លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំនួរពីអ្នកអាន

សំនួរពីអ្នកអាន

សំនួរ​ពី​អ្នក​អាន

តើ​ពាក្យ​ណែនាំ​ពី​ព្រះ​ដែល​កត់​ទុក​នៅ​យេរេមា ៧:១៦មាន​ន័យ​ថា បណ្ដា​គ្រីស្ទាន​មិន​ត្រូវ​អធិស្ឋាន​អំពី​អ្នក​ណា​ម្នាក់​ដែល​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​ជំនុំ​គ្រីស្ទាន ដោយ​ព្រោះ​គាត់​ជា​អ្នក​ធ្វើ​អំពើ​បាប​ដោយ​ឥត​ប្រែ​ចិត្ត​ឬ?

ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ប្រកាស​នូវ​សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់​ទៅ​លើ​សាសន៍​យូដា​ដែល​មិន​ស្មោះ​ត្រង់​នោះ ទ្រង់​បាន​មាន​បន្ទូល​ទៅ​យេរេមា​ថា​៖ ​«​ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវនាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​អញ​ជំនួស​គេ​ឲ្យ​សោះ ពីព្រោះ​អញ​មិន​ព្រម​ស្ដាប់​ឯង​ទេ​»។—យេរេមា ៧:១៦

ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ហាម​យេរេមា​មិន​ឲ្យ​អធិស្ឋាន​សំរាប់​ពួក​អ៊ីស្រាអែល​ដូច្នេះ? គឺ​ច្បាស់​ជា​ដោយ​ព្រោះ​គេ​បាន​រំលង​ច្បាប់​របស់​ទ្រង់​ដោយ​ចេតនា។ គេ​បាន​«​លួច​ប្លន់ កាប់​សំឡាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ​បាល ហើយ​គោរព​តាម​ព្រះ​ដទៃ​»​ យ៉ាង​ឥត​លាក់​លៀម​ផង ហើយ​ដោយ​ឥត​ចេះ​ខ្មាស​ផង​ដែរ។ ជា​លទ្ធផល​នោះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ពួក​យូដា​ដ៏​ឥត​ជំនឿ​នោះ​ថា​៖ ​«​អញ​នឹង​បោះ​បង់​ឯង​រាល់​គ្នា​ពី​ភ្នែក​អញ​ចេញ ដូច​ជា​បាន​បោះ​បង់​ពួក​បង​ប្អូន​ឯង​ដែរ គឺ​ជា​ពូជ​អេប្រាអិម​ទាំង​ប៉ុន្មាន​»។ នេះ​បញ្ជាក់​ថា​គឺ​ច្បាស់​ជា​ខុស​ទំនង​ឲ្យ​យេរេមា​ឬ​អ្នក​ឯ​ទៀត អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ប្ដូរ​ការ​ជំនុំ​ជំរះ​របស់​ទ្រង់។—យេរេមា ៧:៩, ១៥

ស្រប​ទៅ​តាម​នេះ សាវ័ក​យ៉ូហាន​បាន​សរសេរ​អំពី​សេចក្ដី​អធិស្ឋាន​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ព្រះ។ មុន​បង្អស់​គាត់​បាន​ធានា​ប្រាប់​បណ្ដា​គ្រីស្ទាន​ថា​៖ ​«​បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះ​ហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម​»។ (​យ៉ូហាន​ទី​១ ៥:១៤​) រួច​មក​យ៉ូហាន​បាន​បន្ត​និយាយ​អំពី​ការ​អធិស្ឋាន​ជំនួស​អ្នក​ដទៃ​ថា​៖ ​«​បើ​អ្នក​ណា​ឃើញ​បង​ប្អូន​កំពុង​តែ​ធ្វើ​បាប គឺ​ជា​បាប​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ទេ នោះ​ត្រូវ​សូម​ចុះ! ទ្រង់​នឹង​ប្រទាន​ជីវិត​មក​ដល់​អស់​អ្នក​ធ្វើ​បាប ដែល​មិន​មែន​មាន​ទោស​ដល់​ស្លាប់​នោះ​ជា​ពិត។ តែ​មាន​បាប​ម្យ៉ាង​ដែល​មាន​ទោស​ដល់​ស្លាប់​វិញ។ ឯ​បាប​នោះ​ខ្ញុំ​មិន​ថា ឲ្យ​សូម​អង្វរ​ឲ្យ​ទេ​»។ (​យ៉ូហាន​ទី​១ ៥:១៦​) ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​អំពី​អំពើ​បាប​ដែល​«​នឹង​អត់​ទោស​ឲ្យ​ពុំ​បាន​ឡើយ​»​ គឺ​អំពើ​បាប​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។—ម៉ាថាយ ១២:៣១, ៣២

តើ​នេះ​មាន​ន័យ​ថា អស់​អ្នក​ណា​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រុម​ជំនុំ​គ្រីស្ទាន ពីព្រោះ​បាន​ធ្វើ​អំពើ​បាប​ដោយ​មិន​ប្រែ​ចិត្ត នោះ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​«​មាន​ទោស​ដល់​ស្លាប់​»​ ហើយ​ជា​អ្នក​ដែល​យើង​មិន​គួរ​អធិស្ឋាន​ឲ្យ​ឬ? មិន​តែង​តែ​ដូច្នេះ​ទេ! ពីព្រោះ​ក្នុង​កាលៈទេសៈ​ខ្លះ​ៗ​មាន​ការ​រំលង​ច្បាប់​ដែល​មិន​មែន​ជា​អំពើ​បាប​ដែល​មាន​ទោស​ដល់​ស្លាប់។ តាម​ការ​ពិត គឺ​ពិបាក​ដឹង​ណាស់។ ឧទាហរណ៍​ចំ​ៗ​មួយ​គឺ​ស្តេច​ម៉ាន៉ាសេ​ពី​ស្រុក​យូដា។ ទ្រង់​បាន​ដំឡើង​អាសនៈ​ថ្វាយ​ព្រះ​មិន​ពិត ក៏​បាន​បូជា​រាជបុត្រា​របស់​ទ្រង់​ផ្ទាល់ និង​បាន​ធ្វើ​អំពើ​មន្តអាគម ព្រម​ទាំង​បាន​ដាក់​រូប​ចម្លាក់​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​គម្ពីរ​ចែង​ទៀត​ថា ម៉ាន៉ាសេ​និង​បណ្ដា​ជន​នោះ​បាន​«​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ​ទៀត​»។ ដោយ​ព្រោះ​ទ្រង់​ធ្វើ​ដូច​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដន្ទា​ទោស​ម៉ាន៉ាសេ​ដោយ​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​ឈ្លើយ​សឹក​ជាប់​ខ្នោះ។—ពង្សាវតារ​ក្សត្រ​ទី​២ ២១:១​-​៩; របាក្សត្រ​ទី​២ ៣៣:១​-​១១

ថ្វី​បើ​អំពើ​បាប​របស់​ម៉ាន៉ាសេ​គឺ​អាក្រក់​ដល់​ម្ល៉េះ​នោះ តើ​នោះ​ជា​អំពើ​បាប​បែប​មាន​ទោស​ដល់​ស្លាប់​ឬ? តាម​មើល​ទៅ មិន​មែន​ទេ! ពីព្រោះ​កំណត់​ហេតុ​នោះ​ចែង​ជា​បន្ត​អំពី​គាត់​ថា​៖ ​«​កាល​ទ្រង់​មាន​សេចក្ដី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះ​ទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ ក៏​អធិស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះ​ហឫទ័យ ស្ដាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​ឯ​រាជ្យ​ក្នុង​ក្រុង​យេរូសាឡិម​វិញ ដូច្នេះ ទើប​ម៉ាន៉ាសេ​បាន​ជ្រាប​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត​»។—របាក្សត្រ​ទី​២ ៣៣:១២, ១៣

ហេតុ​នោះ​ហើយ​បាន​ជា​យើង​មិន​គួរ​សន្និដ្ឋាន​ភ្លាម​ៗ ថា​មនុស្ស​ម្នាក់​បាន​ធ្វើ​បាប​ដែល​មាន​ទោស​ដល់​ស្លាប់ ព្រោះ​តែ​គាត់​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​ជំនុំ។ គឺ​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​ទើប​អាច​ស​ឲ្យ​ឃើញ​នូវ​សភាព​ពិត​ក្នុង​ចិត្ត​គេ។ ពោល​ក៏​មាន​ជា​ច្រើន​ដង​ដែល​ថា គោល​បំណង​មួយ​នៃ​ការ​បណ្ដាច់​មិត្តភាព គឺ​ដើម្បី​បណ្ដាល​ឲ្យ​អ្នក​ធ្វើ​បាប​ដឹង​ខ្លួន​វិញ ហើយ​យើង​សង្ឃឹម​ថា​គាត់​នឹង​ប្រែ​ចិត្ត​និង​វិល​មក​វិញ។

ដោយ​សារ​អ្នក​នោះ​លែង​មាន​វត្តមាន​ក្នុង​ក្រុម​ជំនុំ បើ​មាន​ការ​ប្រែ​ចិត្ត​គំនិត​ឬ​អាកប្បកិរិយា ប្រហែល​ជា​អ្នក​ជិត​ស្និទ្ធ​នឹង​គាត់ ដូច​ជា​ស្វាមី​ឬ​ភរិយា ឬ​ក៏​សមាជិក​គ្រួសារ នឹង​ឃើញ​នូវ​ការ​ប្រែ​ប្រួល​នោះ​មុន​គេ។ អ្នក​ដែល​ឃើញ​ការ​ប្រែ​ប្រួល​នេះ​អាច​សន្និដ្ឋាន​ថា អ្នក​រំលង​ច្បាប់​មិន​បាន​ធ្វើ​អំពើ​បាប​ដែល​មាន​ទោស​ដល់​ស្លាប់​ទេ។ ពួក​គេ​ប្រហែល​ជា​មាន​ចិត្ត​ជំរុញ​ឲ្យ​អធិស្ឋាន​សុំ​ឲ្យ​អ្នក​នោះ​ទទួល​កម្លាំង​ពី​ព្រះ​បន្ទូល​ដែល​ព្រះ​បញ្ចេញ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​មក ហើយ​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ធ្វើ​បាប​នោះ​សម​ស្រប​នឹង​ព្រះ​ហឫទ័យ​ទ្រង់។—ទំនុក​ដំកើង ៤៤:២១; សាស្ដា ១២:១៤

ថ្វី​បើ​អ្នក​ខ្លះ​អាច​មាន​ឱកាស​មើល​ឃើញ​នូវ​ទី​សំអាង​គ្រប់​គ្រាន់ ឲ្យ​គេ​ជឿ​ថា​អ្នក​ធ្វើ​បាប​នោះ​បាន​ប្រែ​ចិត្ត​ហើយ ប្រហែល​បង​ប្អូន​ទូទៅ​ក្នុង​ក្រុម​ជំនុំ​មិន​អាច​ឃើញ​ដូច្នេះ​ទេ។ គេ​ប្រហែល​ជា​នឹង​ឆ្ងល់ ឬ​តប់​ប្រមល់ ឬ​ក៏​ជំពប់​ដួល​បើ​គេ​ឮ​អ្នក​ណា​ម្នាក់​អធិស្ឋាន​ជា​សាធារណៈ​អំពី​អ្នក​ធ្វើ​ខុស​នោះ។ អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​អ្នក​ដែល​មាន​ចិត្ត​ជំរុញ​ឲ្យ​អធិស្ឋាន​អំពី​អ្នក​ធ្វើ​បាប​នោះ គួរ​តែ​ធ្វើ​ឡើង​តែ​ខ្លួន​គាត់​ផ្ទាល់ ដោយ​ទុក​ឲ្យ​ការ​ប្រែ​ចិត្ត​នោះ​ជា​អ្វី​ដែល​អ្នក​ចាស់​ទុំ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​ដោះ​ស្រាយ​វិញ។

តើ​ភរិយា​គ្រីស្ទាន​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​ថែម​ទាំង​ចុះ​ចូល​ចំពោះ​ស្វាមី​ដែល​ជា​អ្នក​មាន​ជំនឿ​ផ្សេង​បើ​គាត់​ធ្វើ​បុណ្យ​សាសនា​នោះ?

ការ​ធ្វើ​ដូច្នោះ​តម្រូវ​ឲ្យ​នាង​មាន​ប្រាជ្ញា​និង​ចេះ​វិនិច្ឆ័យ។ តែ​ពិត​ជា​ការ​ល្អ​ណាស់ ដែល​នាង​ចង់​ថ្លឹង​ថ្លែង​នូវ​កាតព្វកិច្ច​ទាំង​ពីរ​នោះ​របស់​នាង។ ព្រះ​យេស៊ូ​បាន​ជូន​ឱវាទ​អំពី​កាលៈទេសៈ​ដូច​គ្នា​នេះ​ថា​៖ ​«​ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ​»។ (​ម៉ាថាយ ២២:២១​) ត្រូវ​មែន ទ្រង់​មាន​បន្ទូល​អំពី​កាតព្វកិច្ច​ចំពោះ​រដ្ឋាភិបាល ដែល​ក្រោយ​មក​ទៀត បណ្ដា​គ្រីស្ទាន​បាន​ត្រូវ​បង្គាប់​ឲ្យ​ចុះ​ចូល​ចំពោះ​រដ្ឋាភិបាល​ដែរ។ (​រ៉ូម ១៣:១​) ក៏​ប៉ុន្តែ ឱវាទ​ទ្រង់​ក៏​ទាក់​ទង​នឹង​ការ​ថ្លឹង​ថ្លែង​របស់​ភរិយា​ស្តី​អំពី​កាតព្វកិច្ច​របស់​នាង​ចំពោះ​ព្រះ និង​ការ​ចុះ​ចូល​របស់​នាង​ចំពោះ​ស្វាមី​ឲ្យ​សម​ស្រប​តាម​បទ​គម្ពីរ​ផង​ដែរ មិន​ថា​គាត់​ជា​អ្នក​មាន​ជំនឿ​ផ្សេង​ក៏​ដោយ។

មនុស្ស​ណា​ដែល​យល់​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​ក៏​ឯកភាព​ថា ព្រះ​គម្ពីរ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​កាតព្វកិច្ច​ចំបង​របស់​បណ្ដា​គ្រីស្ទាន​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា គឺ​ឲ្យ​គេ​រក្សា​ភក្ដី​ភាព​ចំពោះ​ទ្រង់​គ្រប់​ពេល​គ្រប់​វេលា។ (​កិច្ច​ការ ៥:២៩​) យ៉ាង​ណា​ក្ដី​ក៏​មាន​កាលៈទេសៈ​ជា​ច្រើន ដែល​អ្នក​ថ្វាយ​បង្គំ​ពិត​អាច​ធ្វើ​តាម​សំណូម​ពរ ឬ​ការ​ទាម​ទារ​របស់​អ្នក​មាន​សិទ្ធិ​អំណាច​លើ​ខ្លួន​ដែល​មាន​ជំនឿ​ផ្សេង ឲ្យ​តែ​នោះ​មិន​ប្រាស​ចាក​ពី​ច្បាប់​វិន័យ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ។

នៅ​ក្នុង​សៀវភៅ​ដានីយ៉ែល​ជំពូក​ទី​៣ មាន​មេ​រៀន​ដ៏​ល្អ​ពី​គំរូ​របស់​សាសន៍​ហេព្រើរ​បី​នាក់។ អ្នក​ខ្ពស់​ជាង​គេ​ក្នុង​រដ្ឋាភិបាល​នោះ​ឈ្មោះ​នេប៊ូក្នេសា បាន​ចេញ​រាជបញ្ជា​ឲ្យ​គេ​និង​អ្នក​ឯ​ទៀត​មាន​វត្តមាន​នៅ​ឯ​វាល​ឌូរ៉ា។ សាសន៍​ហេព្រើរ​បី​នាក់​នោះ​ច្បាស់​ជា​មាន​ចិត្ត​ចង់​ជៀស​វាង​ពី​ការ​នៅ​ទី​នោះ​ណាស់ ដោយ​ដឹង​ថា​គេ​នឹង​មាន​កម្ម​វិធី​ថ្វាយ​បង្គំ​មិន​ពិត​នៅ​ទី​នោះ។ ប្រហែល​ជា​ដានីយ៉ែល​មាន​លទ្ធភាព​សុំ​ច្បាប់​បាន ប៉ុន្តែ​បី​នាក់​ទៀត​នោះ​មិន​អាច​សុំ​បាន​ទេ។ a ដូច្នេះ គេ​បាន​ធ្វើ​តាម​បញ្ជា​ដោយ​មាន​វត្តមាន​នៅ​ទី​នោះ តែ​មិន​ព្រម​ចូល​រួម​ធ្វើ​អំពើ​ណា​ដែល​ខុស​ឆ្គង​ឡើយ។—ដានីយ៉ែល ៣:១​-​១៨

ស្រដៀង​គ្នា​ដែរ នៅ​ពេល​មាន​បុណ្យ​និមួយ​ៗ ស្វាមី​ដែល​ជា​អ្នក​មាន​ជំនឿ​ផ្សេង​ប្រហែល​ជា​សុំ ឬ​ក៏​តម្រូវ​ឲ្យ​ភរិយា​ធ្វើ​អ្វី​ដែល​នាង​ចង់​ជៀស​វាង។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ​ដូច​ត​ទៅ​នេះ បើ​ស្វាមី​បង្គាប់​ឲ្យ​នាង​ធ្វើ​ម្ហូប​ប៉ុន្មាន​មុខ នៅ​ចំ​ថ្ងៃ​ដែល​គាត់​និង​អ្នក​ដទៃ​ទៀត​ធ្វើ​បុណ្យ។ ឬ​ក៏​ស្វាមី​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ (​ដែល​រួម​បញ្ចូល​ភរិយា​ផង​ដែរ​) ទៅ​លេង​ញាតិ​សន្ដាន​ជា​មួយ​គាត់​នៅ​ចំ​ថ្ងៃ​បុណ្យ​នោះ ដើម្បី​ទទួល​ទាន​អាហារ ឬ​គ្រាន់​តែ​ទៅ​លេង​ក៏​បាន។ ឬ​ក៏​មុន​នឹង​ថ្ងៃ​បុណ្យ​ណា​មួយ គាត់​ប្រហែល​ជា​សុំ​ភរិយា​ទៅ​ទិញ​អីវ៉ាន់​ខ្លះ​ៗ​សំរាប់​គាត់ ពេល​ដែល​នាង​ទៅ​ផ្សារ ដូច​ជា​ម្ហូប​ដែល​ទាក់​ទង​នឹង​បុណ្យ ឬ​កាដូ ក្រដាស​ខ្ចប់​កាដូ និង​សំបុត្រ​ដាក់​ភ្ជាប់​កាដូ​នោះ។

ម្ដង​ទៀត​នោះ ភរិយា​គ្រីស្ទាន​ត្រូវ​ប្ដេជ្ញា​ចិត្ត​មិន​ចូល​រួម​ប្រព្រឹត្ត​អ្វី​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត​ឡើយ។ តែ​ចុះ​យ៉ាង​ណា​ចំពោះ​សំណូម​ពរ​ផ្សេង​ៗ​ដូច​ខាង​លើ​នេះ? ស្វាមី​ជា​មេ​គ្រួសារ និង​ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​៖ ​«​ពួក​ស្រី​ៗ​អើយ! ចូរ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​គួរ​គប្បី​ក្នុង​ព្រះ​អម្ចាស់​»។ (​កូល៉ុស ៣:១៨​) ក្នុង​ករណី​ទាំង​នេះ តើ​នាង​អាច​ចុះ​ចូល​ក្នុង​នាម​ជា​ភរិយា ទាំង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​បាន​ទេ? នាង​ត្រូវ​សម្រេច​ចិត្ត​ដោយ​ថ្លឹង​ថ្លែង​អំពី​ការ​ស្ដាប់​បង្គាប់​ស្វាមី ទាំង​មិន​ធ្វើ​ផ្ទុយ​នឹង​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ផង​ដែរ។

ពេល​មាន​ពិធី​បុណ្យ​នៅ​ពេល​ខ្លះ ស្វាមី​ប្រហែល​ជា​សុំ​នាង​ឲ្យ​ធ្វើ​ម្ហូប​មួយ​មុខ មិន​ថា​ជា​អាហារ​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ ឬ​ដោយ​ព្រោះ​គាត់​ធ្លាប់​តែ​មាន​ម្ហូប​នោះ​តាម​រដូវ​កាល​នោះ​ទេ។ នាង​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គាត់ ទាំង​ទទួល​ស្គាល់​គាត់​ជា​មេ​គ្រួសារ។ តើ​នាង​អាច​ធ្វើ​ដូច្នេះ​បាន​ទេ បើ​មាន​សំណូម​ពរ​នោះ​នៅ​ពេល​មាន​បុណ្យ? ភរិយា​គ្រីស្ទាន​ខ្លះ​ប្រហែល​ជា​អាច​ធ្វើ​ដូច​នោះ​មែន ទាំង​មាន​មនសិការ​ល្អ​ដែរ ដោយ​ចាត់​ទុក​កិច្ច​ការ​នោះ​ជា​ការ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ​ដូច​ធម្មតា។ យ៉ាង​ប្រាកដ​ណាស់ គ្មាន​គ្រីស្ទាន​ណា​ម្នាក់​នឹង​រាប់​ទុក​ការ​នោះ​ឯង​ជា​អ្វី​ដែល​ទាក់​ទង​បុណ្យ​សាសនា​នោះ​ទេ ទោះ​ជា​ស្វាមី​នាង​គិត​ដូច្នេះ​ក៏​ដោយ។ ស្រដៀង​គ្នា​ដែរ គាត់​ប្រហែល​ជា​តម្រូវ​ឲ្យ​នាង​ទៅ​ជា​មួយ​គាត់ ពេល​ដែល​គាត់​ទៅ​លេង​ញាតិ​សន្ដាន​ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ​នោះ។ តើ​នាង​អាច​ទៅ​ជា​មួយ​គាត់​បាន​ទេ បើ​ពេល​នោះ​ចំ​ថ្ងៃ​បុណ្យ​ណា​មួយ​នោះ? តាម​ធម្មតា តើ​នាង​សុខ​ចិត្ត​ទិញ​អីវ៉ាន់​តាម​សំណូម​ពរ​របស់​ស្វាមី​ដោយ​មិន​គិត​អំពី​របៀប​ដែល​គាត់​នឹង​ប្រើ​ប្រាស់​របស់​នោះ​សំរាប់​អ្វី​ទេ ពេល​ដែល​នាង​ទៅ​ផ្សារ​នោះ?

ភរិយា​គ្រីស្ទាន​ច្បាស់​ជា​ចង់​គិត​អំពី​អ្នក​ដទៃ និង​អំពី​ការ​មាន​អានុភាព​លើ​គេ​ដែរ។ (​ភីលីព ២:៤​) នាង​ចង់​ជៀស​វាង​កុំ​ឲ្យ​អ្នក​ដទៃ​គិត​ថា នាង​ធ្វើ​បុណ្យ​នោះ ក៏​ដូច​ជា​សាសន៍​ហេព្រើរ​បី​នាក់​នោះ ប្រហែល​ជា​មិន​ចង់​អ្នក​ដទៃ​ឃើញ​គេ​ធ្វើ​ដំណើរ​ទៅ​វាល​ឌូរ៉ា​ដែរ។ ដូច្នេះ នាង​ប្រហែល​ជា​ចង់​និយាយ​ហេតុ​ផល​ជា​មួយ​ស្វាមី ដើម្បី​ស្ទាប​ស្ទង់​ពី​ការ​យោគ​យល់​ចំពោះ​អារម្មណ៍​របស់​នាង​ដែល​ថា តើ​ស្វាមី​នឹង​ធ្វើ​អ្វី​ៗ​ដែល​ទាក់​ទង​បុណ្យ​នោះ​ម្នាក់​គាត់​ទេ ដើម្បី​សម្រុះ​សម្រួល​តាម​ចិត្ត​នាង​ដែល​ស្រឡាញ់​និង​គោរព​គាត់​នោះ? គាត់​ប្រហែល​ជា​អាច​យល់​ថា បើ​នាង​នឹង​បដិសេធ​មិន​ចូល​រួម​ការ​ប្រព្រឹត្ត​តាម​សាសនា​មិន​ពិត ហើយ​អាច​បង្ក​ឲ្យ​មាន​ការ​អាម៉ាស់ នោះ​ជា​ការ​មាន​ប្រាជ្ញា​បើ​គាត់​មិន​បង្ខំ​នាង​ទេ។ ត្រូវ​មែន ការ​ពិគ្រោះ​ជា​មួយ​គ្នា​ជា​មុន ដោយ​ស្លូត​បូត អាច​នាំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដោយ​សន្ដិវិធី។—សុភាសិត ២២:៣

នៅ​ទី​បំផុត​នោះ គ្រីស្ទាន​ស្មោះ​ត្រង់​ម្នាក់​ៗ​ត្រូវ​តែ​គិត​ថ្លឹង​ថ្លែង​ហេតុ​ការណ៍​ផ្សេង​ៗ និង​ក្រោយ​មក​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា។ ដូច​សាសន៍​ហេព្រើរ​បី​នាក់​នោះ​ដែរ ក៏​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​មុន។ (​កូរិនថូស​ទី​១ ១០:៣១​) តែ​ដោយ​គិត​ដូច្នេះ គ្រីស្ទាន​ម្នាក់​ៗ​ត្រូវ​តែ​សម្រេច​ចិត្ត​អំពី​ការ​ធ្វើ​អ្វី​ៗ​ដែល​មិន​ខុស​នឹង​ជំនឿ តាម​សំណូម​ពរ​នៃ​អ្នក​ណា​ដែល​មាន​អំណាច​ក្នុង​ក្រុម​គ្រួសារ​ឬ​ក្នុង​សហគមន៍​បាន​ផង​ដែរ។

[​កំណត់​សម្គាល់​]

a សូម​មើល ​«​សំនួរ​ពី​អ្នក​អាន​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០១ (​ជា​ភាសា​អង់គ្លេស​)។