លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គ្រីស្ទានពិតទាំងអស់ជាអ្នកផ្សព្វផ្សាយ

គ្រីស្ទានពិតទាំងអស់ជាអ្នកផ្សព្វផ្សាយ

គ្រីស្ទាន​ពិត​ទាំង​អស់​ជា​អ្នក​ផ្សព្វ​ផ្សាយ

​«​ចូរ​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា ហើយ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​នាម​ទ្រង់​ចូរ​សំដែង​ចេញ​នូវ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​រាល់​តែ​ថ្ងៃ​ត​ទៅ​»។—ទំនុក​ដំកើង ៩៦:២

១. តើ​មនុស្ស​ត្រូវ​ដឹង​ឮ​ដំណឹង​ល្អ​អ្វី? ហើយ​តើ​យ៉ាង​ដូច​ម្ដេច​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជា​គំរូ​ល្អ​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ?

 ក្នុង​ពិភព​លោក​នេះ​ដែល​មាន​មហន្តរាយ​កើត​ឡើង​ជា​រៀង​រាល់​តែ​ថ្ងៃ​នោះ យើង​ពិត​ជា​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ចំណែង​ព្រះ​គម្ពីរ​ដែល​ថា​បន្ដិច​ទៀត សង្គ្រាម ឧក្រិដ្ឋកម្ម ការ​អត់​ឃ្លាន និង​ការ​ជិះ​ជាន់​នឹង​លែង​មាន​ត​ទៅ​ទៀត។ (​ទំនុក​ដំកើង ៤៦:៩; ៧២:៣, ៧, ៨, ១២, ១៦​) ពិត​ណាស់ នេះ​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​ៗ​គ្នា​ត្រូវ​ដឹង​ឮ មែន​ទេ? ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​គិត​ដូច្នេះ។ ស្មរ​បន្ទាល់​ត្រូវ​គេ​ស្គាល់​ទូទៅ​ជា​មនុស្ស​ដែល​ផ្សព្វ​ផ្សាយ​នូវ‹ដំណឹង​ល្អ​ពី​អ្វី​ដ៏​ប្រសើរ​ជាង›។ (​អេសាយ ៥២:៧​) ទោះ​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​រង​ទុក្ខ​ការ​បៀត​បៀន​ដោយ​សារ​ការ​ប្ដេជ្ញា​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ណា​ក្ដី តែ គេ​នៅ​គិត​ដល់​ប្រយោជន៍​មនុស្ស​ឯ​ទៀត​វិញ។ ហើយ​ឥឡូវ​ពួក​គេ​ត្រូវ​សម្គាល់​ជា​មនុស្ស​ដែល​ចេះ​ព្យាយាម​និង​ខ្នះ​ខ្នែង​យ៉ាង​ណា​ទៅ​ហ្ន៎!

២. តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ខ្នះ​ខ្នែង​ម្ល៉េះ?

ការ​ខ្នះ​ខ្នែង​របស់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ គឺ​ដូច​គ្នា​នឹង​ការ​ខ្នះ​ខ្នែង​របស់​បណ្ដា​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ។ កាសែត​សាសនា​កាតូលិក​រ៉ូម៉ាំង​ឈ្មោះ​ឡូ​ស៊ៃ​វ៉ា​តូ​រេ រ៉ូម៉ាណូ​បាន​ពណ៌នា​យ៉ាង​ត្រឹម​ត្រូវ​អំពី​គ្រីស្ទាន​ទាំង​នោះ​ដោយ​ចែង​ថា​៖ ​«​គ្រីស្ទាន​សម័យ​ដើម បាន​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​ករណីយកិច្ច​របស់​គេ​ភ្លាម​ៗ​ក្រោយ​គេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ។ អ្នក​បំរើ​របស់​ព្រះ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​»។ ហេតុ​អ្វី​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ខ្នះ​ខ្នែង​ដូច​ជា​គ្រីស្ទាន​ពី​សម័យ​ដើម​នោះ​ដែរ? មូលហេតុ​ទី​មួយ​គឺ​ថា ដំណឹង​ល្អ​ដែល​គេ​ផ្សព្វ​ផ្សាយ​នោះ គឺ​មក​ពី​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់។ មិន​អាច​មាន​ហេតុ​សំខាន់​ជាង​នេះ​ទេ មែន​ទេ? ការ​ផ្សព្វ​ផ្សាយ​របស់​គេ​គឺ​ជា​ការ​ប្រព្រឹត្ត​តប​តាម​ពំនោល​របស់​អ្នក​តែង​ទំនុក​ដំកើង​ដែល​ថា​៖ ​«​ចូរ​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា ហើយ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​នាម​ទ្រង់ ចូរ​សំដែង​ចេញ​នូវ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​រាល់​តែ​ថ្ងៃ​ត​ទៅ​»។—ទំនុក​ដំកើង ៩៦:២

៣. (​ក​) តើ​អ្វី​ជា​មូលហេតុ​ទី​ពីរ​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ខ្នះ​ខ្នែង? (​ខ​) តើ​«​សេចក្ដី​សង្គ្រោះ​របស់[​ព្រះ​]​»​រួម​បញ្ចូល​អ្វី​ខ្លះ?

សំដី​របស់​អ្នក​តែង​ទំនុក​ដំកើង​ក៏​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​ពី​មូលហេតុ​ទី​ពីរ​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ខ្នះ​ខ្នែង។ នោះ​គឺ​ពីព្រោះ​សារ​របស់​គេ​គឺ​ជា​សារ​មួយ​ដែល​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ។ មនុស្ស​ខ្លះ​ធ្វើ​ការ​ខាង​ពេទ្យ ខាង​សង្គមកិច្ច ខាង​សេដ្ឋកិច្ច ឬ​ក្នុង​វិស័យ​ផ្សេង​ទៀត​ដើម្បី​ខំ​ជួយ​លើក​ស្ទួយ​ជីវភាព​មនុស្សជាតិ​គ្នី​គ្នា​នោះ ហើយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ​គួរ​ឲ្យ​សរសើរ​មែន។ ក៏​ប៉ុន្តែ ការ​អ្វី​ដែល​មនុស្ស​អាច​សម្រេច​បាន​ដើម្បី​ជួយ​អ្នក​ដទៃ​នោះ គឺ​មិន​សូវ​ធំ​ប៉ុន្មាន​ទេ​បើ​ប្រៀប​ធៀប​ទៅ​នឹង​«​សេចក្ដី​សង្គ្រោះ​របស់[​ព្រះ​]​»។ តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​មនុស្ស​រាប​សា​ឲ្យ​រួច​ពី​បាប ជម្ងឺ​ដង្កាត់ និង​សេចក្ដី​ស្លាប់។ អ្នក​ដែល​ទទួល​ប្រយោជន៍​បែប​នេះ​នឹង​រស់​ជា​រៀង​រហូត! (​យ៉ូហាន ៣:១៦, ៣៦; វិវរណៈ ២១:៣, ៤​) សព្វ​ថ្ងៃ​នេះ សេចក្ដី​សង្គ្រោះ​គឺ​ជា​ផ្នែក​មួយ​នៃ​«​ការ​អស្ចារ្យ​»​ដែល​គ្រីស្ទាន​រៀប​រាប់​ប្រាប់ ពេល​គេ​ប្រព្រឹត្ត​តប​តាម​ពាក្យ​ដែល​ថា​៖ ​«​ចូរ​ថ្លែង​ប្រាប់​ពី​សិរី​ល្អ​ទ្រង់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្ដាល​បណ្ដា​ជន​ទាំង​ឡាយ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ​ហើយ​ក៏​គួរ​សរសើរ​ណាស់ ទ្រង់​ជា​ទី​គួរ​កោត​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ​»។—ទំនុក​ដំកើង ៩៦:៣, ៤

គំរូ​របស់​ព្រះ​អម្ចាស់

៤​-​៦. (​ក​) តើ​អ្វី​ជា​មូលហេតុ​ទី​បី​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ខ្នះ​ខ្នែង​នោះ? (​ខ​) តើ​ព្រះ​យេស៊ូ​បាន​សម្ដែង​ព្រះ​ទ័យ​ខ្នះ​ខ្នែង​ចំពោះ​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច?

មាន​មូលហេតុ​ទី​បី​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ខ្នះ​ខ្នែង។ ពួក​គេ​កាន់​ជាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (​ពេត្រុស​ទី​១ ២:២១​) បុរស​គ្រប់​ល័ក្ខណ៍​នោះ​បាន​បំពេញ​យ៉ាង​ស្មោះ​អស់​អំពី​ចិត្ត​នូវ​ករណីយកិច្ច​ឲ្យ​«​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស[​«​រាប​សា​»​, ព.ថ.​]​»។ (​អេសាយ ៦១:១; លូកា ៤:១៧​-​២១​) ដោយ​ហេតុ​នេះ​ហើយ ព្រះ​យេស៊ូ​បានក្លាយ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ទ្រង់​បាន​ធ្វើ​ដំណើរ​ទូទាំង​ស្រុក​កាលីឡេ​និង​ស្រុក​យូដា​ដោយ​«​ប្រកាស​ដំណឹង​ល្អ​ពី​នគរ​»។ (​ម៉ាថាយ ៤:២៣​) ពីព្រោះ​ទ្រង់​ជ្រាប​ថា​មនុស្ស​ជា​ច្រើន​នឹង​ប្រព្រឹត្ត​តប​ចំពោះ​ដំណឹង​ល្អ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ទ្រង់​ថា​៖ ​«​ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់​»។—ម៉ាថាយ ៩:៣៧, ៣៨

ព្រះ​យេស៊ូ​បាន​បង្វឹក​បង្វឺន​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែរ សម​ស្រប​ទៅ​តាម​សេចក្ដី​អធិស្ឋាន​របស់​ទ្រង់។ ក្រោយ​មក ទ្រង់​បាន​ចាត់​សាវ័ក​របស់​ទ្រង់​ឲ្យ​ទៅ​ដោយ​ខ្លួន​គេ​និង​មាន​បន្ទូល​ទៅ​គេ​ថា​៖ ‹ទៅ​ប្រកាស​ប្រាប់​ថា នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ!›។ តើ​មាន​ប្រយោជន៍​ច្រើន​ជាង​ទេ បើ​សិន​ជា​គេ​បាន​រៀបចំ​កម្ម​វិធី​ផ្សេង​ៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គម​ដែល​មាន​នៅ​សម័យ​នោះ? ឬ​ក៏​តើ​គេ​គួរ​ជ្រៀត​ជ្រែក​ក្នុង​រឿង​នយោបាយ​ដើម្បី​ត​យុទ្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​មាន​នៅ​សម័យ​នោះ​ទេ? អត់​ទេ!។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​កំណត់​ទុក​ខ្នាត​តម្រា​សំរាប់​គ្រីស្ទាន​ទាំង​ឡាយ​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​នោះ ពេល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​អ្នក​កាន់​តាម​ទ្រង់​ថា​៖ ​«​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស!​»។—ម៉ាថាយ ១០:៥​-​៧

ក្រោយ​មក ព្រះ​យេស៊ូ​បាន​ចាត់​សិស្ស​មួយ​ក្រុម​ទៀត​ឲ្យ​ទៅ​ប្រកាស​ថា​៖ ‹នគរ​ព្រះ​ជិត​មក​ដល់​ហើយ!›។ ពេល​គេ​ត្រឡប់​មក​វិញ​ដើម្បី​រាយ​ការណ៍​អំពី​ការ​ជោគ​ជ័យ​នៃ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គេ​នោះ ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​រីក​រាយ។ ទ្រង់​បាន​អធិស្ឋាន​ទូល​ថា​៖ ​«​ឱ​ព្រះ​វរបិតា ជា​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី​អើយ! ទូល​បង្គំ​សរសើរ​ដល់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស​វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ​»។ (​លូកា ១០:១, ៨, ៩, ២១​) សិស្ស​របស់​ព្រះ​យេស៊ូ​ដែល​ពី​មុន​ជា​អ្នក​នេសាទ​និង​ជា​កសិករ​ជា​ដើម បើ​ប្រៀប​ធៀប​ពួក​គេ​ជា​មួយ​នឹង​មគ្គុទ្ទេសក៍​សាសនា​របស់​ប្រទេស​នោះ​ដែល​មាន​ការ​អប់រំ​ថ្នាក់​ខ្ពស់​នោះ សិស្ស​របស់​ទ្រង់​ប្រៀប​ដូច​ជា​កូន​ង៉ា​ទេ។ ក៏​ប៉ុន្តែ សិស្ស​ទាំង​នេះ​បាន​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដ៏​ប្រសើរ​ជាង​គេ​បំផុត។

៧. ក្រោយ​ព្រះ​យេស៊ូ​យាង​ទៅ​ស្ថាន​សួគ៌​នោះ តើ​អ្នក​កាន់​តាម​ទ្រង់​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា​គេ​មុន​បង្អស់?

ក្រោយ​ព្រះ​យេស៊ូ​បាន​យាង​ទៅ​ស្ថាន​សួគ៌​រួច​ហើយ​នោះ អ្នក​កាន់​តាម​ទ្រង់​បាន​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ។ (​កិច្ច​ការ ២:២១, ៣៨​-​៤០​) តើ​គេ​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា​មុន​គេ​បង្អស់​នោះ? តើ​គេ​ផ្សព្វ​ផ្សាយ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ព្រះ​ទេ? មិន​មែន​ទេ!។ តំបន់​ផ្សាយ​ដំបូង​របស់​គេ​គឺ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ជាង​១.៥០០​ឆ្នាំ​ទៅ​ហើយ។ តើ​គេ​មាន​សិទ្ធិ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​មួយ​ដែល​មាន​មនុស្ស​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​រួច​ហើយ​នោះ​ទេ? គេ​មាន​សិទ្ធិ​មែន!។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង . . . ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង​»។ (​កិច្ច​ការ ១:៨​) អ៊ីស្រាអែល​ត្រូវ​តែ​ឮ​ដំណឹង​ល្អ​ដូច​គ្នា​នឹង​សាសន៍​ដទៃ​ទៀត​ដែរ។

៨. តើ​ដោយ​ដូច​ម្ដេច​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​យក​តម្រាប់​តាម​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅ​សតវត្ស​ទី​មួយ?

ស្រដៀង​គ្នា​ដែរ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​ទូទាំង​ផែនដី។ ពួក​គេ​សហការ​ជា​មួយ​ទេវតា​មួយ​រូប​ដែល​លោក​យ៉ូហាន​បាន​ឃើញ​«​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ​»។ (​វិវរណៈ ១៤:៦​) នា​ឆ្នាំ​២០០១ គេ​កំពុង​តែ​មាន​សកម្មភាព​នៅ​២៣៥​ប្រទេស​និង​តំបន់​ដែល​រួម​មាន​ប្រទេស​ខ្លះ​ដែល​មាន​សាសនា​គ្រីស្ទ​ជា​សាសនា​ជាតិ។ តើ​គឺ​ជា​ការ​ខុស​ទេ​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ខ្លះ​ដែល​ពិភព​គ្រីស្ទ​សាសនា​បាន​រៀបចំ​វិហារ​រួច​ទៅ​ហើយ​នោះ? អ្នក​ខ្លះ​និយាយ​ថា​នោះ​ជា​ការ​ខុស​មែន រហូត​ដល់​គេ​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​ទាំង​នេះ​ជា​ការ​«​លួច​ចៀម​»។ ក៏​ប៉ុន្តែ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​នឹក​ចាំ​ពី​អារម្មណ៍​របស់​ព្រះ​យេស៊ូ​ចំពោះ​ជនជាតិ​យូដា​ដ៏​រាប​ទាប​នៅ​សម័យ​នោះ។ ទោះ​ជា​គេ​មាន​ពួក​សង្ឃ​ហើយ​ក្ដី តែ​ព្រះ​យេស៊ូ​មិន​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រាប់​គេ​អំពី​ដំណឹង​ល្អ​ឡើយ។ ទ្រង់​«​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល​»។ (​ម៉ាថាយ ៩:៣៦​) ពេល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​រក​ឃើញ​មនុស្ស​រាប​ទាប​ដែល​មិន​ដឹង​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​នោះ តើ​គេ​មិន​ត្រូវ​ប្រាប់​អ្នក​ទាំង​នេះ​អំពី​ដំណឹង​ល្អ​ដោយ​សារ​សាសនា​មួយ​ផ្សេង​ទៀត​អះអាង​ថា​គេ​ជា​របស់​ផង​សាសនា​នោះ​ទេ​ឬ? ដោយ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ យើង​ត្រូវ​ឆ្លើយ​ថា គេ​មិន​ត្រូវ​ធ្វើ​ដូច្នេះ​មែន!។ ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សាយ​«​ដល់​គ្រប់​សាសន៍​»​គ្មាន​ករណី​លើក​លែង​ទេ។—ម៉ាកុស ១៣:១០

គ្រីស្ទាន​ទាំង​អស់​នៅ​សម័យ​ដើម​នោះ​បាន​ផ្សព្វ​ផ្សាយ

៩. នៅ​សតវត្ស​ទី​មួយ តើ​អ្នក​ណា​ខ្លះ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​ដែល​បាន​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នោះ?

តើ​អ្នក​ណា​ខ្លះ​បាន​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​សតវត្ស​ទី​មួយ? ហេតុ​ការណ៍​ជាក់​ស្តែង​បង្ហាញ​ថា គ្រីស្ទាន​ទាំង​អស់​ជា​អ្នក​ផ្សព្វ​ផ្សាយ។ អ្នក​និពន្ធ​ឈ្មោះ​វិលៀម សាំយូអែល វិលៀម​បាន​កត់​សម្គាល់​ថា​៖ ​«​គេ​តែង​តំណាល​ថា គ្រីស្ទាន​ទាំង​ឡាយ​នៅ​សម័យ​ដើម​នោះ . . . បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»។ ព្រះ​គម្ពីរ​ចែង​អំពី​ព្រឹត្ដិការណ៍​នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣ ស.យ.ថា​៖ ​«​គេ[​ទាំង​ប្រុស​ទាំង​ស្រី​]បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេង​ៗ តាម​ដែល​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ​»។ អ្នក​ផ្សព្វ​ផ្សាយ​បាន​រួម​បញ្ចូល​ទាំង​បុរស​ទាំង​ស្ត្រី ទាំង​ក្មេង​ទាំង​ចាស់ ទាំង​បាវ​បំរើ​ទាំង​មនុស្ស​អ្នក​ជា។ (​កិច្ច​ការ ១:១៤; ២:១, ៤, ១៧, ១៨; យ៉ូអែល ២:២៨, ២៩; កាឡាទី ៣:២៨​) ពេល​ការ​បៀត​បៀន​បាន​បង្ខំ​ឲ្យ​ជន​គ្រីស្ទាន​រត់​ចេញ​ពី​ទី​ក្រុង​យេរូសាឡិម​នោះ ​«​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ​បន្ទូល​»។ (​កិច្ច​ការ ៨:៤​) ​«​អស់​អ្នក​ដែល​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​»​បាន​ផ្សព្វ​ផ្សាយ មិន​មែន​មាន​តែ​មនុស្ស​បន្ដិច​បន្តួច​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ផ្សព្វ​ផ្សាយ​នោះ​ទេ។

១០. តើ​សេចក្ដី​បង្គាប់​ពីរ​យ៉ាង​អ្វី​ដែល​បាន​ត្រូវ​សម្រេច​មុន​របប​យូដា​ត្រូវ​បំផ្លាញ​ចោល​នោះ?

១០ នេះ​បាន​ស​ឲ្យ​ឃើញ​ការ​ពិត​ក្នុង​កំឡុង​គ្រា​ដើម​ដំបូង។ ព្រះ​យេស៊ូ​ទាយ​ថា​៖ ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត​»។ (​ម៉ាថាយ ២៤:១៤​) របៀប​ដែល​ទំនាយ​នេះ​បាន​សម្រេច​នៅ​សតវត្ស​ទី​មួយ​គឺ​ថា ដំណឹង​ល្អ​ពិត​ជា​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​ខ្នាត​ធំ​មុន​ទ័ព​រ៉ូម​ចូល​មក​កំទេច​ចោល​របប​សាសនា​និង​នយោបាយ​របស់​សាសន៍​យូដា។ (​កូល៉ុស ១:២៣​) ម្យ៉ាង​វិញ​ទៀត អស់​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ស្ដាប់​បង្គាប់​ដែល​ថា ​«​ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់គ្នា​ផង​»។ (​ម៉ាថាយ ២៨:១៩, ២០​) បណ្ដា​គ្រីស្ទាន​នៅ​សម័យ​ដើម​មិន​បាន​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ​ទៅ​លើ​ព្រះ​យេស៊ូ និង​ក្រោយ​មក​ចោល​គេ​ឲ្យ​រក​ផ្លូវ​ខ្លួន​ឯង ដូច​ជា​អ្នក​ឃោសនា​សាសនា​ខ្លះ​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បាន​បង្រៀន​អ្នក​នោះ​ឲ្យ​ទៅ​ជា​សិស្ស​ព្រះ​យេស៊ូ និង​បាន​រៀបចំ​អ្នក​នោះ​ជា​ក្រុម​ជំនុំ ហើយ​បង្រៀន​គេ​ប្រយោជន៍​ឲ្យ​គេ​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​ផង​ដែរ។ (​កិច្ច​ការ ១៤:២១​-​២៣​) សម័យ​ឥឡូវ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​យក​តម្រាប់​តាម​គំរូ​នេះ។

១១. តើ​អ្នក​ណា​សព្វ​ថ្ងៃ​នេះ​ចូល​រួម​ក្នុង​ការ​ផ្សាយ​ដំណឹង​ដ៏​ល្អ​បំផុត​សំរាប់​មនុស្សជាតិ?

១១ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មួយ​ចំនួន​បាន​ធ្វើ​តាម​គំរូ​របស់​លោក​ប៉ុល បាណាបាស​និង​អ្នក​ឯ​ទៀត​ពី​សតវត្ស​ទី​មួយ​នោះ ដោយ​បាន​ចេញ​ទៅ​ធ្វើ​ជា​សាសនទូត​នៅ​ប្រទេស​ផ្សេង​ៗ។ កិច្ច​ការ​របស់​គេ​ពិត​ជា​មាន​ប្រយោជន៍​មែន ដោយ​ព្រោះ​គេ​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ​ឬ​មួយ​ក៏​លះ​ចោល​ករណីយកិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​តាម​វិធី​ផ្សេង​ទៀត​ទេ។ គេ​គ្រាន់​តែ​ស្ដាប់​បង្គាប់​ព្រះ​យេស៊ូ​ដែល​ថា ​«​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស!​»។ ក៏​ប៉ុន្តែ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ភាគ​ច្រើន​មិន​មែន​ជា​សាសនទូត​នៅ​ប្រទេស​ផ្សេង​ៗ​នោះ​ឡើយ។ គេ​ភាគ​ច្រើន​ធ្វើ​ការ​រក​ស៊ី​ចិញ្ចឹម​ខ្លួន ហើយ​មាន​ស្មរ​បន្ទាល់​ឯ​ទៀត​ដែល​នៅ​រៀន។ ស្មរ​បន្ទាល់​ខ្លះ​កំពុង​តែ​ចិញ្ចឹម​កូន។ តែ​ស្មរ​បន្ទាល់​ទាំង​អស់​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ដទៃ​អំពី​ដំណឹង​ល្អ​ដែល​គេ​បាន​រៀន​នោះ។ មិន​ថា​ចាស់​ឬ​ក្មេង ប្រុស​ឬ​ស្រី​ក្ដី គេ​ប្រព្រឹត្ត​តប​ដោយ​អំណរ​តាម​ការ​ដាស់​តឿន​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា​៖ ​«​ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ! ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្ដី​»។ (​ធីម៉ូថេ​ទី​២ ៤:២​) ដូច​គ្នា​នឹង​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​នោះ គេ​បន្ត​«​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះ​វិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជា​និច្ច​»។ (​កិច្ច​ការ ៥:៤២​) គេ​កំពុង​តែ​ផ្សាយ​ដំណឹង​ដ៏​ល្អ​បំផុត​សំរាប់​មនុស្សជាតិ។

តើ​នេះ​ជា​ការ​ញ៉ាំង​ឲ្យ​ប្ដូរ​សាសនា​ឬ​ជា​ការ​ផ្សព្វ​ផ្សាយ​វិញ?

១២. តើ​មនុស្ស​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ញ៉ាំង​ឲ្យ​ដូរ​សាសនា​នោះ?

១២ សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​និយាយ​ថា​ការ​ញ៉ាំង​ឲ្យ​ប្ដូរ​សាសនា​នាំ​ឲ្យ​មាន​អន្តរាយ។ ឯកសារ​មួយ​ចុះ​ផ្សាយ​ដោយ​គណៈ​វិហារ​ពិភព​លោក​ក៏​បាន​ចែង​ថា​«​ការ​ញ៉ាំង​ឲ្យ​ប្ដូរ​សាសនា​ជា​បាប​»។ ហេតុ​អ្វី? សេចក្ដី​រាយ​ការណ៍​ពិភព​លោក​របស់​សាសនា​កាតូលិក​បាន​រាយ​ការណ៍​ថា​៖ ​«​ដោយ​មាន​បណ្ដឹង​ជា​ញឹក​ញយ​ពី​សាសនា​អូធូដុក្ស នោះ​ការ‹ញ៉ាំង​ឲ្យ​ដូរ​សាសនា›ចាប់​ផ្ដើម​ចូល​និយមន័យ​ថា ការ​បង្ខំ​ឲ្យ​ដូរ​សាសនា​»។

១៣. តើ​អ្វី​ខ្លះ​ជា​តួយ៉ាង​ដែល​បញ្ជាក់​ពី​ការ​ញ៉ាំង​ឲ្យ​ប្ដូរ​សាសនា​នាំ​ឲ្យ​ពិបាក​នោះ?

១៣ តើ​ការ​ញ៉ាំង​ឲ្យ​ដូរ​សាសនា​អាច​បង្ក​បង្កើត​បញ្ហា​បាន​ទេ? ពិត​ជា​អាច​បង្កើត​មែន!។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ការ​ញ៉ាំង​ឲ្យ​ដូរ​សាសនា​ដោយ​ពួក​ផារិស៊ី​បាន​នាំ​ឲ្យ​វេទនា​ដល់​មនុស្ស​ដែល​ស្ដាប់​តាម​គេ​នោះ។ (​ម៉ាថាយ ២៣:១៥​) ​«​ការ​បង្ខំ​ឲ្យ​ដូរ​សាសនា​»​ពិត​ជា​ខុស​មែន។ ជា​ឧទាហរណ៍ យោង​ទៅ​តាម​លោក​ចូស៊ីហ្វឺស​ដែល​ជា​ប្រវត្ដិវិទូ​ម្នាក់​នោះ បាន​ថ្លែង​អំពី​លោក​យ៉ូហាន​ហ៊ែ​ខា​និ​ស​ដែល​ជា​អ្នក​គាំទ្រ​ប​ដិ​ករ​គ្រួសារ​ម៉ាក​កា​ប៊ី​ថា ពេល​លោក​យ៉ូហាន​ហ៊ែ​ខា​និ​ស​បាន​បង្ក្រាប​ជន​ជាតិ​អ៊ី​ឌូ​មេ​នោះ គាត់​«​អនុញ្ញាត​ឲ្យ​គេ​បន្ត​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដរាប​ណា​ដែល​គេ​ព្រម​កាត់​ស្បែក​និង​សុខ​ចិត្ត​អនុវត្ត​តាម​ក្រិត្យ​វិន័យ​របស់​សាសន៍​យូដា​»។ បើ​សិន​ជា​ជន​ជាតិ​អ៊ី​ឌូ​មេ​ចង់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សាសន៍​យូដា​នោះ គេ​ត្រូវ​តែ​កាន់​សាសនា​យូដា​ដែរ។ ប្រវត្ដិវិទូ​ផ្សេង​ៗ​ពន្យល់​ថា នៅ​សតវត្ស​ទី​ប្រាំ​បី អធិរាជ​ហ្សាឡឺម៉ាញ​បាន​ពង្រាប​កុលសម្ព័ន្ធ​សាកហ្សិន​ដែល​ជា​ពាហិរជន​នៅ​អឺរ៉ុប​ប៉ែក​ខាង​ជើង​នោះ ហើយ​បាន​បង្ខំ​គេ​យ៉ាង​ឃោរ​ឃៅ​ឲ្យ​ប្ដូរ​សាសនា។ a ក៏​ប៉ុន្តែ តើ​កុលសម្ព័ន្ធ​សាកហ្សិន​និង​សាសន៍​អ៊ី​ឌូ​មេ​បាន​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ​យ៉ាង​ណា ពេល​គេ​ប្ដូរ​សាសនា​នោះ? ជា​ឧទាហរណ៍ ពេល​ព្រះ​យេស៊ូ​ជា​កូន​ង៉ែត​នោះ តើ​ស្តេច​ហេរ៉ូឌ​ដែល​ជា​សាសន៍​អ៊ី​ឌូ​មេ​បាន​ស្មោះ​ត្រង់​យ៉ាង​ណា ចំពោះ​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេដែល​មក​ពី​ព្រះ​ពេល​ទ្រង់​ខិត​ខំ​រក​សម្លាប់​ព្រះ​យេស៊ូ​នោះ?—ម៉ាថាយ ២:១​-​១៨

១៤. តើ​សាសនទូត​ខ្លះ​ក្នុង​ពិភព​គ្រីស្ទ​សាសនា​គាប​សង្កត់​មនុស្ស​ឲ្យ​ដូរ​សាសនា​យ៉ាង​ដូច​ម្ដេច?

១៤ តើ​មាន​ការ​បង្ខំ​ឲ្យ​ដូរ​សាសនា​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? សព្វ​ថ្ងៃ​នេះ​ក៏​មាន​ការ​ញ៉ាំង​ឲ្យ​ដូរ​សាសនា​មួយ​ប្រភេទ​ដែរ។ មាន​ការ​រាយ​ការណ៍​ថា​សាសនទូត​ខ្លះ​នៃ​ពិភព​គ្រីស្ទ​សាសនា​នោះ បាន​ឧបត្ថម្ភ​អាហារូបករណ៍​ឲ្យ​រៀន​នៅ​ប្រទេស​ផ្សេង​សំរាប់​អ្នក​ណា​ដែល​ព្រម​ដូរ​សាសនា។ ឬ​មួយ​ក៏​គេ​ធ្វើ​ឲ្យ​ជន​ភៀស​ខ្លួន​ដែល​ជិត​ដាច់​ពោះ អង្គុយ​ស្ដាប់​ធម្មទាន​របស់​គេ​ចប់​សិន ទើប​បាន​អាហារ​បរិភោគ។ យោង​ទៅ​តាម​សេចក្ដី​ថ្លែង​របស់​អេវ៉ែក​សាសនា​អូធូដុក្ស​នៅ​មហា​សន្និបាត​របស់​គេ​ឆ្នាំ​១៩៩២​នោះ គេ​បាន​បញ្ជាក់​ថា​៖ ​«​ការ​ញ៉ាំង​ឲ្យ​ដូរ​សាសនា​ជួន​កាល​កើត​ឡើង​តាម​រយៈ​ការ​លួង​ចិត្ត​ដោយ​ទ្រព្យ​សម្បត្ដិ និង​ជួន​កាល​កើត​ឡើង​ដោយ​អំពើ​ហិង្សា​ផ្សេង​ៗ​ក៏​មាន​»។

១៥. តើ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ញ៉ាំង​ឲ្យ​ដូរ​សាសនា​ដូច​ជា​សាសនា​ផ្សេង​ទៀត​នោះ​ទេ? សូម​ពន្យល់។

១៥ ការ​គាប​សង្កត់​មនុស្ស​ឲ្យ​ដូរ​សាសនា​គឺ​ជា​ការ​ខុស​តែ​ម្ដង។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ពិត​ជា​មិន​ធ្វើ​ដូច្នេះ​ទេ! b អាស្រ័យ​ហេតុ​នេះ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មិន​ញ៉ាំង​ឲ្យ​មនុស្ស​ដូរ​សាសនា​ក្នុង​ន័យ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាំង​អស់ ដូច​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​បាន​ធ្វើ​ដែរ។ អ្នក​ណា​ដែល​ស្ដាប់​តាម​ស្ម័គ្រ​ពី​ចិត្ត​នោះ ត្រូវ​អញ្ជើញ​ឲ្យ​ទទួល​ចំណេះ​ថែម​ទៀត​តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ។ មនុស្ស​បែប​នេះ​ដែល​មាន​ចំណាប់​អារម្មណ៍​នោះ រៀន​ជឿ​ទៅ​លើ​ព្រះ​និង​គោល​បំណង​របស់​ទ្រង់ ដោយ​មាន​មូលដ្ឋាន​រឹង​មាំ​ដែល​ជា​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​គម្ពីរ។ ជា​លទ្ធផល គេ​អំពាវនាវ​ដល់​ព្រះ​យេហូវ៉ា​ដើម្បី​បាន​សេចក្ដី​សង្គ្រោះ។ (​រ៉ូម ១០:១៣, ១៤, ១៧​) បើ​គេ​ស្ដាប់​ឬ​មិន​ស្ដាប់​ដំណឹង​ល្អ នោះ​ជា​ការ​ជ្រើស​រើស​ផ្ទាល់​ខ្លួន។ គ្មាន​ការ​បង្ខំ​ទេ! បើ​សិន​ជា​មាន​ការ​បង្ខំ​នោះ ការ​ដូរ​សាសនា​របស់​គេ​គឺ​គ្មាន​ន័យ​ទេ។ ការ​ថ្វាយ​បង្គំ​ត្រូវ​កើត​ចេញ​ពី​ដួង​ចិត្ត ដើម្បី​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ។—ចោទិយកថា ៦:៤, ៥; ១០:១២

ការ​ផ្សព្វ​ផ្សាយ​នៅ​សម័យ​ទំនើប​នេះ

១៦. តើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​រីក​ចំរើន​ឡើង​យ៉ាង​ណា​ក្នុង​សម័យ​ទំនើប​នេះ?

១៦ ក្នុង​កំឡុង​សម័យ​ទំនើប​នេះ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ដោយ​សម្រេច​តាម​ទំនាយ​នៅ​ម៉ាថាយ ២៤:២៤ ដល់​កំរិត​ធំ​បំផុត។ ឧបករណ៍​ចំបង​មួយ​ដែល​គេ​ប្រើ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នេះ​គឺ​ជា​ទស្សនាវដ្ដី​ប៉ម​យាម។ c នៅ​ឆ្នាំ​១៨៧៩ ពេល​លេខ​ដើម​នៃ​ទស្សនាវដ្ដី​ប៉ម​យាម​ត្រូវ​បោះ​ពុម្ព​នោះ មាន​ប្រមាណ​៦.០០០​ច្បាប់​ដែល​ត្រូវ​បោះ​ពុម្ព​ចេញ​រាល់​ឆ្នាំ​ជា​ភាសា​តែ​មួយ។ ១២២​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​២០០១ ទស្សនាវដ្ដី​នេះ​ត្រូវ​បោះ​ពុម្ព​ចេញ​ជា​២៣.០៤២.០០០​ច្បាប់​ជា​១៤១​ភាសា។ ទន្ទឹម​គ្នា​នឹង​ការ​ចំរើន​ឡើង​នេះ សកម្មភាព​ផ្សព្វ​ផ្សាយ​នៃ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ក៏​បាន​ចំរើន​កើន​ឡើង​ផង​ដែរ។ សូម​ប្រៀប​តែ​ប៉ុន្មាន​ពាន់​ម៉ោង​ដែល​ត្រូវ​ចំណាយ​រាល់​ឆ្នាំ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​សតវត្ស​ទី​១៩ ទៅ​នឹង​១.១៦៩.០៨២.២២៥​ម៉ោង​ដែល​បាន​ត្រូវ​ចំណាយ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ឆ្នាំ​២០០១។ សូម​ជួយ​ពិចារណា​៤.៩២១.៧០២​នាក់​ដែល​បាន​ត្រូវ​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​អំពី​ព្រះ​គម្ពីរ​នៅ​ឆ្នាំ​នោះ​ដែរ។ នេះ​ជា​សមិទ្ធិ​ផល​ដ៏​ធំ​នឹង​ប្រសើរ​ណាស់​ហ្ន៎! ហើយ​នេះ​ត្រូវ​សម្រេច​ដោយ​អ្នក​ផ្សាយ​សកម្ម​ប្រមាណ​៦.១១៧.៦៦៦​នាក់។

១៧. (​ក​) តើ​មនុស្ស​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​អ្វី​ខ្លះ​សព្វ​ថ្ងៃ​នេះ? (​ខ​) មិន​ថា​មនុស្ស​ម្នាក់​និយាយ​ភាសា​ណា មាន​ជាតិ​ណា ឬ​ស្ថិត​នៅ​ស្រទាប់​ណា​ក្នុង​សង្គម​ក្ដី តើ​គេ​ត្រូវ​ឮ​អ្វី?

១៧ អ្នក​តែង​ទំនុក​ដំកើង​សរសេរ​ថា​៖ ​«​អស់​ទាំង​ព្រះ​របស់​សាសន៍ដទៃ សុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍ តែ​ព្រះ​យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ​»។ (​ទំនុក​ដំកើង ៩៦:៥​) ក្នុង​ពិភព​លោក​នេះ ជាតិ​និយម វត្ថុ​តំណាង​ជាតិ អ្នក​ល្បី​ល្បាញ ទ្រព្យ​សម្បត្ដិ និង​រហូត​ដល់​លុយ​ក៏​បាន​ក្លាយ​ជា​អ្វី​ដែល​មនុស្ស​ថ្វាយ​បង្គំ​ដែរ។ (​ម៉ាថាយ ៦:២៤; អេភេសូរ ៥:៥; កូល៉ុស ៣:៥​) លោក​មហាន់ដាស់ ហ្គានឌី​បាន​ស្រដី​ពី​មុន​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ថា . . . សព្វ​ថ្ងៃ​នេះ អឺរ៉ុប​គ្រាន់​តែ​អះអាង​ថា​គេ​ជា​គ្រីស្ទាន។ តាម​ពិត​គេ​កំពុង​តែ​ថ្វាយ​បង្គំ​ទ្រព្យ​សម្បត្ដិ​ទុច្ចរិត​វិញ​»។ ជា​ការ​ពិត មនុស្ស​ត្រូវ​ដឹង​ឮ​ដំណឹង​ល្អ​នៅ​គ្រប់​ទី​កន្លែង។ មនុស្ស​ទាំង​អស់ មិន​ថា​គេ​និយាយ​ភាសា​ណា មាន​ជាតិ​ណា ឬ​ស្ថិត​នៅ​ស្រទាប់​ណា​ក្នុង​សង្គម​ក្ដី គេ​ត្រូវ​ដឹង​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់។ យើង​សង្ឃឹម​ថា​មនុស្ស​ទាំង​អស់​នឹង​ប្រព្រឹត្ត​តប​តាម​សំដី​របស់​អ្នក​តែង​ទំនុក​ដំកើង​ដែល​ថា​៖ ​«​ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ​យេហូវ៉ា​ថា ទ្រង់​មាន​សិរី​ល្អ​នឹង​ព្រះ​ចេស្ដា ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ​យេហូវ៉ា​ថា ព្រះ​នាម​ទ្រង់​មាន​សិរី​ល្អ​»។ (​ទំនុក​ដំកើង ៩៦:៧, ៨​) ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​ឯ​ទៀត​រៀន​អំពី​ព្រះ​យេហូវ៉ា​ប្រយោជន៍​ឲ្យ​គេ​សរសើរ​សិរី​ល្អ​របស់​ទ្រង់។ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តប​តាម ទទួល​ប្រយោជន៍​ជា​បរិបូរ។ តើ​គេ​ទទួល​ប្រយោជន៍​អ្វី? អត្ថបទ​ជា​បន្ទាប់​នឹង​ពិចារណា​រឿង​នេះ។

[​កំណត់​សម្គាល់​]

a សព្វ​វចនាធិប្បាយ​កាតូលិក​ចែង​ថា ក្នុង​កំឡុង​សម័យ​បដិវត្តន៍​ខាង​សាសនា ការ​បង្ខំ​មនុស្ស​ឲ្យ​ដូរ​សាសនា​បាន​ត្រូវ​សម្ដែង​ក្នុង​ពាក្យ​ស្លោក​ជា​ភាសា​ឡាតាំង​មួយ​ដែល​មាន​ន័យ​ថា​៖ ​«​អ្នក​ណា​គ្រប់​គ្រង អ្នក​នោះ​ជា​អ្នក​ជ្រើស​រើស​សាសនា​របស់​ស្រុក​»។

b នៅ​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​អន្តរជាតិ​នៅ​សហរដ្ឋ​អាមេរិក​សំរាប់​សេរី​ភាព​ខាង​សាសនា​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០០០​កន្លង​ទៅ​នេះ អ្នក​ចូល​រួម​ម្នាក់​បាន​មាន​ប្រសាសន៍​អំពី​ភាព​ខុស​គ្នា​រវាង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​និង​អ្នក​ដែល​បង្ខិត​បង្ខំ​មនុស្ស​ឲ្យ​ដូរ​សាសនា។ គេ​បាន​កត់​សម្គាល់​ថា ពេល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​នោះ គេ​ផ្សព្វ​ផ្សាយ​តាម​របៀប​មួយ​ដែល​មនុស្ស​ម្នាក់​អាច​បដិសេធ​បាន ដោយ​គ្រាន់​តែ​និយាយ​ថា​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ!​»​ហើយ​បិទ​ទ្វារ​ប៉ុណ្ណោះ។

c ចំណង​ជើង​ពេញ​នៃ​ទស្សនាវដ្ដី​នេះ​គឺ​ប៉ម​យាម ប្រកាស​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​យេហូវ៉ា។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• ហេតុ​អ្វី​បាន​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​ដូច្នេះ?

• ហេតុ​អ្វី​បាន​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ សូម្បី​តែ​នៅ​ប្រទេស​ដែល​ពិភព​គ្រីស្ទ​សាសនា​មាន​វិហារ​ហើយ​នោះ?

• ហេតុ​អ្វី​បាន​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​ញ៉ាំង​ឲ្យ​ដូរ​សាសនា​ដូច​ជា​សាសនា​ផ្សេង​ទៀត​នោះ?

• តើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​រីក​ចំរើន​ឡើង​យ៉ាង​ណា​ក្នុង​សម័យ​ទំនើប​នេះ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​៩​]

ព្រះ​យេស៊ូ​ជា​អ្នក​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង និង​ក៏​បាន​បង្រៀន​អ្នក​ដទៃ​ឲ្យ​ធ្វើ​កិច្ច​ការ​ដូច​គ្នា​នេះ​ដែរ

[​រូប​ភាព​នៅ​ទំព័រ​១០​]

គ្រីស្ទាន​ទាំង​អស់ នៅ​សតវត្ស​ទី​មួយ​បាន​ចូល​រួម ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ

[​រូប​ភាព​នៅ​ទំព័រ​១១​]

ការ​បង្ខិត​បង្ខំ​ឲ្យ​មនុស្ស​ដូរ​សាសនា គឺ​ជា​ការ​ខុស