លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាជាគំរូដ៏ប្រសើរបំផុតអំពីភាពល្អ

ព្រះយេហូវ៉ាជាគំរូដ៏ប្រសើរបំផុតអំពីភាពល្អ

ព្រះ​យេហូវ៉ា​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​អំពី​ភាព​ល្អ

​«​ចូរ​លើក​សរសើរ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ!​»។—យេរេមា ៣៣:១១

១. ហេតុ​អ្វី​ចិត្ត​យើង​ត្រូវ​ជំរុញ​ឲ្យ​សរសើរ​ព្រះ​ដោយសារ​ភាព​ល្អ​របស់​ទ្រង់?

 ព្រះ​យេហូវ៉ា​គឺ​ល្អ​ឥត​ខ្ចោះ។ អ្នក​តែង​ទំនុក​ដំកើង​ឧទាន​ថា​៖ ​«​ដ្បិត​ឱ[​ព្រះ​យេហូវ៉ា​]អើយ! ទ្រង់​ល្អ!​»។ (​ទំនុក​ដំកើង ៨៦:៥​) ពិត​ណាស់ ភាព​ល្អ​របស់​ទ្រង់​ស​ឲ្យ​ឃើញ​ក្នុង​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​ធ្វើ ដើម្បី​រៀបចំ​ផែនដី​តាម​របៀប​ដែល​ធ្វើ​ឲ្យ​យើង​រីក​រាយ។ (​លោកុប្បត្តិ ១:៣១​) យើង​នឹង​មិន​ដែល​មាន​សមត្ថភាព​យល់​នូវ​ក្រិត្យ​ក្រម​ធម្មជាតិ​ដ៏​ល្អិត​ល្អន់​ផ្សេង​ៗ​ទាំង​អស់ ដែល​ទ្រង់​បាន​រៀបចំ​ឲ្យ​មាន​ដំណើរ​ការ​ពេល​ទ្រង់​បង្កើត​សកល​លោក​នោះ​ទេ។ (​សាស្ដា ៣:១១; ៨:១៧​) ប៉ុន្តែ ចំណេះ​ដឹង​បន្ដិច​បន្តួច​ដែល​យើង​មាន​អំពី​សកល​លោក​នេះ ជំរុញ​ចិត្ត​យើង​ឲ្យ​សរសើរ​ទ្រង់​ដោយសារ​ភាព​ល្អ​របស់​ទ្រង់។

២. តើ​អ្នក​នឹង​បក​ស្រាយ​អត្ថន័យ​នៃ​ភាព​ល្អ​យ៉ាង​ដូច​ម្ដេច?

តើ​ភាព​ល្អ​គឺ​ជា​អ្វី​ទៅ? នោះ​គឺ​ជា​ភាព​ប្រសើរ​ផ្នែក​សីលធម៌​ឬ​គុណធម៌។ ក៏​ប៉ុន្តែ ភាព​ល្អ​រួម​បញ្ចូល​អ្វី​ថែម​ទៀត​ក្រៅ​ពី​ការ​គ្មាន​ភាព​អាក្រក់​នោះ។ ភាព​ល្អ​ដែល​ជា​ផល​ផ្លែ​នៃ​វិញ្ញាណ​បរិសុទ្ធ​នោះ គឺ​ជា​គុណ​សម្បត្ដិ​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ដ៏​ល្អ។ (​កាឡាទី ៥:២២, ២៣​) យើង​បង្ហាញ​ភាព​ល្អ​ពេល​យើង​ធ្វើ​ការ​ល្អ​និង​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក​ឯ​ទៀត។ ក្នុង​របប​លោកីយ៍​នេះ អ្វី​ៗ​ដែល​មជ្ឈដ្ឋាន​ខ្លះ​ចាត់​ទុក​ថា​ល្អ​នោះ ប្រហែល​ជា​ត្រូវ​ចាត់​ទុក​ថា​អាក្រក់​ក្នុង​មជ្ឈដ្ឋាន​ឯ​ទៀត។ ក៏​ប៉ុន្តែ ដើម្បី​មាន​សេចក្ដី​សុខ​និង​សុភមង្គល​នោះ ត្រូវ​មាន​ខ្នាត​តម្រា​ជាក់​លាក់​តែ​មួយ​សំរាប់​ភាព​ល្អ។ តើ​អ្នក​ណា​មាន​សិទ្ធិ​កំណត់​ខ្នាត​តម្រា​នេះ?

៣. តើ​លោកុប្បត្តិ ២:១៦, ១៧ បញ្ជាក់​យ៉ាង​ណា​អំពី​ខ្នាត​តម្រា​សំរាប់​ភាព​ល្អ?

ព្រះ​ជា​អ្នក​ដែល​កំណត់​ខ្នាត​តម្រា​សំរាប់​ភាព​ល្អ។ នៅ​ដើម​ប្រវត្ដិសាស្ត្រ​របស់​មនុស្សជាតិ​នោះ ព្រះ​យេហូវ៉ា​បាន​បញ្ជា​បុរស​ទី​មួយ​ថា​៖ ​«​ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ២:១៦, ១៧​) ពិត​មែន​ហើយ មនុស្សជាតិ​ត្រូវ​តែ​ពឹង​ពាក់​អ្នក​បង្កើត​របស់​គេ​ដើម្បី​ឲ្យ​ដឹង​ខុស​ដឹង​ត្រូវ។

ទ្រង់​ធ្វើ​ល្អ​ចំពោះ​អ្នក​ដែល​មិន​សម​គួរ​នឹង​ទទួល

៤. តើ​ព្រះ​បាន​ធ្វើ​អ្វី​ដើម្បី​ប្រយោជន៍​មនុស្សជាតិ​តាំង​ពី​អ័ដាម​បាន​ធ្វើ​បាប​នោះ?

ពេល​អ័ដាម​ធ្វើ​បាប​និង​មិន​ព្រម​ទទួល​ស្គាល់​សិទ្ធិ​របស់​ព្រះ​ក្នុង​ការ​កំណត់​ខ្នាត​តម្រា​សំរាប់​ល្អ​និង​អាក្រក់​នោះ គាត់​បាន​យក​ជីវិត​ល្អ​ឥត​ខ្ចោះ​និង​សុភមង្គល​ជា​រៀង​រហូត​ទៅ​ប្រថុយ។ (​លោកុប្បត្តិ ៣:១​-​៦​) ប៉ុន្តែ មុន​ចៅ​របស់​អ័ដាម​បាន​កើត​មក​ជា​អ្នក​ដែល​ទទួល​មរតក​បាប​និង​សេចក្ដី​ស្លាប់​នោះ ព្រះ​បាន​ទាយ​អំពី​ពូជ​ដ៏​គ្រប់​ល័ក្ខណ៍​មួយ​ដែល​នឹង​កើត​មក។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​«​ពស់​ពី​បុរាណ​»​ដែល​ជា​អារក្ស​សាតាំង​ថា​៖ ​«​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ​»។ (​វិវរណៈ ១២:៩; លោកុប្បត្តិ ៣:១៥​) ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ចង់​លោះ​មនុស្សជាតិ​ដែល​មាន​បាប។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ល្អ​ចំពោះ​មនុស្សជាតិ​ដែល​មិន​សម​នឹង​ទទួល​នោះ ដោយ​រៀបចំ​ឲ្យ​មាន​សំ​វិធានការ​សំរាប់​អស់​អ្នក​ដែល​អនុវត្ត​ជំនឿ​ទៅ​លើ​យញ្ញ​បូជា​លោះ​របស់​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់​អាច​បាន​សង្គ្រោះ។—ម៉ាថាយ ២០:២៨; រ៉ូម ៥:៨, ១២

៥. ទោះ​ជា​យើង​បាន​ទទួល​មរតក​ជា​ទំនោរ​ចិត្ត​អាក្រក់​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​យើង​អាច​បង្ហាញ​ភាព​ល្អ​មួយ​កំរិត​បាន?

ដោយ​ព្រោះ​អំពើ​បាប​របស់​អ័ដាម​នោះ យើង​បាន​ទទួល​ទំនោរ​ចិត្ត​ដ៏​មិន​ល្អ។ (​លោកុប្បត្តិ ៨:២១​) ប៉ុន្តែ យើង​អាច​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​ជួយ​យើង​បង្ហាញ​ភាព​ល្អ​មួយ​កំរិត។ ការ​បន្ត​រៀន​អំពី​អ្វី​ក្នុង​បទ​គម្ពីរ​ដ៏​វិសេស​វិសុទ្ធ​របស់​ទ្រង់ មិន​គ្រាន់​តែ‹នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ›និង‹មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ›ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​ធ្វើ​អ្វី​ដ៏​ល្អ​តាម​ទស្សនៈ​របស់​ទ្រង់។ (​ធីម៉ូថេ​ទី​២ ៣:១៤​-​១៧​) ប៉ុន្តែ ដើម្បី​ទទួល​ប្រយោជន៍​ពី​ការ​ណែនាំ​ក្នុង​បទ​គម្ពីរ​និង​បង្ហាញ​ភាព​ល្អ​នោះ យើង​ត្រូវ​មាន​ចិត្ត​គំនិត​ដូច​អ្នក​តែង​បទ​ទំនុក​ដំកើង​ដែល​បាន​ច្រៀង​ថា​«​[​ព្រះ​យេហូវ៉ា​]ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ សូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូល​បង្គំ​»។—ទំនុក​ដំកើង ១១៩:៦៨

ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​សរសើរ​ដំកើង

៦. ក្រោយ​ស្តេច​ដាវីឌ​បាន​នាំ​ហិប​នៃ​សេចក្ដី​សញ្ញា​មក​ទី​ក្រុង​យេរូសាឡិម​នោះ តើ​ពួក​លេវី​បាន​ច្រៀង​ចំរៀង​ដោយ​ថា​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ស្តេច​ដាវីឌ​នៃ​អ៊ីស្រាអែល​ពី​បុរាណ​បាន​ទទួល​ស្គាល់​ភាព​ល្អ​របស់​ព្រះ​និង​បាន​ស្វែង​រក​ការ​ណែនាំ​ពី​ទ្រង់។ ដាវីឌ​ពោល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់ ដូច្នេះ ទ្រង់​នឹង​បង្ហាត់​មនុស្ស​មាន​បាប​ឲ្យ​តាម​ផ្លូវ​ទ្រង់​វិញ​»។ (​ទំនុក​ដំកើង ២៥:៨​) ការ​ណែនាំ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​អ៊ីស្រាអែល​រួម​មាន​ច្បាប់​១០​យ៉ាង​ដ៏​សំខាន់ គឺ​ថា​ក្រិត្យ​វិន័យ​ដប់​ប្រការ​ដែល​បាន​ត្រូវ​ចារឹក​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដែល​ត្រូវ​ទុក​ក្នុង​ហិប​ពិសិដ្ឋ​ដែល​ហៅ​ថា​ហិប​នៃ​សេចក្ដី​សញ្ញា។ ក្រោយ​ដាវីឌ​បាន​បញ្ជា​ឲ្យ​គេ​យក​ហិប​នោះ​មក​ទី​ក្រុង​យេរូសាឡិម​ដែល​ជា​រាជធានី​នៃ​អ៊ីស្រាអែល​នោះ ពួក​លេវី​បាន​ច្រៀង​ចំរៀង​មួយ​ដែល​ថា​៖ ​«​ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពីព្រោះ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប​ជា​និច្ច​»។ (​របាក្សត្រ​ទី​១ ១៦:៣៤, ៣៧​-​៤១​)អ្នក​ដែល​បាន​ស្ដាប់​ចំរៀង​របស់​ពួក​លេវី​នោះ ពិត​ជា​បាន​រីក​រាយ​យ៉ាង​ខ្លាំង​ណាស់​ហ្ន៎!

៧. តើ​អ្វី​បាន​កើត​ឡើង​ក្រោយ​ហិប​នៃ​សេចក្ដី​សញ្ញា​បាន​ត្រូវ​នាំ​មក​ដាក់​ក្នុង​ទី​បរិសុទ្ធ​បំផុត? ហើយ​តើ​មាន​អ្វី​កើត​ឡើង​ដែរ​ក្រោយ​ពី​សេចក្ដី​អធិស្ឋាន​សម្ពោធន៍​របស់​សាឡូម៉ូន​នោះ?

សេចក្ដី​សរសើរ​ដដែល​នោះ​បាន​ត្រូវ​លើក​បញ្ជាក់​ក្នុង​កំឡុង​ពេល​ដែល​មាន​ពិធី​សម្ពោធន៍​នៃ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​ដែល​សាឡូម៉ូន​ត្រូវ​ជា​រាជបុត្រា​របស់​ស្តេច​ដាវីឌ​បាន​កសាង។ ក្រោយ​ពី​ហិប​នៃ​សេចក្ដី​សញ្ញា​បាន​ត្រូវ​ដាក់​ក្នុង​ទី​បរិសុទ្ធ​បំផុត​នៃ​វិហារ​ថ្មី​នោះ ពួក​លេវី​ចាប់​ផ្ដើម​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​ប្រកប​ដោយ​ករុណា​គុណ[​«​ទ្រង់​ល្អ​»​, ព.ថ.​] សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់​កល្ប​ជា​និច្ច​»។ នៅ​គ្រា​នោះ ដោយ​អព្ភូតហេតុ ព្រះ​វិហារ​បាន​ពេញ​ដោយ​ពពក​ដែល​តំណាង​វត្តមាន​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា។ (​របាក្សត្រ​ទី​២ ៥:១៣, ១៤​) ក្រោយ​សាឡូម៉ូន​បាន​ធ្វើ​ពិធី​សម្ពោធន៍​ចប់​ហើយ​ដោយ​អធិស្ឋាន​នោះ ​«​ភ្លើង​ក៏​ចុះ​ពី​លើ​មេឃ មក​បញ្ឆេះ​ដង្វាយ​ដុត នឹង​យញ្ញ​បូជា​ទាំង​ប៉ុន្មាន​ទៅ​»។ នៅ​ពេល​គេ​ឃើញ​នេះ​«​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា . . . ឱន​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ​បង្គំ​នៅ​ទី​ក្រាល​ថ្ម ព្រម​ទាំង​អរព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា​គុណ[​«​ទ្រង់​ល្អ​»​, ព.ថ.​] ឯ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ក៏​នៅ​អស់​កល្ប​ជា​និច្ច​»។ (​របាក្សត្រ​ទី​២ ៧:១​-​៣​) ក្រោយ​ការ​ជប់​លៀង​អស់​១៤​ថ្ងៃ នោះ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រឡប់​ទៅ​ផ្ទះ​គេ​រៀង​ៗ​ខ្លួន​«​ដោយ​រីក​រាយ​សប្បាយ​ហើយ​មាន​ចិត្ត​ត្រេក​អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស[​«​សេចក្ដី​ល្អ​»​, ព.ថ.​]ដែល​ព្រះ​យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ហើយ​ដល់​សាឡូម៉ូន​នឹង​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់​»។—របាក្សត្រ​ទី​២ ៧:១០

៨, ៩. (​ក​) ទោះ​ជា​អ៊ីស្រាអែល​បាន​សរសើរ​ព្រះ​យេហូវ៉ា​ដោយសារ​ភាព​ល្អ​របស់​ទ្រង់​ក៏​ដោយ ក្រោយ​មក​តើ​គេ​បាន​បែរ​ទៅ​ធ្វើ​អ្វី​វិញ? (​ខ​) តើ​លោក​យេរេមា​បាន​ទាយ​អ្វី​ស្តី​ពី​ទី​ក្រុង​យេរូសាឡិម? ហើយ​តើ​ទំនាយ​នោះ​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​បន្ត​រស់​នៅ​តាម​ចំរៀង​សរសើរ​ថ្វាយ​ព្រះ​យេហូវ៉ា​នោះ​ទេ។ ជា​យថាហេតុ ប្រជាជន​យូដា​បាន‹គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា ដោយ​សំដី​នឹង​បបូរ​មាត់​របស់​គេ​ប៉ុណ្ណោះ›។ (​អេសាយ ២៩:១៣​) គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អាក្រក់​វិញ ជា​ជាង​សម្រប​ទៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ស្តី​ពី​ភាព​ល្អ​នោះ។ តើ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ? គេ​បាន​ថ្វាយ​បង្គំ​រូប​ព្រះ ធ្វើ​អំពើ​អសីលធម៌ ជិះ​ជាន់​អ្នក​ក្រ និង​ធ្វើ​អំពើ​បាប​ដ៏​លាមក​អាក្រក់​ឯ​ទៀត​ៗ​ដែរ! ជា​លទ្ធផល​នោះ ទី​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល​និង​ប្រជាជន​នៅ​ស្រុក​យូដា​ត្រូវ​គេ​ចាប់​ធ្វើ​ជា​ឈ្លើយ​នាំ​ទៅ​ទី​ក្រុង​បាប៊ីឡូន​នៅ​ឆ្នាំ​៦០៧​មុន​ស.យ.។

យ៉ាង​នេះ ព្រះ​បាន​កែ​តម្រង់​រាស្ត្រ​ទ្រង់។ ក៏​ប៉ុន្តែ តាម​រយៈ​ព្យាការី​យេរេមា ទ្រង់​បាន​ទាយ​ថា នៅ​ទី​ក្រុង​យេរូសាឡិម​នឹង​នៅ​មាន​សម្លេង​របស់​មនុស្ស​និយាយ​ថា​៖ ​«​ចូរ​លើក​សរសើរ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ! ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ! ពីព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​»។ (​យេរេមា ៣៣:១០, ១១​) ហើយ​នេះ​បាន​កើត​ដូច្នេះ​មែន។ ក្រោយ​ស្រុក​នោះ​ត្រូវ​ហិនហោច​អស់​៧០​ឆ្នាំ​នោះ​គឺ​នៅ​ឆ្នាំ​៥៣៧​មុន​ស.យ. ជន​សំណល់​សាសន៍​យូដា​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ (​យេរេមា ២៥:១១; ដានីយ៉ែល ៩:១, ២​) គេ​បាន​កសាង​អាសនៈ​ឡើង​វិញ​នៅ​ទី​តាំង​នៃ​ព្រះ​វិហារ​លើ​ភ្នំ​ម៉ូរីយ៉ា ហើយ​ចាប់​ផ្ដើម​ថ្វាយ​ដង្វាយ​ម្ដង​ទៀត​នៅ​ទី​នោះ។ គ្រឹះ​របស់​ព្រះ​វិហារ​ត្រូវ​ចាក់​ក្នុង​ឆ្នាំ​ទី​ពីរ​ក្រោយ​គេ​បាន​ត្រឡប់​ទៅ​វិញ។ នេះ​ជា​ពេល​មួយ​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​មែន! លោក​អែសរ៉ា​ស្រដី​ថា​៖ ​«​កាល​ពួកជាង​កំពុង​តែ​ដាក់​ជើង​ជញ្ជាំង របស់​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​ចុះ នោះ​គេ​ចាត់​ពួក​សង្ឃ ឲ្យ​ស្លៀក​ពាក់​ប្រដាប់​សង្ឃ ហើយ​កាន់​ត្រែ ព្រម​ទាំង​ពួក​លេវី ជា​កូន​ចៅ​អេសាភ ឲ្យ​កាន់​ឈឹង ដើម្បី​សរសើរ​ដល់​ព្រះ​យេហូវ៉ា តាម​របៀប​របស់​ដាវីឌ ជា​ស្តេច​អ៊ីស្រាអែល គេ​ក៏​ច្រៀង​ឆ្លើយ​គ្នា ដោយ​ពាក្យ​សរសើរ ហើយ​អរ​ព្រះ​គុណ ដល់​ព្រះ​យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា​គុណ[​«​ទ្រង់​ល្អ​»​, ព.ថ.​] សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប​ជា​និច្ច ដល់​ពួក​អ៊ីស្រាអែល​»។—អែសរ៉ា ៣:១​-​១១

១០. តើ​ទំនុក​១១៨​ចាប់​ផ្ដើម​និង​ចប់​ដោយ​ពាក្យ​អ្វី?

១០ សេចក្ដី​សរសើរ​ស្រដៀង​គ្នា​នេះ​អំពី​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា គឺ​មាន​ក្នុង​បទ​ទំនុក​ដំកើង​ជា​ច្រើន​ដែរ។ ក្នុង​នោះ​មាន​ទំនុក​ទី​១១៨ ដែល​ក្រុម​គ្រួសារ​អ៊ីស្រាអែល​និមួយ​ៗ​បាន​ច្រៀង​ដើម្បី​បញ្ចប់​បុណ្យ​រំលង។ ទំនុក​នោះ​ចាប់​ផ្ដើម​និង​ចប់​ដោយ​ពាក្យ​ថា​៖ ​«​ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា ដ្បិត​ទ្រង់​ល្អ! សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប​»។ (​ទំនុក​ដំកើង ១១៨:១, ២៩​) នេះ​ប្រហែល​ជា​ពាក្យ​សរសើរ​ក្រោយ​បង្អស់​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ច្រៀង​ជា​មួយ​សាវ័ក​ស្មោះ​ត្រង់​របស់​ទ្រង់ នៅ​វេលា​យប់​មុន​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៣៣​ស.យ.។—ម៉ាថាយ ២៦:៣០

«​សូម​ទ្រង់​មេត្ដា​បើក​ឲ្យ​ទូល​បង្គំ​ឃើញ​សិរី​ល្អ​ទ្រង់​ផង​»​

១១, ១២. ពេល​លោក​ម៉ូសេ​បាន​ឃើញ​មួយ​ភ្លែត​នូវ​សិរី​ល្អ​របស់​ព្រះ​នោះ តើ​គាត់​ក៏​បាន​ឮ​ការ​ប្រកាស​អ្វី?

១១ ទំនាក់​ទំនង​រវាង​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់ គឺ​ស​ឲ្យ​ឃើញ​ជា​លើក​ដំបូង​អស់​រាប់​សតវត្ស​មុន​សម័យ​របស់​លោក​អែសរ៉ា​ទៅ​ទៀត។ មិន​យូរ​ក្រោយ​ជន​ជាតិ​អ៊ីស្រាអែល​ថ្វាយ​បង្គំ​រូប​កូន​គោ​មាស​នៅ​ទី​រហោ​ស្ថាន​ហើយ​អ្នក​ដែល​ធ្វើ​ខុស​បាន​ត្រូវ​សម្លាប់​ចោល នោះ​លោក​ម៉ូសេ​បាន​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ទ្រង់​មេត្ដា​បើក​ឲ្យ​ទូល​បង្គំ​ឃើញ​សិរី​ល្អ​ទ្រង់​ផង​»។ ព្រះ​យេហូវ៉ា​ជ្រាប​ថា​លោក​ម៉ូសេ​មិន​អាច​ទត​ឃើញ​ព្រះ​ភក្ដ្រ​របស់​ទ្រង់​ហើយ​បន្ត​រស់​បាន​ទេ ដូច្នេះ​ទ្រង់​មាន​បន្ទូល​ថា​៖ ​«​អញ​នឹង​ឲ្យ​អស់​ទាំង​សេចក្ដី​សប្បុរស[​«​ភាព​ល្អ​»​, ព.ថ.​]របស់​អញ​ដើរ​កាត់​នៅ​មុខ​ឯង​»។—និក្ខមនំ ៣៣:១៣​-​២០

១២ ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​បាន​កាត់​មុខ​លោក​ម៉ូសេ​នៅ​ថ្ងៃ​ស្អែក​នោះ​នៅ​លើ​ភ្នំ​ស៊ីណាយ។ នៅ​ពេល​នោះ ម៉ូសេ​បាន​ឃើញ​មួយ​ភ្លែត​នូវ​សិរី​ល្អ​របស់​ព្រះ ថែម​ទាំង​បាន​ឮ​ការ​ប្រកាស​ថា​៖ ​«​យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង នឹង​អំពើ​បាប ប៉ុន្តែ​ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ ទ្រង់​ធ្វើ​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក ទៅ​ដល់​កូន​ចៅ​ដល់​៣​ហើយ​៤​ដំណ​ផង​»។ (​និក្ខមនំ ៣៤:៦, ៧​) ការ​ប្រកាស​នេះ​បញ្ជាក់​ថា ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ជាប់​ទាក់​ទង​និង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់​និង​គុណ​សម្បត្ដិ​ឯ​ទៀត​របស់​ទ្រង់។ ការ​ពិចារណា​នូវ​គុណ​សម្បត្ដិ​ទាំង​នេះ​នឹង​ជួយ​យើង​បង្ហាញ​ភាព​ល្អ​ដែរ។ មុន​បង្អស់ យើង​សូម​ពិចារណា​នូវ​គុណ​សម្បត្ដិ​មួយ​ដែល​ត្រូវ​លើក​ឡើង​ពីរ​ដង​ក្នុង​ការ​ប្រកាស​ដ៏​អស្ចារ្យ​នេះ​ស្តី​ពី​ភាព​ល្អ​របស់​ព្រះ។

‹ជា​ព្រះ​មាន​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ជា​បរិបូរ›

១៣. ក្នុង​ការ​ប្រកាស​របស់​ព្រះ​ស្តី​ពី​ភាព​ល្អ​របស់​ទ្រង់​នោះ តើ​គុណ​សម្បត្ដិ​មួយ​ណា​ដែល​ត្រូវ​លើក​ឡើង​ពីរ​ដង? ហើយ​ហេតុ​អ្វី​បាន​ជា​នេះ​គឺ​សមរម្យ?

១៣ ‹យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ជា​បរិបូរ​មាន​សេចក្ដី​មេត្ដា​ករុណា​ដល់​មនុស្ស​ទាំង​ពាន់›។ ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​ ក៏​មាន​ន័យ​ថា​«​សេចក្ដី​ស្រឡាញ់​ស្មោះ​ស្ម័គ្រ​»។ នេះ​ជា​គុណ​សម្បត្ដិ​តែ​មួយ​គត់​ដែល​ត្រូវ​លើក​ឡើង​ពីរ​ដង​ក្នុង​ការ​ប្រកាស​របស់​ព្រះ​ចំពោះ​លោក​ម៉ូសេ។ គឺ​ជា​ការ​សម​គួរ​មែន​ដែល​គុណ​សម្បត្ដិ​ចំបង​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​សេចក្ដី​ស្រឡាញ់! (​យ៉ូហាន​ទី​១ ៤:៨​) ឃ្លា​ដែល​ត្រូវ​ឮ​ជា​ច្រើន​ដង​នោះ​បាន​ចែង​ថា​៖ ​«​ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប​»​ ក៏​បញ្ជាក់​គុណ​សម្បត្ដិ​នេះ​ផង​ដែរ។

១៤. ជា​ពិសេស តើ​អ្នក​ណា​ទទួល​ប្រយោជន៍​ពី​ភាព​ល្អ​និង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ?

១៤ ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ក៏​ស​ឲ្យ​ឃើញ​ដោយ​សារ​ទ្រង់​«​មាន[​«​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​»​, ព.ថ.​]ជា​បរិបូរ​»។ នេះ​គឺ​ជាក់​ស្តែង​ជា​ពិសេស​ក្នុង​របៀប​ទ្រង់​ថ្នាក់​ថ្នម​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មនុស្សជាតិ​ដែល​ជា​អ្នក​ថ្វាយ​ខ្លួន​បំរើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​នោះ។ (​ពេត្រុស​ទី​១ ៥:៦, ៧​) ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជា​សាក្សី​ថា ទ្រង់​«​មាន​សេចក្ដី​មេត្ដា​ករុណា​»​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​និង​បំរើ​ទ្រង់។ (​និក្ខមនំ ២០:៦​) ជន​ជាតិ​អ៊ីស្រាអែល​បាន​លែង​ទទួល​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ឬ​ក៏​សេចក្ដី​ស្រឡាញ់​ស្មោះ​ស្ម័គ្រ​ពី​ព្រះ​យេហូវ៉ា ពីព្រោះ​គេ​បាន​បដិសេធ​រាជបុត្រា​របស់​ទ្រង់។ ប៉ុន្តែ ភាព​ល្អ​របស់​ព្រះ​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ស្ម័គ្រ​របស់​ទ្រង់​ចំពោះ​គ្រីស្ទាន​ស្មោះ​ត្រង់​គ្រប់​ទាំង​សាសន៍​គឺ​នឹង​មាន​បន្ត​ជា​និច្ច​ជា​កាល។—យ៉ូហាន ៣:៣៦

ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា​និង​សន្ដោស​ប្រណី

១៥. (​ក​) ការ​ប្រកាស​ដែល​លោក​ម៉ូសេ​បាន​ឮ​នៅ​លើ​ភ្នំ​ស៊ីណាយ​នោះ បាន​ចាប់​ផ្ដើម​ដោយ​ពាក្យ​អ្វី? (​ខ​) តើ​សេចក្ដី​មេត្ដា​ករុណា​រួម​បញ្ចូល​អ្វី​ខ្លះ?

១៥ ការ​ប្រកាស​ដែល​លោក​ម៉ូសេ​បាន​ឮ​នៅ​លើ​ភ្នំ​ស៊ីណាយ​នោះ បាន​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា​៖ ​«​យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ[​«​សន្ដោស​ប្រណី​»​, ព.ថ.​]​»។ ពាក្យ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា​«​មេត្ដា​ករុណា​»​អាច​សំដៅ​ទៅ​លើ​«​ពោះ​វៀន​»​និង​ក៏​មាន​ន័យ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ថា​«​ស្បូន​»។ ដូច្នេះ សេចក្ដី​មេត្ដា​ករុណា​រួម​បញ្ចូល​ការ​អាណិត​អាសូរ​ដែល​កើត​ចេញ​ពី​ក្នុង​ជំរៅ​ចិត្ត​របស់​មនុស្ស​ម្នាក់។ ប៉ុន្តែ សេចក្ដី​មេត្ដា​ករុណា​គឺ​រួម​បញ្ចូល​ច្រើន​ជាង​ការ​អាណិត​អាសូរ​ទៅ​ទៀត។ នោះ​ត្រូវ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​សម្រាល​ទុក្ខ​របស់​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​គ្រីស្ទាន​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ យល់​ឃើញ​ថា​ការ​មេត្ដា​ចំពោះ​អ្នក​ជឿ​គ្នី​គ្នា​គឺ​ចាំ​បាច់ ទាំង‹មេត្ដា​ករុណា ដោយ​រីក​រាយ›ពេល​ដែល​នោះ​គឺ​សមរម្យ។—រ៉ូម ១២:៨; យ៉ាកុប ២:១៣; យូដាស ២២, ២៣

១៦. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​សន្ដោស​ប្រណី?

១៦ ភាព​ល្អ​របស់​ព្រះ​ក៏​ស​ឲ្យ​ឃើញ​ដោយ​សារ​ព្រះ​ទ័យ​សន្ដោស​ប្រណី​របស់​ទ្រង់។ មនុស្ស​ដែល​មាន​ចិត្ត​សន្ដោស​ប្រណី​គឺ​ចេះ​គិត​ដល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​និង​ក៏​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​ដែល​មាន​ឋានៈ​ទាប​ជាង។ ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​ស្តី​ពី​ការ​សន្ដោស​ប្រណី​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់។ ជាក់​ស្តែង​ដូច​ជា ព្រះ​បាន​ផ្ដល់​កម្លាំង​ចិត្ត​យ៉ាង​សន្ដោស​ប្រណី​ចំពោះ​ព្យាការី​ដានីយ៉ែល​ដ៏​ចាស់​ជរា​នោះ ហើយ​ទ្រង់​មាន​បន្ទូល​ប្រាប់​នាង​ម៉ារា​ដែល​ជា​ស្រី​ព្រហ្មចារី​អំពី​ឯកសិទ្ធិ​ដែល​គាត់​នឹង​ទៅ​ជា​មាតា​របស់​ព្រះ​យេស៊ូ។ (​ដានីយ៉ែល ១០:១៩; លូកា ១:២៦​-​៣៨​) ដោយ​សារ​យើង​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នោះ យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​របៀប​សន្ដោស​ប្រណី​របស់​ទ្រង់​ដែល​ទាក់​ទាញ​ចិត្ត​យើង​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់។ យើង​សរសើរ​ទ្រង់​ចំពោះ​ការ​ល្អ​នេះ​ដែល​ទ្រង់​បាន​ធ្វើ ហើយ​យើង​ក៏​ខិត​ខំ​ប្រព្រឹត្ត​យ៉ាង​សន្ដោស​ប្រណី​ចំពោះ​អ្នក​ឯ​ទៀត។ ពេល​អ្នក​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ខាង​វិញ្ញាណ​កែ​តម្រង់​អ្នក​ជឿ​គ្នី​គ្នា​«​ដោយ​ចិត្ត​សុភាព​»​នោះ គេ​ខិត​ខំ​ធ្វើ​ដូច្នេះ​យ៉ាង​សន្ដោស​ប្រណី​ផង​ដែរ។—កាឡាទី ៦:១

ព្រះ​មួយ​អង្គ​ដែល​យឺត​នឹង​ខ្ញាល់

១៧. ហេតុ​អ្វី​បាន​ជា​យើង​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​«​យឺត​នឹង​ខ្ញាល់​»​?

១៧«​ព្រះ​ទ្រង់ . . . យឺត​នឹង​ខ្ញាល់​»។ បន្ទូល​នេះ​ក៏​បញ្ជាក់​ពី​លក្ខណៈ​មួយ​ទៀត​នៃ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​អត់​ធ្មត់​នឹង​កំហុស​យើង ហើយ​ឲ្យ​យើង​មាន​ពេល​ដើម្បី​ឈ្នះ​ភាព​ទន់​ខ្សោយ​ធ្ងន់​ធ្ងរ​ណា​ដែល​យើង​មាន ហើយ​ដើម្បី​រីក​ចំរើន​ខាង​វិញ្ញាណ។ (​ហេព្រើរ ៥:១២–៦:៣; យ៉ាកុប ៥:១៤, ១៥​) សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​ក៏​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ណា​ដែល​មិន​ទាន់​ជា​អ្នក​ថ្វាយ​បង្គំ​ទ្រង់​នៅ​ឡើយ។ គេ​នៅ​តែ​មាន​ពេល​ដើម្បី​ប្រព្រឹត្ត​តាម​សារ​ព្រះ​រាជាណាចក្រ​និង​ប្រែ​ចិត្ត។ (​រ៉ូម ២:៤​) ប៉ុន្តែ ទោះ​ជា​ព្រះ​យេហូវ៉ា​អត់​ធ្មត់​យ៉ាង​ណា​ក្ដី ភាព​ល្អ​របស់​ទ្រង់​ជួន​កាល​ជំរុញ​ទ្រង់​ឲ្យ​បញ្ចេញ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ដូច​ទ្រង់​បាន​ធ្វើ​ពេល​អ៊ីស្រាអែល​ថ្វាយ​បង្គំ​រូប​កូន​គោ​មាស​នៅ​ភ្នំ​ស៊ីណាយ។ បន្ដិច​ទៀត សេចក្ដី​ខ្ញាល់​របស់​ព្រះ​នឹង​ត្រូវ​បញ្ចេញ​ដល់​កំរិត​ខ្លាំង​ជាង ពេល​ទ្រង់​បំផ្លាញ​របប​លោកីយ៍​ដ៏​អាក្រក់​របស់​សាតាំង​នេះ​ចោល។—អេសេគាល ៣៨:១៩, ២១​-​២៣

១៨. តើ​ព្រះ​យេហូវ៉ា​និង​អ្នក​ដឹក​នាំ​មនុស្សជាតិ​គឺ​ខុស​គ្នា​យ៉ាង​ណា​ស្តី​ពី​សេចក្ដី​ពិត?

១៨«​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន . . . សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ​»។ ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ហ្ន៎! ពី​អ្នក​ដឹក​នាំ​របស់​មនុស្ស​ដែល​សន្យា​ថា​គេ​នឹង​ធ្វើ​ការ​យ៉ាង​ធំ​តែ​មិន​ដែល​សម្រេច​សោះ! ផ្ទុយ​ទៅ​វិញ អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​អាច​ពឹង​ពាក់​ទៅ​លើ​អ្វី​ៗ​ទាំង​អស់​ក្នុង​ព្រះ​បន្ទូល​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​សរសេរ​មក។ ដោយ​ព្រោះ​ព្រះ​មាន​សេចក្ដី​ទៀង​ត្រង់​ជា​បរិបូរ​នោះ យើង​អាច​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់​ជា​និច្ច។ ដោយ​ភាព​ល្អ​របស់​ទ្រង់ ព្រះ​វរបិតា​សួគ៌ា​របស់​យើង​តែង​តែ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​ឲ្យ​បាន​សេចក្ដីពិត​ខាង​វិញ្ញាណ ដោយ​ផ្គត់​ផ្គង់​ឲ្យ​មាន​បរិបូរ។—ទំនុក​ដំកើង ៤៣:៣; ៦៥:២

១៩. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ភាព​ល្អ​ដ៏​ប្រសើរ​យ៉ាង​ណា ចំពោះ​មនុស្ស​ដែល​ធ្វើ​បាប​តែ​ប្រែ​ចិត្ត​វិញ​នោះ?

១៩ ​«​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់ . . . អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង នឹង​អំពើ​បាប​»។ ដោយសារ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​នោះ ទ្រង់​ប្រុង​ប្រៀប​ដើម្បី​អត់​ទោស​ចំពោះ​អ្នក​ធ្វើ​បាប​ដែល​ប្រែ​ចិត្ត​វិញ។ យើង​ពិត​ជា​មាន​កតញ្ញូ​ធម៌​ដែល​ព្រះ​វរបិតា​សួគ៌ា​របស់​យើង​បាន​រៀបចំ​សំ​វិធានការ​ឲ្យ​យើង​ទទួល​ការ​អត់​ទោស​តាម​រយៈ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ។ (​យ៉ូហាន​ទី​១ ២:១, ២​) យើង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​អស់​អ្នក​ដែល​អនុវត្ត​ជំនឿ​ទៅ​លើ​យញ្ញ​បូជា​លោះ​នេះ អាច​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​ដែល​ទ្រង់​បាន​សន្យា​នោះ។ នេះ​ជា​ហេតុ​ដ៏​ល្អ​ណាស់​ហ្ន៎! ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា​ចំពោះ​ភាព​ល្អ​របស់​ទ្រង់​ចំពោះ​មនុស្សជាតិ។—ពេត្រុស​ទី​២ ៣:១៣

២០. តើ​យើង​មាន​ភស្តុ​តាង​អ្វី​ដែល​បញ្ជាក់​ថា ព្រះ​មិន​ប្រណី​នឹង​អំពើ​អាក្រក់?

២០«​[​ព្រះ​យេហូវ៉ា​]មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ​»។ នេះ​ជា​ហេតុ​មួយ​ទៀត​ដែល​យើង​គួរ​សរសើរ​ព្រះ​យេហូវ៉ា​ចំពោះ​ភាព​ល្អ​របស់​ទ្រង់។ ហេតុ​អ្វី? ពីព្រោះ​លក្ខណៈ​មួយ​ដ៏​សំខាន់​នៃ​ភាព​ល្អ​នោះ គឺ​ថា​ភាព​ល្អ​មិន​ប្រណី​ចំពោះ​អំពើ​អាក្រក់​ទាល់​តែ​សោះ។ ម្យ៉ាង​ទៀត ​«​កាល​ដែល​ព្រះ​អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន​សួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ​ចេស្ដា​ទ្រង់​»​ នឹង​មាន​ការ​សង​សឹក​«​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​»។ គេ​នឹង​«​រង​ទុក្ខ​ទោស ជា​សេចក្ដី​ហិន​វិនាស​អស់​កល្ប​ជា​និច្ច​»។ (​ថែស្សាឡូនីច​ទី​២ ១:៦​-​៩​) អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែល​រួច​រស់​ជីវិត នឹង​អាច​រីក​រាយ​ជា​ទី​បំផុត​នឹង​ជីវិត​ដែល​គ្មាន​ការ​រំខាន​ពី​មនុស្ស​មិន​ថ្វាយ​បង្គំ​ព្រះ​និង​«​មិន​ចូល​ចិត្ត​នឹង​ការ​ល្អ​»។—ធីម៉ូថេ​ទី​២ ៣:១​-​៣

ចូរ​យក​តម្រាប់​តាម​ភាព​ល្អ​របស់​ព្រះ

២១. ហេតុ​អ្វី​បាន​ជា​យើង​គួរ​បង្ហាញ​នូវ​ភាព​ល្អ?

២១ យើង​ពិត​ជា​មាន​ហេតុ​ជា​ច្រើន​ដែល​យើង​គួរ​សរសើរ​និង​អរ​ព្រះ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​សំរាប់​ភាព​ល្អ​របស់​ទ្រង់។ ដោយ​សារ​យើង​ជា​អ្នក​បំរើ​ទ្រង់ យើង​គួរ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​តាម​គុណ​សម្បត្ដិ​នេះ មែន​ទេ? យើង​ត្រូវ​ធ្វើ​ដូច្នេះ​ពិត​មែន ដ្បិត​សាវ័ក​ប៉ុល​បាន​ដាស់​តឿន​គ្រីស្ទាន​គ្នី​គ្នា​ថា​៖ ​«​ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន​ភ្ងា​»។ (​អេភេសូរ ៥:១​) ព្រះ​វរបិតា​សួគ៌ា​របស់​យើង​បង្ហាញ​នូវ​ភាព​ល្អ​ជា​រៀង​រហូត ហើយ​យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។

២២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២២ បើ​សិន​ជា​យើង​បាន​ថ្វាយ​ខ្លួន​អស់​ពី​ចិត្ត​ចំពោះ​ព្រះ​យេហូវ៉ា​ហើយ​នោះ យើង​ពិត​ជា​ប៉ង​ប្រាថ្នា​ចង់​ត្រាប់​តាម​ភាព​ល្អ​របស់​ទ្រង់​យ៉ាង​ខ្លាំង។ ពីព្រោះ​យើង​ជា​កូន​ចៅ​របស់​អ័ដាម​ដែល​មាន​បាប​នោះ ការ​ធ្វើ​ល្អ​មិន​ងាយ​ស្រួល​ទេ។ ក៏​ប៉ុន្តែ ក្នុង​អត្ថបទ​ជា​បន្ទាប់​នោះ យើង​នឹង​ឃើញ​របៀប​យើង​អាច​នៅ​តែ​បង្ហាញ​ភាព​ល្អ​បាន។ យើង​នឹង​ពិចារណា​វិធី​ផ្សេង​ៗ​ដែល​យើង​អាច​ធ្វើ និង​ត្រាប់​តាម​ព្រះ​យេហូវ៉ា​ដែល​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​អំពី​ភាព​ល្អ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ភាព​ល្អ​ជា​អ្វី?

• តើ​ឃ្លា​អ្វី​ខ្លះ​ក្នុង​បទ​គម្ពីរ​ដែល​បញ្ជាក់​ពី​ភាព​ល្អ​របស់​ព្រះ?

• តើ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​គឺ​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

• ហេតុ​អ្វី​យើង​ត្រូវ​ត្រាប់​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​អំពី​ភាព​ល្អ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២១​]

ព្រះ​យេហូវ៉ា​បាន​ដាក់​ទណ្ឌកម្ម ចំពោះ​រាស្ត្រ​ទ្រង់​ពី​បុរាណ ពីព្រោះ​គេ​មិន​បាន ប្រព្រឹត្ត​តាម​ពាក្យ​សរសើរ​របស់​ពួក​គេ

[​រូប​ភាព​នៅ​ទំព័រ​២១​]

ជន​ជាតិ​អ៊ីស្រាអែល មួយ​ចំនួន​ដ៏​ស្មោះ​ត្រង់​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ

[​រូប​ភាព​នៅ​ទំព័រ​២២​]

លោក​ម៉ូសេ​បាន​ឮ ការ​ប្រកាស​ដ៏​អស្ចារ្យ អំពី​ភាព​ល្អ​របស់​ព្រះ

[​រូប​ភាព​នៅ​ទំព័រ​២៤​]

ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​គឺ​ស​ឲ្យ​ឃើញ​ក្នុង របៀប​ដែល​ទ្រង់​ទាក់​ទាញ​ចិត្ត​យើង​តាម​រយៈ​ព្រះ​គម្ពីរ