លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើភាពស្អាតរួមបញ្ចូលអ្វីខ្លះ?

តើភាពស្អាតរួមបញ្ចូលអ្វីខ្លះ?

តើ​ភាព​ស្អាត​រួម​បញ្ចូល​អ្វី​ខ្លះ?

ដោយ​សារ​មាន​ភាព​ក្រខ្វក់​គ្មាន​អនាម័យ​ដែល​នឹក​ស្មាន​មិន​ដល់​នៅ​ទ្វីប​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ក្នុង​កំឡុង​សតវត្ស​ទី​១៨​និង​១៩​នោះ សាសនទូត​នៅ​សម័យ​នោះ​បាន​ផ្សព្វ​ផ្សាយ​អ្វី​មួយ​ដែល​ត្រូវ​ហៅ​ថា​«​លទ្ធិ​នៃ​ភាព​ស្អាត​ស្អំ​»។ លទ្ធិ​នេះ​បាន​ប្រៀប​ផ្ទឹម​ភាព​ស្មោក​គ្រោក​ស្មើ​នឹង​បាប សោតឯ​ភាព​ស្អាត​ស្អំ​វិញ បាន​ត្រូវ​ចាត់​ទុក​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​ព្រះ។ ប្រហែល​ជា​នេះ​គឺ​ជា​ហេតុ​ដែល​មាន​ពាក្យ​ស្លោក​ជា​ភាសា​អង់គ្លេស​ដែល​ថា​«​ភាព​ស្អាត​ស្អំ​គឺ​ជា​ការ​កោត​ខ្លាច​ព្រះ​»។

នេះ​ជា​ទស្សនៈ​ដែល​សាសនា​ឈ្មោះ​ថា កង​ទ័ព​នៃ​សេចក្ដី​សង្គ្រោះ​បាន​កាន់​តាម ដែល​ជា​សាសនា​បង្កើត​ដោយ​លោក​វិលៀម​ប៊ូត​និង​លោក​ស្រី​ខាតារេន​ប៊ូត។ យោង​ទៅ​តាម​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា សុខភាព​និង​វេជ្ជសាស្ត្រ​តាម​ទំនៀម​ទំលាប់​របស់​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ក្នុង​សៀវភៅ​នេះ​មាន​ពាក្យ​ស្លោក​ដំបូង​មួយ​របស់​សាសនា​កង​ទ័ព​សេចក្ដី​សង្គ្រោះ​ដែល​ថា​៖ ​«​សាប៊ូ ស៊ុប និង​សេចក្ដី​សង្គ្រោះ​»។ លុះ​ក្រោយ​មក លោក​ឡូអ៊ីស ប៉ាស្ទ័រ​និង​អ្នក​ឯ​ទៀត​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា មនុស្ស​កើត​ជម្ងឺ​ដោយ​សារ​បាក់តេរី។ ដោយ​ផ្អែក​លើ​វិទ្យា​សាស្ត្រ របក​គំហើញ​នេះ​បាន​ផ្ដល់​ឲ្យ​មនុស្ស​មាន​មូលហេតុ​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ខំ​ប្រឹង​រក​វិធី​ការ​ពារ​សុខភាព​សាធារណជន​ឲ្យ​បាន​ល្អ​ជាង។

វិធានការ​ដែល​បាន​ត្រូវ​អនុវត្ត​ភ្លាម​ៗ គឺ​គេ​មិន​តម្រូវ​ឲ្យ​សាក្សី​ក្នុង​តុលាការ​ថើប​ព្រះ​គម្ពីរ ហើយ​ក៏​ឈប់​ប្រើ​កែវ​តែ​មួយ​សំរាប់​សិស្ស​ទាំង​អស់​នៅ​សាលា និង​នៅ​ស្ថានីយ​អយស្ម័យយាន​ទៀតហើយ។ គេ​ក៏​បាន​ឈប់​ប្រើ​ពែង​តែ​មួយ​សំរាប់​មនុស្ស​ទាំង​អស់​នៅ​ពិធី​សាសនា​ទៀត​ដែរ ហើយ​បាន​ជំនួស​ដោយ​ចែក​កែវ​ម្នាក់​មួយ​ៗ​ឲ្យ​វិញ។ ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នៅ​សម័យ​ដើម​បាន​ត្រួស​ត្រាយ​ផ្លូវ​ក្នុង​ការ​កែ​ប្រែ​ទស្សនៈ​របស់​មនុស្ស​ចំពោះ​ភាព​ស្អាត​ស្អំ​និង​មាន​អនាម័យ។ មនុស្ស​បាន​ព្យាយាម​ក្នុង​រឿង​នេះ​ដល់​ម្ល៉េះ​បាន​ជា​អ្នក​និពន្ធ​មួយ​រូប​បាន​ហៅ​ការ​ខំ​ប្រឹង​នោះ​ថា​«​ស្នេហា​រវាង​មនុស្ស​និង​ភាព​ស្អាត​ស្អំ​»។

ក៏​ប៉ុន្តែ មើល​ទៅ​ដូច​ជា​«​ស្នេហា​រវាង​មនុស្ស​និង​ភាព​ស្អាត​ស្អំ​»​នេះ មាន​ភាព​រាក់​កំផែល​មែន​ទែន។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អ្នក​ជំនួញ​បាន​ជញ្ជក់​យក​ប្រយោជន៍​ពី​សាប៊ូ​ធម្មតា​ឲ្យ​ក្លាយ​ជា​ផលិតផល​ដែល​មនុស្ស​ត្រូវ​ការ​ដើម្បី​កែ​សម្ផស្ស។ អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ដ៏​ឆ្លៀវ​ឆ្លាត​បាន​ធ្វើ​ឲ្យ​អ្នក​ទិញ​ជឿ​ជាក់​ថា ការ​ប្រើ​ប្រាស់​ផលិតផល​សំរាប់​ការ​សំអិត​សំអាង​ខ្លួន​នោះ នឹង​ជា​ឈ្នាន់​ឲ្យ​គេ​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​សង្គម​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត​ច្រណែន។ ឥឡូវ ទូរទស្សន៍​ក៏​ផ្សព្វ​ផ្សាយ​ឲ្យ​មនុស្ស​មាន​គំនិត​ដូច្នេះ​ដែរ។ មនុស្ស​ក្នុង​ឈុត​ផ្សាយ​ពាណិជ្ជកម្ម​និង​រឿង​ប្រលោម​លោក​ដែល​មើល​ទៅ​ដូច​ជា​មាន​ជីវិត​ដ៏​ជោគ​ជ័យ​និង​ត្រចះ​ត្រចង់​នោះ គឺ​កម្រ​ឃើញ​គេ​បោស​សំអាត​ផ្ទះ បោស​ទី​ធ្លា រើស​សម្រាម​បោះ​ចោល ឬ​ក៏​ចោល​លាមក​សត្វ​ឆ្មា​និង​ឆ្កែ​ដែល​គេ​ចិញ្ចឹម​នោះ​ណាស់។

ក៏​មាន​អ្នក​ដែល​គិត​ថា ការ​រក​ស៊ី​ក្រៅ​ផ្ទះ​ជួយ​ឲ្យ​មាន​លុយ​ចិញ្ចឹម​ជីវិត​ខ្លួន តែ​កិច្ច​ការ​ផ្ទះ​និង​ការ​បោស​សំអាត​មិន​ផ្ដល់​ឲ្យ​កំរៃ​ទេ។ ហើយ ដោយ​សារ​គេ​មិន​បាន​លុយ​ពី​ការ​ថែ​រក្សា​បរិស្ថាន តើ​គេ​ចាំ​បាច់​ថែ​រក្សា​ធ្វើ​អ្វី? លទ្ធផល​មួយ​ពី​ការ​នេះ​គឺ​ថា មនុស្ស​ខ្លះ​គិត​ថា​ភាព​ស្អាត​ស្អំ​សំដៅ​ទៅ​លើ​តែ​រូប​កាយ​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ។

ទស្សនៈ​របស់​ព្រះ​ចំពោះ​ភាព​ស្អាត​ស្អំ

គ្មាន​ការ​សង្ស័យ​ទេ​ដែល​ថា ការ​ខំ​ប្រឹង​នៅ​សម័យ​មុន​ៗ​នោះ ពិត​ជា​បាន​ជួយ​មនុស្ស​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​គេ។ ហើយ​នេះ​គឺ​ត្រឹម​ត្រូវ​ដែរ ពីព្រោះ​ភាព​ស្អាត​ស្អំ​ជា​គុណ​សម្បត្ដិ​មួយ​ដែល​ជា​របស់​ផង​ព្រះ និង​ក៏​ផ្ដើម​ចេញ​ពី​ព្រះ​ដ៏​ស្អាត​ស្អំ​ហើយ​បរិសុទ្ធ​ជា​ព្រះ​យេហូវ៉ា​ដែរ។ ព្រះ​យេហូវ៉ា​បង្រៀន​យើង​ឲ្យ​ទទួល​ប្រយោជន៍​ដើម្បី​បាន​បរិសុទ្ធ​និង​ស្អាត​ស្អំ​ក្នុង​គ្រប់​ការ​ទាំង​អស់​របស់​យើង។—អេសាយ ៤៨:១៧; ពេត្រុស​ទី​១ ១:១៥

ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ប្រសើរ​ខាង​រឿង​នេះ។ ភាព​ស្អាត​ស្អំ​ថែម​ទាំង​គុណ​សម្បត្ដិ​ផ្សេង​ទៀត​របស់​ព្រះ គឺ​ស​ឲ្យ​ឃើញ​ដោយ​មើល​អ្វី​ដែល​ទ្រង់​បាន​បង្កើត​នោះ។ (​រ៉ូម ១:២០​) យើង​សង្កេត​ឃើញ​ថា អ្វី​ៗ​ដែល​ទ្រង់​បាន​បង្កើត​មិន​បណ្ដាល​ឲ្យ​មាន​ភាព​ក្រខ្វក់​ដែល​នៅ​បាន​យូរ​ទេ។ ផែនដី​នេះ​ឯង​ដែល​មាន​វដ្ដ​ធម្មជាតិ​ជា​ច្រើន​អាច​សំអាត​ដោយ​ឯកឯង​យ៉ាង​អស្ចារ្យ ហើយ​បាន​ត្រូវ​គ្រោង​បង្កើត​សំរាប់​ការ​រស់​នៅ​ដ៏​ស្អាត​ស្អំ​និង​បង្ក​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ។ ដំណើរ​ការ​ដ៏​ស្អាត​ស្អំ​បែប​នេះ​អាច​មក​តែ​ពី​តំរិះ​របស់​អ្នក​គ្រោង​បង្កើត​ដ៏​ស្អាត​ស្អំ​នេះ​ប៉ុណ្ណោះ។ ដូច្នេះ យើង​អាច​សន្និដ្ឋាន​ថា អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ត្រូវ​ស្អាត​ស្អំ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​គេ។

ភាព​ស្អាត​ស្អំ​ទាំង​បួន​យ៉ាង

ព្រះ​គម្ពីរ​បញ្ជាក់​អំពី​ភាព​ស្អាត​ស្អំ​ទាំង​បួន​យ៉ាង​ដែល​អ្នក​ថ្វាយ​បង្គំ​ព្រះ​ត្រូវ​ខិត​ខំ​ធ្វើ​តាម​នោះ។ យើង​សូម​ពិចារណា​នូវ​ភាព​ស្អាត​ស្អំ​ទាំង​បួន​នេះ។

ស្អាត​ស្អំ​ខាង​វិញ្ញាណ។ នេះ​អាច​ត្រូវ​ចាត់​ទុក​ជា​ភាព​ស្អាត​ស្អំ​ដ៏​សំខាន់​បំផុត ពីព្រោះ​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​លទ្ធភាព​ទទួល​ជីវិត​ជា​រៀង​រហូត។ ក៏​ប៉ុន្តែ ភាព​ស្អាត​ស្អំ​នេះ​ត្រូវ​គេ​ធ្វើ​ព្រងើយ​ច្រើន​ជាង​ភាព​ស្អាត​ស្អំ​ឯ​ទៀត​ៗ។ បើ​និយាយ​ឲ្យ​ស្រួល​យល់​ទៅ ភាព​ស្អាត​ស្អំ​ខាង​វិញ្ញាណ​បាន​សេចក្ដី​ថា យើង​មិន​ដែល​រំលង​កំហិត​ដែល​ព្រះ​បាន​កំណត់​រវាង​ការ​ថ្វាយ​បង្គំ​ពិត​និង​ការ​ថ្វាយ​បង្គំ​មិន​ពិត​នោះ​ទេ ដ្បិត​ព្រះ​ចាត់​ទុក​ការ​ថ្វាយ​បង្គំ​សព្វ​បែប​យ៉ាង​ដ៏​មិន​ពិត​ជា​អ្វី​ដ៏​មិន​ស្អាត​ស្អំ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ចេញ​ពី​កណ្ដាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ​ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា›។ (​កូរិនថូស​ទី​២ ៦:១៧​) លោក​យ៉ាកុប​ក៏​បាន​ពន្យល់​យ៉ាង​ជាក់​លាក់​អំពី​រឿង​នេះ​ដែរ​ដោយ​ថា​៖ ​«​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា នោះ​គឺ​ឲ្យ . . . រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ​»។—យ៉ាកុប ១:២៧

ព្រះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​លាយ​ឡំ​សាសនា​មិន​ពិត​ជា​មួយ​នឹង​សាសនា​ពិត​របស់​ទ្រង់​ឡើយ។ សាសនា​មិន​ពិត​ច្រើន​តែ​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក​និង​រូប​បដិមាករ​និង​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ខ្ពើម។ (​យេរេមា ៣២:៣៥​) ហេតុ​នេះ​ហើយ ជន​គ្រីស្ទាន​ពិត​ត្រូវ​ជំរុញ​ឲ្យ​ជៀស​ឲ្យ​ផុត​ពី​ការ​អ្វី​ដែល​ជាប់​ទាក់​ទង​នឹង​សាសនា​ដែល​មិន​ស្អាត​ស្អំ។—កូរិនថូស​ទី​១ ១០:២០, ២១; វិវរណៈ ១៨:៤

ស្អាត​ស្អំ​ខាង​សីលធម៌។ ព្រះ​ក៏​បាន​បញ្ជាក់​យ៉ាង​ក្បោះ​ក្បាយ​ដែរ​ឲ្យ​ដឹង​អ្វី​ដ៏​ស្អាត​ស្អំ​និង​អ្វី​ដ៏​ស្មោក​គ្រោក​ស្តី​ពី​រឿង​សីលធម៌។ ជា​ទូទៅ ពិភព​លោក​យើង​នេះ បាន​ចុះ​អាប់​ឱន​ដូច​អេភេសូរ ៤:១៧​-​១៩ ពណ៌នា​នោះ​ថា​៖ ​«​គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ​ជន្ម​ព្រះ . . .គេ​លែង​ខ្លាច​បាប បាន​ជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្ដី​អាស​អាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ស្មោក​គ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ​»។ គំនិត​ដ៏​ប្រាស​ចាក​សីលធម៌​បែប​នេះ​គឺ​ស​ឲ្យ​ឃើញ​តាម​វិធី​ផ្សេង​ៗ​ជា​ច្រើន មិន​ថា​តាម​វិធី​ដែល​អាច​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ឬ​តាម​វិធី​លួច​លាក់​ក៏​ដោយ ដូច្នេះ គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​ការ​ពារ​ខ្លួន។

អ្នក​ដែល​ស្រឡាញ់​ព្រះ​ដឹង​ថា ពេស្យាចារ ការ​រួម​ដំណេក​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា ការ​រួម​ដំណេក​មុន​រៀប​ការ និង​រូប​អាស​អាភាស​គឺ​ខុស​នឹង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្តី​ពី​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ ក៏​ប៉ុន្តែ តាម​ធម្មតា ការ​ប្រព្រឹត្ត​បែប​នេះ​ត្រូវ​បញ្ចេញ​ឲ្យ​ឃើញ​តាម​នាទី​កំសាន្ត​និង​តាម​ពិភព​បង្ហាញ​ម៉ូដ។ ដូច្នេះ ជន​គ្រីស្ទាន​ត្រូវ​ការ​ពារ​ខ្លួន​កុំ​បណ្ដែត​បណ្ដោយ​តាម​និន្នាការ​ទាំង​នេះ។ ការ​ស្លៀក​ពាក់​ប៉ផុត​ប៉ផើយ​លេច​លើ​លេច​ក្រោម​ទៅ​ប្រជុំ​ឬ​ក៏​ជប់​លៀង​សំណេះ​សំណាល​បង​ប្អូន​នោះ ទាក់​ទាញ​ឲ្យ​គេ​មាន​ចំណាប់​អារម្មណ៍​ហួស​ហេតុ​ទៅ​លើ​រូប​រាង​កាយ​យើង ហើយ​ក៏​បញ្ជាក់​ថា​យើង​បាន​ភ្លាត់​ចាក​សីលធម៌​ដ៏​ស្អាត​ស្អំ។ នោះ​នាំ​មក​នូវ​គំនិត​ស្មោក​គ្រោក​របស់​លោកីយ៍​នេះ​ចូល​មក​ក្នុង​ភាតរភាព​គ្រីស្ទាន​របស់​យើង។ ហើយ​ការ​ស្លៀក​ពាក់​យ៉ាង​នោះ​ក៏​អាច​បង្កើត​គំនិត​ដ៏​មិន​ស្អាត​ស្អំ​ក្នុង​ចិត្ត​អ្នក​ដទៃ​បាន​ដែរ។ នេះ​ជា​រឿង​មួយ​ដែល​តម្រូវ​ឲ្យ​គ្រីស្ទាន​គ្រប់​រូប​ប្រឹង​ប្រែង​បង្ហាញ​ថា ខ្លួន​មាន​«​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​»។—យ៉ាកុប ៣:១៧

ស្អាត​ស្អំ​ខាង​គំនិត។ គំនិត​ដ៏​ដែល​មើល​មិន​ឃើញ​របស់​យើង​មិន​ត្រូវ​ជា​អ្វី​ដែល​មិន​ស្អាត​ស្អំ​ឡើយ។ ព្រះ​យេស៊ូ​បាន​ព្រមាន​អំពី​គំនិត​ដ៏​មិន​ស្អាត​ស្អំ​ពេល​ទ្រង់​មាន​បន្ទូល​ថា​៖ ​«​សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ​»។ (​ម៉ាថាយ ៥:២៨; ម៉ាកុស ៧:២០​-​២៣​) បន្ទូល​នេះ​ក៏​សំដៅ​យ៉ាង​ចំ​ៗ​ដែរ​ទៅ​លើ​ការ​មើល​រូប​និង​កុន​អាស​អាភាស ការ​អាន​រឿង​ដ៏​អាស​អាភាស​អំពី​ការ​រួម​ដំណេក ថែម​ទាំង​ការ​ស្ដាប់​បទ​ភ្លេង​ដែល​មាន​សំដី​ធ្វើ​ឲ្យ​នឹក​គិត​ដល់​កាមគុណ។ ដូច្នេះ គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​ការ​ពារ​ខ្លួន​មិន​ឲ្យ​ក្លាយ​ជា​ស្មោក​គ្រោក​ដោយ​គិត​អំពី​អ្វី​ដ៏​មិន​ស្អាត​ស្អំ ដែល​អាច​បណ្ដាល​ឲ្យ​គេ​មាន​សំដី​ឬ​ការ​ប្រព្រឹត្ត​ដ៏​មិន​បរិសុទ្ធ​និង​មិន​ស្អាត​ស្អំ​នោះ​ទេ។—ម៉ាថាយ ១២:៣៤; ១៥:១៨

ស្អាត​ស្អំ​ខាង​រូប​កាយ។ ក្នុង​ព្រះ​គម្ពីរ ភាព​បរិសុទ្ធ​និង​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ​គឺ​ជាប់​ទាក់​ទង​គ្នា។ ជា​ឧទាហរណ៍ លោក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​ពួក​ស្ងួន​ភ្ងា​អើយ! ដែល​មាន​សេចក្ដី​សន្យា​ទាំង​នេះ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សំអាត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង ព្រម​ទាំង​បង្ហើយ​សេចក្ដី​បរិសុទ្ធ ដោយ​នូវ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​»។ (​កូរិនថូស​ទី​២ ៧:១​) ដូច្នេះ គ្រីស្ទាន​ពិត​ខិត​ខំ​រក្សា​ឲ្យ​រូប​កាយ ផ្ទះ និង​បរិស្ថាន​របស់​គេ​ស្អាត​ស្អំ​និង​មាន​របៀប​រៀប​រយ​តាម​តែ​លទ្ធភាព​របស់​គេ។ សូម្បី​តែ​នៅ​កន្លែង​ដែល​ឥត​សូវ​មាន​ទឹក​ក៏​ដោយ បណ្ដា​គ្រីស្ទាន​គួរ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ឲ្យ​ខ្លួន​ស្អាត​ស្អំ​មិន​ឲ្យ​ទាស់​ភ្នែក​អ្នក​ដទៃ។

ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ជក់​សព្វ​បែប​យ៉ាង ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ ឬ​ក៏​ប្រើ​ថ្នាំ​តាម​របៀប​ផ្ដេស​ផ្ដាស ពីព្រោះ​នោះ​បង្ខូច​រូប​កាយ​យើង​និង​ធ្វើ​ឲ្យ​យើង​ស្មោក​គ្រោក​វិញ។ អ្នក​គង្វាល​នៅ​សៀវភៅ​បទ​ចំរៀង​សាឡូម៉ូន​បាន​ស្រឡាញ់​ក្លិន​ក្រអូប​នៃ​សំលៀក​បំពាក់​របស់​នារី​សាសន៍​ស៊ូឡាម។ (​បទ​ចំរៀង​សាឡូម៉ូន ៤:១១​) ការ​សំអាត​ខ្លួន​បង្ហាញ​ថា​យើង​មាន​សេចក្ដី​ស្រឡាញ់ ពីព្រោះ​យើង​មិន​ចង់​ឲ្យ​អ្នក​នៅ​ជុំ​វិញ​យើង​ត្រូវ​ទ្រាំ​នឹង​ក្លិន​មិន​ល្អ​របស់​យើង​ទេ។ ទឹក​អប់​ប្រហែល​ជា​ក្រអូប​ឈ្ងុយ​ឈ្ងប់​មែន តែ​នោះ​មិន​អាច​ជួស​នឹង​ការ​មុជ​ទឹក​ជា​ទៀង​ទាត់​និង​សំលៀក​បំពាក់​ដែល​បាន​ត្រូវ​បោក​ស្អាត​នោះ​ទេ។

ទស្សនៈ​ដែល​ប្រកប​ទៅ​ដោយ​តុល្យភាព

ជួន​កាល មនុស្ស​ខ្លះ​គិត​ហួស​ហេតុ​អំពី​ភាព​ស្អាត​ស្អំ​ខាង​រូប​កាយ។ ការ​ប្រកាន់​គំនិត​ហួស​ហេតុ​អំពី​ភាព​ស្អាត​ស្អំ​អាច​ធ្វើ​ឲ្យ​យើង​លែង​សប្បាយនឹង​ជីវិត។ នោះ​ក៏​អាច​ស៊ី​ពេល​វេលា​យ៉ាង​ច្រើន​ផង​ដែរ។ ប៉ុន្តែ ម្យ៉ាង​វិញ​ទៀត ផ្ទះ​ដ៏​ក្រខ្វក់​និង​គ្មាន​របៀប​រៀប​រយ ប្រហែល​ជា​នឹង​ខាត​លុយ​ច្រើន​ក្នុង​ការ​ជួស​ជុល។ រវាង​ទស្សនៈ​ទាំង​ពីរ​ខាង​លើ​ដ៏​ហួស​ហេតុ​នោះ នាំ​ឲ្យ​មាន​ទស្សនៈ​មួយ​ដ៏​សម​ហេតុ​សម​ផល​នឹង​មាន​តុល្យភាព​ចំពោះ​ការ​រៀបចំ​ផ្ទះ​ឲ្យ​បាន​ស្អាត​និង​មិន​ទាស់​ភ្នែក។

កុំ​ដាក់​អីវ៉ាន់​ច្រើន​ពេក។ ផ្ទះ​ឬ​បន្ទប់​ណា​ដែល​មាន​អីវ៉ាន់​ច្រើន​ពេក​គឺ​ពិបាក​បោស​សំអាត​ណាស់ ហើយ​ដី​ក៏​ពិបាក​បោស​សំអាត​ដែរ​ពេល​មាន​របស់​របរ​នៅ​ស្អេក​ស្កះ​ដូច្នោះ។ ផ្ទះ​ដ៏​សាមញ្ញ​និង​មិន​សូវ​មាន​អីវ៉ាន់​ច្រើន​ពេក​មិន​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​បោស​សំអាត​នោះ​ទេ។ ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ជីវភាព​រស់​នៅ​ដ៏​សាមញ្ញ​ដោយ​ចែង​ថា​៖ ​«​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ​»។—ធីម៉ូថេ​ទី​១ ៦:៨

រៀបចំ​ផ្ទះ​ឲ្យ​មាន​របៀប​រៀប​រយ។ ផ្ទះ​ដ៏​ស្អាត​ស្អំ​គឺ​ជា​ភារកិច្ច​របស់​បុគ្គល​ម្នាក់​ៗ​ដែល​រស់​នៅ​ក្នុង​ផ្ទះ​នោះ។ ផ្ទះ​មិន​ស្អាត​ស្អំ​ផ្ដើម​ចេញ​ពី​បន្ទប់​មួយ​ៗ​ដ៏​មិន​ស្អាត​ស្អំ។ របៀប​រៀប​រយ​មាន​ន័យ​ថា របស់​របរ​ទាំង​អស់​នៅ​កន្លែង​ត្រឹម​ត្រូវ​របស់​វា។ ជា​ឧទាហរណ៍ កន្លែង​សំរាប់​ដាក់​ខោ​អាវ​ប្រឡាក់​មិន​មែន​នៅ​លើ​ដី​ទេ។ សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​ថា ប្រដាប់​ក្មេង​លេង​ឬ​ឧបករណ៍​ផ្សេង​ៗ​ដែល​បាន​ចោល​រាត់​រាយ​អាច​បង្ក​គ្រោះ​ថ្នាក់​បាន។ គ្រោះ​ថ្នាក់​ជា​ច្រើន​ក្នុង​ផ្ទះ​គឺ​កើត​ចេញ​ពី​ទំលាប់​មិន​ល្អ​ខាង​របៀប​រៀប​រយ។

ដូច​ជា​អ្នក​យល់​ឃើញ​ស្រាប់​ហើយ​នោះ ភាព​ស្អាត​ស្អំ​និង​របៀប​រស់​នៅ​របស់​ជន​គ្រីស្ទាន គឺ​ផ្សារ​ជាប់​គ្នា​យ៉ាង​ស្អិត​រមួត។ ព្យាការី​អេសាយ​បាន​ស្តី​ពី​របៀប​រស់​នៅ​ដែល​ពេញ​ព្រះ​ហឫទ័យ​ព្រះ​ជា​«​ផ្លូវ​បរិសុទ្ធ​»។ គាត់​ក៏​បន្ថែម​គំនិត​មួយ​ដែល​បញ្ជាក់​ភាព​ធ្ងន់​ធ្ងរ​នោះ​ដោយ​ថា​៖ ​«​ពួក​មនុស្ស​ស្មោក​គ្រោក​នឹង​មិន​ដែល​ដើរ​តាម​ផ្លូវ​នោះ​ឡើយ​»។ (​អេសាយ ៣៥:៨​) ពិត​មែន​ហើយ ការ​បណ្ដុះ​បណ្ដាល​ទម្លាប់​ល្អ​ខាង​ភាព​ស្អាត​ស្អំ ជា​ភស្តុ​តាង​ជាក់​ច្បាស់​ថា​យើង​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា បន្ដិច​ទៀត ទ្រង់​នឹង​ប្រតិស្ឋាន​ផែនដី​មនោរម្យ​មួយ​ដ៏​ស្អាត។ ពេល​នោះ នៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភព​ផែនដី​ដ៏​សែន​ស្អាត​នេះ មនុស្ស​គ្រប់​រូប​នឹង​ដំកើង​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​អនុវត្ត​យ៉ាង​ពេញ​លេញ​ទៅ​តាម​ខ្នាត​តម្រា​ដ៏​សុក្រឹត​របស់​ទ្រង់​ខាង​ភាព​ស្អាត​ស្អំ។—វិវរណៈ ៧:៩

[​រូប​ភាព​នៅ​ទំព័រ​៦​]

ផ្ទះ​ដ៏​ស្អាត​ស្អំ​គឺ​ជា​ភារកិច្ច​របស់​មនុស្ស​ម្នាក់​ៗ ដែល​រស់​នៅ​ក្នុង​ផ្ទះ​នោះ

[​រូប​ភាព​នៅ​ទំព័រ​៧​]

ភព​ផែនដី​យើង​នេះ​អាច​សំអាត ដោយ​ឯកឯង​របស់​វា​យ៉ាង​អស្ចារ្យ