លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអាចមានសង្គមមនុស្សដែលគ្មានវណ្ណៈបានទេ?

តើអាចមានសង្គមមនុស្សដែលគ្មានវណ្ណៈបានទេ?

តើ​អាច​មាន​សង្គម​មនុស្ស​ដែល​គ្មាន​វណ្ណៈ​បាន​ទេ?

លោក​ចន​អាដាម​ដែល​ជា​អតីត​ប្រធានាធិបតី​ទី​ពីរ​នៅ​សហរដ្ឋ​អាមេរិក បាន​រួម​ចំណែក​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​ប្រវត្ដិ​សាស្ត្រ នោះ​គឺ​ជា​ឯកសារ​ប្រកាស​ឯករាជ្យ​ភាព ដែល​រួម​បញ្ចូល​ពាក្យ​ដូច​ត​ទៅ​នេះ​៖ ​«​យើង​ចាត់​ទុក​សេចក្ដី​ពិត​ទាំង​នេះ​ជា​អ្វី​ដែល​អាច​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត ថា​មនុស្ស​ទាំង​អស់​បាន​ត្រូវ​បង្កើត​មក​មាន​ភាព​ស្មើ​គ្នា​»។ យ៉ាង​ណា​ក្ដី លោក​ចន​អាដាម​ទំនង​ជា​បាន​សង្ស័យ​ថា​មនុស្ស​មិន​អាច​ស្មើ​ភាព​គ្នា​ទេ ព្រោះ​គាត់​បាន​សរសេរ​ថា​៖ ​«​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​បាន​បង្កើត​លក្ខណៈ​មនុស្ស ឲ្យ​មាន​សតិ​និង​រាង​កាយ​មិន​ស្មើ​គ្នា​សោះ ដូច្នេះ​បាន​ជា​គ្មាន​ផែន​ការ​ណា ឬ​នយោបាយ​ណា​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ស្មើ​ភាព​គ្នា​បាន​ឡើយ​»។ ផ្ទុយ​ទៅ​វិញ អ្នក​ប្រវត្ដិវិទូ​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ហឺបឺត​ជោច​វេល អាច​ស្រមៃ​គិត​អំពី​សង្គម​មនុស្ស​ដែល​ស្មើ​ភាព​គ្នា​នេះ​អាស្រ័យ​លើ​មូលហេតុ​បី​យ៉ាង​គឺ ដោយ​សាសនា​បរិសុទ្ធ​និង​ឥត​សៅ​ហ្មង​តែ​មួយ​គត់​ទូទាំង​ផែនដី ព្រម​ទាំង​មាន​ការ​អប់រំ​តែ​មួយ​ប៉ុណ្ណោះ​សំរាប់​មនុស្ស​ទាំង​ឡាយ ហើយ​ក៏​ត្រូវ​លែង​មាន​កង​យោធា​ដែរ។

មក​ដល់​បច្ចុប្បន្ន​នេះ ប្រវត្ដិ​មនុស្ស​មិន​ទាន់​បាន​បង្កើត​សង្គម​ណា​ដែល​មាន​ភាព​ស្មើ​គ្នា​ដូច​ដែល​លោក​វេល​បាន​ស្រមៃ​ឃើញ​នោះ​ឡើយ។ មនុស្ស​ច្បាស់​ជា​គ្មាន​ភាព​ស្មើ​គ្នា​ទាល់​តែ​សោះ ហើយ​សង្គម​យើង​នៅ​តែ​មាន​ការ​បែង​ចែក​តាម​វណ្ណៈ​ជា​លក្ខណៈ​ចំបង។ តើ​ការ​បែង​ចែក​នេះ​ធ្លាប់​នាំ​ឲ្យ​សង្គម​មនុស្ស​ទូទៅ​មាន​ប្រយោជន៍​ណា​ឬ​ទេ? គឺ​គ្មាន​ទេ! ការ​បែង​ចែក​ជា​វណ្ណៈ​បែប​នេះ រមែង​ធ្វើ​ឲ្យ​មនុស្ស​បាក់​បែក​គ្នា ទាំង​នាំ​ឲ្យ​មាន​ការ​ឈ្នានីស សំអប់ ការ​ឈឺ​ចាប់ និង​ការ​សម្លាប់​គ្នា​ជា​ដើម។ មតិ​ដែល​ថា​មនុស្ស​សម្បុរ​សមាន​ឋានៈ​ខ្ពស់ ដែល​ធ្លាប់​មាន​នៅ​ទ្វីប​អាហ្វ្រិច ប្រទេស​អូស្ដ្រាលី និង​អាមេរិក​ខាង​ជើង បាន​នាំ​ឲ្យ​មនុស្ស​ដែល​គ្មាន​សម្បុរ​សរ​ង​ទុក្ខ​យ៉ាង​អភ័ព្វ ដែល​រួម​ទាំង​ការ​សម្លាប់​រង្គាល​អ្នក​ស្រុក​ដើម​ទាំង​អស់​នៅ​ទឹក​ដី​វ៉​ង​ឌី​ម៉​ង (​ឥឡូវ​ហៅ​ថា កោះ​ថា​ស្មេ​នា​)។ នៅ​ទ្វីប​អឺរ៉ុប ការ​ចាត់​ទុក​សាសន៍​យូដា​ជា​មនុស្ស​ថោក​ទាប​ជាង នោះ​ជា​អ្វី​ដែល​នាំ​មក​នូវ​ហាយនភាព។ ភាព​ស្តុក​ស្តម្ភ​នៃ​វណ្ណៈ​អភិជន និង​ភាព​មិន​ស្កប់​ស្កល់​ចិត្ត​នៃ​មនុស្ស​ឋានៈ​ទាប​និង​ជីវភាព​មធ្យម​នោះ ជា​កត្ដា​ផ្សេង​ៗ​ដែល​បាន​នាំ​ឲ្យ​មាន​មហា​បដិវត្តន៍​នៅ​ប្រទេស​បារាំង​នា​សតវត្ស​ទី​១៨ និង​មហា​បដិវត្តន៍​ពួក​សូវៀត​នា​សតវត្ស​ទី​២០ នៅ​ប្រទេស​រុស្ស៊ី។

អ្នក​ប្រាជ្ញ​ម្នាក់​ពី​បុរាណ​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា​»។ (​សាស្ដា ៨:៩​) ពាក្យ​របស់​គាត់​នោះ​គឺ​ពិត​ប្រាកដ​មែន មិន​ថា​អ្នក​កាន់​អំណាច​ជា​បុគ្គល​ម្នាក់​ឬ​មនុស្ស​មួយ​ក្រុម​ក៏​ដោយ។ ពេល​មនុស្ស​មួយ​ក្រុម​លើក​ខ្លួន​ខ្ពស់​ជាង​ក្រុម​ឯ​ទៀត នោះ​តែង​នាំ​ឲ្យ​មាន​ការ​សោក​សៅ​និង​ការ​រង​ទុក្ខ​ជា​លទ្ធផល​មិន​ខាន។

ព្រះ​ចាត់​ទុក​មនុស្ស​ទាំង​អស់​ស្មើ​ភាព​គ្នា

តើ​ក្រុម​មនុស្ស​ខ្លះ​ៗ​មាន​ភាព​ខ្ពស់​ជាង​ក្រុម​ឯ​ទៀត​ស្រាប់​ទៅ​ហើយ​ឬ? ព្រះ​មិន​មាន​ទស្សនៈ​ដូច​នោះ​ទេ។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​[​ព្រះ​]បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១​ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី​»។ (​កិច្ច​ការ ១៧:២៦​) ម្យ៉ាង​ទៀត ព្រះ​ដ៏​ជា​អ្នក​បង្កើត​នោះ ​«​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ​ជា​ការ​នៃ​ព្រះ​ហស្ត​ទ្រង់​ធ្វើ​ទាំង​អស់​»។ (​យ៉ូប ៣៤:១៩​) មនុស្ស​ទាំង​ឡាយ​ជា​សាច់​ញាតិ​គ្នា ហើយ​ព្រះ​ចាត់​ទុក​មនុស្ស​ទាំង​អស់​ស្មើ​ភាព​គ្នា​ពេល​កើត​មក។

សូម​ចង​ចាំ​ផង​ដែរ​ថា ពេល​មនុស្ស​ម្នាក់​ស្លាប់​ទៅ ការ​អះអាង​ណា​ដែល​ថា​ខ្លួន​មាន​ឋានៈ​ខ្ពស់​ជាង​អ្នក​ដទៃ​នោះ​ក៏​បាត់​សូន្យ​ទៅ​ផង​ដែរ។ សាសន៍​អេស៊ីប​ពី​បុរាណ​មិន​ជឿ​ដូច្នោះ​ទេ។ ពេល​ផារ៉ោន​មួយ​អង្គ​សោយ​ទិវង្គត​ទៅ បណ្ដា​ជន​បាន​ដាក់​វត្ថុ​ទ្រព្យ​ដ៏​ថ្លៃ​វិសេស​បំផុត​ទៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​មាន​របស់​ទាំង​នោះ ហើយ​បន្ត​មាន​ឋានៈ​ខ្ពង់​ខ្ពស់​នៅ​ជាតិ​ក្រោយ។ តើ​នេះ​អាច​មាន​មែន​ឬ? មិន​មាន​ទេ! អ្នក​លួច​គាស់​ផ្នូរ​បាន​ទទួល​ទ្រព្យ​សម្បត្ដិ​ភាគ​ច្រើន​នោះ ហើយ​វត្ថុ​ខ្លះ​ដែល​គេ​លួច​មិន​បាន​នោះ យើង​អាច​ឃើញ​សព្វ​ថ្ងៃ​នៅ​ក្នុង​សារមន្ទីរ​និមួយ​ៗ។

ផារ៉ោន​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​សោះ​ពី​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន​នោះ ពីព្រោះ​ទ្រង់​បាន​សោយ​ទិវង្គត​ទៅ​ហើយ។ ពេល​ស្លាប់​ទៅ គឺ​គ្មាន​ឋានៈ​ខ្ពស់​និង​ឋានៈ​ទាប​ទេ ក៏​គ្មាន​ទ្រព្យ​សម្បត្ដិ​ឬ​ភាព​ក្រី​ក្រ​ដែរ។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ពួក​មនុស្ស​ប្រាជ្ញ​ក៏​ស្លាប់​ដែរ ហើយ​មនុស្ស​ខ្លៅ​ល្ងង់ នឹង​មនុស្ស​កំរោល គេ​វិនាស​ទៅ​ដូច​គ្នា។ . . . គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ​»។ (​ទំនុក​ដំកើង ៤៩:១០, ១២​) មិន​ថា​យើង​ជា​ស្តេច​ឬ​ទាសករ ពាក្យ​ដែល​មាន​ដូច​ត​ទៅ​នេះ​សំដៅ​យ៉ាង​ពិត​ចំពោះ​យើង​ទាំង​អស់​គ្នា​ផង​ដែរ​៖ ​«​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ . . . ដ្បិត​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត​គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ​»។—សាស្ដា ៩:៥, ១០

តាម​ទស្សនៈ​របស់​ព្រះ យើង​ទាំង​អស់​គ្នា​កើត​មក​ស្មើ​ភាព​គ្នា ហើយ​នៅ​ទី​បំផុត​ស្លាប់​ទៅ​ក៏​ស្មើ​ភាព​គ្នា​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការ​លើក​ដំកើង​មនុស្ស​មួយ​ក្រុម​ខ្ពស់​ជាង​ក្រុម​មនុស្ស​ផ្សេង​ៗ​ទៀត​ក្នុង​អំឡុង​ជីវិត​ដ៏​ខ្លី​របស់​យើង​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ!

តើ​អាច​មាន​សង្គម​មនុស្ស​ដែល​គ្មាន​វណ្ណៈ​នោះ តាម​របៀប​ណា?

តើ​មាន​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​សង្គម​មនុស្ស​នៅ​ពេល​អនាគត ដែល​រស់​នៅ​ដោយ​គ្មាន​ការ​ប្រកាន់​វណ្ណៈ​ទៀត​បាន​ទេ? អាច​បាន​មែន! មូលដ្ឋាន​សំរាប់​សង្គម​បែប​នោះ​បាន​ត្រូវ​រៀបចំ​ឡើង​ជិត​២.០០០​ឆ្នាំ​ទៅ​ហើយ ពេល​ដែល​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី។ ព្រះ​យេស៊ូ​បាន​ប្រទាន​ព្រះ​ជន្ម​ទ្រង់​ជា​យញ្ញ​បូជា​លោះ​ឲ្យ​អស់​ទាំង​មនុស្ស​ដែល​ជឿ​លើ​ទ្រង់ ដើម្បី​ឲ្យ​«​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ​»។—យ៉ូហាន ៣:១៦

ដើម្បី​បញ្ជាក់​ថា គ្មាន​អ្នក​កាន់​តាម​ទ្រង់​ណា​ម្នាក់​ត្រូវ​លើក​ខ្លួន​ខ្ពស់​លើស​ជាង​អ្នក​ជឿ​គ្នី​គ្នា​របស់​ពួក​គេ​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្ដា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់។ ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌។ ហើយ​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ជា​សាស្ដាឡើយ ដ្បិត​មាន​សាស្ដា​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​គ្រីស្ទ។ តែ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ។ អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ​»។ (​ម៉ាថាយ ២៣:៨​-​១២​) តាម​ទស្សនៈ​របស់​ព្រះ នោះ​សិស្ស​ពិត​ទាំង​ឡាយ​របស់​ព្រះ​យេស៊ូ មាន​ភាព​ស្មើ​គ្នា​ក្នុង​សាសនា​ពិត។

តើ​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ចាត់​ទុក​ខ្លួន​គេ​ស្មើ​ភាព​គ្នា​ឬ? ពួក​អ្នក​ដែល​បាន​យល់​នូវ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​បាន​មាន​គំនិត​ដូច​នោះ។ គេ​បាន​ចាត់​ទុក​អ្នក​មាន​ជំនឿ​គ្នី​គ្នា​ស្មើ​ភាព​គ្នា​ទាំង​អស់ និង​បាន​បង្ហាញ​ដូច្នេះ​ដោយ​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ជា‹បង​ប្អូន›។ (​ភីលេម៉ូន ១, ៧, ២០​) គ្មាន​អ្នក​ណា​ម្នាក់​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ទស្សនៈ​ថា ខ្លួន​ខ្ពស់​ជាង​អ្នក​ដទៃ​ឡើយ។ ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​របៀប​ដែល​ពេត្រុស​ពិពណ៌នា​អំពី​ខ្លួន​គាត់​ក្នុង​សំបុត្រ​ទី​ពីរ​របស់​គាត់ ដោយ​ថា​៖ ​«​សំបុត្រ​ស៊ីម៉ូន​-​ពេត្រុស ជា​បាវ​បំរើ ហើយ​ជា​សាវក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក ដែល​បាន​ទទួល​សេចក្ដី​ជំនឿ​ដ៏​វិសេស ត្រូវ​គ្នា[​«​ស្មើ​គ្នា​»​, ព.ថ.​]នឹង​យើង​ខ្ញុំ​ដែរ​»។ (​ពេត្រុស​ទី​២ ១:១​) ពេត្រុស​បាន​ទទួល​ការ​ណែនាំ​ពី​ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់ ហើយ​ដោយ​សារ​គាត់​ជា​សាវ័ក​នោះ ចំពោះ​ភារកិច្ច​របស់​គាត់ គាត់​មាន​ឋានៈ​ដ៏​សំខាន់។ យ៉ាង​ណា​ក្ដី គាត់​បាន​ចាត់​ទុក​ខ្លួន​គាត់​ជា​បាវ​បំរើ​ម្នាក់ ហើយ​ក៏​បាន​ទទួល​ស្គាល់​ថា បណ្ដា​គ្រីស្ទាន​ឯ​ទៀត​មាន​ឯកសិទ្ធិ​ស្មើ​នឹង​គាត់​ស្តី​អំពី​ជំនឿ។

មនុស្ស​ខ្លះ​ចោទ​ថា ភាព​ស្មើ​គ្នា​នោះ​មិន​ត្រូវ​គ្នា​នឹង​ហេតុ​ការណ៍​ពី​មុន​សម័យ​គ្រីស្ទាន ដោយ​ព្រោះ​ព្រះ​បាន​ប្រកាន់​សាសន៍​អ៊ីស្រាអែល​ជា​សាសន៍​ពិសេស​នោះ។ (​និក្ខមនំ ១៩:៥, ៦​) គេ​អះអាង​ថា នេះ​បញ្ជាក់​យ៉ាង​ជាក់​ស្តែង​នូវ​ការ​ប្រកាន់​ពូជ​សាសន៍ តែ​មិន​មែន​ដូច្នេះ​ទេ។ ដោយ​សារ​សាសន៍​អ៊ីស្រាអែល​ជា​កូន​ចៅ​របស់​អ័ប្រាហាំ ពួក​គេ​ពិត​ជា​មាន​ទំនាក់​ទំនង​ពិសេស​ជា​មួយ​ព្រះ​មែន និង​ត្រូវ​ទ្រង់​ប្រើ​ជា​ខ្សែ​រយៈ​ដែល​បើក​សម្ដែង​បន្ទូល​របស់​ទ្រង់។ (​រ៉ូម ៣:១, ២​) ក៏​ប៉ុន្តែ​នេះ​មិន​មាន​គោល​ដៅ​លើក​ដំកើង​ពួក​គេ​ហួស​ហេតុ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​គឺ​ដើម្បី​ឲ្យ‹គ្រប់​ទាំង​សាសន៍​បាន​ពរ›។—លោកុប្បត្តិ ២២:១៨; កាឡាទី ៣:៨

នៅ​ទី​បំផុត ប្រជាជន​អ៊ីស្រាអែល​ភាគ​ច្រើន​មិន​បាន​យក​តម្រាប់​តាម​អ័ប្រាហាំ​ជា​ជីតា​របស់​ពួក​គេ​ឡើយ។ ពួក​គេ​ទៅ​ជា​មនុស្ស​មិន​ស្មោះ​ត្រង់ និង​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី។ ហេតុ​នោះ​ហើយ​ព្រះ​ក៏​បាន​លះ​បង់​ពួក​គេ​ចោល​ដែរ។ (​ម៉ាថាយ ២១:៤៣​) ទោះ​ជា​មាន​ដូច្នេះ​យ៉ាង​ណា​ក៏​ដោយ មនុស្ស​រាប​សា​មិន​បាន​ខាន​ទទួល​ពរ​ដែល​ត្រូវ​បាន​សន្យា​នោះ​ទេ។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០​នា​ឆ្នាំ​៣៣ ស.យ. ក្រុម​ជំនុំ​គ្រីស្ទាន​បាន​ចាប់​កំណើត​ឡើង។ អង្គការ​នោះ​ដែល​សុទ្ធ​តែ​ជា​គ្រីស្ទាន​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ត្រូវ​ហៅ​ថា ​«​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​»​ ហើយ​បាន​ស​ឲ្យ​ឃើញ​ថា​ជា​ខ្សែ​រយៈ​ដែល​នាំ​ឲ្យ​មាន​ព្រះ​ពរ។—កាឡាទី ៦:១៦

សមាជិក​ខ្លះ​ៗ​ក្នុង​ក្រុម​ជំនុំ​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ស្តី​អំពី​ការ​មាន​ភាព​ស្មើ​គ្នា។ ជា​ឧទាហរណ៍ យ៉ាកុប​បាន​ទូន្មាន​ពួក​អ្នក​ដែល​បាន​លើក​កិត្ដិយស​ចំពោះ​គ្រីស្ទាន​អ្នក​មាន ច្រើន​ជាង​គ្រីស្ទាន​ដែល​ជា​អ្នក​ក្រ។ (​យ៉ាកុប ២:១​-​៤​) ការ​ប្រព្រឹត្ត​បែប​នោះ​គឺ​ខុស។ សាវ័ក​ប៉ុល​បាន​បង្ហាញ​ថា បណ្ដា​គ្រីស្ទាន​សាសន៍​ដទៃ​នោះ​មិន​មាន​ឋានៈ​ទាប​ជាង​គ្រីស្ទាន​សាសន៍​យូដា​ទេ ហើយ​បង​ប្អូន​គ្រីស្ទាន​ភេទ​ស្រី​ក៏​មិន​ទាប​ជាង​បង​ប្អូន​គ្រីស្ទាន​ភេទ​ប្រុស​សោះ​ឡើយ។ គាត់​បាន​សរសេរ​ថា​៖ ​«​ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ​សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ​គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះ​គ្រីស្ទ​ហើយ។ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស នឹង​ស្រី​ទៀត​ទេ ពីព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​»។—កាឡាទី ៣:២៦​-​២៨

មនុស្ស​មួយ​ក្រុម​សព្វ​ថ្ងៃ​នេះ​ដែល​មិន​បែង​ចែក​វណ្ណៈ

ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ខំ​រស់​ឲ្យ​ស្រប​ទៅ​តាម​គោល​ការណ៍​ពី​ព្រះ​គម្ពីរ។ ពួក​គេ​ទទួល​ស្គាល់​ថា ព្រះ​មិន​ប្រកាន់​វណ្ណៈ​មនុស្ស​ទេ។ ហេតុ​នោះ​ហើយ​បាន​ជា​ពួក​គេ​មិន​មាន​វណ្ណៈ​បព្វជិត​និង​មនុស្ស​សាមញ្ញ ក៏​មិន​បែង​ចែក​ទៅ​តាម​ពណ៌​សម្បុរ​ឬ​វត្ថុ​ទ្រព្យ​របស់​ពួក​គេ​ឡើយ។ ថ្វី​បើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ជា​អ្នក​មាន​ក៏​ដោយ ក៏​ពួក​គេ​មិន​ផ្ចង់​អារម្មណ៍​ទៅ​លើ​«​សេចក្ដី​អំនួត​របស់​ជីវិត​»​ទេ ព្រោះ​ពួក​គេ​ទទួល​ស្គាល់​របស់​ទាំង​ប៉ុន្មាន​នោះ​ជា​អ្វី​ដែល​មិន​ឋិត​ថេរ​ឡើយ។ (​យ៉ូហាន​ទី​១ ២:១៥​-​១៧​) ផ្ទុយ​ទៅ​វិញ គ្រប់​គ្នា​មាន​សាមគ្គី​ភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​ព្រះ​មហា​ក្សត្រ​នៃ​សកល​លោក។

ស្មរ​បន្ទាល់​ម្នាក់​ៗ​ព្រម​ទទួល​ភារកិច្ច​រួម​ចំណែក​កិច្ច​ការ​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​ដល់​មនុស្ស​នានា។ ពួក​គេ​ឲ្យ​កិត្ដិយស​ដល់​មនុស្ស​ដែល​បាន​ត្រូវ​សង្កត់​សង្កិន​និង​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​ដោយ​ទៅ​លេង​ពួក​គេ​នៅ​ឯ​ផ្ទះ ទាំង​សុំ​ជួយ​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​ដល់​ពួក​គេ​ទៀត​ផង។ មនុស្ស​ដែល​មាន​ឋានៈ​ទាប​នោះ​ធ្វើ​ការ​ជា​មួយ​នឹង​បង​ប្អូន​ដែល​អ្នក​ខ្លះ​ចាត់​ទុក​ថា មក​ពី​ឋានៈ​ខ្ពស់។ គុណ​សម្បត្ដិ​ខាង​វិញ្ញាណ​ជា​អ្វី​ដែល​សំខាន់ មិន​មែន​ឋានៈ​ក្នុង​សង្គម​នោះ​ឡើយ។ គ្រប់​គ្នា​ជា​បង​ប្អូន​តាម​ជំនឿ ដូច​នៅ​សតវត្ស​ទី​មួយ​ផង​ដែរ។

ស្មើ​ភាព​គ្នា តែ​មាន​សភាព​ខុស​ពី​គ្នា​ផង​ដែរ

ស្មើ​ភាព​គ្នា​ច្បាស់​ជា​មិន​មាន​ន័យ​ថា​ដូច​គ្នា​បេះ​បិទ​នោះ​ឡើយ។ អង្គការ​គ្រីស្ទាន​នេះ​មាន​ប្រុស​មាន​ស្រី មាន​អ្នក​វ័យ​ចាស់​និង​អ្នក​វ័យ​ក្មេង ក៏​រួម​បញ្ចូល​មនុស្ស​សាសន៍​ផ្សេង​ៗ ដែល​មាន​ភាសា​ផ្សេង​ៗ ជន​ជាតិ​ផ្សេង​ពី​គ្នា និង​មាន​ប្រាក់​ចំណូល​ខុស​ពី​គ្នា​ផង​ដែរ។ ជា​បុគ្គល​ម្នាក់​ៗ ពួក​គេ​មាន​សមត្ថភាព​ខុស​ពី​គ្នា​ខាង​គំនិត​និង​រូបសម្បត្ដិ។ ប៉ុន្តែ​ភាព​ខុស​ពី​គ្នា​នោះ​មិន​លើក​ឲ្យ​បង​ប្អូន​ខ្លះ​មាន​ឋានៈ​ខ្ពស់​ជាង ហើយ​បង​ប្អូន​ឯ​ទៀត​ទាប​ជាង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ភាព​ខុស​ពី​គ្នា​នេះ​នាំ​ឲ្យ​មាន​សភាព​គួរ​ឲ្យ​សប្បាយ​រីក​រាយ។ បណ្ដា​គ្រីស្ទាន​ទាំង​នេះ​ទទួល​ស្គាល់​ថា ភាព​ប៉ិន​ប្រសប់​ណា​របស់​ពួក​គេ​ជា​អំណោយ​មក​ពី​ព្រះ ក៏​មិន​មែន​ជា​ហេតុ​បណ្ដាល​ឲ្យ​គេ​មាន​ទឹក​ចិត្ត​ថា ខ្លួន​ខ្ពង់​ខ្ពស់​ជាង​អ្នក​ឯ​ទៀត​ឡើយ។

ការ​បែង​ចែក​ជា​វណ្ណៈ​នេះ ជា​លទ្ធផល​ពី​ការ​ខំ​ប្រឹង​របស់​មនុស្ស​ក្នុង​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង​ជា​ជាង​ធ្វើ​តាម​ពាក្យ​ណែនាំ​របស់​ព្រះ។ ឆាប់​ៗ​ខាង​មុខ​នេះ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​ទទួល​អំណាច​គ្រប់​គ្រង​លើ​ផែនដី​នេះ ហើយ​នឹង​បញ្ចប់​នូវ​ការ​បែង​ចែក​ពី​គ្នា​តាម​វណ្ណៈ​របស់​មនុស្ស ដំណាល​និង​ការ​បំបាត់​ចោល​នូវ​ហេតុ​ផ្សេង​ៗ​ទៀត​ដែរ ដែល​បាន​នាំ​ឲ្យ​មនុស្ស​រង​ទុក្ខ​ជា​យូរ​យារ​មក​ហើយ។ នៅ​ពេល​នោះ ‹មនុស្ស​រាប​សា​នឹង​បាន​ផែនដី​ជា​មរដក›យ៉ាង​ពិត​ប្រាកដ។ (​ទំនុក​ដំកើង ៣៧:១១​) មូលហេតុ​អួតអាង​អំពី​ឋានៈ​ខ្ពស់​របស់​ខ្លួន ត្រូវ​បាត់​សាប​សូន្យ​ទៅ។ ការ​បែង​ចែក​វណ្ណៈ​នឹង​ពុំ​អាច​បំបាក់​បំបែក​មនុស្សជាតិ​ពី​គ្នា​ទៀត​បាន​ឡើយ។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥​]

ព្រះ​ដ៏​ជា​អ្នក​បង្កើត​«​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ​ជា​ការ​នៃ​ព្រះ​ហស្ត​ទ្រង់​ធ្វើ​ទាំង​អស់​»។—យ៉ូប ៣៤:១៩

[​រូប​ភាព​នៅ​ទំព័រ​៦​]

ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​រមែង​ឲ្យ កិត្ដិយស​ដល់​អ្នក​ជិត​ខាង​របស់​គេ

[​រូប​ភាព​នៅ​ទំព័រ​៧​]

គុណ​សម្បត្ដិ​ខាង​វិញ្ញាណ​ជា​អ្វី​ដែល គ្រីស្ទាន​ពិត​ចាត់​ទុក​ជា​សំខាន់