លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កិច្ចប្រជុំដែលបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង

កិច្ចប្រជុំដែលបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង

«​ចូរ​មក​ឯ​ខ្ញុំ​ចុះ! . . . ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»​

កិច្ច​ប្រជុំ​ដែល​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង

ជា​ច្រើន​ដង​រៀង​រាល់​សប្ដាហ៍ នៅ​គ្រប់​ទី​កន្លែង​លើ​ផែនដី ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​ជា​មួយ​នឹង​មិត្ត​ភក្ដិ​របស់​គេ ប្រមូល​គ្នា​នៅ​កន្លែង​ថ្វាយ​បង្គំ​របស់​គេ។ អ្នក​ទាំង​នេះ​រួម​បញ្ចូល​ពួក​ប្រុស​ៗ​ជា​មេ​គ្រួសារ​ដែល​នឿយ​ហត់​ក្រោយ​ពី​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​នៅ​កន្លែង​ធ្វើ​ការ​មក។ ក៏​មាន​ភរិយា​និង​មាតា​ឧស្សាហ៍​ជា​ច្រើន​នាក់​ដែល​មក​ជា​មួយ​កូន​តូច​ៗ​របស់​គេ។ យុវជន​ដែល​ពេញ​ទៅ​ដោយ​ថាមពល​ក៏​មក ក្រោយ​គេ​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​នៅ​សាលា​រៀន។ អ្នក​ដែល​មាន​វ័យ​ចាស់​ក៏​មក ទោះ​ជា​ពួក​គាត់​ត្រូវ​ដើរ​យឺត​ៗ​ដោយ​សារ​ការ​ឈឺ​ចាប់​ក្នុង​ខ្លួន​ក៏​ដោយ។ ក៏​មាន​ស្ត្រី​មេម៉ាយ​និង​កូន​កំព្រា​ដែរ ថែម​ទាំង​អ្នក​ដែល​បាន​បាក់​ទឹក​ចិត្ត​ហើយ​ត្រូវ​ការ​នូវ​ការ​សម្រាល​ទុក្ខ។

ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​តាម​វិធី​ផ្សេង​ៗ​តាំង​ពី​រថ​ភ្លើង​ដែល​មាន​ល្បឿន​លឿន សត្វ​លា រហូត​ដល់​រថ​ភ្លើង​ក្រោម​ដី​និង​ឡាន​ដឹក​ទំនិញ។ ពួក​គេ​ខ្លះ​ត្រូវ​ឆ្លង​ទន្លេ​ដែល​មាន​សត្វ​ក្រពើ​ហែល​ក្រឡឹង​ខ្វាត់​ខ្វែង រីឯ​គេ​ផ្សេង​ទៀត​ត្រូវ​ទ្រាំ​នឹង​ការ​ស្ទះ​ចរាចរ​គួរ​ឲ្យ​មួ​មៅ​ចិត្ត​នៅ​ទី​ក្រុង​ធំ​ៗ។ ហេតុ​អ្វី​បាន​ជា​មនុស្ស​ទាំង​អស់​នេះ​ខំ​ប្រឹង​ម្ល៉េះ?

ជា​បឋម ដោយ​សារ​វត្តមាន​និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​គឺ​ជា​វិធី​សំខាន់​ដែល​មនុស្ស​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ (​ហេព្រើរ ១៣:១៥​) សាវ័ក​ប៉ុល​បាន​លើក​ឡើង​នូវ​ហេតុ​មួយ​ទៀត​ពេល​គាត់​សរសេរ​ថា​៖ ​«​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា . . . ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ​»។ (​ហេព្រើរ ១០:២៤, ២៥​) ប៉ុល​បាន​បញ្ជាក់​អារម្មណ៍​ដូច​ជា​ដាវីឌ​ដែល​តែង​ទំនុក​ច្រៀង​ថា​៖ ​«​កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា នោះ​ខ្ញុំ​មាន​សេចក្ដី​អំណរ​អរ​ណាស់​»។—ទំនុក​ដំកើង ១២២:១

ហេតុ​ដូច​ម្ដេច​បាន​ជា​គ្រីស្ទាន​មាន​អំណរ​ដូច្នេះ​ពេល​គេ​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ? គឺ​ពីព្រោះ​អ្នក​ដែល​មក​មិន​គ្រាន់​តែ​មក​ទស្សនា​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ កិច្ច​ប្រជុំ​ហុច​ឱកាស​ឲ្យ​គេ​សំណេះ​សំណាល​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ពិសេស ការ​ជួប​ជុំ​គ្នា​យ៉ាង​នេះ ផ្ដល់​ឱកាស​សំរាប់​ការ​ឲ្យ មិន​មែន​សំរាប់​ការ​ទទួល​ប៉ុណ្ណោះ​ទេ ហើយ​ក៏​ជា​ពេល​ដែល​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ប្រព្រឹត្ត​ការ​ល្អ​ផង។ ទាំង​អស់​នេះ​ជួយ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​ជា​ពេល​ដែល​លើក​ទឹក​ចិត្ត។ ម្យ៉ាង​ទៀត កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​វិធី​មួយ​ដែល​ព្រះ​យេស៊ូ​គោរព​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ដែល​ថា​៖ ​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ! . . . ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។—ម៉ាថាយ ១១:២៨, ព.ថ.

ទី​ជ្រក​កោន​មួយ​ដែល​ប្រកប​ទៅ​ដោយ​ការ​សម្រាល​ទុក្ខ​និង​ការ​យក​ចិត្ត​ទុក​ដាក់

ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មាន​ហេតុ​ល្អ​ចាត់​ទុក​កិច្ច​ប្រជុំ​ជា​អ្វី​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ឡើង​វិញ។ ហេតុ​មួយ​គឺ​ថា នៅ​កិច្ច​ប្រជុំ គេ​ទទួល​ម្ហូប​អាហារ​តាម​ត្រូវ​ពេល​ពី‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (​ម៉ាថាយ ២៤:៤៥​) កិច្ច​ប្រជុំ​ក៏​មាន​នាទី​សំខាន់​ក្នុង​ការ​ជួយ​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា ធ្វើ​ជា​អ្នក​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ការ​ប៉ិន​ប្រសប់​និង​ដោយ​សេចក្ដី​ឧស្សាហ៍​ផង​ដែរ។ ម្យ៉ាង​ទៀត នៅ​សាល​ព្រះ​រាជាណាចក្រ យើង​អាច​រក​ឃើញ​នូវ​មិត្ត​ភក្ដិ​ដែល​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង ថែម​ទាំង​សុខ​ចិត្ត​ជួយ​និង​សម្រាល​ទុក្ខ​យើង​ពេល​យើង​ជួប​នឹង​វិបត្ដិ។—កូរិនថូស​ទី​២ ៧:៥​-​៧

បង​ស្រី​ម្នាក់​ឈ្មោះ​ហ្វីលីស​ធ្លាប់​បាន​ពិសោធ​បែប​នេះ​ដែរ។ បង​ស្រី​ជា​មេម៉ាយ​មួយ​រូប​ដែល​បាន​បាត់​បង់​ស្វាមី​របស់​គាត់ ពេល​កូន​របស់​គាត់​មាន​អាយុ​៥​ឆ្នាំ​និង​កូន​ម្នាក់​ទៀត​មាន​អាយុ​៨​ឆ្នាំ។ ហ្វីលីស​ពណ៌នា​អំពី​កម្លាំង​ចិត្ត​ដែល​គាត់​និង​កូន​របស់​គាត់​បាន​ទទួល​ពេល​គេ​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន ដោយ​ស្រដី​ថា​៖ ​«​វត្តមាន​នៅ​សាល​ព្រះ​រាជាណាចក្រ​តែង​តែ​បាន​សម្រាល​ទុក្ខ​យើង ដោយ​ព្រោះ​អ្នក​ជឿ​ឯ​ទៀត​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ឱប​យើង ដោយ​ប្រាប់​ពី​ខ​គម្ពីរ​មួយ ឬ​ក៏​ដោយ​កាន់​ក្ដោប​ដៃ​យើង​យ៉ាង​កក់​ក្ដៅ។ សាល​ព្រះ​រាជាណាចក្រ​ជា​កន្លែង​ដែល​ខ្ញុំ​ចង់​នៅ​គ្រប់​ពេល​វេលា​»។—ថែស្សាឡូនីច​ទី​១ ៥:១៤

ក្រោយ​បង​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី​ត្រូវ​វះ​កាត់​ធំ គ្រូ​ពេទ្យ​គាត់​ប្រាប់​ថា​គាត់​នឹង​ត្រូវ​ការ​ប្រាំ​មួយ​សប្ដាហ៍​ដើម្បី​ឲ្យ​ជា​ឡើង​វិញ។ ក្នុង​កំឡុង​ប៉ុន្មាន​សប្ដាហ៍​ដំបូង​ដែល​គាត់​សំរាក​ឲ្យ​ជា​ឡើង​វិញ​នោះ ម៉ារី​មិន​អាច​ទៅ​ប្រជុំ​បាន​ទេ។ គ្រូ​ពេទ្យ​គាត់​ឃើញ​ថា ម៉ារី​មិន​សប្បាយ​ចិត្ត​ដូច​ពី​មុន​ទេ។ ពេល​គាត់​ដឹង​ថា​នេះ​ដោយ​សារ​តែ​ម៉ារី​មិន​បាន​ទៅ​ប្រជុំ​នោះ គ្រូ​ពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ទៅ​ប្រជុំ​វិញ។ ម៉ារី​ឆ្លើយ​ថា ស្វាមី​របស់​គាត់​ដែល​មិន​មែន​ជា​អ្នក​ជឿ​មិន​ព្រម​ឲ្យ​គាត់​ទៅ​ប្រជុំ​ដោយ​គិត​ពី​សុខភាព​របស់​គាត់។ ដូច្នេះ គ្រូ​ពេទ្យ​បាន​សរសេរ​សំបុត្រ​ផ្លូវ​ការ​មួយ​ថា​គាត់​«​បញ្ជា​»​ឲ្យ​ម៉ារី​ទៅ​សាល​ព្រះ​រាជាណាចក្រ​ដើម្បី​ទទួល​សេចក្ដី​លើក​ទឹក​ចិត្ត​និង​ការ​សំណេះ​សំណាល​ដ៏​ល្អ។ ម៉ារី​រ៉ាយរ៉ាប់​ថា​៖ ​«​ក្រោយ​ខ្ញុំ​ទៅ​ប្រជុំ​តែ​មួយ​ដង ខ្ញុំ​មាន​អារម្មណ៍​ល្អ​ជាង​ភ្លាម។ ខ្ញុំ​ចាប់​ផ្ដើម​មាន​ចំណង់​បរិភោគ​ទៀត។ ខ្ញុំ​អាច​ដេក​លក់​យ៉ាង​ស្កប់​ស្កល់​តាំង​ពី​យប់​រហូត​ដល់​ភ្លឺ។ ខ្ញុំ​មិន​ចាំ​បាច់​លេប​ថ្នាំ​ផ្សះ​ញឹក​ញាប់​ដូច​ដើម​ទេ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ញញឹម​បាន​វិញ!​»។—សុភាសិត ១៦:២៤

អ្នក​ខាង​ក្រៅ​ក៏​កត់​សម្គាល់​ស្ថានភាព​នៅ​ប្រជុំ​គ្រីស្ទាន​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ។ សិស្ស​សកល​វិទ្យាល័យ​មួយ​រូប​បាន​សម្រេច​ចិត្ត​សង្កេត​តាម​ដាន​មើល​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា ដើម្បី​សរសេរ​អត្ថបទ​មួយ​សំរាប់​ថ្នាក់​សិក្សា​វប្បធម៌​សាសន៍​ផ្សេង​ៗ។ គាត់​សរសេរ​ក្នុង​សេចក្ដី​រាយ​ការណ៍​នេះ​អំពី​ស្ថានភាព​នៅ​កិច្ច​ប្រជុំ​ថា​៖ ​«​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ដែល​ខ្ញុំ​បាន​ទទួល​នោះ . . . [​បាន​]ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច . . . ភាព​រាក់​ទាក់​រួស​រាយ​នៃ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​គុណ​សម្បត្ដិ​ដែល​ខ្ញុំ​គិត​ថា​លេច​ធ្លោ​ជាង​គេ ហើយ​ខ្ញុំ​គិត​ថា​លក្ខណៈ​នោះ​គឺ​សំខាន់​បំផុត​ក្នុង​ស្ថានភាព​នោះ​»។—កូរិនថូស​ទី​១ ១៤:២៥

ក្នុង​របប​លោកីយ៍​នេះ​ដ៏​ពោរ​ពេញ​ទៅ​ដោយ​បញ្ហា ក្រុម​ជំនុំ​គ្រីស្ទាន​គឺ​ជា​ទី​ជ្រក​កោន​ខាង​វិញ្ញាណ​ហើយ​ជា​ជម្រក​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​ស្រឡាញ់។ ដោយ​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​នោះ អ្នក​ក៏​អាច​មាន​អារម្មណ៍​ដូច​ជា​អ្នក​តែង​ទំនុក​ដំកើង​ថា​៖ ​«​មើល! ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ!​»។—ទំនុក​ដំកើង ១៣៣:១

[​ប្រអប់​នៅ​ទំព័រ​៣១​]

ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ពិសេស​មួយ

តើ​អ្នក​ដែល​ស្ដាប់​មិន​ឮ​អាច​ទទួល​ប្រយោជន៍​ពី​ប្រជុំ​គ្រីស្ទាន​បាន​យ៉ាង​ណា? ទូទាំង​ពិភព​លោក ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​បង្កើត​ក្រុម​ជំនុំ​ភាសាគ។ នៅ​សហរដ្ឋ​អាមេរិក មាន​ក្រុម​ជំនុំ​២៧​ជា​ក្រុម​ជំនុំ​សំរាប់​មនុស្ស​គ ហើយ​៤៣​ក្រុម​តូច​ៗ​ទៀត​បាន​ត្រូវ​បង្កើត​ក្នុង​កំឡុង​១៣​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ។ នៅ​ប្រមាណ​៤០​ប្រទេស​ទៀត មាន​១៤០​ក្រុម​ជំនុំ​សរុប​ទាំង​អស់​សុទ្ធ​តែ​ជា​ភាសា​មនុស្ស​គ។ ប្រកាសនវត្ថុ​គ្រីស្ទាន​បាន​ត្រូវ​រៀបចំ​ជា​កាសែត​វីដេអូ​១៣​ភាសា​សំរាប់​មនុស្ស​គ។

ក្រុម​ជំនុំ​គ្រីស្ទាន​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ថ្លង់​សរសើរ​ព្រះ​យេហូវ៉ា។ បង​ស្រី​ម្នាក់​ឈ្មោះ​អូដីល ធ្លាប់​កាន់​សាសនា​កាតូលិក​នៅ​ប្រទេស​បារាំង​និង​ធ្លាប់​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង គាត់​ថែម​ទាំង​គិត​ចង់​សម្លាប់​ខ្លួន​ទៀត​ផង។ បង​ស្រី​នេះ​មាន​កតញ្ញូ​ធម៌​យ៉ាង​ខ្លាំង​ណាស់​ចំពោះ​ការ​អប់រំ​ខាង​ព្រះ​គម្ពីរ​ដែល​គាត់​បាន​ទទួល​នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន។ បង​ស្រី​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​សះ​ស្បើយ​ឡើង​វិញ ហើយ​ក៏​បាន​ចាប់​ផ្ដើម​រីក​រាយ​នឹង​ជីវិត​ម្ដង​ទៀត​ផង​ដែរ។ តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​បាន​រក​ឃើញ​សេចក្ដី​ពិត។ ឥឡូវ ជីវិត​ខ្ញុំ​មាន​គោល​បំណង​ហើយ​»។