លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីបង្រៀននេះមានប្រយោជន៍

សេចក្ដីបង្រៀននេះមានប្រយោជន៍

សេចក្ដី​បង្រៀន​នេះ​មាន​ប្រយោជន៍

មនុស្ស​ភាគ​ច្រើន​ចាត់​ទុក​សេចក្ដី​បង្រៀន​នេះ​ជា​ពាក្យ​ពេចន៍​របស់​ព្រះ​យេស៊ូ​ដែល​ទាក់​ទង​នឹង​សីលធម៌​រស់​នៅ។ ក៏​ប៉ុន្តែ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ​»។—យ៉ូហាន ៧:១៦

មែន​ហើយ ព្រះ​អាទិទេព​ព្រះ​យេហូវ៉ា ជា​ព្រះ​អង្គ​ដែល​ចាត់​ព្រះ​យេស៊ូ​មក ទ្រង់​ជា​ប្រភព​ពត៌មាន​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​នោះ រួម​ទាំង​ពាក្យ​ពេចន៍​របស់​ទ្រង់​ផង​ដែរ។

កាល​ពី​ដើម​ដំបូង ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​មនុស្ស​លោក​ទាំង​ឡាយ​ប្រព្រឹត្ត​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប​ដែល​គេ​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ទៅ​លើ​ខ្លួន។ តាម​របៀប​ដែល​ទ្រង់​បាន​បង្កើត​គេ​មក ព្រះ​បាន​តាំង​គំរូ​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​មនុស្ស ដោយ​ទ្រង់​«​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី​»។ (​លោកុប្បត្តិ ១:២៧​) នេះ​បាន​សេចក្ដី​ថា ព្រះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ឲ្យ​មនុស្ស​មាន​គុណ​សម្បត្ដិ​ដូច​ទ្រង់ ដើម្បី​ឲ្យ​គេ​អាច​សប្បាយ​ជា​រៀង​រហូត​នឹង​ជីវិត​ដ៏​សុខ​សាន្ត ថែម​ទាំង​មាន​សុភមង្គល និង​ការ​ចុះ​សម្រុង​គ្នា​ផង​ដែរ។ បើ​មនសិការ​ដែល​ព្រះ​ប្រទាន​ឲ្យ​គេ​នោះ​បាន​ត្រូវ​ហ្វឹកហ្វឺន​យ៉ាង​ត្រឹម​ត្រូវ នោះនឹង​នាំ​ផ្លូវ​គេ​ឲ្យ​ប្រព្រឹត្ត​នឹង​អ្នក​ដទៃ​ដូច​ដែល​គេ​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​នឹង​គេ​នោះ​ដែរ។

កាន់​កាប់​ដោយ​ភាព​សួន​តួ

បើ​មនុស្ស​មាន​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ស្ថានភាព​ក្រោយ​ៗ​មក​ខុស​ស្រឡះ​ពី​មុន​ឆ្ងាយ​ម្ល៉េះ? បើ​និយាយ​រួម​ទៅ ដោយ​សារ​មនុស្ស​បាន​ចាប់​ផ្ដើម​បង្ហាញ​ភាព​សួន​តួ។ មនុស្ស​ភាគ​ច្រើន​ស្គាល់​នូវ​កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ ស្តី​អំពី​អ្វី​ដែល​ស្វាមី​ភរិយា​ដំបូង​នោះ​បាន​ធ្វើ ដូច​ដែល​បាន​កត់​ទុក​នៅ​លោកុប្បត្តិ​ជំពូក​ទី​៣។ សាតាំង​ដែល​ជា​អ្នក​ប្រឆាំង​នឹង​ខ្នាត​តម្រា​សុចរិត​ទាំង​ឡាយ​របស់​ព្រះ បាន​ជំរុញ​ចិត្ត​អ័ដាម​និង​អេវ៉ា​ឲ្យ​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ​យ៉ាង​អាត្មា​និយម ដោយ​សារ​អ្នក​ទាំង​ពីរ​ចង់​បាន​ភាព​ម្ចាស់​ការ​និង​ចង់​បាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ការ​បះ​បោរ​ដោយ​ចិត្ត​សួន​តួ​នោះ បាន​នាំ​ឲ្យ​គេ​បង់​ប្រយោជន៍​យ៉ាង​ច្រើន ព្រម​ទាំង​មាន​លទ្ធផល​គួរ​ឲ្យ​ខ្លោច​ផ្សា​សំរាប់​កូន​ចៅ​របស់​គេ​នៅ​ពេល​អនាគត​ផង​ដែរ។ ការ​រង​ទុក្ខ​នោះ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​លាស់​នូវ​ផល​វិបាក​ដែល​មក​ពី​ការ​មិន​អើពើ​នឹង​សេចក្ដី​បង្រៀន​នេះ។ ជា​លទ្ធផល​នោះ ​«​បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយ​សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ​»។—រ៉ូម ៥:១២

ទោះ​ជា​មនុស្សជាតិ​បាន​បោះ​បង់​ចោល​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ក៏​ដោយ តែ​ទ្រង់​មិន​ដែល​បោះ​បង់​ចោល​ពួក​គេ​នោះ​ទេ។ ជាក់​ស្តែង ទ្រង់​បាន​ប្រទាន​ក្រិត្យ​វិន័យ​របស់​ទ្រង់​ឲ្យ​សាសន៍​អ៊ីស្រាអែល ដើម្បី​នាំ​ផ្លូវ​គេ។ ក្រិត្យ​វិន័យ​នោះ​បាន​បង្រៀន​សាសន៍​អ៊ីស្រាអែល​ឲ្យ​ប្រព្រឹត្ត​លើ​អ្នក​ដទៃ ដូច​ដែល​គេ​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ទៅ​លើ​គេ​ដែរ។ ក្រិត្យ​វិន័យ​នោះ​បាន​ផ្ដល់​ពាក្យ​ណែនាំ​អំពី​របៀប​ប្រព្រឹត្ត​ទៅ​លើ​ទាសករ ក្មេង​ប្រុស​ៗ​ដែល​កំព្រា​ឪពុក និង​ស្រី​មេម៉ាយ​ដែរ។ ក្រិត្យ​វិន័យ​នោះ​បាន​រៀប​រាប់​អំពី​របៀប​ដោះ​ស្រាយ​រឿង​វាយ​ដំ​គ្នា ការ​ចាប់​ជំរិត និង​ការ​លួច​ប្លន់។ ច្បាប់​ខាង​អនាម័យ​បាន​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខាង​សុខុមាលភាព​របស់​អ្នក​ដទៃ។ គឺ​មាន​ច្បាប់​អំពី​រឿង​ខាង​កាម​ផង​ដែរ។ ព្រះ​យេហូវ៉ា​បាន​សង្ខេប​ក្រិត្យ​វិន័យ​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ប្រាប់​បណ្ដា​ជន​ថា​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង› នេះ​ជា​សេចក្ដី​ដែល​ព្រះ​យេស៊ូ​បាន​ដក​ស្រង់​នៅ​ក្រោយ​ៗ​មក។ (​លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៩, ៤០​) ក្រិត្យ​វិន័យ​នោះ​ក៏​មាន​ក្រិត្យ​ក្រម​អំពី​របៀប​ប្រព្រឹត្ត​លើ​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយប្រជាជន​អ៊ីស្រាអែល។ ក្រិត្យ​វិន័យ​នោះ​បាន​បង្គាប់​ថា​៖ ​«​កុំ​ឲ្យ​សង្កត់​សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដោយ​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ ជា​អ្នក​ប្រទេស​ក្រៅ​ដែរ​»។ សរុប​មក ប្រជាជន​អ៊ីស្រាអែល​ត្រូវ​បង្ហាញ​ការ​យល់​ចិត្ត​ចំពោះ​អស់​អ្នក​ដែល​ខ្វះ​ខាត។—និក្ខមនំ ២៣:៩; លេវីវិន័យ ១៩:៣៤; ចោទិយកថា ១០:១៩

ដរាប​ណា​ដែល​សាសន៍​អ៊ីស្រាអែល​កាន់​តាម​ក្រិត្យ​វិន័យ​នោះ ព្រះ​យេហូវ៉ា​តែង​ប្រទាន​ពរ​ឲ្យ​គេ។ ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​ដាវីឌ​និង​សាឡូម៉ូន​នោះ សាសន៍​អ៊ីស្រាអែល​បាន​រីក​ចំរើន​ឡើង ហើយ​ប្រជាជន​មាន​សុភមង្គល​និង​ចិត្ត​ស្កប់​ស្កល់​ទៀត​ផង។ កំណត់​ហេតុ​ខាង​ប្រវត្ដិសាស្ត្រ​បាន​ចែង​ប្រាប់​យើង​ថា​៖ ​«​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង​តែ​បរិភោគ ហើយ​លេង​សប្បាយ។ ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​នៅ​ដោយ​សុខសាន្តត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ទ្រើង​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន​»។—ពង្សាវតារ​ក្សត្រ​ទី​១ ៤:២០, ២៥

គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​សាសន៍​នេះ​មិន​បាន​មាន​សន្ដិភាព​និង​សន្ដិសុខ​យូរ​ប៉ុន្មាន​ទេ។ ថ្វី​បើ​គេ​មាន​ក្រិត្យ​វិន័យ​ពី​ព្រះ​ក៏​ដោយ សាសន៍​អ៊ីស្រាអែល​មិន​បាន​កាន់​តាម​ក្រិត្យ​វិន័យ​នោះ​ទេ គេ​ក៏​បាន​អនុញ្ញាត​ឲ្យ​ភាព​សួន​តួ​ធ្វើ​ឲ្យ​គេ​ឈប់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ។ ចិត្ត​គំនិត​បែប​នេះ​រួម​ទាំង​ការ​ក្បត់​ជំនឿ បាន​បណ្ដាល​ឲ្យ​គេ​ម្នាក់​ៗ​រង​ទុក្ខ​រួម​ទាំង​សាសន៍​ទាំង​មូល​ផង​ដែរ។ នៅ​ទី​បំផុត នៅ​ឆ្នាំ​៦០៧ ម.​ស.យ. ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​សាសន៍​បាប៊ីឡូន​មក​បំផ្លាញ​ព្រះ​រាជាណាចក្រ​យូដា ទី​ក្រុង​យេរូសាឡិម​និង​វិហារ​ដ៏​ល្អ​ប្រណីត​ចោល។ ដោយ​ហេតុ​អ្វី? ​«​‹ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្ដាប់​តាម​ពាក្យ​អញ នោះ​មើល! អញ​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង នឹង​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក› ព្រះ​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា​៖ ‹អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ នឹង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​ផង អញ​នឹង​បំផ្លាញ​ពួក​ស្រុក​នេះ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំងកាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស​ស៊ូ​ស​ឲ្យ ហើយ​ជា​ទី​ខូច​បង់​នៅ​អស់​កល្ប​ជា​និច្ច›​»។ (​យេរេមា ២៥:៨, ៩​) គេ​បាន​បង់​ប្រយោជន៍​យ៉ាង​ច្រើន​ណាស់​ហ្ន៎! ដោយ​ព្រោះ​គេ​លះ​ចោល​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។

គំរូ​មួយ​ឲ្យ​យើង​យក​តម្រាប់​តាម

ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បាន​បង្រៀន​ដូច្នោះ​ទេ តែ​អង្គ​ទ្រង់​ផ្ទាល់​ក៏​បាន​តាំង​គំរូ​ដ៏​ប្រសើរ​បំផុត​ដោយ​ធ្វើ​តាម​នោះ។ ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ស្មោះ ចំពោះ​សុខ​ទុក្ខ​អ្នក​ដទៃ។ (​ម៉ាថាយ ៩:៣៦; ១៤:១៤; លូកា ៥:១២, ១៣​) នៅ​ក្បែរ​ទី​ក្រុង​ណាអ៊ីន មាន​ពេល​មួយ​ព្រះ​យេស៊ូ​បាន​ទត​ឃើញ​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​សោក​សៅ​ជា​ខ្លាំង កំពុង​តែ​ហែ​ខ្មោច​កូន​ប្រុស​តែ​មួយ​របស់​គាត់។ កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​រៀប​រាប់​ថា​៖ ​«​កាល​ព្រះ​អម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​អាសូរ​ដល់​គាត់​ណាស់​»។ (​លូកា ៧:១១​-​១៥​) យោង​ទៅ​តាម​វចនានុក្រម​ពាក្យ​សញ្ញា​ចាស់​សញ្ញា​ថ្មី របស់​លោក​វ៉ែន ប្រយោគ​ដែល​ថា ​«​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​អាសូរ​»​ បាន​សេចក្ដី​ថា ​«​មាន​ចិត្ត​រំជើប​រំជួល​ពេញ​ក្នុង​ខ្លួន​យើង​»។ ទ្រង់​យោគ​យល់​នឹង​ចិត្ត​សង្រេង​របស់​គាត់ ហើយ​ព្រះ​ទ័យ​ទ្រង់​បាន​ជំរុញ​ឲ្យ​ទ្រង់​ជួយ​រំលែក​ទុក្ខ​គាត់។ ដោយ​ការ​ប្រោស​ក្មេង​ប្រុស​នោះ​ឲ្យ​រស់​ឡើង​វិញ​និង​«​ប្រគល់​ដល់​ម្ដាយ​»​ នោះ​ព្រះ​យេស៊ូ​ពិត​ជា​នាំ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ត្រេក​អរ​យ៉ាង​ណា​ទៅ​ហ្ន៎!

ដល់​ទី​បំផុត ព្រះ​យេស៊ូ​បាន​សព្វ​ព្រះ​ហឫទ័យ​រង​ទុក្ខ ព្រម​ទាំង​សុខ​ចិត្ត​ប្រទាន​ព្រះ​ជន្ម​ទ្រង់​ជា​តម្លៃ​លោះ​ដើម្បី​ធ្វើ​អ្វី​ដែល​សម​ស្រប​ទៅ​តាម​គោល​បំណង​របស់​ព្រះ ក្នុង​ការ​រំដោះ​មនុស្ស​យើង​ចេញ​ពី​ទាសភាព​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់។ ការ​ធ្វើ​ដូច​នេះ​ជា​គំរូ​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​រស់​នៅ​ឲ្យ​ស្រប​ទៅ​តាម​សេចក្ដី​បង្រៀន​នេះ។—ម៉ាថាយ ២០:២៨; យ៉ូហាន ១៥:១៣; ហេព្រើរ ៤:១៥

មនុស្ស​ដែល​អនុវត្ត​តាម​សេចក្ដី​បង្រៀន​នេះ

តើ​មាន​មនុស្ស​ខ្លះ​នា​បច្ចុប្បន្ន​នេះ​ដែល​ពិត​ជា​រស់​នៅ​ស្រប​តាម​សេចក្ដី​បង្រៀន​នោះ​ឬ​ទេ? ពិត​ជា​មាន​មែន! ហើយ​នេះ​មិន​គ្រាន់​តែ​នៅ​ពេល​ដែល​ស្រួល​ធ្វើ​តាម​នោះ​ទេ។ ជាក់​ស្តែង​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​២ គឺ​នៅ​ប្រទេស​អាល្លឺម៉ង់​ក្រោម​ការ​កាន់​កាប់​របស់​ពួក​ណាត្ស៊ី នោះ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​រក្សា​ជំនឿ​របស់​គេ​ទៅ​លើ​ព្រះ ថែម​ទាំង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង និង​មិន​ព្រម​ឈប់​អនុវត្ត​តាម​សេចក្ដី​បង្រៀន​នេះ​ទេ។ សូម្បី​តែ​រដ្ឋាភិបាល​បង្ខំ​ឲ្យ​ប្រជាជន​មាន​ការ​រើស​អើង​និង​ស្អប់​ជនជាតិ​យូដា​ក៏​ដោយ នោះ​ស្មរ​បន្ទាល់​នៅ​តែ​បន្ត​អនុវត្ត​តាម​ដដែល។ ថ្វី​បើ​ស្មរ​បន្ទាល់​មិន​សូវ​មាន​ម្ហូប​គ្រប់​គ្រាន់​ពេល​ស្ថិត​នៅ​ក្នុង​ជំរំ​ឃុំ​ឃាំង​នោះ ក៏​ពួក​គេ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​គ្នី​គ្នា ដោយ​ចែក​អាហារ​ឲ្យ​មនុស្ស​អត់​ឃ្លាន មិន​ថា​ជនជាតិ​យូដា​ឬ​ក៏​ជន​ជាតិ​ផ្សេង​ទេ។ ម្យ៉ាង​ទៀត ទោះ​ជា​រដ្ឋាភិបាល​បង្ខំ​ពួក​គេ​ឲ្យ​កាន់​កាំភ្លើង​សម្លាប់​អ្នក​ដទៃ​ក៏​ដោយ នោះ​ពួក​គេ​ក៏​មិន​ព្រម​ធ្វើ​តាម ក៏​ដូច​ជា​ពួក​គេ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​មក​សម្លាប់​ខ្លួន​គេ​ដែរ។ តើ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ឲ្យ​គេ​សម្លាប់​មនុស្ស​ដែល​គេ​ស្រឡាញ់​ដូច​ខ្លួន​ឯង​បាន? ដោយ​ព្រោះ​គេ​បដិសេធ​មិន​ព្រម​កាន់​កាំភ្លើង នោះ​ស្មរ​បន្ទាល់​ជា​ច្រើន​នាក់​បាន​ត្រូវ​គេ​ជញ្ជូន​ទៅ​ក្នុង​ទី​ឃុំ​ឃាំង ហើយ​មាន​មនុស្ស​យ៉ាង​ច្រើន​បាន​ស្លាប់។—ម៉ាថាយ ៥:៤៣​-​៤៨

ពេល​លោក​អ្នក​អាន​អត្ថបទ​នេះ អ្នក​ក៏​ទទួល​ប្រយោជន៍​ថែម​ទៀត​ពីការ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​នេះ។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​រង​ទុក្ខ​ផង អស់​សង្ឃឹម​ផង ថែម​ទាំង​គ្មាន​ជំនួយ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ស្មរ​បន្ទាល់​ម្នាក់​ៗ​ស្ម័គ្រ​ចិត្ត ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​ព្រះ​គម្ពីរ​ដែល​ផ្ដល់​ឲ្យ​សេចក្ដី​សង្ឃឹម​និង​ការ​ណែនាំ​ដ៏​មាន​ប្រយោជន៍​ទៀត​ផង។ នេះ​ជា​ការ​អប់រំ​ពេញ​ពិភព​លោក​ដែល​កំពុង​តែ​សម្រេច​ឡើង​ធំ​ជាង​មុន​ទៅ​ទៀត។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ដូច​បាន​ទាយ​ទុក​នៅ​អេសាយ ២:២​-​៤ ​«​ប្រជាជាតិ​ជា​ច្រើន​»​ ដែល​តាម​ការ​ពិត​មាន​ជាង​ប្រាំ​មួយ​លាន​នាក់​ទូទាំង​ផែនដី បាន​ទទួល‹ការ​បង្រៀន​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា និង​ដើរ​តាម​ផ្លូវ​របស់​ទ្រង់›។ បើ​និយាយ​ជា​អត្ថបដិរូប​វិញ គេ​ក៏​បាន​រៀន​«​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ​»។ គេ​បាន​រក​ឃើញ​សន្ដិភាព​និង​សន្ដិសុខ​ក្នុង​គ្រា​ដ៏​ច្របូក​ច្របល់​នេះ។

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​លោក​អ្នក?

សូម​គិត​បន្ដិច​សិន អំពី​ការ​រង​ទុក្ខ​និង​ការ​ឈឺ​ចាប់​ដែល​មនុស្សជាតិ​មាន មក​ពី​ការ​មិន​អើពើ​នឹង​សេចក្ដី​បង្រៀន​នេះ តាំង​តែ​ពី​ពេល​អារក្ស​សាតាំង​ញុះញង់​ឲ្យ​មាន​ការ​បះ​បោរ​នៅ​ស្រុក​អេដែន​មក​ម្ល៉េះ។ នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ព្រះ​ហឫទ័យ​ចង់​ផ្លាស់​ប្រែ​ស្ថានភាព​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​មែន។ តើ​តាម​របៀប​ណា? ​«​ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ​»។ (​យ៉ូហាន​ទី​១ ៣:៨​) នេះ​ត្រូវ​សម្រេច​ឡើង​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​កាន់​កាប់ ជា​បុគ្គល​ដែល​មាន​សមត្ថភាព​និង​ប្រាជ្ញា ក៏​ជា​អ្នក​បង្រៀន​ពាក្យ​ពេចន៍​នោះ ហើយ​បាន​រស់​នៅ​សម​ស្រប​ទៅ​តាម​ដែរ។—ទំនុក​ដំកើង ៣៧:៩​-​១១; ដានីយ៉ែល ២:៤៤

នៅ​ស្រុក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ស្តេច​ដាវីឌ​បាន​សង្កេត​ឃើញ​ថា​៖ ​«​យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ​បង់​ចោល ឬ​ពូជ​ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ។ គេ​រមែង[​រក​ប្រយោជន៍​អ្នក​ដទៃ, ព.ថ.​]ជា​ដរាប​រាល់​ថ្ងៃ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ហើយ​ពូជ​ពង្ស​គេ​បាន​ពរ​ដែរ​»។ (​ទំនុក​ដំកើង ៣៧:២៥, ២៦​) តើ​អ្នក​ឯកភាព​ថា មនុស្ស​ភាគ​ច្រើន​សព្វ​ថ្ងៃ​កំពុង​តែ​ប្រមូល​និង​ស្រវា​យក​ជា​ជាង‹រក​ប្រយោជន៍​អ្នក​ដទៃ​និង​ឲ្យ​គេ​ខ្ចី›ទេ? ការ​ធ្វើ​តាម​ពាក្យ​ពេចន៍​របស់​ព្រះ​យេស៊ូ​ច្បាស់​ជា​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​និង​សន្ដិសុខ​ពិត​បាន ពីព្រោះ​សេចក្ដី​បង្រៀន​នេះ​នាំ​មនុស្ស​ឲ្យ​បាន​ព​រនាប​ច្ចុ​ប្ប​ន្ន​នេះ​និង​នៅ​ពេល​អនាគត​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ដក​នូវ​ភាព​សួន​តួ និង​អំពើ​អាក្រក់​ជួរ​ជាតិ​គ្រប់​បែប​យ៉ាង​ចេញ​ពី​ផែនដី​នេះ និង​រៀបចំ​ឲ្យ​មាន​របប​ថ្មី​របស់​ព្រះ​ជំនួស​របប​ពុក​រលួយ​របស់​មនុស្ស​វិញ។ នៅ​ពេល​នោះ មនុស្ស​លោក​ទាំង​ឡាយ​និង​រស់​នៅ​ដោយ​សប្បាយ​ក្នុង​ការ​កាន់​តាម​សេចក្ដី​បង្រៀន​នេះ។—ទំនុក​ដំកើង ២៩:១១; ពេត្រុស​ទី​២ ៣:១៣

[​រូប​ភាព​នៅ​ទំព័រ​៥​]

ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បាន​បង្រៀន​ប៉ុណ្ណោះ​ទេ តែ​បាន​តាំង​គំរូ​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​អនុវត្ត​តាម​ពាក្យ​ពេចន៍​របស់​ទ្រង់

[​រូប​ភាព​នៅ​ទំព័រ​៧​]

ការ​ធ្វើ​តាម​ពាក្យ​ពេចន៍ របស់​ព្រះ​យេស៊ូ អាច​នាំ​ឲ្យ​មាន សន្ដិភាព​និង​សន្ដិសុខ​ពិត