លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំនួរពីអ្នកអាន

សំនួរពីអ្នកអាន

សំនួរ​ពី​អ្នក​អាន

តើ​សត្វ​ពស់​ក្នុង​សួន​ច្បារ​អេដែន​នោះ បាន​បញ្ចេញ​គំនិត​ដោយ​របៀប​ណា​ឲ្យ​នាង​អេវ៉ា​បំពាន​លើ​ច្បាប់​របស់​ព្រះ​ស្តី​អំពី​ដើម​ដឹង​ខុស​ត្រូវ?

លោកុប្បត្តិ ៣:១​ចែង​ថា​៖ ​«​ឯ​ពស់​ជា​សត្វ​ចេះ​ឧបាយ​កល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត។ វា​និយាយ​ទៅ​កាន់​ស្ត្រី​ថា​៖ ‹តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?›​»។ គឺ​មាន​យោបល់​ផ្សេង​ៗ​អំពី​របៀប​ដែល​សត្វ​ពស់​នោះ​អាច​ទាក់​ទង​នឹង​នាង​អេវ៉ា។ មាន​គំនិត​មួយ​ថា វា​បាន​ធ្វើ​ដូច្នេះ​ដោយ​ចលនា​ដង​ខ្លួន​របស់​វា ឬ​កាយ​វិការ។ ដូច​បព្វជិត​ជន​ជាតិ​អង់គ្លេស​ម្នាក់ ឈ្មោះ​យ៉ូសែប​បេន​សុ​ន បាន​មាន​ប្រសាសន៍​ថា​៖ ​«​វា​ទំនង​ជា​បាន​ប្រើ​កាយ​វិការ​បែប​ផ្សេង​ៗ។ អ្នក​ខ្លះ​អះអាង​ថា នៅ​គ្រា​នោះ​សត្វ​ពស់​មាន​លក្ខណៈ​ចេះ​វែក​ញែក ក៏​ចេះ​និយាយ​ផង . . . តែ​គ្មាន​ភស្តុ​តាង​ដែល​បញ្ជាក់​ដូច្នោះ​ឡើយ​»។

ក៏​ប៉ុន្តែ បើ​សត្វ​ពស់​បាន​ប្រើ​តែ​ចលនា​ដង​ខ្លួន​ប៉ុណ្ណោះ តើ​វា​អាច​បញ្ចេញ​គំនិត​ដោយ​របៀប​ណា ឲ្យ​នាង​អេវ៉ា​គិត​ថា​ខ្លួន​នាង​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ដោយ​ទទួល​ទាន​ផ្លែ​ដែល​បាន​ត្រូវ​ហាម​ឃាត់​នោះ និង​អាច​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ? ម្យ៉ាង​ទៀត នាង​អេវ៉ា​បាន​សន្ទនា​ឆ្លើយ​ឆ្លង ដោយ​ឆ្លើយ​សំនួរ​ដែល​សត្វ​ពស់​បាន​ចោទ​ឡើង។ (​លោកុប្បត្តិ ៣:២​-​៥​) បើ​មាន​ទស្សនៈ​ថា សត្វ​ពស់​បាន​ទាក់​ទង​នាង​ដោយ​ចលនា​ដង​ខ្លួន​ឬ​កាយ​វិការ​ប៉ុណ្ណោះ នោះ​ត្រូវ​នាំ​ឲ្យ​សន្និដ្ឋាន​ថា នាង​អេវ៉ា​បាន​តប​ឆ្លើយ​ដោយ​កាយ​វិការ​ដែរ តែ​ព្រះ​គម្ពីរ​ចែង​ថា នាង​បាន​និយាយ។

ក្នុង​ការ​និយាយ​សំដៅ​ទៅ​លើ​ព្រឹត្ដិការណ៍​នោះ សាវ័ក​ប៉ុល​បាន​ព្រមាន​គ្រីស្ទាន​គ្នី​គ្នា​របស់​គាត់​ថា​៖ ​«​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្ដី​ទៀង​ត្រង់​ខាង​ឯ​ព្រះ​គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយ​កល​យ៉ាង​នោះ​ដែរ​»។ ប៉ុល​បាន​រៀប​រាប់​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​«​សាវក​ក្លែង​ក្លាយ​ជា​អ្នក​ឆបោក​»។ គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មក​ដោយ​សារ​«​ពួក​សាវក​យ៉ាង​ធំ​»​បែប​នោះ គ្មាន​ល័ក្ខខ័ណ្ឌ​ជា​ចលនា​ដង​ខ្លួន​និង​កាយ​វិការ​ប៉ុណ្ណោះ​ទេ តែ​រួម​ទាំង​សំដី​របស់​គេ គឺ​ប្រើ​ពាក្យ​ដែល​បង្កប់​ដោយ​ឧបាយ​កល​ដើម្បី​នាំ​អ្នក​ដទៃ​វង្វេង។—កូរិនថូស​ទី​២ ១១:៣​-​៥, ១៣

ថ្វី​បើ​ក្នុង​សួន​ច្បារ​អេដែន​មាន​ពាក្យ​សំដី​នាំ​ឲ្យ​នាង​អេវ៉ា​វង្វេង​ក្ដី គឺ​គ្មាន​អ្វី​ដែល​បញ្ជាក់​ថា សត្វ​ពស់​នោះ​ឯង​មាន​បំពង់​សម្លេង​ទេ។ តាម​ការ​ពិត វា​មិន​ត្រូវ​ការ​បំពង់​សម្លេង​ទេ។ ពេល​ដែល​ទេវតា​មួយ​រូប​បាន​និយាយ​ជា​មួយ​លោក​បាឡាម​តាម​រយៈ​សត្វ​លា​ញី​នោះ សត្វ​នោះ​មិន​ត្រូវ​ការ​បំពង់​សម្លេង​ស្មុគ​ស្មាញ​ដូច​មនុស្ស​ទេ។ (​ជន​គណនា ២២:២៦​-​៣១​) នៅ​ពេល​ដែល​«​សត្វ​ព្រនាក់​គ បាន​និយាយ​ជា​សំឡេង​មនុស្ស​»​ អំណាច​ធ្វើ​ដូច្នេះ​ច្បាស់​ជា​មក​ពី​វិស័យ​វិញ្ញាណ។—ពេត្រុស​ទី​២ ២:១៦

សត្តនិករ​វិញ្ញាណ​ដែល​បាន​ប្រើ​សត្វ​ពស់​នោះ ដើម្បី​និយាយ​ជា​មួយ​នាង​អេវ៉ា ត្រូវ​សម្គាល់​ក្នុង​ព្រះ​គម្ពីរ​ជា​«​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង​»។ (​វិវរណៈ ១២:៩​) សំដី​ឮ​ៗ​ដែល​នាង​អេវ៉ា​អាច​ស្ដាប់ ថែម​ទាំង​តប​ឆ្លើយ​ចំពោះ​នោះ បាន​ត្រូវ​បណ្ដាល​មក​ពី​សាតាំង ដែល​«​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​»។—កូរិនថូស​ទី​២ ១១:១៤

[​រូប​ភាព​នៅ​ទំព័រ​៣២​]

​«​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង​»​