ព្រះយេហូវ៉ាបង្រៀនយើងខ្ញុំរបៀបកំណត់អាយុជីវិតរបស់យើង
ព្រះយេហូវ៉ាបង្រៀនយើងខ្ញុំរបៀបកំណត់អាយុជីវិតរបស់យើង
«សូមណែនាំយើងខ្ញុំអោយដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីអោយចិត្តយើងខ្ញុំចេះរិះគិតប្រកបដោយប្រាជ្ញា»។—ទំនុកតម្កើង ៩០:១២, ព្រះគម្ពីរភាសាខ្មែររម្រាយ
១. ហេតុអ្វីការទូលព្រះយេហូវ៉ាឲ្យទ្រង់បង្រៀនយើងនូវរបៀប‹កំណត់អាយុជីវិតរបស់យើងខ្ញុំ› គឺសមត្រឹមត្រូវនោះ?
ព្រះយេហូវ៉ាបានបង្កើតយើងនិងប្រទានឲ្យយើងនូវជីវិត។ (ទំនុកដំកើង ៣៦:៩; វិវរណៈ ៤:១១) ម្ល៉ោះហើយបានជាគ្មាននរណាទៀតដែលមានសមត្ថភាពច្រើនជាង អាចបង្រៀនយើងពីរបៀបប្រើជីវិតយើងយ៉ាងមានប្រាជ្ញានោះទេ។ ដូច្នេះ គឺសមត្រឹមត្រូវដែលអ្នកតែងទំនុកដំកើងបានទូលអង្វរព្រះថា៖ «សូមណែនាំយើងខ្ញុំអោយដឹងច្បាស់ថាអាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីអោយចិត្តយើងខ្ញុំចេះរិះគិតប្រកបដោយប្រាជ្ញា»។ (ទំនុកតម្កើង ៩០:១២) a យើងអាចអានទំនូលអង្វរនេះ នៅទំនុកទី៩០ ហើយនោះគួរនឹងពិចារណាយ៉ាងហ្មត់ចត់មែន។ ក៏ប៉ុន្តែ ជាដំបូងនោះ យើងសូមសង្ខេបយ៉ាងខ្លីនូវសេចក្ដីអំពីទំនុកដែលព្រះបានបណ្ដាលឲ្យតែងនេះ។
២. (ក) តើអ្នកណាបានតែងទំនុកទី៩០? ហើយតើទំនុកនោះប្រហែលជាត្រូវសរសេរនៅគ្រាណា? (ខ) តើទំនុកទី៩០គួរមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះជីវិត?
២ ពាក្យផ្ដើមក្នុងខទីមួយនៃទំនុកទី៩០ចែងថា ទំនុកនេះជា«ពាក្យអធិស្ឋានរបស់លោកម៉ូសេជាអ្នកបំរើរបស់ព្រះ[ពិត]»។ ដោយព្រោះទំនុកនេះលើកបញ្ជាក់ថាជីវិតមនុស្សជាតិគឺផុយដ៏ម្ល៉េះ នោះទំនងជាទំនុកនេះបានត្រូវតែងក្រោយអ៊ីស្រាអែលត្រូវរំដោះពីសេវកភាពនៅប្រទេសអេស៊ីប និងក្នុងកំឡុង៤០ឆ្នាំដែលគេដើរកាត់ទីរហោស្ថាន ជាពេលតំណមនុស្សឥតជំនឿបានស្លាប់អស់ទៅ។ (ជនគណនា ៣២:៩-១៣) យ៉ាងណាក៏ដោយ ទំនុកទី៩០បង្ហាញថា ជីវិតរបស់មនុស្សឥតគ្រប់ល័ក្ខណ៍គឺខ្លីណាស់។ ដូច្នេះ គួរគប្បីឲ្យយើងប្រើជីវិតដ៏វិសេសរបស់យើងនេះ តាមរបៀបប្រកបទៅដោយប្រាជ្ញា។
៣. ជាបឋម តើទំនុកទី៩០បញ្ជាក់សេចក្ដីណាខ្លះ?
៣ ក្នុងទំនុកទី៩០ ខមួយដល់ប្រាំមួយបញ្ជាក់ថាព្រះយេហូវ៉ាគឺជាជំរកជា និរន្តរ៍របស់យើង។ ខប្រាំពីរដល់ខដប់ពីរ បង្ហាញយើងពីអ្វីដែលចាំបាច់ដើម្បីប្រើជីវិតដ៏ខ្លីម្ល៉េះនេះ តាមរបៀបដែលពេញព្រះហឫទ័យទ្រង់។ បន្ថែមទៅទៀត យើងមានចំណង់ខ្លាំងឲ្យទទួលសេចក្ដីសប្បុរសដ៏ស្មោះ និងព្រះពរពីព្រះយេហូវ៉ា ដូចជាត្រូវរៀបរាប់នៅខដប់បីដល់ដប់ប្រាំពីរនោះ។ ទំនុកនេះទំនងជាមិនរ៉ាយរ៉ាប់យ៉ាងចំៗអំពីបទពិសោធន៍របស់យើងផ្ទាល់ជាអ្នកបំរើរបស់ព្រះយេហូវ៉ានោះទេ។ ទោះជាយ៉ាងណាក្ដី យើងគួរយកតម្រាប់តាមចិត្តគំនិតដែលត្រូវសម្ដែងក្នុងទំនុកនេះ។ ដូច្នេះ សូមឲ្យយើងពិចារណាឲ្យបានដិតដល់នូវទំនុកទី៩០ក្នុងនាមជាអ្នកដែលបានថ្វាយខ្លួនចំពោះព្រះ។
ព្រះយេហូវ៉ាគឺជា«ជំរក[ពិត]របស់យើង»
៤-៦. តើព្រះយេហូវ៉ាគឺជា‹ជំរកដ៏ពិត›សំរាប់យើងយ៉ាងដូចម្ដេច?
៤ អ្នកតែងទំនុកដំកើងផ្ដើមវាចារដោយពាក្យថា៖ «ឱ[ព្រះយេហូវ៉ា]អើយ! ព្រះអង្គធ្លាប់ធ្វើជាជំរក[ពិត]របស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ។ មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និង ពិភពលោកមក[ដូចជាស្ត្រីឈឺពោះសម្រាលកូន, ព.ថ.]នោះ ព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក»។—ទំនុកតម្កើង ៩០:១, ២
៥ ព្រះយេហូវ៉ាដែលជា«ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច»នោះ ពិតជា‹ជំរកដ៏ពិត›ឬក៏ជាទីជ្រកពួនខាងវិញ្ញាណសំរាប់យើង។ (រ៉ូម ១៦:២៦) យើងមានចិត្តសុខស្ងប់ ត្បិតទ្រង់តែងតែប្រុងប្រៀបជានិច្ច ដើម្បីជួយយើងក្នុងនាមជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ (ទំនុកដំកើង ៦៥:២) ‹សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់យើងរាល់គ្នា› ពីព្រោះយើងផ្ទេរបន្ទុករបស់យើងទៅលើព្រះវរបិតាសួគ៌ារបស់យើងតាមរយៈព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់។—ភីលីព ៤:៦, ៧; ម៉ាថាយ ៦:៩; យ៉ូហាន ១៤:៦, ១៤
៦ យើងមានសេចក្ដីសុខខាងវិញ្ញាណពីព្រោះ ព្រះយេហូវ៉ាគឺជា‹ជំរកដ៏ពិត›សំរាប់យើងក្នុងន័យជាអត្ថបដិរូប។ ទ្រង់ក៏រៀបចំផ្ដល់ឲ្យ‹បន្ទប់ខាងក្នុង›ដែលទំនងជាប់ទាក់ទងនឹងក្រុមជំនុំនៃរាស្ត្ររបស់ទ្រង់ ទុកជាទីជ្រកកោនខាងវិញ្ញាណ មានអ្នកគង្វាលប្រកបទៅដោយសេចក្ដីស្រឡាញ់ដែលបង្កើនសេចក្ដីសុខរបស់យើងទៀតផង។ (អេសាយ ២៦:២០; ៣២:១, ២; កិច្ចការ ២០:២៨, ២៩) មួយយ៉ាងវិញទៀត យើងខ្លះនៅក្នុងក្រុមគ្រួសារដែលធ្លាប់បំរើព្រះពីយូរយារមកហើយតាំងពីជីដូនជីតាមកម្ល៉េះ និងហេតុនេះហើយបានជាយើងឃើញដោយផ្ទាល់ថា ទ្រង់គឺជា‹ជំរកដ៏ពិតពីជំនាន់មួយទៅជំនាន់មួយ›។
៧. តើក្នុងន័យអ្វីដែលភ្នំនានា«កើត»មក និងផែនដីត្រូវបង្កើត«ដូចជាស្ត្រីឈឺពោះសម្រាលកូន»នោះ?
៧ ព្រះយេហូវ៉ាមានព្រះជន្មមុនពេលភ្នំនានា«កើត»មក ហើយមុនផែនដីត្រូវបង្កើត«ដូចជាស្ត្រីឈឺពោះសម្រាលកូន»។ បើគិតពីទស្សនៈមនុស្សវិញ ការបង្កើតផែនដី ហើយលក្ខណៈគីមី និងបំលែងមេកានិចដ៏ស្មុគស្មាញរបស់ផងផែនដីនេះ បានត្រូវការនូវការខំប្រឹងប្រែងយ៉ាងខ្លាំង។ បន្ថែមទៅទៀត ដោយនិយាយថា ភ្នំនានា«កើត»មក ហើយផែនដីត្រូវបង្កើតដូចជា«ស្ត្រីឈឺពោះសម្រាលកូន»នោះ គឺអ្នកតែងទំនុកដំកើងបង្ហាញជម្រៅចិត្តគោរពចំពោះការងារជាច្រើនអនេក ដែលព្រះយេហូវ៉ាបានសម្រេចក្នុងការបង្កើតអ្វីៗទាំងនេះ។ យើងក៏គួរគោរពនិងយល់តម្លៃនូវស្នាព្រះហស្ថរបស់អ្នកបង្កើតដែរ មែនទេ?
ព្រះយេហូវ៉ាប្រុងប្រៀបជួយយើងជានិច្ច
៨. តើប្រយោគដែលថា ព្រះយេហូវ៉ាគឺជាព្រះ«តាំងពីអស់កល្បរៀងមក»មានន័យអ្វី?
៨ អ្នកតែងទំនុកដំកើងបានច្រៀងថា‹ព្រះអង្គជាព្រះតាំងពីអស់កល្បរៀងមក›។ ក្នុងភាសាដើម ពាក្យដែលត្រូវបកប្រែថា«អស់កល្ប»អាចសំដៅទៅលើអ្វីដែលមានទីបញ្ចប់ តែទីបញ្ចប់នោះមិនទាន់ត្រូវកំណត់ឲ្យដឹងថានឹងមកពេលណាទេ។ (និក្ខមនំ ៣១:១៦, ១៧; ហេព្រើរ ៩:១៥) ក៏ប៉ុន្តែ នៅទំនុកដំកើង ៩០:២ និងកន្លែងផ្សេងទៀតក្នុងបទគម្ពីរភាសាហេព្រើរនោះ ពាក្យ«អស់កល្ប»មានន័យថា«ជារៀងរហូត»។ (សាស្ដា ១:៤) សតិរបស់យើងគ្មានសមត្ថភាពយល់នូវរបៀបព្រះបានមានព្រះជន្មរស់ជារៀងរហូតដូច្នេះទេ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាគ្មានដើមកំណើត ហើយនិងគ្មានទីបញ្ចប់ដែរ។ (ធីម៉ូថេទី១ ១:១៧) ទ្រង់នឹងមានព្រះជន្មជារៀងរហូត ថែមទាំងទ្រង់ប្រុងប្រៀបនឹងជួយយើងជានិច្ច។
៩. តើអ្នកតែងទំនុកដំកើងប្រៀបធៀបមួយពាន់ឆ្នាំរបស់មនុស្សជាតិស្មើនឹងអ្វី?
៩ ព្រះបានបណ្ដាលឲ្យអ្នកតែងបទទំនុកដំកើង ប្រៀបធៀបមួយពាន់ឆ្នាំរបស់មនុស្សជាតិ ស្មើនឹងមួយរយៈពេលដ៏ខ្លីចំពោះអ្នកបង្កើតដ៏អស់កល្បនោះ។ គាត់បានទូលព្រះថា៖ «ព្រះអង្គបានធ្វើអោយមនុស្សលោកវិលត្រឡប់ទៅជាធូលីដីវិញ គឺព្រះអង្គមានព្រះបន្ទូលថា«ពូជពង្សរបស់អដាំអើយ! ចូរវិលទៅវិញទៅ!» ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬ ដូចមួយយាមក្នុងពេលយប់។—ទំនុកតម្កើង ៩០:៣, ៤
១០. តើដូចម្ដេចដែលព្រះធ្វើឲ្យមនុស្សជាតិ«វិលត្រឡប់ទៅជាធូលីដីវិញ»?
១០ មនុស្សជាតិអាចស្លាប់បាន ហើយព្រះធ្វើឲ្យមនុស្ស«វិលត្រឡប់ទៅជាធូលីដីវិញ» ប្រៀបដូចជាទ្រង់មានព្រះបន្ទូលថា‹ត្រឡប់ទៅជាធូលីដី ជាអ្វីដែលយើងបានប្រើដើម្បីបង្កើតអ្នកមក›។ (លោកុប្បត្តិ ២:៧; ៣:១៩) គឺដូចគ្នាសំរាប់មនុស្សគ្រប់រូប ទាំងអ្នកក្រអ្នកមាន ទាំងអ្នកមានកម្លាំងនិងអ្នកខ្សោយផងដែរ ដ្បិតគ្មានមនុស្សឥតគ្រប់ល័ក្ខណ៍ណាមួយ‹អាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ ថែមទាំងនឹងឲ្យគេរស់នៅជាដរាបមិនបានទេ›។ (ទំនុកដំកើង ) ក៏ប៉ុន្តែ យើងមានអំណរគុណយ៉ាងណាទៅហ្ន៎! ដែល‹ព្រះប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតជារៀងរហូតវិញ›!— ៤៩:៦-៩យ៉ូហាន ៣:១៦; រ៉ូម ៦:២៣
១១. ហេតុអ្វីបានជាយើងអាចដឹងថាមួយរយៈពេលយូរចំពោះយើង គឺខ្លីណាស់ចំពោះព្រះវិញ?
១១ បើគិតពីទស្សនៈរបស់ព្រះយេហូវ៉ាវិញ សូម្បីតែជីវិតរបស់លោកមធូសាឡាក៏ដោយ ដែលបានរស់បានអាយុ៩៦៩ឆ្នាំក្រោយមកស្លាប់នោះ ក៏ខ្លីជាងមួយថ្ងៃដែរ។ (លោកុប្បត្តិ ៥:២៧) ចំពោះព្រះ ពេលមួយពាន់ឆ្នាំកន្លងផុតទៅ គឺប្រៀបដូចនឹងថ្ងៃម្សិលមិញដែលមានរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ។ អ្នកតែងទំនុកដំកើងក៏ស្រដីថា ចំពោះព្រះមួយពាន់ឆ្នាំគឺដូចវេនយាមជំរំទ័ពពេលយប់ដែលជាវេនមានតែបួនម៉ោងប៉ុណ្ណោះ។ (ពួកចៅហ្វាយ ៧:១៩) ដូច្នេះ ជាក់ជាមួយរយៈពេលយូរចំពោះយើង តែគឺខ្លីណាស់ចំពោះព្រះយេហូវ៉ាដែលមានព្រះជន្មអស់កល្ប។
១២. តើដូចម្ដេចដែលព្រះ‹កៀរយក›មនុស្សជាតិទៅ?
១២ ជីវិតមនុស្សជាតិពិតជាខ្លីមែន ខុសពីព្រះជន្មជារៀងរហូតរបស់ព្រះ។ អ្នកតែងទំនុកដំកើងពោលថា៖ «ព្រះអង្គបានដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាននឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ នៅពេលព្រឹក វាដុះចេញមក ហើយលូតលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្ងួតអស់ទៅ»។ (ទំនុកតម្កើង ៩០:៥, ៦) លោកម៉ូសេឃើញជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ស្លាប់នៅទីរហោស្ថានពេលព្រះ«ដកជីវិត»គេចេញ។ ខទំនុកនេះក៏បានត្រូវបកប្រែថា៖ «អ្នកកៀរយកមនុស្សទៅឲ្យលង់លក់ក្នុងសេចក្ដីស្លាប់»។ (គម្ពីរកំណែថ្មីអន្តរជាតិ) ម្យ៉ាងវិញទៀត អាយុជីវិតរបស់មនុស្សមិនគ្រប់ល័ក្ខណ៍ គឺជា«ការលង់លក់»តែមួយរយៈខ្លី ដូចជាការដេកលក់តែមួយស្របក់ប៉ុណ្ណោះ។
១៣. តើយើងប្រៀបដូចជា«ស្មៅ»ត្រង់ណា? ហើយតើហេតុការណ៍នេះគួរមានអានុភាពលើគំនិតរបស់យើងយ៉ាងដូចម្ដេច?
១៣ យើងប្រៀបដូចជា‹ស្មៅដែលដុះចេញនៅពេលព្រឹក› តែទំរាំដល់ពេលល្ងាចបានស្រពោនក្រៀមស្ងួតទៅដោយសារកំដៅក្ដៅខ្លាំងរបស់ព្រះអាទិត្យ។ ជីវិតយើងផុយពិតមែន ដូចជាស្មៅដែលក្រៀមស្ងួតទៅក្នុងមួយថ្ងៃ។ ដូច្នេះ កុំឲ្យយើងខាតបង់ធនធានដ៏វិសេសនេះ។ ផ្ទុយទៅវិញ យើងគួរស្វែងរកការណែនាំពីព្រះអំពីរបៀបប្រើជីវិតក្នុងកំឡុងពេលប៉ុន្មានឆ្នាំដែលយើងនៅមានក្នុងរបបលោកីយ៍នេះនៅឡើយ។
ព្រះយេហូវ៉ាជួយយើង‹កំណត់អាយុជីវិតរបស់យើង›
១៤, ១៥. ទំនុកតម្កើង ៩០:៧-៩ បានក្លាយជាការពិតយ៉ាងដូចម្ដេចចំពោះជនជាតិអ៊ីស្រាអែល?
១៤ អ្នកតែងទំនុកបានសរសេរហាក់ដូចជាទូលព្រះថា៖ «យើងខ្ញុំត្រូវវិនាស ដោយសារព្រះពិរោធរបស់ព្រះអង្គ ហើយយើងខ្ញុំញ័ររន្ធត់ ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។ ព្រះអង្គយកកំហុសរបស់យើងខ្ញុំមកលាតត្រដាងនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ ហើយពន្លឺរបស់ព្រះអង្គចាំងអោយឃើញអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។ ដោយសារព្រះអង្គដាក់ទោសយើងខ្ញុំ ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ ហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។»—ទំនុកតម្កើង ៩០:៧-៩
១៥ ជនជាតិអ៊ីស្រាអែលដែលគ្មានជំនឿនោះបាន‹ត្រូវវិនាសដោយសារព្រះពិរោធរបស់ព្រះ›។ ពួកគេបាន‹ញ័ររន្ធត់ ដោយសារទ្រង់ខ្ញាល់យ៉ាងខ្លាំង›។ ពួកគេបាន«ដួលស្លាប់រាត់រាយ នៅក្នុងទីរហោស្ថាន»ដោយសារការជំនុំជំរះរបស់ព្រះ។ (កូរិនថូសទី១ ១០:៥) ព្រះយេហូវ៉ា‹យកកំហុសរបស់គេមកលាតត្រដាងនៅចំពោះព្រះភ័ក្ដ្រទ្រង់›។ ទ្រង់បានកាត់ទោសគេដោយព្រោះការប្រព្រឹត្តអំពើខុសឆ្គងជាសាធារណៈ ហើយសូម្បីតែអំពើ«លាក់កំបាំង»ឬបាបលួចលាក់របស់គេក៏ដោយ គឺ‹ពន្លឺរបស់ទ្រង់ចាំងឲ្យឃើញ›វិញ។ (សុភាសិត ១៥:៣) អាយុជីវិតរបស់ជនជាតិអ៊ីស្រាអែលដែលមិនប្រែចិត្តនោះ បាន«ចប់ដូចមួយដង្ហើម»ពេលគេរងព្រះពិរោធរបស់ព្រះ។ ជាការពិត អាយុជីវិតដ៏ខ្លីរបស់យើង គឺដូចជាមួយដង្ហើមនោះដែរ។
១៦. ប្រសិនបើមនុស្សណាម្នាក់កំពុងតែធ្វើបាបលាក់កំបាំងនោះ តើគាត់ត្រូវធ្វើអ្វី?
១៦ កាលបើយើងណាម្នាក់ប្រព្រឹត្តអំពើបាបលួចលាក់ដូច្នេះ ប្រហែលជាយើងអាចបិទបាំងកុំឲ្យមនុស្សដទៃដឹងអំពីរឿងនេះអស់មួយរយៈមែន។ តែអំពើខុសឆ្គងលាក់កំបាំងរបស់យើង នឹងត្រូវ‹ពន្លឺរបស់ទ្រង់ចាំងឲ្យឃើញ› ហើយការប្រព្រឹត្តរបស់យើងនឹងបំផ្លាញទំនាក់ទំនងរបស់យើងជាមួយនឹង ទ្រង់។ ដើម្បីផ្សះផ្សាឲ្យមានភាពស្និទ្ធស្នាលជាមួយទ្រង់វិញនោះ យើងត្រូវតែអធិស្ឋានជាចាំបាច់ឲ្យទ្រង់អត់ឱនទោស ហើយត្រូវលះចោលអំពើអាក្រក់នោះ និងទទួលដោយអំណរគុណនូវជំនួយពីអ្នកចាស់ទុំគ្រីស្ទាន។ (សុភាសិត ២៨:១៣; យ៉ាកុប ៥:១៤, ១៥) នេះគឺល្អប្រសើរជាងការប្រថុយលទ្ធភាពទទួលជីវិតជារៀងរហូត និងធ្វើឲ្យជីវិតយើង‹ចប់ដូចជាមួយដង្ហើម›វិញ។
១៧. ជាធម្មតា តើមនុស្សមានអាយុកាលមធ្យមប៉ុន្មាន? ហើយតើជីវិតរបស់យើងពោរពេញទៅដោយអ្វី?
១៧ អ្នកតែងទំនុកបានស្រដីពីអាយុជីវិតរបស់មនុស្សឥតគ្រប់ល័ក្ខណ៍ដោយនិយាយថា៖ «អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិតសិបឆ្នាំប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ យើងខ្ញុំតែងតែខ្វល់ខ្វាយ និង មានទុក្ខលំបាកជាច្រើន អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន បោះពួយទៅរកសេចក្ដីស្លាប់»។ (ទំនុកតម្កើង ៩០:១០) អាយុកាលមធ្យមទូទៅរបស់មនុស្សគឺចិតសិបឆ្នាំ ហើយលោកកាលែបបានបញ្ជាក់ថា គាត់មានកម្លាំងខុសពីធម្មតាពេលគាត់មានអាយុប៉ែតសិបប្រាំឆ្នាំ។ មានករណីលើកលែងខ្លះៗ ដូចជាលោកអើរ៉ុន(១២៣ឆ្នាំ) លោកម៉ូសេ(១២០ឆ្នាំ) និងលោកយ៉ូស្វេ(១១០ឆ្នាំ)។ (ជនគណនា ៣៣:៣៩; ចោទិយកថា ៣៤:៧; យ៉ូស្វេ ១៤:៦, ១០, ១១; ២៤:២៩) ប៉ុន្តែ ក្នុងចំណោមតំណមនុស្សដែលបានចេញពីប្រទេសអេស៊ីបមកនោះ នរណាដែលបានត្រូវរាប់បញ្ចូលក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើនោះ បានស្លាប់អស់ទៅក្នុងរយៈពេលតែ៤០ឆ្នាំ។ (ជនគណនា ១៤:២៩-៣៤) សព្វថ្ងៃនេះ ក្នុងប្រទេសជាច្រើន អាយុកាលមធ្យមរបស់មនុស្សជាទូទៅ នៅតែស្ថិតនៅរវាង៧០និង៨០ឆ្នាំដូចជាអ្នកតែងទំនុកបានរៀបរាប់នោះនៅឡើយ។ អាយុជីវិតរបស់យើងពោរពេញទៅដោយការ«ខ្វល់ខ្វាយនិងមានទុក្ខលំបាកជាច្រើន»ទៀតផង។ ជីវិតយើងកន្លងផុតទៅយ៉ាងលឿននិង«បោះពួយទៅរកសេចក្ដីស្លាប់»។—យ៉ូប ១៤:១, ២
១៨, ១៩. (ក) តើពាក្យដែលថា‹កំណត់អាយុជីវិតយើងដើម្បីអោយចិត្តយើងខ្ញុំចេះរិះគិតប្រកបដោយប្រាជ្ញា›នោះ មានន័យអ្វី? (ខ) តើការរិះគិតដោយប្រាជ្ញានឹងជំរុញចិត្តយើងឲ្យធ្វើអ្វី?
១៨ អ្នកតែងទំនុកច្រៀងបន្តថា៖ «តើនរណាអាចស្គាល់កម្លាំងនៃព្រះពិរោធរបស់ព្រះអង្គបាន? តើនរណាអាចស្គាល់ព្រះពិរោធនេះ ដើម្បីគោរពកោតខ្លាចព្រះអង្គយ៉ាងត្រឹមត្រូវបាន? សូមណែនាំយើងខ្ញុំអោយដឹងច្បាស់ថាអាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីអោយចិត្តយើងខ្ញុំចេះរិះគិតប្រកបដោយប្រាជ្ញា»។ (ទំនុកតម្កើង ៩០:១១, ១២) គ្មានយើងណាម្នាក់ដែលយល់យ៉ាងពេញលេញអំពីកម្លាំងនៃសេចក្ដីក្រោធរបស់ព្រះឬមួយក៏កំរិតនៃព្រះពិរោធទ្រង់ឡើយ។ ហេតុនេះហើយគួរធ្វើឲ្យសេចក្ដីកោតខ្លាចរបស់យើងចំពោះព្រះយេហូវ៉ាមានកាន់តែច្រើនឡើងៗ។ ជាការពិត ហេតុនេះគួរជំរុញឲ្យយើងទូលសួរទ្រង់ឲ្យដឹងថា៖ «អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីអោយចិត្ត យើងខ្ញុំចេះរិះគិតប្រកបដោយប្រាជ្ញា»។
១៩ ពាក្យរបស់អ្នកតែងទំនុកនេះ គឺជាសេចក្ដីអធិស្ឋានមួយទូលសុំព្រះយេហូវ៉ាបង្រៀនរាស្ត្រទ្រង់ឲ្យចេះប្រព្រឹត្តយ៉ាងណាដោយមានប្រាជ្ញា និងយល់តម្លៃនៃជីវិតទាំងប្រើឆ្នាំទាំងប៉ុន្មានដែលនៅសល់ក្នុងជីវិតរបស់គេ តាមបែបដែលពេញព្រះហឫទ័យរបស់ទ្រង់។ អាយុកាលមធ្យមចិតសិបឆ្នាំ មានន័យថា មនុស្សម្នាក់អាចរស់បាន២៥.៥០០ថ្ងៃ។ ប៉ុន្តែ ទោះជាយើងមានអាយុច្រើនប៉ុនណាក៏ដោយ ‹យើងមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតយើងជាអ្វី គឺជាចំហាយទឹកទេតើ! ដែលឃើញតែ១ភ្លែត រួចបាត់ទៅ›។ (យ៉ាកុប ៤:១៣-១៥) ដោយព្រោះ ‹គ្រានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុនក៏កើតចំពោះយើងទាំងអស់គ្នា› នោះយើងមិនអាចដឹងថាយើងនឹងរស់យូរប៉ុន្មានទៀតទេ។ ដូច្នេះ ចូរឲ្យយើងអធិស្ឋានឲ្យបានប្រាជ្ញាដើម្បីស៊ូទ្រាំនឹងការល្បងល ទាំងប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះអ្នកឯទៀត និងធ្វើអស់ពីសមត្ថភាពក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ាឥឡូវនេះតែម្ដង! (សាស្ដា ៩:១១, ព.ថ.; យ៉ាកុប ១:៥-៨) ព្រះយេហូវ៉ាណែនាំយើងតាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះវិញ្ញាណរបស់ទ្រង់ និងអង្គការរបស់ទ្រង់។ (ម៉ាថាយ ២៤:៤៥-៤៧; កូរិនថូសទី១ ២:១០; ធីម៉ូថេទី២ ៣:១៦, ១៧) ការរិះគិតយ៉ាងមានប្រាជ្ញាជំរុញចិត្តយើងឲ្យ‹ស្វែងរកព្រះរាជាណាចក្រព្រះជាមុន›និងប្រើមួយថ្ងៃៗនៃជីវិតយើងឲ្យលើកសិរីល្អចំពោះព្រះយេហូវ៉ានិងធ្វើឲ្យទ្រង់មានព្រះទ័យរីករាយ។ (ម៉ាថាយ ៦:២៥-៣៣; សុភាសិត ២៧:១១) ការថ្វាយបង្គំទ្រង់អស់ពីចិត្តពីថ្លើមដូច្នេះ ទំនងជានឹងមិនដោះស្រាយបញ្ហាទាំងអស់របស់យើងទេ តែការថ្វាយបង្គំនោះនឹងធ្វើឲ្យយើងមានអំណរជាក់ជាពុំខាន។
ពរពីព្រះយេហូវ៉ាធ្វើឲ្យយើងអរសប្បាយ
២០. (ក) តើក្នុងន័យអ្វីដែលព្រះចេះ«ស្ដាយ»? (ខ) កាលបើយើងប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ តែប្រែចិត្តពិតវិញនោះ តើព្រះយេហូវ៉ានឹងប្រព្រឹត្តយ៉ាងណាចំពោះយើង?
២០ បើសិនជាយើងអាចអរសប្បាយអស់មួយជីវិត នោះពិតជាប្រសើរយ៉ាងណាទៅហ្ន៎! ត្រង់ចំណុចនេះ លោកម៉ូសេទូលអង្វរថា៖ «[ឱព្រះយេហូវ៉ា]អើយ! សូមយាងមកវិញ តើព្រះអង្គនៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្ដា[ស្ដាយ, ព.ថ.]យើងខ្ញុំដែលជាអ្នកបំរើរបស់ព្រះអង្គផង! សូមសំដែងព្រះហឫទ័យមេត្ដាករុណា[ឬសេចក្ដីស្រឡាញ់ស្មោះស្ម័គ្រ]ដ៏លើសលប់ចំពោះយើងខ្ញុំតាំងពីព្រលឹម នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយអស់មួយជីវិត។» (ទំនុកតម្កើង ៩០:១៣, ១៤) ព្រះមិនដែលធ្វើខុសទេ។ យ៉ាងណាក៏ដោយ ទ្រង់ចេះ«ស្ដាយ»ហើយ«យាងមកវិញ»ពីសេចក្ដីក្រោធរបស់ទ្រង់និងពីការដាក់ទោស ពេលការព្រមាន អំពីការដាក់ទោសនោះ បណ្ដាលឲ្យអ្នកដែលធ្វើខុសចង់ប្រែចិត្ត ទាំងកែចិត្តគំនិតនិងការប្រព្រឹត្តរបស់ខ្លួន។ (ចោទិយកថា ១៣:១៧) ដូច្នេះ ទោះជាយើងធ្វើអំពើបាបធ្ងន់ធ្ងរក៏ដោយ តែបើប្រែចិត្តពិតមែន នោះព្រះយេហូវ៉ានឹង‹សម្ដែងសេចក្ដីសប្បុរសដ៏ស្មោះ›ចំពោះយើង ហើយយើងនឹងមានហេតុពិត ឲ្យ«មានអំណរសប្បាយរីករាយ»។ (ទំនុកតម្កើង ៣២:១-៥) ព្រមជាមួយនោះ ដោយប្រកបការរស់នៅដ៏សុចរិត យើងនឹងដឹងក្នុងអារម្មណ៍ពីសេចក្ដីស្រឡាញ់ស្មោះស្ម័គ្រដែលព្រះមានចំពោះយើង ហើយនឹង«មានអំណរសប្បាយរីករាយអស់មួយជីវិត»។
២១. តើលោកម៉ូសេប្រហែលជាកំពុងតែសុំអ្វីក្នុងទំនុកតម្កើង ៩០:១៥, ១៦នោះ?
២១ អ្នកតែងទំនុកដំកើងបានអធិស្ឋានយ៉ាងស្មោះថា៖ «ព្រះអង្គបានធ្វើអោយយើងខ្ញុំកើតទុក្ខអស់រយៈពេលយ៉ាងយូរ ហើយយើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា សូមប្រោសប្រទានអោយយើងខ្ញុំមានអំណរសប្បាយយ៉ាងនោះដែរ។ សូមសម្ដែងឲ្យយើងខ្ញុំបានឃើញស្នាព្រះហស្ថរបស់ព្រះអង្គ ហើយសម្ដែងអោយកូនចៅយើងខ្ញុំបានឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង»។ (ទំនុកតម្កើង ៩០:១៥, ១៦) លោកម៉ូសេប្រហែលជាទូលសុំឲ្យព្រះប្រទានពរចំពោះអ៊ីស្រាអែលជារយៈពេលស្មើនឹងមួយថ្ងៃៗដែលគេបានកើតទុក្ខនិងអស់ប៉ុន្មានឆ្នាំដែលគេបានជួបអន្តរាយ។ គាត់សុំឲ្យ«ស្នាព្រះហស្ថ»របស់ព្រះជាការប្រទានពរចំពោះអ៊ីស្រាអែលនោះ ទៅជាសឲ្យឃើញចំពោះអ្នកបំរើទ្រង់ ថែមទាំងសម្ដែងភាពថ្កុំថ្កើងរបស់ទ្រង់ឲ្យកូនចៅរបស់គេមើលឃើញទៀតផង។ យើងអាចអធិស្ឋានយ៉ាងសមត្រឹមត្រូវឲ្យមនុស្សជាតិដែលស្ដាប់បង្គាប់ទទួលពរជាច្រើនក្នុងពិភពលោកថ្មីដែលព្រះសន្យាមកនោះ។—ពេត្រុសទី២ ៣:១៣
២២. យោងទៅតាមទំនុកតម្កើង ៩០:១៧ តើយើងអាចអធិស្ឋានយ៉ាងសមត្រឹមត្រូវឲ្យបានអ្វី?
២២ ទំនុកតម្កើង៩០ចប់ដោយពាក្យទូលអង្វរនេះថា៖ «[ព្រះយេហូវ៉ា] ជាព្រះនៃយើងខ្ញុំអើយ! សូមសំដែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង សូមជួយអោយកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន ពិតមែនហើយ សូមជួយអោយកិច្ចការរបស់យើងខ្ញុំបានខ្ជាប់ខ្ជួនរហូតតទៅ»។ (ទំនុកដំកើង ) ពាក្យទាំងនេះបង្ហាញថា យើងអាចអធិស្ឋានយ៉ាងសមត្រឹមត្រូវឲ្យព្រះប្រទានពរទៅលើការព្យាយាមរបស់យើងក្នុងកិច្ចបំរើរបស់ទ្រង់។ មិនថាយើងជាអ្នកចាក់ប្រេងតាំងឬមួយក៏«ចៀមឯទៀត»ដែលជាសហការីរបស់ពួកគាត់ក៏ដោយ យើងអរសប្បាយឡើងដោយព្រោះ‹សេចក្ដីស្រឡាញ់នៃព្រះយេហូវ៉ា›សណ្ឋិតលើយើង។ ( ៩០:១៧យ៉ូហាន ១០:១៦) យើងមានអំណរយ៉ាងខ្លាំងណាស់ហ្ន៎! ដោយព្រះបាន‹ជួយអោយកិច្ចការដែលយើងធ្វើបានខ្ជាប់ខ្ជួន›ជាអ្នកប្រកាសប្រាប់សារព្រះរាជាណាចក្រនិងក្នុងកិច្ចការផ្សេងៗទៀតនោះ។
ចូរឲ្យយើងបន្តកំណត់អាយុជីវិតរបស់យើង
២៣, ២៤. តើយើងអាចទទួលប្រយោជន៍អ្វីពីការរំពឹងគិតអំពីទំនុកទី៩០?
២៣ ការរំពឹងគិតអំពីទំនុកទី៩០ គួរធ្វើឲ្យយើងរឹតតែពឹងពាក់ព្រះយេហូវ៉ាដែលជា‹ជំរកពិត›របស់យើង។ ដោយជញ្ជឹងគិតអំពីពាក្យទាំងនោះស្តីពីភាពខ្លីនៃជីវិតនោះ យើងគួរយល់ដឹងច្បាស់ថា យើងត្រូវការការណែនាំពីព្រះដើម្បីកំណត់អាយុជីវិតរបស់យើង។ ហើយបើសិនជាយើងបន្តស្វែងរកប្រាជ្ញានិងប្រព្រឹត្តតាមប្រាជ្ញារបស់ព្រះនោះ យើងនឹងទទួលសេចក្ដីសប្បុរសដ៏ស្មោះនិងព្រះពរពីព្រះយេហូវ៉ាជាពុំខាន។
២៤ ព្រះយេហូវ៉ានឹងបន្តបង្ហាញយើងរបៀបកំណត់អាយុជីវិតរបស់យើង។ ហើយបើសិនជាយើងអនុលោមតាមការណែនាំរបស់ទ្រង់នោះ យើងនឹងអាចបន្តកំណត់អាយុជីវិតរបស់យើងជារៀងរហូតបាន។ (យ៉ូហាន ១៧:៣) ក៏ប៉ុន្តែ បើសិនជាយើងពិតជាចង់បានជីវិតជារៀងរហូតនោះ ព្រះយេហូវ៉ាត្រូវជាទីពឹងជ្រករបស់យើង។ (យូដាស ២០, ២១) យើងនឹងឃើញក្នុងអត្ថបទបន្ទាប់ថា ចំណុចនេះត្រូវបញ្ជាក់យ៉ាងក្បោះក្បាយក្នុងទំនុកទី៩១ដែលលើកទឹកចិត្តយើងនោះ។
[កំណត់សម្គាល់]
a ក្នុងអត្ថបទនេះ ខគម្ពីរទាំងអស់ពីទំនុកទី៩០ ត្រូវដកស្រង់ពីព្រះគម្ពីរភាសាខ្មែរសម្រាយ ហើយសៀវភៅនោះត្រូវសរសេរជា ទំនុកតម្កើងវិញ។
តើអ្នកនឹងឆ្លើយដូចម្ដេច?
• តើព្រះយេហូវ៉ាជា‹ជំរកពិត›សំរាប់យើងយ៉ាងដូចម្ដេច?
• ហេតុដូចម្ដេចបានជាយើងអាចនិយាយថា ព្រះយេហូវ៉ាតែងតែប្រុងប្រៀបដើម្បីជួយយើងជានិច្ច?
• តើព្រះយេហូវ៉ាជួយយើង‹កំណត់អាយុជីវិត›របស់យើងយ៉ាងដូចម្ដេច?
• តើអ្វីធ្វើឲ្យយើង«មានអំណរសប្បាយរីករាយអស់មួយជីវិត»?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២១]
ព្រះយេហូវ៉ាជាព្រះ«មុនពេលភ្នំនានាកកើតឡើង»
[រូបភាពនៅទំព័រ២២]
តាមទស្សនៈរបស់ព្រះយេហូវ៉ាលោក មធូសាឡាដែលមានអាយុ៩៦៩ឆ្នាំ នោះបានរស់តិចជាងមួយថ្ងៃ
[រូបភាពនៅទំព័រ២៤]
ព្រះយេហូវ៉ាបាន‹ជួយអោយកិច្ចការរបស់យើងខ្ញុំបានខ្ជាប់ខ្ជួនរហូត›