លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការស៊ូទ្រាំនឹង‹បន្លា១ក្នុងសាច់ឈាម›

ការស៊ូទ្រាំនឹង‹បន្លា១ក្នុងសាច់ឈាម›

ការ​ស៊ូ​ទ្រាំ​នឹង‹បន្លា​១​ក្នុង​សាច់​ឈាម›

​«​គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ​»។—កូរិនថូស​ទី​២ ១២:៩

១, ២ (​ក​) ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​មិន​គួរ​ចម្លែក​ចិត្ត​ពេល​យើង​ជួប​ប្រទះ​នឹង​ការ​ល្បួង​ហើយ​ប្រទះ​នូវ​បញ្ហា​ផ្សេង​ៗ​? (​ខ​) ពេល​យើង​ជួប​ប្រទះ​នឹង​សេចក្ដី​ល្បួង តើ​ហេតុ​អ្វី​បាន​ជា​យើង​ទុក​ចិត្ត​លើ​ព្រះ?

 ​«​ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀត​បៀន​ដែរ​»។ (​ធីម៉ូថេ​ទី​២ ៣:១២​) ហេតុ​អ្វី? ពីព្រោះ​សាតាំង​អះអាង​ថា មនុស្ស​បំរើ​ព្រះ​ដោយ​ចិត្ត​គំនិត​សួន​តួ​ប៉ុណ្ណោះ ហើយ​វា​ប្ដេជ្ញា​ចិត្ត​ចង់​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទី​សំអាង​នេះ! ព្រះ​យេស៊ូ​ធ្លាប់​ព្រមាន​សាវ័ក​ស្មោះ​ត្រង់​របស់​ទ្រង់​ដោយ​បន្ទូល​ថា​៖ ​«​សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ​»។ (​លូកា ២២:៣១​) ព្រះ​យេស៊ូ​ជ្រាប​ច្បាស់​ថា ព្រះ​អនុញ្ញាត​ឲ្យ​សាតាំង​ល្បួង​យើង​ដោយ​វា​បង្កើត​ឲ្យ​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់។ ក៏​ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា គ្រប់​ការ​ពិបាក​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត​របស់​យើង​សុទ្ធ​តែ​មក​ពី​សាតាំង​ឬ​ពួក​បិសាច​របស់​វា​នោះ​ទេ។ (​សាស្ដា ៩:១១​) តែ​សាតាំង​ច្បាស់​ជា​ចង់​ប្រើ​វិធី​ណា​ក៏​បាន​តាម​អំណាច​របស់​វា ដើម្បី​បំបាក់​ចិត្ត​ស្មោះ​ភក្ដី​របស់​យើង។

ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា យើង​មិន​គួរ​ចម្លែក​ចិត្ត​ដោយ​សារ​ការ​ល្បួង​ដែល​យើង​មាន​នោះ​ទេ។ ថ្វី​បើ​យើង​ជួប​ប្រទះ​ស្ថានការណ៍​ណា​ក៏​ដោយ ការ​ទាំង​នោះ​គឺ​មិន​ចម្លែក​ទេ ក៏​ជា​អ្វី​ដែល​យើង​ដឹង​ថា​នឹង​ត្រូវ​កើត​មាន​ឡើង។ (​ពេត្រុស​ទី​១ ៤:១២​) តាម​ការ​ពិត ​«​ពួក​បង​ប្អូន​របស់[​យើង​រាល់​គ្នា​] ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ​»។ (​ពេត្រុស​ទី​១ ៥:៩​) សព្វ​ថ្ងៃ​នេះ​សាតាំង​កំពុង​តែ​គាប​សង្កត់​មក​លើ​អ្នក​បំរើ​ទាំង​ឡាយ​របស់​ព្រះ​យ៉ាង​ខ្លាំង។ អារក្ស​សប្បាយ​ពេល​វា​ឃើញ​មនុស្ស​ធ្វើ​ទុក្ខ​ដល់​យើង ឲ្យ​មាន​បញ្ហា​ច្រើន​ដែល​ប្រៀប​ដូច​ជា​បន្លា។ ដើម្បី​សម្រេច​ការ​នេះ វា​ប្រើ​របប​លោកីយ៍​របស់​វា​តាម​របៀប​ណា​ដែល​អាច​បន្ថែម ឬ​បង្កើន​ឲ្យ​មាន​បញ្ហា​ដែល​ប្រៀប​ដូច​ជា‹បន្លា​ក្នុង​សាច់​ឈាម​យើង›។ (​កូរិនថូស​ទី​២ ១២:៧​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ព្យាបាទ​ពី​សាតាំង​មិន​គួរ​នឹង​បំបាក់​ចិត្ត​ស្មោះ​ភក្ដី​របស់​យើង​បាន​ឡើយ។ បើ​ព្រះ​យេហូវ៉ា​អាច​«​រៀប​ផ្លូវ​»​ឲ្យ​យើង​ស៊ូ​ទ្រាំ​ពេល​មាន​សេចក្ដី​ល្បួង​តាម​វិធី​ផ្សេង​ៗ នោះ​ទ្រង់​នឹង​ធ្វើ​ដូច្នោះ​ដែរ​ពេល​យើង​ជួប​ប្រទះ​នឹង​បញ្ហា​ដែល​ប្រៀប​ដូច​នឹង​បន្លា​ក្នុង​សាច់​ឈាម​យើង។—កូរិនថូស​ទី​១ ១០:១៣

របៀប​ស៊ូ​ទ្រាំ​នឹង​បន្លា​

៣. តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​យ៉ាង​ណា ពេល​ប៉ុល​បាន​សុំ​ទ្រង់​ដក​បន្លា​ពី​សាច់​គាត់​ចេញ?

សាវ័ក​ប៉ុល​បាន​អង្វរ​សុំ​ព្រះ​ដក​នូវ​បន្លា​នោះ​ចេញ​ពី​សាច់​គាត់។ ​«​ខ្ញុំ​បាន​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​៣​ដង ឲ្យ​សេចក្ដី​នោះ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ​»។ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា ចំពោះ​សំណូម​ពរ​ដែល​សូម​អស់​ពី​ដួង​ចិត្ត​របស់​ប៉ុល? ​«​គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ​»។ (​កូរិនថូស​ទី​២ ១២:៨, ៩​) សូម​ឲ្យ​យើង​វិភាគ​មើល​នូវ​ពាក្យ​បន្ទូល​នេះដើម្បី​ដឹង​ថា ពាក្យ​ទាំង​នេះ​អាច​ជួយ​យើង​យ៉ាង​ណា ក្នុង​ការ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​ប្រៀប​ដូច​ជា​បន្លា​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចុក​ចាប់។

៤. ស្តី​អំពី​ព្រះ​គុណ​របស់​ព្រះ​យេហូវ៉ា​ដែល​មនុស្ស​គ្មាន​សិទ្ធិ​ទទួល​នោះ តើ​ប៉ុល​ទទួល​ប្រយោជន៍​ណា​ខ្លះ?

សូម​កត់​សម្គាល់​ថា ព្រះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប៉ុល​មាន​កតញ្ញូ​ធម៌​ចំពោះ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល ដែល​បាន​បង្ហាញ​ដល់​គាត់​រួច​ទៅ​ហើយ​តាម​រយៈ​ព្រះ​គ្រីស្ទ។ ប៉ុល​ច្បាស់​ជា​បាន​ទទួល​ពរ​យ៉ាង​បរិបូរ​ក្នុង​របៀប​ផ្សេង​ៗ។ គាត់​ធ្លាប់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​អ្នក​កាន់​តាម​ព្រះ​យេស៊ូ តែ​ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​ទ្រង់​បាន​ប្រទាន​ឯកសិទ្ធិ​ឲ្យ​គាត់​ធ្វើ​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​ទៅ​វិញ។ (​កិច្ច​ការ ៧:៥៨; ៨:៣; ៩:១​-​៤​) រួច​មក ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​បើក​ឲ្យ​ប៉ុល​បំពេញ​កិច្ច​បំរើ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត នៅ​កន្លែង​ជា​ច្រើន និង​តាម​របៀប​ជា​ច្រើន​ផង​ដែរ។ នេះ​ក៏​បញ្ជាក់​មេ​រៀន​មួយ​ដ៏​ស្រួល​យល់​គឺ​ថា សូម្បី​តែ​ក្នុង​គ្រា​មាន​ទុក្ខ​បំផុត​ក្ដី នោះ​យើង​នៅ​តែ​បាន​ពរ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​មាន​ហេតុ​ដឹង​គុណ​ព្រះ​ជា​និច្ច។ កុំ​អនុញ្ញាត​ឲ្យ​ការ​ល្បង​ល​ដែល​យើង​ជួប​ប្រទះ ធ្វើ​ឲ្យ​យើង​ភ្លេច​នូវ​សេចក្ដី​សប្បុរស​ដ៏​ធំ​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។—ទំនុក​ដំកើង ៣១:១៩

៥, ៦. (​ក​) តើ​ដោយ​ដូច​ម្ដេច​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​ឲ្យ​ប៉ុល​យល់​ដឹង​ថា កម្លាំង​ដែល​មក​ពី​ព្រះ​នោះ​«​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ​»​? (​ខ​) តើ​ដោយ​របៀប​ណា​ដែល​គំរូ​របស់​ប៉ុល​ជា​សក្ខី​ភាព​បង្ហាញ​ថា សាតាំង​ជា​អ្នក​កំភូត?

ក្នុង​ន័យ​ផ្សេង​មួយ​ទៀត ព្រះ​គុណ​របស់​ព្រះ​យេហូវ៉ា​ដែល​មនុស្ស​គ្មាន​សិទ្ធិ​ទទួល​នោះ​គឺ​ល្មម​គ្រប់​គ្រាន់។ ព្រះ​ចេស្ដា​របស់​ព្រះ នោះ​ឲ្យ​កំឡាំង​យ៉ាង​សម្បើម​ក្នុង​ការ​ជួយ​យើង​យក​ឈ្នះ​នឹង​សេចក្ដី​ល្បួង​របស់​យើង។ (​អេភេសូរ ៣:២០​) ព្រះ​យេហូវ៉ា​បាន​បង្រៀន​ឲ្យ​ប៉ុល​យល់​ដឹង​ថា កម្លាំង​ដែល​មក​ពី​ព្រះ នោះ​«​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ​»។ តើ​ដោយ​ដូច​ម្ដេច? គឺ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ទ្រង់​បាន​ប្រទាន​ឲ្យ​ប៉ុល​នូវ​កម្លាំង​ដែល​គាត់​ត្រូវ​ការ ដើម្បី​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ល្បួង​របស់​គាត់។ រួច​មក​ការ​ស៊ូ​ទ្រាំ​របស់​ប៉ុល ព្រម​ទាំង​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា បាន​ស​ឲ្យ​ពួក​គ្រីស្ទាន​ទាំង​ឡាយ​ឃើញ​ថា ជា​មនុស្ស​ទន់​ខ្សោយ​ម្នាក់​ដែល​មាន​បាប គឺ​គាត់​អាច​យក​ជ័យ​ជំនះ​បាន​ដោយ​សារ​កម្លាំង​ដែល​មក​ពី​ព្រះ។ សូម​គិត​ទៅ​មើល ភក្ដី​ភាព​របស់​ប៉ុល​ប្រៀប​ដូច​ជា​ការ​ទះ​កំផ្លៀង​អារក្ស​ជា​អ្នក​និយាយ​បង្កាច់​បង្ខូច ដែល​អះអាង​ថា​មនុស្ស​បំរើ​ព្រះ​បាន​ឲ្យ​តែ​គ្មាន​ទុក្ខ​លំបាក​និង​បញ្ហា​កើត​ឡើង!

ប៉ុល​ជា​អតីត​សម្ព័ន្ធមិត្ត​របស់​សាតាំង​ក្នុង​ការ​ប្រឆាំង​ទាស់​នឹង​ព្រះ ហើយ​គាត់​ជា​អ្នក​ពូកែ​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​បណ្ដា​គ្រីស្ទាន និង​ជា​ផារិស៊ី​ម្នាក់​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង ហើយ​គាត់​ប្រាកដ​ជា​ធ្លាប់​មាន​ជីវិត​ដ៏​រុង​រឿង ដោយ​ព្រោះ​គាត់​កើត​មក​ក្នុង​ត្រកូល​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់។ ក្រោយ​នោះ​មក​ប៉ុល​បាន​បំរើ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ ​«​ជា​អ្នក​តូច​ជាង​គេ​»​ក្នុង​ចំណោម​ពួក​សាវ័ក។ (​កូរិនថូស​ទី​១ ១៥:៩​) ដោយ​មាន​ឋានៈ​ទាប​ដូច​នេះ គាត់​បាន​ចុះ​ចូល​ដោយ​ចិត្ត​រាប​ទាប​ចំពោះ​ការ​ដឹក​នាំ​ពី​គណៈ​អភិបាល​គ្រីស្ទាន​នា​សតវត្ស​ទី​មួយ។ ប៉ុល​ក៏​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ផង​ដែរ ថ្វី​ដ្បិត​មាន​បន្លា​មួយ​ក្នុង​សាច់​គាត់​ក៏​ដោយ។ សាតាំង​ច្បាស់​ជា​មួម៉ៅ​ខ្លាំង​ណាស់ ដែល​ការ​ល្បង​ល​ចំពោះ​ប៉ុល​មិន​បាន​បណ្ដាល​ឲ្យ​គាត់​ណាយ​ចិត្ត​នោះ។ ប៉ុល​មិន​ដែល​ភ្លេច​នូវ​សេចក្ដី​សង្ឃឹម​របស់​គាត់​ខាង​ការ​រួម​ចំណែក​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ​ឡើយ។ (​ធីម៉ូថេ​ទី​២ ២:១២; ៤:១៨​) មិន​ថា​គាត់​ឈឺ​ចុក​ចាប់​យ៉ាង​ណា​ក៏​ដោយ គ្មាន​បន្លា​ណា​មួយ​អាច​ទប់​ស្កាត់​ចិត្ត​ខ្នះ​ខ្នែង​របស់​គាត់​បាន​ទេ។ សូម​ឲ្យ​យើង​មាន​ចិត្ត​ខ្នះ​ខ្នែង​ដូច​នោះ​ជា​និច្ច​ផង​ដែរ! ដោយ​ព្រះ​យេហូវ៉ា​ជួយ​ពង្រឹង​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ល្បួង​របស់​យើង នោះ​ទ្រង់​លើក​កិត្ដិយស​យើង​ឲ្យ​មាន​ឯកសិទ្ធិ​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​ជា​សក្ខី​ភាព​ថា សាតាំង​ជា​អ្នក​កំភូត។—សុភាសិត ២៧:១១

សំ​វិធានការ​ពី​ព្រះ​យេហូវ៉ា​គឺ​ចាំ​បាច់​ណាស់

៧, ៨. (​ក​) តើ​ព្រះ​យេហូវ៉ា​ទ្រង់​ពង្រឹង​កម្លាំង​អ្នក​បំរើ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ​ដោយ​ដូច​ម្ដេច? (​ខ​) ដើម្បី​ស៊ូ​ទ្រាំ​នឹង​បន្លា​មួយ​ក្នុង​សាច់​យើង តើ​ហេតុ​អ្វី​បាន​ជា​ការ​អាន​និង​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​គឺ​ចាំ​បាច់​នោះ?

សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​គ្រីស្ទាន​ស្មោះ​ត្រង់ តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​និង​ព្រះ​បន្ទូល​របស់​ទ្រង់ ព្រម​ទាំង​តាម​ភាតរភាព​គ្រីស្ទាន​របស់​យើង​ផង​ដែរ។ យើង​អាច​ផ្ទេរ​បន្ទុក​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​ការ​អធិស្ឋាន ដូច​ប៉ុល​ធ្លាប់​បាន​ធ្វើ​ដែរ។ (​ទំនុក​ដំកើង ៥៥:២២​) ថ្វី​បើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​ដក​សេចក្ដី​ល្បួង​ដែល​យើង​ជួប​ប្រទះ​ចេញ​ពី​យើង​ក៏​ដោយ ទ្រង់​អាច​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា​ដើម្បី​ស៊ូ​ទ្រាំ សូម្បី​តែ​ជា​ទុក្ខ​លំបាក​ដែល​មក​ពី​សេចក្ដី​ល្បួង​ដ៏​ពិបាក​បំផុត​ក្ដី ក៏​ទ្រង់​អាច​ជួយ​យើង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ​បាន​ដែរ។ ព្រះ​យេហូវ៉ា​ក៏​អាច​ប្រទាន​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត គឺ​«​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់​»​ដើម្បី​ជួយ​យើង​ស៊ូ​ទ្រាំ។—កូរិនថូស​ទី​២ ៤:៧

តើ​យើង​ទទួល​ជំនួយ​នោះ​តាម​របៀប​ណា? យើង​ត្រូវ​ខំ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ ពីព្រោះ​ក្នុង​សៀវភៅ​នោះ​យើង​អាច​រក​ឃើញ​នូវ​សេចក្ដី​កំសាន្ត​ចិត្ត​របស់​ទ្រង់។ (​ទំនុក​ដំកើង ៩៤:១៩​) ក្នុង​ព្រះ​គម្ពីរ​យើង​អាច​អាន​នូវ​សេចក្ដី​ទូល​អង្វរ​ដែល​ជំរុញ​ទឹក​ចិត្ត​របស់​អ្នក​បំរើ​ព្រះ ពេល​គេ​អំពាវនាវ​សុំ​ជំនួយ​ពី​ព្រះ។ របៀប​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​តប​មក​វិញ មាន​រួម​ទាំង​បន្ទូល​ដ៏​គួរ​ឲ្យ​សំរាល​ទុក្ខ នោះ​ពិត​ជា​អ្វី​ដែល​យើង​ចង់​យក​មក​ពិចារណា​មែន។ ការ​សិក្សា​បន្ទូល​របស់​ព្រះ​នឹង​ពង្រឹង​កម្លាំង​យើង​ដើម្បីឲ្យ​«​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ​»។ ដូច​យើង​រាល់​ថ្ងៃ​ត្រូវ​ទទួល​ទាន​ម្ហូប​អាហារ​ដើម្បី​ឲ្យ​យើង​ធំ​ធាត់​នោះ យើង​ក៏​ត្រូវ​ទទួល​ទាន​ពាក្យ​បន្ទូល​របស់​ព្រះ​ជា​ទៀង​ទាត់​ផង​ដែរ។ តើ​យើង​កំពុង​តែ​ធ្វើ​ដូច​នេះ​ទេ? បើ​អ្នក​កំពុង​តែ​ធ្វើ​ដូច​នេះ​មែន យើង​នឹង​ទទួល​ស្គាល់​ថា ការ​ទទួល​«​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់​»​នោះ នឹង​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ក៏​ដោយ ដែល​ប្រៀប​ដូច​ជា​បន្លា​ដែល​ធ្វើ​ទុក្ខ​យើង​នៅ​ពេល​ឥឡូវ​នេះ។

៩. តើ​ដោយ​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​គាំទ្រ​អស់​អ្នក​ដែល​មាន​បញ្ហា?

អ្នក​ចាស់​ទុំ​គ្រីស្ទាន​ដែល​កោត​ខ្លាច​ព្រះ អាច​ធ្វើ​«​ជា​ទី​បាំង​ឲ្យ​រួច​»​ពី​ការ​ពិបាក​ចិត្ត​ដែល​ប្រៀប​ដូច​ជា​«​ខ្យល់​»​ ក៏​ធ្វើ​«​ជា​ទី​ជ្រក​ឲ្យ​រួច​»​ពី​បញ្ហា​ដែល​ប្រៀប​ដូច​ជា​«​ព្យុះ​សង្ឃរា​»។ អ្នក​ចាស់​ទុំ​ដែល​ចង់​មាន​លក្ខណៈ​ដូច​អ្វី​ដែល​ចែង​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​នោះ ត្រូវ​ទូល​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​និង​ដោយ​ចិត្ត​រាប​ទាប សុំ​ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​នូវ​«​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន​សូត្រ​ហើយ​»​ ដើម្បី​ឲ្យ​ចេះ​និយាយ​ពាក្យ​ដ៏​សម​គួរ​ដល់​ពួក​អ្នក​ដែល​កំពុង​តែ​រង​ទុក្ខ។ ពាក្យ​របស់​ពួក​អ្នក​ចាស់​ទុំ​អាច​ប្រៀប​នឹង​ទឹក​ភ្លៀង​រលឹម​ៗ ដែល​ជួយ​សំរាល​ទុក្ខ​ក្នុង​ចិត្ត​គំនិត​របស់​យើង​ឲ្យ​បាន​ល្ហែ​ល្ហើយ ក្នុង​កំឡុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក។ ពួក​អ្នក​ចាស់​ទុំ​ជួយ​គាំ​ទ្រ​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​ពួក​គាត់ ដែល​ប្រហែល​ជា​អស់​កម្លាំង​ឬ​ធ្លាក់​ទឹក​ចិត្ត​ដោយ​ព្រោះ​មាន​បន្លា​ណា​មួយ​ក្នុង​សាច់​របស់​គេ។ ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ដូច្នេះ​ដោយ​«​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត​»។—អេសាយ ៣២:២; ៥០:៤; ថែស្សាឡូនីច​ទី​១ ៥:១៤

១០, ១១. តើ​ដោយ​របៀប​ណា​ដែល​អ្នក​បំរើ​ព្រះ​អាច​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ដែល​កំពុង​តែ​រង​ទុក្ខ​នឹង​ទុក្ខ​លំបាក​ដ៏​ខ្លាំង​នោះ?

១០ មនុស្ស​គ្រប់​គ្នា​ដែល​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា គឺ​រួម​ចំណែក​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន​របស់​ទ្រង់​ដោយ​មាន​សាមគ្គី​ភាព។ ត្រូវ​ហើយ យើង​ជា​«​អវយវៈ​ដល់​គ្នា​នឹង​គ្នា​»​ ក៏‹ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ›។ (​រ៉ូម ១២:៥; យ៉ូហាន​ទី​១ ៤:១១​) តើ​យើង​អាច​សម្រេច​កាតព្វកិច្ច​នេះ​បាន​យ៉ាង​ណា​ទៅ? យោង​ទៅ​តាម​ពេត្រុស​ទី​១ ៣:៨ យើង​ធ្វើ​ដូច្នេះ​ដោយ​«​មាន​ចិត្ត​អាណិត​អាសូរ​ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន នឹង​មាន​ចិត្ត​ទន់​សន្ដោស​»​ចំពោះ​អស់​អ្នក​ដែល​ជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ស្តី​អំពី​ពួក​អ្នក​ដែល​កំពុង​តែ​ស៊ូ​ទ្រាំ​នឹង​បន្លា​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នោះ មិន​ថា​នៅ​ជា​យុវវ័យ​ឬ​ក៏​វ័យ​ចាស់​ក៏​ដោយ យើង​រាល់​គ្នា​ក៏​អាច​ជួយ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​ពួក​គេ​បាន​ដែរ។ តើ​យើង​ធ្វើ​យ៉ាង​ណា​ទៅ?

១១ យើង​គួរ​ព្យាយាម​យល់​នឹង​ការ​រង​ទុក្ខ​របស់​គេ។ បើ​យើង​មាន​ឫកពា​ហាក់​ដូច​ជា​គ្មាន​អារម្មណ៍ ឬ​ឥត​មាន​ចិត្ត​មេត្ដា ឬ​ក៏​ធ្វេស​ប្រហែស​ជា​ដើម នោះ​យើង​អាច​បង្កើន​នូវ​ទុក្ខ​ព្រួយ​ដល់​គេ​ដោយ​អចេតនា​ហើយ។ ការ​ទទួល​ស្គាល់​អំពី​អ្វី​ដែល​គេ​កំពុង​តែ​ជួប​ប្រទះ​នោះ គួរ​ជំរុញ​ឲ្យ​យើង​ប្រយ័ត្ន​ប្រយែង​នឹង​ពាក្យ​សំដី និង​របៀប​និយាយ ហើយ​មារយាទ​របស់​យើង​ផង​ដែរ។ បើ​យើង​ខំ​លើក​ទឹក​ចិត្ត​និង​មាន​គំនិត​សុទិដ្ឋិនិយម នោះ​អាច​ជួយ​បន្ធូរ​ការ​ឈឺ​ចាប់​ខ្លះ​ពី​បន្លា​ណា​ដែល​គេ​មាន​នោះ។ បើ​ធ្វើ​ដូច​នោះ យើង​ប្រហែល​ជា​អាច​ធ្វើ​ជា​អ្នក​កំសាន្ត​ចិត្ត​គេ​បាន។—កូល៉ុស ៤:១១

របៀប​ដែល​អ្នក​ខ្លះ​បាន​ស៊ូ​ទ្រាំ​ដោយ​ជោគ​ជ័យ

១២​-​១៤. (​ក​) តើ​គ្រីស្ទាន​ម្នាក់​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ជម្ងឺ​មហារីក? (​ខ​) តើ​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​បង​ស្រី​នេះ បាន​គាំទ្រ​និង​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ណា?

១២ ពេល​យើង​មក​ជិត​ដល់​ទី​បញ្ចប់​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ នោះ​«​សេចក្ដី​ទុក្ខ​»​កំពុង​តែ​កើន​ឡើង​ៗ​ជា​រៀង​រាល់​ថ្ងៃ។ (​ម៉ាថាយ ២៤:៨​) អាស្រ័យ​ដោយ​ហេតុ​នេះ មនុស្ស​សឹង​តែ​ទាំង​អស់​នឹង​ជួប​ប្រទះ​នូវ​សេចក្ដី​ល្បួង​ផ្សេង​ៗ ជា​ពិសេស​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ដែល​ខំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ជាក់​ស្តែង​ដូច​ជា​គ្រីស្ទាន​ម្នាក់​ដែល​បាន​បំរើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ បង​ស្រី​បាន​ត្រូវ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​គាត់​មាន​ជម្ងឺ​មហារីក ដែល​នេះ​តំរូវ​ឲ្យ​វះ​កាត់​ក្រពេញ​ទឹក​រងៃ​និង​ក្រពេញ​ទឹក​មាត់។ ពេល​ដែល​បង​ស្រី​នេះ​និង​ស្វាមី​គាត់​ជ្រាប​ថា​គាត់​មាន​ជម្ងឺ​នេះ ភ្លាម​ៗ​នោះ​ពួក​គេ​បាន​ទូល​អង្វរ​ព្រះ​យេហូវ៉ា​ដោយ​ការ​អធិស្ឋាន​យ៉ាង​យូរ។ បង​ស្រី​មាន​ប្រសាសន៍​ក្រោយ​នោះ​ថា គាត់​មាន​ចិត្ត​ដែល​ប្រកប​ទៅ​ដោយ​ភាព​សុខ​សាន្ត​បំផុត។ យ៉ាង​ណា​ក៏​ដោយ បង​ស្រី​បាន​ស៊ូ​ទ្រាំ​ត​ទៅ​ទៀត​ទោះ​ជា​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ​ក៏​ដោយ ជា​ពិសេស​គាត់​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ប្រតិកម្ម​ដែល​មក​ពី​វិធី​ព្យាបាល​ផ្សេង​ៗ​នោះ។

១៣ ដើម្បី​ចេះ​ស៊ូ​ទ្រាំ​នឹង​ជម្ងឺ​មហារីក បង​ស្រី​បាន​ខំ​សិក្សា​ស្វែង​យល់​យ៉ាង​ច្រើន​អំពី​ជម្ងឺ​នេះ។ គាត់​បាន​ជួប​ពិគ្រោះ​ជា​មួយ​នឹង​គ្រូ​ពេទ្យ និង​ស្វែង​រក​បទ​ពិសោធន៍​របស់​បុគ្គល​ផ្សេង​ៗ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ព្រម​ទាំង​ប្រកាសនវត្ថុ​គ្រីស្ទាន ដែល​បង្ហាញ​ពី​វិធី​ដែល​គេ​បាន​មាន​កម្លាំង​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ជម្ងឺ​នោះ។ បង​ស្រី​ក៏​បាន​អាន​ខ​គម្ពីរ​ដែល​បញ្ជាក់​ពី​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​ជួយ​ពង្រឹង​រាស្ត្រ​ទ្រង់​ក្នុង​កំឡុង​ពេល​មាន​ទុក្ខ​លំបាក ហើយ​គាត់​ក៏​អាន​ពត៌មាន​ឯ​ទៀត​ដែល​បាន​ជួយ​គាត់។

១៤ អត្ថបទ​មួយ​ដែល​រៀប​រាប់​អំពី​ការ​ស៊ូ​ទ្រាំ​នឹង​ការ​អាក់​អន់​ចិត្ត​នោះ បាន​ដក​ស្រង់​ពាក្យ​ដ៏​មាន​ប្រាជ្ញា​ដូច​ត​ទៅ​ថា​៖ ​«​អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ​»។ (​សុភាសិត ១៨:១​) ស្រប​ទៅ​តាម​ចំណុច​នេះ អត្ថបទ​នោះ​បាន​ឲ្យ​យោបល់​ថា​៖ ​«​កុំ​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ​ឲ្យ​សោះ​»។ a បង​ស្រី​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​បង​ប្អូន​ជា​ច្រើន​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​កំពុង​តែ​អធិស្ឋាន​ឲ្យ​ខ្ញុំ។ បង​ប្អូន​ឯ​ទៀត​បាន​ទូរស័ព្ទ​សួរ​សុខ​ទុក្ខ​ខ្ញុំ។ អ្នក​ចាស់​ទុំ​ពីរ​នាក់​បាន​ទូរស័ព្ទ​សួរ​សុខ​ទុក្ខ​ខ្ញុំ​ជា​និច្ច​ជា​កាល។ ខ្ញុំ​បាន​ទទួល​បាច់​ផ្កា​យ៉ាង​ច្រើន និង​សំបុត្រ​ច្រើន​ផង​ដែរ ហើយ​បង​ប្អូន​ខ្លះ​ក៏​បាន​ជួយ​ធ្វើ​ម្ហូប​ឲ្យ​ពួក​យើង​ដែរ។ បង​ប្អូន​ជា​ច្រើន​បាន​ជួយ​ដឹក​ខ្ញុំ​ទៅ​កន្លែង​ព្យាបាល​»។

១៥​-​១៧. (​ក​) តើ​គ្រីស្ទាន​ម្នាក់​បាន​ស៊ូ​ទ្រាំ​យ៉ាង​ណា​នឹង​ការ​ពិបាក​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​ទាំង​នោះ? (​ខ​) តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​ជួយ​គាំទ្រ​គាត់​យ៉ាង​ណា?

១៥ បង​ស្រី​ម្នាក់​ដែល​បំរើ​ព្រះ​យេហូវ៉ា​តាំង​ពី​យូរ​មក​ហើយ​នៅ​រដ្ឋ​ញូវ​ម៉ិកស៊ិក ស.រ.អ​ មាន​គ្រោះ​ថ្នាក់​ចរាចរ​ពីរ​ដង។ បង​ស្រី​បាន​ត្រូវ​របួស​ត្រង់​ស្មា​និង​ក ហើយ​នេះ​ធ្វើ​ឲ្យ​គាត់​រឹត​តែ​ឈឺ​ចាប់​ថែម​ពី​លើ​ជម្ងឺ​ចុក​សន្លាក់​ឆ្អឹង ដែល​គាត់​បាន​រង​ទុក្ខ​អស់​ជាង​២៥​ឆ្នាំ​មក​ហើយ។ បង​ស្រី​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ពិបាក​ងើប​ក្បាល​ឡើង​ណាស់ ថែម​ទាំង​ពិបាក​យួរ​អ្វី​ៗ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ពីរ​គីឡូ​ក្រាម​ទៀត​ផង។ ប៉ុន្តែ​ការ​អធិស្ឋាន​ទូល​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​បាន​ជួយ​ពង្រឹង​កម្លាំង​ខ្ញុំ​ណាស់។ អត្ថបទ​ដែល​យើង​សិក្សា​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ក៏​បាន​ជួយ​ខ្ញុំ​ច្រើន​ផង​ដែរ។ អត្ថបទ​មួយ​នោះ​បាន​ចែង​អំពី​សៀវភៅ​មីកា ៦:៨ ទាំង​កត់​សម្គាល់​ថា ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ដោយ​ចិត្ត​សុភាព​រាប​ទាប​មាន​ន័យ​ថា យើង​ត្រូវ​ទទួល​ស្គាល់​កំរិត​របស់​ខ្លួន។ ត្រង់​ប្រការ​នេះ​ហើយ​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ដឹង​ថា ដោយ​ព្រោះ​សុខភាព​ខ្ញុំ​មិន​ល្អ​ដូច​នេះ ខ្ញុំ​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ឡើយ ថ្វី​បើ​ពេល​វេលា​ដែល​ខ្ញុំ​ចំណាយ​ក្នុង​កិច្ច​បំរើ គឺ​តិច​ជាង​ចិត្ត​ប្រាថ្នា​ក៏​ដោយ។ ការ​បំរើ​ទ្រង់​ដោយ​មាន​ចេតនា​ល្អ ជា​អ្វី​ដែល​សំខាន់​បំផុត​»។

១៦ បង​ស្រី​នេះ​ក៏​រៀប​រាប់​ទៀត​ថា​៖ ​«​ដោយ​ព្រោះ​ខ្ញុំ​ខំ​ប្រឹង​ខ្នះ​ខ្នែង​ទៅ​ប្រជុំ​និង​ចូល​រួម​កិច្ច​បំរើ​ផ្សាយ​ផង​ដែរ ពួក​អ្នក​ចាស់​ទុំ​បាន​សរសើរ​ខ្ញុំ​ជា​និច្ច។ ពួក​យុវវ័យ​តែង​មក​ឱប​និង​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដែរ។ ពួក​អ្នក​ត្រួស​ត្រាយ​អត់​ធ្មត់​ច្រើន​ណាស់​ជា​មួយ​ខ្ញុំ ថែម​ទាំង​ប្ដូរ​កាល​វិភាគ​របស់​គេ​នៅ​ថ្ងៃ​ណា​ដែល​ខ្ញុំ​មិន​ស្រួល​ខ្លួន​ផង​ដែរ។ បើ​ធាតុ​អាកាស​មិន​ល្អ ពួក​គេ​បាន​ជួយ​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ជួប​គេ​វិញ ឬ​អញ្ជើញ​ឲ្យ​ខ្ញុំ​ចូល​រួម​ជា​មួយ​ពេល​គេ​ទៅ​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​របស់​គេ។ ហើយ​ដោយ​ព្រោះ​ខ្ញុំ​ស្ពាយ​កាតាប​សៀវភៅ​មិន​រួច​នោះ បង​ប្អូន​ឯ​ទៀត​បាន​ដាក់​សៀវភៅ​ទាំង​អស់​របស់​ខ្ញុំ​នៅ​ក្នុង​កាតាប​របស់​គេ​ពេល​យើង​ទៅ​ផ្សព្វ​ផ្សាយ​»។

១៧ សូម​កត់​សម្គាល់​នូវ​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​និង​បង​ប្អូន​រួម​ជំនឿ​នោះ បាន​ជួយ​បង​ស្រី​ទាំង​ពីរ​នាក់​នេះ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ជម្ងឺ​របស់​ពួក​គាត់​ដែល​ប្រៀប​ដូច​ជា​បន្លា។ ពួក​គាត់​បាន​ទទួល​ជំនួយ​តាម​របៀប​ដែល​មាន​ប្រយោជន៍​និង​ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​សប្បុរស ដែល​អាច​បំពេញ​តម្រូវ​ការ​ជាក់​លាក់​ខាង​វិញ្ញាណ ខាង​ផ្លូវ​ចិត្ត និង​ខាង​ផ្លូវ​កាយ​ផង​ដែរ។ នេះ​ច្បាស់​ជា​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ចង់​ជួយ​បង​ប្អូន​ប្រុស​ស្រី​ឯ​ទៀត​ដែល​មាន​បញ្ហា​ដែរ មែន​ទេ? ពួក​យុវវ័យ​អើយ! អ្នក​ក៏​អាច​ជួយ​ផង​ដែរ ដល់​ពួក​អ្នក​ក្នុង​ក្រុម​ជំនុំ​ដែល​កំពុង​តែ​ស៊ូ​ទ្រាំ​នឹង​បន្លា​ក្នុង​សាច់​គេ។—សុភាសិត ២០:២៩

១៨. តើ​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ខ្លះ ពី​ដំណើរ​ជីវិត​របស់​បង​ប្អូន​ដែល​បាន​ចុះ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!?

១៨ ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!មាន​អត្ថបទ​ជា​ច្រើន​ដែល​ពន្យល់​អំពី​ដំណើរ​ជីវិត​និង​បទ​ពិសោធន៍​នៃ​ស្មរ​បន្ទាល់​ដែល​ធ្លាប់បាន​ស៊ូ​ទ្រាំ ហើយ​នៅ​តែ​បន្ត​ស៊ូ​ទ្រាំ​ថែម​ទៀត​នឹង​បញ្ហា​ក្នុង​ជីវិត​របស់​គេ។ ពេល​អ្នក​អាន​អត្ថបទ​បែប​នេះ អ្នក​អាច​យល់​ថា បង​ប្អូន​ខាង​វិញ្ញាណ​ជា​ច្រើន​នាក់​ទូទាំង​ផែនដី បាន​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ខាង​លុយ​កាក់ ឬ​មាន​មិត្ត​សំឡាញ់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ ថែម​ទាំង​បាន​ស៊ូ​ទ្រាំ​នឹង​ស្ថានការណ៍​ដ៏​មាន​គ្រោះ​ថ្នាក់​ពេល​ឆ្លង​កាត់​សង្គ្រាម​ទៀត​ផង។ បង​ប្អូន​ឯ​ទៀត​មាន​ជម្ងឺ​ធ្វើ​ឲ្យ​ពិការ និង​បង​ប្អូន​ជា​ច្រើន​ទៀត​ពុំ​អាច​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដូច​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ធ្វើ​នោះ​ទេ។ ជម្ងឺ​របស់​គេ ធ្វើ​ទុក្ខ​គេ​ខ្លាំង​ណាស់ ជា​ពិសេស​ពេល​ដែល​គេ​មិន​អាច​ចូល​រួម​កិច្ច​បំរើ​បាន​ច្រើន​ទៅ​តាម​ចំណង់​ចិត្ត​របស់​គេ។ ពួក​គេ​ពិត​ជា​អប​អរ​ណាស់ នូវ​ជំនួយ​ដែល​បង​ប្អូន​ប្រុស​ស្រី​ទាំង​ចាស់​ទាំង​ក្មេង​ផ្ដល់​ឲ្យ​ដោយ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គេ!

ការ​ស៊ូ​ទ្រាំ​តែង​នាំ​ឲ្យ​មាន​សុភមង្គល

១៩. ទោះ​ជា​ប៉ុល​មាន​ទុក្ខ​លំបាក​និង​មាន​ភាព​ខ្សោយ​ដែល​ប្រៀប​ដូច​ជា​បន្លា​នោះ​ក្ដី ហេតុ​អ្វី​បាន​ជា​គាត់​នៅ​តែ​អាច​មាន​ចិត្ត​រីក​រាយ​ដូច្នេះ?

១៩ ប៉ុល​បាន​ត្រេក​អរ​ខ្លាំង​ណាស់​ពេល​ទទួល​ស្គាល់​នូវ​របៀប​ដែល​ព្រះ​ពង្រឹង​កម្លាំង​របស់​គាត់។ គាត់​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ​ចេស្ដា​នៃ​ព្រះ​គ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ។ ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្ដី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះ​តិះ​ដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត​ចង្អល់ ដោយ​យល់​ដល់​ព្រះ​គ្រីស្ទ។ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ​»។ (​កូរិនថូស​ទី​២ ១២:៩, ១០​) ដោយ​ព្រោះ​អ្វី​ៗ​ដែល​ប៉ុល​បាន​ពិសោធ​ផ្ទាល់​ខ្លួន​នោះ គាត់​អាច​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ថា​៖ ​«​ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្ដី​សន្ដោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង។ ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក​រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ។ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ​សារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ​»។—ភីលីព ៤:១១​-​១៣

២០, ២១. (​ក​) ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​អាច​មាន​អំណរ​ដោយ​រំពឹង​គិត​អំពី​របស់​ដ៏​«​មើល​មិន​ឃើញ​»​? (​ខ​) តើ​មាន​របស់​ដ៏​«​មើល​មិន​ឃើញ​»​ណា​ខ្លះ ដែល​អ្នក​សង្ឃឹម​ចង់​ឃើញ​នៅ​ក្នុង​ទី​មនោរម្យ​នៅ​លើ​ផែនដី?

២០ គឺ​អាច​បាន​ដូច​គ្នា​ដែរ បើ​យើង​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ក៏​ដោយ​ដែល​ប្រៀប​ដូច​ជា​បន្លា​ក្នុង​សាច់​យើង នោះ​យើង​អាច​មាន​សុភមង្គល​បាន ក្នុង​ការ​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា​បាន​បំពេញ​បង្គ្រប់​សេចក្ដី​កំសោយ​របស់​យើង។ ប៉ុល​បាន​សរសេរ​ថា​៖ ‹យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ មនុស្ស​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជា​និច្ច។ ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី​ល្អ​យ៉ាង​ច្រើន​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជា​និច្ច​វិញ ដោយ​យើង​ខ្ញុំ​ចាប់​អារម្មណ៍​តែ​របស់​ដ៏​មើល​មិន​ឃើញ។ ដ្បិត​របស់​ដ៏​មើល​មិន​ឃើញ នោះ​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច›។—កូរិនថូស​ទី​២ ៤:១៦​-​១៨

២១ សព្វ​ថ្ងៃ​នេះ អនុ​រាស្ត្រ​ភាគ​ច្រើន​របស់​ព្រះ​យេហូវ៉ា​សង្ឃឹម​ចង់​រស់​នៅ​ក្នុង​ទី​មនោរម្យ​របស់​ទ្រង់​នៅ​លើ​ផែនដី និង​ពេញ​ចិត្ត​ចំពោះ​ពរ​ដែល​ទ្រង់​បាន​សន្យា​ឲ្យ។ យើង​អាច​ចាត់​ទុក​ពរ​បែប​នោះ ជា​អ្វី​ដែល​យើង​«​មើល​មិន​ឃើញ​»​នៅ​សព្វ​ថ្ងៃ​នេះ។ ក៏​ប៉ុន្តែ គ្រា​ដែល​យើង​នឹង​ឃើញ​នូវ​ពរ​ទាំង​ប៉ុន្មាន​នោះ​ដោយ​ភ្នែក​យើង​ផ្ទាល់ នោះ​កំពុង​តែ​ធ្វើ​ដំណើរ​កាន់​តែ​ជិត​មក​ដល់ ហើយ​យើង​នឹង​អរ​សប្បាយ​នឹង​ពរ​នោះ​ជា​រៀង​រហូត​ត​ទៅ​ទៀត​ផង​ដែរ។ ពរ​នោះ គឺ​ជា​ការ​ធូរ​ស្បើយ​ដែល​មាន​មក​ពី​ការ​រស់​នៅ​ដោយ​មិន​ត្រូវ​ការ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​ប្រៀប​ដូច​ជា​បន្លា​នោះ​ទៀត​ឡើយ! ព្រះ​រាជបុត្រា​របស់​ព្រះ​នឹង​«​បំផ្លាញ​ការ​របស់​អារក្ស​ចេញ​»​ និង​«​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់​»។—យ៉ូហាន​ទី​១ ៣:៨; ហេព្រើរ ២:១៤

២២. តើ​យើង​មាន​ទំនុក​ចិត្ត​អ្វី? ហើយ​តើ​យើង​គួរ​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​ណា?

២២ ហេតុ​នេះ​ហើយ ទោះ​ជា​មាន​បន្លា​ណា​ក៏​ដោយ​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី ចូរ​ឲ្យ​យើង​បន្ត​ស៊ូ​ទ្រាំ​ចុះ! ដូច​ប៉ុល​ដែរ យើង​នឹង​មាន​កម្លាំង​ធ្វើ​ដូច្នេះ​បាន​ដោយ​សារ​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​យើង​ដោយ​ព្រះ​ទ័យ​សទ្ធា។ ពេល​យើង​រស់​នៅ​លើ​ផែនដី​មនោរម្យ នោះ​យើង​នឹង​លើក​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ជា​រៀង​រាល់​ថ្ងៃ ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់​សុទ្ធ​តែ​ជា​ប្រយោជន៍​ដល់​យើង។—ទំនុក​ដំកើង ១០៣:២

[​កំណត់​សម្គាល់​]

a សូម​មើល​អត្ថបទ​ជា​ភាសា​អង់គ្លេស ដែល​មាន​ចំណង​ជើង​ថា​៖ ​«​ទស្សនៈ​ក្នុង​ព្រះ​គម្ពីរ: របៀប​ស៊ូ​ទ្រាំ​នឹង​ការ​អស់​សង្ឃឹម​»​ ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០០០។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អារក្ស​ខំ​បំបាក់​ចិត្ត​ស្មោះ​ភក្ដី​របស់​គ្រីស្ទាន​ពិត​តាម​របៀប​ណា? និង​ដោយ​ព្រោះ​តែ​ហេតុ​អ្វី?

• តើ​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា​«​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ​»​យ៉ាង​ណា?

• តើ​ដោយ​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​ឯ​ទៀត​អាច​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​មាន​បញ្ហា ដែល​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​នោះ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៣​]

ប៉ុល​បាន​អធិស្ឋាន​បី​ដង សុំ​ព្រះ​ដក​បន្លា​ចេញ ពី​សាច់​គាត់