លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរត្រាប់តាមព្រះយេហូវ៉ាក្នុងការអប់រំកូនរបស់ខ្លួន

ចូរត្រាប់តាមព្រះយេហូវ៉ាក្នុងការអប់រំកូនរបស់ខ្លួន

ចូរ​ត្រាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​ការ​អប់រំ​កូន​របស់​ខ្លួន

​«​មាតា​បិតា​ទាំង​ឡាយ​កែ​តម្រង់​កូន​របស់​ខ្លួន មែន​ទេ?​»។—ហេព្រើរ ១២:៧, ព្រះ​គម្ពីរ​ភាសា​អង់គ្លេស​ទាន់​សម័យ

១, ២. ហេតុ​អ្វី​បាន​ជា​មាតា​បិតា​មាន​បញ្ហា​ស្មុគ​ស្មាញ​ច្រើន​ម្ល៉េះ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​របស់​ខ្លួន​សព្វ​ថ្ងៃ​នេះ?

 ការ​ស្ទង់​មតិ​មួយ​នៅ​ប្រទេស​ជប៉ុន​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រមាណ​ពាក់​កណ្ដាល​នៃ​មនុស្ស​ពេញ​វ័យ​ដែល​ត្រូវ​សម្ភាសន៍​នោះ គិត​ថា​ការ​និយាយ​ទាក់​ទង​គ្នា​រវាង​មាតា​បិតា​និង​កូន​របស់​ខ្លួន​គឺ​តិច​ពេក ហើយ​ក៏​គិត​ថា​មាតា​បិតា​បណ្ដោយ​កូន​របស់​ខ្លួន​ហួស​ហេតុ​ពេក។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​ទៀត​នៅ​ប្រទេស​ដដែល​នោះ ជិត​មួយ​ភាគ​បួន​នៃ​ចំនួន​មនុស្ស​ដែល​បាន​ត្រូវ​សម្ភាសន៍​នោះ ក៏​បាន​សារភាព​ថា គេ​មិន​ចេះ​និយាយ​ទាក់​ទង​នឹង​កូន​ទេ។ និន្នាការ​បែប​នេះ​មិន​មាន​តែ​នៅ​ទ្វីប​អាស៊ី​ប៉ុណ្ណោះ​ទេ។ កាសែត​តូរ៉ុនតូ ស្ដារ (The Toronto Star) បាន​រាយ​ការណ៍​ថា​៖ ​«​មាតា​បិតា​ជន​ជាតិ​កាណាដា​ជា​ច្រើន​នាក់​បាន​សារភាព​ថា ពួក​គាត់​មិន​ច្បាស់​ថា​តើ​គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធ្វើ​ជា​មាតា​បិតា​ដ៏​ល្អ​ទេ​»។ នៅ​គ្រប់​កន្លែង មាតា​បិតា​កំពុង​តែ​ជួប​ប្រទះ​ការ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​របស់​ខ្លួន។

ហេតុ​អ្វី​បាន​ជា​មាតា​បិតា​មាន​បញ្ហា​ស្មុគ​ស្មាញ​ច្រើន​ម្ល៉េះ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​របស់​ខ្លួន? ហេតុ​ចំបង​មួយ​គឺ​ថា យើង​កំពុង​តែ​រស់​នៅ​«​ជាន់​ក្រោយ​បង្អស់​»​ និង​ឥឡូវ​នេះ​«​មាន​គ្រា​លំបាក​ណាស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​) ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​»។ (​លោកុប្បត្តិ ៨:២១​) បន្ថែម​ទៅ​ទៀត ជា​ពិសេស​យុវជន ពិបាក​នឹង​ទប់​ទល់​ការ​ព្យាបាទ​ពី​សាតាំង ដែល​«​គ្រហឹម​ដូច​ជា​សិង្ហ​»​និង​រក​ត្របាក់​ស៊ី​អ្នក​ដែល​គ្មាន​បទ​ពិសោធន៍។ (​ពេត្រុស​ទី​១ ៥:៨​) មាតា​បិតា​គ្រីស្ទាន ពិត​ជា​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ពេល​ពួក​គាត់​ខិត​ខំ​ចិញ្ចឹម​អប់រំ​កូន​របស់​ខ្លួន​ដោយ‹ដំបូន្មាន និង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​យេហូវ៉ា›។ (​អេភេសូរ ៦:៤​) តើ​តាម​វិធី​ណា​ដែល​មាតា​បិតា​អាច​ជួយ​កូន​របស់​ខ្លួន​ធំ​ឡើង​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​ភាព​ចាស់​ទុំ និង​ចេះ​វិនិច្ឆ័យ​«​ដឹង​ខុស​ត្រូវ​»​បាន?—ហេព្រើរ ៥:១៤

៣. ហេតុ​ដូច​ម្ដេច​បាន​ជា​មាតា​បិតា​ចាំ​បាច់​បង្ហាត់​បង្រៀន​និង​ណែនាំ​កូន​របស់​ខ្លួន ដើម្បី​ចិញ្ចឹម​អប់រំ​គេ​ដោយ​ជោគ​ជ័យ​នោះ?

ស្តេច​សាឡូម៉ូន​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា បាន​សង្កេត​ឃើញ​ថា​៖ ​«​សេចក្ដី​ចំ​កួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង​»។ (​សុភាសិត ១៣:១; ២២:១៥​) ក្មេង​ៗ​ត្រូវ​ការ​នូវ​ការ​កែ​តម្រង់​ដោយ​សេចក្ដី​ស្រឡាញ់​ពី​មាតា​បិតា​របស់​ខ្លួន ដើម្បី​បំបាត់​ចោល​សេចក្ដី​ចំ​កួត​ពី​ចិត្ត។ ក៏​ប៉ុន្តែ យុវជន​មិន​តែង​តែ​សប្បាយ​ចិត្ត​ទទួល​នូវ​ការ​កែ​តម្រង់​បែប​នោះ​ឡើយ។ តាម​ពិត គេ​ច្រើន​តែ​តូច​ចិត្ត​នឹង​ឱវាទ មិន​ថា​អ្នក​ណា​ជូន​ឱវាទ​នោះ​ក៏​ដោយ។ ហេតុ​នេះ​ហើយ មាតា​បិតា​ត្រូវ​រៀន​«​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​»។ (​សុភាសិត ២២:៦​) ពេល​បុត្រ​ធីតា​កាន់​ខ្ជាប់​តាម​ដំបូន្មាន​នេះ គេ​នឹង​អាច​ទទួល​ជីវិត​បាន។ (​សុភាសិត ៤:១៣​) គឺ​ជា​ការ​សំខាន់​ណាស់​ហ្ន៎! ដែល​មាតា​បិតា​យល់​ដឹង​អំពី​របៀប​បង្ហាត់​បង្រៀន​កូន​របស់​ខ្លួន​នោះ។

ការ​ប្រៀន​ប្រដៅ តើ​នោះ​មាន​ន័យ​អ្វី?

៤. តើ​ពាក្យ​«​ប្រៀន​ប្រដៅ​»​ច្រើន​តែ​មាន​ន័យ​អ្វី​ក្នុង​ព្រះ​គម្ពីរ?

មាតា​បិតា​ខ្លះ​មិន​កែ​តម្រង់​កូន​របស់​ខ្លួន ដោយ​សារ​ពួក​គាត់​ភ័យ​ខ្លាច​ថា គាត់​នឹង​ត្រូវ​គេ​ចោទ​ប្រកាន់​ថា គាត់​ជា​អ្នក​គំរាម​កំហែង​ទៅ​លើ​រាង​កាយ ផ្លូវ​ចិត្ត​របស់​កូន ឬ​ក៏​នឹង​ត្រូវ​ចាត់​ទុក​ជា​អ្នក​ធ្វើ​បាប​កូន​ដោយ​ពាក្យ​សំដី។ យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ដូច្នោះ​ទេ។ ពាក្យ​ដែល​ថា​«​ប្រៀន​ប្រដៅ​»​ដូច​ជា​ព្រះ​គម្ពីរ​ប្រើ​នោះ មិន​ទាក់​ទង​នឹង​ការ​គំរាម​កំហែង ឬ​ភាព​ឃោរ​ឃៅ​ណា​សោះ។ ពាក្យ​ភាសា​ក្រិក​ដែល​មាន​ន័យ​ថា​«​ប្រៀន​ប្រដៅ​»​ច្រើន​តែ​សំដៅ​ទៅ​លើ​ការ​ណែនាំ ការ​អប់រំ ការ​កែ​តម្រង់ និង​ជួន​កាល​ការ​ដាក់​ទោស​ដ៏​ម៉ឺង​ម៉ាត់​តែ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។

៥. ហេតុ​អ្វី​បាន​ជា​ការ​ពិចារណា​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​រាស្ត្រ​ទ្រង់ គឺ​មាន​ប្រយោជន៍?

ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ខាង​ការ​ប្រៀន​ប្រដៅ។ សាវ័ក​ប៉ុល​បាន​ប្រៀប​ធៀប​ព្រះ​យេហូវ៉ា​ទៅ​នឹង​បិតា​ដែល​ជា​មនុស្សជាតិ​ម្នាក់​ដោយ​សរសេរ​ថា​៖ ​«​មាតា​បិតា​ទាំង​ឡាយ​កែ​តម្រង់​កូន​របស់​ខ្លួន មែន​ទេ? . . . បិតា​ដែល​ជា​មនុស្សជាតិ​របស់​យើង​កែ​តម្រង់​យើង​មួយ​រយៈ​ខ្លី ហើយ​បិតា​ធ្វើ​ដូច្នេះ​តាម​តែ​ចិត្ត​គាត់​គិត​ថា​ល្អ​បំផុត។ តែ​ព្រះ​វិញ ទ្រង់​កែ​តម្រង់​យើង​ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍ ពីព្រោះ​ទ្រង់​មាន​ព្រះ​ទ័យ​ឲ្យ​យើង​ទៅ​ជា​បរិសុទ្ធ​»។ (​ហេព្រើរ ១២:៧​-​១០, ព្រះ​គម្ពីរ​ភាសា​អង់គ្លេស​ទាន់សម័យ​) ព្រះ​យេហូវ៉ា​ពិត​ជា​ប្រៀន​ប្រដៅ​រាស្ត្រ​របស់​ទ្រង់​ដើម្បី​ឲ្យ​គេ​ទៅ​ជា​បរិសុទ្ធ​ឬ​ក៏​ឥត​សៅ​ហ្មង។ យើង​ប្រាកដ​ជា​អាច​រៀន​ជា​ច្រើន​អំពី​ការ​ប្រៀន​ប្រដៅ​កូន ដោយ​ពិចារណា​នូវ​របៀប​ព្រះ​យេហូវ៉ា​បាន​បង្ហាត់​បង្រៀន​រាស្ត្រ​របស់​ទ្រង់។—ចោទិយកថា ៣២:៤; ម៉ាថាយ ៧:១១; អេភេសូរ ៥:១

សេចក្ដី​ស្រឡាញ់​គឺ​ជា​ឥទ្ធិពល​ដែល​ជំរុញ​ចិត្ត

៦. ហេតុ​អ្វី​បាន​ជា​មាតា​បិតា​ប្រហែល​ជា​ជួប​ប្រទះ​ការ​ពិបាក ក្នុង​ការ​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា?

សាវ័ក​យ៉ូហាន​បាន​និយាយ​ថា​៖ ​«​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​»។ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​តែង​តែ​បង្ហាត់​បង្រៀន ដោយ​សារ​ទ្រង់​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់។ (​យ៉ូហាន​ទី​១ ៤:៨; សុភាសិត ៣:១១, ១២​) តើ​នេះ​មាន​ន័យ​ថា មាតា​បិតា​ដែល​ធម្មតា​មាន​ទំនោរ​ចិត្ត​ស្រឡាញ់​បុត្រ​ធីតា​របស់​ខ្លួន នឹង​អាច​ត្រាប់​តាម​ព្រះ​យេហូវ៉ា​បាន​យ៉ាង​ងាយ​ស្រួល​ក្នុង​រឿង​នេះ​ទេ? មិន​តែង​តែ​ដូច្នេះ​ទេ!។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​មូលដ្ឋាន​ទៅ​លើ​គោល​ការណ៍។ បណ្ឌិត​ម្នាក់​ខាង​ភាសា​ក្រិក​លើក​បញ្ជាក់​ថា សេចក្ដី​ស្រឡាញ់​បែប​នេះ​«​មិន​តែង​តែ​សម​ស្រប​ទៅ​តាម​ទំនោរ​ចិត្ត​ធម្មតា​នោះ​ឡើយ​»។ ព្រះ​ទ័យ​ព្រះ​មិន​ត្រូវ​ជំរុញ​ដោយ​មនោសញ្ចេតនា​ទេ។ ទ្រង់​រមែង​តែ​ពិចារណា​ជា​និច្ច​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​ល្អ​បំផុត​ចំពោះ​រាស្ត្រ​ទ្រង់​វិញ។—អេសាយ ៣០:២០; ៤៨:១៧

៧, ៨. (​ក​) តើ​ព្រះ​យេហូវ៉ា​តាំង​គំរូ​អ្វី​ពី​សេចក្ដី​ស្រឡាញ់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​គោល​ការណ៍ ក្នុង​ការ​ទាក់​ទង​រាស្ត្រ​របស់​ទ្រង់​នោះ? (​ខ​) តើ​មាតា​បិតា​អាច​ត្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ណា ស្តី​ពី​ការ​ជួយ​កូន​របស់​គេ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សមត្ថភាព​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ?

ចូរ​ពិចារណា​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​សម្ដែង ពេល​ទ្រង់​ទាក់​ទង​សាសន៍​អ៊ីស្រាអែល។ លោក​ម៉ូសេ​បាន​ប្រើ​ការ​ប្រៀប​ប្រដូច​មួយ​ដ៏​ពីរោះ​ស្ដាប់ ដើម្បី​ពណ៌នា​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​ថ្មោង​ថ្មី​របស់​ទ្រង់។ យើង​អាន​ថា​៖ ​«​ដូច​ជា​សត្វ​ឥន្ទ្រី ដែល​ដាស់​តឿន​កូន​នៅ​សំបុក ក៏​ហើរ​សំ​រឹង​ពី​លើ រួច​ត្រដាង​ស្លាប​ទទួល​កូន ទ្រ​នៅ​លើ​ចំអេង​ឡើង ព្រះ​យេហូវ៉ា​តែ​១​ព្រះ​អង្គ ទ្រង់​បាន​នាំ[​យ៉ាកុប​]​»។ (​ចោទិយកថា ៣២:៩, ១១, ១២​) មេ​ឥន្ទ្រី​បង្រៀន​កូន​របស់​វា​ឲ្យ​ចេះ​ហោះ​ហើរ ដោយ​មុន​ដំបូង‹ដាស់​តឿន​កូន​នៅ​សំបុក› គឺ​វារ​លាស់​ទទះ​ស្លាប​ដើម្បី​ជំរុញ​ឲ្យ​កូន​វា​ហើរ​ទៅ។ ពេល​កូន​ឥន្ទ្រី​មួយ​លោត​ចេញ​ពី​សំបុក​ដែល​ធម្មតា​នៅ​លើ​ផ្ទាំង​ថ្ម​ខ្ពស់​ចោត​មួយ នោះ​មេ​ឥន្ទ្រី​«​ហើរ​សំ​រឹង​ពី​លើ​»​កូន​របស់​វា។ បើ​សិន​ជា​វា​ឃើញ​ថា​កូន​វា​ប្រហែល​ជា​នឹង​ធ្លាក់​ដល់​ដី នោះ​មេ​ឥន្ទ្រី​ហើរ​ទៅ​ក្រោម​កូន​វា​ដោយ​«​ទ្រ​នៅ​លើ​ចំអេង​ឡើង​»។ ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​ដោយ​សេចក្ដី​ស្រឡាញ់​នូវ​សាសន៍​អ៊ីស្រាអែល​ដ៏​ថ្មី​នោះ​តាម​វិធី​ស្រដៀង​គ្នា​ដែរ។ ទ្រង់​បាន​ប្រទាន​ក្រិត្យ​វិន័យ​ម៉ូសេ​ចំពោះ​ពួក​គេ។ (​ទំនុក​ដំកើង ៧៨:៥​-​៧​) ក្រោយ​នោះ ព្រះ​ក៏​ការ​ពារ​រាស្ត្រ​ទ្រង់​យ៉ាង​ហ្មត់​ចត់ ទាំង​ប្រុង​ប្រៀប​សង្គ្រោះ​គេ​ពេល​ដែល​គេ​ជួប​ប្រទះ​ការ​ពិបាក។

តើ​មាតា​បិតា​គ្រីស្ទាន​អាច​ត្រង​ត្រាប់​តាម​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ទី​មួយ ពួក​គាត់​ត្រូវ​បង្រៀន​កូន​របស់​ខ្លួន​នូវ​គោល​ការណ៍​និង​ខ្នាត​តម្រា​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ (​ចោទិយកថា ៦:៤​-​៩​) នេះ​គឺ​ដោយ​មាន​គោល​បំណង​ជួយ​កូន​រៀន​ធ្វើ​ការ​សម្រេច​ចិត្ត​សម​ស្រប​ទៅ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ។ ដោយ​ធ្វើ​យ៉ាង​នេះ មាតា​បិតា​ដែល​មាន​សេចក្ដី​ស្រឡាញ់​គឺ​ប្រៀប​ដូច​ជា​ហើរ​សំ​រឹង​ពី​លើ​កូន​របស់​ខ្លួន ដោយ​មើល​របៀប​កូន​អនុវត្ត​តាម​គោល​ការណ៍​ដែល​គេ​បាន​រៀន​នោះ។ ក្នុង​កំឡុង​ដែល​កូន​កំពុង​តែ​ធំ​ឡើង​និង​ទទួល​សេរី​ភាព​ជា​បណ្ដើរ​ៗ នោះ​មាតា​បិតា​ដែល​ស្រឡាញ់​កូន ប្រុង​ប្រៀប​«​ហើរ​ហក់​ចុះ​»​និង‹ទ្រ​កូន​នៅ​លើ​ចំអេង​ឡើង›ពេល​ដែល​គេ​ជិត​មាន​គ្រោះ​ថ្នាក់។ តើ​អាច​មាន​គ្រោះ​ថ្នាក់​បែប​ណា​ទៅ?

៩. តើ​មាតា​បិតា​ដែល​ស្រឡាញ់​កូន​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​បញ្ហា​អ្វី​ជា​ពិសេស​នោះ? សូម​ជូន​ឧទាហរណ៍។

ព្រះ​យេហូវ៉ា​បាន​ព្រមាន​អ៊ីស្រាអែល​អំពី​ផល​វិបាក​ដែល​មក​ពី​ការ​សេព​គប់​មិន​ល្អ។ (​ជន​គណនា ២៥:១​-​១៨; អែសរ៉ា ១០:១០​-​១៤​) ការ​សេព​គប់​មិន​ល្អ​ក៏​ជា​គ្រោះ​ថ្នាក់​ដ៏​ធម្មតា​មួយ​នៅ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។ (​កូរិនថូស​ទី​១ ១៥:៣៣​) គឺ​គួរ​គប្បី​ដែល​មាតា​បិតា​គ្រីស្ទានធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ក្នុង​រឿង​នេះ។ យុវតី​ម្នាក់​ឈ្មោះ​លីសា អាយុ​១៥​ឆ្នាំ បាន​ចាប់​ចិត្ត​នឹង​ប្រុស​ម្នាក់​ដែល​មិន​កាន់​តាម​គោល​ការណ៍​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ​ដូច​ជា​គ្រួសារ​នាង​លីសា​ឡើយ។ លីសា​ប្រាប់​ថា​៖ ​«​ប៉ា​ម៉ាក់​ខ្ញុំ​បាន​កត់​សម្គាល់​ភ្លាម​ៗ​ថា ចិត្ត​គំនិត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ និង​ពួក​គាត់​ចាប់​ផ្ដើម​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់។ ជួន​កាល​គាត់​ប្រដៅ​ខ្ញុំ និង​ជួន​កាល​គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​យ៉ាង​សប្បុរស​»។ ពួក​គាត់​បាន​អង្គុយ​ស្ដាប់​លីសា​ដោយ​ចិត្ត​អត់​ធ្មត់ ហើយ​តាម​វិធី​នេះ​បាន​ជួយ​នាង​ស៊ូ​ទ្រាំ​នឹង​អ្វី​ដែល​ពួក​គាត់​បាន​យល់​ឃើញ​ថា ជា​ដើម​ហេតុ​នៃ​បញ្ហា​នោះ​គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ឲ្យ​ពួក​អ្នក​ស្រករ​ៗ​នាង​ពេញ​ចិត្ត​នឹង​នាង។ a

ចូរ​រក្សា​ឲ្យ​មាន​ការ​និយាយ​ទាក់​ទង​គ្នា​យ៉ាង​ល្អ

១០. តើ​ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​ល្អ​អ្វី ក្នុង​ការ​ទាក់​ទង​សាសន៍​អ៊ីស្រាអែល?

១០ ដើម្បី​ជោគ​ជ័យ​ក្នុង​ការ​បង្ហាត់​បង្រៀន​កូន​របស់​ខ្លួន មាតា​បិតា​ត្រូវ​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​ការ​និយាយ​ទាក់​ទង​គ្នា​យ៉ាង​ល្អ​ជា​មួយ​កូន​របស់​ខ្លួន។ ទោះ​ជា​ព្រះ​យេហូវ៉ា​ជ្រាប​ដឹង​អំពី​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​ចិត្ត​របស់​យើង​យ៉ាង​ណា​ក្ដី តែ​ទ្រង់​នៅ​តែ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទូល​ទៅ​រក​ទ្រង់។ (​របាក្សត្រ​ទី​១ ២៨:៩​) ក្រោយ​ពី​ព្រះ​យេហូវ៉ា​ប្រទាន​ក្រិត្យ​វិន័យ​ចំពោះ​អ៊ីស្រាអែល នោះ​ទ្រង់​បាន​កំណត់​ឲ្យ​ពួក​លេវី​បង្ហាត់​បង្រៀន​គេ និង​ក៏​បាន​ចាត់​ឲ្យ​ពួក​ព្យាការី​របស់​ទ្រង់​ឲ្យ​ទៅ​ពន្យល់​វែក​ញែក​និង​កែ​តម្រង់​គេ​ទៀត​ផង។ ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​ថា ទ្រង់​សុខ​ព្រះ​ទ័យ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​គេ​ដែរ។—របាក្សត្រ​ទី​២ ១៧:៧​-​៩; ទំនុក​ដំកើង ៦៥:២; អេសាយ ១:១​-​៣, ១៨​-​២០; យេរេមា ២៥:៤; កាឡាទី ៣:២២​-​២៤

១១. (​ក​) តើ​មាតា​បិតា​អាច​បង្កើត​ឲ្យ​មាន​ការ​និយាយ​ទាក់​ទង​គ្នា​យ៉ាង​ល្អ​ជា​មួយ​កូន​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​មាតា​បិតា​ជា​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​កូន​យ៉ាង​ល្អ ពេល​គាត់​និយាយ​ទាក់​ទង​នឹង​កូន​របស់​ខ្លួន?

១១ តើ​មាតា​បិតា​អាច​ធ្វើ​តម្រាប់​តាម​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច ពេល​ពួក​គាត់​និយាយ​ទាក់​ទង​កូន​របស់​ខ្លួន? មុន​បង្អស់​និង​សំខាន់​បំផុត​នោះ មាតា​បិតា​ត្រូវ​ឆ្លៀត​ពេល​សំរាប់​កូន។ មាតា​បិតា​ក៏​ត្រូវ​ជៀស​វាង​ពាក្យ​មិន​សម​គួរ​ដែល​ចំអក​បញ្ឈឺ​ចិត្ត​ដូច​ជា​«​ឯង​ចង់​ប្រាប់​តែ​ប៉ុន​ហ្នឹង​ទេ​អ្ហេ​? អញ​ស្មាន​តែ​ជា​រឿង​សំខាន់​»​ ​«​រឿង​តូច​តាច​ហ្នឹង​សោះ!​»​ ​«​ឯង​នៅ​តែ​ក្មេង វា​ត្រូវ​តែ​អ៊ីចឹង!​»។ (​សុភាសិត ១២:១៨​) ដើម្បី​លើក​ទឹក​ចិត្ត​កូន​ឲ្យ​រាប់​រៀប​ប្រាប់​ពី​អ្វី​ក្នុង​ចិត្ត​របស់​គេ នោះ​មាតា​បិតា​ដែល​មាន​ប្រាជ្ញា​ខិត​ខំ​ធ្វើ​ជា​អ្នក​ដែល​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ មាតា​បិតា​ដែល​មិន​អើពើ​នឹង​កូន​របស់​ខ្លួន​ពេល​កូន​នោះ​នៅ​តូច​នៅ​ឡើយ ប្រហែល​ជា​នឹង​ឃើញ​ថា​ពេល​កូន​នោះ​ធំ​ឡើង គេ​នឹង​មិន​អើពើ​នឹង​គាត់​វិញ។ ព្រះ​យេហូវ៉ា​តែង​តែ​សុខ​ព្រះ​ទ័យ​សណ្ដាប់​រាស្ត្រ​របស់​ទ្រង់។ ទ្រង់​តែង​តែ​ផ្ទៀង​ព្រះ​កាណ៌​ទ្រង់​ជា​និច្ច​ដើម្បី​សណ្ដាប់​អ្នក​ដែល​ទូល​រក​ទ្រង់​ដោយ​ចិត្ត​រាប​ទាប​តាម​រយៈ​សេចក្ដី​អធិស្ឋាន។—ទំនុក​ដំកើង ៩១:១៥; យេរេមា ២៩:១២; លូកា ១១:៩​-​១៣

១២. តើ​មាតា​បិតា​អាច​សម្ដែង​គុណ​សម្បត្ដិ​អ្វី​ខ្លះ ដែល​អាច​ធ្វើ​ឲ្យ​កូន​ស្រួល​ជាង​ក្នុង​ការ​និយាយ​ទាក់​ទង​នឹង​គាត់?

១២ សូម​ពិចារណា​នូវ​របៀប​ដែល​ផ្នែក​ផ្សេង​ៗ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ងាយ​ស្រួល​ទូល​ទាក់​ទង​ទ្រង់​ដោយ​ចិត្ត​សេរី។ ជាក់​ស្តែង​ដូច​ជា ស្តេច​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់​ដោយ​ផិត​ជា​មួយ​នាង​បាតសេបា។ ដោយ​សារ​ដាវីឌ​ជា​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍​នោះ ទ្រង់​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​ឯ​ទៀត​ក្នុង​ជីវិត​របស់​ទ្រង់។ ក៏​ប៉ុន្តែ ដាវីឌ​មិន​ដែល​ខាន​ទូល​ព្រះ​យេហូវ៉ា​នឹង​សូម​ការ​លើក​លែង​ទោស​និង​ការ​ប្រដៅ​តម្រង់​ពី​ទ្រង់​ឡើយ។ សេចក្ដី​សប្បុរស​ដ៏​ស្មោះ​និង​សេចក្ដីមេត្ដា​ករុណា​របស់​ព្រះ​ប្រាកដ​ជា​ហេតុ​ដែល​ដាវីឌ​អាច​វិល​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​យ៉ាង​ងាយ​ស្រួល​ជាង​វិញ។ (​ទំនុក​ដំកើង ១០៣:៨​) ដោយ​បង្ហាញ​គុណ​សម្បត្ដិ​ដូច​ព្រះ ដូច​ជា​ការ​អាណិត​អាសូរ​និង​សេចក្ដី​មេត្ដា​ករុណា មាតា​បិតា​អាច​ជួយ​រក្សា​ឲ្យ​មាន​ការ​និយាយ​ទាក់​ទង​គ្នា​យ៉ាង​ល្អ សូម្បី​តែ​ពេល​កូន​ធ្វើ​ខុស​ក្ដី។—ទំនុក​ដំកើង ១០៣:១៣; ម៉ាឡាគី ៣:១៧

ចូរ​បង្ហាញ​ភាព​សម​ហេតុ​ផល

១៣. តើ​ភាព​សម​ហេតុ​សម​ផល​រួម​បញ្ចូល​អ្វី​ខ្លះ?

១៣ ពេល​មាតា​បិតា​ស្ដាប់​កូន នោះ​គាត់​ត្រូវ​បង្ហាញ​ភាព​សម​ហេតុ​សម​ផល​និង​សម្ដែង​នូវ​«​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​»។ (​យ៉ាកុប ៣:១៧​) សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់[​ភាព​សម​ហេតុ​សម​ផល​]របស់​អ្នក​រាល់​គ្នា​ចុះ!​»។ (​ភីលីព ៤:៥​) តើ​ភាព​សម​ហេតុ​សម​ផល​មាន​ន័យ​អ្វី​ទៅ? អត្ថន័យ​មួយ​នៃ​ពាក្យ​ភាសា​ក្រិក​ដែល​ត្រូវ​បក​ប្រែ​ជា​«​សម​ហេតុ​សម​ផល​»​ គឺ​មាន​ន័យ​ថា​«​មិន​ប្រកាន់​ច្បាប់​យ៉ាង​តឹង​រ៉ឹង​»។ តើ​មាតា​បិតា​អាច​បង្ហាញ​ភាព​សម​ហេតុ​សម​ផល ទាំង​នៅ​ដំណាល​នោះ​ដែល​គាត់​និយាយ​គាំទ្រ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ​ឬ​ទេ?

១៤. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ភាព​សម​ហេតុ​សម​ផល​យ៉ាង​ដូច​ម្ដេច ពេល​ទ្រង់​ទាក់​ទង​នឹង​លោក​ឡុត?

១៤ ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ប្រសើរ​ស្តី​ពី​ការ​បង្ហាញ​ភាព​សម​ហេតុ​សម​ផល។ (​ទំនុក​ដំកើង ១០:១៧​) ពេល​ទ្រង់​ដាស់​តឿន​ឲ្យ​លោក​ឡុត​និង​ក្រុម​គ្រួសារ​របស់​លោក​ឲ្យ​ចាក​ចេញ​ពី​ទី​ក្រុង​សូដុំម​ដែល​នឹង​ទទួល​សេចក្ដី​ហិន​វិនាស នោះ​ឡុត​«​នៅ​បង្អែ​បង្អង់​»។ លុះ​ក្រោយ​មក ពេល​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​សុំ​ឲ្យ​គាត់​គេច​ទៅ​ភ្នំ លោក​ឡុត​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​រត់​ទៅ​ឯ​ភ្នំ​មិន​បាន​ទេ . . . មើល​ន៏! មាន​ទី​ក្រុង​១​នុ៎ះ! ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង ឬ​មិន​តូច​ទេ នោះ​ល្មម​នឹង​រត់​ទៅ​ឲ្យ​រួច​បាន សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​ណោះ​វិញ​»។ តើ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​យ៉ាង​ណា? ទ្រង់​មាន​បន្ទូល​ថា​៖ ​«​មើល! អញ​បាន​ព្រម​តាម​ឯង​ក្នុង​ការ​នេះ​ដែរ ឯ​ទី​ក្រុង​១​ដែល​ឯង​និយាយ​នោះ អញ​មិន​បំផ្លាញ​ទេ​»។ (​លោកុប្បត្តិ ១៩:១៦​-​២១, ៣០​) ព្រះ​យេហូវ៉ា​សុខ​ព្រះ​ទ័យ​តាម​សំណូម​ពរ​របស់​លោក​ឡុត។ មាតា​បិតា​ពិត​ជា​ត្រូវ​កាន់​ខ្ជាប់​តាម​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ក្នុង​ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ទ្រង់។ ក៏​ប៉ុន្តែ គាត់​ប្រហែល​ជា​អាច​តាម​សំណូម​ពរ​របស់​កូន បើ​សំណូម​ពរ​នោះ​មិន​ប្រាស​ចាក​ពី​គោល​ការណ៍​ព្រះ​គម្ពីរ​ទេ។

១៥, ១៦. តើ​មាតា​បិតា​អាច​រៀន​មេ​រៀន​អ្វី​ពី​ការ​ប្រៀប​ធៀប​នៅ​អេសាយ ២៨:២៤, ២៥?

១៥ ភាព​សម​ហេតុ​សម​ផល​រួម​បញ្ចូល​ការ​ជួយ​ឲ្យ​កូន​មាន​ចិត្ត​ប្រុង​ប្រៀប​នឹង​ទទួល​ឱវាទ។ អេសាយ​បាន​ប្រៀប​ធៀប​ព្រះ​យេហូវ៉ា​ទៅ​នឹង​អ្នក​ធ្វើ​ចំការ ដោយ​និយាយ​ថា​៖ ​«​ឯ​អ្នក​ដែល​ភ្ជួរ​រាស់​ដើម្បី​សាប​ព្រោះ តើ​គេ​នៅ​តែ​ភ្ជួរ​ជា​និច្ច​ឬ? តើ​គេ​ចេះ​តែ​បំបែក​ដី ហើយ​រាស់​ស្រែ​របស់​ខ្លួន​ជា​ដរាប​ឬ? កាល​ណា​គេ​បាន​ពង្រាប​ដី​ហើយ នោះ​តើ​មិន​ព្រោះ[​ជី​ខា​ម្មិ​ន​ស​] ហើយ​បាច[​ជី​ខា​ម្មិ​ន​ខ្មៅ​] ព្រម​ទាំង​រោយ​ស្រូវ​ភោជ្ជ​សាលី​ទៅ​ជា​ជួរ​ៗ ហើយ​ស្រូវ​ឱ​ក​នៅ​កន្លែង​ដែល​បាន​ដំរូវ​ទុក នឹង​ស្រូវ​អេ​ប៉ូ​ត​តាម​ក្បែរ​ភ្លឺ​ផង​ទេ​ឬ​អី?​»។—អេសាយ ២៨:២៤, ២៥

១៦ ព្រះ​យេហូវ៉ា​«​ភ្ជួរ​រាស់​ដើម្បី​សាប​ព្រោះ​»​និង​«​បំបែក​ដី ហើយ​រាស់​ស្រែ​របស់​ខ្លួន​»។ គឺ​ទ្រង់​ជួយ​រាស្ត្រ​ទ្រង់​ឲ្យ​ប្រុង​ប្រៀប​ចិត្ត​មុន​ដែល​ទ្រង់​ប្រៀន​ប្រដៅ​គេ។ ពេល​មាតា​បិតា​កែ​តម្រង់​កូន​របស់​ខ្លួន តើ​ពួក​គាត់​អាច‹ភ្ជួរ​រាស់›ចិត្ត​របស់​កូន​ខ្លួន​យ៉ាង​ដូច​ម្ដេច? បិតា​ម្នាក់​ត្រាប់​តាម​ព្រះ​យេហូវ៉ា​ពេល​គាត់​កែ​តម្រង់​កូន​ប្រុស​អាយុ​បួន​ឆ្នាំ​របស់​គាត់។ ពេល​កូន​ប្រុស​របស់​គាត់​វាយ​កូន​ប្រុស​របស់​អ្នក​ជិត​ខាង​នោះ បិតា​នេះ​ស្ដាប់​ដោយ​ចិត្ត​អត់​ធ្មត់​នូវ​ពាក្យ​ដោះ​សា​របស់​កូន​ប្រុស​គាត់​ជា​មុន​សិន។ ក្រោយ​នោះ ដើម្បី‹ភ្ជួរ​រាស់›ចិត្ត​របស់​កូន​ប្រុស​គាត់ នោះ​បិតា​នេះ​រៀប​រាប់​រឿង​មួយ​អំពី​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​រង​ទុក្ខ​វេទនា​ដោយ​សារ​មនុស្ស​ម្នាក់​សម្លុត​គេ។ ពេល​កូន​របស់​គាត់​ឮ​រឿង​នោះ កូន​គិត​ថា​អ្នក​សម្លុត​នោះ​គឺ​គួរ​នឹង​ទទួល​ទោស។ ការ‹ភ្ជួរ​រាស់›បែប​នេះ​បាន​រៀបចំ​ចិត្ត​របស់​ក្មេង​ប្រុស​នោះ​ឲ្យ​ទទួល​ស្គាល់​យ៉ាង​ស្រួល​ជាង​ថា ការ​វាយ​កូន​ប្រុស​របស់​អ្នក​ជិត​ខាង​គឺ​ជា​ការ​សម្លុត​និង​ជា​អំពើ​ដ៏​ខុស។—សាំយូអែល​ទី​២ ១២:១​-​១៤

១៧. តើ​អេសាយ ២៨:២៦​-​២៩ មាន​មេ​រៀន​អ្វី​ស្តី​ពី​ការ​កែ​តម្រង់​ដោយ​មាតា​បិតា?

១៧ អេសាយ​ក៏​បាន​ប្រៀប​ធៀប​ការ​កែ​តម្រង់​ពី​ព្រះ​យេហូវ៉ា​ទៅ​នឹង​បែប​បទ​មួយ​ទៀត​នៃ​ការ​ធ្វើ​ចំការ គឺ​ជា​ការ​បោក​បែន​ស្រូវ។ អ្នក​ធ្វើ​ចំការ​ប្រើ​ឧបករណ៍​ផ្សេង​ៗ​អាស្រ័យ​ទៅ​លើ​ភាព​រឹង​នៃ​សំបក​ស្រូវ។ ដំបង​មួយ​ត្រូវ​ប្រើ​សំរាប់​គ្រាប់​ជី​ខា​ម្មិ​ន​ខ្មៅ​និង​ព្រនង់​មួយ​សំរាប់​គ្រាប់​ជី​ខា​ម្មិ​ន​ស តែ​សំរាប់​គ្រាប់​ដែល​មាន​សំបក​រឹង​ជាង គេ​ប្រើ​គាវ​ឬ​ក៏​កង់​រទេះ​មួយ​វិញ។ យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បោក​បែន​គ្រាប់​រឹង​ទាល់​តែ​ខ្ទេច​អស់​រលីង​នោះ​ឡើយ។ ដូច​គ្នា​ដែរ ពេល​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​បំបាត់​ចោល​នូវ​អ្វី​ដ៏​មិន​សម​គួរ​ពី​រាស្ត្រ​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​សម្រប​វិធី​របស់​ទ្រង់​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​និង​កាលៈទេសៈ​ជាក់​ស្តែង។ ទ្រង់​មិន​ប្រើ​អំណាច​ទ្រង់​តាម​របៀប​ហួស​ហេតុ​ពេក​និង​ទ្រង់​មិន​ដែល​សង្កត់​សង្កិន​ឡើយ។ (​អេសាយ ២៨:២៦​-​២៩​) កូន​ខ្លះ​ត្រូវ​កែ​តម្រង់​ដោយ​មាតា​បិតា​គ្រាន់​តែ​ក្រឡេក​មើល​មុខ​ប៉ុណ្ណោះ ហើយ​គាត់​មិន​ចាំ​បាច់​ធ្វើ​អ្វី​ត​ទៅ​ទៀត​ឡើយ។ កូន​ឯ​ទៀត​ប្រហែល​ជា​ត្រូវ​រំឭក​ម្ដង​ហើយ​ម្ដង​ទៀត តែ​កូន​ខ្លះ​ទៀត​ប្រហែល​ជា​ត្រូវ​ការ​នូវ​ការ​បញ្ចុះ​បញ្ចូល​ដ៏​ខ្លាំង​ជាង។ មាតា​បិតា​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សម​ហេតុ​សម​ផល នឹង​កែ​តម្រង់​កូន​និមួយ​ៗ​យោង​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​កូន​មួយ​នោះ។

ចូរ​ធ្វើ​ឲ្យ​ការ​ពិគ្រោះ​ជា​ក្រុម​គ្រួសារ​ជា​អ្វី​ដ៏​សប្បាយ

១៨. តើ​តាម​របៀប​ណា​ដែល​មាតា​បិតា​អាច​ឆ្លៀត​ពេល​សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​នោះ?

១៨ វិធី​ល្អ​បំផុត​ដែល​អ្នក​អាច​ណែនាំ​កូន​របស់​អ្នក គឺ​ដោយ​សិក្សា​ព្រះគម្ពីរ​ជា​ក្រុម​គ្រួសារ​យ៉ាង​ទៀង​ទាត់​និង​ពិគ្រោះ​អំពី​បទ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ ការ​សិក្សា​ជា​ក្រុម​គ្រួសារ​មាន​ប្រសិទ្ធិភាព​ពេល​ការ​សិក្សា​នោះ​ត្រូវ​ធ្វើ​ជា​ទៀង​ទាត់។ បើ​សិន​ជា​ការ​សិក្សា​ត្រូវ​ធ្វើ​ឡើង​តែ​ម្ដង​ម្កាល ឬ​ក៏​តាម​តែ​នឹក​ឃើញ​នោះ ការ​សិក្សា​នឹង​ជា​អ្វី​ដ៏​មិន​ទៀង។ ហេតុ​នេះ​ហើយ មាតា​បិតា​ត្រូវ‹លៃ​យក​ពេល›សំរាប់​ការ​សិក្សា។ (​អេភេសូរ ៥:១៥​-​១៧​) ការ​ជ្រើស​រើស​ពេល​ជាក់​លាក់​មួយ​និង​ស្រួល​សំរាប់​សមាជិក​និមួយ​ៗ​អាច​ជា​ការ​ពិបាក​មែន។ មេ​គ្រួសារ​មួយ​ឃើញ​ថា ក្នុង​កំឡុង​ដែល​កូន​គាត់​ធំ​ឡើង កាល​វិភាគ​របស់​គេ​តែង​តែ​ផ្លាស់​ប្ដូរ​ជា​និច្ច ហើយ​នេះ​ធ្វើ​ឲ្យ​ការ​រៀបចំ​ឲ្យ​ក្រុម​គ្រួសារ​ជួប​ជុំ​គ្នា​ជា​អ្វី​ដ៏​ពិបាក​ជាង។ ក៏​ប៉ុន្តែ ក្រុម​គ្រួសារ​នោះ​តែង​តែ​នៅ​ជា​មួយ​គ្នា​ពេល​យប់​នៅ​ថ្ងៃ​ដែល​មាន​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ដូច្នេះ​ហើយ បិតា​គាត់​រៀបចំ​ឲ្យ​មាន​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​នៅ​យប់​មួយ​នោះ​ឯង។ ការ​រៀបចំ​នោះ​បាន​មាន​ប្រសិទ្ធិភាព​មែន។ ឥឡូវ កូន​ទាំង​បី​នាក់​នោះ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា។

១៩. តើ​យ៉ាង​ដូច​ម្ដេច​ដែល​មាតា​បិតា​អាច​ធ្វើ​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​ការ​ដឹក​នាំ​ការ​សិក្សា?

១៩ ក៏​ប៉ុន្តែ ការ​មើល​ពត៌មាន​ខ្លះ​ៗ​ពី​ព្រះ​គម្ពីរ​ក្នុង​កំឡុង​ពេល​សិក្សា​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ព្រះ​យេហូវ៉ា​ធ្លាប់​បង្រៀន​អ៊ីស្រាអែល​ដែល​ទ្រង់​បាន​នាំ​មក​វិញ​នោះ តាម​រយៈ​ពួក​សង្ឃ​ដែល​«​ស្រាយ​ន័យ​សេចក្ដី​»​ក្នុង​ក្រិត្យ​វិន័យ ទាំង‹ពន្យល់​បទ​ដែល​អាន​មើល​នោះ›។ (​នេហេមា ៨:៨​) បិតា​ម្នាក់​ដែល​បាន​ជោគ​ជ័យ​ក្នុង​ការ​ជួយ​កូន​ទាំង​ប្រាំ​ពីរ​នាក់​របស់​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា តែង​តែ​ចូល​ក្នុង​បន្ទប់​ខ្លួន​មុន​ការ​សិក្សា​ជា​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ដោយ​សម្រប​ពត៌មាន​នោះ​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​កូន​និមួយ​ៗ។ គាត់​ធ្វើ​ឲ្យ​ការ​សិក្សា​នោះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​របស់​គាត់​សប្បាយ​ចិត្ត។ កូន​ប្រុស​មួយ​ដែល​ឥឡូវ​ធំ​ហើយ​ប្រាប់​ថា​៖ ​«​ការ​សិក្សា​នោះ​តែង​តែ​សប្បាយ។ បើ​សិន​ជា​យើង​កំពុង​តែ​លេង​បាល់​ខាង​ក្រៅ និង​គាត់​ហៅ​ឲ្យ​យើង​ចូល​មក​សិក្សា​ជា​ក្រុម​គ្រួសារ យើង​ឈប់​លេង​ភ្លាម​នឹង​រត់​ចូល​ផ្ទះ​តែ​ម្ដង​ដើម្បី​សិក្សា។ រៀង​រាល់​សប្ដាហ៍ ថ្ងៃ​សិក្សា​នោះ​គឺ​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ​បំផុត​»។

២០. តើ​យើង​ត្រូវ​ពិចារណា​នូវ​បញ្ហា​អ្វី​ដែល​អាច​កើត​មាន​ឡើង​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន?

២០ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ប្រកាស​ថា​៖ ​«​មើល! កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា ហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ​»។ (​ទំនុក​ដំកើង ១២៧:៣​) ការ​បង្ហាត់​បង្រៀន​កូន​របស់​យើង​តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល​វេលា​ថែម​ទាំង​ខំ​ព្យាយាម​ផង​ដែរ តែ​បើ​សិន​ជា​យើង​ធ្វើ​អ៊ីចឹង​តាម​វិធី​ត្រឹម​ត្រូវ នោះ​កូន​របស់​យើង​អាច​ទទួល​ជីវិត​ជា​រៀង​រហូត​បាន។ នោះ​គឺ​ជា​រង្វាន់​ដ៏​ប្រសើរ​ណាស់​ហ្ន៎! ដូច្នេះ ចូរ​ឲ្យ​យើង​ខ្នះ​ខ្នែង​ត្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាត់​បង្រៀន​កូន​របស់​យើង។ ក៏​ប៉ុន្តែ ទោះ​ជា​មាតា​បិតា​មាន​ភារកិច្ច‹បង្រៀន​កូន​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​យេហូវ៉ា›យ៉ាង​ណា​ក្ដី គ្មាន​អ្វី​ដែល​ធានា​ថា​គាត់​នឹង​បាន​ជោគ​ជ័យ​ក្នុង​ការ​នោះ​ទេ។ (​អេភេសូរ ៦:៤​) សូម្បី​តែ​ពេល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ល្អ​បំផុត​ក៏​ដោយ កូន​មួយ​អាច​តាំង​ចិត្ត​មិន​ស្ដាប់​បង្គាប់​នឹង​ឈប់​បំរើ​ព្រះ​យេហូវ៉ា។ ពេល​នោះ​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? នោះ​ជា​សាច់​រឿង​នៃ​អត្ថបទ​ជា​បន្ទាប់។

[​កំណត់​សម្គាល់​]

a បទ​ពិសោធន៍​ក្នុង​អត្ថបទ​នេះ​នឹង​អត្ថបទ​ជា​បន្ទាប់​នោះ ប្រហែល​ជា​មក​ពី​ប្រទេស​ដែល​មាន​វប្បធម៌​ខុស​គ្នា​ពី​ប្រទេស​របស់​លោក​អ្នក។ ចូរ​ខំ​ស្វែង​យល់​ពី​គោល​ការណ៍​ដែល​ទាក់​ទង​នឹង​រឿង​ទាំង​នេះ និង​អនុវត្ត​តាម​ក្នុង​វប្បធម៌​របស់​ខ្លួន​វិញ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​តាម​របៀប​ណា​ដែល​មាតា​បិតា​អាច​ធ្វើ​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ដូច​ត្រូវ​ពណ៌នា​នូវ​ចោទិយកថា ៣២:១១, ១២?

• តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទាក់​ទង​នឹង​អ៊ីស្រាអែល​នោះ?

• តើ​ការ​សណ្ដាប់​របស់​ព្រះ​យេហូវ៉ា​នូវ​សំណូម​ពរ​របស់​លោក​ឡុត បង្រៀន​យើង​មេ​រៀន​អ្វី?

• តើ​អ្នក​បាន​រៀន​មេ​រៀន​អ្វី​ខ្លះ​ស្តី​អំពី​ការ​កែ​តម្រង់​កូន​ពី​អេសាយ ២៨:២៤​-​២៩?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​៩​]

លោក​ម៉ូសេ​បាន​ប្រដូច​របៀប ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​រាស្ត្រ​របស់​ទ្រង់​ទៅ​នឹង របៀប​សត្វ​ឥន្ទ្រី​ហើរ​សំ​រឹង​ពី​លើ​កូន

[​រូប​ភាព​នៅ​ទំព័រ​១០​]

មាតា​បិតា​ត្រូវ​ឆ្លៀត​ពេល សំរាប់​កូន​របស់​ខ្លួន

[​រូប​ភាព​នៅ​ទំព័រ​១២​]

​«​រៀង​រាល់​សប្ដាហ៍ ថ្ងៃ​សិក្សា​នោះ​គឺ​ជា​ថ្ងៃ​មួយ ដ៏​សប្បាយ​បំផុត​»​