លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរប្រដាប់កាយដោយការអត់ធន់›

‹ចូរប្រដាប់កាយដោយការអត់ធន់›

‹ចូរ​ប្រដាប់​កាយ​ដោយ​ការ​អត់​ធន់›

​«​ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត . . . និង[​ការ​អត់​ធន់, ព.ថ.​]​»។—កូល៉ុស ៣:១២

១. ចូរ​ប្រាប់​ពី​គំរូ​ល្អ​មួយ​ស្តី​ពី​ការ​អត់​ធន់។

 លោក​រេ​ជី​ស​ដែល​រស់​នៅ​ប្រទេស​បារាំង​ប៉ែក​និរតី បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​នៅ​ឆ្នាំ​១៩៥២។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ភរិយា​របស់​លោក​ខិត​ខំ​ពេញ​ទំហឹង​ដើម្បី​បង្អាក់​គាត់​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។ នាង​បាន​ព្យាយាម​ទម្លុះ​កង់​ម៉ូតូ​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​ទៅ​កិច្ច​ប្រជុំ ហើយ​នៅ​ពេល​មួយ​នាង​រហូត​ដល់​ដើរ​តាម​រេ​ជី​ស ពេល​គាត់​ដើរ​ផ្សព្វ​ផ្សាយ​ព្រះ​គម្ពីរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​ចំអក​ធ្វើ​ត្រាប់​តាម​គាត់ ពេល​គាត់​កំពុង​តែ​និយាយ​ជា​មួយ​ម្ចាស់​ផ្ទះ​អំពី​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ។ លោក​រេ​ជី​ស​បាន​បន្ត​អត់​ធន់ ទោះ​ជា​មាន​ការ​ប្រឆាំង​ឥត​ឈប់​ឈរ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​រេ​ជី​ស​គឺ​ជា​គំរូ​ល្អ​សំរាប់​គ្រីស្ទាន​ទាំង​ឡាយ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់ មាន​ការ​អត់​ធន់​ចំពោះ​អ្នក​ឯ​ទៀត។

២. តើ​ពាក្យ​ក្រិច​ដែល​បក​ប្រែ​ថា​«​អត់​ធន់​»​នោះ មាន​ន័យ​ត្រង់​ៗ​ជា​អ្វី? ហើយ​តើ​ពាក្យ​នោះ​សំដៅ​ទៅ​លើ​អ្វី?

ពាក្យ​ភាសា​ក្រិច​ដែល​មាន​ន័យ​ថា​«​អត់​ធន់​»​មាន​ន័យ​ត្រង់​ៗ​ថា​«​ប្រវែង​នៃ​វិញ្ញាណ​»។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​ខ្មែរ​បក​ប្រែ​ពាក្យ​នេះ​ថា​«​អំណត់​»​១​ដង ​«​ការ​អត់​ធន់​»​៤​ដង និង​«​អត់​ធ្មត់​»​៩​ដង។ ពាក្យ​ភាសា​ហេព្រើរ​និង​ភាសា​ក្រិច​ដែល​ត្រូវ​បក​ប្រែ​ជា​«​អត់​ធន់​»​នោះ សំដៅ​ទៅ​លើ​ចិត្ត​អត់​ធ្មត់ ការ​ទ្រាំ​ទ្រ ហើយ​ការ​យឺត​នឹង​ខឹង។

៣. នៅ​សតវត្ស​ទី​មួយ តើ​ទស្សនៈ​របស់​ជន​គ្រីស្ទាន​អំពី​ការ​អត់​ធន់​គឺ​ខុស​គ្នា​យ៉ាង​ណា​ពី​ទស្សនៈ​របស់​សាសន៍​ក្រិច?

សាសន៍​ក្រិច​នៅ​សតវត្ស​ទី​មួយ​មិន​ធ្លាប់​ចាត់​ទុក​ការ​អត់​ធន់​ជា​គុណ​សម្បត្ដិ​ដ៏​ល្អ​មួយ​នោះ​ទេ។ ក្រុម​ទស្សនវិទូ​ស្ទូអិក​មិន​ដែល​ប្រើ​ពាក្យ​នេះ​សោះ។ យោង​ទៅ​តាម​លោក​វី​ល្លៀ​ម​ បាខ្លេ ដែល​ជា​បណ្ឌិត​ព្រះ​គម្ពីរ​ម្នាក់ គាត់​បក​ស្រាយ​ថា​ការ​អត់​ធន់​«​គឺ​ខុស​ផ្ទុយ​ពី​គុណធម៌​សាសន៍​ក្រិច​»​ដែល​ធ្លាប់​អួត​ថា​«​គេ​មិន​ព្រម​ប្រណី​ឲ្យ​អ្នក​ណា​ដែល​ដៀល​ត្មះ​គេ​ឬ​ធ្វើ​បាប​គេ​នោះ​ឡើយ​»។ គាត់​បន្ត​ដោយ​ប្រាប់​ថា​៖ ​«​ចំពោះ​សាសន៍​ក្រិច អ្នក​ជើង​ខ្លាំង​គឺ​ជា​អ្នក​ដែល​សុខ​ចិត្ត​ធ្វើ​អ្វី​ៗ​ក៏​ដោយ​ដើម្បី​សង​សឹក។ ចំពោះ​គ្រីស្ទាន​វិញ អ្នក​ខ្លាំង​គឺ​ជា​អ្នក​ដែល​មិន​សង​សឹក សូម្បី​តែ​ពេល​គាត់​មាន​សមត្ថភាព​ធ្វើ​ទៅ​បាន​ក្ដី​»។ ថ្វី​បើ​សាសន៍​ក្រិច​ប្រហែល​ជា​ធ្លាប់​ចាត់​ទុក​ការ​អត់​ធន់​ជា​ភាព​ទន់​ខ្សោយ​ក៏​ដោយ តែ​ករណី​នេះ​គឺ​ដូច​ជា​ករណី​ដទៃ​ទៀត​ដែរ អ្វី​ដែល​មនុស្ស​ចាត់​ទុក​ជា​«​សេចក្ដី​ល្ងង់​ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្ដី​កំសោយ​របស់​ព្រះ ក៏​មាន​កំឡាំង​លើស​ជាង​មនុស្ស​ដែរ​»។—កូរិនថូស​ទី​១ ១:២៥

គំរូ​ពី​ការ​អត់​ធន់​ដែល​ព្រះ​គ្រីស្ទ​បាន​ទុក​ឲ្យ

៤, ៥. តើ​ព្រះ​យេស៊ូ​បាន​ផ្ដល់​គំរូ​ដ៏​ប្រសើរ​អ្វី​ស្តី​ពី​ការ​អត់​ធន់?

បន្ទាប់​ពី​ព្រះ​យេហូវ៉ា​ទៅ ព្រះ​យេស៊ូ​គ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​បំផុត​ពី​ការ​អត់​ធន់។ ការ​ចេះ​ទប់​ចិត្ត​របស់​ព្រះ​យេស៊ូ​ពេល​ត្រូវ​គេ​គាប​សង្កត់ នេះ​ពិត​ជា​អ្វី​ដ៏​អស្ចារ្យ​មែន។ មាន​ទំនាយ​អំពី​ទ្រង់​ដែល​ថា​៖ ​«​ទ្រង់​ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សំឡាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ​»។—អេសាយ ៥៣:៧

ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​នោះ ទ្រង់​បាន​អត់​ធន់​យ៉ាង​អស្ចារ្យ​ណាស់​ហ្ន៎! ទ្រង់​បាន​ទ្រាំ​ទ្រ​នឹង​ការ​ដេញ​ដោល​ពី​សត្រូវ​របស់​ទ្រង់​និង​ការ​ដៀល​ត្មះ​ពី​អ្នក​ប្រឆាំង។ (​ម៉ាថាយ ២២:១៥​-​៤៦; ពេត្រុស​ទី​១ ២:២៣​) ទ្រង់​មាន​ព្រះ​ទ័យ​អត់​ធ្មត់​នឹង​អ្នក​កាន់​តាម​ទ្រង់ សូម្បី​តែ​ពេល​គេ​ឈ្លោះ​គ្នា​អំពី​រឿង​ថា អ្នក​ណា​ធំ​ជាង​គេ​ក្ដី។ (​ម៉ាកុស ៩:៣៣​-​៣៧; ១០:៣៥​-​៤៥; លូកា ២២:២៤​-​២៧​) នៅ​វេលា​យប់​ដែល​គេ​ក្បត់​ទ្រង់​នោះ ព្រះ​យេស៊ូ​ក៏​បាន​ទប់​ព្រះ​ទ័យ​ដល់​កំរិត​ដ៏​គួរ​ឲ្យ​កោត​ស្ងើច​មែន ពេល​ពេត្រុស​និង​យ៉ូហាន​បាន​ដេក​លក់​ទៅ ក្រោយ​ដែល​ទ្រង់​ទើប​តែ​បាន​បង្គាប់​គេ​ឲ្យ​«​ចាំ​យាម!​»។—ម៉ាថាយ ២៦:៣៦​-​៤១

៦. តើ​ប៉ុល​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​អត់​ធន់​របស់​ព្រះ​យេស៊ូ? ហើយ​តើ​យើង​រៀន​អ្វី​ពី​នោះ?

ក្រោយ​ព្រះ​យេស៊ូ​សោយ​ទិវង្គត​និង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ ទ្រង់​បន្ត​អត់​ធន់។ សាវ័ក​ប៉ុល​យល់​ច្បាស់​អំពី​រឿង​នេះ ដោយ​ព្រោះ​ពី​ដើម​គាត់​ធ្លាប់​បៀត​បៀន​ជន​គ្រីស្ទាន។ ប៉ុល​សរសេរ​ថា​៖ ​«​ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ​គ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាណិត​មេត្ដា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​សំដែង​ចេញ គ្រប់​ទាំង​សេចក្ដី​អត់​ធន់​របស់​ទ្រង់​ក្នុង​ខ្លួន​ខ្ញុំ ដែល​ជា​អ្នក​លេខ​១​នោះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ក្បួន​ដល់​ពួក​អ្នក ដែល​នឹង​ជឿ​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​»។ (​ធីម៉ូថេ​ទី​១ ១:១៥, ១៦​) មិន​ថា​យើង​ធ្លាប់​ជា​មនុស្ស​បែប​ណា​នៅ​អតីតកាល​ក្ដី បើ​សិន​ជា​យើង​ជឿ​ទៅ​លើ​ព្រះ​យេស៊ូ ទ្រង់​នឹង​អត់​ធន់​នឹង​យើង តែ​ទ្រង់​នៅ​តែ​តម្រូវ​ឲ្យ​យើង​«​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​»។ (​កិច្ច​ការ ២៦:២០; រ៉ូម ២:៤​) សារ​ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ចំពោះ​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ​នៅ​ភូមិ​ភាគ​អាស៊ី​មី​ន័រ​បង្ហាញ​ថា ថ្វី​បើ​ទ្រង់​អត់​ធន់​យ៉ាង​ណា​ក៏​ដោយ ទ្រង់​នៅ​តែ​តម្រូវ​ឲ្យ​គេ​រីក​ចំរើន​ទៅ​ទៀត។—វិវរណៈ ជំពូក​២​និង

ផល​ផ្លែ​មួយ​នៃ​វិញ្ញាណ

៧. តើ​អ្វី​ជា​ទំនាក់​ទំនង​រវាង​ការ​អត់​ធន់​និង​វិញ្ញាណ​បរិសុទ្ធ?

នៅ​ជំពូក​ទី​ប្រាំ​នៃ​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​អ្នក​នៅ​កាឡាទី​នោះ គាត់​លើក​បញ្ជាក់​ភាព​ខុស​គ្នា​រវាង​ការ​ប្រព្រឹត្ត​ខាង​សាច់​ឈាម​និង​ផល​ផ្លែ​នៃ​វិញ្ញាណ។ (​កាឡាទី ៥:១៩​-​២៣​) ដោយ​ព្រោះ​ការ​អត់​ធន់​គឺ​ជា​គុណ​សម្បត្ដិ​មួយ​របស់​ព្រះ​យេហូវ៉ា នោះ​ទ្រង់​ជា​ប្រភព​នៃ​គុណ​សម្បត្ដិ​នេះ ហើយ​លក្ខណៈ​នេះ​ក៏​ជា​ផល​ផ្លែ​មួយ​នៃ​វិញ្ញាណ​ទ្រង់។ (​និក្ខមនំ ៣៤:៦, ៧​) ការ​អត់​ធន់​ជា​គុណ​សម្បត្ដិ​ទី​បួន​ក្នុង​ការ​ពណ៌នា​របស់​ប៉ុល​អំពី​ផល​ផ្លែ​នៃ​វិញ្ញាណ ជា​មួយ​គ្នា​នឹង​«​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី​ភាព . . . សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត​»។ (​កាឡាទី ៥:២២, ២៣​) ម្ល៉ោះ​ហើយ​បាន​ជា ពេល​អ្នក​បំរើ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់​ឬ​ក៏​អត់​ធន់​ដូច​ទ្រង់​ដូច្នេះ នោះ​គឺ​ដោយ​មាន​អានុភាព​ពី​វិញ្ញាណ​បរិសុទ្ធ។

៨. តើ​អ្វី​នឹង​ជួយ​យើង​បណ្ដុះ​បណ្ដាល​ផល​ផ្លែ​នៃ​វិញ្ញាណ​បរិសុទ្ធ រួម​ទាំង​ការ​អត់​ធន់?

ក៏​ប៉ុន្តែ នេះ​មិន​បាន​សេចក្ដី​ថា​ព្រះ​យេហូវ៉ា​បង្ខំ​មនុស្ស​ម្នាក់​ឲ្យ​បណ្ដោយ​តាម​ឥទ្ធិពល​នៃ​វិញ្ញាណ​ទ្រង់​នោះ​ទេ។ យើង​ត្រូវ​អនុលោម​តាម​ឥទ្ធិពល​នោះ​វិញ។ (​កូរិនថូស​ទី​២ ៣:១៧; អេភេសូរ ៤:៣០​) យើង​អនុញ្ញាត​ឲ្យ​វិញ្ញាណ​មាន​អានុភាព​ទៅ​លើ​ជីវិត​របស់​យើង ដោយ​បណ្ដុះ​បណ្ដាល​ផល​ផ្លែ​នៃ​វិញ្ញាណ​នោះ​ក្នុង​កិច្ច​ការ​គ្រប់​បែប​យ៉ាង​របស់​យើង។ ក្រោយ​ប៉ុល​បញ្ជាក់​អំពី​ការ​ប្រព្រឹត្ត​ខាង​សាច់​ឈាម​និង​ផល​ផ្លែ​នៃ​វិញ្ញាណ នោះ​ប៉ុល​និយាយ​បន្ថែម​ថា​៖ ​«​បើ​សិន​ជា​យើង​រស់​ដោយ​នូវ​ព្រះ​វិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះ​វិញ្ញាណ​ដែរ។ កុំ​ឲ្យ​ច្រឡំ​ឡើយ នឹង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក​រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ​វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជា​និច្ច ពី​ព្រះ​វិញ្ញាណ​វិញ​»។ (​កាឡាទី ៥:២៥; ៦:៧, ៨​) បើ​សិន​ជា​យើង​ចង់​ជោគ​ជ័យ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​ចេះ​អត់​ធន់​នោះ យើង​ក៏​ត្រូវ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ផល​ផ្លែ​ដែល​នៅ​សល់​ប៉ុន្មាន​ទៀត​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្កើត​ក្នុង​ជន​គ្រីស្ទាន។

‹សេចក្ដី​ស្រឡាញ់​តែង​តែ​អត់​ធន់›

៩. តើ​អ្វី​ប្រហែល​ជា​មូលហេតុ​ដែល​ប៉ុល​ប្រាប់​អ្នក​នៅ​កូរិនថូស​ថា‹សេចក្ដី​ស្រឡាញ់​តែង​តែ​អត់​ធន់›នោះ?

ប៉ុល​ពន្យល់​ពី​ទំនាក់​ទំនង​ពិសេស​រវាង​សេចក្ដី​ស្រឡាញ់​និង​ការ​អត់​ធន់ ដោយ​និយាយ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​តែង​តែ[​អត់​ធន់​]​»។ (​កូរិនថូស​ទី​១ ១៣:៤​) លោក​អាល​បឺត បាន្ស ដែល​ជា​បណ្ឌិត​ខាង​ព្រះ​គម្ពីរ បាន​លើក​ឡើង​ថា ប៉ុល​ដាក់​ទម្ងន់​ទៅ​លើ​ចំណុច​នេះ​ដោយ​សារ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​និង​ការ​ទាស់​ទែង​គ្នា​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​ទី​ក្រុង​កូរិនថូស។ (​កូរិនថូស​ទី​១ ១:១១, ១២​) លោក​បាន្ស​បញ្ជាក់​ថា​៖ ​«​ពាក្យ​ដែល​ត្រូវ​ប្រើ​ទី​នេះ[​ដែល​មាន​ន័យ​ថា​អត់​ធន់​] គឺ​ខុស​គ្នា​ដាច់​ស្រឡះ​ពី​ការ​ប្រព្រឹត្ត​យ៉ាង​រហ័ស​រហួន ឬ​សំដី​និង​គំនិត​ក្ដៅ​ក្រហាយ និង​ចិត្ត​មួម៉ៅ​ជា​ដើម។ ពាក្យ​នោះ​សំដៅ​ទៅ​លើ​សតិ​អារម្មណ៍​ដែល​អាច​ទ្រាំ​យ៉ាង​យូរ​កំពុង​តែ​ត្រូវ​គេ​ជិះ​ជាន់​ឬ​ចាក់​រុក​»។ សេចក្ដី​ស្រឡាញ់​និង​ការ​អត់​ធន់​នៅ​តែ​ចំរើន​មេត្រី​ភាព​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន។

១០. (​ក​) តើ​យ៉ាង​ដូច​ម្ដេច​ដែល​សេចក្ដី​ស្រឡាញ់​ជួយ​យើង​អត់​ធន់? ហើយ​តើ​សាវ័ក​ប៉ុល​ជូន​ឱវាទ​ណា​ចំពោះ​រឿង​នេះ? (​ខ​) តើ​បណ្ឌិត​ព្រះ​គម្ពីរ​ម្នាក់​បាន​បញ្ជាក់​យ៉ាង​ណា​អំពី​ការ​អត់​ធន់​និង​សេចក្ដី​សប្បុរស​របស់​ព្រះ? (​សូម​មើល​សម្គាល់​ហេតុ​ខាង​លើ​)

១០ ​«​សេចក្ដី​ស្រឡាញ់​តែង​តែ[​អត់​ធន់​] ហើយ​ក៏​សប្បុរស . . . មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង​»។ ដូច្នេះ តាម​វិធី​ជា​ច្រើន​យ៉ាង​នោះ សេចក្ដី​ស្រឡាញ់​ជួយ​យើង​អត់​ធន់។ a (​កូរិនថូស​ទី​១ ១៣:៤, ៥​) សេចក្ដី​ស្រឡាញ់​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នឹក​ចាំ​ថា​យើង​ទាំង​អស់​គ្នា​គឺ​ឥត​គ្រប់​ល័ក្ខណ៍​និង​មាន​កំហុស។ នេះ​ជួយ​យើង​ចេះ​គិត​ដល់​អារម្មណ៍​អ្នក​ដទៃ​និង​អត់​ឱន​ទោស​គេ​ទៀត​ផង។ សាវ័ក​ប៉ុល​ជំរុញ​យើង​ឲ្យ​ដើរ​បែប​«​មាន​ចិត្ត​សុភាព ហើយ​ស្លូត​បូត​គ្រប់​ជំពូក ទាំង​អត់​ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ ហើយ​ខំ​ប្រឹង​រក្សា​សេចក្ដី​រួប​រួម​គ្នា​របស់​ព្រះ​វិញ្ញាណ ដោយ​សេចក្ដី​មេត្រី ទុក​ជា​ចំណង​ផង​»។—អេភេសូរ ៤:១​-​៣

១១. ហេតុ​អ្វី​បាន​ជា​សំខាន់ ជា​ពិសេស​គ្រីស្ទាន​ដែល​រួប​រួម​គ្នា​ជា​សហគមន៍​ត្រូវ​អត់​ធន់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ?

១១ បើ​សិន​ជា​គ្រីស្ទាន​ទាំង​ឡាយ​ដែល​រួប​រួម​គ្នា​ជា​សហគមន៍​ចេះ​អត់​ធន់​គ្នា​ទៅ​វិញ​ទៅ​មក នេះ​នឹង​បង្កើន​មេត្រី​ភាព​និង​សុភមង្គល​របស់​គេ មិន​ថា​គេ​នៅ​ក្នុង​ក្រុម​ជំនុំ ផ្ទះ​បេតអែល ផ្ទះ​សាសនទូត ក្រុម​ជាង​សំណង់ ឬ​សាលា​គ្រីស្ទាន​ណា​ក៏​ដោយ។ យូរ​ម្ដង​ៗ​អាច​មាន​បញ្ហា​កើត​ឡើង​ដែល​លលេង​ជា​មួយ​យើង ដោយ​សារ​យើង​ម្នាក់​ៗ​រមែង​មាន​បុគ្គលិក​លក្ខណៈ​និង​ចំណង់​ចំណូល​ចិត្ត​ខុស​ៗ​គ្នា ភាព​ខុស​គ្នា​ខាង​ការ​ចិញ្ចឹម​អប់រំ សុភាវធម៌ និង​សូម្បី​តែ​ខាង​អនាម័យ​ទៀត​ផង។ បញ្ហា​នេះ​ក៏​អាច​មាន​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ។ គឺ​ចាំ​បាច់​ដែល​យើង​យឺត​នឹង​ខឹង។ (​សុភាសិត ១៤:២៩; ១៥:១៨; ១៩:១១​) ទាំង​អស់​គ្នា​ត្រូវ​អត់​ធន់​និង​អត់​ទ្រាំ​យ៉ាង​អត់​ធ្មត់ ដោយ​សង្ឃឹម​ថា​នឹង​មាន​ការ​កែ​ប្រែ​ដ៏​ល្អ​នោះ។—រ៉ូម ១៥:១​-​៦

ការ​អត់​ធន់​ជួយ​យើង​ស៊ូ​ទ្រាំ

១២. ហេតុ​អ្វី​បាន​ជា​ការ​អត់​ធន់​គឺ​សំខាន់ ពេល​ដែល​មាន​បញ្ហា​មក​ប្រឡង​ប្រណាំង​ការ​អត់​ធន់​របស់​យើង?

១២ ការ​អត់​ធន់​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​កាលៈទេសៈ​ដ៏​លំបាក ទោះ​ជា​មើល​ទៅ​ដូច​ជា​ពុំ​មាន​ទី​បញ្ចប់​ឬ​ដំណោះ​ស្រាយ​ភ្លាម​ៗ​នោះ​ក៏​ដោយ។ លោក​រេ​ជី​ស​ដែល​បទ​ពិសោធន៍​របស់​លោក​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​នោះ បាន​ធ្វើ​ដូច្នេះ​ដែរ។ អស់​ជា​ច្រើន​ឆ្នាំ ភរិយា​របស់​គាត់​បាន​ប្រឆាំង​មិន​ចង់​ឲ្យ​គាត់​បំរើ​ព្រះ​យេហូវ៉ា​ទេ។ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​មួយ នាង​និយាយ​ទៅ​កាន់​គាត់​ទាំង​ស្រក់​ទឹក​ភ្នែក​ថា​៖ ​«​អូន​ដឹង​ថា​នេះ​ជា​សេចក្ដី​ពិត​ហើយ។ សូម​ជួយ​អូន​ផង។ អូន​ចង់​សិក្សា​ព្រះ​គម្ពីរ​»។ ជា​យថាហេតុ​នោះ នាង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់។ លោក​រេ​ជី​ស​រ៉ាយរ៉ាប់​ថា​៖ ​«​នេះ​ជា​ភស្តុ​តាង​ថា ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ក្នុង​ឆ្នាំ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ពុះ​ពារ អត់​ធ្មត់ និង​ស៊ូ​ទ្រាំ​»។ ការ​អត់​ធន់​របស់​គាត់​បាន​កើត​ផល​ល្អ​មែន។

១៣. តើ​អ្វី​បាន​ជួយ​ប៉ុល​ស៊ូ​ទ្រាំ? ហើយ​តើ​ដូច​ម្ដេច​ដែល​គំរូ​របស់​គាត់​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​បាន?

១៣ នៅ​សតវត្ស​ទី​១ ស.យ. សាវ័ក​ប៉ុល​គឺ​ជា​គំរូ​ដ៏​ប្រសើរ​ស្តី​ពី​ការ​អត់​ធន់។ (​កូរិនថូស​ទី​២ ៦:៣​-​១០; ធីម៉ូថេ​ទី​១ ១:១៦​) មុន​មរណភាព​របស់​ប៉ុល​នោះ ពេល​គាត់​កំពុង​តែ​ទូន្មាន​យុ​វ​សហការី​របស់​គាត់​ឈ្មោះ​ធីម៉ូថេ គឺ​ប៉ុល​ព្រមាន​ថា​គ្រីស្ទាន​ទាំង​អស់​នឹង​ជួប​ប្រទះ​ការ​ល្បង​ល​ជា​មិន​ខាន។ ប៉ុល​លើក​បញ្ជាក់​ពី​គំរូ​របស់​គាត់​ផ្ទាល់​និង​បាន​ប្រាប់​ពី​គុណ​សម្បត្ដិ​គ្រីស្ទាន​ណា​ដែល​ជា​ចាំ​បាច់​ទើប​អាច​ស៊ូ​ទ្រាំ​បាន។ ប៉ុល​សរសេរ​ថា​៖ ​«​តែ​ចំណែក​អ្នក អ្នក​បាន​ស្គាល់​គ្រប់​សេចក្ដី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត នឹង​បំណង​ចិត្ត សេចក្ដី​ជំនឿ សេចក្ដី​អត់​ធ្មត់ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់​ខ្ជួន​របស់​ខ្ញុំ​ហើយ ព្រម​ទាំង​ការ​ដែល​គេ​បៀត​បៀន​ដល់​ខ្ញុំ នឹង​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់ទីយ៉ូក ក្រុង​អ៊ីកូនាម នឹង​ក្រុង​លីស្ដ្រា ក៏​ស្គាល់​សេចក្ដី​បៀត​បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ​ទ្រ​នោះ​ដែរ តែ​ក្នុង​ការ​ទាំង​នោះ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​វិញ ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ[​ដោយ​កាន់​តាម​ព្រះ​យេស៊ូ​] នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀត​បៀន​ដែរ​»។ (​ធីម៉ូថេ​ទី​២ ៣:១០​-​១២; កិច្ច​ការ ១៣:៤៩​-​៥១; ១៤:១៩​-​២២​) ដើម្បី​ស៊ូ​ទ្រាំ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ជំនឿ សេចក្ដី​ស្រឡាញ់ និង​ការ​អត់​ធន់។

ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ការ​អត់​ធន់

១៤. តើ​ប៉ុល​ប្រៀប​ធៀប​គុណ​សម្បត្ដិ​របស់​ព្រះ​ទៅ​នឹង​អ្វី? ហើយ​តើ​គាត់​ជូន​ឱវាទ​អ្វី​ចំពោះ​គ្រីស្ទាន​នៅ​ទី​ក្រុង​កូល៉ុស?

១៤ សាវ័ក​ប៉ុល​បាន​ប្រៀប​ការ​អត់​ធន់​និង​គុណ​សម្បត្ដិ​ឯ​ទៀត​របស់​ព្រះ គឺ​ធៀប​នឹង​សំលៀក​បំពាក់​ដែល​គ្រីស្ទាន​ម្នាក់​ត្រូវ​ពាក់​ក្រោយ​ដែល​បាន​ដោះ​ចោល​នូវ​ការ​ប្រព្រឹត្ត​នៃ‹បុគ្គលិក​លក្ខណៈ​ចាស់›ចេញ​រួច​ហើយ។ (​កូល៉ុស ៣:៥​-​១០​) គាត់​សរសេរ​ថា​៖ ​«​ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់​ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន​ភ្ងា​ដល់​ព្រះ​ចុះ! ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ! ដូច​ជា​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ សេចក្ដី​គ្រប់​លក្ខណ៍​»។—កូល៉ុស ៣:១២​-​១៤

១៥. ពេល​ជន​គ្រីស្ទាន‹ប្រដាប់​ខ្លួន›ទៅ​ដោយ​ការ​អត់​ធន់​និង​គុណ​សម្បត្ដិ​ឯ​ទៀត​ដូច​ព្រះ តើ​មាន​លទ្ធផល​អ្វី?

១៥ ពេល​សមាជិក​ក្រុម​ជំនុំ‹ប្រដាប់​ខ្លួន›ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត ការ​អត់​ធន់ និង​សេចក្ដី​ស្រឡាញ់ នោះ​គេ​អាច​ដោះ​ស្រាយ​បញ្ហា​និង​ឈាន​ទៅ​រក​ការ​រីក​ចំរើន​ដោយ​សាមគ្គី​ភាព​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា។ ជា​ពិសេស ជន​គ្រីស្ទាន​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​ចេះ​អត់​ធន់។ គ្រា​ខ្លះ​គាត់​ប្រហែល​ជា​ត្រូវ​ប្រដៅ​តម្រង់​គ្រីស្ទាន​ម្នាក់​ទៀត ក៏​ប៉ុន្តែ មាន​វិធី​ផ្សេង​ៗ​ដែល​គាត់​អាច​ធ្វើ​ដូច្នេះ​បាន។ ប៉ុល​បាន​ពណ៌នា​អំពី​ទស្សនៈ​ប្រសើរ​បំផុត ពេល​គាត់​សរសេរ​ទៅ​កាន់​ធីម៉ូថេ​ថា​៖ ​«​ចូរ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយ​ចិត្ត​អត់​ធ្មត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ​គ្រប់​យ៉ាង​»។ (​ធីម៉ូថេ​ទី​២ ៤:២​) ចៀម​របស់​ព្រះ​យេហូវ៉ា​ពិត​មែន​ត្រូវ​ថែ​រក្សា​ជា​និច្ច​ដោយ​ការ​អត់​ធន់ ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ​និង​ដោយ​ថ្នាក់​ថ្នម​ទៀត​ផង។—ម៉ាថាយ ៧:១២; ១១:២៨; កិច្ច​ការ ២០:២៨, ២៩; រ៉ូម ១២:១០

«​[​អត់​ធន់​]ចំពោះ​មនុស្ស​ទាំង​អស់​»​

១៦. កាល​បើ​យើង‹អត់​ធន់​ចំពោះ​មនុស្ស​ទាំង​អស់›តើ​អាច​បាន​លទ្ធផល​អ្វី?

១៦ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​បាន​អត់​ធន់​នឹង​មនុស្សជាតិ​ដូច្នេះ នោះ​យើង​ក៏​មាន​កាតព្វកិច្ច​«​[​អត់​ធន់​]ចំពោះ​មនុស្ស​ទាំង​អស់​»​ផង​ដែរ។ (​ថែស្សាឡូនីច​ទី​១ ៥:១៤​) នេះ​តម្រូវ​ឲ្យ​អត់​ធ្មត់​នឹង​សមាជិក​ក្រុម​គ្រួសារ អ្នក​ជិត​ខាង សហការី​សហ​ការិនី និង​មិត្ត​រួម​ថ្នាក់​ដែល​គេ​មិន​មែន​ជា​ស្មរ​បន្ទាល់​ឡើយ។ ស្មរ​បន្ទាល់​ខ្លះ​បាន​ទ្រាំ​នឹង​ការ​ចំអក​ឬ​ការ​ប្រឆាំង​ចំ​មុខ ពី​មនុស្ស​ផ្សេង​ៗ​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា​រៀន ជួន​កាល​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ដោយ​ធ្វើ​ដូច្នេះ​គេ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​លែង​ប្រកាន់​ចំពោះ​គេ​ទៀត។ (​កូល៉ុស ៤:៥, ៦​) សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ​ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក​ប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ​»។—ពេត្រុស​ទី​១ ២:១២

១៧. តើ​យើង​អាច​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​និង​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​បាន? ហើយ​ហេតុ​អ្វី​យើង​គួរ​ធ្វើ​ដូច្នេះ?

១៧ ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​នឹង​នាំ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ទទួល​សេចក្ដី​សង្គ្រោះ។ (​ពេត្រុស​ទី​២ ៣:៩, ១៥​) បើ​សិន​ជា​យើង​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​និង​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដោយ​ចិត្ត​អត់​ធ្មត់ និង​បង្រៀន​អ្នក​ដទៃ​ឲ្យ​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រងរបស់​ព្រះ​គ្រីស្ទ​ក្រោម​ព្រះ​រាជាណាចក្រ។ (​ម៉ាថាយ ២៨:១៨​-​២០; ម៉ាកុស ១៣:១០​) បើ​សិន​ជា​យើង​ឈប់​ផ្សព្វ​ផ្សាយ នោះ​ហាក់​បី​ដូច​ជា​យើង​ចង់​ដាក់​ដែន​កំណត់​ទៅ​លើ​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា និង​មិន​បាន​ទទួល​ស្គាល់​គោល​បំណង​នៃ​ការ​អត់​ធន់​របស់​ទ្រង់ គឺ​ជា​ការ​នាំ​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​វិញ​នោះ​ទេ។—រ៉ូម ២:៤

១៨. តើ​ប៉ុល​បាន​អធិស្ឋាន​យ៉ាង​ណា​សំរាប់​ជន​គ្រីស្ទាន​នៅ​ទី​ក្រុង​កូល៉ុស?

១៨ ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​បណ្ដា​គ្រីស្ទាន​នៅ​ទី​ក្រុង​កូល៉ុស​នៅ​ភូមិ​ភាគ​អាស៊ី​មី​ន័រ​ថា​៖ ​«​ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ​ហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា នឹង​ចំណេះ​ខាង​ឯ​វិញ្ញាណ ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ​អម្ចាស់ ទាំង[​ពេញ​ព្រះ​ហឫទ័យ​ទ្រង់​ទាំង​ស្រុង, ព.ថ.​] ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង ដោយ​បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចំរើន​កំឡាំង តាម​ឫទ្ធិ​បារមី​ដ៏​ឧត្តម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំ​ទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ​»។—កូល៉ុស ១:៩​-​១១

១៩, ២០. (​ក​) តើ​យើង​អាច​ជៀស​វាង​យ៉ាង​ដូច​ម្ដេច ពី​ការ​ចាត់​ទុក​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​ជា​ការ​ពិបាក​មួយ? (​ខ​) តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​អត់​ធន់?

១៩ ការ​អត់​ធន់​ឬ​អត់​ធ្មត់​ដែល​មាន​ត​ទៅ​ទៀត​របស់​ព្រះ​យេហូវ៉ា នឹង​មិន​ក្លាយ​ជា​ការ​ពិបាក​សំរាប់​យើង​ទេ បើ​សិន​ជា​យើង​«​ស្គាល់​ព្រះ​ហឫទ័យ​ទ្រង់​សព្វ​គ្រប់​»​គឺ​ថា​«​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​»។ (​ធីម៉ូថេ​ទី​១ ២:៤​) យើង​នឹង​បន្ត​«​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ​»​ជា​ពិសេស​ក្នុង​ការ​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ​»។ (​ម៉ាថាយ ២៤:១៤​) បើ​សិន​ជា​យើង​បន្ត​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​បន្ត​ធ្វើ​ឲ្យ​«​ព្រះ​ចេស្ដា​ចំរើន​កំឡាំង​»​យើង ដើម្បី​ឲ្យ​យើង​មាន​សមត្ថភាព​«​ចេះ​ទ្រាំ​ទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ​»។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​«​ដើរ​បែប​គួរ​នឹង[​ព្រះ​យេហូវ៉ា​]​»​ហើយ​យើង​ថែម​ទាំង​នឹង​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត​គំនិត​ដោយ​ដឹង​ថា យើង​កំពុង​តែ​«​ពេញ​ព្រះ​ហឫទ័យ​ទ្រង់​ទាំង​ស្រុង​»។

២០ ចូរ​ឲ្យ​យើង​មាន​ជំនឿ​យ៉ាង​ស៊ប់​ថា ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​គឺ​ប្រកប​ទៅ​ដោយ​ប្រាជ្ញា។ នេះ​គឺ​ដើម្បី​ជួយ​ឲ្យ​យើង​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​ក៏​ជា​សេចក្ដី​សង្គ្រោះ​ចំពោះ​អ្នក​ដែល​ស្ដាប់​តាម​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​របស់​យើង។ (​ធីម៉ូថេ​ទី​១ ៤:១៦​) ការ​បណ្ដុះ​បណ្ដាល​ផល​ផ្លែ​នៃ​វិញ្ញាណ​បរិសុទ្ធ នោះ​សេចក្ដី​ស្រឡាញ់ សុភាព សេចក្ដី​សប្បុរស សំឡូត និង​ការ​ដឹង​ខ្នាត​នឹង​ជួយ​យើង​អត់​ធន់​ដោយ​អំណរ។ យើង​នឹង​អាច​រស់​នៅ​ដោយ​សុខ​ជា​មួយ​សមាជិក​ក្រុម​គ្រួសារ​របស់​យើង ព្រម​ទាំង​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​ក្នុង​ក្រុម​ជំនុំ។ ការ​អត់​ធន់​ក៏​នឹង​ជួយ​យើង​អត់​ធ្មត់​នឹង​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​យើង​ឬ​មិត្ត​រួម​ថ្នាក់​យើង។ ហើយ​ការ​អត់​ធន់​របស់​យើង​នឹង​មាន​គោល​បំណង គឺ​ជា​ការ​សង្គ្រោះ​អ្នក​ដែល​ធ្វើ​ខុស និង​ការ​លើក​ដំកើង​ព្រះ​ដែល​ជា​តួ​អង្គ​នៃ​ការ​អត់​ធន់​គឺ​ព្រះ​យេហូវ៉ា។

[​កំណត់​សម្គាល់​]

a បណ្ឌិត​ព្រះ​គម្ពីរ​ម្នាក់​ឈ្មោះ លោក​គ័រ​ដុន​ហ្វី បាន​សរសេរ​អំពី​សំដី​ប៉ុល​ដែល​ថា​«​សេចក្ដី​ស្រឡាញ់​តែង​តែ[​អត់​ធន់​]និង​សប្បុរស​»​ ដោយ​ពន្យល់​ថា​៖ ​«​តាម​ទ្រឹស្តី​សាសនា​របស់​ប៉ុល គុណ​សម្បត្ដិ​ទាំង​នោះ[​ការ​អត់​ធន់​និង​សេចក្ដី​សប្បុរស​] តំណាង​ផ្នែក​ពីរ​យ៉ាង​នៃ​ព្រះ​ទ័យ​របស់​ព្រះ​ចំពោះ​មនុស្សជាតិ(​រ៉ូម ២:៤​)។ ការ​ទ្រាំ​ទ្រ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ស​ឲ្យ​ឃើញ​ដោយ​ទ្រង់​ទប់​មិន​បញ្ចេញ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​ការ​បះ​បោរ​របស់​មនុស្សជាតិ​ឡើយ តែ​ម្យ៉ាង​ទៀត សេចក្ដី​សប្បុរស​របស់​ទ្រង់​គឺ​ស​ឲ្យ​ឃើញ​ដោយ​សេចក្ដី​មេត្ដា​ករុណា​យ៉ាង​ក្រៃ​លែង​របស់​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា ការ​ពណ៌នា​របស់​ប៉ុល​អំពី​សេចក្ដី​ស្រឡាញ់ គឺ​ចាប់​ផ្ដើម​ដោយ​ពណ៌នា​អំពី​ព្រះ តាម​រយៈ​ព្រះ​គ្រីស្ទ​បាន​ទ្រាំ​ទ្រ​និង​ប្រព្រឹត្ត​យ៉ាង​សប្បុរស​ចំពោះ​អ្នក​ដែល​គួរ​ឲ្យ​កាត់​ទោស​»។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​គ្រីស្ទ​គឺ​ជា​គំរូ​មួយ​ដ៏​ប្រសើរ​ពី​ការ​អត់​ធន់?

• តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បណ្ដុះ​ចិត្ត​អត់​ធន់​បាន?

• តើ​ការ​អត់​ធន់​ជួយ​ក្រុម​គ្រួសារ សហគមន៍​គ្រីស្ទាន និង​អ្នក​ចាស់​ទុំ​យ៉ាង​ដូច​ម្ដេច?

• តើ​ការ​អត់​ធន់​នឹង​ផ្ដល់​ប្រយោជន៍​ដល់​យើង​នឹង​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​១៦​]

សូម្បី​តែ​ពេល​ព្រះ​យេស៊ូ​កំពុង​តែ ស្ថិត​ក្រោម​ការ​គាប​សង្កត់​ក្ដី ទ្រង់​នៅ​តែ​អត់​ធ្មត់ នឹង​អ្នក​កាន់​តាម​ទ្រង់

[​រូប​ភាព​នៅ​ទំព័រ​១៧​]

គ្រីស្ទាន​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​បាន ត្រូវ​ដាស់​តឿន​ឲ្យ​ទុក​គំរូ​ដ៏​ល្អ​ពី​ការ​អត់​ធន់ ពេល​ទាក់​ទង​បង​ប្អូន​របស់​គេ

[​រូប​ភាព​នៅ​ទំព័រ​១៨​]

បើ​សិន​ជា​យើង​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​និង​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

[​រូប​ភាព​នៅ​ទំព័រ​១៩​]

ប៉ុល​បាន​អធិស្ឋាន​ឲ្យ គ្រីស្ទាន​ទាំង​ឡាយ‹អត់​ធន់​ដោយ​អំណរ›