លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំនួរពីអ្នកអាន

សំនួរពីអ្នកអាន

សំនួរ​ពី​អ្នក​អាន

តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​លោក​អ័ប្រាហាំ នៅ​ទី​ក្រុង​អ៊ើរ​ឬ​នៅ​ស្រុក​ខារ៉ាន?

កំណត់​ហេតុ​មុន​គេ​បង្អស់​ដែល​រៀប​រាប់​អំពី​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​អ័ប្រាហាំ គឺ​នៅ​លោកុប្បត្តិ ១២:១​-​៣ ដែល​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អាប់រ៉ាម​ថា​៖ ‹ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ​សន្ដាន នឹង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង​ចុះ! អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង . . . គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ឯង›​»​ a។ ព្រះ​យេហូវ៉ា​ប្រហែល​ជា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​នេះ​ជា​មួយ​អ័ប្រាហាំ ពេល​ដែល​លោក​នៅ​ទី​ក្រុង​អ៊ើរ​នៅ​ឡើយ និង​បាន​បញ្ជាក់​អំពី​កិច្ច​ព្រម​ព្រៀង​នោះ​មួយ​សារ​ទៀត ពេល​ដែល​អ័ប្រាហាំ​នៅ​ស្រុក​ខារ៉ាន​វិញ។

នៅ​សតវត្ស​ទី​មួយ លោក​ស្ទេផាន​បាន​និយាយ​សំដៅ​ទៅ​លើ​បញ្ជា​របស់​ព្រះ​យេហូវ៉ា ឲ្យ​អ័ប្រាហាំ​រើ​ទៅ​នៅ​ស្រុក​កាណាន។ ក្នុង​ការ​ជំរាប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ គាត់​បាន​ស្រដី​ថា​៖ ​«​ព្រះ​ដ៏​មាន​សិរី​ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​បន្ទូល​ប្រាប់​លោក​ថា​៖ ‹ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្ដាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ›​»។ (​កិច្ច​ការ ៧:២, ៣​) ពី​ដំបូង​អ័ប្រាហាំ​បាន​នៅ​ទី​ក្រុង​អ៊ើរ ហើយ​គឺ​នៅ​ទី​នោះ​ឯង​ដែល​លោក​បាន​ឮ​ជា​លើក​ទី​មួយ​នូវ​បទ​បញ្ជា​របស់​ព្រះ​ឲ្យ​ទៅ​ស្រុក​កាណាន ដូច​ស្ទេផាន​បាន​បញ្ជាក់​មក។ (​លោកុប្បត្តិ ១៥:៧; នេហេមា ៩:៧​) ស្ទេផាន​មិន​ដែល​រៀប​រាប់​អំពី​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ជា​មួយ​អ័ប្រាហាំ​ទេ តែ​នៅ​លោកុប្បត្តិ ១២:១​-​៣ កិច្ច​ព្រម​ព្រៀង​នោះ​គឺ​ជាប់​ទាក់​ទង​នឹង​បទ​បញ្ជា​ឲ្យ​ទៅ​ស្រុក​កាណាន។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​សម​ហេតុ​សម​ផល​ដោយ​ជឿ​ថា ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​នោះ​ជា​មួយ​អ័ប្រាហាំ​នៅ​ទី​ក្រុង​អ៊ើរ​មែន។

យ៉ាង​ណា​ក្ដី បើ​អាន​កំណត់​ហេតុ​ក្នុង​សៀវភៅ​លោកុប្បត្តិ​ដោយ​ផ្ចិត​ផ្ចង់​នោះ មើល​ទៅ​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​កិច្ច​ព្រម​ព្រៀង​ទៅ​កាន់​អ័ប្រាហាំ​មួយ​សារ​ទៀត​នៅ​ស្រុក​ខារ៉ាន​ដែរ ដូច​ទ្រង់​បាន​មាន​បន្ទូល​ជា​ច្រើន​សារ ថែម​ទាំង​បាន​ពន្យល់​បន្ថែម​ប៉ុន្មាន​ដង​នៅ​ស្រុក​កាណាន​ទៀត​ផង។ (​លោកុប្បត្តិ ១៥:៥; ១៧:១​-​៥; ១៨:១៨; ២២:១៦​-​១៨​) យោង​ទៅ​តាម​លោកុប្បត្តិ ១១:៣១, ៣២ បិតា​របស់​អ័ប្រាហាំ​ឈ្មោះ​ថេរ៉ា បាន​ចេញ​ដំណើរ​ពី​ទី​ក្រុង​អ៊ើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន ទាំង​មាន​អ័ប្រាហាំ សារ៉ា និង​ឡុត​ទៅ​ជា​មួយ​ដែរ។ គេ​បាន​ទៅ​ដល់​ស្រុក​ខារ៉ាន​និង​បាន​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​លោក​ថេរ៉ា​ទទួល​មរណភាព​ទៅ។ អ័ប្រាហាំ​បាន​នៅ​ស្រុក​ខារ៉ាន​យូរ​ល្មម​នឹង​ប្រមូល​វត្ថុ​ទ្រព្យ​ជា​ច្រើន។ (​លោកុប្បត្តិ ១២:៥​) នៅ​ពេល​មួយ បង​ប្អូន​ម្នាក់​របស់​អ័ប្រាហាំ​ឈ្មោះ​ណាឃរ បាន​រើ​ទៅ​នៅ​ទី​នោះ​ផង​ដែរ។

ព្រះ​គម្ពីរ​រៀប​រាប់​អំពី​មរណភាព​របស់​លោក​ថេរ៉ា រួច​មក​រៀប​រាប់​អំពី​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​អ័ប្រាហាំ​ដែល​បាន​ចែង​ដូច​ត​ទៅ​នេះ​ថា​៖ ​«​អាប់រ៉ាម​ក៏​ចេញ​ទៅ ដូច​ជា​ព្រះ​យេហូវ៉ា​បាន​បង្គាប់​»។ (​លោកុប្បត្តិ ១២:៤​) ដូច្នេះ លោកុប្បត្តិ ១១:៣១–១២:៤ នាំ​ឲ្យ​មាន​ទស្សនៈ​ថា ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​នូវ​ពាក្យ​ដែល​កត់​ទុក​ក្នុង​លោកុប្បត្តិ ១២:១​-​៣ បន្ទាប់​ពី​មរណភាព​របស់​លោក​ថេរ៉ា។ បើ​ដូច្នោះ​មែន អ័ប្រាហាំ​បាន​ចេញ​ដំណើរ​ពី​ស្រុក​ខារ៉ាន និង​រើ​ទៅ​នៅ​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ ដោយ​ធ្វើ​តាម​បញ្ជា​ដែល​គាត់​ទើប​តែ​បាន​ស្ដាប់ ព្រម​ទាំង​តាម​បញ្ជា​ដែល​គាត់​បាន​ស្ដាប់​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​នៅ​ទី​ក្រុង​អ៊ើរ​ផង​ដែរ។

យោង​ទៅ​តាម​លោកុប្បត្តិ ១២:១ ព្រះ​យេហូវ៉ា​បាន​បញ្ជា​អ័ប្រាហាំ​ដោយ​បន្ទូល​ថា​៖ ​«​ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ​សន្ដាន នឹង​ពី​ផ្ទះ​ឪពុក​ឯង​»​ចុះ! ទី​ក្រុង​អ៊ើរ​ធ្លាប់​ជា​«​ស្រុក​»​របស់​អ័ប្រាហាំ ហើយ​«​ផ្ទះ​»​របស់​បិតា​គាត់​ក៏​នៅ​ទី​នោះ​ដែរ។ ប៉ុន្តែ បិតា​របស់​អ័ប្រាហាំ​បាន​នាំ​ក្រុម​គ្រួសារ​រើ​ទៅ​នៅ​ស្រុក​ខារ៉ាន​វិញ និង​អ័ប្រាហាំ​បាន​ចាប់​ផ្ដើម​ហៅ​កន្លែង​នោះ​ឯង​ជា​ស្រុក​របស់​ខ្លួន។ ក្រោយ​ពី​បាន​ចំណាយ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ស្រុក​កាណាន​នោះ អ័ប្រាហាំ​បាន​ចាត់​អ្នក​បំរើ​ទៅ‹ឯ​ស្រុក​គាត់ និង​ញាតិ​សន្ដាន​គាត់› ដើម្បី​រក​ភរិយា​មួយ​សំរាប់​អ៊ីសាក នោះ​អ្នក​បំរើ​បាន​ទៅ​«​ទី​ក្រុង​របស់​ណាឃរ​»​ (​គឺ​ស្រុក​ខារ៉ាន​ឬ​តំបន់​ក្បែរ​ៗ​នោះ​)។ (​លោកុប្បត្តិ ២៤:៤, ១០​) នៅ​ទី​នោះ អ្នក​បំរើ​បាន​ជួប​នាង​រេបិកា​ពី​ក្នុង​ចំណោម​ញាតិ​សន្ដាន​របស់​អ័ប្រាហាំ គឺ​ក្រុម​គ្រួសារ​ធំ​របស់​លោក​ណាឃរ។—លោកុប្បត្តិ ២២:២០​-​២៤; ២៤:១៥, ២៤, ២៩; ២៧:៤២, ៤៣

ក្នុង​អត្ថាធិប្បាយ​របស់​ស្ទេផាន​ជូន​ចំពោះ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នោះ គាត់​បាន​និយាយ​អំពី​អ័ប្រាហាំ​ថា​៖ ​«​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ​»។ (​កិច្ច​ការ ៧:៤​) នេះ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទាក់​ទង​អ័ប្រាហាំ​នៅ​ស្រុក​ខារ៉ាន​ផង​ដែរ។ ជា​ការ​សម​ហេតុ​សម​ផល​ឲ្យ​យើង​ជឿ​ថា នៅ​ពេល​នោះ​ឯង​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​បញ្ជាក់​មួយ​សារ​ទៀត​អំពី​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់​ជា​មួយ​អ័ប្រាហាំ ដូច​បាន​រៀប​រាប់​នៅ​លោកុប្បត្តិ ១២:១​-​៣​ដែរ ពីព្រោះ​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ចាប់​ប្រារព្ធ​ឡើង​នៅ​ពេល​ដែល​អ័ប្រាហាំ​បាន​រើ​ទៅ​នៅ​ស្រុក​កាណាន។ បើ​យក​មក​ពិចារណា​ហេតុ​ការណ៍​ទាំង​ឡាយ​នេះ នោះ​នាំ​ឲ្យ​សន្និដ្ឋាន​ថា ព្រះ​យេហូវ៉ា​ទំនង​ជា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់​ជា​មួយ​អ័ប្រាហាំ នៅ​ទី​ក្រុង​អ៊ើរ​មែន និង​បាន​លើក​បញ្ជាក់​ពី​កិច្ច​ព្រម​ព្រៀង​នោះ​មួយ​សារ​ទៀត​នៅ​ស្រុក​ខារ៉ាន​ដែរ។

[​កំណត់​សម្គាល់​]

a ព្រះ​យេហូវ៉ា​បាន​ប្ដូរ​ឈ្មោះ​របស់​អាប់រ៉ាម ទៅ​ជា​អ័ប្រាហាំ នៅ​ស្រុក​កាណាន​កាល​ដែល​លោក​មាន​អាយុ​៩៩​ឆ្នាំ។—លោកុប្បត្តិ ១៧:១,