ព្រះយេហូវ៉ាជាទីពឹងជ្រករបស់យើង
ព្រះយេហូវ៉ាជាទីពឹងជ្រករបស់យើង
‹ដោយព្រោះអ្នកបានថា ព្រះយេហូវ៉ាជាទីពឹងជ្រករបស់អ្នក . . . គ្មានទុក្ខវេទនាណាមួយកើតមានដល់អ្នកឡើយ›។—ទំនុកតម្កើង ៩១:៩, ១០
១. ហេតុដូចម្ដេចបានជាយើងអាចនិយាយថា ព្រះយេហូវ៉ាជាទីពឹងជ្រករបស់យើង?
ព្រះយេហូវ៉ាជាទីពឹងជ្រកពិតសំរាប់រាស្ត្រទ្រង់។ បើសិនជាយើងមានចិត្តភក្ដីយ៉ាងគ្រប់ល័ក្ខណ៍ចំពោះទ្រង់ នោះយើងអាច«ត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ»។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះព្រះយេហូវ៉ាប្រទាន«ឥទ្ធិឫទ្ធិដ៏លើសលប់»ចំពោះយើង។ (កូរិនថូសទី២ ៤:៧-៩) ពិតមែនហើយ ព្រះវរបិតាសួគ៌ារបស់យើងជួយយើងសំរបរបៀបរស់នៅឲ្យស្របតាមគោលការណ៍របស់ទ្រង់ ហើយយើងអាចជឿយ៉ាងស៊ប់ទៅលើសំដីរបស់អ្នកតែងទំនុកដំកើងដែលថា៖ ‹ដោយព្រោះអ្នកបានថា ព្រះយេហូវ៉ាជាទីពឹងជ្រករបស់ខ្ញុំ អ្នកបានមកជ្រកកោនក្រោមម្លប់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ គ្មានទុក្ខវេទនាណាមួយកើតមានដល់អ្នកឡើយ›។—ទំនុកតម្កើង ៩១:៩, ១០ a
២. តើយើងដឹងអ្វីខ្លះអំពីទំនុកទី៩១និងសេចក្ដីសន្យាក្នុងនោះ?
២ លោកម៉ូសេប្រហែលជាអ្នកសរសេរទំនុកទី៩១។ ពាក្យលំនាំចែងថាលោកម៉ូសេគឺជាអ្នកតែងទំនុកទី៩០នោះ ហើយទំនុកទី៩១បន្តដោយគ្មានចំណែងណាដែលថាអ្នកសរសេរគឺជាអ្នកផ្សេងទៀតនោះទេ។ ទំនុកទី៩១នេះ ប្រហែលជាត្រូវច្រៀងដោយមនុស្សតែម្នាក់ដំបូង(៩១:១, ២) និងមានក្រុមអ្នកច្រៀងឆ្លើយឆ្លងបកទៅវិញជាបន្តបន្ទាប់នោះ(៩១:៣-៨)។ លុះក្រោយនោះ ប្រហែលជាមនុស្សម្នាក់ទៀតច្រៀងតែម្នាក់ឯង(៩១:៩ក) ហើយមានក្រុមមួយទៀតច្រៀងបកមកវិញ(៩១:៩ខ-១៣)។ ក្រោយនោះ អ្នកចំរៀងម្នាក់ប្រហែលជាបានច្រៀងឃ្លាចុងក្រោយ(៩១:១៤-១៦)។ ទោះជាយ៉ាងណាក៏ដោយ ទំនុកទី៩១មានសេចក្ដីសន្យាអំពីសន្ដិសុខខាងវិញ្ញាណសំរាប់គ្រីស្ទានចាក់ប្រេងតាំងជាក្រុមនោះ ហើយក៏ផ្ដល់ទំនុកចិត្តដូចគ្នាចំពោះសហការីរបស់គាត់ជាក្រុមដែលបានថ្វាយខ្លួនដល់ព្រះដែរ។ b សូមឲ្យយើងពិចារណាទំនុកនេះក្នុងនាមជាអ្នកបំរើរបស់ព្រះយេហូវ៉ា។
សុវត្ថិភាពក្នុង‹ទីកំបាំងនៃព្រះ›
៣. (ក) តើ‹ទីកំបាំងរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត›គឺជាអ្វី? (ខ) តើយើងមានអ្វីដោយសារយើង«ជ្រកនៅក្រោមម្លប់បារមីរបស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់»?
៣ អ្នកតែងទំនុកដំកើងច្រៀងថា៖ «អ្នកណារស់នៅ[ក្នុងទីកំបាំង]របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមីរបស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។ ខ្ញុំទូល[ព្រះយេហូវ៉ា]ថា៖ ព្រះអង្គជាជំរក និង ជាកំពែងការពារទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំ[នឹងទុកចិត្ត]លើព្រះអង្គ!»។ (ទំនុកតម្កើង ៩១:១, ២) ‹ទីកំបាំងរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត›ជាកន្លែងការពារជានិមិត្តរូបសំរាប់យើង ជាពិសេសចំពោះអ្នកចាក់ប្រេងតាំងដែលអារក្សរកព្យាបាទច្រើនជាងគេនោះ។ (វិវរណៈ ១២:១៥-១៧) សាតាំងនឹងបំផ្លាញយើងទាំងអស់គ្នាចោលបង់ បើសិនណាជាយើងមិនរស់នៅជាមួយព្រះជាភ្ញៀវខាងវិញ្ញាណ និងមិនព្រមទទួលការការពារពីទ្រង់។ ដោយសារយើង«ជ្រកនៅក្រោមម្លប់បារមីរបស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់» នោះយើងនៅក្រោមម្លប់ការពាររបស់ព្រះឬស្រមោលរបស់ទ្រង់។ (ទំនុកដំកើង ១៥:១, ២; ១២១:៥) គ្មានទីពឹងជ្រកដែលមានសុវត្ថិភាពជាង ឬមួយក៏កំផែងការពារណាដ៏មាំមួនជាងព្រះយេហូវ៉ាដែលជាព្រះអម្ចាស់មហាក្សត្ររបស់យើងនោះទេ។—សុភាសិត ១៨:១០
៤. សាតាំងដែលជា‹នាយព្រាន›នោះ តើវាប្រើមធ្យោបាយអ្វីខ្លះ? ហើយតើយើងគេចរួចយ៉ាងដូចម្ដេច?
៤ អ្នកតែងទំនុកដំកើងច្រៀងបន្តថា៖ «[ព្រះយេហូវ៉ានឹង]រំដោះអ្នកអោយរួចផុតពីអន្ទាក់[របស់ព្រានព្រៃ] អោយរួចផុតពីជំងឺរាតត្បាតផ្សេងៗ»។ (ទំនុកតម្កើង ៩១:៣) ពីបុរាណ នាយព្រាននៅអ៊ីស្រាអែលធ្លាប់ចាប់បក្សាបក្សីដោយប្រើលប់ឬអន្ទាក់ផ្សេងៗ។ សាតាំងដែលដូចជា‹នាយព្រាន›នោះ មានអន្ទាក់ខ្លះៗដែរដូចជាអង្គការទុច្ចរិតរបស់វានិង«ឧបាយកល»ជាច្រើន។ (អេភេសូរ ៦:១១) វាដាក់តំរៀបអន្ទាក់តាមផ្លូវរបស់យើង ដើម្បីទាក់ទាញយើងឲ្យចូលរួមអំពើអាក្រក់នឹងធ្លាក់ចូលទៅក្នុងភាពអន្តរាយខាងវិញ្ញាណ។ (ទំនុកដំកើង ១៤២:៣) ប៉ុន្តែ ដោយសារយើងបានបដិសេធអំពើទុច្ចរិត នោះ ‹ព្រលឹងយើងរួច ដូចជាសត្វស្លាបដែលហើរ រួចពីអន្ទាក់របស់ព្រានព្រៃ›។ (ទំនុកដំកើង ១២៤:៧, ៨) យើងមានកតញ្ញូធម៌យ៉ាងណាទៅហ្ន៎! ដែលព្រះយេហូវ៉ាសង្គ្រោះយើងឲ្យរួចពី‹នាយព្រាន›ដ៏អាក្រក់នោះ។—ម៉ាថាយ ៦:១៣
៥, ៦. តើ«ជំងឺ»អ្វីបាននាំឲ្យមានការ«រាតត្បាត»? ប៉ុន្តែ ហេតុអ្វីបានជារាស្ត្ររបស់ព្រះយេហូវ៉ាមិនចុះចាញ់នឹង«ជំងឺ»នោះទេ?
៥ អ្នកតែងទំនុកដំកើងបាននិយាយអំពី«ជំងឺរាតត្បាតផ្សេងៗ»។ មានអ្វីមួយដែលកំពុងតែ«រាតត្បាត»ដូចជាជម្ងឺមួយដែលឆ្លងរាលដាលដល់មនុស្សជាតិនិងអ្នកដែលគាំទ្រអធិបតេយ្យរបស់ព្រះយេហូវ៉ា។ ត្រង់ចំណុចនេះ ប្រវត្ដិវិទូម្នាក់ឈ្មោះលោក អ័រណាល តូញប៊ី បានសរសេរថា៖ «តាំងតែពីសង្គ្រាមលោកលើកទី២បានចប់នោះ ជាតិនិយមបាននាំឲ្យចំនួនរដ្ឋឯករាជ្យដែលមានអធិបតេយ្យភាពនោះ កើនឡើងមួយជាពីរ . . . មនុស្សជាតិមានភាពទោរទន់កាន់តែខ្លាំងឡើងៗទៅរកការបាក់បែកគ្នា»។
៦ ទូទាំងប្រវត្ដិសាស្ត្រមនុស្ស អ្នកគ្រប់គ្រងខ្លះបានធ្វើការអុជអាលញុះញង់ដល់ថ្នាក់អន្តរជាតិដើម្បីឲ្យមានការទាស់ទែងគ្នា។ ពួកគេក៏បានតម្រូវឲ្យមានការគោរពនិងថ្វាយបង្គំចំពោះគេ ឬមួយក៏ចំពោះរូបចម្លាក់ឬសញ្ញាផ្សេងៗទៀតផង។ ប៉ុន្តែ ព្រះយេហូវ៉ាមិនដែលអនុញ្ញាតឲ្យរាស្ត្រស្មោះត្រង់របស់ទ្រង់ចុះចាញ់នឹង«ជំងឺ»ទាំងនោះទេ។ (ដានីយ៉ែល ៣:១, ២, ២០-២៧; ៦:៧-១០, ១៦-២២) យើងជាភាតរភាពអន្តរជាតិមួយដែលចេះស្រឡាញ់គ្នា ហើយយើងថ្វាយបង្គំព្រះយេហូវ៉ាតែមួយអង្គទ្រង់ប៉ុណ្ណោះ យើងរក្សាអព្យាក្រឹតភាពខាងបទគម្ពីរ និងទទួលស្គាល់ដោយចិត្តមិនលំអៀងថា«ក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់[ព្រះ] ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥; និក្ខមនំ ២០:៤-៦; យ៉ូហាន ១៣:៣៤, ៣៥; ១៧:១៦; ពេត្រុសទី១ ៥:៨, ៩) ទោះជាយើងរងទុក្ខដោយការ«រាតត្បាត»ផ្សេងៗមកពីការបៀតបៀនពីព្រោះយើងជាគ្រីស្ទានក៏ដោយ យើងនៅតែមានអំណរនិងសុវត្ថិភាពខាងវិញ្ញាណដោយស្នាក់នៅក្នុង‹ទីកំបាំងរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត›។
៧. តើតាមរបៀបណាដែលព្រះយេហូវ៉ាការពារយើង«ដោយស្លាបទ្រង់»?
៧ ដោយមានព្រះយេហូវ៉ាជាទីពឹងជ្រករបស់យើង យើងទទួលការសម្រាលទុក្ខពីពាក្យដែលថា៖ «ទ្រង់នឹងក្រុងអ្នកដោយស្លាបទ្រង់ ហើយអ្នកនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់ សេចក្ដីពិតរបស់ទ្រង់ជាខែល ហើយជាកំផែងការពារ»។ (ទំនុកដំកើង ៩១:៤, ព.ថ.) ព្រះការពារយើង ដូចជាមេចាបការពារកូនរបស់វា។ (អេសាយ ៣១:៥) ‹ទ្រង់នឹងក្រុងយើងដោយស្លាបទ្រង់›។ មេចាបការពារកូនរបស់វាពីសត្វផ្សេងដែលចង់ស៊ីកូនវា ដោយប្រើស្លាបវាដើម្បីក្រុងកូន។ យើងមានសុវត្ថិភាពដូចជាកូនចាប នៅក្រោមចំអេង នេះដូចជានិមិត្តរូបរបស់ព្រះយេហូវ៉ាដោយព្រោះយើងបានពឹងជ្រកក្នុងអង្គការគ្រីស្ទានពិតរបស់ទ្រង់។—នាងរស់ ២:១២; ទំនុកដំកើង ៥:១, ១១
៨. តើដូចម្ដេចដែល«សេចក្ដីពិត»របស់ព្រះយេហូវ៉ាគឺជាខែលដ៏ធំមួយនិងជាកំផែងមួយដែរ?
៨ យើងទុកចិត្តទៅលើ«សេចក្ដីពិត»ឬភក្ដីភាព។ នេះគឺប្រៀបដូចជាខែលធំៗនៅសម័យបុរាណ ដែលច្រើនតែមានរូបជ្រុងដូចទ្វារមួយ និងធំល្មមបិទបាំងការពាររូបកាយទាំងមូលរបស់មនុស្សម្នាក់។ (ទំនុកដំកើង ៥:១២) ជំនឿស៊ប់ថា យើងនឹងបានការការពារនោះ ធ្វើឲ្យយើងលែងភិតភ័យ។ (លោកុប្បត្តិ ១៥:១; ទំនុកដំកើង ៨៤:១១) ដូចគ្នានឹងជំនឿរបស់យើងនោះ សេចក្ដីពិតរបស់ព្រះគឺជាខែលធំមួយដែលរំលត់ព្រួញឆេះរបស់សាតាំងនិងជួយរងការវាយបកពីសត្រូវ។ (អេភេសូរ ៦:១៦) សេចក្ដីពិតនោះក៏ជាកំផែងមួយ ដែលជារបងដ៏មាំជួយយើងរក្សាជំហរឲ្យបានមាំមួនផងដែរ។
‹យើងនឹងមិនភ័យខ្លាច›
៩. ហេតុអ្វីបានជាវេលាយប់អាចជាពេលមួយដែលគួរឲ្យភិតភ័យនោះ? ប៉ុន្តែ ហេតុដូចម្ដេចបានជាយើងមិនភ័យឡើយ?
៩ ដោយសារការការពារពីព្រះ នោះអ្នកតែងទំនុកដំកើងស្រដីថា៖ «នៅពេលយប់ អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ដែលគួរអោយតក់ស្លុកនោះឡើយ នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញដែលគេបាញ់មកដែរ។ អ្នកនឹងមិនភ័យខ្លាចគ្រោះកាច[អាសន្នរោគ, ព.ថ.]នៅយប់ងងឹត ហើយក៏មិនភ័យខ្លាចមហន្តរាយនៅពេលថ្ងៃត្រង់ដែរ»។ (ទំនុកតម្កើង ៩១: ៥, ៦) ដោយព្រោះមនុស្សប្រព្រឹត្តអំពើអាក្រក់ជាច្រើនពេលមានស្បៃងងឹតបិទបាំងនោះ ហេតុនេះហើយពេលយប់អាចជាវេលាគួរឲ្យភ័យខ្លាចណាស់។ ក្នុងភាពងងឹតខាងវិញ្ញាណដែលគ្របដណ្ដប់ពេញផែនដីនេះ សត្រូវរបស់យើងប្រើឧបាយកលជាញឹកញយ ដើម្បីបំផ្លាញភាពខាងវិញ្ញាណរបស់យើងនិងរារាំងការផ្សព្វផ្សាយរបស់យើងផងដែរ។ ប៉ុន្តែ ‹នៅពេលយប់ យើងមិនភ័យខ្លាចគ្រោះថ្នាក់ដែលគួរអោយតក់ស្លុកនោះឡើយ›ពីព្រោះព្រះយេហូវ៉ាការពារយើង។—ទំនុកដំកើង ៦៤:១, ២; ១២១:៤; អេសាយ ៦០:២
១០. (ក) តើពាក្យដែលថា«នៅពេលថ្ងៃ . . . ព្រួញដែលគេបាញ់មក»នោះ ប្រហែលជាសំដៅទៅលើអ្វី? ហើយតើយើងមានអារម្មណ៍យ៉ាងដូចម្ដេច? (ខ) តើ‹អាសន្នរោគនៅយប់ងងឹត›សំដៅទៅលើអ្វី? ហើយហេតុអ្វីបានជាយើងមិនភ័យខ្លាចចំពោះនោះទេ?
១០ «នៅពេលថ្ងៃ . . . ព្រួញដែលគេបាញ់មក»ប្រហែលជាសំដៅទៅរកការនិយាយបង្កាច់បង្ខូច។ (ទំនុកដំកើង ៦៤:៣-៥; ៩៤:២០) ការ ប្រឆាំងបែបនេះជាសាធារណៈចំពោះកិច្ចបំរើដ៏ពិសិដ្ឋរបស់យើងនោះ គឺឥតបានការទេ ពេលយើងបន្តព្យាយាមផ្សព្វផ្សាយពត៌មានដ៏ពិតនោះ។ មួយវិញទៀត យើងមិនខ្លាច‹អាសន្នរោគនៅយប់ងងឹត›ទេ។ នេះគឺជាអាសន្នរោគនិមិត្តរូបដែលកើតក្នុងភាពងងឹតនៃរបបលោកីយ៍នេះដែលដូចជាឈឺដុនដាបខាងសីលធម៌និងសាសនា និងស្ថិតក្រោមអំណាចរបស់អារក្សសាតាំង។ (យ៉ូហានទី១ ៥:១៩) អាសន្នរោគនេះ បណ្ដាលឲ្យមនុស្សមានចិត្តគំនិតមួយនាំទៅដល់សេចក្ដីស្លាប់ ថែមទាំងបណ្ដាលឲ្យងងឹតងងល់ខាងវិញ្ញាណគ្មានចំណេះដឹងអំពីព្រះយេហូវ៉ា គោលបំណងរបស់ទ្រង់ និងសំវិធានការដែលទ្រង់ផ្គត់ផ្គង់ដោយសេចក្ដីស្រឡាញ់នោះទេ។ (ធីម៉ូថេទី១ ៦:៤) ទោះជានៅក្នុងចំណោមភាពងងឹតនេះក្ដី យើងមិនភ័យខ្លាចឡើយ ដោយព្រោះយើងមានពន្លឺខាងវិញ្ញាណជាបរិបូរ។—ទំនុកដំកើង ៤៣:៣
១១. តើអ្វីកើតឡើងចំពោះអ្នកដែលឆ្លងកាត់«មហន្តរាយនៅពេលថ្ងៃត្រង់»?
១១ «មហន្តរាយនៅពេលថ្ងៃត្រង់»ក៏មិនធ្វើឲ្យយើងភ័យខ្លាចដែរ។ «ថ្ងៃត្រង់»ប្រហែលជាបញ្ជាក់អំពីប្រាជ្ញារបស់លោកីយ៍នេះដែលគេគិតថាបំភ្លឺសតិមនុស្ស។ អ្នកណាដែលបណ្ដែតបណ្ដោយខ្លួនតាមទស្សនៈរបស់លោកីយ៍ដែលគិតតែប្រមូលទ្រព្យសម្បត្ដិនោះ នឹងរងគ្រោះខាងវិញ្ញាណ។ (ធីម៉ូថេទី១ ៦:២០, ២១) ពេលផ្សព្វផ្សាយយ៉ាងមោះមុតនូវសារព្រះរាជាណាចក្រនោះ យើងមិនខ្លាចសត្រូវណាមួយរបស់យើងសោះ ត្បិតព្រះយេហូវ៉ាជាអ្នកការពារយើង។—ទំនុកដំកើង ៦៤:១; សុភាសិត ៣:២៥, ២៦
១២. តើរាប់ពាន់នាក់ដួលស្លាប់នៅជិតអ្នកណា? ហើយតើតាមរបៀបណាដែលគេ«ដួលស្លាប់»ដូច្នេះ?
១២ អ្នកតែងទំនុកដំកើងបន្តដោយថា៖ «ទោះបីមានមនុស្សមួយពាន់នាក់ ដួលស្លាប់នៅជិតអ្នក ហើយមានមនុស្សមួយម៉ឺននាក់ស្លាប់នៅខាងស្ដាំអ្នកក្ដី ក៏គ្មានអ្វីអាចប៉ះពាល់អ្នកបានឡើយ។ ចូរសម្លឹងមើល អ្នកនឹងឃើញថា តើមនុស្សអាក្រក់ទទួលទោសយ៉ាងណា?»។ (ទំនុកតម្កើង ៩១:៧, ៨) មនុស្សជាច្រើន«ដួលស្លាប់»ខាងវិញ្ញាណ«នៅជិត»យើង ដោយព្រោះគេមិនបានទុកព្រះយេហូវ៉ាជាទីពឹងជ្រករបស់ខ្លួន។ គឺដូចជាមាន«មនុស្សមួយម៉ឺននាក់»ដួលស្លាប់នៅ«ខាងស្ដាំ»សាសន៍អ៊ីស្រាអែលខាងវិញ្ញាណសព្វថ្ងៃនេះ។ (កាឡាទី ៦:១៦) ក៏ប៉ុន្តែ មិនថាយើងជាគ្រីស្ទានចាក់ប្រេងតាំងឬក៏សហការីរបស់ពួកគាត់ដែលបានថ្វាយខ្លួនហើយក្ដី យើងនៅតែមានសុវត្ថិភាពក្នុង‹ទីកំបាំងនៃព្រះ›។ យើងគ្រាន់តែ‹សម្លឹងមើលឃើញមនុស្សអាក្រក់ទទួលទោស›ហើយគេកំពុងតែពិសោធន៍នូវបញ្ហាខាងពាណិជ្ជកម្ម សាសនា និងរបៀបផ្សេងៗទៀត។—កាឡាទី ៦:៧
‹គ្មានទុក្ខវេទនាណាមួយនឹងកើតដល់យើងបានឡើយ›
១៣. តើទុក្ខវេទនាណាខ្លះដែលមិនកើតមានដល់យើង? ហើយហេតុអ្វី?
១៣ ទោះជាសន្ដិសុខពិភពលោកនេះកំពុងតែថមថយក៏ដោយ យើងទុកការបំរើព្រះជាអាទិភាព និងបានទទួលការលើកទឹកចិត្តដោយអានទំនុកដែលថា៖ ‹ដោយព្រោះអ្នកបានថា ព្រះយេហូវ៉ាជាទីពឹងជ្រករបស់ខ្ញុំ អ្នកបានមកជ្រកកោនក្រោមម្លប់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ គ្មានទុក្ខវេទនាណាមួយកើតមានដល់អ្នកឡើយ ហើយក៏គ្មានគ្រោះកាចណាមួយចូលទៅជិតទីលំនៅរបស់អ្នកបានដែរ›។ (ទំនុកតម្កើង ៩១:៩, ១០) ពិតមែនហើយ ព្រះយេហូវ៉ាគឺជាទីពឹងជ្រករបស់យើង។ ក៏ប៉ុន្តែ យើងក៏«ជ្រកកោនក្រោមម្លប់»របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាទីដែលមានសុវត្ថិភាព។ យើងសរសើរដំកើងព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោក និង‹ជ្រក›ក្នុងទ្រង់ជាប្រភពនៃសុវត្ថិភាព ហើយប្រកាសប្រាប់ពីព្រះរាជាណាចក្ររបស់ទ្រង់។ (ម៉ាថាយ ២៤:១៤) ដូច្នេះហើយ ‹គ្មានទុក្ខវេទនាណាមួយនឹងកើតដល់យើងបានឡើយ› គឺទុក្ខវេទនាដែលបានត្រូវពិគ្រោះក្នុងខមុខៗនៃទំនុកនេះ។ សូម្បីតែក្នុងពេលដែលយើងឆ្លងកាត់គ្រាវេទនាជាមួយអ្នកឯទៀត ដូចជាការរញ្ជួយដី ខ្យល់ព្យុះសង្ឃរា ទឹកជំនន់ ការអត់បាយ ឬមួយក៏ការបំផ្លិចបំផ្លាញដោយសារសង្គ្រាមក៏ដោយ នោះមិនបំផ្លាញជំនឿយើងឬសុវត្ថិភាពខាងវិញ្ញាណរបស់យើងឡើយ។
១៤. ក្នុងនាមជាអ្នកបំរើរបស់ព្រះយេហូវ៉ា ហេតុអ្វីបានជាយើងមិនឆ្លងជម្ងឺដែលបណ្ដាលឲ្យស្លាប់នោះ?
១៤ គ្រីស្ទានចាក់ប្រេងតាំង គឺប្រៀបដូចជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់ក្នុងតង់រស់ដោយឡែកពីរបបលោកីយ៍នេះ។ (ពេត្រុសទី១ ២:១១) ‹គ្មានគ្រោះកាចណាមួយចូលទៅជិតទីលំនៅរបស់គេឡើយ›។ មិនថាយើងមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឬមួយក៏រស់នៅលើផែនដីក៏ដោយ យើងមិនមែនជារបស់ផងលោកីយ៍ ហើយយើងមិនឆ្លងជម្ងឺខាងវិញ្ញាណរបស់វាដែលបណ្ដាលឲ្យស្លាប់នោះទេ ដូចជាអំពើអសីលធម៌ ការនិយមទ្រព្យសម្បត្ដិ សាសនាមិនពិត និងការថ្វាយបង្គំ«សត្វសាហាវ»និង«រូបសត្វ»នោះ ដែលជាអង្គការសហប្រជាជាតិ។—វិវរណៈ ៩:២០, ២១; ១៣:១-១៨; យ៉ូហាន ១៧:១៦
១៥. តើតាមរបៀបណាដែលយើងទទួលជំនួយពីទេវតា?
១៥ អ្នកតែងទំនុកដំកើងបានស្តីពីការការពារដែលយើងមានដោយថា៖ «ដ្បិត[ព្រះយេហូវ៉ា]នឹងបញ្ជាអោយពួកទេវទូតជួយអ្នក ពួកទេវទូតនឹងការពារអ្នកនៅគ្រប់ទីកន្លែងដែលអ្នកទៅ។ ទេវទូតទាំងនោះនឹងចាំទ្រអ្នក មិនអោយជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ»។ (ទំនុកតម្កើង ៩១:១១, ១២) ទេវតាបានទទួលអំណាចដើម្បីការពារយើង។ (ពង្សាវតារក្សត្រទី២ ៦:១៧; ទំនុកដំកើង ៣៤:៧-៩; ១០៤:៤; ម៉ាថាយ ២៦:៥៣; លូកា ១:១៩) ទេវតាទាំងនោះការពារយើង‹នៅគ្រប់ទីកន្លែងដែលយើងទៅ›។ (ម៉ាថាយ ១៨:១០) បណ្ដាទេវតាណែនាំយើងនិងការពារយើងជាអ្នកប្រកាសប្រាប់ពីព្រះរាជាណាចក្រ ហើយយើងមិនជំពប់ដួលខាងវិញ្ញាណឡើយ។ (វិវរណៈ ១៤:៦, ៧) សូម្បីតែឧបសគ្គដែលប្រៀបទៅនឹង«ថ្ម»ក៏ដោយ ដូចជាការហាមឃាត់កិច្ចបំរីរបស់យើង មិនបានធ្វើឲ្យយើងជំពប់ដួលបាត់បង់ព្រះគុណរបស់ព្រះនោះទេ។
១៦. តើ«សត្វសិង្ហ»និង«ពស់វែក»ចាប់ចំណីខុសគ្នាតាមរបៀបណា? ហើយតើយើងមានប្រតិកម្មតបយ៉ាងណាចំពោះវា?
១៦ អ្នកតែងទំនុកដំកើងបន្តដោយថា៖ «អ្នកនឹងដើរជាន់សត្វសិង្ហនិងពស់វែក អ្នកនឹងជាន់ឈ្លីកូនសិង្ហនិងនាគ»។ (ទំនុកតម្កើង ៩១:១៣) ដូចជាសត្វសិង្ហបោលសង្គ្រុបចំណីរបស់វា ដូចគ្នាដែរសត្រូវរបស់យើងខិតខំប្រឆាំងយើងចំៗ ដោយគ្រោងបង្កើតច្បាប់ដើម្បីបញ្ឈប់កិច្ចផ្សព្វផ្សាយរបស់យើង។ ក្រៅពីនោះ យើងមានការពាធាមកដោយមិនដឹងជាមុន ដូចជាពស់វែកមួយដែលពួនស្អៀចចាំចឹកយើង។ បព្វជិតពាធាយើងដោយមិនចេញមុខ តាមរយៈអ្នកបង្កើតច្បាប់ ចៅក្រម និងអ្នកផ្សេងទៀត។ ក៏ប៉ុន្តែ ដោយមានការគាំទ្រពីព្រះយេហូវ៉ា យើងរកជំនួយពីតុលាការ ហើយដោយធ្វើដូច្នេះ យើង«ការពារហើយស្ថាបនាដំណឹងល្អតាមច្បាប់»។—ភីលីព ១:៧, ព.ថ.; ទំនុកដំកើង ៩៤:១៤, ២០-២២
១៧. តើយើងជាន់ឈ្លី«កូនសិង្ហ»យ៉ាងដូចម្ដេច?
១៧ អ្នកតែងទំនុកដំកើងបាននិយាយអំពីការជាន់ឈ្លី«កូនសិង្ហនិងនាគ»។ កូនសិង្ហមួយគឺជាសត្វសាហាវមួយមែន ហើយនាគមួយជាសត្វដ៏ធំដែរ។ (អេសាយ ៣១:៤) ទោះជាកូនសិង្ហគឺសាហាវយ៉ាងណាក៏ដោយពេលវារកសង្គ្រុបចំណីវានោះ យើងជាន់ឈ្លីវាក្នុងន័យអត្ថបដិរូប ដោយស្ដាប់តាមព្រះជាជាងមនុស្សឬមួយក៏អង្គការមនុស្សដែលមានលក្ខណៈដូចជាសិង្ហនោះ។ (កិច្ចការ ៥:២៩) ដូច្នេះ «សិង្ហ»សាហាវនោះមិនធ្វើទុក្ខខាងវិញ្ញាណដល់យើងទេ។
១៨. តើ«នាគ»នោះធ្វើឲ្យយើងនឹកចាំពីអ្នកណា? ហើយតើយើងត្រូវធ្វើអ្វី បើសិនជាវាកំពុងតែព្យាបាទយើង?
១៨ «នាគ»នោះធ្វើឲ្យយើងនឹកចាំពី«នាគធំ . . . ជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង»។ (វិវរណៈ ១២:៧-៩; លោកុប្បត្តិ ៣:១៥) វាគឺដូចជានាគធំសម្បើមមួយដែលអាចត្របាក់លេបចំណីរបស់វា។ (យេរេមា ៥១:៣៤) ពេលសាតាំងប្រើការគាបសង្កត់ពីលោកីយ៍នេះ ដូចជាពស់មួយចង់រឹតខ្លួនយើងឲ្យខ្ទេចនិងលេបយើងតែម្ដងនោះ ចូរឲ្យយើងបម្រះខ្លួនចេញនិងជាន់ឈ្លី«នាគធំ»នេះ។ (ពេត្រុសទី១ ៥:៨) អ្នកចាក់ប្រេងតាំងត្រូវធ្វើដូច្នេះ ដើម្បីរួមចំណែកការសម្រេចនៃទំនាយនៅរ៉ូម ១៦:២០។
ព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីសង្គ្រោះរបស់យើង
១៩. ហេតុអ្វីបានជាយើងពឹងជ្រកព្រះយេហូវ៉ា?
១៩ អ្នកតែងទំនុកដំកើងដែលជាអ្នកតំណាងនាមព្រះបានសរសេរទៅកាន់អ្នកថ្វាយបង្គំពិតថា៖ «ដោយព្រោះគេចាត់ទុកយើងជាទីស្រឡាញ់ នោះយើងនឹងជួយរំដោះគេឲ្យរួច។ យើងនឹងការពារគេ ពីព្រោះគេបានស្គាល់ឈ្មោះយើង»។ (ទំនុកដំកើង ៩១:១៤, ព.ថ.) ក្នុងភាសាដើម ឃ្លាដែលថា«យើងនឹងការពារគេ»មានន័យត្រង់ៗថា «យើងនឹងតាំងគេឡើងយ៉ាងខ្ពស់» គឺថា តាំងខ្ពស់កុំឲ្យអ្វីអាចឈោងប៉ះពាល់គេបានឡើយ។ យើងពឹងជ្រកក្នុងព្រះយេហូវ៉ាក្នុងនាមជាអ្នកថ្វាយបង្គំទ្រង់ ពីព្រោះ‹យើងបានយកទ្រង់ជាទីស្រឡាញ់›។ (ម៉ាកុស ១២:២៩, ៣០; យ៉ូហានទី១ ៤:១៩) ជាលទ្ធផល ព្រះ‹ជួយរំដោះយើងឲ្យរួច›ពីសត្រូវរបស់យើង។ យើងនឹងមិនត្រូវបំផ្លាញឲ្យសាបសូន្យចេញពីផែនដីទេ។ ផ្ទុយទៅវិញ យើងនឹងត្រូវសង្គ្រោះពីព្រោះយើងស្គាល់ព្រះនាមរបស់ព្រះ ហើយយើងអំពាវនាវដល់ព្រះនាមទ្រង់ដោយជំនឿ។ (រ៉ូម ១០:១១-១៣) ជាងនេះទៅទៀតយើងបានតាំងចិត្ត‹ប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាដរាបតរៀងទៅ›។—មីកា ៤:៥; អេសាយ ៤៣:១០-១២
២០. នៅចុងទំនុកទី៩១ តើព្រះយេហូវ៉ាសន្យាអ្វីចំពោះអ្នកបំរើស្មោះត្រង់របស់ទ្រង់?
២០ នៅចុងទំនុកទី៩១ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់អ្នកបំរើស្មោះត្រង់របស់ទ្រង់ថា៖ «គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។ យើងនឹងអោយគេមានអាយុយឺនយូរ ហើយយើងនឹងអោយគេឃើញថាយើងពិតជាព្រះសង្គ្រោះមែន»។ (ទំនុកតម្កើង ៩១:១៥, ១៦) ពេលយើងទូលអង្វរព្រះតាមរយៈសេចក្ដីអធិស្ឋានស្របទៅតាមព្រះហឫទ័យរបស់ទ្រង់ នោះទ្រង់នឹងតបឆ្លើយមែន។ (យ៉ូហានទី១ ៥:១៣-១៥) យើងបានឆ្លងកាត់ទុក្ខវេទនាជាច្រើនយ៉ាងហើយ ដោយព្រោះសេចក្ដីស្អប់ដែលសាតាំងអុជអាលឲ្យមនុស្សមាននោះ។ ប៉ុន្តែ ពាក្យដែលថា៖ «ពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ»ជួយយើងប្រុងប្រៀបចំពោះការល្បងលនាពេលអនាគត និងធានាយើងថាព្រះនឹងគាំទ្រយើងពេលរបបលោកីយ៍ដ៏អាក្រក់នេះត្រូវបំផ្លាញចោល។
២១. តើអ្នកចាក់ប្រេងតាំងបានទទួលសិរីល្អរួចហើយតាមរបៀបណា?
២១ ទោះជាសាតាំងប្រឆាំងយើងយ៉ាងពេញទំហឹងក៏ដោយ អ្នកចាក់ប្រេងតាំងគ្រប់ចំនួននឹងត្រូវលើកដំកើងនៅស្ថានសួគ៌នៅពេលកំណត់របស់ព្រះយេហូវ៉ា ក្រោយពេលពួកគាត់មាន«អាយុយឺនយូរ»មួយកំរិតនៅលើផែនដី។ ប៉ុន្តែ ការសង្គ្រោះដ៏គួរឲ្យកត់សម្គាល់ពីព្រះ បាននាំសិរីល្អខាងវិញ្ញាណមកដល់អ្នកចាក់ប្រេងតាំងរួចហើយ។ ហើយពួកគាត់មានកិត្ដិយសយ៉ាងណាទៅហ្ន៎! ដោយនាំមុខស្មរបន្ទាល់ព្រះយេហូវ៉ានៅលើផែនដីនៅថ្ងៃជាន់ក្រោយបង្អស់នេះ។ (អេសាយ ៤៣:១០-១២) ការសង្គ្រោះដ៏ឧត្តមបំផុតរបស់ព្រះយេហូវ៉ានូវរាស្ត្ររបស់ទ្រង់នោះ នឹងកើតឡើងក្នុងកំឡុងសង្គ្រាមអើម៉ាគេដូន ពេលទ្រង់បញ្ជាក់ព្រះធិបតេយ្យទ្រង់ និងញែកព្រះនាមទ្រង់ជាបរិសុទ្ធ។—ទំនុកដំកើង ៨៣:១៨; អេសេគាល ៣៨:២៣; វិវរណៈ ១៦:១៤, ១៦
២២. តើអ្នកណានឹង‹ឃើញថាព្រះយេហូវ៉ាជាព្រះសង្គ្រោះ›?
២២ មិនថាយើងជាគ្រីស្ទានចាក់ប្រេងតាំងឬមួយក៏សហការីរបស់គាត់ដែលបានឧទ្ទិសថ្វាយខ្លួនក៏ដោយ យើងពឹងពាក់លើព្រះឲ្យបានសេចក្ដីសង្គ្រោះ។ ក្នុងកំឡុង«ថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា»នោះ អ្នកដែលបំរើព្រះយ៉ាងស្មោះត្រង់នឹងត្រូវសង្គ្រោះ។ (យ៉ូអែល ២:៣០-៣២) យើងដែលនឹងរួមចំណែកក្រុម«មនុស្ស១ហ្វូងយ៉ាងធំ»ដែលរួចរស់ជីវិតចូលក្នុងពិភពលោកថ្មីរបស់ព្រះ និងនៅស្មោះត្រង់ក្នុងកំឡុងការសាកល្បងក្រោយបង្អស់ នឹងត្រូវប្រោស‹អោយមានអាយុយឺនយូរ› គឺថា នឹងមានជីវិតជារៀងរហូត។ ទ្រង់ក៏នឹងប្រោសមនុស្សជាច្រើនឥតគណនាឲ្យរស់ឡើងវិញផងដែរ។ (វិវរណៈ ៧:៩; ២០:៧-១៥) ព្រះយេហូវ៉ាពិតជានឹងមានព្រះទ័យរីករាយ ពេលទ្រង់‹ឲ្យយើងឃើញថាទ្រង់ពិតជាព្រះសង្គ្រោះមែន›តាមរយៈព្រះយេស៊ូគ្រីស្ទ។ (ទំនុកដំកើង ៣:៨) ដោយមានសេចក្ដីសង្ឃឹមអស្ចារ្យបែបនេះនៅពីមុខយើង ចូរឲ្យយើងបន្តពឹងពាក់ព្រះឲ្យបានជំនួយដើម្បីកំណត់អាយុជីវិតរបស់យើងដើម្បីនាំសិរីល្អចំពោះទ្រង់។ ចូរឲ្យយើងបន្តបង្ហាញថា ព្រះយេហូវ៉ាជាទីពឹងជ្រករបស់យើង តាមរយៈសំដីនិងការប្រព្រឹត្តរបស់យើង។
[កំណត់សម្គាល់]
a ក្នុងអត្ថបទនេះ ខគម្ពីរស្រង់ចេញពីទំនុកទី៩១ ត្រូវដកស្រង់ពីព្រះគម្ពីរភាសាខ្មែរសម្រាយ ហើយសៀវភៅនោះត្រូវសរសេរជាទំនុកតម្កើងវិញ។
b អ្នកសរសេរបទគម្ពីរជាភាសាក្រិកមិនបានពិគ្រោះទំនុកទី៩១ដោយបញ្ជាក់ពីទំនាយអំពីព្រះមេស្ស៊ីឡើយ។ ទំនងជា ព្រះយេហូវ៉ាបានធ្វើជាទីពឹងជ្រក និងជាទីការពារសំរាប់ព្រះយេស៊ូគ្រីស្ទពេលទ្រង់ជាបុរស ដូចជាទ្រង់ធ្វើដូចគ្នាដែរសំរាប់អ្នកចាក់ប្រេងតាំងដែលកាន់តាមព្រះយេស៊ូនិងសហការីរបស់ពួកគាត់ជាក្រុមដែលបានថ្វាយខ្លួនដល់ព្រះនៅ«គ្រាចុងបំផុត»នេះ។—ដានីយ៉ែល ១២:៤
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្វីជា«ទីកំបាំងនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត»?
• ហេតុអ្វីបានជាយើងមិនខ្លាចឡើយ?
• តើយ៉ាងដូចម្ដេចដែល‹គ្មានទុក្ខវេទនាណាមួយនឹងកើតដល់យើងបានឡើយ›?
• ហេតុអ្វីបានជាយើងអាចដឹងថា ព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីសង្គ្រោះយើង?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៦]
តើអ្នកយល់ របៀបដែលសេចក្ដីពិត របស់ព្រះយេហូវ៉ាគឺជា ខែលដ៏ធំសំរាប់យើងទេ?
[រូបភាពនៅទំព័រ២៨]
ព្រះយេហូវ៉ាជួយអ្នកបំរើរបស់ទ្រង់បំពេញ កិច្ចបំរើរបស់គេទោះបីមាន ការប្រឆាំងចំៗនិងការព្យាបាទដោយ មិនដឹងជាមុនក៏ដោយ
[អ្នកផ្ដល់សិទ្ធិ]
Cobra: A. N. Jagannatha Rao, Trustee, Madras Snake Park Trust