លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រយោជន៍ដែលមកពីដំណឹងល្អ

ប្រយោជន៍ដែលមកពីដំណឹងល្អ

ប្រយោជន៍​ដែល​មក​ពី​ដំណឹង​ល្អ

​«​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង . . . ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ដែល​សោយ​សោក​»។—អេសាយ ៦១:១, ២

១, ២. (​ក​) តើ​ព្រះ​យេស៊ូ​បាន​លាត​ត្រដាង​អ្វី​អំពី​អង្គ​ទ្រង់​ផ្ទាល់? ហើយ​តើ​ទ្រង់​បាន​ធ្វើ​នេះ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ដំណឹង​ល្អ​ដែល​ព្រះ​យេស៊ូ​បាន​ប្រកាស​ប្រាប់​មាន​ប្រយោជន៍​អ្វី​ខ្លះ?

 នៅ​ថ្ងៃ​ឈប់​សំរាក​មួយ​នៅ​ដើម​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​នោះ ទ្រង់​បាន​យាង​ទៅ​សាលា​ប្រជុំ​នៅ​ភូមិ​ណាសារ៉ែត។ យោង​ទៅ​តាម​កំណត់​ហេតុ​នោះ​«​គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ទ្រង់ កាល​ទ្រង់​បាន​បើក​គម្ពីរ​ហើយ នោះ​ទ្រង់​រក​ឃើញ​ត្រង់​កន្លែង​ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា‹ព្រះ​វិញ្ញាណ​ព្រះ​អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ›​»។ ព្រះ​យេស៊ូ​បាន​អាន​ថែម​ទៀត​ពី​បទ​ទំនាយ​នេះ។ លុះ​ទ្រង់​គង់​ចុះ​វិញ​ហើយ​ក៏​មាន​បន្ទូល​ថា​៖ ​«​នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ​»។—លូកា ៤:១៦​-​២១

តាម​វិធី​នេះ ព្រះ​យេស៊ូ​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ថា ទ្រង់​គឺ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​ទំនាយ​នេះ​បាន​ចែង គឺ​ជា​អ្នក​ប្រាប់​ដំណឹង​ល្អ​និង​ជា​អ្នក​ដែល​នាំ​សារ​សម្រាល​ទុក្ខ។ (​ម៉ាថាយ ៤:២៣​) ហើយ​ព្រះ​យេស៊ូ​ពិត​ជា​មាន​ដំណឹង​ដ៏​ល្អ​ឲ្យ​ផ្សព្វ​ផ្សាយ​មែន​ហ្ន៎! ទ្រង់​មាន​បន្ទូល​ប្រាប់​អ្នក​ស្ដាប់​ថា​៖ ​«​ខ្ញុំ​ជា​ពន្លឺ​លោកីយ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ​»។ (​យ៉ូហាន ៨:១២​) ទ្រង់​ក៏​មាន​បន្ទូល​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​»។ (​យ៉ូហាន ៨:៣១, ៣២​) ព្រះ​យេស៊ូ​មាន​«​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​»​ពិត​មែន។ (​យ៉ូហាន ៦:៦៨, ៦៩​) ពន្លឺ ជីវិត និង​សេរី​ភាព​ពិត​ជា​ប្រយោជន៍​ដែល​មាន​តម្លៃ​វិសេស​មែន​ហ្ន៎!

៣. តើ​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អ្វី?

ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​ស.យ. សិស្ស​ព្រះ​យេស៊ូ​បាន​បន្ត​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ដែល​ជា​កិច្ច​ការ​របស់​ទ្រង់​ដែរ។ ពួក​គេ​បាន​ប្រកាស​ប្រាប់‹ដំណឹង​ល្អ​ដែល​សំដែង​ពី​នគរ›ដល់​សាសន៍​យូដា​ផង​និង​ដល់​មនុស្ស​សាសន៍​ផ្សេង​ផង​ដែរ។ (​ម៉ាថាយ ២៤:១៤; កិច្ច​ការ ១៥:៧; រ៉ូម ១:១៦​) អស់​អ្នក​ដែល​បាន​ស្ដាប់​តាម​ដំណឹង​ល្អ​បាន​ចាប់​ផ្ដើម​ស្គាល់​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ការ​បង្ខំ​ឲ្យ​កាន់​តាម​ទំនៀម​ទំលាប់​សាសនា និង​បាន​ក្លាយ​ជា​សមាជិក​សាសន៍​ថ្មី​ខាង​វិញ្ញាណ​ជា​«​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​»​ជា​សមាជិក​ដែល​មាន​សេចក្ដីសង្ឃឹម​គ្រប់​គ្រង​អស់​កល្ប​ជា​និច្ច​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​អម្ចាស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (​កាឡាទី ៥:១; ៦:១៦; អេភេសូរ ៣:៥​-​៧; កូល៉ុស ១:៤, ៥; វិវរណៈ ២២:៥​) នោះ​ជា​ពរ​ដ៏​វិសេស​ណាស់!

ការ​ផ្សព្វ​ផ្សាយ​នៅ​សព្វ​ថ្ងៃ​នេះ

៤. តើ​កិច្ច​ការ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​គ្រីស្ទាន​ធ្វើ​នោះ កំពុង​តែ​ត្រូវ​សម្រេច​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ?

សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដោយ​មាន​ការ​គាំទ្រ​ពី​«​មនុស្ស​១​ហ្វូង​យ៉ាង​ធំ​»​ជា​«​ចៀម​ឯ​ទៀត​»​ក៏​បន្ត​បំពេញ​កិច្ច​ការ​នេះ​ដែល​ត្រូវ​ប្រគល់​ចំពោះ​ព្រះ​យេស៊ូ​មុន​គេ​បង្អស់​នោះ។ (​វិវរណៈ ៧:៩; យ៉ូហាន ១០:១៦​) ជា​លទ្ធផល ដំណឹង​ល្អ​កំពុង​តែ​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​កំរិត​មួយ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិ​សាស្ត្រ។ នៅ​២៣៥​ប្រទេស​និង​តំបន់ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចេញ​ទៅ​«​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ[​«​រាប​សា​»​, ព.ថ.​] . . . ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ ដែល​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នឹង​ពី​ថ្ងៃ ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង​សឹក​ផង ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ដែល​សោយ​សោក​»។ (​អេសាយ ៦១:១, ២​) ដូច្នេះ កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ជន​គ្រីស្ទាន នៅ​តែ​បំរើ​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​និង​ផ្ដល់​ក្ដី​សម្រាល​ទុក្ខ​ដល់​«​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្ដី​វេទនា​របស់​គេ​»​ដែរ។—កូរិនថូស​ទី​២ ១:៣, ៤

៥. តើ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​ពី​សាសនា​ផ្សេង​ទៀត​ក្នុង​ពិភព​គ្រីស្ទ​សាសនា​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

ជា​ការ​ពិត​មែន​ដែល​និកាយ​ផ្សេង​ៗ​ក្នុង​ពិភព​គ្រីស្ទ​សាសនា គាំទ្រ​វិធី​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ដែរ។ និកាយ​ជា​ច្រើន​ចាត់​សាសនទូត​ឲ្យ​ទៅ​ប្រទេស​ផ្សេង​ទៀត ដើម្បី​ញ៉ាំង​ឲ្យ​គេ​ដូរ​សាសនា។ ជា​ឧទាហរណ៍ ទស្សនាវដ្ដី​មជ្ឈមណ្ឌល​បេសកកម្ម​គ្រីស្ទាន​អូធូដុក្ស​បាន​រាយ​ការណ៍​អំពី​សកម្មភាព​របស់​សាសនទូត​នៃ​និកាយ​អូធូដុក្ស​នៅ​ប្រទេស​ម៉ាដាហ្គាស្កា អាហ្វ្រិក​ខាង​ត្បូង ប្រទេស​តង់ហ្សានី និង​ប្រទេស​ហ្សីមបាវ៉េ។ ប៉ុន្តែ ក្នុង​និកាយ​អូធូដុក្ស​និង​និកាយ​ដទៃ​ទៀត​ក្នុង​ពិភព​គ្រីស្ទ​សាសនា​នោះ សមាជិក​ភាគ​ច្រើន​មិន​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​សោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​អស់​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ពួក​គេ​ខិត​ខំ​ព្យាយាម​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ។ ពួក​គេ​ទទួល​ស្គាល់​ថា ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គឺ​ជា​ភស្តុ​តាង​ដែល​បញ្ជាក់​ថា​ជំនឿ​របស់​គេ​គឺ​ស្មោះ។ សាវ័ក​ប៉ុល​បាន​និយាយ​ថា​៖ ​«​យើង​បាន​សុចរិត ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់​»។ ជំនឿ​ដែល​មិន​ជំរុញ​ចិត្ត​ឲ្យ​មាន​សកម្មភាព​នោះ គឺ​ប្រៀប​ដូច​ជា​ស្លាប់​ហើយ។—រ៉ូម ១០:១០; យ៉ាកុប ២:១៧

ដំណឹង​ល្អ​ដែល​នាំ​មក​នូវ​ប្រយោជន៍​អស់​កល្ប​ជា​និច្ច

៦. តើ​ដំណឹង​ល្អ​អ្វី​ដែល​កំពុង​តែ​ត្រូវ​ប្រកាស​ប្រាប់​នៅ​សព្វ​ថ្ងៃ​នេះ?

ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​ដំណឹង​ដ៏​ល្អ​បំផុត​ដែល​មិន​ធ្លាប់​មាន។ ពួក​គេ​បើក​ព្រះ​គម្ពីរ​បង្ហាញ​ថា​ព្រះ​យេស៊ូ​បាន​បូជា​ព្រះ​ជន្ម​ទ្រង់ ដើម្បី​ឲ្យ​មនុស្សជាតិ​មាន​ផ្លូវ​ទាក់​ទង​នឹង​ព្រះ ទទួល​ការ​អត់​ឱន​ទោស និង​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត។ (​យ៉ូហាន ៣:១៦; កូរិនថូស​ទី​២ ៥:១៨, ១៩​) ពួក​គេ​ប្រកាស​ប្រាប់​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ស្ថាបនា​ឡើង​នៅ​ស្ថាន​សួគ៌ នៅ​ក្រោម​អំណាច​របស់​ស្តេច​ចាក់​ប្រេង​តាំង​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​បន្ដិច​ទៀត​ព្រះ​រាជាណាចក្រ​នេះ​នឹង​បំបាត់​អំពើ​ទុច្ចរិត​ចេញ​ពី​ផែនដី និង​បង្កើត​សួន​មនោរម្យ​សារ​ជា​ថ្មី​វិញ។ (​វិវរណៈ ១១:១៥; ២១:៣, ៤​) ពួក​គេ​សម្រេច​បទ​ទំនាយ​របស់​អេសាយ​ដោយ​ប្រាប់​អ្នក​ជិត​ខាង​របស់​គេ​ថា ឥឡូវ​គឺ​ជា​«​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​»​ជា​ពេល​ដែល​មនុស្ស​នៅ​មាន​ឱកាស​ស្ដាប់​តាម​ដំណឹង​ល្អ​នៅ​ឡើយ។ ពួក​គេ​ក៏​ព្រមាន​ថា បន្ដិច​ទៀត​«​ថ្ងៃ​ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង​សឹក​»​នឹង​មក​ដល់ ជា​ពេល​ដែល​ទ្រង់​នឹង​បំផ្លាញ​ចោល​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​មិន​ប្រែ​ចិត្ត។—ទំនុក​ដំកើង ៣៧:៩​-​១១

៧. តើ​បទ​ពិសោធន៍​អ្វី​ដែល​បញ្ជាក់​នូវ​សាមគ្គី​ភាព​របស់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា? ហើយ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​សាមគ្គី​ភាព​យ៉ាង​នេះ?

ក្នុង​ពិភព​លោក​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​រឿង​ខ្លោច​ផ្សា​និង​មហន្តរាយ មាន​តែ​ដំណឹង​ល្អ​នេះ​ទេ​ដែល​មាន​ប្រយោជន៍​ជា​និច្ច​ជា​កាល​នោះ។ អស់​អ្នក​ដែល​ស្ដាប់​តាម​ដំណឹង​ល្អ​នេះ ក្លាយ​ជា​សមាជិក​នៃ​ភាតរភាព​គ្រីស្ទាន​ទូទាំង​ពិភព​លោក​មួយ ដែល​មាន​សាមគ្គី​ភាព​និង​មិន​ងាយ​បែក​បាក់​ដោយ​សារ​ពូជ​សាសន៍ កុលសម្ព័ន្ធ ឬ​ស្ថានភាព​វិស័យ​សេដ្ឋកិច្ច​នោះ​ឡើយ។ ពួក​គេ​បាន​«​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​»។ (​កូល៉ុស ៣:១៤; យ៉ូហាន ១៥:១២​) នេះ​បាន​ស​ឲ្យ​ឃើញ​ថា​កើត​ឡើង​នៅ​ឆ្នាំ​មុន​ក្នុង​ប្រទេស​មួយ​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​ព្រឹក​មួយ ក្នុង​ទី​ក្រុង​នៃ​រាជធានី​ទាំង​មូល​បាន​ត្រូវ​ផ្អើល​ដោយ​សារ​ស្នូរ​កាំភ្លើង​ដែល​គេ​បាញ់​ធ្វើ​រដ្ឋ​ប្រហារ។ ដោយ​សារ​រដ្ឋ​ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជំលោះ​ខាង​ពូជ​សាសន៍​ទៅ​វិញ គ្រួសារ​ស្មរ​បន្ទាល់​មួយ​បាន​ត្រូវ​មនុស្ស​រិះ​គន់ ពីព្រោះ​គេ​លាក់​ទុក​ស្មរ​បន្ទាល់​ម្នាក់​ទៀត​ដែល​មាន​ជាតិ​សាសន៍​ផ្សេង។ ក្រុម​គ្រួសារ​នោះបាន​តប​ឆ្លើយ​ថា​៖ ​«​មាន​តែ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទេ​ដែល​ស្នាក់​នៅ​ផ្ទះ​យើង​»។ ចំពោះ​ពួក​គេ​វិញ ភាព​ខុស​គ្នា​រវាង​ជាតិ​សាសន៍​គឺ​មិន​សំខាន់​ទេ តែ​សេចក្ដី​ស្រឡាញ់​បែប​គ្រីស្ទាន​ដែល​រួម​បញ្ចូល​ការ​សម្រាល​ទុក្ខ​អ្នក​ដែល​ត្រូវ​ការ​នោះ គឺ​ជា​អ្វី​ដ៏​សំខាន់​វិញ។ ញាតិ​មិត្ត​ម្នាក់​ដែល​មិន​មែន​ជា​ស្មរ​បន្ទាល់​បាន​ស្រដី​ថា​៖ ​«​សមាជិក​នៃ​សាសនា​ផ្សេង​ៗ​ទាំង​អស់​បាន​ក្បត់​អ្នក​ជឿ​គ្នី​គ្នា។ មាន​តែ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទេ​ដែល​មិន​បាន​ក្បត់​អ្នក​ជឿ​គ្នី​គ្នា​នោះ​»។ សេចក្ដី​រាយ​ការណ៍​ស្រដៀង​គ្នា​ពី​ប្រទេស​ឯ​ទៀត​ដែល​ត្រូវ​បែក​បាក់​ដោយ​សង្គ្រាម​ស៊ីវិល ក៏​បង្ហាញ​ថា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ពិត​ជា‹មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ទាំង​អស់›មែន។—ពេត្រុស​ទី​១ ២:១៧

ដំណឹង​ល្អ​ធ្វើ​ឲ្យ​មនុស្ស​កែ​ប្រែ

៨, ៩. (​ក​) តើ​អ្នក​ដែល​ស្ដាប់​តាម​ដំណឹង​ល្អ​កែ​ប្រែ​ជីវិត​របស់​គេ​យ៉ាង​ដូច​ម្ដេច​ខ្លះ? (​ខ​) តើ​ឧទាហរណ៍​ណា​ខ្លះ​ដែល​បង្ហាញ​ឥទ្ធិពល​នៃ​ដំណឹង​ល្អ?

ដំណឹង​ល្អ​ទាក់​ទង​នឹង​អ្វី​ដែល​ប៉ុល​ហៅ​ជា​«​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង​»។ (​ធីម៉ូថេ​ទី​១ ៤:៨​) ដំណឹង​ល្អ​នេះ​មិន​គ្រាន់​តែ​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​និង​ពិត​ប្រាកដ​សំរាប់​អនាគត​ប៉ុណ្ណោះ​ទេ តែ​ក៏​កែ​លំអ​នូវ​«​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ​»​ផង​ដែរ។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ៗ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ព្រះ​គ​ម្ពី រ​ដើម្បី​សម្រប​ជីវិត​របស់​គេ​ទៅ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ (​ទំនុក​ដំកើង ១១៩:១០១​) សូម្បី​តែ​លក្ខណៈ​សម្បត្ដិ​របស់​គេ​ក៏​ត្រូវ​កែ​ប្រែ​ជា​ថ្មី​វិញ​ដែរ ពេល​គេ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​ជា​សេចក្ដី​សុចរិត​និង​ភាព​ស្មោះ​ត្រង់។—អេភេសូរ ៤:២៤

សូម​ពិចារណា​ឧទាហរណ៍​របស់​លោក​ហ្វ្រាងកូ។ គាត់​មាន​បញ្ហា​ខាង​ទប់​កំហឹង។ ពេល​មាន​បញ្ហា​អ្វី​គាត់​តែង​ច្រឡោត​តោតតូង​និង​ចាប់​បោក​បំផ្លាញ​នូវ​របស់​របរ​ផ្សេង​ៗ។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ភរិយា​របស់​ហ្វ្រាងកូ និង​តាម​រយៈ​គំរូ​របស់​ស្មរ​បន្ទាល់​ដែល​កាន់​តាម​គោល​ការណ៍​គ្រីស្ទាន បាន​ជួយ​ហ្វ្រាងកូ​បន្ដិច​ម្ដង​ៗ​ឲ្យ​យល់​ឃើញ​ថា​គាត់​ត្រូវ​តែ​កែ​ប្រែ​ចិត្ត។ ពួក​គេ​ក៏​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គាត់ ហើយ​នៅ​ទី​បំផុត​មាន​សមត្ថភាព​បង្ហាញ​ផល​ផ្លែ​នៃ​វិញ្ញាណ​បរិសុទ្ធ ជា​មេត្រី​ភាព​និង​ការ​ទប់​ចិត្ត។ (​កាឡាទី ៥:២២, ២៣​) ហ្វ្រាងកូ​រួម​ក្នុង​ចំណោម​៤៩២​នាក់​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ប្រទេស​បែ​ល​ហ្សិ​ក​នៅ​ឆ្នាំ​កិច្ច​បំរើ​២០០១។ សូម​ពិចារណា​ដែរ​នូវ​គំរូ​របស់​យុវបុរស​ម្នាក់​ឈ្មោះ​អាឡេហានត្រូ។ គាត់​ធ្លាប់​ញៀន​ថ្នាំ​ដល់​ម្ល៉េះ​បាន​ជា​គាត់​ធ្លាក់​ខ្លួន​ត្រូវ​រស់​នៅ​តាម​គំនរ​សម្រាម ដោយ​រើស​របស់​របរ​ណា​ដែល​គាត់​អាច​លក់​បាន​ដើម្បី​មាន​លុយ​ទិញ​គ្រឿង​ញៀន​ទៀត។ ពេល​គាត់​មាន​អាយុ​២២​ឆ្នាំ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​អាឡេហានត្រូ​សិក្សា​ព្រះ​គម្ពីរ​ហើយ​គាត់​បាន​យល់​ព្រម។ គាត់​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​និង​មក​កិច្ច​ប្រជុំ​គ្រីស្ទាន​ទៀត​ផង។ គាត់​បាន​កែ​ប្រែ​ជីវិត​និង​សំអាត​ខ្លួន​ពី​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក​យ៉ាង​ឆាប់​រហ័ស ដល់​ម្ល៉េះ​បាន​ជា​គាត់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ក្នុង​ពេល​តិច​ជាង​ប្រាំ​មួយ​ខែ។ គាត់​រួម​ក្នុង​ចំណោម​១០.១១៥​នាក់​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ឆ្នាំ​មុន​នៅ​ប្រទេស​ប៉ាណាម៉ា។

ដំណឹង​ល្អ​ជា​ប្រយោជន៍​ដល់​អ្នក​រាប​សា

១០. តើ​អ្នក​ណា​ស្ដាប់​តាម​ដំណឹង​ល្អ? ហើយ​តើ​ទស្សនៈ​របស់​អ្នក​ទាំង​នោះ​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច?

១០ លោក​អេសាយ​បាន​ទាយ​ថា ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់មនុស្ស​រាប​សា។ តើ​អ្នក​រាប​សា​នេះ​គឺ​ជា​អ្នក​ណា? ពួក​គេ​ត្រូវ​ពណ៌នា​នៅ​សៀវភៅ​កិច្ច​ការ ជា​«​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​»។ (​កិច្ច​ការ ១៣:៤៨​) ពួក​គេ​គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​មក​ពី​គ្រប់​ស្រទាប់​នៃ​សង្គម ហើយ​ឲ្យ​សារ​ពី​សេចក្ដី​ពិត​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​គេ។ មនុស្ស​បែប​នេះ​រៀន​ដឹង​ថា ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​នាំ​មក​នូវ​រង្វាន់​ដ៏​វិសេស​ជាង​អ្វី​ដែល​របប​លោកីយ៍​នេះ​ស្នើ​ផ្ដល់​ឲ្យ​គេ​ទៅ​ទៀត។ (​យ៉ូហាន​ទី​១ ២:១៥​-​១៧​) ប៉ុន្តែ តើ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​មនុស្ស​បែប​នេះ​យ៉ាង​ដូច​ម្ដេច​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គេ?

១១. យោង​ទៅ​តាម​ប៉ុល តើ​ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១១ សូម​ពិចារណា​គំរូ​របស់​សាវ័ក​ប៉ុល​ដែល​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ទី​ក្រុង​កូរិនថូស​ថា​៖ ​«​រីឯ​ខ្ញុំ បង​ប្អូន​អើយ! កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម ដើម្បី​នឹង​ប្រាប់​សេចក្ដី​បន្ទាល់​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​បាន​ផ្ដាច់​ចិត្ត​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្គាល់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង​»។ (​កូរិនថូស​ទី​១ ២:១, ២​) សាវ័ក​ប៉ុល​មិន​បាន​ខំ​ប្រឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ស្ដាប់​គាត់​កោត​ស្ងើច​នឹង​ប្រាជ្ញា​របស់​គាត់​ទេ។ គាត់​បាន​បង្រៀន​តែ​ហេតុ​ការណ៍​ដែល​ព្រះ​បាន​បញ្ជាក់​ថា​ជា​ពិត​ប៉ុណ្ណោះ។ ហេតុ​ការណ៍​នោះ​បាន​ត្រូវ​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ។ សូម​កត់​សម្គាល់​ដែរ​នូវ​របៀប​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ផង​ដែរ។ ប៉ុល​ថា​៖ ​«​ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ! ហើយ​ទទូច​ជំរុញ​ផង​»។ (​ធីម៉ូថេ​ទី​២ ៤:២​) ធីម៉ូថេ​ត្រូវ​ផ្សាយ​«​ព្រះ​បន្ទូល​»​ដែល​ជា​សារ​របស់​ព្រះ​នោះ។ ប៉ុល​ក៏​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ​ថា​៖ ​«​ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។—ធីម៉ូថេ​ទី​២ ២:១៥

១២. តើ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​និង​សំដី​របស់​ប៉ុល​យ៉ាង​ដូច​ម្ដេច​ខ្លះ?

១២ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​របស់​ប៉ុល ថែម​ទាំង​ធ្វើ​តាម​សំដី​របស់​គាត់​ទៅ​កាន់​ធីម៉ូថេ។ ពួក​គេ​ទទួល​ស្គាល់​នូវ​ឥទ្ធិពល​នៃ​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​ប្រើ​ព្រះ​គម្ពីរ​ឲ្យ​បាន​ប្រយោជន៍ ពេល​គេ​ខំ​បង្ហាញ​អ្នក​ជិត​ខាង​របស់​គេ​នូវ​បន្ទូល​ដ៏​សមរម្យ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​សង្ឃឹម​និង​ការ​សម្រាល​ទុក្ខ។ (​ទំនុក​ដំកើង ១១៩:៥២; ធីម៉ូថេ​ទី​២ ៣:១៦, ១៧; ហេព្រើរ ៤:១២​) ទោះ​ជា​គេ​ប្រើ​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ជា​ប្រយោជន៍​ជួយ​អ្នក​ចាប់​អារម្មណ៍​ឲ្យ​ទទួល​ចំណេះ​កាន់​តែ​ច្រើន​ឡើង​តាម​តែ​អ្នក​ទាំង​នោះ​មាន​ពេល​ទំនេរ​ក៏​ដោយ តែ​ពួក​គេ​តែង​តែ​ខំ​បង្ហាញ​មនុស្ស​នូវ​ព្រះ​បន្ទូល​ក្នុង​បទ​គម្ពីរ​ជា​និច្ច។ ពួក​គេ​ដឹង​ថា​ព្រះ​បន្ទូល​របស់​ព្រះ​នឹង​ជំរុញ​ចិត្ត​របស់​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប។ ហើយ​ការ​ប្រើ​ព្រះ​គម្ពីរ​នេះ​ក៏​ពង្រឹង​ជំនឿ​របស់​អ្នក​ផ្សព្វ​ផ្សាយ​ដែរ។

‹សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោយ​សោក›

១៣. នៅ​ឆ្នាំ​២០០១ តើ​មាន​ព្រឹត្ដិការណ៍​អ្វី​កើត​ឡើង ដែល​នាំ​ឲ្យ​ត្រូវ​ការ​នូវ​ការ​សម្រាល​ទុក្ខ​សំរាប់​អ្នក​សោយ​សោក?

១៣ ឆ្នាំ​២០០១​បាន​មាន​មហន្តរាយ​ជា​ច្រើន​ដែរ ហើយ​ជា​លទ្ធផល​នោះ មនុស្ស​ជា​ច្រើន​ត្រូវ​ការ​នូវ​ការ​សម្រាល​ទុក្ខ។ នា​ខែ​កញ្ញា​ឆ្នាំ​មុន​នេះ មាន​ឧទាហរណ៍​ជាក់​ស្តែង​មួយ​នៅ​សហរដ្ឋ​អាមេរិក គឺ​ការ​វាយ​ប្រហារ​ដោយ​ភេរវជន​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោក​នៅ​រដ្ឋ​ញូវយ៉ក និង​មន្ទីរ​បញ្ច​កោណ​នៅ​ជិត​ទី​ក្រុង​វ៉ាស៊ីនតោន។ ការ​វាយ​ប្រហារ​នេះ​បាន​ផ្អើល​អស់​ប្រទេស​ទាំង​មូល​តែ​ម្ដង! ដោយ​ប្រឈម​នឹង​ព្រឹត្ដិការណ៍​ដ៏​ខ្លោច​ផ្សា​បែប​នេះ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ខិត​ខំ​បំពេញ​ការ​ងារ​របស់​គេ ដើម្បី‹សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោយ​សោក›។ បទ​ពិសោធន៍​ខ្លះ​ៗ​នឹង​បង្ហាញ​របៀប​គេ​បាន​ធ្វើ​ដូច្នេះ។

១៤, ១៥. តើ​ស្មរ​បន្ទាល់​មាន​ឱកាស​ពីរ​ឲ្យ​ប្រើ​បទ​គម្ពីរ​ដោយ​ប្រសិទ្ធិភាព ដើម្បី​សម្រាល​ទុក្ខ​អ្នក​សោយ​សោក​យ៉ាង​ដូច​ម្ដេច?

១៤ ស្មរ​បន្ទាល់​ម្នាក់​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​បាន​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់​តាម​ថ្នល់​សួរ​ថា តើ​គាត់​គិត​យ៉ាង​ណា​អំពី​ការ​វាយ​ប្រហារ​ថ្មី​ៗ​ដោយ​ភេរវជន​នេះ?។ ស្ត្រី​នោះ​ចាប់​ផ្ដើម​យំ។ គាត់​ប្រាប់​ថា​គាត់​ពិបាក​ចិត្ត​និង​ចង់​រក​វិធី​ជួយ​អ្នក​ឯ​ទៀត។ ស្មរ​បន្ទាល់​នេះ​បាន​ប្រាប់​គាត់​ថា ព្រះ​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​មក​លើ​យើង​ទាំង​អស់​គ្នា ហើយ​ស្មរ​បន្ទាល់​នេះ​អាន​អេសាយ ៦១:១, ២​ឲ្យ​គាត់​ស្ដាប់។ ស្ត្រី​នោះ​បាន​យល់​ឃើញ​ថា​បន្ទូល​នេះ​មក​ពី​ព្រះ​គឺ​សម​ហេតុ​ផល​មែន ហើយ​គាត់​ស្រដី​ថា​មនុស្ស​ទាំង​អស់​កំពុង​តែ​សោក​សង្រេង​មែន។ ស្ត្រី​នោះ​ទទួល​យក​ខិត​ប័ណ្ណ​មួយ និង​សុំ​ស្មរ​បន្ទាល់​នោះ​ឲ្យ​មក​លេង​ផ្ទះ​គាត់។

១៥ ស្មរ​បន្ទាល់​ពីរ​នាក់​ដែល​កំពុង​តែ​ផ្សព្វ​ផ្សាយ ក៏​បាន​ជួប​បុរស​ម្នាក់​ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ផ្ទះ​គាត់។ ពួក​គេ​សុំ​បង្ហាញ​គាត់​នូវ​ពាក្យ​បន្ទូល​សម្រាល​ទុក្ខ​ក្នុង​បទ​គម្ពីរ ដោយ​សារ​សោកនាដកម្ម​ថ្មី​ៗ​ដែល​កើត​ឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោក។ គាត់​យល់​ព្រម​ឲ្យ​ស្មរ​បន្ទាល់​អាន​កូរិនថូស​ទី​២ ១:៣​-​៧ ដែល​ថា​៖ ​«​សេចក្ដី​ក្សាន្ត​ចិត្ត[​«​ការ​សម្រាល​ទុក្ខ​»​, ព.ថ.​] . . . ក៏​ចំរើន​ដោយ​សារ​ព្រះ​គ្រីស្ទ​»។ បុរស​នោះ​ដឹង​គុណ​នឹង​ស្មរ​បន្ទាល់ ដោយ​សារ​ពួក​គេ​កំពុង​តែ​ផ្សព្វ​ផ្សាយ​សារដែល​សម្រាល​ទុក្ខ​អ្នក​ជិត​ខាង​របស់​គេ ហើយ​គាត់​ថែម​ទាំង​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​ប្រទាន​ពរ​ទៅ​លើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ដែល​អ្នក​កំពុង​តែ​ធ្វើ​ចុះ!​»។

១៦, ១៧. តើ​បទ​ពិសោធន៍​ពីរ​អ្វី ដែល​បង្ហាញ​ឥទ្ធិពល​នៃ​ព្រះ​គម្ពីរ​ដើម្បី​ជួយ​បុគ្គល​ដែល​សោយ​សោក ឬ​ក៏​រន្ធត់​ដោយ​សារ​រឿង​ខ្លោច​ផ្សា​នោះ?

១៦ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មួយ​រូប​ដែល​កំពុង​តែ​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ បាន​ជួប​កូន​ប្រុស​របស់​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ចាប់​អារម្មណ៍​នោះ។ ស្មរ​បន្ទាល់​នោះ​បាន​បញ្ជាក់​ថា គាត់​យក​ចិត្ត​ទុក​ដាក់​ចង់​សួរ​សុខ​ទុក្ខ​អ្នក​ជិត​ខាង​របស់​គាត់ ក្រោយ​ពី​រឿង​ខ្លោច​ផ្សា​ថ្មី​ៗ​ដែល​ទើប​តែ​កើត​ឡើង​នោះ។ បុរស​នោះ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ដែល​ស្មរ​បន្ទាល់​នោះ​បាន​ឆ្លៀត​ពេល​ផ្ទាល់​ខ្លួន​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស។ បុរស​នោះ​ប្រាប់​ថា គាត់​ធ្វើ​ការ​នៅ​ក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោក ពេល​ការ​វាយ​ប្រហារ​នោះ​កើត​ឡើង គាត់​បាន​ឃើញ​អ្វី​ទាំង​អស់​ដោយ​ភ្នែក​ផ្ទាល់។ ពេល​បុរស​នោះ​សួរ​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា​នោះ ស្មរ​បន្ទាល់​បាន​អាន​ខ​គម្ពីរ​ខ្លះ​ៗ រួម​ទាំង​អាន​ទំនុក​ដំកើង ៣៧:៣៩​ដែល​ចែង​ថា​៖ ​«​ឯ​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​សុចរិត នោះ​មក​ពី​ព្រះ​យេហូវ៉ា ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក នោះ​ទ្រង់​ជា​ទី​អាង​ដល់​គេ​»។ បុរស​នោះ​ក៏​បាន​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​របស់​ស្មរ​បន្ទាល់​នោះ​វិញ​ដែរ រួច​អញ្ជើញ​ឲ្យ​គាត់​ត្រឡប់​មក​វិញ​ដោយ​ប្រាប់​ពី​ជំរៅ​ចិត្ត​កតញ្ញូ​ធម៌ ដែល​គាត់​មាន​ចំពោះ​ការ​មក​លេង​របស់​ស្មរ​បន្ទាល់​នោះ។

១៧ មនុស្ស​ម្នាក់​ទៀត​ដែល​រួម​ក្នុង​ចំណោម​រាប់​ពាន់​នាក់​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួយ​សម្រាល​ទុក្ខ ក្នុង​កំឡុង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​នោះ គឺ​ជា​ស្ត្រី​ម្នាក់​ដែល​ស្មរ​បន្ទាល់​បាន​ជួប​ពេល​គេ​កំពុង​តែ​ទៅ​លេង​អ្នក​ជិត​ខាង​របស់​គេ។ គាត់​រន្ធត់​ក្នុង​ចិត្ត​ដោយ​សារ​អ្វី​ដែល​បាន​កើត​ឡើង​នោះ ហើយ​គាត់​ស្ដាប់​ពេល​ស្មរ​បន្ទាល់​អាន​ទំនុក​ដំកើង ៧២:១២​-​១៤​ដែល​ថា​៖ ​«​ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រី​ក្រ​ឲ្យ​រួច ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្ដា ដល់​មនុស្ស​រហេម​រហាម​នឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រី​ក្រ​ផង ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់​សង្កិន​នឹង​ការ​ច្រឡោត ឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ​នេត្រ​ទ្រង់​ដែរ​»។ បន្ទូល​នោះ​មាន​ន័យ​យ៉ាង​ច្រើន​ណាស់​ហ្ន៎! ស្ត្រី​នោះ​បាន​សុំ​ស្មរ​បន្ទាល់​ឲ្យ​អាន​ខ​ទាំង​នោះ​ម្ដង​ទៀត​និង​បាន​អញ្ជើញ​គេ​ចូល​ក្នុង​ផ្ទះ​របស់​គាត់​និង​បន្ត​ពិគ្រោះ​គ្នា​ជា​មួយ​គេ។ ទំរាំ​មក​ដល់​ទី​បញ្ចប់​នៃ​ការ​សន្ទនា​នោះ គេ​បាន​ចាប់​ផ្ដើម​ការ​សិក្សា​ទៅ​ហើយ។

១៨. តើ​ស្មរ​បន្ទាល់​ម្នាក់​ជួយ​អ្នក​ជិត​ខាង​របស់​គាត់​យ៉ាង​ដូច​ម្ដេច ពេល​គេ​សុំ​ឲ្យ​គាត់​អធិស្ឋាន​សំរាប់​ពួក​គេ​នោះ?

១៨ ស្មរ​បន្ទាល់​ម្នាក់​ធ្វើ​ការ​ក្នុង​ភោជនីយដ្ឋាន​មួយ​ដែល​ស្ថិត​ក្នុង​សហគមន៍​អ្នក​មាន និង​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ទៅ​លើ​ដំណឹង​ល្អស្តី​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទេ។ ក្រោយ​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​នោះ សហគមន៍​ទាំង​មូល​បាន​រន្ធត់​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​សុក្រ​ក្រោយ​ពី​ការ​វាយ​ប្រហារ​នោះ ម្ចាស់​ភោជនីយដ្ឋាន​នោះ​បាន​អញ្ជើញ​ទាំង​អស់​គ្នា​ឲ្យ​ចេញ​ទៅ​ក្រៅ និង​កាន់​ទៀន​ដើម្បី​រំឭក​ដោយ​ស្ងៀម​ស្ងាត់​យ៉ាង​ខ្លី​អំពី​ជន​រង​គ្រោះ។ ដោយ​គោរព​អារម្មណ៍​របស់​គេ ស្មរ​បន្ទាល់​នោះ​បាន​ចេញ​ទៅ​ក្រៅ​ដែរ​និង​ឈរ​យ៉ាង​ស្ងៀម​ស្ងាត់។ ម្ចាស់​ភោជនីយដ្ឋាន​នោះ​ដឹង​ថា​គាត់​ជា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ដូច្នេះ​ក្រោយ​គេ​បាន​រំឭក​អំពី​ជន​រង​គ្រោះ​ចប់​ហើយ​នោះ ម្ចាស់​នោះ​បាន​សុំ​ស្មរ​បន្ទាល់​អធិស្ឋាន​តំណាង​គេ​ទាំង​អស់​គ្នា។ ស្មរ​បន្ទាល់​នោះ​ក៏​បាន​យល់​ព្រម។ ក្នុង​សេចក្ដី​អធិស្ឋាន​នោះ គាត់​បាន​និយាយ​អំពី​ការ​កាន់​ទុក្ខ​ដែល​មាន​ទូទាំង​ប្រទេស ប៉ុន្តែ​ក៏​បាន​និយាយ​ថា អ្នក​ដែល​កាន់​ទុក្ខ​មិន​ចាំ​បាច់​សោយ​សោក​ដោយ​គ្មាន​សេចក្ដី​សង្ឃឹម​សោះ​នោះ​ទេ។ គាត់​បាន​អធិស្ឋាន​អំពី​ពេល​ដែល​ព្រឹត្ដិការណ៍​ដ៏​សែន​ខ្លោច​ផ្សា​បែប​នេះ នឹង​មិន​កើត​ឡើង​ត​ទៅ​ទៀត​នោះ​ឡើយ ហើយ​បាន​ថា​មនុស្ស​ទាំង​អស់​គ្នា​អាច​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ព្រះ​នៃ​ក្ដី​សម្រាល​ទុក្ខ តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​គម្ពីរ។ ក្រោយ​មនុស្ស​ទាំង​អស់​គ្នា​ថា​«​អាម៉ែន​»​ ម្ចាស់​នោះ​និង​មនុស្ស​ជាង​៦០​នាក់​ទៀត​ដែល​នៅ​ក្រៅ​ភោជនីយដ្ឋាន បាន​ទៅ​អរគុណ​ស្មរ​បន្ទាល់​នោះ ឱប​គាត់ និង​និយាយ​ថា​សេចក្ដី​អធិស្ឋាន​នោះ​គឺ​ជា​សេចក្ដី​អធិស្ឋាន​ល្អ​បំផុត​ដែល​គេ​ធ្លាប់​ឮ។

អានុភាព​ដ៏​ល្អ​ទៅ​លើ​សហគមន៍

១៩. តើ​បទ​ពិសោធន៍​អ្វី ដែល​បង្ហាញ​ថា​អ្នក​ខ្លះ​ទទួល​ស្គាល់​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា?

១៩ ជា​ពិសេស​សព្វ​ថ្ងៃ​នេះ ក្នុង​សហគមន៍​ណា​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មាន​សកម្មភាព​នោះ សហគមន៍​នោះ​បាន​ទទួល​ប្រយោជន៍​ពី​វត្តមាន​របស់​ស្មរ​បន្ទាល់ ដូច​ជា​ពួក​គេ​ជា​ច្រើន​បាន​រៀប​រាប់​ប្រាប់​នោះ។ មនុស្ស​មួយ​ពួក​ដែល​បង្កើត​ឲ្យ​មាន​សន្ដិភាព ភាព​ទៀង​ត្រង់ និង​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ ពិត​ជា​មាន​ឥទ្ធិពល​ដ៏​ល្អ​ក្នុង​សហគមន៍ មែន​ទេ? ក្នុង​ប្រទេស​មួយ​នៅ​ទ្វីប​អាស៊ី​កណ្ដាល​នោះ ស្មរ​បន្ទាល់​ម្នាក់​បាន​ជួប​បុរស​ម្នាក់​ដែល​បាន​ចូល​និវត្តន៍ ក្រោយ​គាត់​ធ្វើ​ជា​មន្ត្រី​នៅ​អតីត​ក្រសួង​សន្ដិសុខ​រដ្ឋ។ បុរស​នោះ​ប្រាប់​ថា គាត់​ធ្លាប់​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​ស៊ើប​អង្កេត​អង្គការ​សាសនា​ផ្សេង​ៗ។ ពេល​គាត់​ស៊ើប​អង្កេត​ពី​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា គាត់​បាន​កោត​ស្ងើច​នឹង​ភាព​ទៀង​ត្រង់​និង​កិរិយា​ប្រព្រឹត្ត​ដ៏​ល្អ​របស់​ពួក​គេ។ គាត់​ក៏​ចូល​ចិត្ត​ជំនឿ​មុត​មាំ​របស់​គេ​និង​ចូល​ចិត្ត​ត្រង់​ថា សេចក្ដី​បង្រៀន​របស់​គេ​មាន​មូលដ្ឋាន​ទៅ​លើ​បទ​គម្ពីរ។ បុរស​នេះ​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ។

២០. (​ក​) តើ​សកម្មភាព​ដែល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​រាយ​ការណ៍​ពី​ឆ្នាំ​មុន​បញ្ជាក់​អ្វី​ខ្លះ? (​ខ​) តើ​អ្វី​បញ្ជាក់​ថា​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​នៅ​តែ​ត្រូវ​ធ្វើ​នោះ? ហើយ​តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​របស់​យើង​ជា​ការ​ផ្សព្វ​ផ្សាយ​នោះ?

២០ ពី​បទ​ពិសោធន៍​ពីរ​បី​ក្នុង​អត្ថបទ​នេះ បាន​ស្រង់​ចេញ​ពី​បទ​ពិសោធន៍​រាប់​ពាន់​ដែល​បាន​ត្រូវ​រៀប​រាប់​នោះ គឺ​ស​ឲ្យ​ឃើញ​ថា ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជាប់​រវល់​ណាស់​ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​ឆ្នាំ​២០០១។ ពួក​គេ​បាន​និយាយ​ជា​មួយ​មនុស្ស​រាប់​លាន​នាក់ បាន​សម្រាល​ទុក្ខ​អ្នក​សោក​សង្រេង និង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គេ​បាន​នាំ​មក​នូវ​លទ្ធផល​ដ៏​ល្អ។ មាន​២៦៣.៤៣១​នាក់​ដែល​បាន​បង្ហាញ​ពី​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ទូទាំង​ពិភព​លោក ចំនួន​អ្នក​ផ្សព្វ​ផ្សាយ​បាន​កើន​ឡើង​១,៧​ភាគ​រយ។ ហេតុ​ដែល​ថា​មាន​១៥.៣៧៤.៩៨៦​នាក់​មាន​វត្តមាន​នៅ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ ដើម្បី​រំឭក​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ ក៏​បញ្ជាក់​ថា​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ។ (​កូរិនថូស​ទី​១ ១១:២៣​-​២៦​) ចូរ​ឲ្យ​យើង​បន្ត​ស្វែង​រក​អ្នក​រាប​សា​ដែល​ស្ដាប់​តាម​ដំណឹង​ល្អ។ ហើយ​ដរាប​ណា​ដែល​«​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​»​បន្ត​នោះ ចូរ​ឲ្យ​យើង​បន្ត​សម្រាល​ទុក្ខ​«​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង​»។ យើង​មាន​ឯកសិទ្ធិ​ដ៏​ជា​ទី​ពេញ​ចិត្ត​ណាស់​ហ្ន៎! យើង​ទាំង​អស់​គ្នា​ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​ជា​លោក​អេសាយ​ដែល​ថា​៖ ​«​ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ​យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក​រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ​»។ (​អេសាយ ៦១:១០​) ចូរ​ឲ្យ​ព្រះ​យេហូវ៉ា​បន្ត​ប្រើ​យើង​ពេល​ទ្រង់​សម្រេច​តាម​ទំនាយ​ដែល​ថា​៖ ​«​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​សរសើរ បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ​»។—អេសាយ ៦១:១១

តើ​អ្នក​ចាំ​ទេ?

• តើ​អ្នក​រាប​សាបាន​ទទួល​ប្រយោជន៍​អ្វី​ពី​សារ​ដែល​ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​នោះ?

• តើ​អ្នក​ដែល​ស្ដាប់​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​សិស្ស​ព្រះ​យេស៊ូ​នៅ​សតវត្ស​ទី​មួយ បាន​ទទួល​ប្រយោជន៍​អ្វី?

• តើ​អ្នក​ដែល​ស្ដាប់​តាម​សព្វ​ថ្ងៃ​នេះ​ទទួល​ប្រយោជន៍​អ្វី​ពី​ដំណឹង​ល្អ?

• តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​របស់​យើង​ជា​ការ​ផ្សព្វ​ផ្សាយ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​១៥​]

ស្មរ​បន្ទាល់ ព្រះ​យេហូវ៉ា​ចាំ​មិន​ភ្លេច​នូវ ភារកិច្ច​របស់​គេ​ជា​ការ ផ្សព្វ​ផ្សាយ

[​រូប​ភាព​នៅ​ទំព័រ​១៧​]

អ្នក​ដែល ស្ដាប់​តាម​ដំណឹង​ល្អ ក្លាយ​ជា​សមាជិក នៃ​ភាតរភាព​មួយ​ដែល​មាន​ទូទាំង​ពិភព​លោក