លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីបង្រៀនសកលមួយដែលមានជាទូទៅ

សេចក្ដីបង្រៀនសកលមួយដែលមានជាទូទៅ

សេចក្ដី​បង្រៀន​សកល​មួយ​ដែល​មាន​ជា​ទូទៅ

​«​ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ​»។—ម៉ាថាយ ៧:១២

ពាក្យ​ពេចន៍​នេះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ជិត​ពីរ​ពាន់​ឆ្នាំ​ទៅ​ហើយ ក្នុង​ធម្មទាន​ដ៏​ល្បី​ល្បាញ​របស់​ទ្រង់​នៅ​លើ​ភ្នំ។ បន្ទូល​ខាង​លើ​នេះ​ងាយ​ស្រួល​យល់ ហើយ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​សតវត្ស​បន្ទាប់​មក មនុស្ស​បាន​និយាយ​និង​រៀប​រាប់​អំពី​បន្ទូល​នោះ​ទូទៅ។ ពាក្យ​បន្ទូល​នោះ​បាន​ត្រូវ​គេ​លើក​ដំកើង​ថា ជា ​«​ខ្លឹម​សារ​នៃ​បទ​គម្ពីរ​ទាំង​ឡាយ​»​ ​«​ជា​ការ​សរុប​នូវ​កាតព្វកិច្ច​នៃ​គ្រីស្ទ​បរិស័ទ​ចំពោះ​អ្នក​ជិត​ខាង​»​ និង​ជា​«​គោល​ការណ៍​បឋម​ខាង​សីលធម៌​»។ ពាក្យ​បន្ទូល​នោះ​គេ​និយម​ស្គាល់​ជា​ពាក្យ​ពេចន៍​របស់​ព្រះ​យេស៊ូ។

ក៏​ប៉ុន្តែ មិន​មាន​គំនិត​បែប​នេះ​ក្នុង​ពិភព​លោក​ដែល​កាន់​សាសនា​គ្រីស្ទ​ប៉ុណ្ណោះ​ទេ។ សាសនា​យូដា សាសនា​ព្រះ​ពុទ្ធ និង​ទស្សនៈ​វិជ្ជា​របស់​សាសន៍​ក្រិច ក៏​បាន​លើក​បញ្ជាក់​ពី​គោល​ការណ៍​បឋម​ខាង​សីលធម៌​នេះ​ដែរ តែ​តាម​បែប​បទ​ផ្សេង​ៗ។ មនុស្ស​ជន​ជាតិ​អាស៊ី​ស្គាល់​ច្បាស់​ជាង​គេ នូវ​សេចក្ដី​បង្រៀន​របស់​លោក​ខុងជឺ ជា​អ្នក​ដែល​គេ​គោរព​ជា​បណ្ឌិត និង​ជា​លោក​គ្រូ​ដ៏​ឧត្តម។ ក្នុង​សៀវភៅ​អាណា​ឡែក ដែល​ជា​សៀវភៅ​ទី​បី​ក្នុង​ចំណោម​សៀវភៅ​បួន​ក្បាល​របស់​ខុងជឺ យើង​ឃើញ​គំនិត​នោះ​បាន​ត្រូវ​បញ្ជាក់​បី​ដង។ ពីរ​ដង​លោក​ខុងជឺ​ឆ្លើយ​សំនួរ​របស់​សិស្សានុសិស្ស​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ដែល​អ្នក​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​នឹង​អ្នក នោះ​កុំ​ប្រព្រឹត្ត​ទៅ​លើ​គេ​»។ មាន​ពេល​មួយ​ទៀត​ដែល​សិស្ស​ម្នាក់​របស់​គាត់ ឈ្មោះ​ហ្សា​កូ​ង បាន​អួត​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​នឹង​ខ្ញុំ ខ្ញុំ​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដែរ​»។ លោក​គ្រូ​បាន​មាន​ប្រសាសន៍​តប​ដោយ​ពាក្យ​ស្រគត់ស្រគំ​ថា​៖ ​«​មែន​ហើយ! តែ​អ្នក​មិន​ទាន់​មាន​សមត្ថភាព​ធ្វើ​ដូច​នោះ​ទេ​»។

ពេល​អាន​ពាក្យ​ទាំង​នេះ យើង​អាច​ឃើញ​ថា ក្រោយ​ៗ​មក​ទៀត​ព្រះ​យេស៊ូ​មាន​បន្ទូល​ស្រដៀង​នឹង​អ្វី​ដែល​ខុងជឺ​ថ្លែង​ប្រាប់​នោះ​តែ​សេចក្ដី​ដែល​ខុងជឺ​ថ្លែង​ប្រាប់​ជា​អ្វី​ដែល​ហាម​មនុស្ស​កុំ​ឲ្យ​ប្រព្រឹត្ត​ប៉ុណ្ណោះ។ ភាព​ខុស​គ្នា​ស្រឡះ​គឺ​ថា ពាក្យ​ពេចន៍​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នោះ តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ទៅ​លើ​អ្នក​ដទៃ។ ចុះ​យ៉ាង​ណា​បើ​មនុស្ស​គ្រប់​រូប​អាច​អនុវត្ត​តាម​បន្ទូល​ដ៏​ល្អ​នោះ​របស់​ព្រះ​យេស៊ូ ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត ទាំង​ចាត់​វិធានការ​ជួយ​អ្នក​ដទៃ និង​រស់​នៅ​សម​ស្រប​ទៅ​តាម​ពាក្យ​ពេចន៍​នេះ​ប្រចាំ​ថ្ងៃ? តើ​អ្នក​គិត​ថា នេះ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​នា​បច្ចុប្បន្ន​បាន​ប្រសើរ​ជាង​ទេ? ពិត​ជា​អាច​មែន!

មិន​ថា​ពាក្យ​ពេចន៍​នេះ​ត្រូវ​ថ្លែង​ជា​របៀប​ហាម​មនុស្ស​កុំ​ឲ្យ​ប្រព្រឹត្ត ឬ​តាម​បែប​ជំរុញ​ឲ្យ​ប្រព្រឹត្ត ឬ​ក៏​តាម​របៀប​ណា​ទៀត​ក៏​ដោយ​នោះ អ្វី​ដែល​យើង​គួរ​កត់​សម្គាល់​គឺ​ថា សូម្បី​តែ​មនុស្ស​នៅ​ជំនាន់​ខុស​គ្នា នៅ​កន្លែង​ខុស​គ្នា ទាំង​មាន​ប្រវត្ដិ​ខុស​ស្រឡះ​ពី​គ្នា​យ៉ាង​ណា​ក្ដី ក៏​គេ​នៅ​តែ​ជឿ​លើ​គំនិត​បែប​នេះ​ដែរ។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ធម្មទាន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ ជា​សេចក្ដី​បង្រៀន​ដែល​មាន​ពេញ​ពាស​លើ​ពិភព​លោក ហើយ​មាន​អានុភាព​លើ​ជីវិត​មនុស្ស​ទូទៅ មិន​ថា​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ។

សូម​ដណ្ដឹង​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដទៃ​គោរព​សិទ្ធិ​ខ្ញុំ​ហើយ​ប្រព្រឹត្ត​ឲ្យ​សម​គួរ និង​ទៀង​ត្រង់​ទៅ​លើ​រូប​ខ្ញុំ​ទេ? តើ​ខ្ញុំ​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​គ្មាន​ការ​ប្រកាន់​ពូជ​សាសន៍ បទ​ឧក្រិដ្ឋ​និង​សង្គ្រាម​ទេ? តើ​ខ្ញុំ​មាន​ចិត្ត​ចង់​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​គ្រប់គ្នា​ចេះ​គិត​ពី​អារម្មណ៍​អ្នក​ឯ​ទៀត​និង​ប្រយោជន៍​របស់​ពួក​គេ​ឬ​ទេ?›។ តាម​ការ​ពិត តើ​មាន​អ្នក​ណា​ម្នាក់​បដិសេធ​មិន​ចង់​បាន​ឬ​ទេ? តែ​ហេតុ​ការណ៍​ដ៏​ពិត​គឺ​គួរ​ឲ្យ​សោក​ស្ដាយ​មែន​ដែល​ថា មាន​មនុស្ស​តិច​ណាស់​ដែល​ធ្លាប់​ពិសោធ​ស្ថានភាព​បែប​នេះ។ មនុស្ស​ភាគ​ច្រើន មិន​ទាំង​ហ៊ាន​សង្ឃឹម​ទៅ​ទៀត​ផង ថា​គេ​អាច​មាន​ស្ថានភាព​បែប​នេះ​បាន។

ការ​មិន​អើពើ​ចំពោះ​ពាក្យ​ពេចន៍​របស់​ព្រះ​យេស៊ូ

ក្នុង​ប្រវត្ដិ​សាស្ត្រ​មនុស្ស​រហូត​មក​ដល់​ពេល​នេះ មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​ជា​ការ​ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស។ ក្នុង​នោះ​ក៏​មាន​ការ​ចាប់​ធ្វើ​បាប​មនុស្ស​នៅ​ទ្វីប​អាហ្វ្រិក​ឲ្យ​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​ដាច់​ថ្លៃ នៅ​ជំរំ​ឃាតកម្ម​របស់​ពួក​ណាត្ស៊ី ការ​បង្ខំ​ឲ្យ​កុមារ​ធ្វើ​ជា​កម្មករ និង​ការ​ប្រល័យ​ពូជ​សាសន៍​យ៉ាង​ឃោរ​ឃៅ​នៅ​កន្លែង​ជា​ច្រើន។ ការ​រៀប​រាប់​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ទាំង​នេះ អាច​មាន​ជា​បន្ត​ថែម​ទៀត​ផង​ដែរ។

សព្វ​ថ្ងៃ​នេះ ពិភព​លោក​ដែល​មាន​បច្ចេកវិជ្ជា​ទំនើប​ៗ​ប្រកប​ទៅ​ដោយ​ភាព​អាត្មា​និយម។ មិន​សូវ​មាន​មនុស្ស​ដែល​គិត​អំពី​ប្រយោជន៍​អ្នក​ដទៃ​ប៉ុន្មាន​ទេ បើ​នោះ​ប៉ះ​ពាល់​ទៅ​លើ​ភាព​សុខ​ស្រួល​របស់​ខ្លួន​គេ​ផ្ទាល់ ឬ​លើ​អ្វី​ដែល​គេ​ចាត់​ទុក​ជា​សិទ្ធិ​របស់​ខ្លួន​នោះ។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ក្លាយ​ជា​មនុស្ស​សួន​តួ កាច​សាហាវ គ្មាន​អារម្មណ៍​យោគ​យល់ និង​ប្រកប​ទៅ​ដោយ​ភាព​អាត្មា​និយម​ដូច្នេះ? ទោះ​ជា​មនុស្ស​ស្គាល់​ពាក្យ​ពេចន៍​ទាំង​នេះ​ជា​ទូទៅ​ក៏​ដោយ តើ​អ្នក​មិន​ឯកភាព​ទេ​ឬ ថាមូល​ហេតុ​គឺ​មក​ពី​មនុស្ស​បោះ​បង់​ចោល​ពាក្យ​ពេចន៍​នេះ​ដោយ​ចាត់​ទុក​នោះ​ជា​អ្វី​ដែល​គ្មាន​ប្រយោជន៍ និង​ជា​សីលធម៌​ពី​សម័យ​បុរាណ​នោះ? គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​ឥឡូវ​ពិត​ជា​មាន​ដូច្នេះ​មែន សូម្បី​តែ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា គេ​ជឿ​ទៅ​លើ​ព្រះ​ក៏​ដោយ។ ដោយ​ស្មាន​មើល​ទំនោរ​ចិត្ត​មនុស្ស​ផង​ដែរ នោះ​ស​ឲ្យ​ឃើញ​ថា មនុស្ស​នឹង​ទៅ​ជា​អាត្មា​និយម​កាន់​តែ​ច្រើន​ឡើង​ៗ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ពិចារណា​សំនួរ​ដ៏​សំខាន់​ដែល​ថា​៖ តើ​ការ​រស់​នៅ​សម​ស្រប​ទៅ​តាម​ពាក្យ​ពេចន៍​របស់​ព្រះ​យេស៊ូ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ? តើ​មាន​អ្នក​ណា​ខ្លះ​នៅ​តែ​អនុវត្ត​តាម​ពាក្យ​ពេចន៍​នេះ​នៅ​ឡើយ​ទេ? ហើយ​តើ​នឹង​មាន​ពេល​មួយ​ដែល​មនុស្ស​លោក​ទាំង​ឡាយ​នឹង​រស់​ឲ្យ​បាន​ស្រប​តាម​ពាក្យ​ពេចន៍​នេះ​ឬ​ទេ? ដើម្បី​រក​ចម្លើយ​ពិត​សំរាប់​សំនួរ​ទាំង​នេះ សូម​អាន​អត្ថបទ​ជា​បន្ទាប់។

[​រូប​ភាព​នៅ​ទំព័រ​៣​]

លោក​ខុងជឺ​និង​អ្នក​ឯ​ទៀត បាន​បង្រៀន​សេចក្ដី​ដែល ស្រដៀង​គ្នា​ដែរ​នឹង​ពាក្យ ពេចន៍​របស់​ព្រះ​យេស៊ូ