អ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះមានគ្រប់លក្ខណៈដែលត្រូវការ
អ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះមានគ្រប់លក្ខណៈដែលត្រូវការ
«ព្រះអង្គក៏ប្រទានអោយយើងមានសមត្ថភាពនឹងធ្វើជាអ្នកបំរើ»។—កូរិនថូសទី២ ៣:៥, ៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ
១, ២. ជួនកាល តើពិភពគ្រីស្ទសាសនាខិតខំផ្សព្វផ្សាយយ៉ាងណា? តើហេតុអ្វីបានជាតាមធម្មតានេះតែងតែបរាជ័យ?
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា បើសិនជាអ្នកត្រូវគេចាត់ឲ្យទៅធ្វើកិច្ចការមួយដែលអ្នកគ្មានសមត្ថភាពគ្រប់គ្រាន់ធ្វើទេនោះ? ជាឧទាហរណ៍ សម្ភារៈដែលអ្នកត្រូវការនៅតម្រៀបពីមុខអ្នក ហើយគ្រឿងប្រដាប់ប្រដាទាំងប៉ុន្មានក៏នៅទីនោះដែរ។ ក៏ប៉ុន្តែអ្នកមិនចេះធ្វើកិច្ចការនោះសោះ។ ពិបាកហួសពីពិបាកទៅទៀតនោះ អ្នកត្រូវតែបង្ហើយកិច្ចការនោះជាបន្ទាន់ទៀតផង។ មនុស្សបានពឹងអ្នកឲ្យធ្វើកិច្ចការនោះ។ អ្នកច្បាស់ជានឹងតានតឹងក្នុងអារម្មណ៍ណាស់!
២ ស្ថានការណ៍បែបនេះមិនគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះទេ។ យើងសូមពិចារណាឧទាហរណ៍ជាក់ស្តែងមួយ។ ជួនកាលព្រះវិហារមួយក្នុងពិភពគ្រីស្ទសាសនា ប៉ុនប៉ងរៀបចំផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ម្ដងហើយម្ដងទៀត ការប៉ុនប៉ងនោះទទួលបរាជ័យទាំងស្រុង ដោយចេះតែបន្ថយទៅៗរហូតដល់គេឈប់តែម្ដង ក្រោយតែប៉ុន្មានសប្ដាហ៍ឬប៉ុន្មានខែប៉ុណ្ណោះ។ ហេតុអ្វី? ពីព្រោះពិភពគ្រីស្ទសាសនាមិនជួយបំពាក់សមាជិករបស់ខ្លួនឲ្យមានគ្រប់លក្ខណៈដែលគេត្រូវការដើម្បីធ្វើកិច្ចការនោះទេ។ សូម្បីតែបព្វជិតរបស់គេក៏គ្មានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើការងារនេះដែរ ទោះជាគេបានទទួលការអប់រំអស់ជាច្រើនឆ្នាំក្នុងសាលានិងសិក្ខាសាលាខាងលោកីយ៍នេះក៏ដោយ។ ហេតុអ្វីយើងអាចនិយាយដូច្នេះបាន?
៣. នៅកូរិនថូសទី២ ៣:៥, ៦ តើមានពាក្យអ្វីដែលត្រូវប្រើបីដងនោះ? ហើយតើពាក្យនេះមានន័យអ្វី?
៣ ព្រះបន្ទូលរបស់ព្រះ ពន្យល់នូវអ្វីដែលជាលក្ខណៈរបស់អ្នកដែលប្រកាសប្រាប់ដំណឹងល្អគ្រីស្ទាន។ សាវ័កប៉ុលបានត្រូវព្រះបណ្ដាលឲ្យលោកសរសេរថា៖ «យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះដែលប្រទានអោយយើងមានសមត្ថភាពអាចធ្វើបាន។ ព្រះអង្គប្រទានអោយយើងមានសមត្ថភាពនឹងធ្វើជាអ្នកបំរើ»។ (កូរិនថូសទី២ ៣:៥, ៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ) សូមកត់សម្គាល់នូវពាក្យដែលត្រូវប្រើបីដងថា«មានសមត្ថភាព»។ តើពាក្យនេះមានន័យអ្វី? វចនានុក្រមលោកវ៉ាញខាងការពិពណ៌នាពាក្យព្រះគម្ពីរ ពន្យល់ថា៖ «[ពាក្យនេះជាភាសាក្រិក]មានន័យថា‹ល្មមគ្រប់គ្រាន់›ពេលសំដៅទៅលើវត្ថុ . . . ពេលសំដៅទៅលើមនុស្សវិញ ពាក្យនេះមានន័យថា‹មានសមត្ថភាព›ឬ‹សមនឹងទទួល›»។ ដូច្នេះ អ្នកដែល«មានគ្រប់លក្ខណៈដែលត្រូវការ»នោះ ក៏មានសមត្ថភាពធ្វើ ព្រមទាំងសមនឹងទទួលការងារនេះផងដែរ។ អ្នកបំរើពិតនៃដំណឹងល្អ បានបំពេញគ្រប់តម្រូវការដើម្បីផ្សព្វផ្សាយ។ ពួកគេមានសមត្ថភាពធ្វើ ព្រមទាំងសមគួរនឹងធ្វើការងារនេះផងដែរ។
៤. (ក) តើគំរូរបស់ប៉ុលបញ្ជាក់យ៉ាងណាថា ការបំពេញតម្រូវការសំរាប់កិច្ចបំរើគ្រីស្ទាននោះ មិនមែនសំរាប់តែមនុស្សមានចំនួនបន្ដិចបន្តួចដែលមានលក្ខណៈពិសេសទេនោះ? (ខ) តើព្រះយេហូវ៉ាជួយយើងមានគ្រប់លក្ខណៈដែលត្រូវការដើម្បីបំរើទ្រង់តាមវិធីបីយ៉ាងអ្វី?
៤ ក៏ប៉ុន្តែ តើសមត្ថភាពនោះមកពីណា? តើនោះមកពីទេពកោសល្យរបស់ខ្លួនទេ? នេះមកពីសតិបញ្ញាខ្ពង់ខ្ពស់ទេ? តើមកពីការហ្វឹកហ្វឺនផ្នែកពិសេសនៅឯសាលាមួយដ៏ល្បីទេ? សាវ័កប៉ុលទំនងជាមានអ្វីទាំងនោះហើយ។ (កិច្ចការ ២២:៣; ភីលីព ៣:៤, ៥) តែគាត់បានទទួល ស្គាល់ដោយចិត្តរាបទាបថា សមត្ថភាពរបស់គាត់ដើម្បីធ្វើជាអ្នកបំរើនោះ មិនមកពីការអប់រំខ្ពស់ទេ តែមកពីព្រះយេហូវ៉ាដ៏ជាព្រះវិញទេតើ។ តើតម្រូវការនោះសំរាប់តែមនុស្សមានចំនួនតែបន្ដិចទេដែលមានលក្ខណៈពិសេសឬ? ប៉ុលបានសរសេរទៅកាន់ក្រុមជំនុំនៅទីក្រុងកូរិនថូសថា៖ «យើងមានសមត្ថភាព»។ នេះបញ្ជាក់យ៉ាងក្បោះក្បាយថាព្រះយេហូវ៉ាបានធានារ៉ាប់រងថា អ្នកបំរើទាំងអស់ដែលស្មោះត្រង់ មានសមត្ថភាពធ្វើកិច្ចការដែលទ្រង់បានកំណត់ឲ្យ។ សព្វថ្ងៃនេះ តើដូចម្ដេចដែលព្រះយេហូវ៉ាបានជួយយើងឲ្យមានគ្រប់លក្ខណៈដែលត្រូវការនោះ? យើងសូមពិចារណាវិធីបីយ៉ាងដែលទ្រង់ប្រើ: (១) បន្ទូលរបស់ទ្រង់ (២) ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ និង(៣) អង្គការរបស់ទ្រង់នៅលើផែនដី។
បន្ទូលព្រះយេហូវ៉ាជួយយើងមានគ្រប់លក្ខណៈដែលត្រូវការ
៥, ៦. តើបទគម្ពីរបរិសុទ្ធមានឥទ្ធិពលយ៉ាងណាទៅលើគ្រីស្ទានពិត?
៥ ទីមួយ តើដូចម្ដេចដែលបន្ទូលរបស់ព្រះជួយយើងមានគ្រប់លក្ខណៈដើម្បីបំរើនោះ? ប៉ុលបានសរសេរថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ (ធីម៉ូថេទី២ ៣:១៦, ១៧) ដូច្នេះ បទគម្ពីរបរិសុទ្ធអាចធ្វើឲ្យយើងមាន«គ្រប់លក្ខណ៍ហើយមានគ្រប់ទាំងចំណេះ»ដើម្បីធ្វើ«ការល្អ»ជាការបង្រៀនមនុស្សអំពីព្រះបន្ទូលរបស់ព្រះ។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះសមាជិកនៃពិភពគ្រីស្ទសាសនា? ពួកគេក៏មានព្រះគម្ពីរដែរ។ តើយ៉ាងដូចម្ដេចដែលសៀវភៅនេះអាចជួយអ្នកខ្លះទៅជាអ្នកបំរើដែលមានសមត្ថភាព តែមនុស្សឯទៀតអត់ទៅវិញ? ចម្លើយជាប់ទាក់ទងនឹងទស្សនៈរបស់គេចំពោះព្រះគម្ពីរ។
៦ គួរឲ្យសោកស្ដាយមែន! មនុស្សជាច្រើនដែលចូលវិហារគ្រីស្ទសាសនា មិនទទួលស្គាល់សារព្រះគម្ពីរ«តាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះ»។ (ថែស្សាឡូនីចទី១ ២:១៣) ចំពោះរឿងនេះ ពិភពគ្រីស្ទសាសនាបានប្រព្រឹត្តតាមរបៀបដ៏គួរឲ្យអាម៉ាស់មុខមែន។ ក្រោយពីគេចំណាយពេលអស់ប៉ុន្មានឆ្នាំក្នុងវិជ្ជាស្ថានសិក្សាខាងសាសនា តើបព្វជិតមានគ្រប់លក្ខណៈដែលត្រូវការដើម្បីបង្រៀនបន្ទូលរបស់ព្រះទេ? អត់មានទេ!។ សូម្បីតែសិស្សខ្លះដែលចាប់ផ្ដើមវគ្គសិក្សានោះដោយកាន់ជំនឿយ៉ាងមាំមួនទៅលើព្រះគម្ពីរក៏ដោយ តែដល់ចប់វគ្គសិក្សាបែរជាលែងជឿទៅវិញ! ក្រោយមក ជាជាងផ្សព្វផ្សាយអំពីបន្ទូលរបស់ព្រះ ពួកគេច្រើនតែឈប់ជឿទៅលើនោះ ហើយពួកគេបែរជាចាប់ផ្ដើមបំរើក្នុងវិស័យផ្សេងទៀត ដូចជាចូលគាំទ្រនិងពិភាក្សាតទល់ផ្នែកនយោបាយ ឬផ្សព្វផ្សាយអ្វីដែលត្រូវហៅជាដំណឹងល្អខាងសង្គម ឬមួយក៏លើកយកទស្សនវិជ្ជានៃលោកីយ៍នេះមកប្រើក្នុងធម្មទានរបស់គេ។ (ធីម៉ូថេទី២ ៤:៣) ផ្ទុយទៅវិញ គ្រីស្ទានពិតយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូគ្រីស្ទ។
៧, ៨. តើទស្សនៈរបស់ព្រះយេស៊ូចំពោះព្រះបន្ទូលរបស់ព្រះ គឺខុសគ្នាយ៉ាងណាពីអ្នកដឹកនាំសាសនានៅសម័យទ្រង់នោះ?
៧ ព្រះយេស៊ូមិនបានអនុញ្ញាតឲ្យអ្នកដឹកនាំសាសនានៅសម័យរបស់ទ្រង់ មានអានុភាពលើគំនិតទ្រង់ឡើយ។ មិនថាព្រះយេស៊ូកំពុងតែបង្រៀនមនុស្សមួយក្រុមតូច ដូចជាសាវ័ករបស់ទ្រង់ឬក៏មនុស្សជាច្រើនក៏ ដោយ ទ្រង់តែងតែប្រើបទគម្ពីរបរិសុទ្ធ។ (ម៉ាថាយ ១៣:១០-១៧; ១៥:១-១១) ការធ្វើដូច្នោះ បានធ្វើឲ្យទ្រង់ខុសប្លែកពីអ្នកដឹកនាំសាសនានៅសម័យទ្រង់។ អ្នកដឹកនាំសាសនាទាំងនោះមិនឲ្យមនុស្សពិនិត្យមើលសេចក្ដីជ្រាលជ្រៅរបស់ព្រះទេ។ តាមពិតនៅសម័យនោះ គ្រូៗនោះមានទំនៀមទំលាប់ចាត់ទុកខគម្ពីរខ្លះជ្រាលជ្រៅដល់ម្ល៉េះ បានជាគេមិនអាចពិគ្រោះខទាំងនោះជាមួយនឹងមនុស្សផ្សេងទៀតបានទេ លើកលែងតែសិស្សស្និទ្ធស្នាលបំផុតរបស់គេ ហើយសូម្បីតែក្នុងពេលនោះ គេនិយាយដោយប្រើសម្លេងតិចៗនិងដោយយកកន្សែងគ្របក្បាលទៀត! អ្នកដឹកនាំសាសនាទាំងនោះកាន់ជំនឿឆ្វេងអំពីការអានផ្នែកផ្សេងៗក្នុងព្រះគម្ពីរ ទាំងអំពីការពោលព្រះនាមរបស់ព្រះទៀតផង!
៨ ព្រះគ្រីស្ទមិនបានធ្វើដូច្នេះទេ។ ទ្រង់ជឿថាមនុស្សទូទៅ ត្រូវតែពិចារណា«គ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋ[«ព្រះយេហូវ៉ា», ព.ថ.]មក» មិនមែនមានតែមនុស្សមួយក្រុមតូចទេ។ ព្រះយេស៊ូមិនបានចាប់អារម្មណ៍ទៅលើការផ្ដល់ចំណេះពិសេស ទៅដល់ក្រុមវីរជនដែលជាបណ្ឌិតខាងបទគម្ពីរទេ។ ទ្រង់បានមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ថា៖ «ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ!»។ (ម៉ាថាយ ៤:៤; ១០:២៧) ព្រះយេស៊ូមានចំណង់ខ្លាំងចំពោះការផ្ដល់នូវចំណេះរបស់ព្រះដល់មនុស្សជាច្រើនបំផុតដែលទ្រង់អាចធ្វើទៅបាន។
៩. តើគ្រីស្ទានពិតប្រើព្រះគម្ពីរតាមវិធីណាខ្លះ?
៩ ព្រះបន្ទូលរបស់ព្រះគួរជាមូលដ្ឋាននៃការបង្រៀនរបស់យើង។ ជាឧទាហរណ៍ តាមធម្មតា ពេលថ្លែងសុន្ទរកថានៅសាលព្រះរាជាណាចក្រ ការអានខខ្លះៗពីព្រះគម្ពីរគឺមិនគ្រប់គ្រាន់ទេ។ យើងត្រូវឆ្លៀតពេលដើម្បីពន្យល់ ជូនឧទាហរណ៍បំភ្លឺ និងបញ្ជាក់ពីរបៀបអនុវត្តបទគម្ពីរ។ គោលដៅរបស់យើង គឺស្រង់យកសារព្រះគម្ពីរចេញពីទំព័រក្រដាសនិងផ្ដិតជាប់ក្នុងចិត្តគំនិតរបស់អ្នកស្ដាប់។ (នេហេមា ៨:៨, ១២) ហើយក៏ត្រូវប្រើព្រះគម្ពីរក្នុងពេលដែលជូនឱវាទឬក៏ទូន្មានកែតម្រង់គេដែរ។ ទោះបីរាស្ត្ររបស់ព្រះយេហូវ៉ានិយាយភាសាផ្សេងៗនិងមានប្រវត្ដិផ្សេងពីគ្នាក៏ដោយ គេទាំងអស់គ្នាគោរពសៀវភៅដែលល្អប្រសើរឯក គឺជាព្រះគម្ពីរ។
១០. តើសារដែលព្រះបានបណ្ដាលឲ្យត្រូវកត់ទុកក្នុងព្រះគម្ពីរនោះ អាចមានអានុភាពយ៉ាងណាមកលើយើង?
១០ ពេលព្រះគម្ពីរត្រូវប្រើដោយការគោរពបែបនេះ នោះបន្ទូលរបស់ព្រះមានឥទ្ធិពលខ្លាំង។ (ហេព្រើរ ៤:១២) សារនោះជំរុញមនុស្សឲ្យកែប្រែជីវិតរបស់គេ ដោយលះចោលការប្រព្រឹត្តដ៏ខុសនឹងបទគម្ពីរ ដូចជាការសហាយស្មន់ ការផិតគ្នា ការថ្វាយបង្គំរូបព្រះ ការប្រមឹក និងចោរកម្ម។ ព្រះគម្ពីរក៏បានជួយមនុស្សជាច្រើនដោះចេញនូវលក្ខណៈសម្បត្ដិចាស់និងប្រដាប់ខ្លួនដោយលក្ខណៈសម្បត្ដិថ្មីវិញ។ (អេភេសូរ ៤:២០-២៤) ពិតមែនហើយ បើយើងគោរពព្រះគម្ពីរជាជាងមតិឬក៏ទំនៀមទំលាប់របស់មនុស្ស ហើយប្រើបន្ទូលយ៉ាងស្មោះត្រង់នោះ ព្រះគម្ពីរពិតជាអាចជួយឲ្យយើងមានសមត្ថភាព និងមានគ្រប់លក្ខណៈដែលត្រូវការដើម្បីបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ។
ព្រះវិញ្ញាណព្រះយេហូវ៉ាក៏ជួយយើងបំពេញតម្រូវការ
១១. ហេតុអ្វីបានជាសមរម្យដែលវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាត្រូវហៅជា«ជំនួយ»?
១១ ទីពីរ យើងនឹងពិគ្រោះមុខនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា ឬក៏សកម្មពលរបស់ទ្រង់ ក្នុងការជួយយើងឲ្យមានគ្រប់លក្ខណៈដែលត្រូវការនោះ។ យើងត្រូវចាំមិនភ្លេចថា ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាគឺជាឥទ្ធិពលខ្លាំងបំផុតដែលធ្លាប់មាន។ ព្រះយេហូវ៉ាប្រទានសមត្ថភាពឲ្យព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ប្រើឥទ្ធិពលដ៏អស្ចារ្យនេះដើម្បីជួយគ្រីស្ទានពិត។ គឺជាការសមគួរដែលព្រះយេស៊ូបានហៅព្រះវិញ្ញាណបរិសុទ្ធជា«ជំនួយ»។ (យ៉ូហាន ១៦:៧) ទ្រង់បានដាស់តឿនឲ្យអ្នកកាន់តាមទ្រង់ទូលព្រះយេហូវ៉ាឲ្យទ្រង់ប្រទានព្រះវិញ្ញាណនោះ ទាំងធានាថាព្រះយេហូវ៉ានឹងប្រទានដោយព្រះទ័យសទ្ធា។—លូកា ១១:១០-១៣; យ៉ាកុប ១:១៧
១២, ១៣. (ក) តើហេតុអ្វីបានជាសំខាន់ដែលយើងអធិស្ឋានឲ្យវិញ្ញាណបរិសុទ្ធជួយយើងក្នុងកិច្ចបំរើរបស់យើង? (ខ) តើពួកផារីស៊ីបង្ហាញថាវិញ្ញាណបរិសុទ្ធរបស់ព្រះគ្មានអានុភាពទៅលើពួកគេយ៉ាងដូចម្ដេច?
១២ យើងត្រូវសុំព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ថ្ងៃ ជាពិសេសសំរាប់ជំនួយក្នុងកិច្ចបំរើរបស់យើង។ តើសកម្មពលនោះអាចមានអានុភាពអ្វីមកលើយើង? នោះមានឥទ្ធិពលទៅលើចិត្តគំនិតរបស់យើង ទាំងជួយយើងកែប្រែ លូតលាស់ និងយកលក្ខណៈសម្បត្ដិថ្មីមកដាក់ជំនួសលក្ខណៈសម្បត្ដិចាស់។ (កូល៉ុស ៣:៩, ១០) នោះជួយយើងបណ្ដុះបណ្ដាលគុណសម្បត្ដិដ៏មានតម្លៃដូចជាព្រះគ្រីស្ទ។ យើងជាច្រើនអាចសូត្រពាក្យក្នុងកាឡាទី ៥:២២, ២៣បាន។ ខទាំងនោះរៀបរាប់នូវផលផ្លែនៃព្រះវិញ្ញាណរបស់ព្រះ។ ទីមួយគឺសេចក្ដីស្រឡាញ់។ គុណសម្បត្ដិនេះគឺជាផ្នែកដ៏ចាំបាច់នៃកិច្ចបំរើរបស់យើង។ ហេតុអ្វី?
១៣ សេចក្ដីស្រឡាញ់គឺជាអ្វីដែលជំរុញទឹកចិត្តយើងយ៉ាងខ្លាំងបំផុត។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងមនុស្សឯទៀត ជាអ្វីដែលជំរុញចិត្តយើងឲ្យផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាកុស ១២:២៨-៣១) បើសិនជាយើងគ្មានសេចក្ដីស្រឡាញ់បែបនេះ នោះយើងគ្មានលក្ខណៈដែលត្រូវការដើម្បីបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះទេ។ សូមកត់សម្គាល់ នូវភាពខុសគ្នារវាងព្រះយេស៊ូនិងពួកផារីស៊ី។ នៅម៉ាថាយ ៩:៣៦ចែងអំពីព្រះយេស៊ូថា៖ «កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ តើពួកផារីស៊ីមានទស្សនៈយ៉ាងណាចំពោះប្រជាជនសាមញ្ញនោះ? ពួកគេនិយាយថា៖ «ឯហ្វូងមនុស្សនេះ ដែលមិនស្គាល់ក្រិត្យវិន័យ គេជាមនុស្សត្រូវបណ្ដាសាវិញ»។ (យ៉ូហាន ៧:៤៩) ពួកផារីស៊ីទាំងនោះច្បាស់ជាគ្មានសេចក្ដីស្រឡាញ់ចំពោះប្រជាជនសោះ ផ្ទុយទៅវិញចេះតែមើលងាយដល់គេ។ គឺជាក់ស្តែងហើយដែលវិញ្ញាណរបស់ព្រះយេហូវ៉ាគ្មានអានុភាពទៅលើគេនោះ។
១៤. តើគំរូរបស់ព្រះយេស៊ូខាងការបង្ហាញសេចក្ដីស្រឡាញ់ក្នុងកិច្ចបំរើនោះ គួរជំរុញចិត្តយើងយ៉ាងដូចម្ដេច?
១៤ ព្រះយេស៊ូមានសេចក្ដីក្ដួលអាណិតដល់មនុស្ស។ ទ្រង់យល់ពីការឈឺចាប់ដែលគេកំពុងតែមាន។ ទ្រង់ជ្រាបហើយថាបណ្ដាជនបានត្រូវគេធ្វើទុក្ខទោសព្រមទាំងល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀមដែលឥតអ្នកគង្វាល។ នៅយ៉ូហាន ២:២៥ ប្រាប់យើងថា ព្រះយេស៊ូ«ជ្រាបហើយ ពីសេចក្ដីដែលនៅក្នុងមនុស្សទាំងឡាយ»។ ដោយព្រោះទ្រង់ជាមេជាងរបស់ព្រះយេហូវ៉ាក្នុងការបង្កើតនោះ ព្រះយេស៊ូក៏មានការយល់ដឹងដ៏ជ្រាលជ្រៅអំពីធាតុពិតរបស់មនុស្ស។ (សុភាសិត ៨:៣០, ៣១) ការយល់ដឹងនេះបានធ្វើឲ្យទ្រង់មានសេចក្ដីស្រឡាញ់រឹតតែខ្លាំងឡើងចំពោះពួកគេ។ ចូរឲ្យសេចក្ដីស្រឡាញ់បែបនេះជំរុញទឹកចិត្តរបស់យើងចំពោះកិច្ចផ្សព្វផ្សាយជានិច្ច! បើសិនជាយើងគិតថាយើងអាចធ្វើកាន់តែប្រសើរឡើងៗក្នុងរឿងនេះ ចូរឲ្យយើងអធិស្ឋានទូលព្រះយេហូវ៉ាឲ្យបានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយប្រព្រឹត្តសមស្របទៅតាមសេចក្ដីអធិស្ឋានទាំងនោះ។ ព្រះយេហូវ៉ានឹងតបឆ្លើយមកយើងវិញ។ ទ្រង់នឹងចាត់ឥទ្ធិពលដែលគ្មានអ្នកណាអាចទប់ទល់បាន ឲ្យមកជួយយើងដើម្បីត្រាប់តាមព្រះគ្រីស្ទជាអ្នកដែលមានលក្ខណៈច្រើនជាងគេក្នុងការផ្សព្វផ្សាយដំណឹងល្អ។
១៥. ហេតុអ្វីបានជាពាក្យនៅអេសាយ ៦១:១-៣ សំដៅទៅលើព្រះយេស៊ូ តែនៅដំណាលគ្នាក៏លាតត្រដាងភាពអាក្រក់របស់ពួកស្ក្រែបនិងពួកផារីស៊ីដែរ?
១៥ តើសមត្ថភាពរបស់ព្រះយេស៊ូបានមកពីណា? ទ្រង់បានមានបន្ទូលថា៖ «ព្រះវិញ្ញាណ[«របស់ព្រះយេហូវ៉ា», ព.ថ.]សណ្ឋិតលើខ្ញុំ»។ (លូកា ៤:១៧-២១) ពិតមែន ព្រះយេហូវ៉ាបានតែងតាំងព្រះយេស៊ូ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ព្រះយេស៊ូមិនត្រូវការលក្ខណៈផ្សេងទៀតពីមនុស្សទេ។ តើពួកមេដឹកនាំសាសនាក៏បានត្រូវរើសតាំងដោយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? មិនមែនដូច្នេះទេ!។ គេថែមទាំងគ្មានសមត្ថភាពបំពេញទំនាយនៅអេសាយ ៦១:១-៣ ដែលព្រះយេស៊ូបានអានឲ្យគេស្ដាប់និងបានអនុវត្តដោយអង្គទ្រង់ផ្ទាល់នោះទេ។ សូមអានខទាំងប៉ុន្មាននេះដោយខ្លួនឯង ហើយអ្នកនឹងឃើញថា ពួកស្ក្រែបនិងពួកផារីស៊ីមិនបានបំពេញតម្រូវការនេះទេ។ ពួកគេគ្មានដំណឹងល្អដើម្បីប្រកាសដល់មនុស្សក្រីក្រទេ។ ហើយតើយ៉ាងដូចម្ដេចដែលពួកគេអាចប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ និងការធ្វើឲ្យភ្លឺឡើងវិញដល់មនុស្សខ្វាក់បាន? ក្នុងន័យខាងវិញ្ញាណ ខ្លួនគេក៏ខ្វាក់ដែរនិងត្រូវជាប់ចំណងដោយប្រពៃណីទំនៀមទំលាប់របស់មនុស្ស! ផ្ទុយពីមេដឹកនាំសាសនាទាំងនោះ តើយើងបំពេញតម្រូវការដើម្បីបង្រៀនមនុស្សទេ?
១៦. តើរាស្ត្ររបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះអាចជឿជាក់ទៅលើអ្វី ស្តីពីលក្ខណៈរបស់គេជាអ្នកបំរើនោះ?
១៦ ពិតមែន យើងមិនបានសិក្សានៅឯសាលាជាន់ខ្ពស់របស់ពិភពគ្រីស្ទសាសនាទេ។ យើងក៏គ្មានការតែងតាំងឲ្យធ្វើជាគ្រូពីសិក្ខាសាលាខាងសាសនាដែរ។ តើនេះមានន័យថាយើងគ្មានលក្ខណៈដែលត្រូវការនោះទេ? មិនមែនទេ! ព្រះយេហូវ៉ាបានតែងតាំងយើងជាស្មរបន្ទាល់របស់ទ្រង់។ (អេសាយ ៤៣:១០-១២) បើសិនជាយើងអធិស្ឋានឲ្យបានព្រះវិញ្ញាណបរិសុទ្ធនិងធ្វើការសមស្របទៅតាមសេចក្ដីអធិស្ឋាននោះ យើងនឹងបំពេញតម្រូវការដ៏ខ្ពស់បំផុតបាន។ ជាការពិត យើងមិនល្អឥតខ្ចោះ និងក៏មិនអាចប្រៀបស្មើនឹងគំរូរបស់ព្រះយេស៊ូដែលជាគ្រូដ៏ឧត្តមបំផុតនោះដែរ។ យ៉ាងណាក៏ដោយ យើងមានអំណរគុណដែលព្រះយេហូវ៉ាប្រើព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីធ្វើឲ្យយើងមានគ្រប់លក្ខណៈក្នុងការធ្វើជាអ្នកបង្រៀនព្រះបន្ទូលរបស់ទ្រង់ មែនទេ?
អង្គការព្រះយេហូវ៉ាជួយយើងបំពេញតម្រូវការ
១៧-១៩. តើយ៉ាងដូចម្ដេចដែលកិច្ចប្រជុំប្រាំដែលអង្គការព្រះយេហូវ៉ារៀបចំនោះជួយយើងបំពេញតម្រូវការដើម្បីបំរើ?
១៧ ឥឡូវ យើងសូមពិភាក្សាវិធីទីបីដែលព្រះយេហូវ៉ាជួយយើងមានគ្រប់លក្ខណៈដែលយើងត្រូវការដើម្បីធ្វើជាអ្នកបង្ហាត់បង្រៀនបន្ទូលរបស់ទ្រង់ គឺជាក្រុមជំនុំឬអង្គការរបស់ទ្រង់នៅលើផែនដី ដែលបង្ហាត់បង្រៀនយើងឲ្យបំរើ។ តើដោយដូចម្ដេច? សូមគិតអំពីកម្មវិធីសំរាប់ការបង្ហាត់បង្រៀនដែលយើងមាននោះ! ធម្មតា ក្នុងមួយសប្ដាហ៍យើងមានកិច្ចប្រជុំប្រាំ។ (ហេព្រើរ ១០:២៤, ២៥) យើងជួបជុំគ្នាជាក្រុមតូចៗនៅឯការសិក្សាសៀវភៅតាមក្រុមជំនុំ ដើម្បីសិក្សាស៊ីជំរៅក្នុងព្រះគម្ពីរតាមរយៈសៀវភៅសិក្សាមួយ ដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យ។ ដោយស្ដាប់និងឆ្លើយនោះ យើងក៏រៀនពីអ្នកឯទៀតនិងលើកទឹកចិត្តគ្នាទៅវិញទៅមក។ យើងក៏ទទួលការណែនាំនិងការយកចិត្តទុកដាក់ផ្ទាល់ខ្លួន ពីអ្នកត្រួតពិនិត្យការសិក្សាតាមក្រុម។ នៅឯកិច្ចប្រជុំសាធារណៈនិងការសិក្សាទស្សនាវដ្ដីប៉មយាម យើងទទួលទានម្ហូបអាហារខាងវិញ្ញាណដែលមានគុណប្រយោជន៍ថែមទៀត។
១៨ សាលាកិច្ចបំរើព្រះធិបតេយ្យរបស់យើងបានត្រូវរៀបចំដើម្បីណែនាំយើងអំពីរបៀបបង្ហាត់បង្រៀន។ ដោយរៀបចំសុន្ទរកថា យើងរៀនចេះប្រើព្រះបន្ទូលរបស់ព្រះដើម្បីបង្រៀនអំពីរឿងជាច្រើន។ (ពេត្រុសទី១ ៣:១៥) តើអ្នកធ្លាប់ត្រូវកំណត់ឲ្យថ្លែងសុន្ទរកថាអំពីរឿងមួយដែលអ្នកស្គាល់ហើយ តែក្រោយមកអ្នករៀនចំណុចថ្មីអំពីរឿងនោះទេ? នេះជាអ្វីដ៏ធម្មតា។ គ្មានអ្វីដែលអាចធ្វើឲ្យយើងចេះដឹងអំពីរឿងមួយច្រើនជាងការបង្រៀនអ្នកដទៃអំពីរឿងនោះទេ។ សូម្បីតែពេលយើងមិនថ្លែងសុន្ទរកថាខ្លួនឯងក៏ដោយ យើងនៅតែអាចរៀនរបៀបធ្វើជាគ្រូដ៏ល្អជាង។ ពេលយើងមើលសិស្សនិមួយៗ យើងសង្កេតឃើញលក្ខណៈដ៏ល្អ និងយើងគិតអំពីរបៀបដែលយើងអាចបង្ហាញលក្ខណៈទាំងនោះផងដែរ។
១៩ ការប្រជុំអប់រំកិច្ចបំរើបានត្រូវរៀបចំដើម្បីជួយយើងធ្វើជាអ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះផងដែរ។ រៀងរាល់សប្ដាហ៍ យើងស្ដាប់សុន្ទរកថា ការពិគ្រោះ និងការសម្ដែងដ៏រស់រវើក ដែលបញ្ជាក់អំពីកិច្ចបំរើរបស់យើង។ តើយើងនឹងប្រើពាក្យអ្វីពេលយើងផ្សព្វផ្សាយ? តើយើងអាចប្រឈមមុខនឹងការពិបាកផ្សេងៗ ដែលមានក្នុងកិច្ចការផ្សព្វផ្សាយរបស់យើងយ៉ាងដូចម្ដេចបាន? តើមានវិធីឯទៀតដែលយើងអាចផ្សព្វផ្សាយបានទេ? តើអ្វីនឹងធ្វើឲ្យយើងក្លាយជាគ្រូដ៏ប៉ិនប្រសប់ជាង ពេលយើងធ្វើការត្រឡប់ទៅជួបនិងបង្រៀនសិស្សព្រះគម្ពីរ? (កូរិនថូសទី១ ៩:១៩-២២) នៅឯការប្រជុំអប់រំកិច្ចបំរើ សំនួរបែបនេះនឹងសំនួរឯទៀតត្រូវឆ្លើយយ៉ាងល្អិតល្អន់។ ផ្នែកជាច្រើនក្នុងប្រជុំនោះ មកពីអត្ថបទផ្សេងៗក្នុងឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ជាឧបករណ៍មួយទៀតដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យ ដើម្បីឲ្យមានគ្រប់លក្ខណៈដែលយើងត្រូវការដើម្បីបំពេញកិច្ចការដ៏សំខាន់នេះ។
២០. តើយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីកិច្ចប្រជុំនិងសន្និបាតយ៉ាងដូចម្ដេច?។
២០ ដោយរៀបចំនិងទៅកិច្ចប្រជុំរបស់យើង ថែមទាំងដោយអនុវត្តតាមអ្វីដែលយើងរៀនក្នុងការបង្រៀនរបស់យើង នោះយើងទទួលការបង្ហាត់បង្រៀនជាច្រើន។ ក៏ប៉ុន្តែ នៅមានទៀត។ យើងមានកិច្ចប្រជុំធំជាង គឺសន្និបាតនិងមហាសន្និបាតដែលជួយយើងមានគ្រប់លក្ខណៈដែលត្រូវការដើម្បីបង្រៀនព្រះបន្ទូលរបស់ព្រះ។ ហើយយើងនឹងមានចិត្តចង់ប្រុងស្ដាប់និងអនុវត្តតាមដំបូន្មាននេះដោយចិត្តរំភើប!—លូកា ៨:១៨
២១. តើមានភស្តុតាងអ្វីដែលបញ្ជាក់ថាការបង្ហាត់បង្រៀនរបស់យើងមានប្រសិទ្ធិភាពមែន? ហើយតើអ្នកណាត្រូវទទួលកិត្ដិយសចំពោះរឿងនេះ?
២១ តើការបង្ហាត់បង្រៀនដែលព្រះយេហូវ៉ាផ្ដល់ឲ្យ ប្រកបទៅដោយប្រសិទ្ធិភាពទេ? ហេតុការណ៍ពិតសឲ្យឃើញថាពិតជាមានប្រសិទ្ធិភាពមែន!។ ជារៀងរាល់ឆ្នាំ រាប់សែននាក់ត្រូវជួយឲ្យរៀនចំណេះបឋមក្នុងព្រះគម្ពីរ និងរស់សមស្របទៅតាមអ្វីដែលព្រះតម្រូវ។ ចំនួនយើងទាំងអស់គ្នាកំពុងតែកើនកាន់តែច្រើនឡើងៗ តែគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងដែលអាចនិយាយថា ខ្លួនជាអ្នកធ្វើឲ្យកើតឡើងបានទេ។ យើងត្រូវមានគំនិតប្រាកដប្រជាដូចជាព្រះយេស៊ូដែរ។ ទ្រង់មានបន្ទូលថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»។ ដូចជាពួកសាវ័កពីសម័យបុរាណនោះ យើងជាមនុស្សធម្មតាដែលគ្មានសញ្ញាប័ត្រពិសេសឡើយ។ (យ៉ូហាន ៦:៤៤; កិច្ចការ ៤:១៣) ការជោគជ័យរបស់យើងអាស្រ័យទៅលើព្រះយេហូវ៉ា ដែលទ្រង់ទាញមនុស្សដែលមានចិត្តត្រឹមត្រូវនោះឲ្យមកឯសេចក្ដីពិត។ សាវ័កប៉ុលនិយាយយ៉ាងត្រឹមត្រូវថា៖ «ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ»។—កូរិនថូសទី១ ៣:៦
២២. ហេតុអ្វីយើងមិនត្រូវធ្លាក់ទឹកចិត្តអំពីការរួមចំណែកពេញលេញក្នុងកិច្ចបំរើគ្រីស្ទាន?
២២ មែនហើយ ព្រះយេហូវ៉ាកំពុងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការរបស់យើង ជាអ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ទ្រង់។ យើងប្រហែលជាមិនតែងតែគិតថាយើងមានសមត្ថភាពបង្រៀនទេ។ ក៏ប៉ុន្តែ យើងត្រូវចាំថា គឺព្រះយេហូវ៉ាទេដែលទាញមនុស្សមកឯទ្រង់និងព្រះរាជបុត្ររបស់ទ្រង់។ គឺជាព្រះយេហូវ៉ាទេ ដែលជួយយើងមានសមត្ថភាពធ្វើជាអ្នកបំរើដែលជាប្រយោជន៍ដល់អ្នកថ្មីៗនោះ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ និងអង្គការរបស់ទ្រង់នៅលើផែនដី។ ចូរឲ្យយើងប្រព្រឹត្តតាមការបង្ហាត់បង្រៀនពីព្រះយេហូវ៉ា ដោយអនុវត្តតាមសេចក្ដីល្អៗដែលទ្រង់កំពុងតែប្រទានចំពោះយើង ដើម្បីជួយឲ្យមានគ្រប់លក្ខណៈជាអ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ!
តើអ្នកនឹងឆ្លើយយ៉ាងដូចម្ដេច?
• តើព្រះគម្ពីរជួយយើងឲ្យមានគ្រប់លក្ខណៈសំរាប់កិច្ចផ្សព្វផ្សាយយ៉ាងដូចម្ដេច?
• តើវិញ្ញាណបរិសុទ្ធមានមុខនាទីអ្វីក្នុងការជួយយើងបំពេញតម្រូវការដើម្បីបំរើ?
• តើតាមវិធីណាខ្លះដែលអង្គការរបស់ព្រះយេហូវ៉ានៅលើផែនដីនេះ បានជួយយើងបំពេញតម្រូវការធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អ?
• ហេតុអ្វីបានជាយើងអាចមានទំនុកចិត្តពេលយើងចូលរួមកិច្ចផ្សព្វផ្សាយ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៩]
ព្រះយេស៊ូបានបង្រៀនព្រះបន្ទូលរបស់ ព្រះដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស