លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកអាចធ្វើឲ្យពិភពលោកនេះប្រសើរជាងបានទេ?

តើអ្នកអាចធ្វើឲ្យពិភពលោកនេះប្រសើរជាងបានទេ?

តើ​អ្នក​អាច​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​ប្រសើរ​ជាង​បាន​ទេ?

​«​ប្រព័ន្ធ​នយោបាយ​មិន​អាច​ស្ដារ​រចនា​សម្ព័ន្ធ​សង្គម​ឡើង​វិញ​បាន​ឡើយ។ ប្រព័ន្ធ​នយោបាយ​នោះ ខ្វះ​សមត្ថភាព​ស្ថាបនា​ឡើង​វិញ​នូវ​ជំនឿ​ខាង​សីលធម៌​តាម​ទំនៀម​ទំលាប់។ ផែន​ការ​ដ៏​ប្រសើរ​បំផុត​ណា​ក៏​ដោយ​នោះ ក៏​មិន​អាច​ស្ដារ​ឡើង​វិញ​នូវ​គោល​ការណ៍​ខាង​ការ​ដើរ​លែង​ជា​គូ ឬ​ខាង​អាពាហ៍ពិពាហ៍​ឲ្យ​ដូច​សម័យ​មុន​បាន​ទេ ហើយ​ក៏​មិន​អាច​ជំរុញ​ឲ្យ​បិតា​ម្នាក់​ៗ​ទទួល​ខុស​ត្រូវ​កូន​ចៅ ឬ​ញ៉ាំង​ឲ្យ​មនុស្ស​ភ្ញាក់​ផ្អើល ឬ​ក៏​អៀន​ខ្មាស​ដូច​ជំនាន់​មុន​ៗ​នេះ​បាន​ឡើយ . . .។ នីតិ​បញ្ញត្ដិ​ពុំ​អាច​នឹង​បំបាត់​ចោល​នូវ​បញ្ហា​ភាគ​ច្រើន​ដែល​ធ្វើ​ទុក្ខ​យើង​នោះ​ទេ​»។

តើ​អ្នក​មាន​ទំនោរ​ចិត្ត​ឯកភាព​នឹង​សំដី​ខាង​លើ​នេះ​របស់​អតីត​អ្នក​ជំនួយ​ការ​រដ្ឋ​ម្នាក់​នៅ​ស.រ.អ​.ទេ? បើ​អ៊ីចឹង​មែន តើ​មាន​ដំណោះ​ស្រាយ​អ្វី សំរាប់​បញ្ហា​សន្ធឹក​សន្ធាប់​សព្វ​ថ្ងៃ​នេះ ដែល​បណ្ដាល​មក​ពី​ចិត្ត​លោភ​លន់ ការ​ខ្វះ​សេចក្ដី​ស្រឡាញ់​ធម្មតា​ក្នុង​ក្រុម​គ្រួសារ​នានា មក​ពី​សីលធម៌​ដ៏​ខូច​អាក្រក់ ភាព​ល្ងី​ល្ងើ និង​កត្ដា​ផ្សេង​ៗ​ទៀត​ដែល​បង្ខូច​នូវ​រចនា​សម្ព័ន្ធ​នៃ​សង្គម​មនុស្ស? ដោយ​មនុស្ស​ខ្លះ​គិត​ថា គ្មាន​ដំណោះ​ស្រាយ​ពិត​នៅ​ឡើយ គេ​ក៏​រវល់​រស់​នៅ​យ៉ាង​ណា​ដែល​គេ​គិត​ថា ល្អ។ មនុស្ស​ឯ​ទៀត​សង្ឃឹម​ថា នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​អ្នក​ដឹក​នាំ​ដ៏​មាន​ប្រាជ្ញា​ម្នាក់ ទោះ​ជា​អ្នក​ដឹក​នាំ​ខាង​សាសនា​ក៏​បាន ដែល​ប៉ិន​ខាង​វោហារ​និង​ដឹក​នាំ​ផ្លូវ​មនុស្ស​ឲ្យ​បាន​ត្រង់​ហើយ​ត្រឹម​ត្រូវ​វិញ។

តាម​ការ​ពិត អស់​ពីរ​ពាន់​ឆ្នាំ​ទៅ​ហើយ​មាន​បណ្ដា​ជន​ដែល​ចង់​លើក​ព្រះ​យេស៊ូ​គ្រីស្ទ​ធ្វើ​ជា​ស្តេច​របស់​គេ ព្រោះ​តែ​គេ​បាន​យល់​ឃើញ​ថា ព្រះ​បាន​ចាត់​ទ្រង់​មក ហើយ​ទ្រង់​អាច​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ប៉ិន​ប្រសប់​មែន។ យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​យល់​ដឹង​អំពី​បំណង​ចិត្ត​គេ នោះ​ទ្រង់​បាន​រត់​ចេញ​ពី​ទី​នោះ​ភ្លាម។ (​យ៉ូហាន ៦:១៤, ១៥​) ទ្រង់​បាន​ពន្យល់​ឲ្យ​ចៅហ្វាយ​ខេត្ត​ម្នាក់​ជន​ជាតិ​រ៉ូម ថា​៖ ​«​នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ​»។ (​យ៉ូហាន ១៨:៣៦​) ក៏​ប៉ុន្តែ សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​តិច​ទេ ដែល​កាន់​ជំហរ​ដូច​ព្រះ​យេស៊ូ​នោះ សូម្បី​តែ​មេ​ដឹក​នាំ​ខាង​សាសនា​ក៏​ដោយ ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​កាន់​តាម​ទ្រង់។ មនុស្ស​ខ្លះ​បែប​នេះ​បាន​ខំ​ធ្វើ​ឲ្យ​ពិភព​លោក​បាន​ប្រសើរ​ជាង ដោយ​ខំ​មាន​អានុភាព​លើ​ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក ឬ​ដោយ​កាន់​តំណែង​នយោបាយ​ខ្លួន​ឯង។ យើង​អាច​សង្កេត​ឃើញ​ស្ថានការណ៍​នេះ​ដោយ​ពិនិត្យ​មើល​នូវ​ទសវត្ស​ចាប់​ពី​ឆ្នាំ​១៩៦០ និង​ឆ្នាំ​១៩៧០។

ការ​ខិត​ខំ​ដោយ​សាសនា​ដើម្បី​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​បាន​ប្រសើរ​ជាង

នៅ​ជិត​ចុង​ទសវត្ស​ដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៦០ មាន​ទស្សនវិទូ​ប៉ុន្មាន​នាក់​នៅ​ប្រទេស​ផ្សេង​ៗ​នៅ​ទ្វីប​អាមេរិក​ឡាទីន ដែល​បាន​ចាប់​ផ្ដើម​តតាំង​ជួយ​អ្នក​ក្រី​ក្រ និង​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​ជិះ​ជាន់។ ដើម្បី​សម្រេច​ការ​នោះ គេ​បាន​បង្កើត​ទ្រឹស្តី​រំដោះ​មួយ ដែល​បាន​ពិពណ៌នា​អំពី​ព្រះ​គ្រីស្ទ ថា​ទ្រង់​មិន​គ្រាន់​តែ​ជា​អ្នក​សង្គ្រោះ​តាម​ន័យ​ក្នុង​ព្រះ​គម្ពីរ​ទេ តែ​ក្នុង​រឿង​នយោបាយ​និង​សេដ្ឋកិច្ច​ផង​ដែរ។ នៅ​សហរដ្ឋ​អាមេរិក​វិញ មេ​ដឹក​នាំ​សាសនា​ប៉ុន្មាន​នាក់ ដែល​បាន​ខ្វល់​ខ្វាយ​ច្រើន​អំពី​ការ​អាប់​ឱន​នៃ​គោល​ការណ៍​សីលធម៌ បាន​បង្កើត​អង្គការ​មួយ​ដែល​ហៅ​ថា អ្នក​និយម​តាម​សីលធម៌។ អង្គការ​នោះ​មាន​គោល​ដៅ​ជួយ​អ្នក​ខ្លះ​ទទួល​តំណែង​ក្នុង​ស្ថាប័ន​ខាង​នយោបាយ ជា​អ្នក​ដែល​អាច​ធ្វើ​នីតិ​កម្ម​ឲ្យ​មាន​គោល​ការណ៍​ល្អ​ខាង​ក្រុម​គ្រួសារ។ ស្រដៀង​គ្នា​ដែរ​នៅ​ប្រទេស​ជា​ច្រើន​ដែល​កាន់​សាសនា​អ៊ីស្លាម មាន​ក្រុម​ខ្លះ​ៗ​ដែល​ខំ​ទប់​ទល់​នឹង​ការ​ពុក​រលួយ និង​ការ​ឯ​ទៀត​ដ៏​ហួស​ប្រមាណ ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​ខ្ជាប់​ខ្លាំង​ជាង​មុន​តាម​សៀវភៅ​កូរ៉ាន។

តើ​អ្នក​ជឿ​ថា ពិភព​លោក​នេះ​បាន​ប្រសើរ​ជាង​មុន ដោយ​ព្រោះ​ការ​ខិត​ខំ​ទាំង​ប៉ុន្មាន​នោះ​ឬ​ទេ? បើ​និយាយ​ជា​ទូទៅ​នោះ ហេតុ​ការណ៍​ពិត​បង្ហាញ​ថា គោល​ការណ៍​ខាង​សីលធម៌​នៅ​តែ​បន្ត​អាប់​ឱន​ទៅ និង​ភាព​ខុស​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រ​នៅ​តែ​កើន​ឡើង​ៗ ដែល​រួម​បញ្ចូល​ប្រទេស​និមួយ​ៗ​នោះ ដែល​បាន​និយម​តាម​ទ្រឹស្តី​រំដោះ។

ដោយ​ព្រោះ​អង្គការ​អ្នក​និយម​តាម​សីលធម៌​បាន​ទទួល​បរាជ័យ​នៅ​សហរដ្ឋ​អាមេរិក​ខាង​គោល​ដៅ​ចំបង​នោះ អ្នក​ស្ថាបនា​អង្គការ​នោះ ឈ្មោះ​ជែរី​ហ្វ​ល​វែ​ល បាន​រំលាយ​អង្គការ​នោះ​ចោល​នៅ​ឆ្នាំ​១៩៨៩។ មាន​អង្គការ​ផ្សេង​ៗ​ទៀត​ដែល​បាន​ផ្លាស់​ជំនួស​វិញ។ យ៉ាង​ណា​ក្ដី អ្នក​ប្រើ​ប្រយោគ ​«​អ្នក​និយម​តាម​សីលធម៌​»​ មុន​គេ គឺ​លោក​ប៉ុល​វេ​រិ​ច បាន​សរសេរ​ក្នុង​ទស្សនាវដ្ដី​សាសនា​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ថា​៖ ​«​ថ្វី​បើ​យើង​មាន​ជ័យ​ជំនះ​ឲ្យ​គ្នី​គ្នា​យើង​ទទួល​តំណែង​ខាង​នយោបាយ​ក៏​ដោយ ជោគ​ជ័យ​នោះ​មិន​នាំ​ឲ្យ​មាន​នយោបាយ​បែប​ណា​ដែល​យើង​ចាត់​ទុក​ជា​សំខាន់​នោះ​ទេ​»។ គាត់​ថែម​ទាំង​សរសេរ​ថា​៖ ​«​វប្បធម៌​មនុស្ស​ប្រៀប​ដូច​ជា​លូ​ទឹក​ស្អុយ​ដែល​កាន់​តែ​រីក​ធំ​ឡើង​ៗ។ យើង​កំពុង​តែ​ប្រឈម​នឹង​វប្បធម៌​រលត់​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​មុន​មក វារ​លត់​សូន្យ​សុង​ដល់​ម្ល៉េះ បាន​ជា​សន្ធប់​លើ​ដំណើរ​ការ​ផ្នែក​នយោបាយ​»។

លោក​ខាល់​ថូម៉ាស ដែល​ជា​អ្នក​និពន្ធ​ម្នាក់​និង​ជា​អ្នក​កាសែត​ផង​ដែរ បាន​រ៉ាយរ៉ាប់​អំពី​អ្វី​ដែល​គាត់​ចាត់​ទុក​ជា​បញ្ហា​ចំបង ក្នុង​ការ​ខំ​អភិវឌ្ឍ​សង្គម​មនុស្ស​តាម​រយៈ​នយោបាយ គាត់​ស្រដី​ថា​៖ ​«​ការ​កែ​ប្រែ​ដ៏​ពិត នោះ​មក​តាម​ចិត្ត​ម្នាក់​ៗ មិន​មែន​ដោយ​ឈ្នះ​ឆ្នោត​និមួយ​ៗ​នោះ​ទេ ពីព្រោះ​បញ្ហា​ដ៏​បឋម​របស់​យើង ទាក់​ទង​និង​សីលធម៌​និង​ភាព​ខាង​វិញ្ញាណ មិន​មែន​ខាង​សេដ្ឋកិច្ច ឬ​នយោបាយ​នោះ​ឡើយ​»។

ប៉ុន្តែ ក្នុង​ពិភព​លោក​មួយ​ដែល​គ្មាន​ខ្នាត​តម្រា​ប្រាកដ​ប្រជា និង​មនុស្ស​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ​ផ្ទាល់ អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​នោះ តើ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​ខាង​សីលធម៌ និង​ខាង​វិញ្ញាណ​ដោយ​របៀប​ណា? បើ​មនុស្ស​ដែល​មាន​អំណាច និង​មនុស្ស​ដែល​មាន​ចេតនា​ល្អ​នោះ មិន​ថា​កាន់​សាសនា​ឬ​ក៏​អត់​ក៏​ដោយ មិន​អាច​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​បាន​ប្រសើរ​ជាង​មុន​នោះ​ទេ តើ​អ្នក​ណា​អាច​ធ្វើ​ការ​នោះ​បាន? មាន​ដំណោះ​ស្រាយ​មែន ដែល​យើង​នឹង​ពិនិត្យ​មើល​ក្នុង​អត្ថបទ​ជា​បន្ទាប់។ តាម​ការ​ពិត ដំណោះ​ស្រាយ​នោះ​ជា​មូលហេតុ​ចំបង​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ព្រះ​រាជាណាចក្រ​របស់​ទ្រង់​មិន​មែន​ខាង​លោកីយ៍​នេះ​ទេ។

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣​]

Children: UN photo; globe: Mountain High Maps​® Copyright © 1997 Digital Wisdom, Inc.