លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកស្ថិតក្នុងចំណោមអ្នកដែលព្រះស្រឡាញ់ឬទេ?

តើអ្នកស្ថិតក្នុងចំណោមអ្នកដែលព្រះស្រឡាញ់ឬទេ?

តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ព្រះ​ស្រឡាញ់​ឬ​ទេ?

​«​អ្នក​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ​នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះ​វរបិតា​ខ្ញុំ​ហើយ​»។—យ៉ូហាន ១៤:២១

១, ២. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​មនុស្សជាតិ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ព្រះ​យេស៊ូ​បាន​ផ្ដើម​ធ្វើ​ពិធី​អ្វី​នៅ​វេលា​យប់​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣​ស.យ.?

 ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្សជាតិ​ដែល​ទ្រង់​បាន​បង្កើត​នោះ។ ជា​ការ​ពិត ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​«​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ​»។ (​យ៉ូហាន ៣:១៦​) ដោយ​គិត​អំពី​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រីស្ទ ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ហើយ​នោះ គ្រីស្ទាន​ពិត​ត្រូវ​មាន​សតិ​សម្បជញ្ញៈ​ដឹង​ថា ព្រះ​យេហូវ៉ា‹ស្រឡាញ់​យើង​ហើយ​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង›។—យ៉ូហាន​ទី​១ ៤:១០

នៅ​វេលា​យប់​នា​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣​ស.យ.នោះ ព្រះ​យេស៊ូ​និង​សាវ័ក​១២​នាក់​របស់​ទ្រង់​បាន​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​មួយ​នៅ​ទី​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង​ដែល​គេ​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​នូវ​ការ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប​មក។ (​ម៉ាថាយ ២៦:១៧​-​២០​) ក្រោយ​ព្រះ​យេស៊ូ​បាន​ប្រារព្ធ​ពិធី​បុណ្យ​របស់​សាសន៍​យូដា​នេះ​រួច​ហើយ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​យូដាស​អ៊ីស្ការីយ៉ុត​ចេញ​ទៅ រួច​ទ្រង់​ផ្ដើម​ធ្វើ​ពិធី​លៀង​មួយ​ទៀត ដែល​នឹង​ក្លាយ​ជា​ពិធី​បុណ្យ​របស់​ជន​គ្រីស្ទាន​ដើម្បី​រំឭក​នូវ​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រីស្ទ។ a ព្រះ​យេស៊ូ​និង​សាវ័ក​១១​នាក់​បាន​ទទួល​ទាន​អាហារ​ជា​មួយ​គ្នា​ដែល​បញ្ជាក់​នូវ​មេត្រី​ភាព ដោយ​ប្រើ​នំ​ប៉័ង​ឥត​ដំបែ​និង​ស្រា​ក្រហម​ជា​វត្ថុ​តំណាង​រូប​កាយ​និង​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ។ ម៉ាថាយ ម៉ាកុស លូកា យ៉ូហាន ដែល​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​បែប​បទ​នៃ​ពិធី​នេះ និង​សាវ័ក​ប៉ុល​បាន​ហៅ​ពិធី​នេះ​ជា​«​លៀង​បរិសុទ្ធ​នៃ​ព្រះ​អម្ចាស់​»។—កូរិនថូស​ទី​១ ១១:២០; ម៉ាថាយ ២៦:២៦​-​២៨; ម៉ាកុស ១៤:២២​-​២៥; លូកា ២២:១៩, ២០

៣. តើ​យ៉ាង​ដូច​ម្ដេច​ដែល​កំណត់​ហេតុ​របស់​យ៉ូហាន​ស្តី​ពី​ពេល​ចុង​ក្រោយ​ដែល​ព្រះ​យេស៊ូ​បាន​ជួប​ជុំ​ជា​មួយ​សិស្ស​របស់​ទ្រង់​នៅ​បន្ទប់​ខាង​លើ​នោះ គឺ​ខុស​គ្នា​ពី​កំណត់​ហេតុ​របស់​អ្នក​ឯ​ទៀត?

គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ដែល​សាវ័ក​យ៉ូហាន​មិន​បាន​រៀប​រាប់​អំពី​ការ​ហុច​នំ​ប៉័ង​និង​ស្រា​ទេ នេះ​ប្រហែល​ជា​ដោយ​ព្រោះ​ទំរាំ​ដល់​ពេល​គាត់​សរសេរ​សៀវភៅ​ដំណឹង​ល្អ​របស់​ខ្លួន​នោះ(​ប្រមាណ​ឆ្នាំ​៩៨​ស.យ.​) ពិធី​នេះ​ត្រូវ​ប្រារព្ធ​ដោយ​គ្រីស្ទាន​ទូទៅ​នៅ​សម័យ​ដើម​រួច​ទៅ​ហើយ។ (​កូរិនថូស​ទី​១ ១១:២៣​-​២៦​) ក៏​ប៉ុន្តែ ដោយ​មាន​ការ​ណែនាំ​ពី​ព្រះ​នោះ មាន​តែ​យ៉ូហាន​ដែល​បាន​ផ្ដល់​ពត៌មាន​សំខាន់​ៗ ស្តី​ពី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​មុន​និង​ភ្លាម​ៗ​ក្រោយ​ទ្រង់​បាន​ផ្ដើម​ធ្វើ​ពិធី​បុណ្យ​រំឭក​នូវ​ការ​សោយ​ទិវង្គត​របស់​ទ្រង់។ ពត៌មាន​ល្អិត​ល្អន់​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ គឺ​ពេញ​អស់​ប្រាំ​ជំពូក​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​យ៉ូហាន។ នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ឲ្យ​ដឹង​ថា​ព្រះ​ស្រឡាញ់​មនុស្ស​បែប​ណា។ យើង​សូម​ពិចារណា​យ៉ូហាន ជំពូក​១៣​ដល់​១៧

ចូរ​រៀន​ពី​សេចក្ដី​ស្រឡាញ់​ដ៏​គួរ​ឲ្យ​ត្រាប់​តាម​របស់​ព្រះ​យេស៊ូ

៤. (​ក​) តើ​យ៉ូហាន​បាន​បញ្ជាក់​សាច់​រឿង​នៃ​ការ​ប្រជុំ​របស់​ព្រះ​យេស៊ូ​ជា​មួយ​នឹង​សិស្ស​ទ្រង់ ពេល​ទ្រង់​ផ្ដើម​ធ្វើ​ពិធី​បុណ្យ​រំឭក​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​អ្វី​ជា​មូលហេតុ​សំខាន់​មួយ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​ព្រះ​យេស៊ូ?

សេចក្ដី​ស្រឡាញ់​ជា​សាច់​រឿង​ដែល​លេច​ធ្លោ​ក្នុង​ជំពូក​ទាំង​ប៉ុន្មាន​នេះ ដែល​ចែង​នូវ​ឱវាទ​ដែល​ព្រះ​យេស៊ូ​បាន​ផ្ដែ​ផ្ដាំ​ដល់​សិស្ស​របស់​ទ្រង់។ តាម​ពិត ប្រភេទ​ផ្សេង​ៗ​នៃ​ពាក្យ​«​ស្រឡាញ់​»​នោះ​មាន​៣១​ដង​ក្នុង​ជំពូក​ទាំង​ប៉ុន្មាន​នេះ។ សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេស៊ូ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​វរបិតា​របស់​ទ្រង់ និង​ចំពោះ​សិស្ស​របស់​ទ្រង់​គឺ​ស​ឲ្យ​ឃើញ​ក្នុង​ជំពូក​ទាំង​ប៉ុន្មាន​នេះ​ជាង​នៅ​កន្លែង​ណា​ផ្សេង​ទៀត។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ​ចំពោះ​ព្រះ​យេហូវ៉ា​អាច​ត្រូវ​មើល​ឃើញ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​អស់​ដែល​បញ្ជាក់​អំពី​ព្រះ​ជន្ម​របស់​ទ្រង់ ប៉ុន្តែ​មាន​តែ​យ៉ូហាន​ទេ​ដែល​កត់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូ​ថា​៖ ‹ខ្ញុំ​ស្រឡាញ់​ព្រះ​វរបិតា›។ (​យ៉ូហាន ១៤:៣១​) ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ទ្រង់​ដែរ និង​បាន​ពន្យល់​នូវ​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះ​វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ​»។ (​យ៉ូហាន ១៥:៩, ១០​) ពិត​ណាស់ ព្រះ​យេហូវ៉ា​ស្រឡាញ់​រាជបុត្រា​របស់​ទ្រង់​ដោយ​ព្រោះ​ព្រះ​យេស៊ូ​ស្ដាប់​បង្គាប់​តាម​យ៉ាង​សព្វ​គ្រប់។ នេះ​ជា​គំរូ​ដ៏​ល្អ​ណាស់​ហ្ន៎! សំរាប់​អស់​អ្នក​ដែល​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ!

៥. តើ​ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​សិស្ស​ទ្រង់​យ៉ាង​ដូច​ម្ដេច?

សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេស៊ូ​ចំពោះ​អ្នក​កាន់​តាម​ទ្រង់​នោះ បញ្ជាក់​នៅ​ប្រយោគ​ដើម​នៃ​កំណត់​ហេតុ​របស់​យ៉ូហាន​ស្តី​ពី​ពេល​ចុង​ក្រោយ​ដែល​ព្រះ​យេស៊ូ​បាន​ជួប​ជា​មួយ​នឹង​សាវ័ក​ទ្រង់។ យ៉ូហាន​រៀប​រាប់​ថា​៖ ​«​កាល​មុន​បុណ្យ​រំលង នោះ​ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ​នេះ​ទៅ​ឯ​ព្រះ​វរបិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ​ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ ដរាប​ដល់​ចុង​បំផុត​»។ (​យ៉ូហាន ១៣:១​) នៅ​រាត្រី​កាល​ដ៏​គួរ​ឲ្យ​ចង​ចាំ​នោះ ព្រះ​យេស៊ូ​បាន​បង្រៀន​មេ​រៀន​មួយ​ដែល​ពុំ​អាច​ភ្លេច​បាន​អំពី​ការ​បំរើ​អ្នក​ឯ​ទៀត​ដោយ​សេចក្ដី​ស្រឡាញ់។ ទ្រង់​បាន​លាង​ជើង​របស់​គេ។ នេះ​ជា​អ្វី​ដែល​គេ​គួរ​សុខ​ចិត្ត​ធ្វើ​សំរាប់​ព្រះ​យេស៊ូ​និង​បង​ប្អូន​របស់​គេ តែ​គេ​មិន​បាន​ធ្វើ​ទេ។ ក្រោយ​ព្រះ​យេស៊ូ​បាន​ធ្វើ​កិច្ចការ​ដែល​មនុស្ស​ចាត់​ទុក​ថា​ថោក​ទាប​រួច​ហើយ​នោះ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​សិស្ស​របស់​ទ្រង់​ថា​៖ ​«​បើ​ខ្ញុំ ដែល​ជា​ព្រះ​អម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំ​រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ​»។ (​យ៉ូហាន ១៣:១៤, ១៥​) គ្រីស្ទាន​ពិត​គួរ​សុខ​ចិត្ត​ថែម​ទាំង​សប្បាយ​ចិត្ត​បំរើ​បង​ប្អូន​របស់​គេ។—ម៉ាថាយ ២០:២៦, ២៧; យ៉ូហាន ១៣:១៧

ចូរ​អនុវត្ត​តាម​បញ្ញត្ដិ​ថ្មី

៦, ៧. (​ក​) តើ​យ៉ូហាន​បញ្ជាក់​ពត៌មាន​ល្អិត​ល្អន់​អ្វី​អំពី​ការ​ផ្ដើម​ធ្វើ​ពិធី​បុណ្យ​រំឭក? (​ខ​) តើ​ព្រះ​យេស៊ូ​បាន​បង្គាប់​សិស្ស​របស់​ទ្រង់​ឲ្យ​កាន់​តាម​បញ្ញត្ដិ​ថ្មី​អ្វី? ហើយ​ហេតុ​អ្វី​នេះ​ជា​បញ្ញត្ដិ​ថ្មី?

កំណត់​ហេតុ​របស់​យ៉ូហាន​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​បន្ទប់​ខាង​លើ​នៅ​រាត្រី​ថ្ងៃ​ទី​១៤ ខែ​ណែសាន គឺ​ជា​កំណត់​ហេតុ​តែ​មួយ​គត់​ដែល​បញ្ជាក់​អំពី​ការ​ចាក​ចេញ​របស់​យូដាស​អ៊ីស្ការីយ៉ុត​យ៉ាង​ច្បាស់​ក្រឡែត។ (​យ៉ូហាន ១៣:២១​-​៣០​) បើ​សិន​ជា​យើង​ប្រៀប​ធៀប​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​អស់​នោះ យើង​អាច​ឃើញ​ថា​ព្រះ​យេស៊ូ​បាន​ផ្ដើម​ធ្វើ​ពិធី​បុណ្យ​រំឭក​ការ​សោយ​ទិវង្គត​របស់​ទ្រង់ ក្រោយ​ពី​យូដាស​ជា​អ្នក​ក្បត់​បាន​ចេញ​ទៅ​ហើយ។ ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​វែង​ជា​មួយ​សាវ័ក​ស្មោះ​ត្រង់​របស់​ទ្រង់ ដោយ​ផ្ដែ​ផ្ដាំ​នូវ​ឱវាទ​និង​ការ​ណែនាំ​ក្រោយ​បង្អស់។ ពេល​យើង​បាន​រៀបចំ​ខ្លួន​មុន​ពិធី​បុណ្យ​រំឭក​នោះ យើង​គួរ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នៅ​ឱកាស​នោះ ជា​ពិសេស​ដោយ​ព្រោះ​យើង​ចង់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ព្រះ​ស្រឡាញ់។

ការ​ណែនាំ​មុន​ដំបូង​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ក្រោយ​ទ្រង់​ផ្ដើម​ពិធី​បុណ្យ​រំឭក គឺ​ជា​អ្វី​ថ្មី។ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​យ៉ូហាន ១៣:៣៤, ៣៥​) តើ​បញ្ញត្ត​នេះ​មាន​អ្វី​ថ្មី? បន្ដិច​ក្រោយ​មក​នៅ​រាត្រី​នោះ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ច្បាស់​ថា​៖ ​«​នេះ​ជា​សេចក្ដី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ​»។ (​យ៉ូហាន ១៥:១២, ១៣​) ក្រិត្យ​វិន័យ​លោក​ម៉ូសេ​បាន​បង្គាប់​អ៊ីស្រាអែល​ឲ្យ​«​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួនឯង​»។ (​លេវីវិន័យ ១៩:១៨​) ក៏​ប៉ុន្តែ បញ្ញត្ត​របស់​ព្រះ​យេស៊ូ​គឺ​មាន​លើស​ពី​នោះ​ទៅ​ទៀត។ បណ្ដា​គ្រីស្ទាន​ត្រូវ​ស្រឡាញ់​គ្នា​ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​គេ​ដែរ ទាំង​សុខ​ចិត្ត​លះ​បង់​ជីវិត​ខ្លួន​ដើម្បី​បង​ប្អូន​របស់​គេ។

៨. (​ក​) តើ​សេចក្ដី​ស្រឡាញ់​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ស៊ូ​លះ​បង់​ទាក់​ទង​នឹង​អ្វី​ខ្លះ? (​ខ​) តើ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​យ៉ាង​ដូច​ម្ដេច?

ក្នុង​កំឡុង​ខែ​បុណ្យ​រំឭក​គឺ​ជា​ពេល​ដែល​យើង​គួរ​ពិចារណា​នូវ​ចិត្ត​របស់​ខ្លួន​យើង​ម្នាក់​ៗ​និង​ជា​ក្រុម​ជំនុំ​ដែរ ដើម្បី​ដឹង​ថា​តើ​យើង​ពិត​ជា​មាន​សញ្ញា​សម្គាល់​គ្រីស្ទាន​ពិត​ជា​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​គ្រីស្ទ​ឬ​ក៏​អត់។ សេចក្ដី​ស្រឡាញ់​ដែល​ជំរុញ​ឲ្យ​សុខ​ចិត្ត​លះ​បង់​ជីវិត​ខ្លួន​បែប​នេះ ជួន​កាល​តម្រូវ​ឲ្យ​គ្រីស្ទាន​ម្នាក់​ស៊ូ​ប្រថុយ​ជីវិត​ខ្លួន​ជា​ជាង​ក្បត់​បង​ប្អូន​របស់​គាត់។ ក៏​ប៉ុន្តែ តាម​ធម្មតា នេះ​រួម​បញ្ចូល​ការ​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​និង​បំរើ​បង​ប្អូន​និង​អ្នក​ឯ​ទៀត។ សាវ័ក​ប៉ុល​ជា​គំរូ​ដ៏​ប្រសើរ​អំពី​រឿង​នេះ។ (​កូរិនថូស​ទី​២ ១២:១៥; ភីលីព ២:១៧​) ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​គេ​ស្គាល់​ទូទាំង​ពិភព​លោក​ជា​មនុស្ស​ដែល​មាន​ស្មារតី​លះ​បង់ ក្នុង​ការ​ជួយ​បង​ប្អូន​និង​អ្នក​ជិត​ខាង​របស់​ខ្លួន ហើយ​ចំណាយ​កម្លាំង ពេល​វេលា​និង​ធន​ធាន​របស់​ខ្លួន​ដើម្បី​ប្រាប់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ដល់​មនុស្ស​ឯ​ទៀត។ bកាឡាទី ៦:១០

ទំនាក់​ទំនង​ដ៏​វិសេស​វិសាល

៩. ដើម្បី​រក្សា​ទំនាក់​ទំនង​ដ៏​វិសេស​វិសាល​របស់​យើង​ជា​មួយ​ព្រះ​និង​រាជបុត្រា​របស់​ទ្រង់ តើ​យើង​សប្បាយ​ចិត្ត​ធ្វើ​អ្វី?

គ្មាន​អ្វី​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ការ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​ទ្រង់​ព្រះ​យេស៊ូ​គ្រីស្ទ​ស្រឡាញ់​នោះ​ទេ។ ប៉ុន្តែ ដើម្បី​ទទួល​សេចក្ដី​ស្រឡាញ់​នោះ មាន​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ នៅ​វេលា​យប់​ចុង​ក្រោយ​ដែល​ព្រះ​យេស៊ូ​នៅ​ជា​មួយ​សិស្ស​របស់​ទ្រង់ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះ​វរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សំដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង​»។ (​យ៉ូហាន ១៤:២១​) ដោយ​សារ​យើង​ចាត់​ទុក​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​និង​រាជបុត្រា​របស់​ទ្រង់​ជា​អ្វី​ដ៏​វិសេស​វិសាល​ដូច្នេះ នោះ​យើង​ស្ដាប់​បង្គាប់​បញ្ញត្ដិ​ទ្រង់​ដោយ​ចិត្ត​រីក​រាយ។ នេះ​រួម​បញ្ចូល​បញ្ញត្ដិ​ថ្មី​ដែល​បង្គាប់​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ស៊ូ​លះ​បង់​ខ្លួន និង​បញ្ញត្ដិ​របស់​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​មក​ក្រោយ​ពី​ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ថា​៖ ​«​ប្រកាស​ប្រាប់​ដល់​បណ្ដា​ជន​ទាំង​ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​»​ដោយ​ខិត​ខំ​«​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​»​ចំពោះ​អ្នក​ដែល​ព្រម​ស្ដាប់​តាម​ដំណឹង​ល្អ។—កិច្ច​ការ ១០:៤២; ម៉ាថាយ ២៨:១៩, ២០

១០. តើ​អ្នក​ចាក់​ប្រេង​តាំង​និង​«​ចៀម​ឯ​ទៀត​»​អាច​មាន​ទំនាក់​ទំនង​ដ៏​វិសេស​អ្វី?

១០ លុះ​ក្រោយ​មក​នៅ​រាត្រី​ដដែល​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ឆ្លើយ​សំនួរ​របស់​សាវ័ក​ស្មោះ​ត្រង់​ឈ្មោះ​យូដាស(​ឬ​ថាដេ​)ថា​៖ ​«​បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះ​វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ដែរ​»។ (​យ៉ូហាន ១៤:២២, ២៣​) សូម្បី​តែ​ពេល​ទ្រង់​នៅ​តែ​គង់​លើ​ផែនដី​ក៏​ដោយ គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​ត្រូវ​ហៅ​ឲ្យ​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ស្ថាន​សួគ៌​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​របស់​ទ្រង់។ (​យ៉ូហាន ១៥:១៥; ១៦:២៧; ១៧:២២; ហេព្រើរ ៣:១; យ៉ូហាន​ទី​១ ៣:២, ២៤​) ប៉ុន្តែ ពួក​សហការី​របស់​គេ​ដែល​ជា​«​ចៀម​ឯ​ទៀត​»​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត​នោះ ក៏​មាន​ទំនាក់​ទំនង​ដ៏​វិសេស​ជា​មួយ​នឹង​«​អ្នក​គង្វាល​តែ​១​»​របស់​គេ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ និង​ជា​មួយ​ព្រះ​របស់​គេ​ជា​ព្រះ​យេហូវ៉ា​ដែរ ដរាប​ណា​គេ​នៅ​តែ​ស្ដាប់​បង្គាប់។—យ៉ូហាន ១០:១៦; ទំនុក​ដំកើង ១៥:១​-​៥; ២៥:១៤

«​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ​»​

១១. តើ​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ដោយ​ព្រមាន​សិស្ស​ទ្រង់​យ៉ាង​ណា?

១១ ពេល​ព្រះ​យេស៊ូ​ជួប​ជុំ​ជា​មួយ​សិស្ស​ស្មោះ​ត្រង់​មុន​ទ្រង់​សោយ​ទិវង្គត​នោះ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​គេ​ដោយ​ព្រមាន​ថា បើ​សិន​ជា​ព្រះ​ស្រឡាញ់​មនុស្ស​ណា​ម្នាក់ នោះ​លោកីយ៍​នេះ​នឹង​ស្អប់​អ្នក​នោះ។ ព្រះ​យេស៊ូ​បាន​ប្រកាស​ថា​៖ ​«​បើ​សិន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ នោះ​លោកីយ​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ​ទៀត នោះ​បាន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា​វិញ ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ បើ​គេ​បាន​បៀត​បៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​គេ​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ូហាន ១៥:១៨​-​២០

១២. (​ក​) ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​បាន​ព្រមាន​សិស្ស​របស់​ទ្រង់​ថា​លោកីយ៍​នឹង​ស្អប់​ពួក​គេ? (​ខ​) តើ​យើង​ទាំង​អស់​គ្នា​យក​ល្អ​ពិចារណា​អ្វី ពេល​គិត​អំពី​បុណ្យ​រំឭក​ដែល​កន្លង​ទៅ​ហើយ​នេះ?

១២ ព្រះ​យេស៊ូ​បាន​ព្រមាន​ដូច្នេះ ដើម្បី​កុំ​ឲ្យ​សាវ័ក​១១​នាក់​នេះ​រួម​និង​គ្រីស្ទាន​ពិត​ទាំង​ឡាយ​ធ្លាក់​ទឹក​ចិត្ត ហើយ​ឈប់​បំរើ​ដោយ​សារ​លោកីយ៍​ស្អប់​ពួក​គេ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​បន្ថែម​ថា​៖ ​«​ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ឡើយ គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​គេ​មិន​ស្គាល់​ព្រះ​វរបិតា​ឬ​ខ្ញុំ​ទេ​»។ (​យ៉ូហាន ១៦:១​-​៣​) វចនាធិប្បាយ​ព្រះ​គម្ពីរ​មួយ​ពន្យល់​នូវ​ពាក្យ​បក​ប្រែ​ថា​«​រវាត​ចិត្ត​»​ក្នុង​ភាសា​ដើម​មាន​ន័យ​ថា ​«​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​លែង​ទុក​ចិត្ត​និង​លះ​ចោល​អ្នក​ដែល​គាត់​គួរ​ទុក​ចិត្ត​និង​ស្ដាប់​តាម ឬ​ក៏​ធ្វើ​ឲ្យ​ឃ្លាត​ចាក​ឆ្ងាយ​»។ ដោយ​គិត​អំពី​បុណ្យ​រំឭក​កន្លង​ទៅ​ហើយ​នេះ យក​ល្អ​ឲ្យ​យើង​ពិចារណា​នូវ​ខ្សែ​ជីវិត​របស់​អ្នក​ស្មោះ​ត្រង់​នៅ​បច្ចុប្បន្នកាល​នេះ​និង​នៅ​អតីតកាល​ដែរ ហើយ​ធ្វើ​តម្រាប់​តាម​គំរូ​របស់​គេ​ស្តី​ពី​ការ​តាំង​ជំហរ​មុត​មាំ​ពេល​ជួប​នឹង​ការ​ល្បង​ល។ កុំ​បី​ឲ្យ​ការ​ប្រឆាំង​ឬ​ការ​បៀត​បៀន​ធ្វើ​ឲ្យ​អ្នក​លះ​ចោល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​តាំង​ចិត្ត​ទុក​ចិត្ត​ទៅ​លើ​ទ្រង់​និង​ស្ដាប់​បង្គាប់។

១៣. តើ​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​សុំ​អ្វី​ពី​ព្រះ​វរបិតា​ដោយ​នៅ​ក្នុង​នាម​អ្នក​កាន់​តាម​ទ្រង់?

១៣ ក្នុង​សេចក្ដី​អធិស្ឋាន​ចុង​បញ្ចប់​របស់​ព្រះ​យេស៊ូ​មុន​ទ្រង់​យាង​ចេញ​ពី​បន្ទប់​ខាង​លើ​នៅ​ទី​ក្រុង​យេរូសាឡិម​នោះ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​វរបិតា​របស់​ទ្រង់​ថា​៖ ​«​ទូល​បង្គំ​បាន​ឲ្យ​ព្រះ​បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ​បាន​ស្អប់​គេ ពីព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ​ទេ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ​»។ (​យ៉ូហាន ១៧:១៤​-​១៦​) យើង​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​ការ​ពារ​អស់​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​គេ​ពេល​ពួក​គេ​រក្សា​ទុក​ឲ្យ​ខ្លួន​នៅ​ដោយ​ឡែក​ពី​លោកីយ៍។—អេសាយ ៤០:២៩​-​៣១

ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​និង​ព្រះ​រាជបុត្រា

១៤, ១៥. (​ក​) តើ​ព្រះ​យេស៊ូ​បាន​ប្រៀប​អង្គ​ទ្រង់​ទៅ​នឹង​អ្វី? ហើយ​តើ​អ្វី​ជា‹ដើម​ទំពាំង​ជូរ​អត់​ល្អ›? (​ខ​) តើ​អ្នក​ណា​ជា​«​ខ្នែង​»​នៃ​«​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត​»​?

១៤ នៅ​វេលា​យប់​ថ្ងៃ​ទី​១៤ ខែ​ណែសាន ពេល​ព្រះ​យេស៊ូ​សន្ទនា​យ៉ាង​ស្និទ្ធ​ស្នាល​ជា​មួយ​សិស្ស​ស្មោះ​ត្រង់​នោះ ព្រះ​យេស៊ូ​ប្រៀប​អង្គ​ទ្រង់​ទៅ​នឹង​«​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត​»​ខុស​ផ្ទុយ​ពី​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់​ដែល​ជា‹ដើម​ទំពាំង​បាយ​ជូរ​ដែល​គ្មាន​ផ្លែ​ល្អ›។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ព្រះ​វរបិតា​ខ្ញុំ​ជា​អ្នក​ដាំ​»។ (​យ៉ូហាន ១៥:១​) រាប់​សតវត្ស​មុន​នោះ ព្យាការី​យេរេមា​បាន​កត់​បន្ទូល​របស់​ព្រះយេហូវ៉ា​ទៅ​កាន់​រាស្ត្រ​បះ​បោរ​របស់​ទ្រង់​ថា​៖ ​«​អញ​បាន​ផ្សាំ​ឯង​ទុក​ជា​ទំពាំង​បាយ​ជូរ​សំរាំង . . . ចុះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ឯង​បាន​ក្លាយ​ទៅ​ជា​ខ្នែង[​«​អត់​ល្អ​»​, ព.ថ.​]របស់​ដើម​ទំពាំង​បាយ​ជូរ​ដទៃ ដល់​អញ​ដូច្នេះ?​»។ (​យេរេមា ២:២១​) ព្យាការី​ហូសេ​បាន​សរសេរ​ថា​៖ ​«​អ៊ីស្រាអែល​ជា​ដើម​ទំពាំង​បាយ​ជូរ[​«​អត់​ល្អ​»​, ព.ថ.​]ដែល​កើត​មាន​ផ្លែ គេ​មាន​ផល​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា . . . ចិត្ត​គេ​ចែក​ជា​ពីរ​យ៉ាង​នោះ​»​ដែរ។—ហូសេ ១០:១, ២

១៥ អ៊ីស្រាអែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ជំនឿ​និង​បង្កើត​ផល​សំរាប់​ខ្លួន​គេ​ជា​ជាង​បង្កើត​ផល​ជា​ការ​ថ្វាយ​បង្គំ​ពិត។ បី​ថ្ងៃ​មុន​ព្រះ​យេស៊ូ​ជួប​គ្នា​ជា​លើក​ចុង​ក្រោយ​ជា​មួយ​សិស្ស​ស្មោះ​ត្រង់​របស់​ទ្រង់​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​អ្នក​ដឹក​នាំ​សាសនា​យូដា​ដ៏​លាក់​ពុត​នោះ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នគរ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​១​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ​»។ (​ម៉ាថាយ ២១:៤៣​) សាសន៍​ថ្មី​នោះ​គឺ​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​មាន​ចំនួន​១៤៤.០០០​នាក់​ប្រៀប​ដូច​ជា​«​ខ្នែង​»​ជាប់​នឹង​«​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត​»​គឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។—កាឡាទី ៦:១៦; យ៉ូហាន ១៥:៥; វិវរណៈ ១៤:១,

១៦. តើ​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​សាវ័ក​១១​នាក់​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​នោះ​ឲ្យ​ធ្វើ​អ្វី? ហើយ​តើ​យើង​អាច​និយាយ​យ៉ាង​ណា​អំពី​សំណល់​អ្នក​ចាក់​ប្រេង​តាំង​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ?

១៦ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​សិស្ស​របស់​ទ្រង់​នៅ​បន្ទប់​ខាង​លើ​នោះ​ថា​៖ ​«​អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ! ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯកឯង​បាន​ទេ ដូច្នេះ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ​»។ (​យ៉ូហាន ១៥:២,​) ប្រវត្ដិសាស្ត្រ​បច្ចុប្បន្ន​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា ស​ឲ្យ​ឃើញ​ថា​សំណល់​អ្នក​ចាក់​ប្រេង​តាំង​ពិត​ជា​បាន​នៅ​ជាប់​នឹង​សិរសា​របស់​ពួក​គេ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។ (​អេភេសូរ ៥:២៣​) ពួក​គេ​បាន​សុខ​ចិត្ត​ឲ្យ​ខ្លួន​ត្រូវ​សំរង​និង​សំអាត។ (​ម៉ាឡាគី ៣:២, ៣​) តាំង​តែ​ពី​ឆ្នាំ​១៩១៩ ពួក​គេ​បាន​បង្កើត​ផល​ជា​ច្រើន​ខាង​ព្រះ​រាជាណាចក្រ​ជា​ផល​ដំបូង​នោះ​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង និង​ចាប់​ពី​ឆ្នាំ​១៩៣៥​មក​ម្ល៉េះ​ផល​ផ្លែ​ជា​សហការី​របស់​គេ គឺ​«​ហ្វូង​យ៉ាង​ធំ​»​ដែល​កំពុង​តែ​ចំរើន​ឡើង។—វិវរណៈ ៧:៩; អេសាយ ៦០:៤, ៨​-​១១

១៧, ១៨. (​ក​) តើ​បន្ទូល​ណា​របស់​ព្រះ​យេស៊ូ​ជួយ​អ្នក​ចាក់​ប្រេង​តាំង​និង​ចៀម​ឯ​ទៀត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា? (​ខ​) តើ​ការ​ចូល​រួម​បុណ្យ​រំឭក​បាន​ជួយ​យើង​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៧ បន្ទូល​ឯ​ទៀត​របស់​ព្រះ​យេស៊ូ​ក៏​ទាក់​ទង​នឹង​អ្នក​ចាក់​ប្រេង​តាំង​ទាំង​ឡាយ​និង​ពួក​សហការី​របស់​គេ ពេល​ទ្រង់​មាន​បន្ទូល​ថា​៖ ​«​ព្រះ​វរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ! បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះ​វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ​»។—យ៉ូហាន ១៥:៨​-​១០

១៨ យើង​ទាំង​អស់​គ្នា​ចង់​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​ជា​គ្រីស្ទាន​ដែល​បង្កើត​ផល។ យើង​ធ្វើ​ដូច្នេះ​ដោយ​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ​»។ (​ម៉ាថាយ ២៤:១៤​) យើង​ក៏​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​«​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​»​ក្នុង​ជីវិត​របស់​យើង។ (​កាឡាទី ៥:២២, ២៣​) ការ​ចូល​រួម​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រីស្ទ​បាន​ជួយ​យើង​តាំង​ចិត្ត​ធ្វើ​ដូច្នេះ ដ្បិត​យើង​បាន​ត្រូវ​រំឭក​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​លើស​លប់​ដែល​ព្រះ​និង​ព្រះ​គ្រីស្ទ​មាន​ចំពោះ​យើង។—កូរិនថូស​ទី​២ ៥:១៤, ១៥

១៩. តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​ពី​ជំនួយ​បន្ថែម​អ្វី?

១៩ ក្រោយ​ព្រះ​យេស៊ូ​បាន​ផ្ដើម​បុណ្យ​រំឭក​នោះ ទ្រង់​សន្យា​ថា​ព្រះ​វរបិតា​នឹង​ចាត់​«​ជំនួយ គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​»​ឲ្យ​ដល់​អ្នក​កាន់​តាម​ទ្រង់​ដែល​ស្មោះ​ត្រង់។ (​យ៉ូហាន ១៤:២៦​) អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​នូវ​របៀប​វិញ្ញាណ​នេះ​ជួយ​អ្នក​ចាក់​ប្រេង​តាំង​និង​ចៀម​ឯ​ទៀត​ឲ្យ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។

[​កំណត់​សម្គាល់​]

a បើ​សិន​ជា​រាប់​តាម​ក្បួន​ក្នុង​ព្រះ​គម្ពីរ​នោះ ថ្ងៃ​ទី​១៤ ខែ​ណែសាន សំរាប់​ឆ្នាំ​២០០២ បាន​ចាប់​ផ្ដើម​នា​ពេល​ថ្ងៃ​លិច ដែល​ចំ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មីនា។ នៅ​វេលា​យប់​នោះ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភព​លោក​បាន​ជួប​ជុំ​គ្នា​ដើម្បី​រំឭក​នូវ​ការ​សោយ​ទិវង្គត​របស់​ព្រះ​អម្ចាស់​ព្រះ​យេស៊ូ​គ្រីស្ទ។

b សូម​មើល​សៀវភៅ​ជា​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា—ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​បោះ​ពុម្ព​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ជំពូក​១៩​និង​៣២។

សំនួរ​ដើម្បី​រៀន​សារ​ឡើង​វិញ

• តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​មេ​រៀន​ដ៏​ស្រួល​អនុវត្ត​អ្វី ដល់​សិស្ស​ទ្រង់​ស្តី​អំពី​ការ​បំរើ​ដោយ​សេចក្ដី​ស្រឡាញ់?

• ហេតុ​អ្វី​បាន​ជា​ក្នុង​កំឡុង​ខែ​បុណ្យ​រំឭក​គឺ​ជា​ពេល​សមរម្យ​សំរាប់​ការ​ពិនិត្យ​ចិត្ត​ខ្លួន?

• ហេតុ​អ្វី​បាន​ជា​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ​ថា លោកីយ៍​នឹង​ស្អប់​ហើយ​បៀត​បៀន​យើង​មិន​គួរ​ធ្វើ​ឲ្យ​យើង​រវាត​ចិត្ត​នោះ?

• តើ​អ្នក​ណា​ជា​«​ដើម​ទំពាំង​បាយ​ជូរ​ពិត​»​? តើ​អ្នក​ណា​ជា​«​ខ្នែង​»​? ហើយ​តើ​អ្នក​ទាំង​នោះ​ត្រូវ​ធ្វើ​អ្វី?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​៩​]

ព្រះ​យេស៊ូ​បាន​បង្រៀន​សាវ័ក​របស់​ទ្រង់​នូវ​មេ​រៀន មួយ​ដែល​ពួក​គេ​បំភ្លេច​មិន​បាន​ស្តី​ពី​ការ​បំរើ អ្នក​ឯ​ទៀត​ដោយ​សេចក្ដី​ស្រឡាញ់

[​រូប​ភាព​នៅ​ទំព័រ​១០, ១១​]

សិស្ស​របស់​ព្រះ​យេស៊ូ​ស្ដាប់​បង្គាប់​ទ្រង់​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​មាន​ស្មារតី​លះ​បង់