លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបន្តសម្ដែងភាពល្អ

ចូរបន្តសម្ដែងភាពល្អ

ចូរ​បន្ត​សម្ដែង​ភាព​ល្អ

​«​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្ដី​សុចរិត​នឹង​សេចក្ដី​ពិត​»។—អេភេសូរ ៥:៩

១. តើ​មនុស្ស​រាប់​លាន​អ្នក​សព្វ​ថ្ងៃ​នេះ​បង្ហាញ​ថា គេ​យល់​ស្រប​នឹង​ទំនុក​ដំកើង ៣១:១៩ យ៉ាង​ដូច​ម្ដេច?

 ការ​ដ៏​ល្អ​បំផុត​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ទៅ​បាន គឺ​ជា​ការ​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា។ សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​ធ្វើ​យ៉ាង​នេះ​ដោយ​សរសើរ​ព្រះ​ចំពោះ​ភាព​ល្អ​របស់​ទ្រង់។ ក្នុង​នាម​ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នោះ យើង​យល់​ស្រប​ទាំង​ស្រុង​នឹង​អ្នក​តែង​ទំនុក​ដំកើង​ដែល​ច្រៀង​ថា​៖ ​«​ឱ​សេចក្ដី​សប្បុរស[​«​សេចក្ដី​ល្អ​»​,ព.ថ.​]នៃ​ទ្រង់​ជា​ធំ​អម្បាល​ណា​ទៅ! ដែល​ទ្រង់​បាន​ត្រៀម​ទុក​សំរាប់​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់​»។—ទំនុក​ដំកើង ៣១:១៩

២, ៣. តើ​អ្វី​អាច​កើត​ឡើង​បើ​សិន​ជា​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​មាន​សិស្ស​នោះ គឺ​មិន​ទន្ទឹម​គ្នា​នឹង​កិរិយា​ប្រព្រឹត្ត​ដ៏​ល្អ?

ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​យើង​ឲ្យ​សរសើរ​ដំកើង​ទ្រង់​ចំពោះ​ភាព​ល្អ​របស់​ទ្រង់។ ការ​កោត​ខ្លាច​ក៏​ជំរុញ​ចិត្ត​យើង​ឲ្យ‹អរ​ព្រះ​គុណ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ និង​ឲ្យ​ពួក​មនុស្សជាតិ​បាន​ស្គាល់​សិរី​ល្អ​នៃ​រាជ្យ​ទ្រង់›។ (​ទំនុក​ដំកើង ១៤៥:១០​-​១៣​) ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចូល​រួម​យ៉ាង​អស់​អំពី​ចិត្ត​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​និង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នោះ។ (​ម៉ាថាយ ២៤:១៤; ២៨:១៩, ២០​) ប៉ុន្តែ​យើង​ក៏​ត្រូវ​មាន​កិរិយា​ល្អ​ដំណាល​គ្នា​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ដែរ។ ពុំ​នោះ​សោត យើង​អាច​នាំ​មក​នូវ​ការ​តិះ​ដៀល​ចំពោះ​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ជា​មិន​ខាន​បើ​យើង​មិន​ធ្វើ​ដូច​នោះ​ទេ។

មនុស្ស​ជា​ច្រើន​អះអាង​ថា​គេ​ថ្វាយ​បង្គំ​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​សម​ស្រប​ទៅ​តាម​ខ្នាត​តម្រា​ដែល​ទ្រង់​បាន​កំណត់​ទុក​ក្នុង​ព្រះ​បន្ទូល​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​និយាយ​អំពី​មនុស្ស​ដែល​មិន​ធ្វើ​តាម​ការ​អះអាង​របស់​គេ​ដោយ​ថា​៖ ​«​អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី? អ្នក​ឯង​ដែល​ប្រដៅ​ថា កុំ​ឲ្យ​លួច​គេ តើ​អ្នក​លួច​ឬ​ទេ? អ្នក​ឯង​ដែល​ថា កុំ​ឲ្យ​ផិត​គ្នា តើ​អ្នក​ផិត​ឬ​ទេ? . . . ពួក​សាសន៍​ដទៃ គេ​ប្រមាថ​ដល់​ព្រះ​នាម​ព្រះ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ហើយ​»។—រ៉ូម ២:២១, ២២, ២៤

៤. តើ​កិរិយា​ល្អ​របស់​យើង​មាន​ឥទ្ធិពល​ដ៏​ល្អ​យ៉ាង​ណា?

យើង​ខំ​ប្រឹង​សរសើរ​ដំកើង​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​កិរិយា​ប្រព្រឹត្ត​ដ៏​ល្អ ជា​ជាង​នាំ​ឲ្យ​មាន​ការ​ប្រមាថ​តិះ​ដៀល​នូវ​ព្រះ​នាម​ទ្រង់។ នេះ​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​អ្នក​ខាង​ក្រៅ​ក្រុម​ជំនុំ​គ្រីស្ទាន។ របៀប​មួយ​គឺ​ថា នោះ​បំបិទ​មាត់​អ្នក​ដែល​ប្រឆាំង​យើង។ (​ពេត្រុស​ទី​១ ២:១៥​) សំខាន់​ហួស​ពី​សំខាន់​ទៅ​ទៀត​នោះ កិរិយា​ដ៏​ល្អ​របស់​យើង​ទាក់​ទាញ​មនុស្ស​ឲ្យ​ចូល​មក​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​បើក​ផ្លូវ​ឲ្យ​គេ​សរសើរ​ដំកើង​ទ្រង់​និង​ទទួល​ជីវិត​ជា​រៀង​រហូត។—កិច្ច​ការ ១៣:៤៨

៥. តើ​យើង​ត្រូវ​រក​ចម្លើយ​ចំពោះ​សំនួរ​អ្វី​ខ្លះ?

ដោយ​ព្រោះ​យើង​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​ដែល​អាច​ធ្វើ​ឲ្យ​អប​កិត្ដិនាម​ព្រះ និង​ការ​ប្រព្រឹត្ត​ដែល​មាន​អានុភាព​មិន​ល្អ​ទៅ​លើ​ជំនឿ​របស់​អ្នក​ដែល​កំពុង​តែ​ស្វែង​រក​សេចក្ដី​ពិត? តើ​យើង​អាច​បង្ហាញ​ភាព​ល្អ​បាន​យ៉ាង​ណា?

ផល​ផ្លែ​មួយ​នៃ​ពន្លឺ

៦. តើ​«​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្ដី​ងងឹត​»​រួម​បញ្ចូល​អ្វី​ខ្លះ? តែ​តើ​ជន​គ្រីស្ទាន​ត្រូវ​បង្ហាញ​ផល​ផ្លែ​អ្វី?

ក្នុង​នាម​ជា​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​នោះ យើង​មាន​អ្វីមួយ​ដែល​អាច​ជួយ​យើង​បញ្ចៀស​«​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្ដី​ងងឹត​»។ ការ​នេះ​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ដែល​បង្ខូច​កិត្ដិនាម​របស់​ព្រះ ដូច​ជា​ការ​ភូត​ភរ ការ​លួច ការ​ជេរ​ប្រមាថ ពាក្យ​សំដី​មិន​សម​គួរ​អំពី​ការ​រួម​ដំណេក ការ​ប្រព្រឹត្ត​ដែល​ធ្វើ​ឲ្យ​ខូច​កិត្ដិយស ការ​និយាយ​រឿង​អាស​អាភាស និង​ការ​ស្រវឹង​ស្រា។ (​អេភេសូរ ៤:២៥, ២៨, ៣១; ៥:៣, ៤, ១១, ១២, ១៨​) ចូរ​យើង​បន្ត​«​ដើរ​ដូច​ជា​មនុស្ស​ភ្លឺ​ចុះ​»​! ជា​ជាង​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​បែប​នោះ។ សាវ័ក​ប៉ុល​បាន​និយាយ​ថា​«​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្ដី​សុចរិត នឹង​សេចក្ដី​ពិត​»។ (​អេភេសូរ ៥:៨, ៩​) ដូច្នេះ ដោយ​ដើរ​ក្នុង​ពន្លឺ​នោះ យើង​អាច​បន្ត​សម្ដែង​នូវ​ភាព​ល្អ។ ប៉ុន្តែ តើ​នេះ​ជា​ពន្លឺ​បែប​ណា?

៧. ដើម្បី​បន្ត​សម្ដែង​ភាព​ល្អ​ជា​ផល​ផ្លែ​នោះ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

ទោះ​ជា​យើង​មិន​គ្រប់​ល័ក្ខណ៍​ក៏​ដោយ តែ​យើង​អាច​បង្ហាញ​ភាព​ល្អ បើ​សិន​ជា​យើង​ដើរ​ក្នុង​ពន្លឺ​ខាង​វិញ្ញាណ។ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ច្រៀង​ថា​៖ ​«​ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង​»។ (​ទំនុក​ដំកើង ១១៩:១០៥​) បើ​សិន​ជា​យើង​ចង់​បន្ត​បង្ហាញ​«​ផល​ផ្លែ​នៃ​ពន្លឺ​»​តាម​រយៈ​«​គ្រប់​ទាំង​កិរិយា​ល្អ​»​នោះ យើង​ត្រូវ​ឆ្លៀត​ប្រយោជន៍​ជា​ទៀង​ទាត់​ពី​ពន្លឺ​ខាង​វិញ្ញាណ​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ដែល​ត្រូវ​បក​ស្រាយ​យ៉ាង​ក្បោះ​ក្បាយ​ក្នុង​ប្រកាសនវត្ថុ​គ្រីស្ទាន និង​ដែល​ត្រូវ​ពិគ្រោះ​ជា​រឿយ​ៗ​នៅ​កិច្ច​ប្រជុំ​របស់​យើង​សំរាប់​ការ​ថ្វាយ​បង្គំ។ (​លូកា ១២:៤២; រ៉ូម ១៥:៤; ហេព្រើរ ១០:២៤, ២៥​) ជា​ពិសេស យើង​ក៏​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គំរូ​និង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​«​ពន្លឺ​លោកីយ​»​ថែម​ទាំង​ជា​«​រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ[​ព្រះ​យេហូវ៉ា​]​»។—យ៉ូហាន ៨:១២; ហេព្រើរ ១:១​-​៣

ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ

៨. ហេតុ​អ្វី​បាន​ជា​យើង​អាច​សម្ដែង​ភាព​ល្អ​បាន?

ប្រាកដ​ជា​ពន្លឺ​ខាង​វិញ្ញាណ​ជួយ​យើង​សម្ដែង​ភាព​ល្អ។ ម្យ៉ាង​ទៀត យើង​ក៏​អាច​សម្ដែង​គុណ​សម្បត្ដិ​នេះ ពីព្រោះ​យើង​ត្រូវ​នាំ​មុខ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឬ​ក៏​សកម្មពល​របស់​ព្រះ។ ភាព​ល្អ​គឺ​ជា​ផ្នែក​មួយ​នៃ​«​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​»។ (​កាឡាទី ៥:២២, ២៣​) បើ​សិន​ជា​យើង​អនុលោម​ទៅ​តាម​ការ​ណែនាំ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នោះ វិញ្ញាណ​បរិសុទ្ធ​នឹង​បង្កើត​ភាព​ល្អ​ក្នុង​យើង។

៩. តើ​យើង​អាច​ប្រព្រឹត្ត​សម​ស្រប​ទៅ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ត្រូវ​កត់​ទុក​នៅ​លូកា ១១:៩​-​១៣​បាន​យ៉ាង​ណា?

ដោយ​ព្រោះ​យើង​ប៉ង​ប្រាថ្នា​ដើម្បី​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ដោយ​សម្ដែង​ភាព​ល្អ​ដែល​ជា​ផល​ផ្លែ​នៃ​វិញ្ញាណ​បរិសុទ្ធ​នោះ ចិត្ត​យើង​គួរ​ត្រូវ​ជំរុញ​ឲ្យ​ប្រព្រឹត្ត​សម​ស្រប​ទៅ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​សូម! នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក! នោះ​តែង​នឹង​ឃើញ ចូរ​គោះ! នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។ ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។ ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំ​ប៉័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​វា? ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ? បើ​វា​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យា​ដំរី​ឬ​អី? បើ​អ្នក​រាល់​គ្នា​ដែល[​មិន​គ្រប់​ល័ក្ខណ៍​ប្រៀប​ដូច​]ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា ដែល​គង់​ស្ថាន​សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត?​»។ (​លូកា ១១:៩​-​១៣​) ចូរ​ឲ្យ​យើង​អនុវត្ត​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ​ដោយ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ឲ្យ​បាន​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ដើម្បី​បន្ត​សម្ដែង​ភាព​ល្អ​ជា​ផល​ផ្លែ​នោះ។

‹ចូរ​បន្ត​ប្រព្រឹត្ត​ល្អ›

១០. តើ​និក្ខមនំ ៣៤:៦, ៧​បញ្ជាក់​អំពី​លក្ខណៈ​ផ្សេង​ៗ​អ្វី​ខ្លះ​នៃ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា?

១០ ដោយ​មាន​ពន្លឺ​ខាង​វិញ្ញាណ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​និង​ដោយ​មាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​នោះ យើង​អាច‹បន្ត​ប្រព្រឹត្ត​ល្អ›។ (​រ៉ូម ១៣:៣​) តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​នោះ យើង​រៀន​កាន់​តែ​ច្រើន​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​តាម​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា។ អត្ថបទ​មុន​បាន​បញ្ជាក់​នូវ​លក្ខណៈ​ផ្សេង​ៗ​នៃ​ភាព​ល្អ​របស់​ព្រះ ដែល​ត្រូវ​ប្រកាស​ឲ្យ​លោក​ម៉ូសេ​ស្ដាប់​នៅ​និក្ខមនំ ៣៤:៦, ៧ ដែល​អាន​ថា​៖ ​«​យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ ទ្រង់​មានសេចក្ដី​មេត្ដា​ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង នឹង​អំពើ​បាប ប៉ុន្តែ​ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ​»។ ការ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ជាង​នូវ​លក្ខណៈ​ផ្សេង​ៗ​នៃ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា នោះ​នឹង​ជួយ​ឲ្យ​យើង‹បន្ត​ប្រព្រឹត្ត​ល្អ›។

១១. តើ​ការ​យល់​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​មេត្ដា​ករុណា​និង​មាន​ព្រះ​ទ័យ​សន្ដោស​ប្រណី​នោះ គួរ​មាន​អានុភាព​យ៉ាង​ណា​មក​លើ​យើង?

១១ ការ​ប្រកាស​នេះ​របស់​ព្រះ​ដាស់​តឿន​យើង​ឲ្យ​ដឹង​ថា យើង​ត្រូវ​តែ​យក​តម្រាប់​តាម​សេចក្ដី​មេត្ដា​ករុណា​និង​ព្រះ​ទ័យ​សន្ដោស​ប្រណី​របស់​ព្រះ​យេហូវ៉ា​ជា​ចាំ​បាច់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​មេត្ដា​ករុណា​វិញ​»។ (​ម៉ាថាយ ៥:៧; លូកា ៦:៣៦​) យើង​ចង់​មាន​ចិត្ត​សន្ដោស​ប្រណី​ហើយ​ស្លូត​បូត​នឹង​អ្នក​ឯ​ទៀត​ព្រម​ទាំង​អ្នក​ដែល​យើង​ផ្សព្វ​ផ្សាយ​ដល់​នោះ ដោយ​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​ក៏​សន្ដោស​ប្រណី​ដែរ។ នេះ​គឺ​សម​ស្រប​នឹង​ឱវាទ​របស់​ប៉ុល​ដែល​ថា​៖ ​«​ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ​គុណ​ជា​និច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយ​ៗ​»។—កូល៉ុស ៤:៦

១២. (​ក​) ដោយ​ព្រោះ​ព្រះ​យឺត​នឹង​ខ្ញាល់ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​អ្នក​ដទៃ? (​ខ​) តើ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ចង់​ធ្វើ​អ្វី?

១២ ដោយ​ព្រោះ​ព្រះ​ក៏​យឺត​នឹង​ខ្ញាល់​ដែរ​នោះ ចិត្ត​យើង​ត្រូវ​ជំរុញ​ឲ្យ​អត់​ទ្រាំ​នឹង​កំហុស​តូច​តាច​របស់​អ្នក​ជឿ​គ្នី​គ្នា ហើយ​មើល​តែ​លក្ខណៈ​ល្អ​របស់​ពួក​គេ​វិញ ដោយ​ប្រាថ្នា‹បន្ត​ប្រព្រឹត្ត​ល្អ›។ (​ម៉ាថាយ ៧:៥; យ៉ាកុប ១:១៩​) សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា ជំរុញ​ចិត្ត​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ស្មោះ​ស្ម័គ្រ សូម្បី​តែ​ពេល​យើង​ប្រទះ​កាលៈទេសៈ​ដ៏​ពិបាក​ក៏​ដោយ។ នេះ​ពិត​ជា​គុណ​សម្បត្ដិ​មួយ​ដែល​គួរ​ឲ្យ​ចង់​បាន​មែន។—សុភាសិត ១៩:២២

១៣. តើ​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ដើម្បី​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មាន​«​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ​»​នោះ?

១៣ ដោយ​ព្រោះ​ព្រះ​វរបិតា​សួគ៌ា​របស់​យើង​មាន​«​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ​»​នោះ ‹យើង​ខំ ទុក​ខ្លួន​ដូច​ជា​អ្នក​បំរើ​ព្រះ​ដោយ​និយាយ​ពាក្យ​ពិត›ជា​និច្ច។ (​កូរិនថូស​ទី​២ ៦:៣​-​៧​) ​«​អណ្ដាត​ភូត​ភរ​»​និង​«​សាក្សី​ក្លែង​ក្លាយ ដែល​ពោល​ពាក្យ​កំភូត​»​រួម​ក្នុង​៧​មុខ​ដែល​ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម។ (​សុភាសិត ៦:១៦​-​១៩​) ដូច្នេះ ដោយ​ព្រោះ​យើង​ប្រាថ្នា​បំពេញ​ព្រះ​ហឫទ័យ​ព្រះ នោះ​យើង​បាន‹ដោះ​សេចក្ដី​កំភូត​ចោល​ចេញ និង​និយាយ​សេចក្ដី​ពិត›។ (​អេភេសូរ ៤:២៥​) ចូរ​ឲ្យ​យើង​សម្ដែង​ភាព​ល្អ​តាម​របៀប​ដ៏​សំខាន់​នេះ​កុំ​ខាន។

១៤. ហេតុ​អ្វី​បាន​ជា​យើង​គួរ​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ?

១៤ ការ​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ម៉ូសេ​ស្ដាប់​នោះ ក៏​គួរ​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ចង់​អត់​ឱន​ទោស​អ្នក​ដទៃ ដ្បិត​ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​អត់​ឱន​ទោស​ជា​និច្ច។ (​ម៉ាថាយ ៦:១៤, ១៥​) ប៉ុន្តែ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ដាក់​ទោស​ទៅ​លើ​អ្នក​ដែល​ធ្វើ​បាប​ដោយ​មិន​ប្រែ​ចិត្ត​នោះ​ពុំ​ខាន។ ម្ល៉ោះ​ហើយ​បាន​ជា​យើង​ត្រូវ​គាំទ្រ​ខ្នាត​តម្រា​របស់​ទ្រង់​ស្តី​ពី​ភាព​ល្អ​ក្នុង​ការ​រក្សា​ភាព​ស្អាត​ស្អំ​ក្នុង​ក្រុម​ជំនុំ។—លេវីវិន័យ ៥:១; កូរិនថូស​ទី​១ ៥:១១, ១២; ធីម៉ូថេ​ទី​១ ៥:២២

‹ចូរ​ប្រយ័ត្ន​ដោយ​មធ្យ័ត›

១៥, ១៦. តើ​ឱវាទ​របស់​ប៉ុល​ដែល​ត្រូវ​កត់​ទុក​នៅ​អេភេសូរ ៥:១៥​-​១៩​អាច​ជួយ​យើង​បន្ត​ប្រព្រឹត្ត​ល្អ​យ៉ាង​ដូច​ម្ដេច​បាន?

១៥ ដើម្បី​បន្ត​សម្ដែង​ភាព​ល្អ​ទោះ​ជា​មាន​អំពើ​អាក្រក់​នៅ​ជុំ​វិញ​យើង​ក៏ដោយ​នោះ យើង​ត្រូវ​តែ​ពេញ​ទៅ​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រព្រឹត្ត​របស់​យើង។ ប៉ុល​បាន​ដាស់​តឿន​ជន​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ​សម​ស្រប​នឹង​នេះ​ដែរ​ថា​៖ ‹ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់ ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់​វិញ កុំ​ឲ្យ​ស្រវឹង​ស្រា ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​វិញ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ​អម្ចាស់​ក្នុង​ចិត្ត›។ (​អេភេសូរ ៥:១៥​-​១៩​) ឱវាទ​នេះ​ពិត​ជា​សមរម្យ​សំរាប់​យើង​ដែល​រស់​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ។—ធីម៉ូថេ​ទី​២ ៣:១

១៦ បើ​សិន​ជា​យើង​នឹង​បន្ត​សម្ដែង​ភាព​ល្អ​នោះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ដើរ​ដូច​ជា​អ្នក​ដែល​មាន​ប្រាជ្ញា​ពី​ព្រះ។ (​យ៉ាកុប ៣:១៧​) យើង​ត្រូវ​ជៀស​ចេញ​ពី​អំពើ​អបាយមុខ​ដ៏​លាមក​អាក្រក់ ហើយ​ត្រូវ​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ ដោយ​អនុញ្ញាត​ឲ្យ​នោះ​នាំ​មុខ​យើង។ (​កាឡាទី ៥:១៩​-​២៥​) ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដែល​ត្រូវ​ជូន​នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន សន្និបាត និង​មហា​សន្និបាត​នោះ យើង​អាច​បន្ត​ប្រព្រឹត្ត​ល្អ​បាន។ អ្វី​ដែល​សាវ័ក​ប៉ុល​បាន​និយាយ​ទៅ​កាន់​ជន​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ​នោះ ប្រហែល​ជា​រំឭក​យើង​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពី​កិច្ច​ប្រជុំ​ភាគ​ច្រើន​ដោយ​ច្រៀង​«​ចំរៀង​ខាង​ឯ​វិញ្ញាណ​»​យ៉ាង​អស់​ពី​ចិត្ត ដែល​ក្នុង​នោះ​មាន​ចំរៀង​ជា​ច្រើន​ទាក់​ទង​នឹង​គុណ​សម្បត្ដិ​ខាង​វិញ្ញាណ​ដូច​ជា​ភាព​ល្អ។

១៧. តើ​ជន​គ្រីស្ទាន​ណា​ដែល​មាន​ជម្ងឺ​ដង្កាត់​ធ្ងន់​ធ្ងរ​នោះ​អាច​ជឿ​ជាក់​ទៅ​លើ​អ្វី បើ​សិន​ជា​កាលៈទេសៈ​របស់​គេ​មិន​អនុញ្ញាត​ឲ្យ​គេ​មាន​វត្តមាន​នៅ​ឯ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​នោះ?

១៧ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អ្នក​ជឿ​គ្នា​យើង ដែល​មិន​អាច​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀង​ទាត់​ដោយ​សារ​ជម្ងឺ​ដង្កាត់​ដ៏​ធ្ងន់​ធ្ងរ​រ៉ាំរ៉ៃ​នោះ? ពួក​គេ​ប្រហែល​ជា​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​ដោយ​ព្រោះ​គេ​ជួន​កាល​មិន​អាច​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​ចូល​រួម​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​បាន​ទេ។ ក៏​ប៉ុន្តែ ពួក​គេ​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​យោគ​យល់​នូវ​កាលៈទេសៈ​របស់​ពួក​គេ ហើយ​ទ្រង់​នឹង​រក្សា​គេ​ឲ្យ​បន្ត​ស្ថិត​ក្នុង​ពន្លឺ ថែម​ទាំង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ដើម្បី​ជួយ​គេ​ឲ្យ​បន្ត​ប្រព្រឹត្ត​ល្អ។—អេសាយ ៥៧:១៥

១៨. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បន្ត​ប្រព្រឹត្ត​ល្អ?

១៨ ការ​ប្រព្រឹត្ត​ល្អ​មាន​ន័យ​ថា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា យើង​សេព​គប់​មនុស្ស​បែប​ណា​និង​ជៀស​វាង​អ្នក​ដែល​«​មិន​ចូល​ចិត្ត​នឹង​ការ​ល្អ​»។ (​ធីម៉ូថេ​ទី​២ ៣:២​-​៥; កូរិនថូស​ទី​១ ១៥:៣៣​) ការ​អនុវត្ត​តាម​ដំបូន្មាន​បែប​នេះ​ជួយ​យើង​មិន​«​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ​ហឫទ័យ​»​ដោយ​ប្រព្រឹត្ត​ខុស​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ព្រះ​វិញ្ញាណ។ (​អេភេសូរ ៤:៣០​) ម្យ៉ាង​ទៀត​នោះ បើ​សិន​ជា​យើង​បង្កើត​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​អ្នក​ដែល​មាន​វិថី​ជីវិត​ដែល​បញ្ជាក់​ថា​គេ​ស្រឡាញ់​សេចក្ដី​ល្អ ថែម​ទាំង​ត្រូវ​ដឹក​នាំ​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នោះ នេះ​នឹង​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ល្អ​ដែរ។—អេម៉ុស ៥:១៥; រ៉ូម ៨:១៤; កាឡាទី ៥:១៨

ភាព​ល្អ​បង្កើត​នូវ​លទ្ធផល​ដ៏​ល្អ

១៩​-​២១. សូម​រៀប​រាប់​នូវ​បទ​ពិសោធន៍​ដែល​បញ្ជាក់​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​បង្ហាញ​ភាព​ល្អ។

១៩ ការ​ដើរ​ក្នុង​ពន្លឺ​ខាង​វិញ្ញាណ ការ​អនុលោម​ទៅ​តាម​ការ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះ និង​ការ​ប្រុង​ប្រយ័ត្ន​ថា​យើង​ដើរ​បែប​យ៉ាង​ណា​នោះ នឹង​ជួយ​យើង​ជៀស​ចេញ​ពី​អំពើ​អាក្រក់​និង‹បន្ត​ប្រព្រឹត្ត​ល្អ›។ នេះ​អាច​ជា​ហេតុ​បង្កើត​ឲ្យ​មាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​បាន។ សូម​ពិចារណា​នូវ​បទ​ពិសោធន៍​របស់​បង​ប្រុស​ហ្សងកេស៊ីឡេ​ដែល​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ពេល​គាត់​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​សាលា​នោះ គាត់​ឆៀង​ទៅ​ឆែក​មើល​ចំនួន​ទឹក​ប្រាក់​សន្សំ​របស់​គាត់​ក្នុង​ធនាគារ។ ក្រដាស​ដែល​ម៉ាស៊ីន​សំរាប់​បញ្ជាក់​ទឹក​ប្រាក់​បោះ​ពុម្ព​ចេញ​មក​នោះ​បញ្ជាក់​ខុស​ថា​គាត់​មាន​លុយ​ជាង​៦.០០០​ដុល្លារ​អាមេរិក។ អ្នក​យាម​នៅ​ធនាគារ​និង​អ្នក​ផ្សេង​ៗ​ទៀត​ខំ​ជំរុញ​ឲ្យ​គាត់​ដក​លុយ​នោះ​ពី​ធនាគារ​នឹង​ដាក់​ក្នុង​ធនាគារ​មួយ​ផ្សេង​ទៀត។ មាន​តែ​គូ​ស្វាមី​ភរិយា​មួយ​គូ​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ដែល​គាត់​ស្នាក់​នៅ​ជា​មួយ​ទេ ដែល​បាន​សរសើរ​គាត់​ដោយ​សារ​គាត់​មិន​បាន​ដក​លុយ​នោះ​ចេញ។

២០ នៅ​ថ្ងៃ​ធ្វើ​ការ​បន្ទាប់​មក ហ្សងកេស៊ីឡេ​បាន​ប្រាប់​បុគ្គលិក​ធនាគារ​អំពី​បញ្ហា​នេះ។ គេ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា​គាត់​មាន​លេខ​គណនេយ្យ​ដូច​ជា​ពាណិជ្ជករ​ដ៏​ស្តុក​ស្តម្ភ​ម្នាក់​ដែល​បាន​ច្រឡំ​ដាក់​លុយ​គាត់​ក្នុង​គណនេយ្យ​ខុស។ ពាណិជ្ជករ​នោះ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​សារ​ហ្សងកេស៊ីឡេ​មិន​បាន​ចាយ​លុយ​នោះ​ទេ ហើយ​គាត់​សួរ​ថា​៖ ​«​តើ​អ្នក​កាន់​សាសនា​អ្វី​ទៅ?​»។ ហ្សងកេស៊ីឡេ​ពន្យល់​ថា​គាត់​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ អ្នក​តម្រួត​ការ​ធនាគារ​បាន​សរសើរ​ហ្សងកេស៊ីឡេ​យ៉ាង​កក់​ក្ដៅ​ថា​៖ ​«​យើងស្ដាយ​ណាស់​ដែល​មនុស្ស​ទាំង​អស់​មិន​ទៀង​ត្រង់​ដូច​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​»។ ពិត​ណាស់ ការ​ប្រព្រឹត្ត​ដ៏​ល្អ​និង​ទៀង​ត្រង់​ពិត​ជា​នាំ​ឲ្យ​អ្នក​ដទៃ​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា។—ហេព្រើរ ១៣:១៨

២១ ដើម្បី​បង្កើត​លទ្ធផល​ដ៏​ប្រសើរ​នោះ ការ​ប្រព្រឹត្ត​ដ៏​ល្អ​មិន​ចាំ​បាច់​ជា​ការ​អ្វី​ដ៏​ធំ​ដុំ​ទេ។ ដូច​យ៉ាង​ស្មរ​បន្ទាល់​ម្នាក់​ដែល​នៅ​យុវវ័យ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ប្រជុំ​កោះ​សាម័រ គាត់​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ។ នៅ​ទី​នោះ​មាន​មនុស្ស​កំពុង​តែ​ចាំ​ជួប​គ្រូ​ពេទ្យ ហើយ​ស្មរ​បន្ទាល់​នោះ​សង្កេត​ឃើញ​ថា ស្ត្រី​ចំណាស់​ម្នាក់​កំពុង​តែ​អង្គុយ​នៅ​ក្បែរ​គាត់​ឈឺ​ធ្ងន់​ណាស់។ ស្មរ​បន្ទាល់​នោះ​រៀបចំ​ឲ្យ​ស្ត្រី​នោះ​ចូល​ពិនិត្យ​មុន​គាត់ ដើម្បី​ទទួល​ការ​ព្យាបាល​បាន​លឿន​ជាង។ ក្រោយ​មក​នៅ​ថ្ងៃ​មួយ ស្មរ​បន្ទាល់​នេះ​ជួប​ស្ត្រី​ចំណាស់​នោះ​នៅ​ផ្សារ។ ស្ត្រី​នេះ​នៅ​ចាំ​គាត់​និង​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ដែល​គាត់​បាន​ធ្វើ​នៅ​មន្ទីរ​ពេទ្យ។ ស្ត្រី​នេះ​ស្រដី​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ដឹង​ថា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​គេ​មែន​»។ ការ​ល្អ​របស់​ស្មរ​បន្ទាល់​នេះ​បាន​មាន​អានុភាព​ល្អ​ទៅ​លើ​ស្ត្រី​នោះ សោតឯ​ពី​មុន​វិញ ស្ត្រី​នេះ​មិន​ព្រម​ស្ដាប់​សារ​ព្រះ​រាជាណាចក្រ​ទេ។ ស្ត្រី​នេះ​ព្រម​សិក្សា​ព្រះ​គម្ពីរ​ហើយ​ចាប់​ផ្ដើម​ទទួល​ចំណេះ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ។

២២. តើ​អ្វី​ជា​វិធី​សំខាន់​មួយ​ដែល​យើង​អាច‹បន្ត​ប្រព្រឹត្ត​ល្អ›?

២២ ទំនង​ជា​អ្នក​ក៏​អាច​រ៉ាយរ៉ាប់​បទ​ពិសោធន៍​ខ្លះ​ៗ​ផង​ដែរ ដែល​បញ្ជាក់​ប្រយោជន៍​នៃ​ការ​បង្ហាញ​ភាព​ល្អ។ វិធី​សំខាន់​មួយ​ដើម្បី‹បន្ត​ប្រព្រឹត្ត​ល្អ›គឺ​ជា​ការ​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (​ម៉ាថាយ ២៤:១៤​) ចូរ​ឲ្យ​យើង​បន្ត​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​សកម្មភាព​នេះ​ដែល​ជា​ឯកសិទ្ធិ​មួយ​ដ៏​ប្រសើរ​ឯក ដោយ​ដឹង​ថា​នេះ​ជា​វិធី​មួយ​ដើម្បី​ធ្វើ​ល្អ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ព្រម​ស្ដាប់។ សំខាន់​បំផុត​គឺ​ថា កិច្ច​បំរើ​និង​កិរិយា​ប្រព្រឹត្ត​ដ៏​ល្អ​របស់​យើង​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា ដែល​ជា​ប្រភព​នៃ​ភាព​ល្អ។—ម៉ាថាយ ១៩:១៦, ១៧

ចូរ​បន្ត​«​ធ្វើ​ល្អ​»​

២៣. ហេតុ​អ្វី​បាន​ជា​កិច្ច​បំរើ​ផ្សាយ​គ្រីស្ទាន​នេះ​ជា​កិច្ច​ការ​ដ៏​ល្អ?

២៣ កិច្ច​បំរើ​ផ្សាយ​របស់​យើង​ពិត​ជា​កិច្ច​ការ​ដ៏​ល្អ។ កិច្ច​បំរើ​នោះ​អាច​នាំ​យើង​ហើយ​អស់​អ្នក​ដែល​ស្ដាប់​សារ​ព្រះ​គម្ពីរ​និង​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​ជីវិត​ជា​រៀង​រហូត​នោះ​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ​បាន។ (​ម៉ាថាយ ៧:១៣, ១៤; ធីម៉ូថេ​ទី​១ ៤:១៦​) ដូច្នេះ ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ សេចក្ដី​ប៉ង​ប្រាថ្នា​ឲ្យ​ប្រព្រឹត្ត​ល្អ​ប្រហែល​ជា​នឹង​ជំរុញ​ចិត្ត​ឲ្យ​យើង​ដណ្ដឹង​សួរ​ខ្លួន​ថា​៖ ‹តើ​ការ​សម្រេច​ចិត្ត​នេះ​នឹង​ប៉ះ​ពាល់​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​យ៉ាង​ដូច​ម្ដេច? តើ​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​គិត​ពិចារណា​ចង់​ធ្វើ​នោះ​ពិត​ជា​ល្អ​ឬ​ទេ? តើ​នេះ​នឹង​ជួយ​ខ្ញុំ​ជួយ​អ្នក​ដទៃ​ឲ្យ​ស្ដាប់​«​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​»​និង​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទេ? (​វិវរណៈ ១៤:៦​) សុភមង្គល​យ៉ាង​ច្រើន​ក្រៃ​លែង​អាច​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​បំរើ​ប្រយោជន៍​ព្រះ​រាជាណាចក្រ។—ម៉ាថាយ ៦:៣៣; កិច្ច​ការ ២០:៣៥

២៤, ២៥. តើ​អ្វី​ជា​វិធី​ខ្លះ​ៗ​ដែល​យើង​អាច​ធ្វើ​ល្អ​ក្នុង​ក្រុម​ជំនុំ? ហើយ​តើ​យើង​អាច​ជឿ​ជាក់​ទៅ​លើ​អ្វី​បើ​សិន​ជា​យើង​បន្ត​បង្ហាញ​ភាព​ល្អ?

២៤ កុំ​បី​ឲ្យ​យើង​មើល​ស្រាល​នូវ​គុណ​ប្រយោជន៍​នៃ​ភាព​ល្អ​ឡើយ។ យើង​អាច​បន្ត​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ដោយ​គាំទ្រ​ក្រុម​ជំនុំ​គ្រីស្ទាន និង​ធ្វើ​អ្វី​តាម​តែ​សមត្ថភាព​របស់​យើង​ដើម្បី​បំរើ​ប្រយោជន៍​ក្រុម​ជំនុំ។ យើង​ប្រាកដ​ជា​ធ្វើ​ល្អ​ពេល​យើង​ទៅ​និង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ វត្តមាន​របស់​យើង​តែ​ម្ដង​លើក​ទឹក​ចិត្ត​អ្នក​ជឿ​គ្នី​គ្នា​និង​ចម្លើយ​ដែល​បាន​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ក៏​ជួយ​ស្អាង​ចិត្ត​គេ​ខាង​វិញ្ញាណ​ដែរ។ យើង​ក៏​ធ្វើ​ល្អ​ពេល​យើង​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​យើង ដើម្បី​គាំទ្រ​សាល​ព្រះ​រាជាណាចក្រ​និង​ជួយ​ថែ​ទាំ​សាល​ឲ្យ​បាន​ល្អ​ស្អាត។ (​ពង្សាវតារ​ក្សត្រ​ទី​២ ២២:៣​-​៧; កូរិនថូស​ទី​២ ៩:៦, ៧​) ពិត​មែន​ហើយ​«​កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម​»។—កាឡាទី ៦:១០

២៥ យើង​មិន​អាច​ដឹង​ទុក​ជា​មុន​ថា កាលៈទេសៈ​ណា​នឹង​តម្រូវ​ឲ្យ​យើង​បង្ហាញ​ភាព​ល្អ​ទេ។ ដូច្នេះ ពេល​យើង​ប្រទះ​ការ​ពិបាក​ថ្មី​ៗ​ផ្សេង​ៗ​នោះ ចូរ​ឲ្យ​យើង​បន្ត​ស្វែង​រក​ពន្លឺ​ពី​បទ​គម្ពីរ​និង​អធិស្ឋាន​ទូល​សុំ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រព្រឹត្ត​តាម​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​និង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ដែល​សុក្រឹត។ (​រ៉ូម ២:៩, ១០; ១២:២​) យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​យ៉ាង​បរិបូរ​ចំពោះ​យើង​ពេល​យើង​បន្ត​បង្ហាញ​ភាព​ល្អ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អ្វី​ជា​ការ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​សម្រេច​បាន?

• ហេតុ​អ្វី​បាន​ជា​ភាព​ល្អ​ត្រូវ​ហៅ​ជា‹ផល​ផ្លែ​នៃ​ពន្លឺ›?

• ហេតុ​អ្វី​បាន​ជា​ភាព​ល្អ​ត្រូវ​ហៅ​ជា‹ផល​ផ្លែ​នៃ​វិញ្ញាណ›?

• តើ​កិរិយា​ប្រព្រឹត្ត​ដ៏​ល្អ​របស់​យើង​មាន​អានុភាព​ល្អ​យ៉ាង​ណា?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៦​]

ព្រះ​បន្ទូល​របស់​ព្រះ​និង​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ជួយ​យើង​បង្ហាញ​ភាព​ល្អ

[​រូប​ភាព​នៅ​ទំព័រ​២៧​]

លទ្ធផល​ដ៏​ប្រសើរ កើត​ចេញ​ពី ការ​បង្ហាញ​ភាព​ល្អ