាក់​បំរាម ឬ​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ស្មរ​បន្ទាល់​ក្ដី។ (​ទីតុស ៣:១​) ផ្ទុយ​ទៅ​វិញ គេ​ខំ​ជួយ​ខាង​វិញ្ញាណ តាម​របៀប​ល្អ​ៗ​ដែល​លើក​ទឹក​ចិត្ត និង​ដោយ​មិន​ទាក់​ទង​រឿង​នយោបាយ ដូច​ព្រះ​យេស៊ូ​និង​សិស្ស​ទ្រង់​នៅ​សតវត្ស​ទី​មួយ​ធ្លាប់​បាន​ធ្វើ​ដែរ។ បណ្ដា​ស្មរ​បន្ទាល់​ព្យាយាម​ជួយ​មនុស្ស​តាម​សហគមន៍​និមួយ​ៗ ជា​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​សុចរិត ឲ្យ​ទទួល​ធ្វើ​តាម​គោល​ការណ៍​ដ៏​ល្អ​ពី​ព្រះ​គម្ពីរ ដូច​ជា​សេចក្ដី​ស្រឡាញ់​រវាង​សមាជិក​គ្រួសារ ភាព​ទៀង​ត្រង់ ការ​ស្អាត​ស្អំ​ខាង​សីលធម៌ និង​មារយាទ​ល្អ​ៗ​តាម​ការ​ងារ​ធ្វើ​ជា​ដើម។ សំខាន់​បំផុត​នោះ គេ​ខំ​បង្រៀន​មនុស្ស​នូវ​របៀប​ធ្វើ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ និង​ការ​ពឹង​ពាក់​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​សេចក្ដី​សង្ឃឹម​ពិត​របស់​មនុស្ស​លោក។

[​រូប​ភាព​នៅ​ទំព័រ​៥​]

ប្រវត្ដិសាស្ត្រ​តែង​បញ្ជាក់​ថា មនុស្ស​មិន​ពឹង​ពាក់​ព្រះ​គ្មាន​សមត្ថភាព​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ដោយ​ជោគ​ជ័យ​ឡើយ

[​រូប​ភាព​នៅ​ទំព័រ​៥​]

សាតាំង​អាច​ប្រគល់​«​អស់​ទាំង​នគរ​ក្នុង​លោកីយ​»​ ទៅ​ឲ្យ​ព្រះ​យេស៊ូ​បាន ពីព្រោះ​វា​កំពុង​តែ គ្រប់​គ្រង​«​លោកីយ​នេះ​»​

[​រូប​ភាព​នៅ​ទំព័រ​៧​]

ព្រះ​យេស៊ូ​បាន​បង្រៀន​ថា ក្រោម​ការ​គ្រប់​គ្រង​ដោយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ផែនដី​នឹង​ទៅ​ជា​កន្លែង​ដ៏​ស្រស់បំព្រង​មួយ