លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបានស៊ូទ្រាំនឹងបន្លាដែលមានក្នុងសាច់ឈាមគេ

ពួកគេបានស៊ូទ្រាំនឹងបន្លាដែលមានក្នុងសាច់ឈាមគេ

ពួក​គេ​បាន​ស៊ូ​ទ្រាំ​នឹង​បន្លា​ដែល​មាន​ក្នុង​សាច់​ឈាម​គេ

​«​មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ​»។—កូរិនថូស​ទី​២ ១២:៧

១. តើ​មនុស្ស​សព្វ​ថ្ងៃ​នេះ​ជួប​ប្រទះ​នឹង​បញ្ហា​ណា​ខ្លះ?

 តើ​អ្នក​កំពុង​តែ​ខំ​ពុះ​ពារ​នឹង​ការ​ល្បង​ល​ណា​មួយ​ដែល​ធ្វើ​ទុក្ខ​ដល់​អ្នក​ទេ? បើ​មាន​មែន នោះ​អ្នក​មិន​រង​ទុក្ខ​តែ​ម្នាក់​ឯង​ទេ។ ក្នុង​«​គ្រា​លំបាក​»​នេះ បណ្ដា​គ្រីស្ទាន​ដែល​ស្មោះ​ត្រង់​កំពុង​តែ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ដ៏​ខ្លាំង ព្រម​ទាំង​មាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ ជម្ងឺ រឿង​លុយ​កាក់ ការ​ពិបាក​ចិត្ត​ផ្សេង​ៗ មាន​សំឡាញ់​ស្លាប់​ទៅ និង​ទុក្ខ​លំបាក​ឯ​ទៀត​ៗ​ដែរ។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ហើយ​នៅ​ប្រទេស​ខ្លះ​ៗ​ក៏​មាន​ការ​គំរាម​កំហែង​ពី​សង្គ្រាម​និង​ការ​ខ្វះ​ម្ហូប​អាហារ​ផង​ដែរ។

២, ៣. តើ​ការ​ជួប​ប្រទះ​បញ្ហា​ដែល​ប្រៀប​ដូច​ជា​បន្លា អាច​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ប្រកប​ទៅ​ដោយ​ទុទិដ្ឋិនិយម​បែប​ណា? ហើយ​តើ​ចិត្ត​គំនិត​បែប​នោះ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា?

បញ្ហា​ទាំង​នេះ​អាច​សង្គ្រុប​ចិត្ត​របស់​យើង​ទាំង​ស្រុង​បាន ជា​ពិសេស​បើ​មាន​ការ​ពិបាក​ជា​ច្រើន​នោះ។ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​បាន​ចែង​មក​នៅ​សុភាសិត ២៤:១០, ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​ចែង​ថា​៖ ​«​តើ​អ្នក​ធ្លាក់​ទឹក​ចិត្ត​នៅ​ថ្ងៃ​ដែល​មាន​ទុក្ខ​លំបាក​ទេ? អ្នក​គង់​តែ​នឹង​មាន​កំឡាំង​តិច​»។ ការ​ធ្លាក់​ទឹក​ចិត្ត​ដោយ​ព្រោះ​យើង​មាន​ការ​ល្បង​ល ពិត​ជា​អាច​បន្ថយ​កម្លាំង​យើង និង​អាច​ធ្វើ​ឲ្យ​ការ​ប្ដេជ្ញា​ចង់​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់​របស់​យើង​ទៅ​ជា​ខ្សោយ​ឡើង​ៗ។ តើ​ដោយ​ដូច​ម្ដេច​បាន​ជា​អាច​ធ្វើ​ទុក្ខ​ដូច្នេះ?

ការ​ធ្លាក់​ទឹក​ចិត្ត​អាច​រា​រាំង​នូវ​សមត្ថភាព​ត្រិះរិះ​ពិចារណា។ ជា​ឧទាហរណ៍ យើង​អាច​ចាត់​ទុក​បញ្ហា​របស់​យើង​ជា​អ្វី​ដែល​ធំ​ដ៏​ម្ល៉េះ រហូត​ដល់​យើង​អង្គុយ​សោក​សៅ​នឹង​បញ្ហា​នោះ។ មនុស្ស​ខ្លះ​ក៏​ប្រហែល​ជា​លាន់​មាត់​ថា​៖ ​«​ម្ដេច​ក៏​ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ដូច​នេះ?​»។ បើ​សិន​ជា​ចិត្ត​គំនិត​ដែល​ប្រកប​ទៅ​ដោយ​ទុទិដ្ឋិនិយម​បែប​នេះ​ចាក់​ឫស​ក្នុង​ចិត្ត​យើង នេះ​អាច​ធ្វើ​ឲ្យ​អំណរ​និង​ទំនុក​ចិត្ត​យើង​អន់​ថយ​ទៅ។ អ្នក​បំរើ​ព្រះ​អាច​អន់​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​រហូត​ដល់​លែង‹ខំ​ប្រឹង​ត​ស៊ូ ក្នុង​ការ​ត​យ៉ាង​ល្អ​សំរាប់​ជំនឿ›ត​ទៅ​ទៀត។—ធីម៉ូថេ​ទី​១ ៦:១២

៤, ៥. ក្នុង​ករណី​ខ្លះ តើ​សាតាំង​ជាប់​ទាក់​ទង​យ៉ាង​ណា​និង​បញ្ហា​របស់​យើង? ប៉ុន្តែ តើ​យើង​អាច​ទុក​ចិត្ត​បាន​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​ច្បាស់​ជា​មិន​បង្ក​ឲ្យ​មាន​ការ​ល្បួង​ចំពោះ​យើង​ឡើយ។ (​យ៉ាកុប ១:១៣​) ការ​ល្បង​ល​ខ្លះ​ៗ​មាន​មក​លើ​យើង គឺ​ដោយ​ព្រោះ​តែ​យើង​ខំ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ប៉ុណ្ណោះ។ តាម​ការ​ពិត អស់​អ្នក​ណា​ដែល​បំរើ​ព្រះ​យេហូវ៉ា បាន​តាំង​ខ្លួន​ជា​អ្នក​ដែល​អារក្ស​សាតាំង​ចង់​ព្យាបាទ ដោយ​ព្រោះ​វា​ជា​មេ​សត្រូវ​របស់​ព្រះ។ ‹ព្រះ​ដ៏​អាក្រក់​របស់​លោកីយ​នេះ›ក្នុង​កាល​ដែល​វា​មាន​ពេល​វេលា​ដ៏​ខ្លី​នោះ វា​ខំ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឈប់​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ (​កូរិនថូស​ទី​២ ៤:៤​) សាតាំង​តែង​ខំ​អស់​ពី​សមត្ថភាព​របស់​វា ដើម្បី​ធ្វើ​ទុក្ខ​ដល់​បង​ប្អូន​ទាំង​ឡាយ​របស់​យើង​ទូទាំង​ផែនដី។ (​ពេត្រុស​ទី​១ ៥:៩​) សាតាំង​មិន​មែន​ជា​អ្នក​បង្កើត​បញ្ហា​ទាំង​ឡាយ​របស់​យើង​តែ​ម្ដង​នោះ​ទេ តែ​វា​អាច​ឆ្លៀត​ប្រយោជន៍​ពី​បញ្ហា​ណា​ដែល​យើង​កំពុង​តែ​ជួប​ប្រទះ ដោយ​ធ្វើ​ដូច​នេះ​វា​ចង់​ធ្វើ​ឲ្យ​យើង​ចុះ​ខ្សោយ​ថែម​ទៀត។

មិន​ថា​សាតាំង​ឬ​សាស្ដ្រាវុធ​របស់​វា​ខ្លាំង​ពូកែ​ប៉ុន​ណា​ក៏​ដោយ នោះ​យើង​ក៏​អាច​ឈ្នះ​លើ​វា​បាន​ដែរ! តើ​ហេតុ​អ្វី​បាន​ជា​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ដូច្នេះ? គឺ​ពីព្រោះ​ព្រះ​យេហូវ៉ា​រមែង​ត​យុទ្ធ​ឲ្យ​យើង។ ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្នក​បំរើ​របស់​ទ្រង់ ដោយ​ឲ្យ​ពួក​គេ​ស្គាល់​អស់​ទាំង​កិច្ច​កល​របស់​សាតាំង។ (​កូរិនថូស​ទី​២ ២:១១​) តាម​ការ​ពិត​ព្រះ​បន្ទូល​របស់​ព្រះ​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​អំពី​ការ​ល្បង​ល​ផ្សេង​ៗ​ដែល​ធ្វើ​ទុក្ខ​ពួក​គ្រីស្ទាន​ពិត។ ក្នុង​ករណី​របស់​សាវ័ក​ប៉ុល នោះ​ព្រះ​គម្ពីរ​ប្រើ​ឃ្លា​ដែល​ថា​៖ ‹មាន​បន្លា​១​ក្នុង​សាច់​ឈាម›គាត់។ ហេតុ​អ្វី​បាន​ជា​ចែង​ដូច​នេះ? សូម​ឲ្យ​យើង​មើល​នូវ​របៀប​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ពន្យល់​ឃ្លា​នោះ។ រួច​មក​យើង​នឹង​ទទួល​ស្គាល់​ថា យើង​ប្រាកដ​ជា​មិន​នៅ​ម្នាក់​ឯង​ទេ ពេល​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ឈ្នះ​លើ​ការ​ល្បង​ល​នានា​នោះ។

មូលហេតុ​ដែល​ការ​ល្បង​ល​អាច​ប្រៀប​ប្រដូច​ទៅ​នឹង​បន្លា

៦. តើ​ប៉ុល​មាន​ន័យ​អ្វី​ដោយ​ថា​៖ ‹មាន​បន្លា​១​ក្នុង​សាច់​ឈាម›? ហើយ​តើ​បន្លា​នោះ​ប្រហែល​ជា​អ្វី​ទៅ?

ដោយ​ព្រោះ​ប៉ុល​បាន​រង​ទុក្ខ​នឹង​ការ​ល្បង​ល​ច្រើន​ហើយ វិញ្ញាណ​របស់​ព្រះ​បាន​ត្រូវ​បណ្ដាល​ឲ្យ​ប៉ុល​សរសេរ​ថា​៖ ‹មាន​បន្លា​១​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ[​«​ទះ​ខ្ញុំ​ជា​និច្ច​»​, ព.ថ.​] ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ›។ (​កូរិនថូស​ទី​២ ១២:៧​) តើ​បន្លា​១​ដែល​មាន​ក្នុង​សាច់​ឈាម​របស់​ប៉ុល​នោះ​ជា​អ្វី​ទៅ? សូម​គិត​ទៅ​មើល បន្លា​មួយ​ជាប់​ក្នុង​សាច់​គឺ​ច្បាស់​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់! ដូច្នេះ ពាក្យ​ប្រៀប​ធៀប​នេះ​បាន​សេចក្ដី​ថា ជា​អ្វី​ដែល​បណ្ដាល​ឲ្យ​ប៉ុល​រង​ទុក្ខ មិន​ថា​ខាង​ផ្លូវ​កាយ ឬ​ខាង​ផ្លូវ​ចិត្ត​ទេ ឬ​ក៏​រង​ទុក្ខ​ទាំង​ខាង​ផ្លូវ​កាយ​ទាំង​ខាង​ផ្លូវ​ចិត្ត​ផង​ដែរ។ ប្រហែល​ជា​ប៉ុល​មាន​បញ្ហា​ឈឺ​ភ្នែក ឬ​បញ្ហា​ផ្សេង​ទៀត​ខាង​សុខភាព​ដែល​ធ្វើ​ទុក្ខ​ដល់​គាត់​ណាស់។ ឬ​ក៏​បន្លា​នោះ​អាច​សំដៅ​ទៅ​លើ​បុគ្គល​និមួយ​ៗ​ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​ការ​អះអាង​របស់​គាត់​ថា​ជា​សាវ័ក​ម្នាក់ ថែម​ទាំង​មើល​ងាយ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​របស់​គាត់​ផង​ដែរ។ (​កូរិនថូស​ទី​២ ១០:១០​-​១២; ១១:៥, ៦, ១៣​) មិន​ថា​បន្លា​នោះ​ជា​អ្វី​ទេ នោះ​ប៉ុល​នៅ​មាន​បន្លា​ជាប់​នឹង​ខ្លួន​ជា​និច្ច គឺ​មិន​អាច​ដក​វា​ចេញ​បាន​ឡើយ។

៧, ៨. (​ក​) តើ​ឃ្លា​ដែល​ថា​«​ទះ​ខ្ញុំ​ជា​និច្ច​»​ នោះ​បញ្ជាក់​អំពី​អ្វី? (​ខ​) ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​បន្លា​ណា​ដែល​ធ្វើ​ទុក្ខ​យើង​ឥឡូវ​នេះ?

សូម​កត់​សម្គាល់​ថា បន្លា​មួយ​នោះ​ប្រៀប​ដូច​ជា​ទះ​ប៉ុល​ជា​និច្ច។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ កិរិយា​ស័ព្ទ​ភាសា​ក្រិក​ដែល​ប៉ុល​បាន​ប្រើ​នៅ​ទី​នេះ គឺ​មក​ពី​ពាក្យ​ភាសា​ក្រិក​ដែល​បក​ប្រែ​ថា ​«​ឆ្អឹង​កណ្ដាប់​ដៃ​»។ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​សំដៅ​ទៅ​អ្វី​ដែល​មែន​ទែន​នៅ​ម៉ាថាយ ២៦:៦៧ និង​ប្រើ​ជា​តំណាង​នៅ​កូរិនថូស​ទី​១ ៤:១១។ ក្នុង​ខ​ទាំង​ពីរ​នោះ គឺ​នាំ​ឲ្យ​គិត​អំពី​ការ​ដាល់។ ដោយ​ដឹង​អំពី​សំអប់​យ៉ាង​ខ្លាំង​របស់​សាតាំង​ចំពោះ​ព្រះ​យេហូវ៉ា​និង​អ្នក​បំរើ​ទ្រង់ នោះ​យើង​អាច​ជឿ​ជាក់​ថា អារក្ស​មាន​ចិត្ត​សប្បាយ​ណាស់​ពេល​មាន​បន្លា​១​ដែល​ប្រៀប​ដូច​ជា​កំពុង​ទះ​ប៉ុល​ជា​និច្ច។ ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​សាតាំង​នៅ​តែ​សប្បាយ​ចិត្ត​ដដែល ពេល​វា​ឃើញ​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ដោយ​បន្លា​១​ក្នុង​សាច់​ឈាម។

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ចេះ​ស៊ូ​ទ្រាំ​នឹង​បន្លា​បែប​នោះ ដូច​ប៉ុល​បាន​ធ្វើ​ដែរ។ ជីវិត​របស់​យើង​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ដូច្នេះ! សូម​ចង​ចាំ​ថា ព្រះ​យេហូវ៉ា​ចង់​ពន្យារ​ជីវិត​យើង​ឲ្យ​បាន​រស់​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​របស់​ទ្រង់ ជា​ទី​កន្លែង​ដែល​យើង​នឹង​លែង​ជួប​ប្រទះ​នឹង​បញ្ហា​ដែល​ប្រៀប​ដូច​នឹង​បន្លា​ទៀត​ហើយ។ ដើម្បី​ជួយ​យើង​ទទួល​រង្វាន់​ដ៏​អស្ចារ្យ​នោះ​បាន ព្រះ​ទ្រង់​បាន​ប្រទាន​គំរូ​ជា​ច្រើន​តាម​រយៈ​ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់ គឺ​ព្រះ​គម្ពីរ ដែល​បង្ហាញ​អំពី​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​ដែល​បាន​ស៊ូ​ទ្រាំ​ទាំង​មាន​ជោគ​ជ័យ​ទៅ​លើ​បន្លា​ក្នុង​សាច់​គេ។ ពួក​គេ​ជា​មនុស្ស​ធម្មតា គឺ​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍​ដូច​យើង​ដែរ។ ការ​ពិចារណា​មើល​មនុស្ស​ខ្លះ​ក្នុង​ចំណោម​«​ស្មរ​បន្ទាល់​១​ហ្វូង​ធំ​»​នេះ អាច​ជួយ​យើង​«​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់​»។ (​ហេព្រើរ ១២:១​) ការ​រំពឹង​គិត​អំពី​អ្វី​ដែល​គេ​បាន​ស៊ូ​ទ្រាំ​នោះ អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង ថា​យើង​អាច​ស៊ូ​ទ្រាំ​នឹង​បន្លា​ណា​ដែល​សាតាំង​អាច​ប្រើ​ទាស់​នឹង​យើង។

បន្លា​ផ្សេង​ៗ​ដែល​បាន​ធ្វើ​ទុក្ខ​លោក​មភីបូសែត

៩, ១០. (​ក​) តើ​មភីបូសែត​បាន​មាន​បន្លា​មួយ​ក្នុង​សាច់​ដោយ​របៀប​ណា? (​ខ​) តើ​ស្តេច​ដាវីឌ​បង្ហាញ​ចិត្ត​សប្បុរស​យ៉ាង​ណា​ចំពោះ​មភីបូសែត? ហើយ​តើ​យើង​អាច​យក​តម្រាប់​តាម​ដាវីឌ​ដោយ​ដូច​ម្ដេច?

សូម​ពិចារណា​អំពី​លោក​មភីបូសែត ជា​កូន​ប្រុស​របស់​យ៉ូណាថាន​ជា​មិត្ត​សំឡាញ់​របស់​ដាវីឌ។ ពេល​មភីបូសែត​មាន​អាយុ​ទើប​តែ​ប្រាំ​ឆ្នាំ​នៅ​ឡើយ នោះ​មាន​ដំណឹង​ថា យ៉ូណាថាន​ជា​បិតា​និង​ជីតា​ជា​ស្តេច​សូល​បាន​សុគត​ហើយ។ មេ​ដោះ​កូន​ប្រុស​នោះ​មាន​ចិត្ត​តក់​ស្លុត​ជា​ខ្លាំង។ នាង​«​ពរ[​វា​]រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់​ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ​»។ (​សាំយូអែល​ទី​២ ៤:៤​) ភាព​ពិការ​នោះ​ច្បាស់​ជា​បន្លា​ធំ​មួយ​ដែល​មភីបូសែត​ត្រូវ​ស៊ូ​ទ្រាំ​ពេល​គាត់​ធំ​ឡើង។

១០ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្តេច​ដាវីឌ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ចំពោះ​មភីបូសែត ដោយ​ព្រោះ​គាត់​ស្រឡាញ់​យ៉ូណាថាន​ណាស់។ ដាវីឌ​បាន​ប្រគល់​កម្មសិទ្ធិ​ទាំង​ឡាយ​របស់​សូល​ឲ្យ​ដល់​មភីបូសែត និង​បាន​ចាត់​ចែង​ឲ្យ​បាវ​បំរើ​របស់​សូល​ឈ្មោះ​ស៊ីបា ធ្វើ​ជា​អ្នក​មើល​ខុស​ត្រូវ​ដី​នោះ។ ដាវីឌ​ក៏​បាន​ប្រាប់​មភីបូសែត​ថា​៖ ‹អ្នក​នឹង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច›។ (​សាំយូអែល​ទី​២ ៩:៦​-​១០​) សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ដាវីឌ​ច្បាស់​ជា​បាន​ជួយ​រំលែក​ទុក្ខ​របស់​មភីបូសែត​មែន និង​បាន​បន្ថយ​នូវ​ការ​ឈឺ​ចាប់​ដែល​មក​ពី​គាត់​ខ្វិន​នោះ​ហើយ។ នេះ​ជា​គំរូ​ដ៏​ល្អ​ណាស់​ហ្ន៎! យើង​គួរ​នឹង​បង្ហាញ​ចិត្ត​សប្បុរស​ដែរ ចំពោះ​អស់​អ្នក​ដែល​មាន​បន្លា​មួយ​ក្នុង​សាច់​គេ។

១១. តើ​ស៊ីបា​និយាយ​បង្កាច់​បង្ខូច​យ៉ាង​ណា​អំពី​មភីបូសែត? ប៉ុន្តែ តើ​ដោយ​ដូច​ម្ដេច​បាន​ជា​យើង​ដឹង​ថា ការ​បង្កាច់​បង្ខូច​នោះ​មិន​ពិត​ទេ? (​សូម​មើល​សម្គាល់​ហេតុ​)

១១ ក្រោយ​ៗ​មក មភីបូសែត​ត្រូវ​ស៊ូ​ទ្រាំ​នឹង​បន្លា​មួយ​ទៀត​ក្នុង​សាច់​គាត់។ ពេល​ដាវីឌ​ភៀស​ខ្លួន​ចេញ​ពី​ទី​ក្រុង​យេរូសាឡិម​ដោយ​ព្រោះ​ការ​បះ​បោរ​នៃ​បុត្រា​ទ្រង់​ឈ្មោះ​អាប់សាឡំម នោះ​ស៊ីបា​ដ៏​ជា​អ្នក​បំរើ​របស់មភីបូសែត បាន​និយាយ​បង្កាច់​បង្ខូច​ម្ចាស់​ខ្លួន។ ស៊ីបា​និយាយ​ថា មភីបូសែត​គ្មាន​ភក្ដី​ភាព​ទេ ក៏​បាន​បន្ត​នៅ​ទី​ក្រុង​យេរូសាឡិម​ដោយ​ព្រោះ​គាត់​សង្ឃឹម​ចង់​បាន​តំណែង​ជា​ស្តេច។ a ដាវីឌ​បាន​ជឿ​ពាក្យ​បង្កាច់​បង្ខូច​របស់​ស៊ីបា និង​បាន​ប្រគល់​កម្មសិទ្ធិ​ទាំង​ឡាយ​របស់​មភីបូសែត​ឲ្យ​ដល់​អ្នក​ភូត​កុហក​ម្នាក់​នោះ​វិញ!—សាំយូអែល​ទី​២ ១៦:១​-​៤

១២. តើ​មភីបូសែត​បាន​ធ្វើ​យ៉ាង​ណា​អំពី​កាលៈទេសៈ​របស់​គាត់? ហើយ​តើ​គាត់​តាំង​គំរូ​ដ៏​ល្អ​យ៉ាង​ណា​ឲ្យ​យើង?

១២ យ៉ាង​ណា​ក៏​ដោយ ពេល​មភីបូសែត​បាន​ជួប​ជា​មួយ​ស្តេច​ដាវីឌ​ក្រោយ​មក​នោះ គាត់​បាន​ពន្យល់​ឲ្យ​ទ្រង់​ដឹង​ពី​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង​មែន។ គាត់​រៀប​រាប់​ថា​ពេល​គាត់​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ទៅ​នៅ​ជា​មួយ​ដាវីឌ ស្រាប់​តែ​ស៊ីបា​បំភាន់​គាត់​ដោយ​សូម​ទៅ​ជំនួស​គាត់​វិញ។ តើ​ដាវីឌ​កែ​សម្រួល​រឿង​នេះ​ទេ? មិន​បាន​កែ​សម្រួល​ទាំង​ស្រុង​ទេ។ ទ្រង់​បាន​បែង​ចែក​កម្មសិទ្ធិ​ទាំង​ប៉ុន្មាន​នោះ​ឲ្យ​ទៅ​ជា​ពីរ​ចំណែក​សំរាប់​បុរស​ទាំង​ពីរ​នាក់​នោះ។ រឿង​នេះ​ក៏​អាច​ធ្វើ​ជា​បន្លា​មួយ​ទៀត​ដែល​មាន​ក្នុង​សាច់​របស់​មភីបូសែត។ តើ​គាត់​អាក់​អន់​ចិត្ត​ទេ? តើ​គាត់​តវ៉ា​នឹង​ការ​សម្រេច​ចិត្ត​របស់​ដាវីឌ ដោយ​រអ៊ូ​រទាំ​ថា​អយុត្ដិធម៌​ណាស់​ទេ? មិន​មែន​ទេ! គាត់​ក៏​យល់​ព្រម​តាម​ព្រះ​ហឫទ័យ​របស់​ស្តេច​ដោយ​ចិត្ត​រាប​ទាប។ គាត់​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ល្អ​វិញ គឺ​គាត់​បាន​ត្រេក​អរ ដោយ​ឃើញ​ស្តេច​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រាអែល​បាន​ត្រឡប់​មក​វិញ​ដោយ​មាន​សុវត្ថិភាព។ មភីបូសែត​ប្រាកដ​ជា​តាំង​គំរូ​ដ៏​ល្អ​ឲ្យ​យើង ដោយ​ស៊ូ​ទ្រាំ​នឹង​ភាព​ពិការ ពាក្យ​បង្កាច់​បង្ខូច និង​ការ​អាក់​អន់​ចិត្ត​ផង​ដែរ។—សាំយូអែល​ទី​២ ១៩:២៤​-​៣០

លោក​នេហេមា​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​របស់​គាត់

១៣, ១៤. តើ​នេហេមា​ស៊ូ​ទ្រាំ​នឹង​បន្លា​ណា​ខ្លះ ពេល​គាត់​ត្រឡប់​ទៅ​កសាង​កំផែង​ទី​ក្រុង​យេរូសាឡិម​ឡើង​វិញ?

១៣ សូម​គិត​ទៅ​មើល​អំពី​អ្វី​ដែល​ប្រៀប​ដូច​បន្លា​ដែល​លោក​នេហេមា​បាន​ស៊ូ​ទ្រាំ ពេល​គាត់​ត្រឡប់​ទៅ​ទី​ក្រុង​យេរូសាឡិម​នៅ​សតវត្ស​ទី​ប្រាំ មុន​ស.យ. ដែល​លែង​មាន​កំផែង​ទៀត​ហើយ​នោះ។ គាត់​បាន​ឃើញ​ថា គឺ​សឹង​តែ​គ្មាន​លទ្ធភាព​ការ​ពារ​ទី​ក្រុង​នោះ​បាន​ឡើយ ថែម​ទាំង​ប្រជាជន​យូដា​ដែល​បាន​ត្រឡប់​ទៅ​នៅ​ទី​នោះ គ្មាន​សណ្ដាប់​ធ្នាប់​សោះ ព្រម​ទាំង​បាន​ធ្លាក់​ទឹក​ចិត្ត ហើយ​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​ពួក​គេ​មិន​ស្អាត​ស្អំ​ទៀត​ផង។ ទោះ​ជា​ស្តេច​អើថាស៊ើកសេស​បាន​បើក​ច្បាប់​ឲ្យ​គេ​កសាង​កំផែង​ទី​ក្រុង​យេរូសាឡិម​ឡើង​វិញ​ក៏​ដោយ នេហេមា​បាន​ដឹង​ភ្លាម​ថា ចៅហ្វាយ​ខេត្ត​ដែល​នៅ​ជិត​ខាង​នោះ​មិន​ពេញ​ចិត្ត​សោះ​នឹង​កិច្ច​ការ​នេះ។ ​«​សេចក្ដី​នោះ​ក៏​នាំ​ឲ្យ​ទំនាស់​ចិត្ត​គេ​ជា​ខ្លាំង ដោយ​ព្រោះ​មាន​មនុស្ស​មក បំរុង​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សណ្ឋាន​ល្អ​ឡើង​»។—នេហេមា ២:១០

១៤ ពួក​សាសន៍​ដទៃ​ដែល​ជា​អ្នក​ប្រឆាំង​នោះ បាន​ធ្វើ​អ្វី​ៗ​តាម​អំណាច​គេ​ដើម្បី​បញ្ឈប់​កិច្ច​ការ​របស់​នេហេមា។ ការ​គំរាម​កំហែង ពាក្យ​កុហក ពាក្យ​បង្កាច់​បង្ខូច និង​ការ​បំភ័យ​របស់​ពួក​គេ ដែល​រួម​ទាំង​ការ​ចាត់​ចារ​បុរស​ទៅ​បង្ខូច​ទឹក​ចិត្ត​នេហេមា នោះ​ច្បាស់​ជា​ប្រៀប​ដូច​នឹង​បន្លា​ដែល​មាន​ក្នុង​សាច់​គាត់​ជា​និច្ច។ តើ​គាត់​សុខ​ចិត្ត​ចុះ​ចាញ់​នឹង​កល​ល្បិច​របស់​សត្រូវ​នោះ​ទេ? មិន​ទាល់​តែ​សោះ! គាត់​បាន​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ ហើយ​មិន​ចុះ​ខ្សោយ​ទេ។ អាស្រ័យ​ហេតុ​នេះ នៅ​ពេល​បាន​កសាង​កំផែង​ទី​ក្រុង​យេរូសាឡិម​ហើយ​នោះ កំផែង​នោះ​ជា​ទី​សំអាង​យ៉ាង​យូរ​អង្វែង ស្តី​អំពី​ការ​គាំទ្រ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​នេហេមា​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា។—នេហេមា ៤:១​-​១២; ៦:១​-​១៩

១៥. តើ​មាន​បញ្ហា​អ្វី​ខ្លះ​រវាង​ប្រជាជន​យូដា ដែល​បាន​បណ្ដាល​ឲ្យ​នេហេមា​ខ្វល់​ចិត្ត​ជា​ខ្លាំង​នោះ?

១៥ ដោយ​មាន​តំណែង​ជា​ចៅហ្វាយ នេហេមា​ក៏​ត្រូវ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​ដែរ។ ការ​ពិបាក​ទាំង​នោះ​ក៏​ប្រៀប​ដូច​នឹង​បន្លា​ដែល​ធ្វើ​ទុក្ខ​គាត់​ជា​ខ្លាំង​ដែរ ពីព្រោះ​មាន​អានុភាព​ទៅ​លើ​ទំនាក់​ទំនង​របស់​ប្រជាជន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពួក​អ្នក​មាន​បាន​គិត​ការ​ប្រាក់​ច្រើន​ពេក​នឹង​បង​ប្អូន​របស់​គេ​ដែល​មិន​សូវ​មាន​ប៉ុន្មាន​ទេ ថែម​ទាំង​ត្រូវ​ប្រគល់​ដី​របស់​ខ្លួន​និង​លក់​កូន​ឲ្យ​ធ្វើ​ជា​ទាសករ ដើម្បី​សង​បំណុល​និង​បង់​ពន្ធ​ឲ្យ​សាសន៍​ពើស៊ី​ផង​ដែរ។ (​នេហេមា ៥:១​-​១០​) ប្រជាជន​យូដា​ជា​ច្រើន​នាក់​បាន​បំពាន​លើ​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ខាន​ជួយ​គាំទ្រ​ពួក​លេវី​និង​ព្រះ​វិហារ។ អ្នក​ខ្លះ​ក៏​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​«​ស្រី​សាសន៍​អាសដូឌ អាំម៉ូន នឹង​ម៉ូអាប់​»។ នេះ​ច្បាស់​ជា​បាន​ធ្វើ​ទុក្ខ​ដល់​នេហេមា​ណាស់! ប៉ុន្តែ គ្មាន​បន្លា​មួយ​ណា​សោះ បាន​បណ្ដាល​ឲ្យ​គាត់​ឈប់​នោះ​ទេ។ ម្ដង​ហើយ​ម្ដង​ទៀត​គាត់​បាន​ប្រឹង​ប្រែង​ដោយ​ឧស្សាហ៍​កាន់​ជំហរ​តាម​ក្រិត្យ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ចូរ​ឲ្យ​យើង​ធ្វើ​ដូច​នេហេមា​ដែរ ដោយ​មិន​ព្រម​អនុញ្ញាត​ឲ្យ​ចរិយា​មិន​ស្មោះ​ត្រង់​របស់​អ្នក​ដទៃ មក​រារាំង​ការ​បំរើ​របស់​យើង​ថ្វាយ​ព្រះ​យេហូវ៉ា​ដោយ​ភក្ដី​ភាព​ឡើយ។—នេហេមា ១៣:១០​-​១៣, ២៣​-​២៧

មនុស្ស​ស្មោះ​ត្រង់​ជា​ច្រើន​ទៀត​បាន​ស៊ូ​ទ្រាំ​ដែរ

១៦​-​១៨. តើ​អ៊ីសាក រេបិកា ហាណា ដាវីឌ និង​ហូសេ​បាន​ជួប​ប្រទះ​នឹង​រឿង​រ៉ាវ​ណា​ខ្លះ​ក្នុង​ក្រុម​គ្រួសារ?

១៦ មាន​គំរូ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ អំពី​មនុស្ស​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​កាលៈទេសៈ​ដ៏​គួរ​ឲ្យ​ពិបាក​ចិត្ត​ដែល​ប្រៀប​ប្រដូច​នឹង​បន្លា។ បញ្ហា​ក្នុង​ក្រុម​គ្រួសារ​ច្រើន​តែ​ជា​ដើម​ហេតុ​នៃ​បញ្ហា​ដូច​ជា​បន្លា។ ប្រពន្ធ​ពីរ​នាក់​របស់​អេសាវ​បាន​«​នាំ​ឲ្យ​អ៊ីសាក​ហើយ​នឹង​រេបិកា[​ជា​មាតា​បិតា​របស់​អេសាវ​]ពិបាក​ចិត្ត​ណាស់​»។ រេបិកា​ក៏​បាន​មាន​ប្រសាសន៍​ថា នាង​ស្អប់​ខ្ពើម​នូវ​ការ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​អេសាវ​ណាស់។ (​លោកុប្បត្តិ ២៦:៣៤, ៣៥; ២៧:៤៦​) សូម​គិត​ផង​ដែរ​អំពី​នាង​ហាណា និង​របៀប​ដែល​ពេនីណា​ដែល​ជា​គូ​វិវាទ​របស់​នាង​បាន​«​រុក​កួន​នាង​ជា​ខ្លាំង​»​ ដោយ​ព្រោះ​នាង​ជា​ស្រី​អារ។ នាង​ហាណា​ប្រហែល​ជា​បាន​រង​ទុក្ខ​បែប​នេះ​ជា​រឿយ​ៗ​ពេល​នៅ​ក្នុង​ផ្ទះ​ហើយ​មើល​ទៅ។ ពេនីណា​ក៏​បាន​រុក​កួន​ហាណា​ពី​មុខ​អ្នក​ដទៃ​ផង​ដែរ ប្រហែល​ជា​ខាង​មុខ​សាច់​ញាតិ​និង​មិត្ត​ភក្ដិ ពេល​ក្រុម​គ្រួសារ​នោះ​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស៊ីឡូរ។ នេះ​ប្រៀប​ដូច​ជា​ការ​មាន​បន្លា​មួយ​ចូល​កាន់​តែ​ជ្រៅ​ក្នុង​សាច់​ហាណា។—សាំយូអែល​ទី​១ ១:៤​-​៧

១៧ សូម​រំពឹង​គិត​អំពី​អ្វី​ដែល​ដាវីឌ​បាន​ស៊ូ​ទ្រាំ ដោយ​ព្រោះ​ស្តេច​សូល​ជា​បិតា​ក្មេក​របស់​គាត់​មាន​ចិត្ត​ច្រណែន​យ៉ាង​ខ្លាំង​ចំពោះ​គាត់។ ដើម្បី​ឲ្យ​បាន​រួច​រស់​ជីវិត ដាវីឌ​ត្រូវ​រស់​នៅ​ក្នុង​រូង​ភ្នំ​នៅ​ទី​រហោ​ស្ថាន​អេន​-​កេឌី ដ៏​ជា​ទី​កន្លែង​ដែល​គាត់​ត្រូវ​ឡើង​ទៅ​ច្រក​ភ្នំ​ដែល​ចោទ​ហើយ​ខ្ពស់​និង​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។ ភាព​អយុត្ដិធម៌​នោះ​ពិត​ជា​បាន​ធ្វើ​ទុក្ខ​ដល់​គាត់​ណាស់ ពីព្រោះ​គាត់​មិន​ធ្លាប់​ធ្វើ​ខុស​អ្វី​សោះ​ចំពោះ​សូល។ យ៉ាង​ណា​ក្ដី ដាវីឌ​ត្រូវ​ភៀស​ខ្លួន​អស់​ច្រើន​ឆ្នាំ គឺ​ដោយ​ព្រោះ​តែ​ចិត្ត​ច្រណែន​របស់​សូល។—សាំយូអែល​ទី​១ ២៤:១៤, ១៥; សុភាសិត ២៧:៤

១៨ សូម​នឹក​គិត​អំពី​រឿង​រ៉ាវ​ដែល​ព្យាការី​ហូសេ​បាន​ជួប​ប្រទះ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់។ ភរិយា​របស់​គាត់​បាន​ផិត​គាត់។ អំពើ​អសីលធម៌​របស់​នាង​ច្បាស់​ជា​ប្រៀប​ដូច​នឹង​បន្លា​ដែល​មាន​ក្នុង​ចិត្ត​របស់​ហូសេ។ ហើយ​គាត់​ពិត​ជា​ពិបាក​ចិត្ត​ថែម​ទៀត ពេល​ដែល​នាង​បង្កើត​កូន​ប្រុស​ពីរ​នាក់​ជា​កូន​របស់​សហាយ​នាង​នោះ!—ហូសេ ១:២​-​៩

១៩. តើ​ព្យាការី​មីកាយ៉ា​បាន​រង​ទុក្ខ​នឹង​ការ​បៀត​បៀន​បែប​ណា?

១៩ ការ​បៀត​បៀន​ក៏​ប្រៀប​ដូច​ជា​បន្លា​មួយ​ដែល​មាន​ក្នុង​សាច់​ផង​ដែរ។ សូម​ពិចារណា​មើល​នូវ​បទ​ពិសោធន៍​របស់​មីកាយ៉ា​ជា​ព្យាការី​ម្នាក់។ មីកាយ៉ា​ជា​មនុស្ស​សុចរិត​ម្នាក់ ហើយ​ពិត​ជា​បាន​ឈឺ​ចិត្ត​មែន​ពេល​គាត់ឃើញ​ស្តេច​អាក្រក់​មួយ​អង្គ នាម​អ័ហាប់ សំណេះ​សំណាល​នឹង​ព្យាការី​ក្លែង​ក្លាយ ព្រម​ទាំង​ជឿ​ទៅ​លើ​ពាក្យ​កុហក​របស់​គេ​ផង​ដែរ។ រួច​មក កាល​ដែល​មីកាយ៉ា​បាន​ប្រាប់​ស្តេច​អ័ហាប់​ថា ព្យាការី​ទាំង​ប៉ុន្មាន​នោះ​និយាយ​តាម​«​វិញ្ញាណ​ភូត​កុហក​»​មួយ តើ​មេ​ហោរា​ក្លែង​ក្លាយ​ទាំង​នោះ​បាន​ធ្វើ​អ្វី? គាត់​ក៏​«​ទះ​កំផ្លៀង​មីកាយ៉ា​»​! អ្វី​ដែល​រឹត​តែ​អាក្រក់​ទៅ​ទៀត​នោះ គឺ​អ្វី​ដែល​អ័ហាប់​បាន​ប្រព្រឹត្ត​តប ពេល​ឮ​ការ​ព្រមាន​ពី​ព្រះ​យេហូវ៉ា ថា​យុទ្ធនាការ​ចង់​ដណ្ដើម​យក​ទី​ក្រុង​រ៉ាម៉ូត​-​កាឡាត នឹង​ត្រូវ​បរាជ័យ​ជា​មិន​ខាន។ អ័ហាប់​បាន​បញ្ជា​ឲ្យ​គេ​ដាក់​មីកាយ៉ា​ក្នុង​គុក​ទាំង​ឲ្យ​ម្ហូប​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ។ (​ពង្សាវតារ​ក្សត្រ​ទី​១ ២២:៦, ៩, ១៥​-​១៧, ២៣​-​២៨​) សូម​ចង​ចាំ​ផង​ដែរ​អំពី​លោក​យេរេមា និង​មនុស្ស​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​លោក​ដោយ​មាន​បំណង​ចង់​សម្លាប់​គាត់​ចោល។—យេរេមា ២០:១​-​៩

២០. តើ​ន៉ាអូមី​ត្រូវ​ស៊ូ​ទ្រាំ​នឹង​បន្លា​ណា​ខ្លះ? ហើយ​តើ​គាត់​បាន​ទទួល​អ្វី​ជា​រង្វាន់?

២០ ការ​មាន​មិត្ត​សំឡាញ់​ស្លាប់​ទៅ​ក៏​ជា​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​សោក​សៅ​ផង​ដែរ ក៏​អាច​ប្រៀប​ប្រដូច​នឹង​បន្លា​មួយ​ដែល​មាន​ក្នុង​សាច់​យើង។ ន៉ាអូមី​ត្រូវ​ស៊ូ​ទ្រាំ​ទាំង​ឈឺ​ចាប់ ពេល​ស្វាមី​និង​កូន​ប្រុស​ពីរ​នាក់​បាន​ស្លាប់​ទៅ។ ពេល​ន៉ាអូមី​បាន​ត្រឡប់​ទៅ​ភូមិ​បេថ្លេហិម​វិញ គាត់​នៅ​តែ​សោក​សង្រេង​នៅ​ឡើយ។ ន៉ាអូមី​បាន​ប្រាប់​មិត្ត​គាត់​ថា កុំ​ហៅ​គាត់​តាម​ឈ្មោះ​នោះ​ទៀត តែ​ត្រូវ​ហៅ​ម៉ារ៉ា​វិញ ជា​ឈ្មោះ​ដែល​រំឭក​ពី​ការ​ជូរ​ចត់​ដែល​គាត់​បាន​ពិសោធ។ ក៏​ប៉ុន្តែ នៅ​ទី​បំផុត​ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ឲ្យ​គាត់​ដោយ​ព្រោះ​ការ​ស៊ូ​ទ្រាំ​របស់​គាត់​នោះ គឺ​ឲ្យ​ន៉ាអូមី​មាន​ចៅ​ប្រុស​ម្នាក់​ដែល​ជា​ឰយុកោ​នៃ​ព្រះ​មេស្ស៊ី។—នាង​រស់ ១:៣​-​៥, ១៩​-​២១; ៤:១៣​-​១៧; ម៉ាថាយ ១:១,

២១, ២២. តើ​ដោយ​ដូច​ម្ដេច​បាន​ជា​លោក​យ៉ូប​បាត់​បង់​អ្វី​ៗ​ទាំង​អស់​នោះ? ហើយ​តើ​គាត់​មាន​ទឹក​ចិត្ត​យ៉ាង​ណា?

២១ សូម​គិត​អំពី​លោក​យ៉ូប ថា​គាត់​បាន​តក់​ស្លុត​យ៉ាង​ណា​ទៅ​ហ្ន៎! ពេល​ឮ​ដំណឹង​ថា​កូន​សំឡាញ់​ទាំង​ដប់​នាក់​របស់​គាត់​បាន​ស្លាប់​តៃហោង​ក្នុង​មួយ​រំពេច​នោះ ទាំង​បសុសត្វ អ្នក​បំរើ​ទាំង​ឡាយ​របស់​លោក​ត្រូវ​បាត់​បង់​ទៅ។ ក្នុង​មួយ​ប៉ប្រិច​ភ្នែក​សោះ គឺ​ហាក់​ដូច​ជា​ជីវភាព​របស់​គាត់​បាន​ស្រុត​ចុះ​ទាំង​ស្រុង! រួច​មក ពេល​លោក​យ៉ូប​កំពុង​រង​គ្រោះ​នៅ​ឡើយ នោះ​សាតាំង​បាន​វាយ​ផ្ចាល់​គាត់​ឲ្យ​កើត​មាន​ជម្ងឺ​ផង​ដែរ។ យ៉ូប​ប្រហែល​ជា​បាន​គិត​ស្មាន​ថា ជម្ងឺ​ដ៏​អាក្រក់​នោះ​នឹង​ធ្វើ​ទុក្ខ​គាត់​ដល់​ស្លាប់​ហើយ។ គាត់​បាន​ឈឺ​ចាប់​ដល់​ម្ល៉េះ​បាន​ជា​គិត​ថា ការ​ស្លាប់​នឹង​អាច​បន្ធូរ​នូវ​ទុក្ខ​សោក​របស់​គាត់​បាន។—យ៉ូប ១:១៣​-​២០; ២:៧, ៨

២២ បន្ថែម​ទៅ​លើ​ការ​រង​ទុក្ខ​ទាំង​ប៉ុន្មាន​នោះ ភរិយា​របស់​យ៉ូប​ក៏​មក​យំ​សោក​ពេប​ជ្រាយ​ដាក់​គាត់​ទាំង​លាន់​មាត់​ថា​៖ ​«​ចូរ​ប្រមាថ​ដល់​ព្រះ​ហើយ​ស្លាប់​ទៅ​ចុះ!​»។ នេះ​ពិត​ជា​បន្លា​មួយ​ទៀត​ដ៏​គួរ​ឲ្យ​ឈឺ​ចាប់​ដែល​មាន​ក្នុង​សាច់​របស់​យ៉ូប​ដែល​កំពុង​តែ​កើត​ទុក្ខ​យ៉ាង​ខ្លាំង! បន្ទាប់​មក ជា​ជាង​មក​ជួយ​សម្រាល​ទុក្ខ​គាត់ សហការី​បី​នាក់​របស់​យ៉ូប​បាន​មក​រក​រឿង​គាត់​ថែម​ទៀត។ បី​នាក់​នោះ​បាន​គិត​វែក​ញែក​ហាក់​ដូច​ជា​ដឹង​នូវ​សេចក្ដី​ពិត ក៏​ថ្កោល​ទោស​យ៉ូប​វិញ​ដោយ​ថា គាត់​ជា​អ្នក​ធ្វើ​បាប​ដោយ​លួច​លាក់។ គេ​ថែម​ទាំង​សន្មត​ថា ការ​លាក់​ទុក​បាប​នោះ​ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​គាត់​រង​ទុក្ខ​យ៉ាង​អភ័ព្វ​ដូច្នេះ។ ការ​ចោទ​ដ៏​ខុស​របស់​គេ​បាន​ធ្វើ​ទុក្ខ​ដល់​គាត់​កាន់​តែ​ច្រើន​ទៀត ហាក់​ដូច​ជា​មាន​បន្លា​ចាក់​កាន់​តែ​ខ្លាំង​ទៀត។ សូម​ចង​ចាំ​ដែរ​ថា យ៉ូប​មិន​ដឹង​អំពី​មូលហេតុ​ដែល​គាត់​រង​ទុក្ខ​លំបាក​ទាំង​នោះ​ឡើយ។ គាត់​ក៏​មិន​ដឹង​ថា គាត់​ត្រូវ​រួច​រស់​ជីវិត​ផង​ទេ។ ក៏​ប៉ុន្តែ ​«​ក្នុង​គ្រប់​សេចក្ដី​ទាំង​នេះ​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ​»។ (​យ៉ូប ១:២២; ២:៩, ១០; ៣:៣; ១៤:១៣; ៣០:១៧​) ថ្វី​បើ​មាន​បន្លា​ជា​ច្រើន​ក្នុង​ខ្លួន​គាត់​ក្ដី លោក​មិន​បាន​លះ​ចោល​ភក្ដី​ភាព​របស់​គាត់​នោះ​ឡើយ។ នេះ​ជា​រឿង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន!

២៣. ស្តី​អំពី​មនុស្ស​ស្មោះ​ត្រង់​ប៉ុន្មាន​នាក់​ដែល​យើង​បាន​ពិគ្រោះ​ហើយ តើ​ពួក​គេ​អាច​ស៊ូ​ទ្រាំ​នឹង​បន្លា​ផ្សេង​ៗ​នោះ​ដោយ​របៀប​ណា?

២៣ គំរូ​ល្អ​ៗ​ខាង​លើ​នេះ មិន​មាន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ។ ព្រះ​គម្ពីរ​មាន​គំរូ​ជា​ច្រើន​ថែម​ទៀត។ អ្នក​បំរើ​ស្មោះ​ត្រង់​ទាំង​នេះ​បាន​ត​ស៊ូ​នឹង​បញ្ហា​របស់​គេ​រៀង​ៗ​ខ្លួន​ដែល​ប្រៀប​ដូច​នឹង​បន្លា។ ហើយ​គេ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ច្រើន​បែប​ច្រើន​យ៉ាង​មែន! តែ​គេ​បាន​ឯកភាព​ត្រង់​ចំណុច​មួយ​គឺ​ថា គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​គេ​បាន​ឈប់​បំរើ​ព្រះ​យេហូវ៉ា​ឡើយ។ ទោះ​បើ​មាន​ការ​ល្បង​ល​ផ្សេង​ៗ​ដ៏​គួរ​ឲ្យ​ពិបាក​ចិត្ត​ក្ដី គេ​ក៏​បាន​ឈ្នះ​លើ​សាតាំង​ដោយ​សារ​កម្លាំង​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ពួក​គេ។ តើ​តាម​របៀប​ណា? អត្ថបទ​ជា​បន្ទាប់​នឹង​ឆ្លើយ​សំនួរ​នេះ ហើយ​នឹង​បង្ហាញ​នូវ​របៀប​ដែល​យើង​អាច​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ក៏​ដោយ​ដែល​ប្រៀប​ដូច​ទៅ​នឹង​បន្លា​ដែល​មាន​ក្នុង​សាច់​យើង។

[​កំណត់​សម្គាល់​]

a កល​ល្បិច​ដែល​ពេញ​ទៅ​ដោយ​មហិច្ឆតា​នោះ គឺ​បង្កាច់​បង្ខូច​ខុស​ទំនង​អំពី​បុរស​ម្នាក់​ដូច​ជា​មភីបូសែត ដែល​គាត់​ធ្លាប់​តែ​បង្ហាញ​ចិត្ត​រាប​ទាប​និង​កតញ្ញូ​ធម៌។ គាត់​ច្បាស់​ជា​ដឹង​អំពី​ដំណើរ​ជីវិត​ស្មោះ​ត្រង់​របស់​យ៉ូណាថាន​ជា​បិតា​គាត់។ ទោះ​ជា​យ៉ូណាថាន​ជា​បុត្រា​មួយ​អង្គ​របស់​ស្តេច​សូល​ក៏​ដោយ គាត់​ក៏​បាន​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល។ (​សាំយូអែល​ទី​១ ២០:១២​-​១៧​) យ៉ូណាថាន​ជា​អ្នក​កោត​ខ្លាច​ព្រះ​និង​ជា​បិតា​របស់​មភីបូសែត ព្រម​ទាំង​ជា​មិត្ត​សំឡាញ់​ស្មោះ​ត្រង់​របស់​ដាវីឌ​ផង​ដែរ គាត់​ប្រាកដ​ជា​មិន​បាន​បង្រៀន​កូន​ប្រុស​របស់​គាត់​ឲ្យ​មាន​មហិច្ឆតា​ចង់​បាន​អំណាច​សោយ​រាជ្យ​នោះ​ទេ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​ដូច​ម្ដេច​បាន​ជា​បញ្ហា​ដែល​យើង​ជួប​ប្រទះ​នោះ អាច​ប្រៀប​ដូច​នឹង​បន្លា​ដែល​មាន​ក្នុង​សាច់​យើង?

• តើ​លោក​មភីបូសែត​និង​នេហេមា​បាន​ស៊ូ​ទ្រាំ​នឹង​បន្លា​បែប​ណា​ខ្លះ?

• ក្នុង​ចំណោម​គំរូ​ទាំង​ប៉ុន្មាន​ក្នុង​បទ​គម្ពីរ​ស្តី​ពី​បុរស​និង​ស្ត្រី​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​បន្លា​ផ្សេង​ៗ​ដែល​មាន​ក្នុង​សាច់​គេ តើ​មួយ​ណា​ជា​ទី​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ជាង​គេ? ហើយ​ហេតុ​អ្វី?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២០​]

មភីបូសែត​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ភាព​ពិការ ពាក្យ​បង្កាច់​បង្ខូច និង ការ​អាក់​អន់​ចិត្ត​ផង​ដែរ

[​រូប​ភាព​នៅ​ទំព័រ​២១​]

នេហេមា​បាន​ស៊ូ​ទ្រាំ​ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ