លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូជាព្រះអង្គសង្គ្រោះ តើតាមរបៀបណា?

ព្រះយេស៊ូជាព្រះអង្គសង្គ្រោះ តើតាមរបៀបណា?

ព្រះ​យេស៊ូ​ជា​ព្រះ​អង្គ​សង្គ្រោះ តើ​តាម​របៀប​ណា?

​«​ព្រះ​យេស៊ូ​ជា​ព្រះ​អង្គ​សង្គ្រោះ!​»។ ​«​ព្រះ​អង្គ​ព្រះ​យេស៊ូ​សង្គ្រោះ​យើង!​»។ នៅ​ប្រទេស​ជា​ច្រើន​ទូទាំង​ផែនដី មាន​ឃ្លា​ដូច​នេះ​សរសេរ​តាម​ជញ្ជាំង​អាគារ​និង​កន្លែង​សាធារណៈ​ផ្សេង​ៗ។ មនុស្ស​រាប់​លាន​នាក់​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ថា ព្រះ​យេស៊ូ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​គេ។ ប្រសិន​បើ​អ្នក​សួរ​គេ​ថា​៖ ​«​តើ​ព្រះ​យេស៊ូ​ជួយ​សង្គ្រោះ​យើង​តាម​របៀប​ណា?​»។ គេ​ប្រហែល​ជា​នឹង​ឆ្លើយ​ថា​៖ ​«​ព្រះ​យេស៊ូ​បាន​សុគត​ជំនួស​យើង​»​ ឬ ​«​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ដើម្បី​លាង​បាប​យើង​»។ ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​ពិត​ជា​នាំ​ឲ្យ​យើង​បាន​សង្គ្រោះ​មែន។ ប៉ុន្តែ​តើ​ដោយ​របៀប​ណា​ដែល​ការ​សោយ​ទិវង្គត​របស់​បុរស​តែ​ម្នាក់ អាច​លោះ​បាប​មនុស្ស​រាប់​សិប​លាន​នាក់​បាន? បើ​គេ​សួរ​អ្នក​ថា​៖ ​«​តើ​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​អាច​សង្គ្រោះ​យើង​បាន​តាម​របៀប​ណា?​»​ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ចម្លើយ​ចំពោះ​សំនួរ​នេះ​គឺ​មាន​ក្នុង​ព្រះ​គម្ពីរ និង​មិន​ពិបាក​យល់​ទេ ហើយ​ក៏​មាន​ខ្លឹម​សារ​ច្បាស់​លាស់​ផង។ ក៏​ប៉ុន្តែ ដើម្បី​យល់​នូវ​សារៈ​សំខាន់​នោះ មុន​ដំបូង​យើង​ត្រូវ​តែ​យល់​ដឹង​ពី​ព្រះ​ជន្ម​ទ្រង់ និង​ការ​សោយ​ទិវង្គត​របស់​ទ្រង់​សំរាប់​មនុស្សជាតិ ដែល​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​សំរាប់​បញ្ហា​មួយ​ដ៏​ធំ​នេះ។ មាន​តែ​យល់​ដឹង​ពី​នោះ​ទេ ដែល​យើង​អាច​យល់​ពី​តម្លៃ​ខ្ពង់​ខ្ពស់​ក្រៃ​លែង​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ។

ដោយ​ព្រះ​ឲ្យ​ព្រះ​យេស៊ូ​បូជា​ព្រះ​ជន្ម​ទ្រង់ នោះ​ព្រះ​បាន​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​ស្ថានការណ៍​ដែល​បាន​កើត​ឡើង​នៅ​ពេល​ដែល​អ័ដាម​បាន​ធ្វើ​បាប។ អំពើ​បាប​នោះ​ឯង​ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​មែន! បុរស​មុន​គេ​បង្អស់​និង​ភរិយា​របស់​គាត់​ឈ្មោះ​អេវ៉ា ជា​មនុស្ស​គ្រប់​ល័ក្ខណ៍។ សួន​ច្បារ​ដ៏​ស្រស់បំព្រង ឈ្មោះ​អេដែន ជា​ទី​លំនៅ​របស់​គេ។ ព្រះ​បាន​ឲ្យ​គេ​ធ្វើ​ការ​ងារ​ដែល​មាន​អត្ថន័យ ជា​កិច្ច​ការ​ថែ​រក្សា​ទី​លំនៅ​របស់​គេ​ជា​សួន​ច្បារ​មួយ​នោះ។ គេ​ត្រូវ​ថែ​រក្សា​ជីវិត​ទាំង​ឡាយ​នៅ​លើ​ផែនដីដោយ​សេចក្ដី​ស្រឡាញ់។ ហើយ​នៅ​ពេល​ដែល​មនុស្ស​លោក​មាន​កំ​នើ​ន​កើន​ឡើង​ពេញ​ផែនដី នោះ​ទី​មនោរម្យ​ក៏​ត្រូវ​ពង្រីក​ឲ្យ​ពេញ​ផែនដី​ដែរ។ (​លោកុប្បត្តិ ១:២៨​) ការ​ងារ​ដែល​គេ​បាន​ទទួល​នោះ គួរ​ឲ្យ​រីក​រាយ​និង​រំភើប​ចិត្ត​ណាស់​ហ្ន៎! ម្យ៉ាង​ទៀត គេ​ក៏​មាន​គូ​ដ៏​ជា​ទី​ស្រឡាញ់​ផង​ដែរ។ (​លោកុប្បត្តិ ២:១៨​) គេ​មិន​ខ្វះ​អ្វី​សោះ​ឡើយ។ គេ​អាច​រស់​ជា​និច្ច​និរន្តរ៍​ទាំង​មាន​សុភមង្គល​បាន។

គឺ​គួរ​ឲ្យ​ពិបាក​នឹង​យល់​ណាស់ នូវ​មូលហេតុ​អ្វី​ដែល​អ័ដាម​និង​អេវ៉ា​បាន​ធ្វើ​បាប​នោះ។ ជា​មនុស្ស​មួយ​គូ​ដំបូង​នោះ គេ​បាន​បះ​បោរ​ប្រឆាំង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​អង្គ​ដែល​បាន​បង្កើត​គេ​មក។ បុគ្គល​វិញ្ញាណ​មួយ​រូប ដែល​មាន​ឈ្មោះ​ថា​អារក្ស​សាតាំង វា​បាន​ប្រើ​សត្វ​ពស់​មួយ​បញ្ឆោត​នាង​អេវ៉ា​កុំ​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា និង​អ័ដាម​បាន​ធ្វើ​តាម​នាង​ដែរ។—លោកុប្បត្តិ ៣:១​-​៦

គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដែល​អ្នក​បង្កើត​ត្រូវ​ធ្វើ​ដល់​អ័ដាម​និង​អេវ៉ា។ ទ្រង់​បាន​បញ្ជាក់​រួច​ទៅ​ហើយ​អំពី​លទ្ធផល​ពី​ការ​មិន​ស្ដាប់​បង្គាប់ ដោយ​មាន​បន្ទូល​ថា​៖ ​«​ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ត។ តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ២:១៦, ១៧​) តាំង​ពី​ពេល​នោះ​មក ក៏​មាន​សំនួរ​ដ៏​សំខាន់​ជាង​នេះ​ទៅ​ទៀត​ដែល​ត្រូវ​ការ​ចម្លើយ។

មនុស្សជាតិ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ដ៏​ពិបាក

អំពើ​បាប​ដំបូង​នោះ​បាន​បណ្ដាល​ឲ្យ​មនុស្សជាតិ​មាន​បញ្ហា​ដ៏​ធំ​មួយ។ អ័ដាម​បាន​ចាប់​ផ្ដើម​មាន​ឡើង​ដោយ​មាន​ជីវិត​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ម្នាក់។ អាស្រ័យ​ដោយ​ហេតុ​នេះ​ហើយ កូន​ចៅ​របស់​គាត់​តាម​ត្រូវ​គួរ​ទទួល​ជីវិត​គ្រប់​ល័ក្ខណ៍​ជា​រៀង​រហូត​បាន។ ក៏​ប៉ុន្តែ អ័ដាម​បាន​ធ្វើ​បាប មុន​ពេល​ដែល​គាត់​បង្កើត​កូន​ចៅ​នោះ។ អ័ដាម​មិន​ទាន់​បាន​បន្ត​ពូជ​ឡើយ ពេល​ដែល​គាត់​បាន​ទទួល​ទោស​ពី​ព្រះ​ដោយ​មាន​បន្ទូល​ថា​៖ ​«​ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពីព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក។ ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​»។ (​លោកុប្បត្តិ ៣:១៩​) ដូច្នេះ ដូច​ព្រះ​បាន​មាន​បន្ទូល​ហើយ នៅ​ពេល​ដែល​អ័ដាម​បាន​ធ្វើ​បាប នោះ​គាត់​ចាប់​ផ្ដើម​ដើរ​ឆ្ពោះ​ទៅ​រក​មាគ៌ា​នៃ​សេចក្ដី​ស្លាប់ ហើយ​មនុស្សជាតិ​ទាំង​ឡាយ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ស្លាប់​ជា​មួយ​គាត់​ដែរ។

ក្រោយ​ៗ​មក សាវ័ក​ប៉ុល​បាន​សរសេរ​យ៉ាង​សម​ត្រឹម​ត្រូវ​ថា​៖ ​«​បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយ​សារ​មនុស្ស​តែ​ម្នាក់[​គឺ​អ័ដាម​] ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ​»។ (​រ៉ូម ៥:១២​) ត្រូវ​មែន កូន​ចៅ​តាម​ត្រូវ​គួរ​កើត​មក​យ៉ាង​ល្អ​គ្រប់​ល័ក្ខណ៍ ទាំង​មាន​ជីវិត​ដ៏​មិន​ចេះ​ចប់​នៅ​ខាង​មុខ​គេ តែ​ដោយ​ព្រោះ​អំពើ​បាប​ដំបូង​នោះ ពួក​គេ​បាន​កើត​មក​ដោយ​មាន​ជម្ងឺ ជរា​ភាព និង​សេចក្ដី​ស្លាប់​ទៅ​វិញ។

អ្នក​ណា​ម្នាក់​ប្រហែល​ជា​និយាយ​ថា​៖ ​«​ធ្វើ​ដូច្នេះ​គឺ​អយុត្ដិធម៌​ណាស់! ពួក​យើង​មិន​បាន​ជ្រើស​រើស​ផ្លូវ​មិន​ស្ដាប់​បង្គាប់​ព្រះ​នោះ​ទេ ជា​អ័ដាម​ទៅ​វិញ​ទេ​ដែល​បាន​ធ្វើ​ដូច្នេះ។ ម្ដេច​ក៏​យើង​ត្រូវ​បាត់​បង់​សុភមង្គល​និង​សេចក្ដី​សង្ឃឹម​រស់​រហូត​ដូច្នេះ?​»។ យើង​ដឹង​ថា បើ​តុលាការ​កាត់​ទោស​កូន​ប្រុស​ម្នាក់ ដោយ​ព្រោះ​ឪពុក​លួច​ឡាន​គេ នោះ​កូន​ប្រុស​មាន​សិទ្ធិ​ប្រកែក​ថា​៖ ​«​អយុត្ដិធម៌​ណាស់! ខ្ញុំ​មិន​បាន​លួច​ទេ​»។—ចោទិយកថា ២៤:១៦

ដោយ​ញ៉ាំង​ឲ្យ​បុរស​និង​ស្ត្រី​ដំបូង​ធ្វើ​បាប​នោះ សាតាំង​ប្រហែល​ជា​គិត​ថា វា​បាន​បង្ក​រឿង​ឲ្យ​ព្រះ​ដោះ​ស្រាយ​ពុំ​បាន​ទេ។ អារក្ស​បាន​រក​សម្រេច​ការ​របស់​វា​នៅ​ដើម​ប្រវត្ដិសាស្ត្រ​មនុស្ស​លោក គឺ​មុន​ពេល​ដែល​មនុស្ស​សំរាល​កូន។ ពេល​អ័ដាម​ធ្វើ​អំពើ​បាប​នោះ មាន​សំនួរ​ដ៏​សំខាន់​មួយ​ផុស​ឡើង​ភ្លាម។ សំនួរ​នោះ​គឺ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី ចំពោះ​កូន​ចៅ​ដែល​អ័ដាម​និង​អេវ៉ា​បង្កើត​មក?

ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌ និង​សម​ត្រឹម​ត្រូវ។ មនុស្ស​សុចរិត​ម្នាក់ ឈ្មោះ​អេលីហ៊ូវ បាន​ឧទាន​ថា​៖ ​«​កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ!​»។ (​យ៉ូប ៣៤:១០​) ព្យាការី​ម៉ូសេ​ក៏​បាន​សរសេរ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​ជា​ថ្ម​ដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្ដិធម៌។ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​»។ (​ចោទិយកថា ៣២:៤​) ដំណោះ​ស្រាយ​ដែល​ព្រះ​ពិត​បាន​ប្រទាន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បង្ក​មក​ពី​អំពើ​បាប​របស់​អ័ដាម នោះ​មិន​ដក​ចេញ​នូវ​ឱកាស​ឲ្យ​យើង​បាន​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ​ទេ។

ព្រះ​ទ្រង់​រៀបចំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដ៏​ល្អ​គ្រប់​ល័ក្ខណ៍

សូម​ពិចារណា​នូវ​ដំណោះ​ស្រាយ​ដែល​ព្រះ​បាន​រៀប​រាប់ ដំណាល​ពេល​នឹង​ទ្រង់​កាត់​ទោស​អារក្ស​សាតាំង។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​សាតាំង​ថា​៖ ​«​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី[​ជា​អង្គការ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​] គឺ​ទាំង​ពូជ​ឯង[​ដែល​ជា​លោកីយ៍​ក្រោម​អំណាច​របស់​សាតាំង​]នឹង​ពូជ​នាង[​គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​]មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា។ ពូជ​នាង​នឹង​កិន​ក្បាល​ឯង[​គឺ​សាតាំង​] ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ[​ជា​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​]​»។ (​លោកុប្បត្តិ ៣:១៥​) តាម​បទ​ទំនាយ​ទី​មួយ​នេះ​ក្នុង​ព្រះ​គម្ពីរ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សំដៅ​ទៅ​លើ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ឲ្យ​បុត្រា​វិញ្ញាណ​ទ្រង់​នៅ​ស្ថាន​សួគ៌ យាង​ចុះ​មក​ផែនដី​និង​រស់​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ម្នាក់​ឈ្មោះ​យេស៊ូ និង​រួច​មក​ត្រូវ​សោយ​ទិវង្គត ឬ​ក៏​ត្រូវ​ចឹក​កែង​ជើង​ឲ្យ​ជាំ​នោះ ដែល​ទ្រង់​គ្មាន​បាប​នោះ​ទេ។

ហេតុ​អ្វី​បាន​ជា​ព្រះ​តម្រូវ​ឲ្យ​មនុស្ស​ល្អ​គ្រប់​ល័ក្ខណ៍​ម្នាក់​សោយ​ទិវង្គត​ដូច្នេះ? សូម​គិត​ទៅ​មើល​ថា តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដន្ទា​ទោស​អ្វី​លើ​អ័ដាម បើ​គាត់​ធ្វើ​បាប? គឺ​សេចក្ដី​ស្លាប់ មែន​ទេ? (​លោកុប្បត្តិ ២:១៦, ១៧​) សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់​»។ (​រ៉ូម ៦:២៣​) អ័ដាម​បាន​បាត់​បង់​ជីវិត ដោយ​ព្រោះ​អំពើ​បាប​របស់​គាត់។ គាត់​បាន​ទទួល​ជីវិត តែ​បាន​សម្រេច​ចិត្ត​ធ្វើ​បាប​វិញ ក៏​បាន​ស្លាប់​ទៅ​ជា​ទោស​សំរាប់​បាប​របស់​ខ្លួន។ (​លោកុប្បត្តិ ៣:១៩​) ចុះ​យ៉ាង​ណា​វិញ​មនុស្សជាតិ​ទាំង​ឡាយ ដែល​បាន​រង​ទោស​ដោយ​ព្រោះ​អំពើ​បាប​គាត់​នោះ? គឺ​ត្រូវ​ការ​នូវ​ការ​សោយ​ទិវង្គត​មួយ ដើម្បី​លោះ​បាប​របស់​គេ។ ប៉ុន្តែ តើ​ការ​សោយ​ទិវង្គត​របស់​អ្នក​ណា ដែល​អាច​គ្រប​បាំង​យ៉ាង​សម​ត្រឹម​ត្រូវ​លើ​អំពើ​រំលង​នានា​របស់​មនុស្សជាតិ​ទាំង​ឡាយ?

ក្រិត្យ​វិន័យ​របស់​ព្រះ​ជូន​ចំពោះ​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​នោះ បាន​តម្រូវ​ឲ្យ​«​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​»។ (​និក្ខមនំ ២១:២៣​) យោង​ទៅ​តាម​នីតិ​គោល​ការណ៍​មួយ​នេះ ការ​សោយ​ទិវង្គត​មួយ​ដែល​នឹង​គ្រប​បាំង​អំពើ​រំលង​របស់​មនុស្ស​លោក ត្រូវ​តែ​មាន​តម្លៃ​ស្មើ​នឹង​អ្វី​ដែល​អ័ដាម​បាន​បាត់​បង់​ទៅ​ហើយ។ មាន​តែ​ការ​សោយ​ទិវង្គត​របស់​បុរស​គ្រប់​ល័ក្ខណ៍​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​សង​ជំនួស​ឈ្នួល​នៃ​អំពើ​បាប​នេះ​បាន។ ព្រះ​យេស៊ូ​ជា​បុរស​បែប​នេះ។ យ៉ាង​ប្រាកដ​ណាស់ ព្រះ​យេស៊ូ​ជា‹ថ្លៃ​លោះ​ដែល​ស្មើ› សំរាប់​មនុស្សជាតិ ជា​កូន​ចៅ​របស់​អ័ដាម​ដែល​សម​នឹង​ការ​លោះ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ។—ធីម៉ូថេ​ទី​១ ២:៦; រ៉ូម ៥:១៦, ១៧

ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​មាន​តម្លៃ​ណាស់

សេចក្ដី​ស្លាប់​របស់​អ័ដាម​គ្មាន​តម្លៃ​សោះ។ គាត់​គួរ​នឹង​ស្លាប់​ដោយ​ព្រោះ​បាប​របស់​គាត់។ ក៏​ប៉ុន្តែ ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​មាន​តម្លៃ​ណាស់ ពីព្រោះ​ទ្រង់​បាន​សោយ​ទិវង្គត​ទៅ​ដោយ​គ្មាន​បាប​ទេ។ ព្រះ​យេហូវ៉ា​អាច​យល់​ព្រម​ទទួល​តម្លៃ​នៃ​ព្រះ​ជន្ម​ដ៏​ល្អ​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេស៊ូ ជា​ថ្លៃ​លោះ​អ្នក​ស្ដាប់​បង្គាប់​ជា​កូន​ចៅ​របស់​អ័ដាម​ដែល​មាន​បាប។ តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​នោះ​មិន​គ្រាន់​តែ​គ្រប​បាំង​អំពើ​បាប​របស់​យើង​ដែល​ធ្លាប់​ធ្វើ​ពី​មុន​ទេ។ ពុំ​នោះ​សោត យើង​នឹង​គ្មាន​សង្ឃឹម​ចំពោះ​អនាគត​ទេ។ ដោយ​ម្ដាយ​យើង​មាន​ទំងន់​ពេល​មាន​បាប​ដែរ យើង​ប្រាកដ​ជា​នឹង​ធ្វើ​ខុស​ម្ដង​ទៀត។ (​ទំនុក​ដំកើង ៥១:៥​) យើង​ពិត​ជា​ចង់​ដឹង​គុណ​មែន ថា​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​នោះ បើក​ផ្លូវ​ឲ្យ​យើង​ទទួល​ភាព​គ្រប់​ល័ក្ខណ៍​ឡើង​វិញ ដោយ​តាម​បំណង​ព្រះ​ហឫទ័យ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ពី​ដើម​មក សំរាប់​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា!

យើង​អាច​ប្រៀប​ប្រដូច​អ័ដាម​ទៅ​នឹង​ឪពុក​ម្នាក់​ដែល​ស្លាប់​ទាំង​ទុក​ឲ្យ​យើង​រាល់​គ្នា​មាន​បំណុល​ដ៏​សន្ធឹក (​គឺ​ជា​បាប​) ដល់​ម្ល៉េះ​បាន​ជា​គ្មាន​លទ្ធភាព​ទាល់​តែ​សោះ​ឲ្យ​យើង​សង​បំណុល​នោះ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​ប្រៀប​ប្រដូច​ទៅ​នឹង​បិតា​ល្អ​ម្នាក់​ដែល​បាន​សោយ​ទិវង្គត​ទៅ ទាំង​ទុក​កេរ្ដិ៍​ដំណែល​ដ៏​សន្ធឹក​សន្ធាប់​ដែល​មិន​គ្រាន់​តែ​ជួយ​ឲ្យ​យើង​រួច​ពី​បំណុល​ដ៏​ច្រើន​ដែល​អ័ដាម​បាន​ឲ្យ​យើង​ជា​បន្ទុក​នោះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប្រទាន​របស់​គ្រប់​គ្រាន់​ឲ្យ​យើង​រស់​ជា​និរន្តរ៍។ ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​មិន​មែន​ជា​ការ​លុប​បំបាត់​អំពើ​បាប​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​ប៉ុណ្ណោះ​ទេ តែ​ជា​សំ​វិធានការ​ដ៏​ល្អ​អស្ចារ្យ​សំរាប់​អនាគត​របស់​យើង​ផង​ដែរ។

ព្រះ​យេស៊ូ​ជា​ព្រះ​អង្គ​សង្គ្រោះ ពីព្រោះ​ទ្រង់​បាន​សោយ​ទិវង្គត​សំរាប់​យើង។ ការ​សោយ​ទិវង្គត​នោះ ជា​ការ​រៀបចំ​ដ៏​មាន​តម្លៃ​ណាស់​ហ្ន៎! នៅ​ពេល​យើង​ទទួល​ស្គាល់​ថា​ការ​សោយ​ទិវង្គត​នោះ ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ​របស់​ព្រះ​សំរាប់​បញ្ហា​ស្មុគ​ស្មាញ​ដែល​មាន​មក​ពី​អំពើ​បាប​របស់​អ័ដាម នោះ​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​របៀប​ដែល​ទ្រង់​សម្រេច​ការ ក៏​ត្រូវ​ពង្រឹង​ឡើង​ផង​ដែរ។ ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​ពិត​ជា​របៀប​ប្រោស​ឲ្យ‹មនុស្ស​ទាំង​អស់​ដែល​អនុវត្ត​ជំនឿ›ទៅ​លើ​ទ្រង់ បាន​រួច​ពី​បាប ជម្ងឺ ជរា​ភាព និង​សេចក្ដី​ស្លាប់​ជា​ដើម។ (​យ៉ូហាន ៣:១៦​) តើ​អ្នក​ដឹង​គុណ​ព្រះ​ទេ ព្រោះ​ទ្រង់​បើក​ឲ្យ​មាន​ការ​រៀបចំ​នេះ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ប្រយោជន៍​ឲ្យ​យើង​បាន​សង្គ្រោះ​នោះ?

[​រូប​ភាព​នៅ​ទំព័រ​៥​]

អ័ដាម​បាន​បណ្ដាល​ឲ្យ មនុស្ស​លោក មាន​បាប​និង​ស្លាប់

[​រូប​ភាព​នៅ​ទំព័រ​៦​]

ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដំណោះ​ស្រាយ​មួយ​ដ៏​គ្រប់​ល័ក្ខណ៍