លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបណ្ដុះឲ្យមានចិត្តត្រូវនឹងព្រះហឫទ័យព្រះយេហូវ៉ា

ចូរបណ្ដុះឲ្យមានចិត្តត្រូវនឹងព្រះហឫទ័យព្រះយេហូវ៉ា

ចូរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា

​«​ឱ​ព្រះ​អង្គ​អើយ! សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល​បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល​បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​»។—ទំនុក​ដំកើង ៥១:១០

១, ២. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ចាប់​អារម្មណ៍​ទៅ​លើ​ចិត្ត​របស់​យើង?

 គាត់​ជា​បុរស​ខ្ពស់​សង្ហា​ម្នាក់។ ពេល​ព្យាការី​សាំយូអែល​ឃើញ​បុរស​នោះ លោក​កោត​ស្ងើច​ដល់​ម្ល៉េះ​បាន​ជា​គាត់​សន្និដ្ឋាន​ថា កូន​ច្បង​នេះ​របស់​លោក​អ៊ីសាយ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​ជ្រើស​រើស​ឲ្យ​ស្នង​រាជ្យ​ធ្វើ​ជា​ស្តេច​បន្ទាប់​ពី​សូល។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ ​«​កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់[​របស់​កូន​ប្រុស​ម្នាក់​]នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ . . . មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ​យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ​»។ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​កូន​ពៅ​របស់​អ៊ីសាយ ឈ្មោះ​ដាវីឌ​ជា​បុរស​ដែល​«​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ទ្រង់​»។—សាំយូអែល​ទី​១ ១៣:១៤; ១៦:៧

ព្រះ​អាច​ជ្រាប​ដឹង​ពី​អ្វី​ក្នុង​ចិត្ត​មនុស្ស ដូច​ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្រោយ​មក​ដោយ​បន្ទូល​ថា​៖ ​«​អញ​នេះ គឺ​ព្រះ​យេហូវ៉ា អញ​ស្ទង់​ចិត្ត អញ​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​»។ (​យេរេមា ១៧:១០​) ព្រះ​យេហូវ៉ា​ប្រាកដ​ជា​អ្នក​«​ល​មើល​ចិត្ត​»​មែន។ (​សុភាសិត ១៧:៣​) ក៏​ប៉ុន្តែ តើ​ចិត្ត​របស់​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ពិនិត្យ​ពិច័យ​នោះ ជា​អ្វី​ទៅ? ហើយ​តើ​យើង​អាច​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​មួយ​ដែល​ត្រូវ​នឹង​ព្រះ​ហឫទ័យ​របស់​ទ្រង់?

«​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​»​

៣, ៤. ក្នុង​ព្រះ​គម្ពីរ តើ​ពាក្យ​«​ចិត្ត​»​ច្រើន​តែ​សំដៅ​លើ​អ្វី? សូម​លើក​ឧទាហរណ៍។

ពាក្យ​«​ចិត្ត​»​ លេច​ឡើង​ប្រមាណ​មួយ​ពាន់​ដង​ក្នុង​បទ​គម្ពីរ​បរិសុទ្ធ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ព្យាការី​ម៉ូសេ​ថា​៖ ​«​ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​យក​ដង្វាយ​មក​ថ្វាយ​អញ ត្រូវ​ទទួល​ដង្វាយ​ដែល​ថ្វាយ​ដល់​អញ​នោះ ពី​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត[​ឬ‹ត្រូវ​ចិត្ត​ជំរុញ› ព.ថ.​]​»។ ហើយ​អ្នក​ដែល​ជូន​វិភាគទាន​នោះ គឺ​ជា​«​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត[​ឬ‹មាន​ចិត្ត​ជំរុញ› ព.ថ.​]​»។ (​និក្ខមនំ ២៥:២; ៣៥:២១​) ជាក់​ស្តែង​ហើយ លក្ខណៈ​មួយ​នៃ​ចិត្ត​នោះ គឺ​ជា​កម្លាំង​ជំរុញ ជា​ឥទ្ធិពល​ក្នុង​យើង​ដែល​ជំរុញ​ឲ្យ​យើង​ចាប់​មាន​សកម្មភាព។ ចិត្ត​របស់​យើង​ក៏​សម្ដែង​អំពី​អារម្មណ៍ សេចក្ដី​ប៉ង​ប្រាថ្នា និង​ចំណង់​ចំណូល​ចិត្ត​របស់​យើង​ផង​ដែរ។ ចិត្ត​របស់​មនុស្ស​ម្នាក់​អាច​មាន​កំហឹង​ផ្ទុះ​ឡើង អាច​ញ័រ​រន្ធត់​ដោយ​ភិត​ភ័យ អាច​ក្រៀម​ក្រំ​ដោយ​កើត​ទុក្ខ ឬ​ក៏​អាច​អរ​ព្រួច​ផង​ដែរ។ (​ទំនុក​ដំកើង ២៧:៣; ៣៩:៣; យ៉ូហាន ១៦:២២; រ៉ូម ៩:២​) ចិត្ត​មនុស្ស​អាច​អួតអាង​ឬ​ក៏​រាប​ទាប អាច​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ក៏​សេចក្ដី​ស្អប់។—សុភាសិត ១៦:៥; ម៉ាថាយ ១១:២៩; ពេត្រុស​ទី​១ ១:២២

សម​ស្រប​នឹង​នេះ​ដែរ ពាក្យ​«​ចិត្ត​»​ច្រើន​តែ​ទាក់​ទង​នឹង​កម្លាំង​ជំរុញ​ហើយ​អារម្មណ៍ រីឯ​«​គំនិត​»​វិញ ជាប់​ទាក់​ទង​និង​សតិបញ្ញា​ជា​ពិសេស។ នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ​ពេល​ដែល​នៅ​ក្នុង​បទ​គម្ពីរ​ជា​មួយ​គ្នា។ (​ម៉ាថាយ ២២:៣៧; ភីលីព ៤:៧​) ក៏​ប៉ុន្តែ ចិត្ត​និង​គំនិត​ចុះ​សម្រុង​គ្នា​មិន​ប្រឆាំង​គ្នា​ទេ។ ជា​ឧទាហរណ៍ ម៉ូសេ​បាន​ដាស់​តឿន​ប្រជាជន​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​នឹក​ក្នុង​ចិត្ត [​ឬ‹រំឭក​ក្នុង​គំនិត› កំណត់​ចំណាំ​]ថា ព្រះ​យេហូវ៉ា ទ្រង់​ជា​ព្រះ​ពិត​»។ (​ចោទិយកថា ៤:៣៩, ព.ថ.​) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​ស្ក្រែប​ដែល​កំពុង​តែ​មូល​គំនិត​គ្នា​ដើម្បី​ប្រឆាំង​ទ្រង់​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ?​»។ (​ម៉ាថាយ ៩:៤​) ​«​យោបល់[​ឬ‹ការ​យល់​ដឹង› ព.ថ.​]​»​ ​«​ចំណេះ​»​ និង​«​ការ​រិះ​គិត​»​ ក៏​អាច​ទាក់​ទង​នឹង​ចិត្ត​ដែរ។ (​ពង្សាវតារ​ក្សត្រ​ទី​១ ៣:១២; សុភាសិត ១៥:១៤; ម៉ាកុស ២:៦​) ដូច្នេះ ពាក្យ​ចិត្ត​ក៏​អាច​ទាក់​ទង​នឹង​សតិបញ្ញា គឺ​គំនិត​ឬ​ក៏​ការ​យល់​ដឹង​របស់​យើង។

៥. តើ​ចិត្ត​តំណាង​អ្វី?

យោង​ទៅ​តាម​ឯកសារ​មួយ ចិត្ត​ជា​«​ប្រភព​អារម្មណ៍​ទូទៅ អ្វី​ៗ​ដែល​នៅ​ក្នុង​មនុស្ស​ម្នាក់ ដូច្នេះ​ហើយ​សំដៅ​ទៅ​លើ​ធាតុ​ពិត​របស់​មនុស្ស ដែល​ត្រូវ​សម្ដែង​ដោយ​សកម្មភាព​របស់​គាត់ គឺ​សេចក្ដី​ប៉ង​ប្រាថ្នា ចំណង់​ចំណូល​ចិត្ត អារម្មណ៍ កម្លាំង​ជំរុញ​ចិត្ត គោល​បំណង គំនិត ទស្សនៈ ប្រឌិត​ញាណ ប្រាជ្ញា ចំណេះ បំនិន ជំនឿ ការ​រិះ​គិត សេចក្ដី​នឹក​ចាំ និង​សតិ​សម្បជញ្ញៈ​របស់​គាត់​»។ ចិត្ត​សំដៅ​ទៅ​លើ​លក្ខណៈ​ពិត​ប្រាកដ​របស់​យើង​ខាង​ក្នុង គឺ​ជា​«​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​»។ (​ពេត្រុស​ទី​១ ៣:៤​) នេះ​ហើយ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ទត​ឃើញ​និង​ពិនិត្យ​ពិច័យ។ ម្ល៉ោះ​ហើយ ដាវីឌ​អធិស្ឋាន​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ! សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល​បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល​បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​»។ (​ទំនុក​ដំកើង ៥១:១០​) តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

«​យក​ចិត្ត​ទុក​ដាក់​»​នឹង​បន្ទូល​របស់​ព្រះ

៦. ពេល​សាសន៍​អ៊ីស្រាអែល​បាន​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ តើ​ម៉ូសេ​ដាស់​តឿន​ឲ្យ​គេ​ធ្វើ​យ៉ាង​ណា?

ពេល​អ៊ីស្រាអែល​ប្រមូល​គ្នា​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់​មុន​ដែល​គេ​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​នោះ ម៉ូសេ​បាន​ដាស់​តឿន​គេ​ថា​៖ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​អស់​ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ! ដើម្បី​នឹង​បង្គាប់​ដល់​កូន​ចៅ​ឯង​រាល់​គ្នា ឲ្យ​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម​ដែរ គឺ​ជា​អស់​ទាំង​ពាក្យ​ក្នុង​ក្រិត្យ​វិន័យ​នេះ​»។ (​ចោទិយកថា ៣២:៤៦​) ប្រជាជន​អ៊ីស្រាអែល​ត្រូវ​«​ស្ដាប់​តាម​»។ (​ព្រះ​គម្ពីរ​សេចក្ដី​បក​ប្រែ​របស់​លោក​ណុក​) គេ​ត្រូវ​ស្គាល់​ប​ញ្ញ​តិ​របស់​ព្រះ​យ៉ាង​ច្បាស់​លាស់​ជា​មុន​សិន ទើប​គេ​អាច​ប្រិត​ប្រៀន​កូន​របស់​ខ្លួន​តាម​បង្គាប់​ទាំង​ប៉ុន្មាន​នោះ​បាន។—ចោទិយកថា ៦:៦​-​៨

៧. តើ​ការ​«​យក​ចិត្ត​ទុក​ដាក់​»​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

តម្រូវ​ការ​ចំបង​មួយ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​បរិសុទ្ធ គឺ​ជា​ការ​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​ហឫទ័យ​និង​គោល​បំណង​របស់​ព្រះ។ មាន​ប្រភព​តែ​មួយ​គត់​នៃ​ចំណេះ​នេះ គឺ​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​តែង​មក។ (​ធីម៉ូថេ​ទី​២ ៣:១៦, ១៧​) ក៏​ប៉ុន្តែ ចំណេះ​ទទេ​មិន​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​មួយ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ឡើយ។ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ឬ​អនុញ្ញាត​ឲ្យ​សេចក្ដី​ដែល​យើង​រៀន​នោះ ​«​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​»​យើង ដើម្បី​ឲ្យ​ចំណេះ​មាន​ឥទ្ធិពល​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​យើង។ (​ចោទិយកថា ៣២:៤៦ សេចក្ដី​បក​ប្រែ​អាមេរិកាំង​) តើ​យើង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុក​ដំកើង បាន​ពន្យល់​ថា​៖ ​«​ទូល​បង្គំ​នឹក​ចាំ​ពី​អស់​ទាំង​ថ្ងៃ​ដែល​កន្លង​ទៅ​ហើយ ក៏​រំពឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ​របស់​ទ្រង់ ហើយ​នឹក​ជញ្ជឹង​ពី​អស់​ទាំង​ស្នា​ដៃ​នៃ​ព្រះ​ហស្ត​ទ្រង់​ដែរ​»។—ទំនុក​ដំកើង ១៤៣:៥

៨. តើ​យើង​អាច​ពិចារណា​នូវ​សំនួរ​អ្វី​ខ្លះ​ពេល​យើង​សិក្សា?

យើង​គួរ​រំពឹង​គិត​ដែរ អំពី​កិច្ច​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ដោយ​កតញ្ញូ​ធម៌។ ពេល​យើង​អាន​ព្រះ​គម្ពីរ ឬ​ក៏​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ នោះ​យើង​ត្រូវ​ពិចារណា​តាម​សំនួរ​ខ្លះ​ៗ ដូច​ជា​៖ ‹តើ​នេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា? តើ​ខ្ញុំ​អាច​យល់​ដឹង​ពី​គុណ​សម្បត្ដិ​ណា​ខ្លះ​របស់​ព្រះ​យេហូវ៉ា​ពី​នេះ? តើ​ដំណើរ​រឿង​នេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ អំពី​អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់ និង​អ្វី​ដែល​មិន​គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់? តើ​លទ្ធផល​ដែល​មក​ពី​ការ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ គឺ​ខុស​គ្នា​យ៉ាង​ណា​ពី​លទ្ធផល​ដែល​មក​ពី​ការ​ធ្វើ​អ្វី​ដែល​ទ្រង់​ស្អប់​នោះ? តើ​ពត៌មាន​នេះ​ទាក់​ទង​យ៉ាង​ណា នឹង​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ដឹង​រួច​មក​ហើយ​នោះ?›។

៩. តើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​រំពឹង​គិត​គឺ​សំខាន់​យ៉ាង​ណា?

លោក​ស្រី​លីសា a ដែល​មាន​អាយុ​៣២​ឆ្នាំ ពន្យល់​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​ចាប់​ផ្ដើម​យល់​តម្លៃ​នៃ​ការ​សិក្សា​និង​ការ​រំពឹង​គិត​ដែល​ប្រកប​ទៅ​ដោយ​គោល​បំណង។ គាត់​ពន្យល់​ថា​៖ ​«​ក្រោយ​ពី​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៩៤ ខ្ញុំ​បាន​សកម្ម​ក្នុង​សេចក្ដី​ពិត​អស់​ប្រមាណ​ពីរ​ឆ្នាំ។ ខ្ញុំ​បាន​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ទាំង​អស់ និង​បាន​ចំណាយ​រវាង​៣០​និង​៤០​ម៉ោង​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ថែម​ទាំង​បាន​សេព​គប់​ជា​មួយ​គ្រីស្ទាន​ឯ​ទៀត។ ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​រសាត់​ចេញ។ ខ្ញុំ​បាន​លិច​លង់​ខ្លួន​រហូត​ដល់​ខ្ញុំ​បំពាន​ច្បាប់​របស់​ព្រះ។ ក៏​ប៉ុន្តែ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​វិញ និង​សម្រេច​ចិត្ត​កែ​ប្រែ​ជីវិត​ខ្ញុំ។ ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន​ដែល​ព្រះ​យេហូវ៉ា​បាន​ទទួល​ស្គាល់​នូវ​ការ​ប្រែ​ចិត្ត​របស់​ខ្ញុំ និង​ទ្រង់​ព្រម​ទទួល​ខ្ញុំ​មក​វិញ! ខ្ញុំ​ធ្លាប់​ឆ្ងល់​ជា​ញឹក​ញយ​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​ខ្ញុំ​រសាត់​ចេញ​ដូច្នេះ?›។ រាល់​តែ​ដង ខ្ញុំ​នឹក​ឃើញ​ចម្លើយ​ថា ខ្ញុំ​បាន​ខាន​សិក្សា​និង​រំពឹង​គិត​ដោយ​មាន​គោល​បំណង។ សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​មិន​បាន​ជ្រាប​ចូល​ក្នុង​ចិត្ត​ខ្ញុំ​សោះ។ ចាប់​ពី​ឥឡូវ​នេះ​ទៅ​មុខ ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​រំពឹង​គិត​តែង​តែ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​ខ្ញុំ​»។ គឺ​សំខាន់​ណាស់​ហ្ន៎! ដែល​យើង​ឆ្លៀត​ពេល​ដើម្បី​រំពឹង​គិត​ដោយ​គោល​បំណង ពេល​យើង​ក្រេប​ជញ្ជក់​ចំណេះ​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា រាជបុត្រា​របស់​ទ្រង់ និង​ព្រះ​បន្ទូល​របស់​ទ្រង់​នោះ។

១០. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ឆ្លៀត​ពេល​ជា​បន្ទាន់​ដើម្បី​សិក្សា​ផ្ទាល់​ខ្លួន​និង​រំពឹង​គិត?

១០ ក្នុង​លោកីយ៍​ដ៏​រវល់​ជា​និច្ច​នេះ ការ​រក​ពេល​ដើម្បី​ឆ្លៀត​សិក្សា​និង​ការ​រំពឹង​គិត​គឺ​ពិបាក​មែន។ ក៏​ប៉ុន្តែ សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​ទាំង​ឡាយ​ជិត​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​មួយ​ដ៏​សែន​ប្រណិត គឺ​ជា​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ផង​ព្រះ។ (​ពេត្រុស​ទី​២ ៣:១៣​) ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ស្ថិត​នា​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ ដូច​ជា​ការ​បំផ្លាញ​ចោល​នូវ​«​បាប៊ីឡូន​ដ៏​ជា​ធំ​»​និង​ការ​ព្យាបាទ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដោយ​«​កុក​នៃ​ស្រុក​ម៉ាកុក​»។ (​វិវរណៈ ១៧:១, ២, ៥, ១៥​-​១៧; អេសេគាល ៣៨:១​-​៤, ១៤​-​១៦; ៣៩:២​) អ្វី​ដែល​នឹង​កើត​ឡើង​ខាង​មុខ ប្រហែល​ជា​នឹង​សាក​ល្បង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ គឺ​សំខាន់​ណាស់​ហ្ន៎! ដែល​យើង​ឆ្លៀត​ពេល​ឥឡូវ​នេះ និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ជា​បន្ទាន់។—អេភេសូរ ៥:១៥, ១៦

‹ចូរ​ផ្ចង់​ចិត្ត​ដើម្បី​ស្វែង​រក​ព្រះ​បន្ទូល​របស់​ព្រះ›

១១. តើ​ក្នុង​លក្ខណៈ​អ្វី​ដែល​ចិត្ត​របស់​យើង​អាច​ត្រូវ​ប្រៀប​ទៅ​នឹង​ដី?

១១ ចិត្ត​អាច​ត្រូវ​ប្រៀប​ដូច​ជា​ដី​ដែល​ជា​កន្លែង​ដែល​ពូជ​នៃ​សេចក្ដី​ពិត​ត្រូវ​ដាំ។ (​ម៉ាថាយ ១៣:១៨​-​២៣​) ធម្មតា ដី​ពិត​ប្រាកដ​ត្រូវ​ភ្ជួរ​រាស់​ដើម្បី​ធានា​ថា ដំណាំ​និង​ដុះ​ឡើង​យ៉ាង​ល្អ។ ស្រដៀង​គ្នា​ដែរ ចិត្ត​របស់​យើង​គួរ​ត្រូវ​រៀបចំ ដើម្បី​ឲ្យ​ឆាប់​ទទួល​នូវ​ព្រះ​បន្ទូល​របស់​ព្រះ។ លោក​អែសរ៉ា​ដែល​ជា​សង្ឃ​នោះ បាន​«​តាំង​ចិត្ត[​ឬ‹ផ្ចង់​ចិត្ត› ព.ថ.​]ស្វែង​រក​ក្នុង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​»។ (​អែសរ៉ា ៧:១០​) តើ​យើង​អាច​ផ្ចង់​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១២. តើ​អ្វី​នឹង​ជួយ​យើង​ផ្ចង់​ចិត្ត​សំរាប់​ការ​សិក្សា?

១២ របៀប​ផ្ចង់​ចិត្ត​ដ៏​ល្អ​មួយ ពេល​យើង​នឹង​ស្វែង​រក​ព្រះ​បន្ទូល​របស់​ព្រះ គឺ​តាម​រយៈ​សេចក្ដី​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត។ កិច្ច​ប្រជុំ​គ្រីស្ទាន​នៃ​អ្នក​ថ្វាយ​បង្គំ​ពិត ក៏​ចាប់​ផ្ដើម​និង​ឈប់​ដោយ​សេចក្ដី​អធិស្ឋាន។ គឺ​សមរម្យ​ណាស់​ហ្ន៎! បើ​យើង​ចាប់​ផ្ដើម​ពេល​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​ដោយ​អធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ត​និង​រក្សា​ឲ្យ​មាន​ចិត្ត​គំនិត​ប្រកប​ទៅ​ដោយ​សេចក្ដី​គោរព​ផង​ដែរ​ក្នុង​កំឡុង​ពេល​សិក្សា​នោះ។

១៣. ដើម្បី​មាន​ចិត្ត​ដែល​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៣ យើង​ត្រូវ​ផ្ចង់​ចិត្ត ដើម្បី​បំបាត់​ចោល​មតិ​ដែល​យើង​ធ្លាប់​មាន​តាំង​ពី​មុន​មក។ អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​ព្រះ​យេស៊ូ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ។ (​ម៉ាថាយ ១៣:១៥​) ក៏​ប៉ុន្តែ នាង​ម៉ារា​ដែល​ជា​មាតា​របស់​ព្រះ​យេស៊ូ បាន​គិត​សន្និដ្ឋាន​«​ក្នុង​ចិត្ត​»​ដោយ​ផ្អែក​លើ​សេចក្ដី​ពិត​ដែល​គាត់​ធ្លាប់​ឮ​ជា​មូលដ្ឋាន។ (​លូកា ២:១៩, ៥១​) គាត់​បាន​ក្លាយ​ជា​សិស្ស​ស្មោះ​ត្រង់​ម្នាក់​របស់​ព្រះ​យេស៊ូ។ ពេល​លោក​ស្រី​លីឌា​នៅ​ទី​ក្រុង​ធាទេរ៉ា​បាន​ស្ដាប់​ប៉ុល​នោះ ​«​ព្រះ[​យេហូវ៉ា​]ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​»។ គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ផង​ដែរ។ (​កិច្ច​ការ ១៦:១៤, ១៥​) កុំ​ឲ្យ​យើង​ប្រកាន់​យ៉ាង​រឹង​ត្អឹង​តាម​មតិ​ខ្លួន ឬ​ក៏​លទ្ធិ​សាសនា​ដែល​យើង​ពេញ​ចិត្ត​នោះ។ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​យើង​សុខ​ចិត្ត​«​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូត​ភរ​វិញ​ចុះ!​»។—រ៉ូម ៣:៤

១៤. នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន តើ​យើង​អាច​ផ្ចង់​ចិត្ត​ស្ដាប់​យ៉ាង​ណា?

១៤ ការ​ផ្ចង់​ចិត្ត ជា​ពិសេស​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន គឺ​សំខាន់​ណាស់។ អ្វី​ផ្សេង​ៗ​អាច​បង្វែរ​ស្មារតី​យើង​ចេញ​ពី​អ្វី​ដែល​កំពុង​តែ​ត្រូវ​ថ្លែង។ ពាក្យ​ដែល​គេ​កំពុង​តែ​ថ្លែង​ប្រាប់​មិន​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​បាន​ទេ បើ​សិន​ជា​យើង​កំពុង​តែ​រវល់​ស្រមៃ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ ឬ​ក៏​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក។ ប្រសិន​បើ​យើង​នឹង​ចង់​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​កំពុង​តែ​ថ្លែង នោះ​យើង​ត្រូវ​តាំង​ចិត្ត​ស្ដាប់​និង​រៀន។ យើង​អាច​ទទួល​ប្រយោជន៍​បាន​ច្រើន​យ៉ាង​ណាស់! បើ​សិន​ជា​យើង​តាំង​ចិត្ត​ខំ​ស្វែង​យល់​បទ​គម្ពីរ​ដែល​កំពុង​តែ​ត្រូវ​ពន្យល់​និង​ខ្លឹម​សារ​ដែល​ត្រូវ​បក​ស្រាយ​នោះ។—នេហេមា ៨:៥​-​៨, ១២

១៥. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ភាព​រាប​ទាប​ជួយ​យើង​ឲ្យ​ស្រួល​នឹង​ទទួល​ការ​បង្ហាត់​បង្រៀន?

១៥ កាល​បើ​យើង​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ភាព​រាប​ទាប ការ​ស្រេក​ឃ្លាន​នូវ​អ្វី​ខាង​វិញ្ញាណ ទំនុក​ចិត្ត ការ​ចេះ​កោត​ខ្លាច​ដល់​ព្រះ និង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ នោះ​អាច​ជួយ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​មួយ​ដ៏​កាន់​តែ​ប្រសើរ​ឡើង​ៗ ដូច​ជា​ការ​បន្ថែម​ជី​ជាតិ​ត្រឹម​ត្រូវ​ដល់​ដី​ដើម្បី​អាច​បង្កើន​គុណ​ភាព​ដី​នោះ​ដែរ។ ភាព​រាប​ទាប​តែង​ជួយ​បន្ទន់​ចិត្ត​យើង ហើយ​នាំ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​អាច​ត្រូវ​បង្ហាត់​បង្រៀន​បាន។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​យ៉ូសៀស​ដែល​ជា​ស្តេច​យូដា​ថា​៖ ​«​នោះ​ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ក្នុង​កាល​ដែល​ឯង​បាន​ឮ​សេចក្ដី ដែល​អញ​បាន​ទាយ . . . ហើយ​ដោយ​ព្រោះ​ឯង​បាន​ហែក​សំលៀក​បំពាក់ ព្រម​ទាំង​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ក៏​បាន​ឮ​ហើយ​»។ (​ពង្សាវតារ​ក្សត្រ​ទី​២ ២២:១៩​) យ៉ូសៀស​មាន​ចិត្ត​រាប​ទាប ថែម​ទាំង​ព្រម​ស្ដាប់​តាម​ផង។ ទោះ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​«​មិន​សូវ​ចេះ​ជ្រៅ​ជ្រះ ហើយ​ឥត​បាន​រៀន​សូត្រ​ប៉ុន្មាន​ផង​»​ ភាព​រាប​ទាប​បាន​ធ្វើ​ឲ្យ​គេ​មាន​សមត្ថភាព​យល់ និង​អនុវត្ត​តាម​សេចក្ដី​ពិត​ពី​បទ​គម្ពីរ​ដែល​ហួស​ពី​ចំណេះ​របស់​«​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស​វៃ​»។ (​កិច្ច​ការ ៤:១៣; លូកា ១០:២១​) ចូរ​ឲ្យ​យើង​«​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា​»​ពេល​យើង​ខំ​ប្រឹង​មាន​ចិត្ត​ដែល​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។—អែសរ៉ា ៨:២១

១៦. ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ត្រូវ​ព្យាយាម​ដើម្បី​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ការ​ស្រេក​ឃ្លាន​ចង់​បាន​អ្វី​ៗ​ខាង​វិញ្ញាណ?

១៦ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។ (​ម៉ាថាយ ៥:៣, ព.ថ​) ទោះ​បី​យើង​មាន​សមត្ថភាព​បណ្ដុះ​បណ្ដាល​ភាព​ខាង​វិញ្ញាណ​ក៏​ដោយ ការ​គាប​សង្កត់​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ឬ​ក៏​លក្ខណៈ​ខ្លះ​ៗ​ដូច​ជា​ភាព​ខ្ជិល​ច្រអូស អាច​សង្កត់​នូវ​សតិ​សម្បជញ្ញៈ​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់យើង។ (​ម៉ាថាយ ៤:៤​) យើង​ត្រូវ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ការ​ស្រេក​ឃ្លាន​ចង់​បាន​ម្ហូប​អាហារ​ខាង​វិញ្ញាណ។ ទោះ​បើ​ដើម​ដំបូង​យើង​មិន​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​និង​សិក្សា​ផ្ទាល់​ខ្លួន​ក៏​ដោយ បើ​សិន​ជា​យើង​ស៊ូ​ព្យាយាម នោះ​យើង​នឹង​ឃើញ​ថា ចំណេះ‹នឹង​គាប់​ចិត្ត​ដល់​យើង› រហូត​ដល់​យើង​នឹង​ទន្ទឹង​ចាំ​ពេល​សិក្សា​ដោយ​ចិត្ត​រំភើប។—សុភាសិត ២:១០, ១១

១៧. (​ក​) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​គួរ​ឲ្យ​ទុក​ចិត្ត​ដូច្នេះ? (​ខ​) តើ​យើង​អាច​បណ្ដុះ​បណ្ដាល​ទំនុក​ចិត្ត​ទៅ​លើ​ទ្រង់​យ៉ាង​ដូច​ម្ដេច​បាន?

១៧ ស្តេច​សាឡូម៉ូន​បាន​ដាស់​តឿន​ថា​៖ ​«​ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ​»។ (​សុភាសិត ៣:៥​) បើ​សិន​ជា​ចិត្ត​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា នោះ​យើង​ដឹង​ថា​អ្វី​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​សុំ ឬ​ណែនាំ​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ គឺ​ត្រឹម​ត្រូវ​ទាំង​អស់។ (​អេសាយ ៤៨:១៧​) ព្រះ​យេហូវ៉ា​ពិត​ជា​សម​នឹង​ទទួល​ទំនុក​ចិត្ត​ទាំង​ស្រុង​របស់​យើង។ ទ្រង់​មាន​សមត្ថភាព​បំពេញ​គោល​បំណង​ទាំង​អស់​របស់​ទ្រង់។ (​អេសាយ ៤០:២៦, ២៩​) ជា​ការ​ពិត ព្រះ​នាម​របស់​ទ្រង់​មាន​ន័យ​ថា​«​ទ្រង់​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ហើយ​នោះ​បណ្ដាល​ឲ្យ​មាន​ជំនឿ​ស៊ប់​ទៅ​លើ​សមត្ថភាព​របស់​ទ្រង់​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់! ទ្រង់​គឺ​«​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច​ការ​របស់​ទ្រង់​ដែរ​»។ (​ទំនុក​ដំកើង ១៤៥:១៧​) ដើម្បី​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ទ្រង់​នោះ យើង​ត្រូវ​តែ​«​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​»​ដោយ​អនុវត្ត​ក្នុង​ជីវិត​យើង​ផ្ទាល់​នូវ​អ្វី​ដែល​យើង​រៀន​ពី​ព្រះ​គម្ពីរ និង​ដោយ​ពិចារណា​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​អនុវត្ត​តាម។—ទំនុក​ដំកើង ៣៤:៨

១៨. តើ​ដូច​ម្ដេច​ដែល​ការ​កោត​ខ្លាច​ដល់​ព្រះ​ជួយ​យើង​ស្រួល​នឹង​ទទួល​ការ​ណែនាំ​ពី​ទ្រង់?

១៨ សាឡូម៉ូន​ក៏​បាន​បញ្ជាក់​ពី​គុណ​សម្បត្ដិ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​ប្រុង​ប្រៀប​នឹង​ទទួល​ការ​ណែនាំ​ពី​ព្រះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ទៅ​»។ (​សុភាសិត ៣:៧​) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​អ៊ីស្រាអែល​ពី​បុរាណ​ថា​៖ ​«​ឱ​បើ​សិន​ជា​គេ​មាន​ចិត្ត​យ៉ាង​នោះ​ជា​ដរាប​ទៅ​អេះ ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​អញ ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​របស់​អញ​ប្រយោជន៍​ឲ្យ​គេ នឹង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀង​រាប​ដរាប​ទៅ!​»។ (​ចោទិយកថា ៥:២៩​) ជាក់​ស្តែង​ហើយ អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​នឹង​ស្ដាប់​បង្គាប់​ទ្រង់​ដែរ។ ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​«​សំដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»​ថែម​ទាំង​ដាក់​ទោស​អ្នក​ដែល​មិន​ស្ដាប់​តាម​ទៀត​ផង។ (​របាក្សត្រ​ទី​២ ១៦:៩​) ចូរ​ឲ្យ​ការ​ប្រព្រឹត្ត គំនិត និង​អារម្មណ៍​របស់​យើង​កាន់​កាប់​ទៅ​ដោយ​ការ​កោត​ខ្លាច ដោយ​មិន​ចង់​ធ្វើ​អ្វី​ទាស់​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ឡើយ។

‹ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​អំពី​ចិត្ត›

១៩. តើ​សេចក្ដី​ស្រឡាញ់​មាន​តួ​នាទី​អ្វី​ក្នុង​ការ​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ឆាប់​នឹង​អនុវត្ត​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា?

១៩ សេចក្ដី​ស្រឡាញ់​ពិត​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ឆាប់​អនុវត្ត​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រសើរ​ជាង​គុណ​សម្បត្ដិ​ឯ​ទៀត។ ចិត្ត​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ក៏​ចង់​រៀន​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់ និង​អ្វី​ដែល​មិន​គាប់​ព្រះ​ហឫទ័យ​ទ្រង់។ (​យ៉ូហាន​ទី​១ ៥:៣​) ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ‹ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ខ្លួន›។ (​ម៉ាថាយ ២២:៣៧​) សូម​ឲ្យ​យើង​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង​ឡើង​ៗ ដោយ​យក​ការ​រំពឹង​គិត​ពី​សេចក្ដី​ល្អ​របស់​ទ្រង់​ជា​ទម្លាប់​របស់​យើង និង​ដោយ​ទូល​ទ្រង់​ជា​ទៀង​ទាត់​ដូច​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ ហើយ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​ទ្រង់​ដោយ​ចិត្ត​រំភើប​ដែរ។

២០. តើ​តាម​របៀប​ណា​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ដែល​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា?

២០ បើ​និយាយ​ជា​រួម​ទៅ: ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា មាន​ន័យ​ថា​យើង​ត្រូវ​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​អ្វី​ៗ​ដែល​នៅ​ក្នុង​ខ្លួន​យើង គឺ​ជា​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត។ ការ​សិក្សា​ផ្ទាល់​ខ្លួន​ពី​ព្រះ​គម្ពីរ​និង​ការ​រំពឹង​គិត​ដោយ​កតញ្ញូ​ធម៌​គឺ​ចាំ​បាច់។ វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​យ៉ាង​នេះ គឺ​ដោយ​ផ្ចង់​ចិត្ត ឲ្យ​ចិត្ត​គ្មាន​មតិ​ដែល​ធ្លាប់​កាន់​ពី​មុន​មក ហើយ​ជា​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​គុណ​សម្បត្ដិ​ដែល​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ដែល​ស្រួល​ទទួល​ការ​បង្ហាត់​បង្រៀន​វិញ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​មាន​ចិត្ត​ល្អ​បាន។ ក៏​ប៉ុន្តែ តើ​យើង​ត្រូវ​ចាត់​វិធានការ​អ្វី​ដើម្បី​ការ​ពារ​ចិត្ត​របស់​យើង?

[​កំណត់​សម្គាល់​]

a ឈ្មោះ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​ពិនិត្យ​ពិច័យ​នោះ សំដៅ ទៅ​លើ​អ្វី​ទៅ?

• តើ​យើង​អាច​«​យក​ចិត្ត​ទុក​ដាក់​»​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

• តើ​យើង​អាច​ផ្ចង់​ចិត្ត​របស់​យើង​ដើម្បី​ស្វែង​រក​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

• ដោយ​អ្នក​បាន​សិក្សា​ពត៌មាន​នេះ​ចប់​ហើយ តើ​អ្នក​មាន​ចិត្ត​ជំរុញ​ឲ្យ​ធ្វើ​អ្វី?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៣​]

ដាវីឌ​បាន​រំពឹង​គិត​អំពី​អ្វី​ៗ ខាង​វិញ្ញាណ​ដោយ​កតញ្ញូ​ធម៌ តើ​អ្នក​ធ្វើ​ដូច្នេះ​ដែរ​ឬ​ទេ?

[​រូប​ភាព​នៅ​ទំព័រ​២៤​]

ចូរ​ផ្ចង់​ចិត្ត​មុន​អ្នក​សិក្សា ព្រះ​បន្ទូល​របស់​ព្រះ