លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាជាព្រះមួយអង្គដែលអត់ធន់

ព្រះយេហូវ៉ាជាព្រះមួយអង្គដែលអត់ធន់

ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​អត់​ធន់

‹ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​សន្ដោស​ប្រណី​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ›។—និក្ខមនំ ៣៤:៦

១, ២. (​ក​) តើ​អ្នក​ណា​ខ្លះ​នៅ​អតីតកាល​ធ្លាប់​ទទួល​អត្ថប្រយោជន៍​ពី​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា? (​ខ​) តើ​ពាក្យ​«​អត់​ធន់​»​មាន​ន័យ​អ្វី?

 មនុស្ស​នៅ​សម័យ​លោក​ណូអេ ជន​ជាតិ​អ៊ីស្រាអែល​ដែល​ដើរ​ឆ្លង​កាត់​ទី​រហោ​ស្ថាន​ជា​មួយ​លោក​ម៉ូសេ និង​សាសន៍​យូដា​នៅ​សម័យ​ដែល​ព្រះ​យេស៊ូ​គង់​លើ​ផែនដី​នោះ សុទ្ធ​តែ​ជា​អ្នក​ស្ថិត​ក្នុង​កាលៈទេសៈ​ខុស​ៗ​គ្នា​ទាំង​អស់។ ប៉ុន្តែ ជា​រូប​ភាព ពួក​គេ​ទាំង​អស់​គ្នា​ទទួល​អត្ថប្រយោជន៍​ពី​គុណ​សម្បត្ដិ​មួយ​ដ៏​សប្បុរស​របស់​ព្រះ​យេហូវ៉ា គឺ​ជា​ការ​អត់​ធន់​របស់​ទ្រង់។ គុណ​សម្បត្ដិ​នោះ​បាន​សង្គ្រោះ​ជីវិត​របស់​ជន​ខ្លះ។ ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​ក៏​អាច​សង្គ្រោះ​ជីវិត​យើង​ផង​ដែរ។

តើ​ការ​អត់​ធន់​គឺ​ជា​អ្វី​ទៅ? តើ​ព្រះ​យេហូវ៉ា​អត់​ធន់​នៅ​ពេល​ណា? ហើយ​ហេតុ​អ្វី? ពាក្យ​ថា អត់​ធន់ អាច​ត្រូវ​បក​ស្រាយ​ជា​ការ​ទ្រាំ​នឹង​ការ​ធ្វើ​បាប​ឬ​ការ​ចាក់​រុក​ដោយ​ចិត្ត​អត់​ធ្មត់ ព្រម​ជា​មួយ​នឹង​ការ​មិន​ព្រម​អស់​សង្ឃឹម ដោយ​ប្រាថ្នា​ចង់​ឲ្យ​ទំនាក់​ទំនង​គ្នី​គ្នា​ត្រូវ​ផ្សះ​ផ្សា​ឡើង​វិញ។ ដូច្នេះ បុគ្គល​ម្នាក់​អត់​ធន់​ដោយ​មាន​គោល​បំណង ថែម​ទាំង​គិត​ដល់​ប្រយោជន៍​របស់​អ្នក​ដែល​កំពុង​តែ​បង្ក​បញ្ហា​នោះ។ ក៏​ប៉ុន្តែ ការ​អត់​ធន់​មិន​មែន​ជា​ការ​បណ្ដោយ​ឲ្យ​មាន​អំពើ​អាក្រក់​នោះ​ទេ។ ពេល​ដែល​បំណង​នៃ​ការ​អត់​ធន់​បាន​សម្រេច​ហើយ ឬ​ក៏​ពេល​គ្មាន​ហេតុ​ឲ្យ​អត់​ទ្រាំ​បាន​នឹង​ស្ថានភាព​ណា​មួយ​ត​ទៅ​ទៀត​នោះ ទើប​ការ​អត់​ធន់​នឹង​ចប់​តែ​ម្ដង។

៣. តើ​អ្វី​ជា​បំណង​នៃ​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា? ហើយ​តើ​ទ្រង់​អត់​ធន់​ដល់​កំរិត​ណា?

ទោះ​ជា​មនុស្ស​អាច​អត់​ធន់​បាន​យ៉ាង​ណា​ក្ដី តែ​ព្រះ​យេហូវ៉ា​វិញ​គឺ​ជា​គំរូ​ឧត្តម​បំផុត​ពី​គុណ​សម្បត្ដិ​នេះ។ ក្នុង​កំឡុង​ប៉ុន្មាន​ឆ្នាំ​តាំង​តែ​ពី​បាប​បាន​បង្អាក់​ទំនាក់​ទំនង​រវាង​ព្រះ​យេហូវ៉ា​និង​មនុស្សជាតិ​ដែល​ជា​ការ​បង្កើត​របស់​ទ្រង់​នោះ អ្នក​បង្កើត​របស់​យើង​បាន​ទ្រាំ​ដោយ​ព្រះ​ទ័យ​អត់​ធ្មត់ ថែម​ទាំង​បាន​ផ្ដល់​មធ្យោបាយ​ឲ្យ​មនុស្ស​ដែល​ប្រែ​ចិត្ត​វិញ អាច​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​នឹង​ទ្រង់​បាន។ (​ពេត្រុស​ទី​២ ៣:៩; យ៉ូហាន​ទី​១ ៤:១០​) ក៏​ប៉ុន្តែ ពេល​ការ​អត់​ធន់​របស់​ព្រះ​បាន​សម្រេច​គោល​បំណង​ទ្រង់​ហើយ នោះ​ព្រះ​នឹង​ចាត់​វិធានការ​បំផ្លាញ​ចោល​អ្នក​ដែល​ធ្វើ​អាក្រក់​ដោយ​ចេតនា ហើយ​តាម​វិធី​នេះ​ទ្រង់​នឹង​បំបាត់​ចោល​របប​ដ៏​អាក្រក់​នេះ។—ពេត្រុស​ទី​២ ៣:៧

សម​ស្រប​នឹង​គុណ​សម្បត្ដិ​ចំបង​របស់​ព្រះ

៤. (​ក​) ក្នុង​បទ​គម្ពីរ​ហេព្រើរ តើ​ការ​អត់​ធន់​មាន​អត្ថន័យ​អ្វី? (​សូម​មើល​សម្គាល់​ហេតុ​ខាង​លើ​ផង​ដែរ​) (​ខ​) តើ​ព្យាការី​ណាហ៊ុម​ពិពណ៌នា​អំពី​ព្រះ​យេហូវ៉ា​យ៉ាង​ណា? ហើយ​តើ​នេះ​បំភ្លឺ​ឲ្យ​ដឹង​នូវ​អ្វី អំពី​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា?

បទ​គម្ពីរ​ភាសា​ហេព្រើរ បង្កប់​អត្ថន័យ​នៃ​ពាក្យ​អត់​ធន់​ក្នុង​ពាក្យ​ភាសា​ហេព្រើរ​ពីរ​ម៉ាត់ ដែល​មាន​ន័យ​ត្រង់​ៗ​ថា​«​ប្រវែង​នៃ​រន្ធ​ច្រមុះ​»​និង​ត្រូវ​បក​ប្រែ​ថា​«​យឺត​នឹង​ខ្ញាល់​»​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ a ព្យាការី​ណាហ៊ុម​បាន​និយាយ​អំពី​ការ​អត់​ធន់​របស់​ព្រះ​ដោយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្ដា​យ៉ាង​ធំ តែ​ទ្រង់​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ដាក់​ទោស​ឡើយ​»។ (​ណាហ៊ុម ១:៣, ព.ថ.​) ហេតុ​នេះ​ហើយ​បាន​ជា ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​ភាព​ទន់​ខ្សោយ​នោះ​ទេ ហើយ​ក៏​មាន​កំរិត​ជាក់​លាក់​ដែរ។ ត្រង់​ចំណុច​ថា ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា​គឺ​យឺត​នឹង​ខ្ញាល់ តែ​មាន​មហិទ្ធិឫទ្ធិ​សម្បើម​ណាស់ គឺ​បញ្ជាក់​ថា​ទ្រង់​អត់​ធន់​ដោយ​សារ​ទ្រង់​ទប់​ព្រះ​ទ័យ​ដោយ​មាន​បំណង។ ទ្រង់​មាន​អំណាច​កាត់​ទោស តែ​ទ្រង់​ទប់​ព្រះ​ទ័យ​ទ្រង់​មិន​កាត់​ទោស​ភ្លាម​ៗ​ទេ ដើម្បី​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស​មាន​ឱកាស​ប្រែ​ចិត្ត​វិញ។ (​អេសេគាល ១៨:៣១, ៣២​) ម្ល៉ោះ​ហើយ ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​ស​ឲ្យ​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ហើយ​ក៏​បង្ហាញ​ប្រាជ្ញា​របស់​ទ្រង់​ក្នុង​ការ​ប្រើ​អំណាច។

៥. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​សម​នឹង​យុត្ដិធម៌​របស់​ទ្រង់?

ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​ក៏​សម​នឹង​យុត្ដិធម៌​និង​សេចក្ដី​សុចរិត​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​លោក​ម៉ូសេ​ស្គាល់​ទ្រង់​ជា​«​ព្រះ​ទ្រង់[​ដែល​]មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់[​ឬ​អត់​ធន់​] ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ​»។ (​និក្ខមនំ ៣៤:៦​) ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​ម៉ូសេ​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្ដិធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​»។ (​ចោទិយកថា ៣២:៤​) សេចក្ដី​មេត្ដា​ករុណា ការ​អត់​ធន់ យុត្ដិធម៌ និង​សេចក្ដី​ទៀង​ត្រង់​របស់​ព្រះ​យេហូវ៉ា​ចុះ​សម្រុង​គ្នា​ទាំង​អស់​ក្នុង​ការ​បង្កើត​ផល។

ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​មុន​ទឹក​ជំនន់

៦. តើ​ព្រះ​យេហូវ៉ា​បាន​អត់​ធ្មត់​នឹង​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា​តាម​វិធី​ដ៏​ប្រសើរ​ណា?

ការ​បះ​បោរ​របស់​អ័ដាម​និង​អេវ៉ា​បាន​បំបែក​ទំនាក់​ទំនង​របស់​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បង្កើត​និង​ស្រឡាញ់​គេ។ (​លោកុប្បត្តិ ៣:៨​-​១៣, ២៣, ២៤​) ការ​គ្មាន​ទំនាក់​ទំនង​នេះ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​កូន​ចៅ​របស់​គេ គឺ​បាប ភាព​ឥត​គ្រប់​ល័ក្ខណ៍ និង​សេចក្ដី​ស្លាប់​ដែល​គេ​ទទួល​ជា​មត៌ក។ (​រ៉ូម ៥:១៧​-​១៩​) ទោះ​ជា​គូ​ស្វាមី​ភរិយា​ទី​មួយ​នោះ​គឺ​ជា​អ្នក​ធ្វើ​បាប​ដោយ​ចេតនា​ក្ដី ព្រះ​យេហូវ៉ា​នៅ​តែ​អនុញ្ញាត​ឲ្យ​គេ​បង្កើត​កូន។ ក្រោយ​មក ទ្រង់​រៀបចំ​មធ្យោបាយ​មួយ​ឲ្យ​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​នឹង​ទ្រង់​វិញ។ (​យ៉ូហាន ៣:១៦, ៣៦​) សាវ័ក​ប៉ុល​ពន្យល់​ថា​៖ ​«​ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយ​សារ​ព្រះ​លោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្ដី​ក្រោធ ដោយ​សារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត ដ្បិត​កាល​យើង​ជា​ខ្មាំង​សត្រូវ បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះ​រាជបុត្រា​ទ្រង់​សុគត ដូច្នេះ ដែល​យើង​បាន​ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ ជា​មិន​ខាន​លើស​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​»។—រ៉ូម ៥:៨​-​១០

៧. តើ​ព្រះ​យេហូវ៉ា​បាន​អត់​ធន់​នឹង​មនុស្ស​មុន​ទឹក​ជំនន់​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​ដូច​ម្ដេច​បាន​ជា​ការ​បំផ្លាញ​តំណ​មនុស្ស​នោះ​គឺ​ត្រឹម​ត្រូវ​ទាំង​ស្រុង?

ព្រះ​យេហូវ៉ា​បាន​អត់​ធ្មត់​នៅ​សម័យ​លោក​ណូអេ។ ជាង​មួយ​សតវត្ស​មុន​ទឹក​ជំនន់​មក​នោះ​«​ទ្រង់​ទត​មើល​ផែនដី ឃើញ​ថា​ខូច​អាក្រក់​ដូច្នេះ ដ្បិត​គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​ខ្លួន​នៅ​ផែនដី​ទៅ​ហើយ​»។ (​លោកុប្បត្តិ ៦:១២​) យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ទ្រង់​នៅ​តែ​អត់​ធ្មត់​នឹង​មនុស្ស​មួយ​រយៈ។ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​វិញ្ញាណ​អញ​នឹង​មិន​តវ៉ា​នឹង​មនុស្ស​ជា​ដរាប​ទេ ពីព្រោះ​គេ​ជា​សាច់​ឈាម​ប៉ុណ្ណោះ អាយុ​គេ​នឹង​បាន​ត្រឹម​តែ​១២០​ឆ្នាំ​វិញ​»។ (​លោកុប្បត្តិ ៦:៣​) រយៈ​ពេល​១២០​ឆ្នាំ​នោះ​បាន​អនុញ្ញាត​ឲ្យ​ណូអេ​មាន​ពេល​បង្កើត​កូន ហើយ​ក្រោយ​ទទួល​ដំណឹង​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ គាត់​ក៏​អាច​មាន​ពេល​កសាង​ទូក​មួយ​និង​ព្រមាន​មនុស្ស​ដទៃ​នៅ​សម័យ​នោះ​អំពី​ទឹក​ជំនន់​ដែល​នឹង​មក​ដល់​នោះ​ដែរ។ សាវ័ក​ពេត្រុស​សរសេរ​ថា​៖ ​«​សេចក្ដី​អត់​ធ្មត់[​គុណ​សម្បត្ដិ​មួយដែល​ជាប់​ទាក់​ទង​នឹង​ការ​អត់​ធន់​]របស់​ព្រះ បាន​រង់​ចាំ​នៅ​ជំនាន់​លោក​ណូអេ កាល​លោក​កំពុង​តែ​ធ្វើ​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ​មាន​មនុស្ស​តែ​បន្ដិច គឺ​៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ដោយ​សារ​ទឹក​»។ (​ពេត្រុស​ទី​១ ៣:២០​) គឺ​ពិត​មែន​ដែល​ថា អ្នក​ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​ណូអេ​«​ឥត​បាន​ដឹង​ខ្លួន​»​ពេល​ណូអេ​ផ្សព្វ​ផ្សាយ​ទេ។ (​ម៉ាថាយ ២៤:៣៨, ៣៩​) ក៏​ប៉ុន្តែ ដោយ​ព្រះ​យេហូវ៉ា​បញ្ជា​ឲ្យ​ណូអេ​សង់​ទូក​និង​បំរើ​«​ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​»​អស់​ប៉ុន្មាន​ទសវត្ស​នោះ គឺ​ទ្រង់​ផ្ដល់​ឲ្យ​មនុស្ស​នៅ​សម័យ​ណូអេ​មាន​ឱកាស​ប្រែ​ចិត្ត​ពី​អំពើ​ឃោរឃៅ​របស់​គេ​និង​វិល​មក​បំរើ​ទ្រង់​វិញ។ (​ពេត្រុស​ទី​២ ២:៥; ហេព្រើរ ១១:៧​) ការ​បំផ្លាញ​ចោល​តំណ​មនុស្ស​អាក្រក់​នោះ គឺ​ត្រឹម​ត្រូវ​ទាំង​ស្រុង។

គំរូ​ល្អ​ខាង​ការ​អត់​ធន់​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល

៨. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​អត់​ធន់​ចំពោះ​សាសន៍​អ៊ីស្រាអែល​យ៉ាង​ដូច​ម្ដេច?

ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​បាន​យូរ​អង្វែង​ជាង​១២០​ឆ្នាំ​នោះ​ទៅ​ទៀត។ ក្នុង​កំឡុង​១៥០០​ឆ្នាំ​នៃ​ប្រវត្ដិសាស្ត្រ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ព្រះ​នោះ កម្រ​មាន​គ្រា​ណា​ដែល​គេ​មិន​បាន​ល្បង​ល​ការ​អត់​ធន់​របស់​ព្រះ​រហូត​ដល់​ទ្រង់​មិន​ព្រម​ត្រា​ប្រណីត​ទៅ​ទៀត​ឡើយ។ គ្រាន់​តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​គេ​ត្រូវ​រំដោះ​ដោយ​អព្ភូតហេតុ​ឲ្យ​រួច​ពី​អេស៊ីព្ទ​នោះ គេ​ចាប់​ផ្ដើម​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​បង្ហាញ​ការ​មិន​គោរព​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​ចំពោះ​អ្នក​ដែល​បាន​សង្គ្រោះ​គេ​នោះ។ (​និក្ខមនំ ៣២:៤; ទំនុក​ដំកើង ១០៦:២១​) ក្នុង​កំឡុង​ប៉ុន្មាន​ទសវត្ស​ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​ត្អូញត្អែរ​អំពី​ម្ហូប​អាហារ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ជា​អព្ភូតហេតុ​នៅ​ទី​រហោ​ស្ថាន គេ​រអ៊ូ​រទាំ​ទាស់​នឹង​ម៉ូសេ​និង​អើរ៉ុន និយាយ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា សហាយ​ស្មន់​នឹង​អ្នក​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត និង​រហូត​ដល់​ចូល​រួម​ការ​ថ្វាយ​បង្គំ​ព្រះ​បាល​ទៀត​ផង។ (​ជន​គណនា ១១:៤​-​៦; ១៤:២​-​៤; ២១:៥; ២៥:១​-​៣; កូរិនថូស​ទី​១ ១០:៦​-​១១​) ព្រះ​យេហូវ៉ា​មាន​ហេតុ​បំផ្លាញ​រាស្ត្រ​ចោល តែ​ទ្រង់​បាន​អត់​ធន់​វិញ។—ជន​គណនា ១៤:១១​-​២១

៩. តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​អត់​ធន់​យ៉ាង​ណា​ក្នុង​សម័យ​បណ្ដា​ចៅហ្វាយ​និង​ស្តេច​នោះ?

ក្នុង​កំឡុង​សម័យ​បណ្ដា​ចៅហ្វាយ​នោះ សាសន៍​អ៊ីស្រាអែល​ងាក​ចេញ​ទៅ​ថ្វាយ​បង្គំ​រូប​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត។ ពេល​គេ​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​ឲ្យ​ពួក​សត្រូវ​របស់​គេ​មក​វាយលុក។ ប៉ុន្តែ ពេល​គេ​ប្រែ​ចិត្ត​និង​អំពាវនាវ​ចំពោះ​ទ្រង់​ឲ្យ​បាន​ជំនួយ ទ្រង់​បង្ហាញ​ការ​អត់​ធន់​ដោយ​រើស​តាំង​ចៅហ្វាយ​ដើម្បី​សង្គ្រោះ​គេ។ (​ពួក​ចៅហ្វាយ ២:១៧, ១៨​) ក្នុង​កំឡុង​ដែល​មាន​បណ្ដា​ស្តេច​ជា​ច្រើន​នោះ មាន​តែ​ស្តេច​ខ្លះ​ទេ​ដែល​មាន​ភក្ដី​ភាព​នឹង​ព្រះ​យេហូវ៉ា។ សូម្បី​តែ​នៅ​ក្រោម​រជ្ជកាល​របស់​ស្តេច​ស្មោះ​ត្រង់​ក៏​ដោយ ជនានុជន​ច្រើន​តែ​លាយ​ឡំ​ការ​ថ្វាយ​បង្គំ​ពិត​នឹង​មិន​ពិត​ចូល​ជា​មួយ​គ្នា។ ពេល​ព្រះ​យេហូវ៉ា​រើស​ព្យាការី​ដើម្បី​ព្រមាន​ប្រជាជន​អំពី​លទ្ធផល​ពី​ភាព​ឥត​ស្មោះ​ត្រង់​នោះ គេ​គ្រាន់​តែ​ចង់​ស្ដាប់​សង្ឃ​ពុក​រលួយ​និង​ព្យាការី​ក្លែង​ក្លាយ​ទៅ​វិញ។ (​យេរេមា ៥:៣១; ២៥:៤​-​៧​) ជន​ជាតិ​អ៊ីស្រាអែល​បាន​បៀត​បៀន​និង​រហូត​ដល់​សម្លាប់​ចោល​ព្យាការី​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទៀត​ផង។ (​របាក្សត្រ​ទី​២ ២៤:២០, ២១; កិច្ច​ការ ៧:៥១, ៥២​) យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​បន្ត​អត់​ធន់​ទៀត។—របាក្សត្រ​ទី​២ ៣៦:១៥

ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​មិន​បាន​សាប​សូន្យ​ឡើយ

១០. តើ​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​បាន​ចប់​នៅ​ពេល​ណា?

១០ ក៏​ប៉ុន្តែ ប្រវត្ដិសាស្ត្រ​លើក​បញ្ជាក់​ថា ការ​អត់​ធន់​របស់​ព្រះ​មាន​កំរិត។ នៅ​ឆ្នាំ​៧៤០ ម.​ស.យ. ព្រះ​អនុញ្ញាត​ឲ្យ​សាសន៍​អាស៊ើរ​រំលំ​ចោល​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់​និង​ចាប់​ប្រជាជន​នោះ​យក​ទៅ​ស្រុក​អាស៊ើរ​ជា​ឈ្លើយ​វិញ។ (​ពង្សាវតារ​ក្សត្រ​ទី​២ ១៧:៥, ៦​) នៅ​ដំណាច់​សតវត្ស​បន្ទាប់​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​សាសន៍​បាប៊ីឡូន​សំរុក​លុក​លុយ​ចូល​រាជាណាចក្រ​យូដា​ដែល​មាន​កុលសម្ព័ន្ធ​ពីរ និង​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​រួម​ទាំង​ព្រះ​វិហារ​នៅ​ទី​នោះ​ផង​ដែរ។—របាក្សត្រ​ទី​២ ៣៦:១៦​-​១៩

១១. តើ​ព្រះ​យេហូវ៉ា​បាន​អត់​ធន់​យ៉ាង​ដូច​ម្ដេច សូម្បី​ពេល​ដែល​ទ្រង់​កំពុង​តែ​កាត់​ទោស​ក៏​ដោយ?

១១ សូម្បី​តែ​ពេល​ព្រះ​យេហូវ៉ា​កំពុង​តែ​កាត់​ទោស​អ៊ីស្រាអែល​និង​យូដា​ក៏​ដោយ ការ​អត់​ធន់​របស់​ទ្រង់​មិន​ដែល​សាប​សូន្យ​ឡើយ។ តាម​រយៈ​ព្យាការី​យេរេមា ព្រះ​យេហូវ៉ា​ទាយ​ថា​ទ្រង់​នឹង​នាំ​រាស្ត្រ​របស់​ទ្រង់​មក​វិញ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ ​«​លុះ​កាល​បាន​សំរេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ . . . អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ អញ​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​នឹង​ប្រមូល​ឯង​ពី​គ្រប់​ទាំង​សាសន៍ នឹង​ពី​គ្រប់​កន្លែង​ណា​ដែល​អញ​បាន​បណ្ដេញ​ឯង​»។—យេរេមា ២៩:១០, ១៤

១២. តើ​អ្វី​ដែល​បង្ហាញ​ថា​ជន​សំណល់​ដែល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​មាន​ការ​ដឹក​នាំ​ពី​ព្រះ​ទាំង​ទាក់​ទង​នឹង​ការ​យាង​មក​របស់​ព្រះ​មេស្ស៊ី?

១២ សំណល់​និរទេស​ជន​សាសន៍​យូដា ពិត​ជា​បាន​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ និង​ចាប់​ផ្ដើម​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​សា​ជា​ថ្មី​ម្ដង​ទៀត នៅ​ព្រះ​វិហារ​ដែល​ត្រូវ​កសាង​ឡើង​វិញ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ជន​សំណល់​នេះ​នឹង​ទៅ​ជា​ដូច​«​ទឹក​សន្សើម​មក​ពី​ព្រះ​យេហូវ៉ា​»​ ដែល​ធ្វើ​ឲ្យ​រីក​ចំរើន​និង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ គេ​ក៏​នឹង​ក្លាហាន​ហើយ​មាន​កម្លាំង​ដូច​ជា​«​សិង្ហ​នៅ​កណ្ដាល​ពួក​សត្វ​ព្រៃ​»។ (​មីកា ៥:៦, ៧​) ឃ្លា​នេះ​ប្រហែល​ជា​បាន​សម្រេច​ក្នុង​កំឡុង​ពេល​ដែល​ហៅ​ថា សម័យ​ម៉ាខាប៊ី ពេល​សាសន៍​យូដា​បណ្ដេញ​សត្រូវ​របស់​គេ​ពី​ស្រុក​សន្យា​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​គ្រួសារ​ម៉ាខាប៊ី​និង​សម្ពោធ​ព្រះ​វិហារ​ម្ដង​ទៀត ក្រោយ​នោះ​បាន​ត្រូវ​គេ​បង្ខូច។ ម្ល៉ោះ​ហើយ ស្រុក​នោះ​និង​ព្រះ​វិហារ​ត្រូវ​រក្សា​ដើម្បី​ឲ្យ​ជន​សំណល់​មួយ​ទៀត​ដ៏​ស្មោះ​ត្រង់​អាច​ទទួល​ព្រះ​រាជបុត្រា​របស់​ព្រះ​ពេល​ទ្រង់​យាង​មក​ទី​នោះ​ជា​ព្រះ​មេស្ស៊ី។—ដានីយ៉ែល ៩:២៥; លូកា ១:១៣​-​១៧, ៦៧​-​៧៩; លូកា ៣:១៥, ២១, ២២

១៣. សូម្បី​តែ​ក្រោយ​សាសន៍​យូដា​បាន​ធ្វើ​គុត​រាជបុត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ តើ​ព្រះ​យេហូវ៉ា​បន្ត​បង្ហាញ​ការ​អត់​ធន់​យ៉ាង​ដូច​ម្ដេច?

១៣ សូម្បី​តែ​ក្រោយ​សាសន៍​យូដា​បាន​ធ្វើ​គុត​ដល់​រាជបុត្រា​របស់​ព្រះ​យេហូវ៉ា​ក្ដី ទ្រង់​នៅ​បង្ហាញ​ការ​អត់​ធន់​ចំពោះ​គេ​អស់​បី​ឆ្នាំ​កន្លះ ដោយ​ឲ្យ​តែ​ពួក​គេ​ប៉ុណ្ណោះ​មាន​ឯកសិទ្ធិ​ចូល​ធ្វើ​ជា​ពូជ​អ័ប្រាហាំ​ខាង​វិញ្ញាណ។ (​ដានីយ៉ែល ៩:២៧​) b មុន​និង​ក្រោយ​ឆ្នាំ​៣៦​ស.យ. សាសន៍​យូដា​ខ្លះ​តប​តាម​សេចក្ដី​អញ្ជើញ​នេះ និង​ត្រង់​ចំណុច​នេះ​ហើយ​បាន​ជា​ប៉ុល​ស្រដី​ថា​៖ ​«​មាន​សំណល់​សល់​ដែល​ទ្រង់​បាន​រើស​តាំង ដោយ​ព្រះ​គុណ​ដែរ​»។—រ៉ូម ១១:៥

១៤. (​ក​) នៅ​ឆ្នាំ​៣៦​ស.យ. តើ​អ្នក​ណា​ទៀត​ត្រូវ​ជូន​ឯកសិទ្ធិ​រួម​ចំណែក​ពូជ​ខាង​វិញ្ញាណ​របស់​អ័ប្រាហាំ? (​ខ​) ហើយ​តើ​ប៉ុល​បាន​ពោល​ពាក្យ​យ៉ាង​ណា ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​របស់​គាត់​ចំពោះ​របៀប​ព្រះ​យេហូវ៉ា​ជ្រើស​រើស​សមាជិក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​នោះ?

១៤ នៅ​ឆ្នាំ​៣៦​ស.យ. ឯកសិទ្ធិ​ឲ្យ​រួម​ចំណែក​ពូជ​ខាង​វិញ្ញាណ​របស់​អ័ប្រាហាំ​ត្រូវ​ជូន​ជា​លើក​ដំបូង​ចំពោះ​អ្នក​ដែល​មិន​មែន​ជា​សាសន៍​យូដា​ឬ​អ្នក​ចូល​សាសនា​យូដា។ អស់​អ្នក​ណា​ដែល​តប​តាម​ការ​អញ្ជើញ បាន​ទទួល​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​និង​ការ​អត់​ធន់​ពី​ព្រះ​យេហូវ៉ា។ (​កាឡាទី ៣:២៦​-​២៩; អេភេសូរ ២:៤​-​៧​) ប៉ុល​បាន​ទទួល​ស្គាល់​ដោយ​មាន​កតញ្ញូ​ធម៌​យ៉ាង​ខ្លាំង​នូវ​ប្រាជ្ញា​និង​បំណង​នៃ​ការ​អត់​ធន់​ដោយ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា ដែល​ជា​វិធី​បង្គ្រប់​សមាជិក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ឲ្យ​គ្រប់​ចំនួន។ ដូច្នេះ​ប៉ុល​ឧទាន​ថា​៖ ​«​អើ​ហ្ន៎! ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ! ឯ​ព្រះ​ដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន? ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន?​»។—រ៉ូម ១១:២៥, ២៦, ៣៣; កាឡាទី ៦:១៥, ១៦

ការ​អត់​ធន់​ប្រយោជន៍​ដល់​ព្រះ​នាម​ទ្រង់

១៥. តើ​អ្វី​ជា​ហេតុ​ចំបង​ដែល​ព្រះ​អត់​ធន់? ហើយ​តើ​រឿង​ចំ​នោ​ទ​អ្វី​ដែល​ត្រូវ​ការ​ពេល​វេលា​កន្លង​ទៅ​ទើប​មាន​ចម្លើយ?

១៥ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​អត់​ធន់​ម្ល៉េះ? ហេតុ​ចំបង​គឺ​ដើម្បី​លើក​ដំកើង​សរសើរ​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់ និង​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យ​ទ្រង់។ (​សាំយូអែល​ទី​១ ១២:២០​-​២២​) ចំ​នោ​ទរ​ប​ស់​សាតាំង​ដែល​ទាក់​ទង​នឹង​សីលធម៌​នៃ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រើ​អធិបតេយ្យ​ទ្រង់ តម្រូវ​ឲ្យ​ពេល​វេលា​កន្លង​ទៅ សឹម​មាន​ចម្លើយ​ជាក់​ស្តែង​ឲ្យ​គ្រប់​ការ​បង្កើត​មើល​ឃើញ​ច្បាស់។ (​យ៉ូប ១:៩​-​១១; ៤២:២, ៥, ៦​) ហេតុ​នេះ​ហើយ ពេល​រាស្ត្រ​របស់​ព្រះ​ត្រូវ​គេ​ជិះ​ជាន់​នៅ​អេស៊ីប ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​ស្តេច​ផារ៉ោន​ថា​៖ ​«​អញ​បាន​ទុក​ឲ្យ​ឯង​រស់​នៅ​វិញ ដើម្បី​ឲ្យ​ឯង​បាន​ឃើញ​ឫទ្ធិ​បារមី​របស់​អញ ហើយ​ឲ្យ​គេ​បាន​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទួទៅ​គ្រប់​លើ​ផែនដី​»។—និក្ខមនំ ៩:១៦

១៦. (​ក​) តើ​តាម​របៀប​ណា​ដែល​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​លទ្ធភាព​រៀបចំ​មនុស្ស​មួយ​ពួក​ទុក​សំរាប់​ព្រះ​នាម​ទ្រង់? (​ខ​) តើ​ដូច​ម្ដេច​ដែល​ព្រះ​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ញែក​ជា​បរិសុទ្ធ និង​អធិបតេយ្យ​របស់​ទ្រង់​នឹង​ត្រូវ​បញ្ជាក់​ថា​ត្រឹម​ត្រូវ​នោះ?

១៦ ប៉ុល​ដក​ស្រង់​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ស្តេច​ផារ៉ោន ពេល​គាត់​ពន្យល់​ពី​មុខ​នាទី​នៃ​ការ​អត់​ធន់​របស់​ព្រះ​ក្នុង​ការ​លើក​ដំកើង​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់។ ក្រោយ​នោះ​ប៉ុល​សរសេរ​ថា​៖ ​«​ចុះ​បើ​សិន​ជា​ព្រះ​ទ្រង់​ចង់​សំដែង​សេចក្ដី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ​ចេស្ដា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀបចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ​ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្ដា​ករុណា ដែល​ទ្រង់​បាន​រៀបចំ​ជា​មុន បាន​ស្គាល់​សេចក្ដី​វិសេស​នៃ​សិរី​ល្អ​ដ៏​បរិបូរ​របស់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​ដែល​ទ្រង់​បាន​ហៅ​មក មិន​មែន​ពី​សាសន៍​យូដា​តែ​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ផង នោះ​ធ្វើ​ដូច​ម្ដេច​ទៅ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ហូសេ សំដែង​មក​ថា​៖ ‹អញ​នឹង​ហៅ​សាសន៍​នោះ ដែល​មិន​មែន​ជា​រាស្ត្រ​អញ​ថា​ជា​រាស្ត្រ​អញ​វិញ›​»។ (​រ៉ូម ៩:១៧, ២២​-​២៥​) ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​អត់​ធន់ នោះ​ទ្រង់​បាន​មាន​សមត្ថភាព​រើស​ពី​គ្រប់​ទាំង​សាសន៍​«​រាស្ត្រ​១​ពួក​ពី​គេ ទុក​សំរាប់​ព្រះ​នាម​ទ្រង់​»។ (​កិច្ច​ការ ១៥:១៤​) ដោយ​សារ​សិរសា​របស់​គេ ជា​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​«​ពួក​បរិសុទ្ធ​»​គឺ​ជា​អ្នក​ស្នង​រាជ្យ​ក្នុង​ព្រះ​រាជាណាចក្រ​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ដើម្បី​ញែក​ព្រះ​នាម​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ទ្រង់​ចេញ​ជា​បរិសុទ្ធ​និង​បង្ហាញ​ភាពត្រឹម​ត្រូវ​នៃ​អធិបតេយ្យ​របស់​ទ្រង់។—ដានីយ៉ែល ២:៤៤; ៧:១៣, ១៤, ២៧; វិវរណៈ ៤:៩​-​១១; ៥:៩, ១០

ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ

១៧, ១៨. (​ក​) តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​អាច​រិះ​គន់​ព្រះ​យេហូវ៉ា ថ្វី​បើ​គ្មាន​ចេតនា​ក្ដី​ស្តី​អំពី​ការ​អត់​ធន់​របស់​ទ្រង់​នោះ? (​ខ​) តើ​យើង​ត្រូវ​ជំរុញ​ឲ្យ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា?

១៧ តាំង​តែ​ពី​មនុស្ស​បាន​រង​នូវ​អន្តរាយ​នៃ​អំពើ​បាប រហូត​មក​ដល់​បច្ចុប្បន្នកាល​នេះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ទ្រង់​គឺ​ជា​ព្រះ​មួយ​អង្គ​ដែល​អត់​ធន់។ ការ​អត់​ធន់​របស់​ទ្រង់​មុន​ទឹក​ជំនន់​បាន​ទុក​ពេល​ឲ្យ​មាន​ការ​ព្រមាន​និង​ទុក​ពេល​ឲ្យ​គេ​អាច​សង់​ទូក​ដើម្បី​អាច​សង្គ្រោះ​ជីវិត។ តែ​ពេល​សេចក្ដី​អត់​ធ្មត់​របស់​ទ្រង់​បាន​ដល់​កំរិត នោះ​ទឹក​ជំនន់​បាន​មក។ ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​កំពុង​តែ​អត់​ធន់​ក្រៃ​លែង និង​នេះ​ប្រហែល​ជា​កំពុង​តែ​បន្ត​យូរ​ជាង​មនុស្ស​ខ្លះ​បាន​សង្ឃឹម​នោះ​ទៅ​ទៀត។ ក៏​ប៉ុន្តែ នេះ​មិន​មែន​ជា​ហេតុ​ឲ្យ​អស់​សង្ឃឹម​នោះ​ទេ។ ការ​អស់​សង្ឃឹម​គឺ​មិន​ខុស​ពី​ការ​រិះ​គន់​ព្រះ​ដោយ​ព្រោះ​ទ្រង់​អត់​ធន់​ទេ។ ប៉ុល​បាន​សួរ​ថា​៖ ​«​[​តើ​]អ្នក​មើល​ងាយ​សេចក្ដី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្ដី​ទ្រាំ​ទ្រ នឹង​សេចក្ដី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្ដី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី?​»។—រ៉ូម ២:៤

១៨ គ្មាន​យើង​ណា​ម្នាក់​ដែល​អាច​ដឹង​ជា​មុន​ថា យើង​ត្រូវ​ការ​ការ​អត់​ធន់​របស់​ព្រះ​ប៉ុន​ណា​ដើម្បី​ប្រាកដ​ថា​ទ្រង់​នឹង​ពេញ​ព្រះ​ហឫទ័យ​នឹង​យើង​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ​នោះ​ទេ។ ប៉ុល​ទូន្មាន​ថា​៖ ​«​ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់[​យើង​]រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ!​»។ (​ភីលីព ២:១២​) សាវ័ក​ពេត្រុស​សរសេរ​ទៅ​កាន់​គ្រីស្ទាន​ឯ​ទៀត​ថា​៖ ​«​ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ​»។—ពេត្រុស​ទី​២ ៣:៩

១៩. តើ​យើង​អាច​បាន​អត្ថប្រយោជន៍​ណា​ខ្លះ​ពី​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា?

១៩ ដូច្នេះ កុំ​បី​ឲ្យ​យើង​លែង​អត់​ធ្មត់​នឹង​របៀប​ព្រះ​យេហូវ៉ា​កំពុង​តែ​ដោះ​ស្រាយ​រឿង​ទាំង​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​យើង​ធ្វើ​តាម​ឱវាទ​របស់​ពេត្រុស​ដោយ​«​រាប់​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​អម្ចាស់​នៃ​យើង ទុក​ជា​សេចក្ដី​សង្គ្រោះ​»។ តើ​ជា​សេចក្ដី​សង្គ្រោះ​របស់​អ្នក​ណា? គឺ​ជា​សេចក្ដី​សង្គ្រោះ​នៃ​ពួក​យើង​ជា​ដើម ព្រម​ទាំង​អ្នក​ឯ​ទៀត​ជា​ច្រើន​ដែល​នៅ​តែ​ត្រូវ​ការ​ស្ដាប់​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី[​ព្រះ​រាជាណាចក្រ​]​»។ (​ពេត្រុស​ទី​២ ៣:១៥; ម៉ាថាយ ២៤:១៤​) នេះ​នឹង​ជួយ​យើង​ត្រេក​អរ​នឹង​ការ​អត់​ធន់​ដ៏​សម្បើម​របស់​ព្រះ​យេហូវ៉ា ថែម​ទាំង​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​អត់​ធន់​ក្នុង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​អ្នក​ឯ​ទៀត?

[​កំណត់​សម្គាល់​]

a ក្នុង​ភាសា​ហេព្រើរ ‹ពាក្យ​សំរាប់​«​ច្រមុះ​»​ឬ​«​រន្ធ​ច្រមុះ​»​(​អា​ហ្វ​)ត្រូវ​ប្រើ​ជា​ញឹក​ញយ​ជា​អត្ថបដិរូប​សំដៅ​ទៅ​កំហឹង។ នេះ​គឺ​ដោយ​សារ​មនុស្ស​ដែល​ខឹង​ដក​ដង្ហើម​ធំ​ឬ​បញ្ចេញ​ខ្យល់​ខ្លាំង​ៗ​តាម​ច្រមុះ។

b ដើម្បី​យល់​ច្បាស់​ជាង​អំពី​ទំនាយ​នេះ សូម​មើល​សៀវភៅ​ជា​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនាយ​របស់​ដានីយ៉ែល! ទំព័រ​១៩១​-​១៩៤ បោះ​ពុម្ព​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ពាក្យ​ថា​«​អត់​ធន់​»​មាន​ន័យ​អ្វី​ក្នុង​ព្រះ​គម្ពីរ?

• តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​អត់​ធន់​យ៉ាង​ដូច​ម្ដេច​មុន​ទឹក​ជំនន់ ក្រោយ​ការ​ឃុំ​ឃាំង​នៅ​ទី​ក្រុង​បាប៊ីឡូន និង​សតវត្ស​ទី​មួយ?

• តើ​មាន​ហេតុ​ដ៏​សំខាន់​ណា​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បាន​អត់​ធន់?

• តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​១០​]

ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា​មុន​ទឹក​ជំនន់​បាន​ទុក ពេល​គ្រប់​គ្រាន់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត

[​រូប​ភាព​នៅ​ទំព័រ​១១​]

ក្រោយ​ចក្រភព​បាប៊ីឡូន​បាន រលំ​បាត់​ទៅ​ហើយ​នោះ សាសន៍​យូដា​ទទួល​ប្រយោជន៍ ពី​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា

[​រូប​ភាព​នៅ​ទំព័រ​១២​]

នៅ​សតវត្ស​ទី​មួយ​ទាំង​សាសន៍​យូដា​និង​សាសន៍​ឯ​ទៀត បាន​ទទួល​ប្រយោជន៍​ពី​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា

[​រូប​ភាព​នៅ​ទំព័រ​១៣​]

បណ្ដា​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ អាច​ទទួល​ប្រយោជន៍​ជា​ច្រើន ពី​ការ​អត់​ធន់​របស់​ព្រះ​យេហូវ៉ា