ចូរអភិវឌ្ឍចិត្តរបស់អ្នកឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា
ចូរអភិវឌ្ឍចិត្តរបស់អ្នកឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា
«បើសិនជាគេនឹងអភិវឌ្ឍចិត្តរបស់គេឲ្យកោតខ្លាចដល់យើង និងកាន់តាមគ្រប់ទាំងបញ្ញត្ដិរបស់យើងជារៀងដរាបទៅ»។—ចោទិយកថា ៥:២៩, ព.ថ.
១. ហេតុអ្វីបានជាយើងអាចជឿជាក់ថា នៅថ្ងៃមួយមនុស្សជាតិនឹងមិនភិតភ័យទៀតឡើយ?
ការភ័យខ្លាចគឺដូចជាស្រមោលមួយអន្ទោលតាមមនុស្សជាតិអស់រាប់សតវត្សមកហើយ។ ការខ្លាចថាខ្លួននឹងមិនមានអ្វីញ៉ាំ ការខ្លាចជម្ងឺឆ្លងរាតត្បាត ឧក្រិដ្ឋកម្ម ឬមួយក៏សង្គ្រាម ធ្វើឲ្យមនុស្សរាប់សិបលាននាក់នឹកថប់នឹកព្រួយឥតល្ហែ។ ហេតុនេះហើយបានជាបុព្វកថានៃឯកសារសេចក្ដីប្រកាសសិទ្ធិសកលរបស់មនុស្សជាតិ ចែងអំពីការប្រាថ្នានាំមកនូវពិភពលោកមួយដែលឲ្យមនុស្សគ្រប់ៗរូបអាចរស់នៅដោយប្រាសចាកពីការភិតភ័យ។ a គួរឲ្យសប្បាយចិត្តមែន ដែលព្រះអង្គទ្រង់ផ្ទាល់ធានាថា នឹងមានពិភពលោកមួយបែបនេះ តែមិនដោយសារការខិតខំរបស់មនុស្សជាតិឡើយ។ ព្រះយេហូវ៉ាសន្យាតាមរយៈលោកមីកាដែលជាព្យាការីរបស់ទ្រង់ថា ក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ទ្រង់នោះ នឹង‹គ្មានអ្នកណាបំភ័យរាស្ត្រទ្រង់ឡើយ›។—មីកា ៤:៤
២. (ក) តើព្រះគម្ពីរចែងយ៉ាងណាដើម្បីជំរុញយើងឲ្យកោតខ្លាចដល់ព្រះ? (ខ) ពេលយើងពិចារណានូវកាតព្វកិច្ចរបស់យើងដែលថា យើងត្រូវកោតខ្លាចដល់ព្រះនោះ តើយើងប្រហែលជាសួរសំនួរអ្វីខ្លះ?
២ មួយវិញទៀត ការខ្លាចក៏អាចជាឥទ្ធិពលដ៏ល្អមួយផងដែរ។ ក្នុងបទគម្ពីរ អ្នកបំរើរបស់ព្រះត្រូវដាស់តឿនជារឿយៗឲ្យកោតខ្លាចព្រះយេហូវ៉ា។ លោកម៉ូសេបាននិយាយទៅកាន់អ៊ីស្រាអែលថា៖ «ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយគោរពប្រតិបត្ដិដល់ទ្រង់»។ (ចោទិយកថា ៦:១៣) រាប់សតវត្សក្រោយពេលនោះ ស្តេចសាឡូម៉ូនសរសេរថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។ (សាស្ដា ១២:១៣) យើងក៏ជំរុញចិត្តមនុស្សទាំងអស់គ្នាឲ្យ«កោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់» តាមរយៈកិច្ចផ្សព្វផ្សាយរបស់យើងក្រោមការត្រួតពិនិត្យរបស់បណ្ដាទេវតា។ (វិវរណៈ ១៤:៦, ៧) បន្ថែមលើការកោតខ្លាចដល់ព្រះយេហូវ៉ានោះ គ្រីស្ទានទាំងឡាយត្រូវស្រឡាញ់ទ្រង់អស់ពីដួងចិត្ត។ (ម៉ាថាយ ២២:៣៧, ៣៨) តើយើងអាចស្រឡាញ់ព្រះនិងកោតខ្លាចដល់ទ្រង់នៅដំណាលគ្នាយ៉ាងដូចម្ដេចបាន? ហេតុដូចម្ដេចបានជាយើងចាំបាច់កោតខ្លាចព្រះមួយអង្គដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ដូច្នេះ? តើអត្ថប្រយោជន៍អ្វីដែលយើងអាចទទួលពីការបណ្ដុះបណ្ដាលឲ្យមានការកោតខ្លាចដល់ព្រះនោះ? ដើម្បីឆ្លើយសំនួរទាំងនេះ យើងត្រូវយល់ថា ការកោតខ្លាចដល់ព្រះមានន័យអ្វី ហើយរបៀបដែលការកោតខ្លាចប្រភេទនេះជាគ្រឹះនៃទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេហូវ៉ា។
ការកោតស្ងើច ការគោរព និងការកោតខ្លាច
៣. តើការកោតខ្លាចដល់ព្រះមានន័យអ្វី?
៣ គ្រីស្ទានទាំងឡាយត្រូវមានចិត្តកោតខ្លាចចំពោះព្រះជាអ្នកបង្កើតគេ។ និយមន័យមួយសំរាប់ការកោតខ្លាចគឺជា«ការកោតស្ងើចនិងការគោរពយ៉ាងជ្រាលជ្រៅចំពោះអ្នកបង្កើត ថែមទាំងខ្លបខ្លាចមិនចង់ធ្វើអ្វីខុសនឹងព្រះហឫទ័យរបស់ទ្រង់»។ ដូច្នេះ ការកោតខ្លាចដល់ព្រះមានអានុភាពទៅលើផ្នែកពីរយ៉ាងក្នុងជីវិតរបស់យើង គឺជា៖ ទស្សនៈរបស់យើងចំពោះព្រះ និងទស្សនៈរបស់យើងចំពោះការប្រព្រឹត្តដែលទ្រង់ស្អប់។ ផ្នែកទាំងពីរនេះទំនងជាត្រូវយកមកពិចារណាឲ្យបានដិតដល់ជាចាំបាច់។ វចនានុក្រមអធិប្បាយពីពាក្យក្នុងសញ្ញាថ្មី និពន្ធដោយលោកវ៉ែន បញ្ជាក់ថា ចំពោះជនគ្រីស្ទាន ការកោតខ្លាចនេះជា‹ឥទ្ធិពលដែលកាន់កាប់ក្នុងចិត្តគេខ្លាំងបំផុតក្នុងជីវិត ទាំងខាងវិញ្ញាណទាំងខាងសីលធម៌ផងដែរ›។
៤. តើយើងអាចបណ្ដុះបណ្ដាលឲ្យមានអារម្មណ៍កោតស្ងើច និងគោរពចំពោះអ្នកបង្កើតយើងយ៉ាងដូចម្ដេច?
៤ តើតាមរបៀបណាដែលយើងអាចបណ្ដុះបណ្ដាលអារម្មណ៍កោតស្ងើចនិងជម្រៅចិត្តគោរពចំពោះអ្នកបង្កើតយើង? យើងកោតស្ងើចពេលយើងសម្លឹងមើលទេសភាពដ៏សែនល្អប្រណីត ទឹកជ្រោះដ៏សែនស្អាត ឬថ្ងៃលិចដ៏ស្អាតអស្ចារ្យ។ យើងរឹតតែមានអារម្មណ៍បែបនេះពេលយើងយល់ដោយជំនឿថា ការបង្កើតទាំងអស់នេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះ។ បន្ថែមទៅទៀត យើងយល់ដូចគ្នានឹងស្តេចដាវីឌត្រង់ថា យើងគឺ តូចតាចមិនសំខាន់សោះ បើប្រៀបទៅនឹងការបង្កើតដ៏គួរឲ្យកោតស្ងើចរបស់ព្រះយេហូវ៉ានោះ។ «កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែ នឹងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ?»។ (ទំនុកដំកើង ៨:៣, ៤) អារម្មណ៍កោតស្ងើចនេះបណ្ដាលឲ្យយើងគោរពទ្រង់ ហើយការគោរពជំរុញចិត្តយើងឲ្យអរព្រះគុណ និងសរសើរដល់ព្រះយេហូវ៉ាដោយព្រោះអ្វីៗដែលទ្រង់ប្រព្រឹត្តដើម្បីយើង។ ស្តេចដាវីឌក៏បានសរសេរថា៖ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ»។—ទំនុកដំកើង ១៣៩:១៤
៥. ហេតុអ្វីបានជាយើងគួរកោតខ្លាចព្រះយេហូវ៉ា? ហើយតើយើងអាចមើលគំរូអ្វីដ៏ប្រសើរនោះ?
៥ ការកោតស្ងើចនិងការគោរពបណ្ដាលឲ្យយើងកោតខ្លាចនិងគោរពនូវមហិទ្ធិឫទ្ធិរបស់ព្រះជាអ្នកបង្កើត និងអំណាចរបស់ទ្រង់ជាអ្នកដែលមានសិទ្ធិគ្រប់គ្រងសកលលោក។ សាវ័កយ៉ូហានឃើញចក្ខុនិមិត្តមួយដែលមាន‹ពួកអ្នកដែលបានឈ្នះសត្វសាហាវ និងរូបវា› គឺថា អ្នកចាក់ប្រេងតាំងដែលកាន់តាមព្រះគ្រីស្ទតាមឋានៈរបស់ពួកគាត់នៅស្ថានសួគ៌នោះ ហើយពួកគាត់ប្រកាសថា៖ «ឱព្រះអម្ចាស់! ជាព្រះដ៏មានព្រះចេស្ដាបំផុតអើយ! ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃអស់ទាំងសាសន៍អើយ! ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ឱព្រះអម្ចាស់អើយ! តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់?»។ (វិវរណៈ ១៥:២-៤) ការកោតខ្លាចដល់ព្រះដែលកើតចេញពីជម្រៅចិត្តគោរពចំពោះភាពមហិមារបស់ទ្រង់នោះ នាំឲ្យអស់អ្នកទាំងនេះដែលគ្រប់គ្រងជាមួយព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រសួគ៌ាលើកកិត្ដិយសចំពោះព្រះជាអ្នកដែលមានអំណាចផ្ដាច់មុខ។ ពេលយើងគិតពិចារណាពីការទាំងអស់ដែលព្រះយេហូវ៉ាបានសម្រេច ថែមទាំងរបៀបសុចរិតដែលទ្រង់គ្រប់គ្រងសកលលោកនោះ យើងក៏មានហេតុសមគួរឲ្យយើងកោតខ្លាចទ្រង់ផងដែរ មែនទេ?—ទំនុកដំកើង ២:១១; យេរេមា ១០:៧
៦. ហេតុអ្វីបានជាយើងគួរខ្លបខ្លាចមិនចង់ធ្វើអ្វីដែលខុសព្រះហឫទ័យរបស់ព្រះយេហូវ៉ា?
៦ ក៏ប៉ុន្តែ ការកោតខ្លាចត្រូវរួមមានការខ្លបខ្លាចមិនចង់ធ្វើអ្វីខុសនឹងព្រះហឫទ័យរបស់ព្រះបន្ថែមលើការកោតស្ងើចនិងការគោរពនោះ។ ហេតុអ្វី? ពីព្រោះទោះបីជាព្រះយេហូវ៉ា‹យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ›យ៉ាងណាក៏ដោយ យើងត្រូវនឹកចាំថា«ទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»។ (និក្ខមនំ ៣៤:៦, ៧) ទោះបីព្រះយេហូវ៉ាប្រកបទៅដោយសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណាក្ដី ទ្រង់មិនប្រណីនិងអំពើទុច្ចរិតនិងការធ្វើអំពើខុសដោយចេតនានោះទេ។ (ទំនុកដំកើង ៥:៤, ៥; ហាបាគុក ១:១៣) អ្នកដែលប្រព្រឹត្តអ្វីៗដោយ ចេតនាដែលព្រះយេហូវ៉ាចាត់ទុកជាទុច្ចរិតហើយគេមិនប្រែចិត្ត ថែមទាំងតាំងខ្លួនប្រឆាំងនឹងទ្រង់ នោះគឺមិនអាចឲ្យរួចពីទោសបានទេ។ សមស្របទៅតាមអ្វីដែលសាវ័កប៉ុលបានសរសេរ៖ «ការដែលធ្លាក់ទៅក្នុងកណ្ដាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់»។ ការខ្លបខ្លាចមិនចង់ធ្លាក់ខ្លួនក្នុងស្ថានភាពបែបនេះ គឺនឹងការពារយើងនៅទីបំផុត។—ហេព្រើរ ១០:៣១
‹អ្នកត្រូវនៅជាប់នឹងទ្រង់›
៧. តើយើងមានហេតុណាខ្លះ ដែលយើងគួរទុកចិត្តទៅលើអំណាចរបស់ព្រះយេហូវ៉ាដើម្បីសង្គ្រោះយើងនោះ?
៧ ការកោតខ្លាចព្រះនិងការយល់ដឹងច្បាស់លាស់អំពីមហិទ្ធិឫទ្ធិដ៏សម្បើមរបស់ទ្រង់ គឺចាំបាច់ដើម្បីមានទំនុកចិត្តនឹងជំនឿស៊ប់ទៅលើទ្រង់។ ដូចជាកូនក្មេងម្នាក់ដែលមានអារម្មណ៍សុខស្រួលដោយសុវត្ថិភាព ពេលបិតារបស់គាត់នៅក្បែរនោះ យើងក៏មានអារម្មណ៍សុខស្រួលដោយសុវត្ថិភាព និងមានទំនុកចិត្តក្រោមព្រះហស្ថរបស់ព្រះយេហូវ៉ាដែលណែនាំយើង។ សូមកត់សម្គាល់នូវប្រតិកម្មរបស់ជនជាតិអ៊ីស្រាអែលក្រោយព្រះយេហូវ៉ាបាននាំគេចេញពីអេស៊ីបមក៖ «[អ៊ីស្រាអែល]ក៏បានឃើញការយ៉ាងធំដែលស្នាដៃនៃព្រះយេហូវ៉ាបានធ្វើដល់សាសន៍អេស៊ីព្ទ នោះគេក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយក៏ជឿដល់ព្រះយេហូវ៉ា»។ (និក្ខមនំ ១៤:៣១) បទពិសោធន៍របស់លោកអេលីសេក៏ជាភស្តុតាងបញ្ជាក់ថា«ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច»។ (ទំនុកដំកើង ៣៤:៧; ពង្សាវតារក្សត្រទី២ ៦:១៥-១៧) ប្រវត្ដិសាស្ត្រនាពេលបច្ចុប្បន្ននេះរបស់រាស្ត្រព្រះយេហូវ៉ា និងបទពិសោធន៍របស់យើងផ្ទាល់ទំនងជាបញ្ជាក់ច្បាស់ថា ព្រះពិតជាប្រើអំណាចរបស់ទ្រង់ដើម្បីប្រយោជន៍ដល់អ្នកដែលបំរើទ្រង់។ (របាក្សត្រទី២ ១៦:៩) ដូច្នេះ យើងយល់ដឹងថា៖ «មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន»។—សុភាសិត ១៤:២៦
៨. (ក) ហេតុដូចម្ដេចបានជាការកោតខ្លាចដល់ព្រះជំរុញចិត្តយើងឲ្យដើរតាមផ្លូវរបស់ទ្រង់? (ខ) សូមពន្យល់ពីរបៀបយើងគួរនៅ«ជាប់»នឹងព្រះយេហូវ៉ា។
៨ ការកោតខ្លាចដល់ព្រះមិនគ្រាន់តែបណ្ដាលឲ្យយើងទុកចិត្តនិងជឿជាក់ទៅលើទ្រង់ប៉ុណ្ណោះទេ តែក៏ជំរុញចិត្តយើងឲ្យដើរតាមផ្លូវរបស់ទ្រង់។ ពេលស្តេចសាឡូម៉ូនធ្វើពិធីសម្ពោធន៍ព្រះវិហារ ទ្រង់បានអធិស្ឋានទូលព្រះយេហូវ៉ាថា៖ «[សូមឲ្យអ៊ីស្រាអែល]កោតខ្លាចដល់ទ្រង់ ប្រយោជន៍ឲ្យបានដើរតាមផ្លូវទ្រង់ នៅអស់១ជីវិតដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកឰយុកោយើងខ្ញុំរាល់គ្នា»។ (របាក្សត្រទី២ ៦:៣១) មុននោះ លោកម៉ូសេដាស់តឿនអ៊ីស្រាអែលថា៖ «ត្រូវឲ្យដើរតាមតែព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយកោតខ្លាចដល់ទ្រង់ ព្រមទាំងកាន់តាមសេចក្ដីបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ក៏ត្រូវគោរពប្រតិបត្ដិដល់ទ្រង់ ហើយនៅជាប់នឹងទ្រង់ផង»។ (ចោទិយកថា ១៣:៤) ដូចជាខទាំងនោះបង្ហាញយ៉ាងច្បាស់ថា សេចក្ដីប៉ងប្រាថ្នាដើរតាមផ្លូវរបស់ព្រះយេហូវ៉ានិងនៅ«ជាប់»នឹងទ្រង់ កើតចេញពីទំនុកចិត្តនិងជំនឿស៊ប់ទៅលើទ្រង់។ ពិតមែនហើយ ការកោតខ្លាចនាំឲ្យយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា បំរើទ្រង់ និងនៅជាប់នឹងទ្រង់ ដូចជាកូនក្មេងម្នាក់កាន់ដៃរបស់បិតាខ្លួនយ៉ាងជាប់ ដោយព្រោះក្មេងនោះទុកចិត្តនិងជឿជាក់ទៅលើបិតា។—ទំនុកដំកើង ៦៣:៨; អេសាយ ៤១:១៣
ការស្រឡាញ់ព្រះឈ្មោះថាកោតខ្លាចដល់ទ្រង់
៩. តើសេចក្ដីស្រឡាញ់ចំពោះព្រះនិងការកោតខ្លាចដល់ព្រះជាប់ទាក់ទងគ្នាយ៉ាងណា?
៩ ដោយគិតពីចំណែងក្នុងបទគម្ពីរនោះ ការកោតខ្លាចដល់ព្រះមិនមានន័យថាយើងមិនអាចស្រឡាញ់ទ្រង់ទេ។ ផ្ទុយទៅវិញ ជនជាតិអ៊ីស្រាអែលបានត្រូវបង្រៀនឲ្យ«កោតខ្លាចដល់ព្រះយេហូវ៉ា . . . នឹងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យស្រឡាញ់ទ្រង់»។ (ចោទិយកថា ១០:១២) ដូច្នេះ ការកោតខ្លាចដល់ព្រះនិងសេចក្ដីស្រឡាញ់ចំពោះទ្រង់គឺជាប់ពាក់ព័ន្ធគ្នា។ ការកោតខ្លាចដល់ព្រះជំរុញចិត្តយើងឲ្យដើរតាមផ្លូវរបស់ទ្រង់ ហើយជាលទ្ធផល នេះបញ្ជាក់ភស្តុតាងពីសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់។ (យ៉ូហានទី១ ៥:៣) នេះគឺសមហេតុសមផលពីព្រោះ ពេលយើងស្រឡាញ់នរណាម្នាក់ យើងខ្លបខ្លាចដោយសមរម្យថែមទាំងមិនចង់បញ្ឈឺចិត្តគាត់ទេ។ ជនជាតិអ៊ីស្រាអែលបានបញ្ឈឺព្រះទ័យរបស់ព្រះយេហូវ៉ាដោយការបះបោរប្រឆាំងនៅទីរហោស្ថាន។ យើងប្រាកដជាមិនចង់ធ្វើអ្វីដែលធ្វើឲ្យព្រះវរបិតាសួគ៌ារបស់យើងព្រួយព្រះទ័យដូច្នោះឡើយ។ (ទំនុកដំកើង ៧៨:៤០, ៤១) ម្យ៉ាងវិញទៀតនោះ បំណាច់តែ«ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នក ដែលកោតខ្លាចទ្រង់»ហើយ នោះទ្រង់មានព្រះទ័យរីករាយពេលយើងស្ដាប់បង្គាប់ទ្រង់និងរក្សាភាពស្មោះត្រង់។ (ទំនុកដំកើង ១៤៧:១១; សុភាសិត ២៧:១១) សេចក្ដីស្រឡាញ់ចំពោះព្រះជំរុញចិត្តយើងឲ្យធ្វើអ្វីដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ និងឃាត់ឃាំងយើងពីការប្រព្រឹត្តណាដែលធ្វើឲ្យទ្រង់ឈឺព្រះទ័យ។ ការកោតខ្លាចនិងសេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិដែលបង្គ្រប់គ្នា មិនមែនផ្ទុយគ្នានោះទេ។
១០. តើព្រះយេស៊ូបង្ហាញថាទ្រង់អរសប្បាយក្នុងការកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១០ ដំណើរជីវិតរបស់ព្រះយេស៊ូគ្រីស្ទសឲ្យឃើញច្បាស់នូវរបៀបយើងអាចស្រឡាញ់ព្រះនិងកោតខ្លាចដល់ទ្រង់នៅដំណាលគ្នានោះ។ ព្យាការីអេសាយបានសរសេរអំពីព្រះយេស៊ូថា៖ «ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ នឹងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា អ្នកនោះនឹង[មានអំណរសប្បាយ]ចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។ (អេសាយ ) យោងទៅតាមបទទំនាយនេះ វិញ្ញាណរបស់ព្រះបានជំរុញព្រះយេស៊ូឲ្យកោតខ្លាចដល់វរបិតាសួគ៌ារបស់ទ្រង់។ បន្ថែមទៅទៀតនោះ យើងកត់សម្គាល់ថា ការកោតខ្លាចនេះបានធ្វើឲ្យទ្រង់មានអំណរ មិនមែនជាបន្ទុកធ្ងន់នោះទេ។ ព្រះយេស៊ូបានអរសប្បាយក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះនិងគាប់ដល់ព្រះហឫទ័យទ្រង់ សូម្បីតែពេលស្ថិតក្នុងកាលៈទេសៈដ៏ពិបាកជាទីបំផុតក៏ដោយ។ ពេលព្រះយេស៊ូប្រឈមមុខនឹងការប្រហារព្រះជន្មទ្រង់ដោយព្យួរនឹងបង្គោលទារុណកម្មនោះ ទ្រង់មានបន្ទូលទៅកាន់ព្រះយេហូវ៉ាថា៖ «កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ»។ ( ១១:២, ៣ម៉ាថាយ ២៦:៣៩) ដោយព្រោះព្រះយេស៊ូកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងនេះ នោះព្រះយេហូវ៉ាបានសណ្ដាប់នូវទំនូលអង្វររបស់ព្រះរាជបុត្រាទ្រង់ បានធ្វើឲ្យទ្រង់មានកម្លាំងចិត្តឡើងវិញ និងបានសង្គ្រោះទ្រង់ពីសេចក្ដីស្លាប់ទៀតផង។—ហេព្រើរ ៥:៧
ការរៀនឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា
១១, ១២. (ក) ហេតុអ្វីបានជាយើងគួររៀនកោតខ្លាចដល់ព្រះ? (ខ) តើព្រះយេស៊ូបង្រៀនឲ្យយើងកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១១ ការកោតខ្លាចគឺទីទៃពីអារម្មណ៍កោតស្ងើចដែលយើងមានស្រាប់ ពេលយើងសម្លឹងមើលថាមពលនិងភាពមហិមានៃធម្មជាតិ ពីព្រោះថា ការកោតខ្លាចដល់ព្រះមិនកើតជាស្វ័យប្រវត្ដិនោះទេ។ ម្ល៉ោះហើយបានជាព្រះយេស៊ូគ្រីស្ទ ដែលជាស្តេចដាវីឌដ៏ឧត្តមជាងនោះ បានអញ្ជើញយើងដោយទាយថា៖ «កូនទាំងឡាយអើយ! ចូរមកស្ដាប់អញចុះ! អញនឹងបង្រៀនឯងរាល់គ្នា ពីសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។ (ទំនុកដំកើង ៣៤:១១) តើព្រះយេស៊ូអាចបង្រៀនយើងឲ្យកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងដូចម្ដេចបាន?
១២ ព្រះយេស៊ូបង្រៀនយើងឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ា ដោយជួយយើងយល់ដឹងពីលក្ខណៈសម្បត្ដិដ៏ប្រសើររបស់ព្រះវរបិតាសួគ៌ារបស់យើង។ (យ៉ូហាន ១:១៨) គំរូរបស់ព្រះយេស៊ូផ្ទាល់បង្ហាញឲ្យឃើញគំនិតរបស់ព្រះនិងរបៀបទ្រង់ប្រព្រឹត្តចំពោះអ្នកដទៃ ដ្បិតព្រះយេស៊ូយកតម្រាប់តាមលក្ខណៈសម្បត្ដិរបស់ព្រះវរបិតាទ្រង់យ៉ាងឥតខ្ចោះ។ (យ៉ូហាន ១៤:៩, ១០) បន្ថែមពីនេះទៀត យើងអាចទូលព្រះយេហូវ៉ាឲ្យអត់ឱនទោសចំពោះបាបរបស់យើង តាមរយៈយញ្ញបូជារបស់ព្រះយេស៊ូ។ ដោយព្រោះព្រះបានបង្ហាញសេចក្ដីមេត្ដាករុណាប្រសើរលើសលែងដូច្នេះ ហេតុនេះឯងគួរជំរុញចិត្តយើងយ៉ាងខ្លាំងឲ្យកោតខ្លាចដល់ទ្រង់។ អ្នកតែងទំនុកដំកើងបានសរសេរថា៖ «ទ្រង់មានព្រះហឫទ័យអត់ទោសវិញ ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់»។—ទំនុកដំកើង ១៣០:៤
១៣. តើសៀវភៅសុភាសិតរៀបរាប់ជំហានអ្វីខ្លះ ដែលជួយយើងកោតខ្លាចដល់ព្រះយេហូវ៉ា?
១៣ សៀវភៅសុភាសិតរ៉ាយរ៉ាប់តាមលំដាប់លំដោយនូវជំហានផ្សេងៗដែលផ្ដល់សមត្ថភាពឲ្យយើងបណ្ដុះបណ្ដាលការកោតខ្លាចដល់ព្រះ។ «កូនអើយ! បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញ ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ អើ! បើឯងស្រែកហៅរកដំរិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ . . . នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ»។ (សុភាសិត ២:១-៥) ដូច្នេះ ដើម្បីកោតខ្លាចដល់ព្រះនោះ យើងត្រូវសិក្សាព្រះបន្ទូលរបស់ទ្រង់ ខំប្រឹងយល់នូវការណែនាំក្នុងនោះ ថែមទាំងស្ដាប់យ៉ាងផ្ចិតផ្ចង់នូវដំបូន្មានក្នុងនោះទៀតផង។
១៤. តើយើងអាចធ្វើតាមដំបូន្មានដែលបានត្រូវជូនចំពោះបណ្ដាស្តេចនៃអ៊ីស្រាអែលយ៉ាងដូចម្ដេច?
១៤ បណ្ដាស្តេចនៅអ៊ីស្រាអែលពីបុរាណនោះ បានត្រូវណែនាំឲ្យចម្លងក្រិត្យវិន័យមួយច្បាប់និង‹អានរាល់តែថ្ងៃជានិច្ច អស់១ជីវិតផង ដើម្បីនឹងទំលាប់ខ្លួន ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ប្រយោជន៍ឲ្យបានកាន់តាមគ្រប់ទាំងសេចក្ដី ដែលនៅក្នុងក្រិត្យវិន័យ›។ (ចោទិយកថា ១៧:១៨, ១៩) ការអាននិងសិក្សាព្រះគម្ពីរគឺសំខាន់ដូចគ្នាដែរសំរាប់យើង បើសិនជាយើងនឹងរៀនកោតខ្លាចដល់ព្រះយេហូវ៉ា។ ពេលយើងអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់យើង នោះយើងបានប្រាជ្ញានិងចំណេះពីព្រះបន្ដិចម្ដងៗ។ យើងចាប់ផ្ដើម«យល់សេចក្ដី កោតខ្លាចដល់ព្រះយេហូវ៉ា»ពីព្រោះយើងមើលឃើញលទ្ធផលល្អៗក្នុងជីវិតរបស់យើង ហើយយើងចាត់ទុកទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាអ្វីដ៏វិសេស។ ថែមទៅទៀតនោះ ដោយជួបជុំជាទៀងទាត់ជាមួយអ្នកជឿគ្នីគ្នា ទាំងចាស់ទាំងក្មេងអាចស្ដាប់នូវអ្វីដែលព្រះបង្រៀន អាចរៀនកោតខ្លាចដល់ព្រះ និងដើរតាមផ្លូវរបស់ទ្រង់។—ចោទិយកថា ៣១:១២
មនុស្សទាំងអស់ដែលកោតខ្លាចដល់ព្រះយេហូវ៉ា នឹងមានសុភមង្គល
១៥. តើការកោតខ្លាចព្រះទាក់ទងនឹងការថ្វាយបង្គំរបស់យើងចំពោះទ្រង់យ៉ាងដូចម្ដេច?
១៥ អាស្រ័យដោយហេតុខាងលើនេះ យើងអាចយល់ឃើញថាការកោតខ្លាចដល់ព្រះគឺជាអារម្មណ៍មួយដ៏ល្អ ដែលយើងគ្រប់គ្នាត្រូវបណ្ដុះបណ្ដាលឲ្យមាននោះ ដ្បិតនោះជាគ្រឹះនៃការថ្វាយបង្គំរបស់យើងចំពោះព្រះយេហូវ៉ា។ ការកោតខ្លាចបណ្ដាលឲ្យយើងទុកចិត្តលើទ្រង់ទាំងស្រុង ដើរតាមផ្លូវរបស់ទ្រង់ និងនៅជាប់នឹងទ្រង់ផងដែរ។ ដូចគ្នានឹងព្រះយេស៊ូនោះ ការកោតខ្លាចដល់ព្រះអាចជំរុញចិត្តយើងឲ្យកាន់ខ្ជាប់តាមការថ្វាយខ្លួនរបស់យើងតាំងពីឥឡូវនេះនិងជារៀងដរាបទៅ។
១៦. ហេតុអ្វីបានជាព្រះយេហូវ៉ាលើកទឹកចិត្តឲ្យយើងកោតខ្លាចទ្រង់?
១៦ ការកោតខ្លាចព្រះមិនដែលក្លាយជាការរន្ធត់ឬមួយក៏ជាបន្ទុកធ្ងន់នោះទេ។ ព្រះគម្ពីរធានាយើងថា៖ «មាន[សុភមង្គល]ហើយអស់អ្នកដែល កោតខ្លាចដល់ព្រះយេហូវ៉ា ជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង់»។ (ទំនុកដំកើង ១២៨:១) ព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យកោតខ្លាចទ្រង់ ពីព្រោះទ្រង់ជ្រាបថា សេចក្ដីនេះនឹងការពារយើង។ យើងអាចកត់សម្គាល់ការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់របស់ទ្រង់ ដោយមើលបន្ទូលទ្រង់ទៅកាន់លោកម៉ូសេថា៖ «បើសិនជា[អ៊ីស្រាអែល]នឹងអភិវឌ្ឍចិត្តរបស់គេឲ្យកោតខ្លាចដល់យើង និងកាន់តាមគ្រប់ទាំងបញ្ញត្ដិរបស់យើងជារៀងដរាបទៅ ប្រយោជន៍ឲ្យគេ នឹងពួកកូនចៅគេបានសប្បាយនៅជារៀងរហូតទៅ!»។—ចោទិយកថា ៥:២៩, ព.ថ.
១៧. (ក) តើយើងបានប្រយោជន៍អ្វីពីការកោតខ្លាចដល់ព្រះ? (ខ) ក្នុងអត្ថបទជាបន្ទាប់ តើយើងនឹងពិចារណាលក្ខណៈអ្វីខ្លះនៃការកោតខ្លាចដល់ព្រះ?
១៧ ស្រដៀងគ្នាដែរ បើសិនជាយើងអភិវឌ្ឍចិត្តរបស់យើងឲ្យកោតខ្លាចព្រះ យើងនឹងបានអត្ថប្រយោជន៍។ តើយើងបានប្រយោជន៍ដូចម្ដេច? ទីមួយគឺថា ចិត្តកោតខ្លាចដល់ព្រះនឹងពេញព្រះហឫទ័យទ្រង់ និងទាញឲ្យយើងចូលទៅជិតទ្រង់។ ស្តេចដាវីឌជ្រាបដោយសារបទពិសោធន៍ផ្ទាល់ខ្លួនថា«ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ក៏នឹងឮពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង»។ (ទំនុកដំកើង ១៤៥:១៩) ទីពីរ ការកោតខ្លាចដល់ព្រះមានប្រយោជន៍ដល់យើង ពីព្រោះនោះនឹងមានឥទ្ធិពលទៅលើទស្សនៈរបស់យើងចំពោះអ្វីដ៏អាក្រក់។ (សុភាសិត ៣:៧) ក្នុងអត្ថបទជាបន្ទាប់ យើងនឹងវិភាគនូវវិធីដែលការកោតខ្លាចការពារយើងពីគ្រោះថ្នាក់ខាងវិញ្ញាណ និងយើងក៏នឹងសើរើនូវគំរូខ្លះៗក្នុងព្រះគម្ពីរស្តីពីបុរសដែលបានកោតខ្លាចដល់ព្រះនិងងាកចេញពីសេចក្ដីអាក្រក់។
[កំណត់សម្គាល់]
a មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្ដីប្រកាសសិទ្ធិសកលរបស់មនុស្សជាតិនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។
តើអ្នកអាចឆ្លើយសំនួរទាំងនេះបានទេ?
• តើការកោតខ្លាចដល់ព្រះមានន័យអ្វី? ហើយតើសេចក្ដីនោះមានអានុភាពយ៉ាងណាមកលើយើង?
• តើការកោតខ្លាចដល់ព្រះនិងការដើរតាមផ្លូវរបស់ព្រះជាប់ទាក់ទងគ្នាយ៉ាងដូចម្ដេច?
• តើតាមរបៀបណាដែលគំរូរបស់ព្រះយេស៊ូបង្ហាញថា ការកោតខ្លាចដល់ព្រះគឺជាប់ទាក់ទងនឹងការស្រឡាញ់ព្រះ?
• តើយើងអាចអភិវឌ្ឍចិត្តរបស់យើងឲ្យកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១១]
បណ្ដាស្តេចសាសន៍អ៊ីស្រាអែលបានត្រូវបញ្ជាឲ្យចម្លង ក្រិត្យវិន័យមួយច្បាប់សំរាប់ខ្លួនហើយទុកអានជារៀងរាល់ថ្ងៃ
[រូបភាពនៅទំព័រ១២]
ការកោតខ្លាចដល់ព្រះយេហូវ៉ានាំឲ្យយើងទុកចិត្តលើទ្រង់ ដូចជាកូនទុកចិត្តលើបិតារបស់ខ្លួន
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៩]
Stars: Photo by Malin, © IAC/RGO 1991