លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររក្សាការពារចិត្តរបស់អ្នក

ចូររក្សាការពារចិត្តរបស់អ្នក

ចូរ​រក្សា​ការ​ពារ​ចិត្ត​របស់​អ្នក

​«​ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក​»។—សុភាសិត ៤:២៣

១, ២. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​រក្សា​ការ​ពារ​ចិត្ត​របស់​យើង?

 បុរស​ចាស់​ម្នាក់​នៅ​កោះ​ការីប​មួយ បាន​ចេញ​ពី​ជម្រក​របស់​គាត់​ក្រោយ​ពី​ខ្យល់​ព្យុះ​សង្ឃរា​បាន​បក់​បោក។ ពេល​គាត់​សំ​លឹ​ង​មើល​ការ​ខូច​ខាត​ដែល​នៅ​ជុំ​វិញ​ខ្លួន​នោះ គាត់​ឃើញ​ថា ដើម​ឈើ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​ដែល​ដុះ​ជិត​ខ្លោង​ទ្វារ​របង​មុខ​ផ្ទះ​គាត់​អស់​រាប់​ទសវត្ស​មក​ហើយ​នោះ បាន​រលំ​ទៅ​ហើយ។ គាត់​ឆ្ងល់​ថា​៖ ‹ម្ដេច​ក៏​អ៊ីចឹង? ដើម​តូច​ៗ​នៅ​ទី​នេះ​អត់​បាន​រលំ​សោះ!›។ ពេល​គាត់​សង្កេត​មើល​គល់​ដើម​ឈើ​នោះ ទើប​យល់​ពី​ដើម​ហេតុ។ ដើម​ឈើ​នេះ​ដែល​មើល​ទៅ​ដូច​ជា​មាំ​មិន​គួរ​ឲ្យ​រលំ​សោះ ខាង​ក្នុង​បាន​ពុក​ផុយ​អស់​រលីង ហើយ​ខ្យល់​ព្យុះ​នោះ​គ្រាន់​តែ​បាន​បក់​ផាត់​ឲ្យ​ឃើញ​ការ​ពុក​ផុយ​នោះ​ប៉ុណ្ណោះ។

គួរ​ឲ្យ​សោក​ស្ដាយ​មែន ពេល​អ្នក​ថ្វាយ​បង្គំ​ពិត​ដែល​មើល​ទៅ​ដូច​ជា​កំពុង​តែ​ឈរ​មាំ​មួន​តាម​ផ្លូវ​ជីវិត​ជា​គ្រីស្ទាន តែ​ចុះ​ចាញ់​នឹង​ការ​ល្បង​ជំនឿ។ ព្រះ​គម្ពីរ​ចែង​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​»។ (​លោកុប្បត្តិ ៨:២១​) នេះ​មាន​ន័យ​ថា បើ​សិន​ជា​មិន​ត​ស៊ូ​ព្យាយាម​ជា​និច្ច​នោះ​ទេ សូម្បី​តែ​ចិត្ត​ល្អ​បំផុត​ក៏​អាច​ត្រូវ​ទាក់​ទាញ​ឲ្យ​ធ្វើ​អំពើ​អាក្រក់​បាន​ដែរ។ ដោយ​ព្រោះ​ចិត្ត​ទាំង​ឡាយ​មិន​គ្រប់​ល័ក្ខណ៍ នោះ​មិន​អាច​ជួយ​ឲ្យ​រួច​ពី​ឥទ្ធិពល​អាក្រក់​បាន​ឡើយ ដូច្នេះ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ហ្មត់​ចត់​ទៅ​លើ​ឱវាទ​ដែល​ថា​៖ ​«​ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម​»។ (​សុភាសិត ៤:២៣​) ដូច្នេះ តើ​យើង​អាច​រក្សា​ការ​ពារ​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច​បាន?

ការ​ពិនិត្យ​ជា​ទៀង​ទាត់​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់

៣, ៤. (​ក​) តើ​យើង​អាច​សួរ​សំនួរ​អ្វី​ខ្លះ​អំពី​ចិត្ត​របស់​យើង? (​ខ​) តើ​អ្វី​ដែល​អាច​ជួយ​យើង​ពិនិត្យ​ចិត្ត​របស់​យើង​បាន?

បើ​សិន​ជា​អ្នក​ទៅ​ជួប​គ្រូ​ពេទ្យ​ឲ្យ​ពិនិត្យ​មើល នោះ​គាត់​ទំនង​ជា​នឹង​ពិនិត្យ​មើល​បេះ​ដូង​របស់​អ្នក​ដែរ។ តើ​សុខភាព​របស់​អ្នក​រួម​ទាំង​បេះ​ដូង​ផង​បញ្ជាក់​ថា អ្នក​ទទួល​ជីវជាតិ​គ្រប់​គ្រាន់​ឬ​ទេ? តើ​សំ​ពាធ​ឈាម​របស់​អ្នក​យ៉ាង​ណា​ដែរ? តើ​បេះ​ដូង​របស់​អ្នក​លោត​ត្រូវ​ចង្វាក់​និង​ញាប់​ពេក​ឬ​ទេ? តើ​អ្នក​ហាត់​ប្រាណ​ច្រើន​ល្មម​ទេ? តើ​បេះ​ដូង​របស់​អ្នក​លោត​ញាប់​ពេក​ដោយ​គ្មាន​រឿង​ហេតុ​ឬ​ទេ?

បើ​សិន​ជា​ចាំ​បាច់​យើង​តែង​តែ​ពិនិត្យ​មើល​បេះ​ដូង​របស់​យើង​ជា​ទៀង​ទាត់ ចុះ​យ៉ាង​ណា​ចំពោះ​ចិត្ត​របស់​យើង​វិញ? ព្រះ​យេហូវ៉ា​ជា​អ្នក​ទត​ពិនិត្យ​ចិត្ត​យើង។ (​របាក្សត្រ​ទី​១ ២៩:១៧​) យើង​ក៏​ត្រូវ​ពិនិត្យ​ចិត្ត​ខ្លួន​ផង​ដែរ។ តើ​តាម​របៀប​ណា? ដោយ​សួរ​សំនួរ​ដូច​ជា​៖ តើ​ចិត្ត​របស់​ខ្ញុំ​ទទួល​អាហារ​ខាង​វិញ្ញាណ​គ្រប់​គ្រាន់ តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​ទៅ​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់​ឬ​ទេ? (​ទំនុក​ដំកើង ១:១, ២; ហេព្រើរ ១០:២៤, ២៥​) តើ​សារ​របស់​ព្រះ​យេហូវ៉ា​ដិត​ជាប់​ក្នុង​ចិត្ត​របស់​ខ្ញុំ​ដូច​ជា​«​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​»​របស់​ខ្ញុំ ទាំង​ជំរុញ​ឲ្យ​ខ្ញុំ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ និង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​ឬ​ទេ? (​យេរេមា ២០:៩; ម៉ាថាយ ២៨:១៩, ២០; រ៉ូម ១:១៥, ១៦​) តើ​ខ្ញុំ​មាន​ចិត្ត​ជំរុញ​ឲ្យ​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ឲ្យ​ចូល​រួម​កិច្ច​បំរើ​ពេញ​ពេល​ណា​មួយ តាម​តែ​ខ្ញុំ​មាន​លទ្ធភាព​ឬ​ទេ? (​លូកា ១៣:២៤​) តើ​ខ្ញុំ​បើក​ចិត្ត​របស់​ខ្ញុំ​ឲ្យ​ចូល​នូវ​បរិយាកាស​បែប​ណា? តើ​ខ្ញុំ​រក​សេព​គប់​តែ​ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត ដែល​មាន​ចិត្ត​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត​ឬ​ទេ? (​សុភាសិត ១៣:២០; កូរិនថូស​ទី​១ ១៥:៣៣​) សូម​ឲ្យ​យើង​កត់​សម្គាល់​យ៉ាង​រហ័ស នូវ​ចំណុច​ខ្សោយ​ណា​ដែល​យើង​មាន ហើយ​ចាត់​វិធានការ​កែ​ប្រែ​ភ្លាម​ៗ។

៥. តើ​ការ​ល្បង​ល​អាច​មាន​ប្រយោជន៍​អ្វី?

យើង​តែង​ប្រឈម​មុខ​នឹង​ការ​ល្បង​ល​ជំនឿ​ជា​រឿយ​ៗ។ ល្បួង​ទាំង​នេះ​អាច​បើក​ឱកាស​ឲ្យ​យើង​យល់​ដឹង​ពី​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​ចិត្ត​យើង។ ម៉ូសេ​បាន​និយាយ​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ដែល​ជិត​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​ថា​៖ ​«​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោ​ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បង​ល​ឯង​ឲ្យ​ដឹង​ជា​សេចក្ដី​ណា ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ?​»។ (​ចោទិយកថា ៨:២​) ធម្មតា យើង​ភ្ញាក់​ផ្អើល​ពី​អារម្មណ៍ សេចក្ដី​ប៉ង​ប្រាថ្នា ឬ​ក៏​ប្រតិកម្ម​របស់​យើង​ពេល​យើង​ប្រឈម​មុខ​នឹង​កាលៈទេសៈ ឬ​ការ​ល្បង​ល​ដែល​ស្មាន​មិន​ដល់ជា​មុន មែន​ទេ? ការ​ល្បង​ល​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​កើត​ឡើង ប្រាកដ​ជា​អាច​ធ្វើ​ឲ្យ​យើង​កត់​សម្គាល់​ចំណុច​ខ្សោយ​របស់​យើង ហើយ​បើក​ឲ្យ​យើង​មាន​ឱកាស​កែ​ខ្លួន​ឲ្យ​បាន​ប្រសើរ​វិញ។ (​យ៉ាកុប ១:២​-​៤​) កុំ​បី​ឲ្យ​យើង​ខាន​រំពឹង​គិត​និង​អធិស្ឋាន​អំពី​ប្រតិកម្ម​របស់​យើង​ចំពោះ​ការ​ល្បង​ល​ឲ្យ​សោះ!

តើ​សំដី​របស់​យើង​បញ្ជាក់​អ្វី​ខ្លះ?

៦. តើ​រឿង​ដែល​យើង​ចូល​ចិត្ត​និយាយ​អាច​បញ្ជាក់​អ្វី​ខ្លះ​អំពី​ចិត្ត​របស់​យើង?

តើ​យើង​អាច​វិនិច្ឆ័យ​ដឹង​ពី​អ្វី​ដែល​យើង​បាន​ប្រមូល​ទុក​ក្នុង​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច​បាន? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជា​និច្ច​»។ (​លូកា ៦:៤៥​) អ្វី​ៗ​ដែល​យើង​និយាយ​ជា​ធម្មតា​នោះ អាច​បញ្ជាក់​ឲ្យ​ឃើញ​ពី​បំណង​ចិត្ត​របស់​យើង។ តើ​យើង​និយាយ​ជា​រឿយ​ៗ​អំពី​វត្ថុ​ទ្រព្យ និង​សមិទ្ធផល​ខាង​លោកីយ៍​ឬ​ទេ? ឬ​ក៏​តើ​យើង​និយាយ​ជា​ញឹក​ញយ​អំពី​អ្វី​ៗ​ខាង​វិញ្ញាណ និង​គោល​ដៅ​ខាង​វិញ្ញាណ​វិញ​ទេ? ជា​ជាង​និយាយ​អំពី​កំហុស​របស់​អ្នក​ដទៃ តើ​យើង​ខិត​ខំ​បិទ​បាំង​បំភ្លេច​កំហុស​ទាំង​នោះ​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ទេ? (​សុភាសិត ១០:១១, ១២​) តើ​យើង​ច្រើន​តែ​រវល់​និយាយ​អំពី​រឿង​របស់​មនុស្ស​ដទៃ តែ​កម្រ​និយាយ​អំពី​រឿង​ខាង​វិញ្ញាណ​ឬ​រឿង​សីលធម៌​ទេ? តើ​នេះ​ជា​សញ្ញា​បញ្ជាក់​ថា យើង​កំពុង​តែ​ចាប់​អារម្មណ៍​មិន​សមរម្យ​ទៅ​លើ​រឿង​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ឯ​ទៀត​ហួស​ហេតុ​ទេ​ដឹង?—ពេត្រុស​ទី​១ ៤:១៥

៧. ដោយ​មើល​កំណត់​ហេតុ​អំពី​បង​ប្រុស​ៗ​ដប់​នាក់​របស់​យ៉ូសែប​នោះ តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​អំពី​ការ​រក្សា​ការ​ពារ​ចិត្ត​របស់​យើង?

សូម​ពិចារណា​រឿង​រ៉ាវ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ក្រុម​គ្រួសារ​មួយ​ដ៏​ធំ។ កូន​ប្រុស​បង​ៗ​ដប់​នាក់​របស់​យ៉ាកុប‹និយាយ​អ្វី​ដោយ​ស្រួល​ពុំ​បាន​ទេ› ជា​មួយ​នឹង​ប្អូន​របស់​គេ​ឈ្មោះ​យ៉ូសែប។ ហេតុ​អ្វី? ពួក​គេ​ច្រណែន​យ៉ូសែប​ដោយ​សារ​ឪពុក​ស្រឡាញ់​យ៉ូសែប​ជាង​គេ។ ក្រោយ​មក ពេល​ដែល​យ៉ូសែប​មាន​សុបិន​មក​ពី​ព្រះ ដែល​បញ្ជាក់​ថែម​ទៀត​ថា ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់ នោះ​គេ​«​រឹត​តែ​ស្អប់​គាត់​ជា​ខ្លាំង​ទៅ​ទៀត​»។ (​លោកុប្បត្តិ ៣៧:៤, ៥, ១១​) គេ​លក់​ប្អូន​ប្រុស​គេ​ឲ្យ​ទៅ​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​ដាច់​ថ្លៃ​របស់​មនុស្ស​ដទៃ ដោយ​គ្មាន​មេត្ដា​សោះ។ បន្ទាប់​មក ដើម្បី​បិទ​បាំង​អំពើ​ខុស​ឆ្គង​របស់​គេ​នោះ គេ​បាន​បោក​បញ្ឆោត​ឪពុក​គេ​ឲ្យ​គិត​ថា សត្វ​ព្រៃ​មួយ​បាន​សម្លាប់​យ៉ូសែប​ហើយ។ បង​ប្រុស​ៗ​ដប់​នាក់​របស់​យ៉ូសែប មិន​បាន​រក្សា​ការ​ពារ​ចិត្ត​របស់​គេ​នៅ​ពេល​នោះ​ឡើយ។ បើ​សិន​ជា​យើង​ឆាប់​រិះ​គន់​អ្នក​ដទៃ តើ​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​យើង​មាន​ចិត្ត​ច្រណែន​ឬ​ឈ្នានីស​ទេ​ដឹង? យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​សំដី​ដែល​ចេញ​ពី​មាត់​ខ្លួន និង​បំបាត់​យ៉ាង​ឆាប់​រហ័ស​នូវ​ទំនោរ​ចិត្ត​ណា​ដ៏​អាក្រក់។

៨. តើ​អ្វី​នឹង​ជួយ​យើង​ពិនិត្យ​មើល​ចិត្ត​របស់​យើង បើ​សិន​ជា​យើង​បណ្ដោយ​តាម​ភាព​ខ្សោយ​និង​និយាយ​ភូត​កុហក​នោះ?

ថ្វី​ដ្បិត​«​ព្រះ​ទ្រង់​កុហក​ពុំ​បាន​»​ក្ដី តែ​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍​រមែង​ទោរ​ទន់​ទៅ​រក​ការ​ភូត​កុហក។ (​ហេព្រើរ ៦:១៨​) អ្នក​តែង​បទ​ទំនុក​ដំកើង​គាត់​បាន​សោក​ស្ដាយ​ដោយ​ថា​៖ ​«​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក​»។ (​ទំនុក​ដំកើង ១១៦:១១​) សូម្បី​តែ​សាវ័ក​ពេត្រុស​ក្ដី ក៏​បាន​ភូត​កុហក​បដិសេធ​បី​ដង​ថា គាត់​មិន​ស្គាល់​ព្រះ​យេស៊ូ​ដែរ។ (​ម៉ាថាយ ២៦:៦៩​-​៧៥​) ជាក់​ស្តែង​ហើយ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ភូត​កុហក​ទេ ដ្បិត​ព្រះ​យេហូវ៉ា​ស្អប់​«​អណ្ដាត​ភូត​ភរ​»។ (​សុភាសិត ៦:១៦​-​១៩​) បើ​សិន​ជា​យើង​កុហក​នៅ​ពេល​ណា​មួយ នោះ​គួរ​គប្បី​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​មូលហេតុ។ តើ​គឺ​ដោយ​ព្រោះ​តែ​រអែង​ចិត្ត​មនុស្ស​ទេ​ដឹង? តើ​ដោយ​ព្រោះ​តែ​ខ្លាច​គេ​ដាក់​ទោស​ខ្លួន​ទេ​ដឹង? ដើម​ហេតុ​ប្រហែល​ជា​មិន​ចង់​បាក់​មុខ ឬ​ក៏​មាន​គំនិត​សួន​តួ​ទេ​ដឹង? យ៉ាង​ណា​ក៏​ដោយ គឺ​សមរម្យ​យ៉ាង​ណា​ទៅ​ហ្ន៎! ដែល​យើង​គិត​ជ្រៅ​ជ្រះ​អំពី​រឿង​នោះ ទាំង​សារភាព​កំហុស​របស់​ខ្លួន​ដោយ​ចិត្ត​រាប​ទាប និង​ទូល​អង្វរ​សុំ​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​កំហុស​យើង ហើយ​ពឹង​ជំនួយ​ពី​ទ្រង់​ដើម្បី​ឈ្នះ​លើ​ភាព​ទន់​ខ្សោយ​នោះ។ ​«​ពួក​ចាស់​ទុំ​ក្នុង​ពួក​ជំនុំ​»​ប្រហែល​ជា​មាន​សមត្ថភាព​ច្រើន​បំផុត​ដើម្បី​ជួយ។—យ៉ាកុប ៥:១៤

៩. តើ​សេចក្ដី​អធិស្ឋាន​របស់​យើង​អាច​បញ្ជាក់​យ៉ាង​ណា​អំពី​ចិត្ត​យើង?

ពេល​ដែល​ស្តេច​សាឡូម៉ូន​នៅ​មាន​ព្រះ​ជន្ម​ក្មេង​នៅ​ឡើយ​នោះ ទ្រង់​បាន​សុំ​ប្រាជ្ញា​និង​ចំណេះ​ដឹង​ពី​ព្រះ​យេហូវ៉ា នោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តប​ថា​៖ ​«​ដោយ​ព្រោះ​ឯង​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ​សម្បត្ដិ ឬ​ធន​ធាន ឬ​កិត្ដិយស . . . អញ​ឲ្យ​ឯង​មាន​ប្រាជ្ញា នឹង​យោបល់​ហើយ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ​សម្បត្ដិ ធន​ធាន នឹង​កិត្ដិយស​ទៀត​ផង​»។ (​របាក្សត្រ​ទី​២ ១:១១, ១២​) ព្រះ​យេហូវ៉ា​អាច​ជ្រាប​ពី​អ្វី​ដែល​ជា​ចំណូល​ចិត្ត​របស់​សាឡូម៉ូន តាម​រយៈ​អ្វី​ដែល​សាឡូម៉ូន​សុំ​ឬ​មិន​សុំ​នោះ។ តើ​ពាក្យ​ដែល​យើង​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ បញ្ជាក់​យ៉ាង​ណា​អំពី​ចិត្ត​របស់​យើង? តើ​សេចក្ដី​អធិស្ឋាន​របស់​យើង​បញ្ជាក់​ថា យើង​ស្រេក​ឃ្លាន​ចង់​បាន​ចំណេះ ប្រាជ្ញា និង​ការ​វិនិច្ឆ័យ​ឬ​ទេ? (​សុភាសិត ២:១​-​៦; ម៉ាថាយ ៥:៣​) តើ​រឿង​ទាក់​ទង​នឹង​ព្រះ​រាជាណាចក្រ​ជា​ចំណូល​ចិត្ត​យើង​ទេ? (​ម៉ាថាយ ៦:៩, ១០​) បើ​សិន​ជា​យើង​ចាប់​ផ្ដើម​មាន​ទម្លាប់​អធិស្ឋាន​ដោយ​មិន​គិត​នោះ នេះ​ប្រហែល​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា យើង​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​រំពឹង​គិត​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ។ (​ទំនុក​ដំកើង ១០៣:២​) គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ផ្ចិត​ផ្ចង់​ឲ្យ​ដឹង​ថា សេចក្ដី​អធិស្ឋាន​របស់​គេ​បញ្ជាក់​យ៉ាង​ណា។

តើ​ការ​ប្រព្រឹត្ត​របស់​យើង​បញ្ជាក់​យ៉ាង​ណា?

១០, ១១. (​ក​) តើ​អំពើ​កំផិត​និង​ការ​សហាយ​ស្មន់​កើត​មក​ពី​ណា? (​ខ​) តើ​អ្វី​អាច​ជួយ​កុំ​ឲ្យ​យើង‹ប្រព្រឹត្ត​សេចក្ដី​កំផិត​នៅ​ក្នុង​ចិត្ត​ខ្លួន›?

១០ មាន​ពំនោល​មួយ​ថា កុំ​និយាយ​ឲ្យ​លឿន​ជាង​ធ្វើ។ ការ​ប្រព្រឹត្ត​របស់​យើង​ប្រាកដ​ជា​ស​ឲ្យ​ឃើញ​ជា​ច្រើន អំពី​លក្ខណៈ​ពិត​របស់​យើង។ ជា​ឧទាហរណ៍ ក្នុង​រឿង​សីលធម៌ ការ​រក្សា​ការ​ពារ​ចិត្ត​យើង​រួម​បញ្ចូល​ច្រើន​ជាង​ការ​ជៀស​វាង​ពី​អំពើ​សហាយ​ស្មន់​និង​ការ​ផិត​គ្នា​តែ​ប៉ុណ្ណោះ។ ពេល​ព្រះ​យេស៊ូ​ធ្វើ​ធម្មទាន​នៅ​លើ​ភ្នំ​នោះ ទ្រង់​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ​»។ (​ម៉ាថាយ ៥:២៨​) តើ​យើង​អាច​ជៀស​វាង​អំពើ​កំផិត សូម្បី​តែ​មាន​ក្នុង​ចិត្ត​យ៉ាង​ដូច​ម្ដេច​បាន?

១១ លោក​យ៉ូប​ដែល​ជា​មនុស្ស​ស្មោះ​ត្រង់​និង​ជា​មេ​គ្រួសារ​នោះ បាន​ទុក​គំរូ​សំរាប់​បុរស​ស្ត្រី​គ្រីស្ទាន​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ។ យ៉ូប​ច្បាស់​ជា​បាន​មាន​ទំនាក់​ទំនង​ធម្មតា​ជា​មួយ​នឹង​ស្ត្រី​ដែល​ក្មេង​ជាង​គាត់ និង​រហូត​ដល់​ជួយ​គេ​យ៉ាង​សប្បុរស​បើ​សិន​ជា​គេ​ត្រូវ​ការ​ជំនួយ។ តែ​បុរស​ដ៏​ស្មោះ​ត្រង់​នេះ​មិន​ព្រម​គិត​អំពី​ការ​ជាប់​ចិត្ត​ស្រឡាញ់​ស្ត្រី​ទាំង​នោះ​សោះ​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​គាត់​បាន​តាំង​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ថា នឹង​មិន​មើល​ស្ត្រី​ណា​ឲ្យ​ស្រើប​ស្រាល​ចង់​បាន​ទេ។ យ៉ូប​រ៉ាយរ៉ាប់​ថា​៖ ​«​ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន​»​? (​យ៉ូប ៣១:១​) សូម​ឲ្យ​យើង​តាំង​សញ្ញា​នឹង​ភ្នែក​យើង​ដូច​គ្នា​ដែរ ថែម​ទាំង​រក្សា​ការ​ពារ​ចិត្ត​របស់​យើង​ផង។

១២. តើ​លូកា ១៦:១០​ទាក់​ទង​នឹង​ការ​រក្សា​ការ​ពារ​ចិត្ត​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

១២ ព្រះ​រាជបុត្រា​របស់​ព្រះ​បាន​ប្រកាស​ថា​៖ ​«​អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ​»។ (​លូកា ១៦:១០​) ម្ល៉ោះ​ហើយ យើង​ត្រូវ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​យើង សូម្បី​តែ​ក្នុង​អ្វី​ដែល​យើង​មើល​ទៅ​ដូច​ជា​ការ​តូច​តាច​ក្នុង​ជីវិត រួម​ទាំង​រឿង​ក្នុង​ផ្ទះ​របស់​យើង​ផ្ទាល់។ (​ទំនុក​ដំកើង ១០១:២​) ពេល​យើង​អង្គុយ​ក្នុង​ផ្ទះ មើល​ទូរទស្សន៍ ឬ​ជាប់​មើល​ប្រព័ន្ធ​អ៊ិនថឺណិត តើ​យើង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ឱវាទ​ដែល​ថា​៖ ​«​ឯ​សេចក្ដី​កំផិត សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង នឹង​សេចក្ដី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ ព្រម​ទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចំ​កួត នឹង​ពាក្យ​កំប្លែង ដែល​សេចក្ដី​ទាំង​នោះ​មិន​គួរ​គប្បី​ដែរ​»​ឬ​ទេ? (​អេភេសូរ ៥:៣, ៤​) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អំពើ​ឃោរឃៅ​ដែល​មាន​ក្នុង​ទូរទស្សន៍ ឬ​ក៏​ក្នុង​ហ្គេម​វីដេអូ? អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​មាន​បន្ទូល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ល្បង​ល​មនុស្ស​សុចរិត តែ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្អប់​ដល់​មនុស្ស​អាក្រក់ នឹង​ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត​វិញ​»។—ទំនុក​ដំកើង ១១:៥

១៣. តើ​យើង​ប្រុង​ប្រយ័ត្ន​នឹង​អ្វី ពេល​ដែល​យើង​នឹក​គិត​ពី​អ្វី​ដែល​ចេញ​ពី​ចិត្ត​របស់​យើង​នោះ?

១៣ យេរេមា​បាន​ព្រមាន​ថា​៖ ​«​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង​»។ (​យេរេមា ១៧:៩​) ការ​បញ្ឆោត​បែប​នេះ​ប្រហែល​ជា​អាច​លេច​ឡើង ពេល​យើង​ដោះ​សា​អំពី​កំហុស​របស់​យើង ទាំង​ចាត់​ទុក​ការ​ខុស​ឆ្គង​របស់​យើង​ជា​រឿង​តូច​តាច​វិញ និង​ខំ​បញ្ជាក់​ថា​លក្ខណៈ​មិន​ល្អ​របស់​យើង​មាន​មូលហេតុ​សម​គួរ ឬ​ដោយ​និយាយ​បំផ្លើស​អំពី​សមិទ្ធផល​របស់​យើង។ ចិត្ត​មួយ​ពុះ​កញ្ជ្រោល​ហួស​ល្បត់ ក៏​អាច​ចាប់​ផ្ដើម​បែក​ជា​ពីរ​វិញ ដោយ​បបូរ​មាត់​បញ្ចើច​និយាយ​ផ្សេង តែ​ការ​ប្រព្រឹត្ត​ផ្សឹ​ង។ (​ទំនុក​ដំកើង ១២:២; សុភាសិត ២៣:៧​) គឺ​សំខាន់​ណាស់​ហ្ន៎! ដែល​យើង​ជា​មនុស្ស​ពិត​ត្រង់ ពេល​យើង​ពិនិត្យ​អ្វី​ដែល​ចេញ​ពី​ចិត្ត​របស់​យើង។

តើ​ភ្នែក​របស់​យើង​ល្អ​ទេ?

១៤, ១៥. (​ក​) តើ​ភ្នែក​ដ៏​«​ល្អ​»​នោះ ជា​អ្វី​ទៅ? (​ខ​) តើ​ការ​តម្រង់​ភ្នែក​ឲ្យ​បាន​ចំ​ត្រឹម​ត្រូវ​ជួយ​យើង​រក្សា​ការ​ពារ​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៤ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​ឯ​ចង្កៀង​របស់​រូប​កាយ គឺ​ជា​ភ្នែក​»។ ទ្រង់​ក៏​មាន​បន្ទូល​បន្ថែម​ថា​៖ ​«​ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​»។ (​ម៉ាថាយ ៦:២២​) ភ្នែក​ដ៏​ល្អ​គឺ​ជា​ភ្នែក​ដែល​តម្រង់​យ៉ាង​ចំ​ត្រឹម​ត្រូវ​ទៅ​រក​គោល​ដៅ​តែ​មួយ ឬ​គោល​បំណង​តែ​មួយ និង​មិន​ត្រូវ​បង្វែរ​ដោយ​អ្វី​ផ្សេង​ៗ​ឡើយ។ ភ្នែក​យើង​ពិត​ជា​គួរ​ត្រូវ​តម្រង់​ទៅ​តាម​ការ​«​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន​»។ (​ម៉ាថាយ ៦:៣៣​) តើ​ចិត្ត​របស់​យើង​អាច​ទៅ​ជា​យ៉ាង​ណា បើ​សិន​ជា​យើង​មិន​តម្រង់​ភ្នែក​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ?

១៥ សូម​ពិចារណា​នូវ​រឿង​រក​ស៊ី។ តម្រូវ​ការ​មួយ​សំរាប់​គ្រីស្ទាន​ទាំង​ឡាយ គឺ​ឲ្យ​ផ្គត់​ផ្គង់​របស់​ដែល​ក្រុម​គ្រួសារ​ខ្លួន​ត្រូវ​ការ។ (​ធីម៉ូថេ​ទី​១ ៥:៨​) ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បើ​សិន​ជា​យើង​ត្រូវ​ល្បួង​ឲ្យ​ប្រាថ្នា​ចង់​បាន​ម្ហូប​អាហារ សំលៀក​បំពាក់ ផ្ទះ​សម្បែង និង​វត្ថុ​ផ្សេង​ទៀត​ដ៏​ទំនើប​បំផុត​ដែល​ពេញ​និយម​នោះ? សេចក្ដី​ប្រាថ្នា​ចង់​បាន​បែប​នោះ​អាច​ពង្វក់​ពង្វី​ចិត្ត​គំនិត​របស់​យើង ទាំង​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ពីរ​ក្នុង​ការ​ថ្វាយ​បង្គំ មែន​ទេ? (​ទំនុក​ដំកើង ១១៩:១១៣; រ៉ូម ១៦:១៨​) តើ​មាន​ប្រយោជន៍​អ្វី ដោយ​ងប់​ង​ល់​នឹង​ការ​ចិញ្ចឹម​ផ្គត់​ផ្គង់​ខ្លួន​ដល់​ម្ល៉េះ​បាន​ជា​ជីវិត​យើង​សុទ្ធ​តែ​ជា​ទង្វើ​ដែល​ទាក់​ទង​នឹង​គ្រួសារ ការ​រក​ស៊ី និង​ទ្រព្យ​សម្បត្ដិ​តែ​ប៉ុណ្ណោះ​នោះ? ចូរ​នឹក​ចាំ​ពី​ឱវាទ​មក​ពី​ព្រះ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម។ ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី​»។—លូកា ២១:៣៤, ៣៥

១៦. តើ​ព្រះ​យេស៊ូ​បាន​ជូន​ឱវាទ​អ្វី​ស្តី​ពី​ភ្នែក? ហើយ​ហេតុ​អ្វី?

១៦ ភ្នែក​របស់​យើង​ជា​ផ្លូវ​សំខាន់​មួយ​ដើម្បី​ទាក់​ទង​នឹង​ចិត្ត​ហើយ​គំនិត​របស់​យើង។ អ្វី​ដែល​ភ្នែក​យើង​តម្រង់​មើល​នោះ អាច​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​គំនិត អារម្មណ៍ និង​សកម្មភាព​របស់​យើង។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​និយាយ​ធៀប​អំពី​អានុភាព​នៃ​ការ​ល្បួង​តាម​រយៈ​ភ្នែក ពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា​៖ ​«​បើ​ភ្នែក​ស្ដាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វែះ​ចេញ​បោះ​ចោល​ទៅ។ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក​»។ (​ម៉ាថាយ ៥:២៩​) យើង​ត្រូវ​ងាក​ភ្នែក​ចេញ​កុំ​មើល​អ្វី​ដ៏​មិន​សមរម្យ។ ជា​ឧទាហរណ៍ យើង​មិន​ត្រូវ​ឲ្យ​ភ្នែក​តម្រង់​សម្លឹង​មើល​អ្វី​ដែល​ត្រូវ​រៀបចំ​ដោយ​បំណង​ចង់​ធ្វើ​ឲ្យ​ត្រេក​ត្រអាល ឬ​ស្រើប​ស្រាល​ដោយ​តណ្ហា​ខុស​ច្បាប់​ព្រះ​នោះ​ឡើយ។

១៧. តើ​ការ​អនុវត្ត​តាម​កូល៉ុស ៣:៥ អាច​ជួយ​យើង​រក្សា​ការ​ពារ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៧ ចក្ខុប្រសាទ​មិន​មែន​ជា​វិធី​តែ​មួយ​គត់​ដែល​យើង​ទទួល​ពត៌មាន​ពី​លោកីយ៍​ជុំ​វិញ​យើង​ទេ។ ប្រសាទ​ឯ​ទៀត ដូច​ជា​ការ​ស្ទាប និង​សោត​ប្រសាទ​ក៏​ពាក់​ព័ន្ធ​នឹង​នេះ​ដែរ ហើយ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អវយវៈ​ដែល​ទាក់​ទង​ប្រសាទ​ទាំង​នោះ​ផង។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ថា​៖ ​«​ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយ​ស្មន់ ស្មោក​គ្រោក សំរើប​សំរាល ប៉ង​ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​»។—កូល៉ុស ៣:៥

១៨. តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ពេល​មាន​គំនិត​ដ៏​មិន​សមរម្យ​នោះ?

១៨ សេចក្ដី​ប្រាថ្នា​ដ៏​មិន​សមរម្យ​អាច​លេច​ឡើង​ក្នុង​គំនិត​លាក់​កំបាំង​របស់​យើង។ បើ​សិន​ជា​យើង​សញ្ជឹង​គិត​ស្រមៃ​អំពី​ការ​ប៉ង​ប្រាថ្នា​បែប​នោះ​ត​ទៅ​ទៀត ច្រើន​តែ​ធ្វើ​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​អាក្រក់​នោះ​រីក​កាន់​តែ​ធំ​ឡើង​ៗ ហើយ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​យើង។ ​«​កាល​ណា​សេចក្ដី​ប៉ង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប​»។ (​យ៉ាកុប ១:១៤, ១៥​) មនុស្ស​ជា​ច្រើន​សារភាព​ថា នេះ​នាំ​ទៅ​ដល់​ការ​ស្ទាប​អង្អែល​សរីរាង្គ​បន្ត​ពូជ​របស់​ខ្លួន​ឯង​ទៀត​ផង។ គឺ​សំខាន់​ណាស់​ហ្ន៎! ដែល​យើង​បន្ត​គិត​តែ​អំពី​អ្វី​ៗ​ខាង​វិញ្ញាណ។ (​ភីលីព ៤:៨​) ហើយ បើ​សិន​ជា​គំនិត​មួយ​ដ៏​មិន​សមរម្យ​លេច​ឡើង​មែន នោះ​យើង​គួរ​ព្យាយាម​បំបាត់​គំនិត​នោះ​ចោល។

‹ចូរ​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត›

១៩, ២០. តើ​យើង​អាច​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​ដោយ​ជោគ​ជ័យ​តាម​របៀប​ណា?

១៩ ពេល​ស្តេច​ដាវីឌ​មាន​វ័យ​ចាស់​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​រាជបុត្រា​របស់​ទ្រង់​ថា​៖ ​«​ឱ​សាឡូម៉ូន ជា​កូន​អញ​អើយ! ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ! ព្រម​ទាំង​ប្រតិបត្ដិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ​ស្មោះ​ផង ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ​»។ (​របាក្សត្រ​ទី​១ ២៨:៩​) សាឡូម៉ូន​អង្គ​ទ្រង់​ផ្ទាល់​បាន​អធិស្ឋាន​សុំ​ឲ្យ​មាន​«​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់​»។ (​ពង្សាវតារ​ក្សត្រ​ទី​១ ៣:៩, ព.ថ.​) ក៏​ប៉ុន្តែ ទ្រង់​បាន​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្នុង​ការ​រក្សា​ការ​ពារ​ចិត្ត​នោះ​អស់​មួយ​ព្រះ​ជន្ម​ទ្រង់។

២០ បើ​សិន​ជា​យើង​ចង់​បាន​ជោគ​ជ័យ​ក្នុង​រឿង​នោះ យើង​មិន​គ្រាន់​តែ​មាន​ចិត្ត​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​រក្សា​ការ​ពារ​ចិត្ត​នោះ​ទៀត​ផង។ ដើម្បី​សម្រេច​ការ​នេះ យើង​ត្រូវ​តែ​ទុក​ពាក្យ​រំឭក​ពី​ព្រះ​បន្ទូល​របស់​ព្រះ ឲ្យ​ជិត​នឹង​ចិត្ត​យើង គឺ​«​នៅ​កណ្ដាល​ដួង​ចិត្ត​»​តែ​ម្ដង។ (​សុភាសិត ៤:២០​-​២២​) យើង​ក៏​គួរ​បង្កើត​ទម្លាប់​ពិនិត្យ​ចិត្ត​ខ្លួន ហើយ​គិត​ជ្រៅ​ជ្រះ​ដោយ​អធិស្ឋាន​អំពី​អ្វី​ដែល​សំដី​និង​ការ​ប្រព្រឹត្ត​របស់​យើង​បញ្ជាក់​នោះ។ តើ​ការ​នឹក​គិត​បែប​នេះ​មាន​ប្រយោជន៍​យ៉ាង​ណា បើ​សិន​ជា​យើង​មិន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដើម្បី​កែ​តម្រង់​ភាព​ខ្សោយ​ណា​ដែល​យើង​ទទួល​ស្គាល់​ថា​ខ្លួន​មាន​នោះ? បន្ថែម​ទៅ​ទៀត គឺ​សំខាន់​យ៉ាង​ណា​ទៅ​ហ្ន៎! ដែល​យើង​ប្រុង​ប្រយ័ត្ន​ដោយ​មធ្យ័ត​នឹង​អ្វី​ដែល​អាច​ស្រូប​ចូល​តាម​ប្រសាទ​និមួយ​ៗ។ ពេល​យើង​ធ្វើ​ដូច្នេះ មាន​ការ​ធានា​ថា​៖ ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការ​ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់[​យើង​]រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​»។ (​ភីលីព ៤:៦, ៧​) ម្ល៉ោះ​ហើយ ចូរ​ឲ្យ​យើង​តាំង​ចិត្ត​ចង់​រក្សា​ការ​ពារ​ចិត្ត​របស់​យើង​លើស​ជាង​អ្វី​ៗ​ទាំង​អស់ ហើយ​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។

តើ​អ្នក​ចាំ​ទេ?

• ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​យើង​រក្សា​ការ​ពារ​ចិត្ត​របស់​យើង?

• តើ​យ៉ាង​ដូច​ម្ដេច​បាន​ជា​ការ​ពិនិត្យ​នូវ​អ្វី​ៗ​ដែល​យើង​និយាយ​នោះ អាច​ជួយ​យើង​រក្សា​ការ​ពារ​ចិត្ត​របស់​យើង?

• ហេតុ​អ្វី​យើង​គួរ​រក្សា​ភ្នែក​របស់​យើង​ឲ្យ​«​ល្អ​»​?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៩​]

តើ​យើង​ច្រើន​តែ​និយាយ​អំពី​រឿង អ្វី​ខ្លះ​ក្នុង​កិច្ច​បំរើ​ផ្សាយ នៅ​កិច្ច​ប្រជុំ និង​នៅ​ផ្ទះ?

[​រូប​ភាព​នៅ​ទំព័រ​៣២​]

ភ្នែក​ល្អ មិន​ត្រូវ​បង្វែរ​ឡើយ